ដួងចិត្តរបស់ព្យាការី
យើងអាចរីករាយដែលព្យាការីរបស់ព្រះអម្ចាស់ត្រូវបានរើសតាំង ហើយកិច្ចការរបស់ព្រះអម្ចាស់ត្រូវបានធ្វើឡើងតាមរបៀបដែលទ្រង់បានប្រទានឲ្យដោយទេវភាព ។
ខ្ញុំបានអធិស្ឋានដោយស្មោះថា ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយយើងម្នាក់ៗនាថ្ងៃនេះ នៅក្នុងគ្រាសួគ៌ានេះ ។ អ្វីដែលយើងទាំងអស់គ្នាបានធ្វើជាសាក្សីគឺគួរឲ្យចាប់អារម្មណ៍បំផុត នៅពេលព្យាការីទី ១៧ នៃសម័យកាន់កាប់ត្រួតត្រានេះត្រូវបានគាំទ្រនៅក្នុងជំនុំមុតមាំ ។
នៅពេលខ្ញុំបានស្វែងរកការណែនាំដើម្បីដឹងអំពីប្រធានបទដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំថ្លែងនាថ្ងៃនេះ ចិត្តរបស់ខ្ញុំត្រូវបាននាំឆ្ពោះទៅរកការសន្ទនាមួយក្នុងពេលថ្មីៗនេះជាមួយគណៈប្រធានថ្មីដែលទើបនឹងបានហៅ ។ នៅក្នុងការពិភាក្សានេះ ទីប្រឹក្សាមួយរូបបានចែកចាយប្រសាសន៍ដ៏មានឥទ្ធិពលដូចនេះ ៖ « ខ្ញុំសង្ឃឹមយ៉ាងជ្រាលជ្រៅថា សមាជិកភាពនៃសាសនាចក្រអាចដឹងអំពីទំហំនៃអ្វីដែលបានកើតឡើងជាមួយនឹងការហៅនៃព្យាការីថ្មីគឺប្រធាន រ័សុល អិម ណិលសុន និងសារៈសំខាន់ ព្រមទាំងភាពពិសិដ្ឋនៃជំនុំមុតមាំដែលនឹងកើតឡើងនៅសន្និសីទទូទៅ » ។ លោកបានសង្កេតបន្តទៀតថា « វាអស់រយៈពេល ១០ ឆ្នាំហើយ ហើយមនុស្សជាច្រើនជាពិសេសពួកយុវវ័យនៃសាសនាចក្រពុំចាំ ឬគ្មានបទពិសោធន៍នឹងរឿងនេះពីមុនឡើយ » ។
ការណ៍នេះបណ្តាលឲ្យខ្ញុំគិតអំពីបទពិសោធន៍ដែលខ្ញុំបានមាន ។ ព្យាការីដំបូងដែលខ្ញុំចាំគឺប្រធាន ដេវីឌ អូ មិកឃេ ។ ខ្ញុំមានអាយុ ១៤ ឆ្នាំកាលលោកទទួលអនិច្ចកម្ម ។ ខ្ញុំចាំអំពីអារម្មណ៍នៃការបាត់បង់ដែលកើតឡើងបន្ទាប់ពីលោកបានចែកឋានទៅ និងការទួញយំរបស់ម្តាយខ្ញុំ ព្រមទាំងការកើតទុក្ខដែលក្រុមគ្រួសារទាំងមូលរបស់យើងបានទទួល ។ ខ្ញុំចាំអំពីរបៀបដែលពាក្យថា « សូមប្រទានពរដល់ប្រធាន ដេវីឌ អូ មិកឃេ ផង » បានរបូតចេញពីមាត់របស់ខ្ញុំដោយមិនដឹងខ្លួននៅក្នុងការអធិស្ឋានរបស់ខ្ញុំថា ប្រសិនបើខ្ញុំពុំផ្តោតចិត្តលើអ្វីដែលខ្ញុំនិយាយ ទោះបីជាបន្ទាប់ពីមរណភាពរបស់លោកក្តី នោះខ្ញុំនឹងនិយាយពាក្យទាំងនោះដោយស្វ័យប្រវត្តិ ។ ខ្ញុំឆ្ងល់ថា តើគំនិត និងដួងចិត្តរបស់ខ្ញុំមានអារម្មណ៍ និងការជឿជាក់ស្រដៀងគ្នានោះលើព្យាការីបន្ទាប់ពីលោកដែរឬអត់នោះទេ ។ ប៉ុន្តែដូចជាឪពុកម្តាយដែលស្រឡាញ់កូនម្នាក់ៗរបស់ខ្លួនដែល ខ្ញុំបានឃើញពីសេចក្តីស្រឡាញ់ ទំនាក់ទំនង និងទីបន្ទាល់របស់ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ដែលបន្តពីប្រធាន មិកឃេ និងប្រធាននីមួយៗបន្ទាប់ពីនោះ ៖ ហារ៉ូល ប៊ី លី, ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, ហាវើដ ដបុលយូ ហឹនធើរ, ហ្គរដុន ប៊ី ហ៊ិងគ្លី, ថូម៉ាស អេស ម៉នសុន និងសព្វថ្ងៃនេះគឺប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំបានគាំទ្រទាំងស្រុងដល់ព្យាការីគ្រប់រូបជាមួយនឹងការលើកដៃ—ព្រមទាំងដួងចិត្តដែលលើកស្ទួយផងដែរ ។
នៅពេលព្យាការីជាទីស្រឡាញ់គ្រប់រូបរបស់យើងបានចែកឋានទៅ វាគឺជារឿងធម្មជាតិដើម្បីទទួលអារម្មណ៍នៃទុក្ខក្រៀមក្រំ និងការបាត់បង់ ។ ប៉ុន្តែ ទុក្ខសោករបស់យើងត្រូវបានសម្រាលដោយអំណរ និងសេចក្តីសង្ឃឹមដែលកើតឡើង នៅពេលយើងដកពិសោធន៍នូវពរជ័យដ៏មហិមានៃការស្តារឡើងវិញ ៖ គឺការហៅ និងគាំទ្រដល់ព្យាការីនៅរស់ម្នាក់នៅលើផែនដី ។
ដោយសារតែហេតុផលនោះ ខ្ញុំនឹងនិយាយអំពីដំណើរការរបស់ព្រះដូចដែលបានសង្កេតមើលជាង ៩០ ថ្ងៃកន្លងមកនេះ ។ ខ្ញុំនឹងពិពណ៌នាអំពីវាជាបួនផ្នែក ៖ ទីមួយ មរណភាពរបស់ព្យាការីរបស់យើង និងការរំលាយគណៈប្រធានទីមួយ ទីពីរ រយៈពេលនៃការរង់ចាំដើម្បីរៀបចំគណៈប្រធានទីមួយថ្មី ទីបី ការហៅនៃព្យាការីថ្មី និងទីបួន ការគាំទ្រព្យាការី និងគណៈប្រធានទីមួយថ្មីនៅក្នុងជំនុំមុតមាំ ។
មរណភាពរបស់ព្យាការី
នៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨ ព្យាការីជាទីស្រឡាញ់របស់យើង ថូម៉ាស អេស ម៉នសុន បានទទួលអនិច្ចកម្មទៅកាន់ផ្នែកម្ខាងទៀតនៃវាំងនន ។ លោកនឹងនៅក្នុងចិត្តរបស់យើងជារៀងរហូត ។ ប្រធាន ហិនរី ប៊ី អាវរិង បានបង្ហាញនូវមនោសញ្ចេតនានៅពេលមរណភាពរបស់ប្រធានម៉នសុន បានពិពណ៌នាយ៉ាងសង្ខេបអំពីអារម្មណ៍របស់យើង ៖ « បុគ្គលិកលក្ខណៈដ៏ពិសេសនៃជីវិតរបស់លោកដូចជាព្រះជន្មរបស់ព្រះអង្គសង្គ្រោះដែល គឺជាការខ្វាយខ្វល់ផ្ទាល់របស់លោកនៅក្នុងការឈោងទៅជួយអ្នកទ័លក្រ អ្នកឈឺ—គឺបុគ្គលគ្រប់រូបទាំងអស់—ទូទាំងពិភពលោក » ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានពន្យល់ដូចនេះ ៖
« នៅពេលផ្កាយមួយបានលិចចុះទៅជើងមេឃ នោះផ្កាយមួយទៀតក៏រះឡើង ហើយសេចក្តីស្លាប់ក៏កើតមាន ។
កិច្ចការរបស់ព្រះអម្ចាស់គឺគ្មានទីបញ្ចប់ទេ ។ ទោះបីជាអ្នកដឹកនាំដ៏មានឥទ្ធិពលបានស្លាប់ទៅ នោះវាមិនយូរឡើយដែលសាសនាចក្រគ្មានអ្នកដឹកនាំនោះ សូមថ្លែងអំណរគុណដល់ព្រះដ៏សប្បុរសដែលបានប្រទានឲ្យនគរទ្រង់បន្តតទៅមុខ និងនៅជាប់ជានិរន្តរ៍ ។ ដូចជាអ្វីដែលធ្លាប់កើតឡើង … ពីមុនសម័យកាន់កាប់ត្រួតត្រានេះ ព្យាការីបានស្លាប់ បានជូតទឹកភ្នែករបស់ពួកគេ ហើយសម្លឹងឆ្ពោះទៅរកអនាគត » ។
ចន្លោះពេលនៃពួកសាវក
រយៈពេលនៃចន្លោះរវាងមរណភាពរបស់ព្យាការី និងការរៀបចំគណៈប្រធានទីមួយគឺត្រូវបានហៅថា « ចន្លោះពេលនៃពួកសាវក » ។ អំឡុងពេលនោះ កូរ៉ុមនៃពួកដប់ពីរនាក់ នៅក្រោមការដឹកនាំរបស់ប្រធានកូរ៉ុម ដោយកាន់កូនសោរួមគ្នាដើម្បីបម្រើជាថ្នាក់ដឹកនាំសាសនាចក្រ ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានបង្រៀនថា « មានអ្នកដឹកនាំម្នាក់នៅក្នុងសាសនាចក្រជានិច្ច ហើយប្រសិនបើគណៈប្រធាននៃសាសនាចក្រត្រូវបានដកចេញដោយការស្លាប់ ឬមូលហេតុផ្សេងទៀត នោះអ្នកដឹកនាំសាសនាចក្របន្ទាប់គឺជាពួកសាវកដប់ពីរនាក់ រហូតដល់គណៈប្រធានត្រូវបានរៀបចំឡើងវិញម្តងទៀត » ។
ចន្លោះពេលនៃពួកសាវកដែលថ្មីៗបំផុតនេះ បានចាប់ផ្តើមត្រឹមពេលដែលប្រធានម៉នសុន បានទទួលមរណភាពនៅថ្ងៃទី ២ ខែ មករា ហើយបានបញ្ចប់ទៅវិញក្នុងរយៈពេល ១២ ថ្ងៃបន្ទាប់គឺនៅថ្ងៃអាទិត្យទី ១៤ ខែ មករា ។ នៅព្រឹកថ្ងៃឈប់សម្រាកនោះ កូរ៉ុមនៃពួកដប់ពីរនាក់បានជួបគ្នានៅបន្ទប់ជាន់លើនៃព្រះវិហារបរិសុទ្ធ សលត៍ លេក នៅក្នុងស្មារតីមួយនៃការតមអាហារ និងអធិស្ឋាន ក្រោមការដឹកនាំជាអធិបតីរបស់ប្រធាន រ័សុល អិម ណិលសុន ដែលជាសាវកច្បង និងជាប្រធាននៃកូរ៉ុមនៃពួកដប់ពីរនាក់ ។
ការហៅព្យាការីថ្មី
នៅក្នុងការប្រជុំដ៏ពិសិដ្ឋ និងគួរឲ្យចងចាំនេះ ដោយធ្វើតាមលំនាំដែលបានបង្កើតឡើងយ៉ាងប្រពៃនៅក្នុងភាពសាមគ្គី និងឯកច្ឆន្ទ នោះពួកបងប្អូនប្រុស ដែលបានអង្គុយក្បែររៀមច្បងជាពាក់កណ្តាលរង្វង់ដោយមានកៅអី ១៣ បានលើកដៃមុនគេដើម្បីគាំទ្រការរៀបចំនៃគណៈប្រធានទីមួយ បន្ទាប់មកគាំទ្រប្រធាន រ័សុល ម៉ារៀន ណិលសុន ជាប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ បន្ទាប់ពីការគាំទ្រនេះ កូរ៉ុមនៃពួកដប់ពីរនាក់បានបម្រូលគ្នាជារង្វង់ ហើយដាក់ដៃលើក្បាលរបស់ប្រធានណិលសុន ដើម្បីតែងតាំង និងញែកលោកចេញ ដែលមានសាវករៀមច្បងបន្ទាប់គេបំផុតជាអ្នកពោរពាក្យអធិស្ឋាននោះ ។
បន្ទាប់មក ប្រធានណិលសុន បានប្រាប់ឈ្មោះទីប្រឹក្សារបស់លោក ប្រធាន ដាល្លិន ហារីស អូក, ប្រធាន ហិនរី ប៊ិនញៀន អាវរិង ដោយមានប្រធាន អូក ជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងប្រធាន មែលវីន រ័សុល បាឡឺដ ជាប្រធានស្តីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ បន្ទាប់ពីការបោះឆ្នោតគាំទ្រស្រដៀងគ្នានោះ ពួកបងប្អូនប្រុសទាំងនេះ ត្រូវបានញែកចេញទៅក្នុងមុខតំណែងរៀងៗខ្លួនរបស់ពួកលោកដោយប្រធានណិលសុន ។ នេះជាបទពិសោធន៍ដ៏ពិសិដ្ឋបំផុតជាមួយនឹងការចាក់ស្រោចនៃព្រះវិញ្ញាណ ។ ខ្ញុំសូមផ្តល់សាក្សីពិតប្រាកដរបស់ខ្ញុំចំពោះបងប្អូនថា ព្រះហឫទ័យនៃព្រះអម្ចាស់ត្រូវបានបង្ហាញដោយព្រះចេស្តានៅក្នុងសកម្មភាព និងព្រឹត្តិការណ៍នាថ្ងៃនោះ ដ្បិតពួកយើងបានអធិស្ឋានដោយស្មោះ ។
ជាមួយនឹងការតែងតាំងប្រធានណិលសុន និងការរៀបចំឡើងវិញនៃគណៈប្រធានទីមួយ នោះចន្លោះពេលនៃពួកសាវកត្រូវបានបញ្ចប់ ហើយគណៈប្រធានទីមួយថ្មីដែលបានបង្កើតឡើងដ៏អស្ចារ្យត្រូវបានចាប់ផ្តើមដំណើរការដោយគ្មានការរំខានសូម្បីតែបន្តិចនៅក្នុងការគ្រប់គ្រងនគររបស់ព្រះនៅលើផែនដីនេះ ។
ជំនុំមុតមាំ
នាព្រឹកនេះ ដំណើរការរបស់ព្រះនេះគឺឈានដល់កម្រិតយ៉ាងខ្ពស់មួយដែលស្របទៅនឹងការបង្គាប់របស់ព្រះ ដែលបានពន្យល់នៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ៖ « ដ្បិតគ្រប់ការណ៍ទាំងអស់ ត្រូវធ្វើឡើងតាមរបៀបរៀបរយ និងតាមការយល់ព្រមទូទៅ នៅក្នុងសាសនាចក្រដោយពាក្យអធិស្ឋាននៃសេចក្ដីជំនឿ » ហើយ « ពួកសង្ឃជាន់ខ្ពស់ត្រួតត្រាបីនាក់ … គាំទ្រដោយសេចក្ដីទុកចិត្ត សេចក្ដីជំនឿ និងសេចក្ដីអធិស្ឋាននៃសាសនាចក្រឲ្យធ្វើជាកូរ៉ុមនៃគណៈប្រធាននៃសាសនាចក្រ » ។
អែលឌើរ ដាវីឌ ប៊ី ហេត បានពិពណ៌នាអ្វីដែលបានកើតឡើងកាលពីមុន អំពីអ្វីដែលយើងបានចូលរួមនាថ្ងៃនេះ ៖
« យើងគឺជាសាក្សី និងអ្នកចូលរួមនៅក្នុងឱកាសដ៏ពិសិដ្ឋបំផុត—គឺជំនុំមុតមាំដើម្បីអនុវត្តតាមកិច្ចការសួគ៌ា ។ កាលនៅជំនាន់បុរាណ មានការតមអាហារ និងអធិស្ឋានជាច្រើនដែលបានធ្វើឡើងដោយពួកបរិសុទ្ធនៅទូទាំងពិភពលោក ដែលពួកគេអាចទទួលការចាក់ស្រោចព្រះវិញ្ញាណនៃព្រះអម្ចាស់ ដែលត្រូវបានឃើញយ៉ាងជាក់ច្បាស់…នាឱកាសនេះក្នុងព្រឹកនេះ ។
« ជំនុំមុតមាំមួយ ជាឈ្មោះកំណត់សេចក្ដីចង្អុលពីភាពពិសិដ្ឋហ្មត់ចត់ និង ជាឱកាសដ៏មានគារវភាព នៅពេលពួកបរិសុទ្ធជួបជុំគ្នានៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ » ។
បងប្អូនប្រុសស្រី យើងអាចរីករាយ—ថែមទាំងស្រែកថា « ហូសាណា ! »—ដែលអ្នកតំណាងព្រះអម្ចាស់គឺព្យាការីរបស់ព្រះ ត្រូវបានរើសតាំង ហើយថាព្រះអម្ចាស់សព្វព្រះទ័យឲ្យកិច្ចការរបស់ទ្រង់ត្រូវបានសម្រេចតាមរបៀបដែលទ្រង់បានប្រទានឲ្យដោយទេវភាព ។
ប្រធាន រ័សុល អិម ណិលសុន
ដំណើរការតែងតាំងរបស់ព្រះនេះដឹកនាំទៅរកព្យាការីម្នាក់ទៀតដែលព្រះបានហៅ ។ ដូចជាប្រធានម៉នសុន ដែលជាមនុស្សម្នាក់ដ៏អស្ចារ្យបំផុតដែលរស់នៅលើផែនដីនេះ នោះប្រធានណិលសុនក៏ដូច្នោះផងដែរ ។ លោកត្រូវបានរៀបចំយ៉ាងឱឡារិក និងត្រូវបានបង្រៀនយ៉ាងពិសេសដោយព្រះអម្ចាស់ដើម្បីដឹកនាំពួកយើងនៅក្នុងគ្រានេះ ។ ឥឡូវនេះ វាគឺជាពរជ័យដ៏មហិមាដែលមានប្រធាន រ័សុល អិម ណិលសុន ជាទីស្រឡាញ់ធ្វើជាព្យាការីជាទីស្រឡាញ់ និងមានការលះបង់របស់យើង—គឺជាប្រធានទី ១៧ នៃសាសនាចក្រនៅក្នុងសម័យកាលកាន់ត្រួតត្រាចុងក្រោយនេះ ។
ប្រធានណិលសុនគឺពិតជាបុរសដ៏អស្ចារ្យ ។ ខ្ញុំមានឯកសិទ្ធិនៃការបម្រើនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាមួយលោកក្នុងនាមជាប្រធានកូរ៉ុមរបស់ខ្ញុំអស់រយៈពេលជាង ២ ឆ្នាំ ។ ខ្ញុំបានធ្វើដំណើរជាមួយលោក ហើយមានការកោតសសើរចំពោះថាមពលរបស់លោក មនុស្សម្នាក់ត្រូវតែបោះជំហានយ៉ាងលឿន ដើម្បីតាមលោកឲ្យទាន់ ! នៅពេញមួយជីវិតលោក លោកបានទៅទស្សនកិច្ចសរុប ១៣៣ ប្រទេស ។
ការបម្រើរបស់លោកគឺដល់មនុស្សទាំងអស់ទាំងចាស់ទាំងក្មេង ។ លោកហាក់ដូចជាស្គាល់មនុស្សគ្រប់គ្នា ហើយត្រូវបានផ្តល់អំណោយទានពិសេសមួយក្នុងការចងចាំឈ្មោះ ។ អស់អ្នកដែលស្គាល់លោកទទួលអារម្មណ៍ថា ពួកគេគឺជាមនុស្សសំណព្វរបស់លោក ។ ហើយវាក៏ដូច្នោះចំពោះពួកយើងម្នាក់ៗផងដែរ—ដោយសារសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ និងការយកចិត្តទុកដាក់របស់លោកចំពោះមនុស្សគ្រប់រូប ។
ទំនាក់ទំនងសំខាន់របស់ខ្ញុំជាមួយប្រធានណិលសុនគឺនៅក្នុងតួនាទីបព្វជិតភាព ប៉ុន្តែខ្ញុំក៏ស្គាល់អំពីជីវិតនៃអាជីពរបស់លោកផងដែរ ដែលប្រធានណិលសុនបានមានពីមុនលោកត្រូវបានហៅឲ្យធ្វើជាអ្នកមានសិទ្ធិអំណាចទូទៅ ។ ដូចបងប្អូនជាច្រើនដឹងហើយថា ប្រធានណិលសុនគឺជាវេជ្ជបណ្ឌិតវះកាត់បេះដូងដ៏ល្បីល្បាញមួយរូប ហើយក្នុងគ្រាដំបូងនៃវិជ្ជាជីវៈរបស់លោកផ្នែកវេជ្ជសាស្ត្រ លោកគឺជាអ្នកបង្កើតម៉ាស៊ីនសួតបេះដូងមុនដំបូងគេ ។ លោកបាននៅក្នុងក្រុមស្រាវជ្រាវដែលគាំទ្រដល់ការវះកាត់បើកបេះដូងមនុស្សមុនគេក្នុងឆ្នាំ ១៩៥១ ដោយប្រើម៉ាស៊ីនសិប្បនិម្មិតសួតបេះដូង ។ ប្រធានណិលសុនបានធ្វើការវះកាត់បេះដូងឲ្យប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល មិនយូរប៉ុន្មានបន្ទាប់ពីប្រធាន ឃឹមបឹលក្លាយជាព្យាការី ។
គួរឲ្យចាប់អារម្មណ៍ណាស់ នៅពេលការហៅរបស់ប្រធានណិលសុនទៅកាន់ពួកដប់ពីរនាក់កាលពី ៣៤ ឆ្នាំកន្លងទៅបានបញ្ចប់ វិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រ នៃការពង្រឹង និងជួសជួលបេះដូង នោះលោកបានចាប់ផ្តើម ការងារបម្រើជាសាវក ដោយបានលះបង់ដើម្បីពង្រឹង និងជួសជួលដួងចិត្តរបស់មនុស្សរាប់មិនអស់នៅទូទាំងពិភពលោក បុគ្គលម្នាក់ៗត្រូវបានលើកស្ទួយ និងព្យាបាលដោយសារប្រសាសន៍ និងទង្វើដ៏មានប្រាជ្ញា ការបម្រើ និងសេចក្តីស្រឡាញ់របស់លោក ។
ដួងចិត្តដូចព្រះគ្រីស្ទ
នៅពេលខ្ញុំស្រមៃពីដួងចិត្តដូចជាព្រះគ្រីស្ទនៅក្នុងការអនុវត្តប្រចាំថ្ងៃ គឺខ្ញុំនឹកឃើញដល់ប្រធានណិលសុន ។ ខ្ញុំពុំធ្លាប់ជួបនរណាម្នាក់ដែលជាគំរូនៃបុគ្គលិកលក្ខណៈនេះនៅក្នុងកម្រិតមួយខ្ពស់ជាងលោកឡើយ ។ វាជាការបង្រៀនមួយដ៏អស្ចារ្យចំពោះខ្ញុំដើម្បីស្ថិតនៅក្នុងមុខងារមួយក្នុងការសង្កេតមើលដោយផ្ទាល់នូវការបង្ហាញនៃដួងចិត្តដូច ជាព្រះគ្រីស្ទរបស់ប្រធានណិលសុន ។
ប៉ុន្មានសប្តាហ៍នៃការហៅរបស់ខ្ញុំទៅក្នុងពួកដប់ពីរនាក់កាលពីខែ តុលា ២០១៥ នោះខ្ញុំមានឱកាសទទួលចំណេះដឹងអំពីជីវិតនៃវិជ្ជាជីវៈកាលពីមុនរបស់ប្រធានណិលសុន ។ ខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍មួយដែលលោកបានទទួលរង្វាន់នៃការវះកាត់សួត និងបេះដូងមុនដំបូងគេ ។ ពេលខ្ញុំបានចូលទៅក្នុងបន្ទប់នោះ ខ្ញុំភ្ញាក់ផ្អើលដែលឃើញអ្នកមានវិជ្ជាជីវៈជាច្រើននាក់នៅទីនោះដើម្បីផ្តល់កិត្តិយស និងទទួលកិច្ចការដែលប្រធានណិលសុនបានធ្វើកាលពីច្រើនឆ្នាំមុន ក្នុងនាមជាវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតវះកាត់ ។
នាល្ងាចនោះ អ្នកមានវិជ្ជាជីវៈជាច្រើនបានឈរ ហើយសម្តែងការគោរព និងការកោតសរសើររបស់ពួកគេចំពោះការរួមចំណែកដ៏ឆ្នើមរបស់ប្រធានណិលសុននៅក្នុងជំនាញផ្នែកវេជ្ជសាស្ត្ររបស់លោក ។ ដោយកោតសរសើរដូចអ្នកមានវត្តមាននៅក្នុងការពិពណ៌នាអំពីស្នាដៃជាច្រើនរបស់ប្រធានណិលសុនដែរ ខ្ញុំកាន់តែជក់ចិត្តនឹងការសន្ទនាដែលខ្ញុំបានចាប់ផ្តើមជាមួយនឹងបុរសម្នាក់ដែលអង្គុយក្បែរខ្ញុំ ។ គាត់អត់ស្គាល់ខ្ញុំទេ ប៉ុន្តែគាត់បានស្គាល់ប្រធានណិលសុន ថាជាវេជ្ជបណ្ឌិតណិលសុនគឺជានាយកកម្មវិធីចុះកម្មសិក្សាខាងការវះកាត់ផ្នែកទ្រូងនៅសាលាពេទ្យក្នុងឆ្នាំ ១៩៥៥ ។
បុរសនោះគឺជាអតីតនិស្សិតរបស់ប្រធានណិលសុន ។ គាត់បានចែកចាយអនុស្សាវរីយ៍ជាច្រើន ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ភាគច្រើនគឺ ការពិពណ៌នាអំពីវិធីសាស្ត្របង្រៀនរបស់ប្រធានណិលសុន ដែលគាត់បាននិយាយថា វិធីសាស្ត្រទាំងនោះហើយដែលធ្វើឲ្យលោកក្លាយជាមនុស្សល្បី ។ គាត់បានពន្យល់ថា ការបង្រៀនភាគច្រើនដល់សិស្សចុះកម្មសិក្សាស្តីពីការវះកាត់បេះដូងត្រូវបានធ្វើឡើងនៅក្នុងបន្ទប់វះកាត់ ។ នៅទីនោះហើយដែលពួកសិស្សបានសង្កេតមើល និងធ្វើការវះកាត់ក្រោមការមើលខុសត្រូវដូចជាថ្នាក់រៀនពិសោធន៍មួយ ។ គាត់បានចែកចាយថា បរិយាកាសនៃបន្ទប់វះកាត់ក្រោមការមើលខុសត្រូវនៃវេជ្ជបណ្ឌិតវះកាត់មួយចំនួនគឺ គ្មានសណ្តាប់ធ្នាប់, ប្រកួតប្រជែង, ពោរពេញដោយសម្ពាធ និងមានទាំងភាពអាត្មានិយមទៀតផង ។ បុរសនេះបានពិពណ៌នាថា វាគឺជាបរិយាកាសមួយដ៏លំបាក ជួនកាលថែមទាំងត្រូវបានអាប់ឱនកិត្តិយសទៀតផង ។ ដោយហេតុផលនោះជារឿយៗ សិស្សដែលរៀនវះកាត់មានអារម្មណ៍ថា វិជ្ជាជីវៈរបស់ពួកគេត្រូវបានកំណត់ទៅតាមអ្វីដែលកើតឡើង ។
បន្ទាប់មកគាត់បានពន្យល់អំពីបរិយាកាសពិសេសដែលមាននៅក្នុងបន្ទប់វះកាត់របស់ប្រធានណិលសុន ។ បន្ទប់នោះពោរពេញដោយភាពសុខសាន្ត ស្ងប់ស្ងាត់ និងថ្នៃថ្នូរ ។ ពួកសិស្សត្រូវបានប្រព្រឹត្តជាមួយដោយការគោរពយ៉ាងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការបង្ហាញអំពីនិតិវិធីមួយរួច វេជ្ជបណ្ឌិតណិលសុនបានរំពឹងនូវការវះកាត់ដែលមានបទដ្ឋានខ្ពស់បំផុតត្រូវបានធ្វើឡើងដោយសិស្សគ្រប់គ្នា ។ បុរសនេះបានបន្តពិពណ៌នាអំពីរបៀបនៃលទ្ធផលដ៏ល្អបំផុតរបស់អ្នកងឺ និងគ្រូពេទ្យវះកាត់ដ៏ស្ទាត់ជំនាញដែលកើតមានមកពីបន្ទប់វះកាត់របស់វេជ្ជបណ្ឌិតណិលសុន ។
ការណ៍នេះពុំធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលឡើយ ។ នេះគឺជាអ្វីដែលខ្ញុំបានសង្កេតឃើញដោយផ្ទាល់ ហើយពិតជាបានទទួលពរតាមរយៈការនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ក្នុងស្មារតីនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ដូចជា « សិស្សចុះកម្មសិក្សា » ម្នាក់របស់លោក ។
ប្រធានណិលសុនមានវិធីដ៏អស្ចារ្យបំផុតក្នុងការបង្រៀនអ្នកដទៃ និងផ្តល់ការកែតម្រូវនៅក្នុងលក្ខណៈមួយដែលប្រកបដោយភាពវិជ្ជមាន គោរព និងលើកស្ទួយ ។ លោកគឺជានិមិត្តរូបនៃដួងចិត្តដែលដូចជាព្រះគ្រីស្ទ និងជាគំរូសម្រាប់យើងទាំងអស់គ្នា ។ ចេញមកពីលោក យើងរៀនថា នៅក្នុងកាលៈទេសៈណាក៏ដោយ យើងឃើញខ្លួនយើង អាកប្បកិរិយា និងដួងចិត្តរបស់យើងអាចត្រូវគ្នាទៅនឹងគោលការណ៍នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ឥឡូវនេះ យើងមានពរជ័យដ៏មហិមាដើម្បីគាំទ្រព្យាការីរបស់យើងគឺប្រធាន រ័សុល អិម ណិលសុន ។ ពេញមួយជីវិតរបស់លោក លោកបានតម្កើងតួនាទីជាច្រើនរបស់លោកក្នុងនាមជាសិស្ស ឪពុក សាស្ត្រាចារ្យ ស្វាមី វេជ្ជបណ្ឌិត អ្នកដឹកនាំបព្វជិតភាព ជីតា និងជាសាវក ។ លោកបានបំពេញតួនាទីទាំងនេះរហូតមក—ហើយបន្តធ្វើវា—ជាមួយដួងចិត្តជាព្យាការី ។
បងប្អូនប្រុសស្រី អ្វីដែលយើងបានធ្វើជាសាក្សី និងបានចូលរួមនៅថ្ងៃនេះក្នុងជំនុះមុតមាំនេះ នាំទៅរកសាក្សីរបស់ខ្ញុំថា ប្រធាន រ័សុល អិម ណិលសុន គឺជាអ្នកនិយាយជំនួសព្រះអម្ចាស់ដែលកំពុងនៅរស់សម្រាប់មនុស្សទាំងអស់ ។ ខ្ញុំក៏សូមបន្ថែមទីបន្ទាល់របស់ខ្ញុំអំពីព្រះជាព្រះវរបិតាអំពីព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។