ភាពក្លាហានដើម្បីជ្រើសយកភាពថ្លៃថ្នូរ
ដកស្រង់ចេញពីសុន្ទរកថាដែលធ្វើឡើងនៅថ្ងៃទី 2 ខែ ឧសភា ឆ្នាំ 2013 ក្នុងសន្និសីទរបស់ស្ត្រីនៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ។
តើយើងអាចបង្រៀនអ្វីខ្លះដល់កូនប្រុសស្រីយើង ដើម្បីជួយពួកគេឲ្យមានចិត្តក្លាហានជ្រើសយកភាពថ្លៃថ្នូរ នៅក្នុងពិភពលោកមួយដែលសើចចំអកពួកគេ សម្រាប់ជម្រើសដ៏គុណធម៌របស់ពួកគេនោះ ?
ហេតុអ្វីបានជាភាពថ្លៃថ្នូរមានសារៈសំខាន់ ? ហេតុអ្វីបានជាសំពត់ ក-អាវ ឬអាវយឺតសំខាន់ចំពោះព្រះអម្ចាស់ ? ខ្ញុំមានកូនស្រីប្រាំនាក់ និង កូនប្រុសពីរនាក់ ហើយដូចជាអ្នកអាចគិតឃើញហើយថា ប្រធានបទនៃភាពថ្លៃថ្នូរត្រូវបានលើកឡើងនៅក្នុងផ្ទះរបស់ខ្ញុំម្ដងម្កាល ។ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានដឹងថា ភាពថ្លៃថ្នូរត្រូវបានបង្រៀនយ៉ាងល្អបំផុត តាមរយៈការបង្រៀនគោលលទ្ធិ និង ការធ្វើជាគំរូវិជ្ជមានមួយ ។ គោលលទ្ធិនោះនឹងជួយកូនចៅយើង ឲ្យយល់ពីសារៈសំខាន់នៃភាពថ្លៃថ្នូរ ហើយគំរូរបស់យើងនឹងបង្ហាញពីពរជ័យនៃភាពថ្លៃថ្នូរតាមរបៀបដ៏រីករាយ ។
តើភាពថ្លៃថ្នូរគឺជាអ្វីទៅ ?
ភាពថ្លៃថ្នូរគឺជាគោលការណ៍មួយ ដែលព្រះបានប្រទានមក ដែលអាចជួយយើងឲ្យរៀនប្រើរូបកាយយើង ដោយភាពសមរម្យនៅក្នុងជីវិតរមែងស្លាប់នេះ ។ និយមន័យនៃភាពថ្លៃថ្នូរនៅក្នុងពិតចំពោះសេចក្ដីជំនឿគឺជា « អាកប្បកិរិយានៃការបន្ទាបខ្លួន និង ថ្លៃថ្នូរក្នុងការស្លៀកពាក់ ការតុបតែងខ្លួន ពាក្យសម្ដី និង ចរិយា » ។1 ភាពថ្លៃថ្នូរពុំជារឿងឥតប្រយោជន៍ ឬ អួតអាងនោះទេ ។ មនុស្សថ្លៃថ្នូរមិនប្រើរូបកាយពួកគេ ឬ ឥរិយាបថរបស់ពួកគេដើម្បីស្វែងរកការអនុមតិពីពិភពលោកនេះ ឬទាញយកចំណាប់អារម្មណ៍ សម្រាប់ជោគជ័យដ៏ពិត ឬសន្មត់របស់ពួកគេ ឬអាកប្បកិរិយាដែលពួកគេចង់បានឡើយ ។
សូមចងចាំថា គោលការណ៍នៃភាពថ្លៃថ្នូរដែលបានចែកចាយនៅទីនេះ អនុវត្តទាំងបុរស និង ស្ត្រី កូនប្រុស និង កូនស្រី សូមចងចាំថា សូម្បីតែនៅពេលយើងបង្រៀន ហើយធ្វើជាគំរូពីភាពថ្លៃថ្នូរក្ដី ក៏យើងមិនត្រូវថ្កោលទោសដល់ជនដែលជ្រើសស្លៀកពាក់សំពត់ខ្លី ឬ « មានសក់ច្រើនពណ៌ និង ពាក់ចិញ្ចៀនច្រើន » ឡើយ ។2 ជានិច្ចកាល យើងធ្វើជាគំរូពីសេចក្ដីមេត្តាករុណា និង សេចក្តីស្រលាញ់ដូចព្រះគ្រីស្ទដល់បុគ្គលនោះ កាលយើងបន្តស្មោះត្រង់ចំពោះបទដ្ឋានដែលព្រះអម្ចាស់ដាក់ឲ្យយើង ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការជ្រើសរើយដែលយើងធ្វើ ដែលមានទ្រង់ទ្រាយ ឬភាពថ្លៃថ្នូរ បង្ហាញនូវសារលិខិតដ៏អស្ចារ្យមួយថា យើងយល់ពីអត្តសញ្ញាណរបស់យើងក្នុងនាមជាបុត្រា និង បុត្រីនៃព្រះ ហើយថាយើងបានជ្រើសឈរនៅក្នុងទីបរិសុទ្ធ ។
ខ្ញុំចូលចិត្តបទគម្ពីរនេះថា ៖ « តើអ្នករាល់គ្នាមិនដឹងទេឬអីថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថាព្រះវិញ្ញាណនៃព្រះទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា ? … ព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង » ( កូរិនថូសទី 1 3:16–17 ) ។ រូបកាយយើងគឺជាព្រះវិហារបរិសុទ្ធនៃវិញ្ញាណយើង ដោយសារតែព្រះវិហារបរិសុទ្ធខាងរូបកាយនេះហើយ ទើបយើងអញ្ជើញភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំជឿថា កាលយើងជ្រើសស្លៀកពាក់ថ្លៃថ្នូរ ហើយធ្វើអត្តចរិតឲ្យថ្លៃថ្នូរ យើងស្លៀកពាក់ ហើយរស់នៅតាមទីបន្ទាល់របស់យើងអំពីព្រះជាព្រះវរបិតាដ៏អស់កល្បជានិច្ច និង ពីព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ យើងនឹងឃើញថាយើងគឺជាសិស្សនៃព្រះគ្រីស្ទ ហើយថាយើងរស់នៅតាមដំណឹងល្អទ្រង់គឺតាមរយៈរូបរាងខាងក្រៅរបស់យើង ។
ហេតុអ្វីបានជាភាពថ្លៃថ្នូរមានសារៈសំខាន់ ?
យើងរស់នៅក្នុងពិភពលោកមួយដែលមានអំពើល្អ និង អំពើអាក្រក់ ហើយរូបកាយអាចត្រូវបានប្រើប្រាស់សម្រាប់ទាំងគោលបំណងសុចរិត ឬ ទុច្ចរិត ។ ប៉ុន្តែយើងដឹងថា រូបកាយដ៏មានតម្លៃរបស់យើង គឺជាអំណោយទានមួយមកពីព្រះសម្រាប់យើងម្នាក់ៗ ។ វាពិសិដ្ឋ ។ អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ចំពោះជនដែលដឹង ហើយយល់ពីផែនការនៃសេចក្តីសង្គ្រោះ ការប្រមាថលើរូបកាយគឺជាទង្វើមួយនៃការបះបោរ [ សូមមើល ម៉ូសាយ 2:36–37 ] និងជាការបដិសេធចំពោះអត្តសញ្ញាណដ៏ពិតរបស់យើងក្នុងនាមជាបុត្រាបុត្រីនៃព្រះ » ។3 យើងជ្រើសដើម្បីមើលថែ ហើយការពាររូបកាយយើង ដើម្បីយើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះ នៅក្នុងការសម្រេចព្រះរាជបំណងដ៏រុងរឿងរបស់ទ្រង់ ( សូមមើល អាលម៉ា 26:3 ) ។ ប្រសិនបើយើងមានបំណងប្រាថ្នាដើម្បីឈរជាតំណាងឲ្យព្រះអង្គសង្គ្រោះ ហើយធ្វើកិច្ចការរបស់ទ្រង់ យើងត្រូវសួរខ្លួនឯងថា ប្រសិនបើព្រះអង្គសង្គ្រោះទ្រង់ស្ថិតនៅក្បែរយើង តើយើងមានភាពស្រណុកក្នុងចិត្តចំពោះសំលៀកបំពាក់ដែលយើងពាក់ដែរឬទេ ?
ភាពថ្លៃថ្នូរនៅក្នុងការស្លៀកពាក់ រូបរាងខាងក្រៅ គំនិត និង ឥរិយាបថគឺជាការបង្ហាញថា យើងយល់ថាសេចក្ដីសញ្ញាដែលយើងបានធ្វើ ប្រទានពរដល់យើង ការពារយើង ហើយផ្ដល់អនុភាពដល់យើងនៅក្នុងការរៀបចំខ្លួនដើម្បីត្រឡប់ទៅកាន់វត្តមានទ្រង់វិញ ។ នៅពេលយើងជ្រមុជទឹក យើងបានឈានជើងចេញពីពិភពលោកនេះ ហើយចូលទៅក្នុងនគរព្រះ ។ អ្វីៗគ្រប់យ៉ាងត្រូវតែមានភាពខុសប្លែកចំពោះយើង ។ អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖ « តាមរយៈការជ្រើសរស់នៅក្នុងនគរទ្រង់ យើងគ្រាន់តែញែក—មិនមែនផ្ដាច់ខ្លួន—យើងចេញពីពិភពលោកនេះទេ ។ សំលៀកបំពាក់យើងនឹងមានភាពថ្លៃថ្នូរ គំនិតយើងត្រូវបរិសុទ្ធ ពាក្យសម្ដីយើងត្រូវស្អាតស្អំ » ។4
ភាពថ្លៃថ្នូរគឺជាគោលការណ៍មួយ ដែលនឹងជួយរក្សាយើងឲ្យមានសុវត្ថិភាពនៅលើផ្លូវនៃសេចក្ដីសញ្ញា កាលយើងរីកចម្រើនឆ្ពោះទៅកាន់វត្តមានរបស់ព្រះ ។ ភាពថ្លៃថ្នូរក្នុងការស្លៀកពាក់ និង រូបរាងខាងក្រៅ ព្រមទាំងគំនិត និង ឥរិយាបថ នឹងជួយរៀបចំយើងឲ្យធ្វើ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ។ ដើម្បីប្រទានពរ ហើយការពារដល់អ័ដាម និង នាងអេវ៉ា ព្រះបានប្រទានអាវស្បែកដល់ពួកគាត់ ដើម្បីបិទបាំងខ្លួន មុនបញ្ជូនពួកគាត់ចេញពីសួនច្បារ ។ តាមរបៀបដូចគ្នានេះដែរ ព្រះបានប្រទានដល់យើងនូវសំលៀកបំពាក់នៃសេចក្ដីសញ្ញាមួយនៅក្នុងជីវិតរមែងស្លាប់នេះ វាតំណាងដោយខោអាវពិសិដ្ឋរបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ។
តើពរជ័យនៃភាពថ្លៃថ្នូរមានអ្វីខ្លះ ?
តើយើងអាចបង្រៀនអ្វីខ្លះដល់កូនប្រុសស្រីយើង ដើម្បីជួយពួកគេឲ្យមានចិត្តក្លាហានជ្រើសយកភាពថ្លៃថ្នូរនៅក្នុងពិភពលោកមួយ ដែលសើចចំអកពួកគេសម្រាប់ជម្រើសដ៏មានគុណធម៌របស់ពួកគេនោះ ? តើពួកគេមើលឃើញយើងប្រើរូបកាយយើងដើម្បីទាញយកចំណាប់អារម្មណ៍ ឬដើម្បីថ្វាយសិរីល្អដល់ព្រះដែរឬទេ ?
ភាពថ្លៃថ្នូរនៅក្នុងគំនិត ពាក្យសម្ដី រូបរាងខាងក្រៅ និង ឥរិយាបថជួយយើងទទួលបានពរជ័យដ៏អស្ចារ្យ ហើយថ្លៃថ្នូរចំនួនបី ។
1. ភាពថ្លៃថ្នូរអញ្ជើញភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធ ។ អែលឌើរ ហែល ធ្លាប់បង្រៀនថា « ភាពថ្លៃថ្នូរគឺជាកត្តាដ៏សំខាន់ចំពោះការមានភាពសក្ដិសមនឹងព្រះវិញ្ញាណ » ។5
ចូរយើងជួយកូនចៅយើងឲ្យយល់ ដើម្បីពួកគេមិនធ្វើអ្វីមួយបដិសេធខ្លួនពួកគេពី « អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធដែលពុំអាចពិពណ៌នាបាន » ( គ. និង ស. 121:26 ) ។ សូមជួយពួកគេឲ្យដឹងថា អំណោយទានវិញ្ញាណដ៏មានតម្លៃ ហើយអស្ចារ្យកើតមានជាមួយនឹងភាពជាដៃគូដ៏ពិសិដ្ឋរបស់ទ្រង់ ។ ព្រះបានសន្យាថា « យើងនឹងរំលែកដល់អ្នកនូវព្រះវិញ្ញាណរបស់យើង ដែលនឹងបំភ្លឺគំនិតរបស់អ្នក ដែលនឹងបំពេញព្រលឹងរបស់អ្នកដោយសេចក្ដីអំណរ …ដោយការណ៍នេះ អ្នកនឹងដឹងគ្រប់ទាំងអស់ដែលអ្នកមានបំណងចង់បានពីយើង ដែលទាក់ទងទៅនឹងការណ៍ទាំងឡាយនៃសេចក្ដីសុចរិត គឺដោយនូវសេចក្ដីជំនឿ » ( គ. និង ស.11:13–14 ) ។ ចំណេះដឹង ប្រាជ្ញា និង ទីបន្ទាល់ សេចក្ដីអំណរ សេចក្ដីសុខសាន្ត និង សុភមង្គល—ទាំងនេះគឺជាពរជ័យដ៏ធំមួយចំនួន ដែលយើងអាចសន្យាដល់កូនចៅយើង នៅពេលយើងអញ្ជើញពួកគេ ឲ្យរស់នៅដោយថ្លៃថ្នូរ ហើយមានភាពសក្ដិសមនឹងព្រះវិញ្ញាណបរិសុទ្ធ ។
ឧបសគ្គមួយនៃការស្លៀកពាក់ថ្លៃថ្នូរគឺថា ការរចនាម៉ូដសំលៀកបំពាក់ និង ឥរិយាបថដែលទទួលយកដោយសង្គមមានការផ្លាស់ប្ដូរជានិច្ចនោះ ។ បទដ្ឋានរបស់ព្រះអម្ចាស់មិនផ្លាស់ប្ដូរឡើយ ។ សូមបង្រៀនយុវជនយុវនារីឲ្យផ្តោតចិត្តទៅលើព្រះវិញ្ញាណ កាលពួកគេធ្វើការសម្រេចចិត្តអំពីអ្វីដែលត្រូវស្លៀកពាក់ និយាយ និង ធ្វើ ។ កាលពួកគេរស់នៅជិតនឹងព្រះវិញ្ញាណ នោះពួកគេមិនត្រូវការធ្វើដូចជាពិភពលោកនោះទេ ។
កូនចៅយើងបានទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេកំពុងធ្វើដំណើរលើផ្លូវនៃសេចក្ដីសញ្ញាដែលនាំទៅរកព្រះវិហារបរិសុទ្ធ ហើយនឹងធ្វើឲ្យពួកគេត្រឡប់ទៅវត្តមានរបស់ព្រះវិញ ។ ពួកគេត្រូវការយើងឲ្យបញ្ជាក់ដល់ពួកគេ ហើយធ្វើជាគំរូដល់ពួកគេថា ពួកគេនឹងត្រូវបានដឹកនាំ ការពារ លួងលោម ហើយធ្វើឲ្យបរិសុទ្ធ កាលពួកគេរស់នៅដោយសក្ដិសមនឹងព្រះវិញ្ញាណបរិសុទ្ធ ។
2. យើងអាចបង្រៀនកូនប្រុសស្រីយើងថា រូបរាងខាងក្រៅនិង ឥរិយាបថថ្លៃថ្នូរជួយការពារយើងពីឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃពិភពលោក ។ យុទ្ធសាស្ត្រដ៏បោកបញ្ឆោតមួយដែលត្រូវបានប្រើប្រឆាំងនឹងយើងរាល់គ្នា គឺជាឥរិយាបថដែលបានទទួលយកដោយសង្គមថា សីលធម៌គឺជារឿងហួសសម័យ ។ ភាពថ្លៃថ្នូរគឺជាការការពារមួយពីឥទ្ធិពលអាក្រក់បែបនេះ និងជាការការពារមួយនៃភាពបរិសុទ្ធ និង គុណធម៌ ។ សូមស្ដាប់ពាក្យទាំងនេះនៅក្នុងដើម្បីកម្លាំងនៃយុវជន ៖ « ពីមុនពេលរៀបអាពាហ៍ពិពាហ៍ …ចូរកុំធ្វើអ្វីដែលដាស់ឡើងនូវចំណង់ខាងផ្លូវភេទ » ។6 រូបរាង និង ឥរិយាបថមិនថ្លៃថ្នូរ ជារឿយៗនឹងបង្កើតឲ្យមានអារម្មណ៍ខាងផ្លូវភេទ ហើយនឹងបំបែករបាំងការពារ ហើយអញ្ជើញឲ្យការល្បួងដើម្បីរំលងច្បាប់ព្រហ្មចារីភាពមានការកើនឡើង ។
អែលឌើរ ហែលបានបង្រៀនថា ៖ « ភាពថ្លៃថ្នូរគឺជាកត្តាដ៏សំខាន់នៃការមានភាពបរិសុទ្ធ និង គុណធម៌ ទាំងនៅក្នុងគំនិត និង ទង្វើ ។ ដូច្នេះហើយ ដោយសារវាដឹកនាំ ហើយជះឥទ្ធិពលដល់គំនិត ឥរិយាបថ និង ការសម្រេចចិត្តរបស់យើង ភាពថ្លៃថ្នូរគឺជាកត្តាដ៏សំខាន់នៃចរិតលក្ខណៈរបស់យើង » ។7 សូមបង្រៀន ហើយធ្វើជាគំរូពីភាពថ្លៃថ្នូរដើម្បីជួយយុវជនយុវនារីរបស់យើងរៀបចំខ្លួនដើម្បីគាំទ្រ ហើយការពារដល់អំណាចនៃការបង្កបង្កើតនៅក្នុងខ្លួនរបស់ពួកគេ ។ សូមជួយពួកគេគ្រប់គ្រង ហើយរក្សាការបង្ហាញសេចក្ដីស្រឡាញ់រវាងស្វាមី និង ភរិយាសម្រាប់អាពាហ៍ពិពាហ៍ឲ្យមានភាពពិសិដ្ឋ ។
3. ភាពថ្លៃថ្នូរអាចជួយយើងឲ្យ « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល » ( ម៉ូសាយ 18:9 ) ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា ៖ « ចូរលើកពន្លឺរបស់អ្នករាល់គ្នាឡើង ប្រយោជន៍ឲ្យបានភ្លឺដល់មនុស្សលោក ។ មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង » ( នីហ្វៃទី 3 18:24 ) ។ ព្រះបានត្រាស់បង្គាប់យើងឲ្យធ្វើជាបង្គោលភ្លើងមួយសម្រាប់ពិភពលោក បង្ហាញសេចក្ដីអំណរពីការរស់នៅតាមដំណឹងល្អ បង្រៀនពីសេចក្ដីសុចរិត ហើយស្ថាបនានគរព្រះនៅលើផែនដី ។ យើងម្នាក់ៗមាននូវពន្លឺនៃព្រះគ្រីស្ទ កាលយើងមានភាពថ្លៃថ្នូរ និងភាពបរិសុទ្ធ ហើយរក្សាព្រះបញ្ញត្តិ ។ ភាពថ្លៃថ្នូរគឺជាសាក្សីមួយពីទីបន្ទាល់របស់យើងស្ដីពីព្រះអង្គសង្គ្រោះ និង ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ឱ ជនដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធមានភាពអស្ចារ្យ ហើយមានពរអ្វីម៉្លេះ ជាអ្នកដែលការពារខ្លួនពីលោកិយ៍ និង ជាអ្នកដែលឈរជាសាក្សីពីព្រះដល់ពិភពលោក ។ ហើយមានពរហើយដល់អស់អ្នកណាដែលធ្វើជាគំរូ ហើយបង្រៀនគោលលទ្ធិពីភាពថ្លៃថ្នូរទៅដល់បុត្រាបុត្រីទាំងអស់នៃទីក្រុងស៊ីយ៉ូន ។
កាលយើងបានចុះសេចក្ដីសញ្ញាដើរតាមព្រះអង្គសង្គ្រោះ ហើយប្រាថ្នាចង់ទទួលបានពរជ័យដ៏ពេញលេញនៃដង្វាយធួនរបស់ទ្រង់នៅក្នុងជីវិតយើង នោះមានតែសំលៀកបំពាក់តែមួយគត់ដែលសំខាន់ ។ មរ៉ូណៃកត់ត្រាថា « ចូរភ្ញាក់ឡើង និងចូរក្រោកឡើងពីធូលីដី … មែនហើយ ឱកូនស្រីនៃក្រុងស៊ីយ៉ូនអើយ ចូរប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់អ្នក…ដើម្បីឲ្យសេចក្ដីសញ្ញានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ចដែលធ្វើដល់អ្នកអាចបានបំពេញ » ( មរ៉ូណៃ 10:31 ការគូសបញ្ជាក់បានបន្ថែម ) ។
សំលៀកបំពាក់បរិសុទ្ធដ៏រុងរឿងគឺជារ៉ូបនៃសេចក្ដីសុចរិត ពាក់ដោយជនដែលរក្សាសេចក្ដីសញ្ញារបស់ខ្លួន ។ តើយើងកំពុងរៀបចំកូនចៅយើងឲ្យស្លៀកពាក់សំលៀកបំពាក់បរិសុទ្ធដ៏រុងរឿងទាំងនេះដែរឬទេ ?
ខ្ញុំសូមថ្លែងទីបន្ទាល់ថា សេចក្តីសង្គ្រោះគឺស្ថិតនៅក្នុងព្រះគ្រីស្ទ ហើយថា ជនដែលបានរក្សាសេចក្ដីសញ្ញារបស់ខ្លួននឹង « មានដំរិះដ៏ឥតខ្ចោះពីការសប្បាយរបស់គេ និងពីសេចក្ដីសុចរិតរបស់គេ បំពាក់ដោយសេចក្ដីបរិសុទ្ធ មែនហើយ គឺដោយអាវនៃសេចក្ដីសុចរិត » ( នីហ្វៃ 2 9:14 ) ។