២០១៤
អរគុណ​បង​ប្រុស ជេ
October 2014


ការបម្រើ​នៅ​ក្នុង​សាសនាចក្រ

អរគុណ​បងប្រុស ជេ

អ្នកនិពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ណាវ៉ាដា ស.រ.អា. ។

ខ្ញុំ​មាន​អំណរគុណយ៉ាង​ខ្លាំ​ចំពោះ​អារម្មណ៍ ការតាំងចិត្ត ការរៀបចំ និង សេចក្ដី​ស្រឡាញ់​នៃ​ពួក​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​ជាច្រើន​រាប់​មិន​អស់​នៅ​ទូទាំង​សាសនាចក្រ ។

ខ្ញុំ​បាន​ប្រាប់​កូន​ស្រី​ខ្ញុំ​អាយុ​ប្រាំ​ឆ្នាំ​កាល​នាង​អង្គុយ​នៅ​លើ​ភ្លៅ​របស់​ខ្ញុំ​ថា « ស្អែក​គឺ​ជា​ថ្ងៃ​អាទិត្យ » ។ ស្នាម​ញញឹម​បាន​លេច​ឡើង​នៅ​លើ​ផ្ទៃមុខ​របស់​នាង ។

នាង​បាន​តប​ថា « អូ៎ ល្អ​ណាស់ » ។ « អញ្ចឹង​កូន​នឹង​បាន​ជួប​បងប្រុស​ជេ​ហើយ » ។

អំណរគុណ​បាន​មាន​ពេញ​ដួង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​មាន​អំណរ​គុណ​ជាខ្លាំង​ចំពោះ​គ្រូ​បង្រៀន​ថ្នាក់កុមារ​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ចេះ​ជួយ​ទុក្ខ​ធុរៈ ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ដំណើរ​ផ្លាស់ប្ដូរ​របស់​យើង​ទៅ​កាន់​វួដ​ថ្មី​មួយ បន្ទាប់​ពី​ការ​ផ្លាស់ប្ដូរ​ទីលំនៅ​មាន​ភាពងាយ​ស្រួល ។ ដោយ​ចាកចេញ​ពី​ផ្ទះ​របស់​យើង​នៅភូមិភាគ​កណ្ដាល​ភាគខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ហើយ​ប្ដូរ​ទី​លំនៅ​ថ្មី​ដែល​មាន​ចម្ងាយ 2,173 គ.ម.ពីគ្នា បាន​ធ្វើ​ឲ្យ​គ្រួសារ​ទាំងមូល​មាន​ការលំបាក ជា​ពិសេស​កូនស្រី​យើង ស៊ីស្សិន ។ ដោយ​មាន​ភាពខ្មាស់​អៀនពីកំណើត​នោះ​នាង​ភ័យ​ខ្លាច​ចំពោះ​ស្ថានភាព​ថ្មី ហើយ​បារម្ភ​ពី​ការ​ទៅ​ព្រះវិហារ​សម្រាប់​សប្ដាហ៍​ទី​មួយ​របស់​យើង​នៅ​ក្នុង​វួដ​ថ្មី​មួយ ។

បងប្រុស​ជេ ជា​បុរស​ដែល​សុភាព ហើយ​ការលះបង់ ដោយ​ប្រើ​ពាក្យ​កំប្លែង លាយ​បញ្ចូល​នឹង​សេចក្ដី​ស្រឡាញ់​ដ៏​ត្រឹមត្រូវ​ដើម្បីទាក់ទាញចិត្ត​ស៊ីស្សិន ។ នៅ​ថ្ងៃ​អាទិត្យ​ទី​មួយ​នោះ បាន​ឱន​ចុះ​ចាប់​ដៃ​នាង ហើយ​មើល​មុខ​នាង រួច​ក៏​ពោល​ថា « តោះ ស៊ីស្សិន ។ ប្អូន​នឹង​សប្បាយ​រីករាយ​នៅ​ក្នុង​ថ្នាក់​របស់​យើង » ។

កាល​ជាច្រើន​សប្ដាហ៍​បាន​កន្លង​ផុតទៅ ស៊ីស្សិន​បាន​ទន្ទឹង​ចាំ​ថ្ងៃ​អាទិត្យ​លើស​ពី​ថ្ងៃ​ណាៗ​ទាំងអស់ ។ កាល​យើង​បាន​មក​ដល់​ព្រះវិហារ​ភ្លាម នាង​បាន​រកមើល​គ្រូ​បង្រៀន​របស់​នាង​នៅ​ក្នុង​ក្រុម​ជំនុំ ។ គាត់​បាន​ញញឹម​រាក់ទាក់ ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ បងប្រុស​ជេ បាន​ចងចាំ​សិស្ស​ម្នាក់ៗ​ដោយ​ផ្ដល់​អំណោយ​បន្តិចបន្តួច​សម្រាប់​ថ្ងៃបុណ្យ​ឈប់សម្រាក ​និង ថ្ងៃ​ខួប​កំណើត ។ កាល​ថ្ងៃ​កំណើត​ស៊ីស្សិន​បាន​មក​ដល់ ភ្ញៀវ​ដ៏​សំខាន់​បំផុត​ដែល​នាង​អញ្ជើញ​មក​ពិធី​ជប់​លៀង​របស់​នាង​គឺ​បងប្រុស​ជេ ។

តើ​គាត់​បាន​ដឹង​ថា​គាត់​មាន​ឥទ្ធិពល​នៅ​ក្នុង​ជីវិត​កូនស្រី​ដ៏​តូច​របស់​យើង​ប៉ុណ្ណា​ទេ ? តើ​គាត់​ធ្លាប់​ស្មាន​ដឹង​ថា​ពាក្យ​សម្ដី​ និង ទង្វើរ​របស់​គាត់បាន​ជះឥទ្ធិពល​ទៅ​លើ​សិស្ស​ក្នុង​ថ្នាក់កុមារ​គាត់ដែលមាន​អាយុ​ប្រាំឆ្នាំប៉ុណ្ណាដែរ​ទេ ? តើ​គាត់​បាន​ដឹង​ថា​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ខ្ញុំ​ដែរ​ទេ ក្នុង​នាម​ជា​ម្ដាយ​ម្នាក់ ដោយ​មាន​គាត់​ជា​ផ្នែក​មួយ​នៃ​ជីវិត​កូនស្រី​របស់​ខ្ញុំ​នោះ ?

ក្រោយ​មក​ទៀត ស៊ីស្សិន​បានឡើង​ថ្នាក់​ដោយ​ចូល​រៀន​ក្នុង​ថ្នាក់​បងប្រុស អេដវួដ ហើយ​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់​នាង​ក្នុង​ថ្នាក់​កុមារ​បាន​បន្ត ។ ខ្ញុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​បុរស និងស្ត្រី​ដែល​យក​ចិត្ត​ទុក​ដាក់​ ​រៀបចំ​យ៉ាង​ល្អិតល្អន់ ហើយ​រាបសារ​ដែល​បាន​ជះ​ឥទ្ធិពល​ខាង​វិញ្ញាណ​ដ៏​វិជ្ជមាន​មួយ​ដល់​ជីវិត​របស់​ស៊ីស្សិន ។

គ្រួសារ​យើង​ទាំង​មូល​មាន​ពរ​តាមរយៈ​បុគ្គល​ទាំងឡាយ​ដែល​បូជា​លះបង់ខ្លួន ដោយ​បាន​បម្រើ​យើង​នៅ​លើ​ផ្លូវ​នៃ​ការ​រីក​ចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។ ខ្ញុំ​នៅ​ចងចាំ​ពី​គ្រូ​ក្រុម​កាយរិទ្ធិ​ដ៏​ឆ្នើម អ្នក​ប្រឹក្សា​ក្នុង​កូរ៉ុម​សង្ឃ​ដែល​មានចិត្ត​អត់ធ្មត់ គ្រូ​ថ្នាក់​សិក្ខាសាលា គណៈ​ប្រធាន​យុវនារី​ដ៏​អស្ចារ្យ និង ប៊ីស្ស​ដែល​យកចិត្ត​ទុក​ដាក់ ។

គ្រួសារ​យើង​មាន​ពរជ័យ​យ៉ាងធំ ខ្ញុំ​ដឹង​ថា យើង​ពុំ​មែន​ជាមនុស្សពិសេស​នោះទេ ។ « បងប្រុស​ជេ » អាច​ជាមនុស្ស​ជាច្រើន​ ពីព្រោះ​មានបងប្អូន​ប្រុស​ស្រី​ជាច្រើន​ដែល​មាន​ការ​លះបង់ ហើយ​ដែល​ការ​បម្រើ​របស់​ពួកគេ​បាន​ជួយ​ដល់​ជីវិត​ក្រុម​គ្រួសារ​ជាច្រើន​ដូចជា​គ្រួសារ​យើង​ផងដែរ ។ យើង​មាន​អំណរគុណ​ជាខ្លាំង​ចំពោះ​អារម្មណ៍ ការតាំងចិត្ត ការរៀបចំ និង សេចក្ដី​ស្រឡាញ់ ។

សូម​អរគុណ​ចំពោះ​ពួក​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​ជាច្រើន​រាប់មិនអស់​នៅទូទាំង​សាសនា​ចក្រ​ដែល​បាន​ជួយ​ដល់​គ្រួសារ​យើង ។

រីករាយ​ថ្ងៃ​បុណ្យ​កំណើត !

រូបថាត​ដោយ Nikolai Sorokin/Hemera/Thinkstock