ឆ្នាំ ២០១០-២០១៩
កិច្ចការ​តូច​តាច និង​ងាយ
ខែ មេសា ឆ្នាំ ២០១៨


2:3

កិច្ចការ​តូច​តាច និង​ងាយ

យើង​គួរតែ​ត្រូវ​បាន​រំឭក​ថា យូរៗ​ទៅ​កិច្ចការ​ដែល​ហាក់​ដូចជា​តូចតាច​ទាំង​នេះ​នឹង​នាំ​ឲ្យ​កើត​មាន​កិច្ចការ​ធំៗ​បាន ។

I.

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​បងប្អូន​ដែល ខ្ញុំ​មាន​ការរំជួលចិត្ត និង​ស្អាង​ឡើង ព្រមទាំង​បាន​ទទួល​ការបំផុសគំនិត​តាមរយៈ​សារលិខិត និង​តន្ត្រី និង​អារម្មណ៍​នៃ​គ្រា​នេះ​ជាមួយ​គ្នា ។ ខ្ញុំ​ប្រាកដ​ចិត្ត​ណាស់​ថា ខ្ញុំ​និយាយ​ទៅកាន់​បងប្អូន​ដោយ​បង្ហាញ​សេចក្តីថ្លែង​អំណរគុណ​ដល់​បងប្អូន​ប្រុស​ស្រី​របស់​យើង ដែល​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ដែល​បាន​ផ្តល់​កម្លាំង​ដល់​យើង​ដ៏​មាន​ប្រសិទ្ធិភាព​នា​គ្រា​នេះ​ជាមួយ​គ្នា ។

ខ្ញុំ​មាន​អំណរគុណ​ដើម្បី​និយាយ​ទៅកាន់​សមាជិក​នេះ​នៅថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ។ ថ្ងៃ​នេះ យើង​ចូលរួម​ជាមួយ​ពួកគ្រិស្តសាសនិក​ផ្សេង​ទៀត​ក្នុងការ​សាទរ​ដល់​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ សម្រាប់​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការមាន​ព្រះជន្មរស់​ឡើង​វិញ​ដ៏​ពិតប្រាកដ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​សរសរ​នៃ​សេចក្តីជំនឿ​របស់​យើង ។

ដោយសារ​យើង​ជឿ​លើ​ដំណើររឿង​ទាំង​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​អំពី​ការមាន​ព្រះជន្មរស់​ឡើង​វិញ​ដ៏​ពិតប្រាកដ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ក៏​ជឿ​ផងដែរ​នូវ​ការបង្រៀន​ពី​ព្រះគម្ពីរ​ជា​ច្រើន​ទៀត​ថា ការរស់ឡើង​វិញ​ស្រដៀង​គ្នា​នេះ​នឹង​កើត​ឡើង​ដល់​មនុស្ស​នៃ​ជីវិត​រមែង​ស្លាប់​ទាំងអស់​ដែល​ធ្លាប់​បាន​រស់នៅលើ​ផែនដី​នេះ ។ ការរស់ឡើង​វិញ​នោះ​ផ្តល់​ដល់​យើង​នូវ​អ្វី​ដែល​សាវក​ពេត្រុស​បាន​ហៅ​ថា « សេចក្តី​សង្ឃឹម​ដ៏​រស់ » ( ពេត្រុស​ទី ១ ១:៣ ) ។ សេចក្ដីសង្ឃឹម​ដ៏​រស់​នោះ​គឺជា​ការជឿជាក់​ដ៏​ពិត​របស់​យើង​ថា សេចក្ដីស្លាប់​មិន​មែន​ជា​ទីបញ្ចប់​នៃ​អត្តសញ្ញាណ​របស់​យើង​ទេ ប៉ុន្ដែ​គ្រាន់តែ​ជា​ជំហាន​ដ៏​ចាំបាច់​មួយ​នៅក្នុង​ផែនការ​ដែល​ពេញ​ដោយ​សេចក្តីមេត្តាករុណា​របស់​ព្រះវរបិតាសួគ៌​យើង​សម្រាប់​សេចក្តីសង្គ្រោះ​នៃ​បុត្រាបុត្រា​ទ្រង់ ។ ផែនការ​នោះតម្រូវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ពី​ជីវិត​រមែងស្លាប់​ទៅ​ជា​ជីវិត​អមតៈ ។ ចំណុច​ខ្លឹម​នៃ​ការផ្លាស់ប្តូរ​នោះ​គឺ​ការអស្តង្គត​នៃ​សេចក្តីស្លាប់ និង​ព្រឹក​ព្រលឹម​ដ៏​រុងរឿង​ដែល​បាន​ធ្វើឡើង​តាមរយៈ​ការមាន​ព្រះជន្មរស់​ឡើង​វិញ​នៃ​ព្រះអម្ចាស់​របស់​យើង និង​ព្រះអង្គសង្គ្រោះ ដែល​យើង​សាទរ​នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ ។

II.

នៅក្នុង​ទំនុក​តម្កើង​ដ៏​អស្ចារ្យ​មួយ​ដែល អេលីស្សា អ័រ ស្នូ និពន្ធ​ទំនុក​បទ​នោះ យើង​ច្រៀង​ដូច្នេះ ៖

ឱ​ផែនការ​ប្រោសលោះ​ដ៏​អស្ចារ្យ

នោះ​រុងរឿង​សព្វ​ហើយ​ណា

មាន​ទាំង​យុត្តិធម៌​មេត្តាធម៌

ក្នុង​ភាពសុខសាន្ត​អស្ចារ្យ !

ជា​ផ្នែក​មួយ​នៃ​ការសម្រេច​បាន​របស់​ផែនការ​នៃ​ព្រះ និង​ភាព​សុខសាន្តនោះ យើង​ជួបជុំ​គ្នា​នៅក្នុង​ការប្រជុំ​នានា រួមទាំង​សន្និសីទ​នេះ​ផងដែរ ដើម្បី​បង្រៀន និង​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ។

ព្រឹក​នេះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ឲ្យ​ប្រើ​ការបង្រៀន​របស់​អាលម៉ា​ដល់​កូន​ប្រុស​របស់​លោកគឺ​ហេលេមិន ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរមរមន​ធ្វើ​ជា​ប្រធាន​បទ​សម្រាប់​សុន្ទរកថា​របស់​ខ្ញុំ ៖ « ដោយ​កិច្ចការ​តូច​តាច និង ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ធំៗ​បាន » ( អាលម៉ា ៣៧:៦ ) ។

យើង​ត្រូវបាន​បង្រៀន​នូវកិច្ចការ​តូចតាច និង​ងាយ​ជា​ច្រើន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​គួរតែ​ត្រូវ​បាន​រំឭក​ថា យូរៗ​ទៅ​កិច្ចការ​ដែល​ហាក់​ដូចជា​តូចតាច​ទាំង​នេះ​នឹង​នាំឲ្យ​កើត​មាន​កិច្ចការ​ធំៗ​បាន ។ ធ្លាប់​មាន​សុន្ទរកថា​ជាច្រើន​មក​ហើយ​ថ្លែង​អំពី​ប្រធាន​បទ​នេះ​ដោយ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​គ្រូបង្រៀន​ដ៏​គួរ​ឲ្យ​គោរព​ដទៃ​ផ្សេង​ទៀត ។ ប្រធាន​បទ​នេះ​សំខាន់​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ត្រូវ​ថ្លែង​អំពី​វា​ម្តង​ទៀត ។

ខ្ញុំ​ត្រូវបាន​រំឭក​អំពី​អំណាច​នៃ​កិច្ចការ​តូចតាច និង​ងាយ ជា​ច្រើន​ដង​ដោយ​អ្វី​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ខ្ញុំ​ដើរ​នា​ព្រឹក​មួយ ។ នេះ​គឺ​ជា​រូបភាព​ដែល​ខ្ញុំ​បាន​ថត ។ បេតុង​នៃ​ចិញ្ចើម​ផ្លូវដើរ​ដែល​ក្រាស់ និង​រឹងមាំ​នេះ​កំពុង​តែ​ប្រេះ​បែក ។ តើ​នេះ​គឺ​ជា​លទ្ធផល​នៃ​ទម្ងន់​ដ៏​ធ្ងន់ និង​ខ្លាំងក្លា​ឬ ? មិនមែន​ទេ ការប្រេះ​បែក​នេះ​គឺ​បណ្តាល​មក​ពី​ឬស​មួយ​នៃ​ដើម​ឈើ​នៅ​ក្បែរ​នោះ​ដែល​វា​ដុះ​រាលដាល​ដោយ​សន្សឹមៗ និង​បន្តិច​ម្តងៗ ។ នេះ​គឺ​ជា​ឧទាហរណ៍​ស្រដៀង​គ្នា ដែល​ខ្ញុំ​បាន​ឃើញ​នៅ​លើ​ផ្លូវ​ផ្សេង​ទៀត ។

ស្នាម​ប្រេះ​នៅលើ​ចិញ្ចើម​ផ្លូវ​ដើរ
ស្នាម​ប្រេះ​នៅលើ​ចិញ្ចើម​ផ្លូវ​ដើរ​មួយ​ផ្សេង​ទៀត

កម្លាំង​ចាក់ទម្លុះ​ដែល​បំបែក​បេតុង​ចិញ្ចើម​ផ្លូវ​ដ៏​រឹងមាំង​ទាំង​នេះ​គឺ មាន​ទំហំ​តូច​ពេក​ដើម្បី​នឹង​វាស់វែង​ប្រចាំ​ថ្ងៃ ឬ​សូម្បី​តែ​ប្រចាំ​ខែ​ទៀត​ផង ប៉ុន្តែ​យូរៗ​ទៅ​ឥទ្ធិពល​របស់​វា​គឺ​មាន​អនុភាព​ខ្លាំងក្លា​ណាស់ ។

កិច្ចការ​តូចតាច និង​ងាយ​ដែល​យើង​ត្រូវបាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ និង​បង្រៀន​ដោយ​ពួកព្យាការី​ដែល​នៅរស់​ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា​ដូច្នោះ​ផងដែរ ។ សូម​ពិចារណា​អំពី​ការសិក្សា​ព្រះគម្ពីរ​ដែល​យើង​ត្រូវបាន​បង្រៀន ដើម្បី​ទាញ​វា​ចូល​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ។ ឬ​ពិចារណា​អំពី​ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង​ការលុត​ជង្គង់​អធិស្ឋាន​ជា​គ្រួសារ​ថា ជា​ការអនុវត្ត​ទៀងទាត់​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ស្មោះត្រង់ ។ សូម​ពិចារណា​អំពី​ការចូល​រួម​ថ្នាក់​សិក្ខាសាលា​សម្រាប់​ពួកយុវវ័យ ឬ​ថ្នាក់​វិទ្យាស្ថាន​សម្រាប់​យុវមជ្ឈិមវ័យ ។ ទោះបី​ជា​ការអនុវត្ត​ទាំង​នេះ​ហាក់​បីដូច​ជា​តូចតាច និង​ងាយ​ក្តី ក៏​យូរៗ​ទៅ​វា​មាន​លទ្ធផល​ក្នុងការ​លើក​ស្ទួយ និង​រីកចម្រើន​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា ។ ការណ៍​នេះ​កើត​ឡើង ដោយសារ​កិច្ចការ​តូចតាច និង​ងាយ​ទាំង​នេះ ដែល​យាង​អញ្ជើញ​ភាព​ជា​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អង្គ​ថ្លែង​ទីបន្ទាល់​ដែល​នឹង​បភ្លឺ​គំនិត​ដល់​យើង និង​ដឹកនាំ​យើង​ទៅរក​សេចក្តីពិត ដូច​ប្រធាន​អាវរិង​បាន​ពន្យល់ ។

ប្រភព​ផ្សេង​ទៀត​នៃ​ការលើកស្ទួយ និង​ការរីកចម្រើន​ខាង​វិញ្ញាណ​គឺ​ជា​ការអនុវត្ត​ការប្រែចិត្ត​ជា​បន្តបន្ទាប់ ប្រែចិត្ត​សូម្បី​តែ​ការរំលង​នោះ​ហាក់​ដូច​ជា​តូចតាច​ក្តី ។ ការវាយ​តម្លៃ​ខ្លួន​ឯង​ដ៏​បំផុស​គំនិត​របស់​យើង អាច​ជួយ​យើង​ឲ្យ​មើល​ឃើញ​អំពី​ទំហំ​នៃ​ការខ្វះ​ចន្លោះ​ដែល​យើង​មាន និង​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង ។ ការប្រែចិត្ត​បែប​នោះ​គួរតែ​កើត​ឡើង​មុន​ការ​ទទួល​ទាន​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍​របស់​យើង ។ ប្រធាន​បទ​មួយ​ចំនួន​ដើម្បី​ពិចារណា​នៅក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​នេះ​មាន​ផ្តល់​ឲ្យ​នៅក្នុង​ទំនុក​តម្កើង « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ឬ​ទេ ? »

តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ដល់​ពិភព​លោក​ឬ​ទេ ?

តើ​ខ្ញុំ​បាន​ជួយ​អ្នក​ទីទាល់​ទេ ?

តើ​ខ្ញុំ​បាន​ជួយ​អ្នក​សោកសៅ ឬ​នរណា​ឲ្យ​រីករាយ​ឬ​ទេ ?

បើ​អត់​នោះ​មិន​ល្អ​ទេ ។

តើ​បន្ទុក​នរណា​ម្នាក់​បាន​ស្រាល​ទេ​ថ្ងៃ​នេះ

ដោយ​ជំនួយ​ធ្វើ​ចេញ​ពី​ចិត្ត​ខ្ញុំ ?

តើ​អ្នក​ឈឺ​និង​អ្នក​នឿយ​ហត់​ត្រូវ​បាន​ជួយ​ឬ​ទេ ?

តើ​ពេល​គេ​ត្រូវការ ខ្ញុំ​នៅ​ឬ​ទេ ?

ប្រាកដ​ណាស់ ទាំង​នេះ​គឺ​ជា​កិច្ចការ​តូចតាច និង​ងាយ ប៉ុន្តែ​ប្រាកដ​ណាស់ វា​គឺ​ជា​គំរូ​ល្អ​នៃ​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ដល់​កូនប្រុស​របស់​លោក​គឺ​ហេលេមិន​ដូច្នេះ ៖ « ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ប្រើ​មធ្យោបាយ​ទាំង​ឡាយ ដើម្បី​សម្រេច​គោលបំណង​ទាំង​ឡាយ​ដ៏​មហិមា និង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ហើយ​ដោយ​មធ្យោបាយ​ដ៏​សែន​តូច នោះ​ព្រះ​អម្ចាស់ … នាំ​មក​នូវ​ការ​សង្គ្រោះ​ដល់​មនុស្ស​ជា​ច្រើន » ( អាលម៉ា ៣៧:៧ ) ។

ប្រធាន ស្ទីវីន ស៊ី វាលរ៉ាយ បាន​ផ្តល់​ការពិពណ៌នា​ដ៏​បំផុស​គំនិត​នៃ​ការបង្រៀន​របស់​អាលម៉ា​ដល់​សមាជិក​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ​ដូចនេះ ៖ « អាលម៉ា​បញ្ជាក់​ដល់​កូនប្រុស​របស់​លោក​ថា ប្រាកដ​ណាស់​នោះ​ជាលំនាំ​ដែល​ព្រះអម្ចាស់​ធ្វើ​តាម នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ហើយ​ធ្វើតាម​ព្រះ​ឱវាទ​របស់​ទ្រង់​នៅក្នុង​កិច្ចការ​តូចតាច និង​ងាយ នោះ​ទ្រង់​ប្រទាន​ពរ​ដល់​យើង​នូវ​អព្ភូតហេតុ​តូចៗ​ប្រចាំ​ថ្ងៃ ហើយ​យូរៗ​ទៅ​ប្រទាន​ពរ​នូវ​កិច្ចការ​ដ៏​អស្ចារ្យ » ។

អែលឌើរ ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន​ថា « ជារឿយៗ​វា​គឺ​ជា​កិច្ចការ​សាមញ្ញ … ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ដ៏​ធំ​មហិមា​នៅក្នុង​ជីវិត​មនុស្ស​ដទៃ បើ​ប្រៀបធៀប​ទៅនឹង​កិច្ចការ​ដែល​ជា​រឿយៗ​លោកិយ​ថ្លែង​ថា វា​ធំ​ដុំ​នោះ » ។​

ការ​បង្រៀន​របស់​លោកិយ​ដែល​ប្រកប​ដោយ​ការបញ្ចុះបញ្ជូល​ទាក់ទង​នឹង​គោលការណ៍​ដូចគ្នា​នេះ​កើត​មក​ពី​អតីត​សមាជិក​ព្រឹទ្ធសភា ឌែន ខូតស្ត៍ នៃ​រដ្ឋ​អ៊ីនឌីអេណា ដែល​បាន​សរសេរ​ដូច្នេះ ៖ « ការរៀបចំ​តែ​មួយ​គត់​សម្រាប់​ការសម្រេច​ចិត្ត​ដ៏​សំខាន់ ដែល​អាច​ផ្លាស់ប្តូរ​ជីវិត ឬ​ព្រម​ទាំង​ជាតិសាសន៍​មួយ​បាន គឺ​ជា​ការសម្រេ​ចិត្ត​រាប់រយ​ពាន់​ដង​នៃ​ការដឹង​ខ្លួន ការកំណត់​ខ្លួន​ឯង ដែល​ហាក់​បីដូច​ជា​មិន​សំខាន់​ដែល​បាន​ធ្វើ​ឡើង​ដោយ​ឯកជន​ផ្ទាល់ » ។​

ការសម្រចិត្ត​ជា​ឯកជន « ដែល​ហាក់​បី​ដូច​ជា​មិន​សំខាន់ » ទាំង​នោះ រួមមាន​របៀប​យើង​ប្រើប្រាស់​ពេលវេលា​របស់​យើង អ្វី​ដែល​យើង​មើល​តាម​ទូរទស្សន៍ និង​អ៊ិនធើរណែត អ្វី​ដែល​យើង​អាន រូបភាព និង​តន្ត្រី​ដែល​នៅ​ជុំវិញ​យើង​នៅ​កន្លែង​ការងារ និង​នៅ​ផ្ទះ អ្វី​ដែល​យើង​ស្វែងរក​សម្រាប់​ការកម្សាន្ត និង​របៀប​ដែល​យើង​អនុវត្ត​ការតាំងចិត្ត​របស់​យើង​ដើម្បី​ទៀងត្រង់ និង​ស្មោះត្រង់ ។ កិច្ចការ​ដែល​ហាក់​បី​ដូចជា​តូចតាច និង​ងាយ​មួយ​ផ្សេង​ទៀត​គឺ​ការ​ចេះ​គួរសម និង​រីករាយ​នៅក្នុង​ទំនាក់ទំនង​ផ្ទាល់​របស់​យើង ។

គ្មាន​កិច្ចការ​តូចតាច និង​ងាយ​ដែល​គួរ​ឲ្យ​ប្រាថ្នាចង់​បាន​ទាំង​នេះ​នឹង​លើក​ស្ទួយ​យើង​ទៅ​រក​កិច្ចការ​ធំ​បាន​ឡើយ លុះត្រា​ណា​យើង​ត្រូវ​អនុវត្ត​កិច្ចការ​ទាំង​នោះ​យ៉ាង​ទៀងទាត់ និង​ខ្ជាប់ខ្ជួន ។ ប្រធាន ព្រិកហាំ យ៉ង់ ត្រូវបាន​រាយការណ៍​ដោយ​ថ្លែង​ដូច្នេះ ៖ « ជីវិត​របស់​យើង​មាន​នូវ​កាលៈទេសៈ​តួចតាច ងាយៗ ដែល​ផ្តល់​នូវ​ផល​ប្រយោជន៍​យ៉ាង​ធំ នៅពេល​ដែល​វា​រួម​បញ្ចូល​គ្នា ហើយ​វា​សង្ខេប​នូវ​ជីវិត​ទាំង​មូល​នៃ​បុរស ឬ​ស្ត្រី​នោះ » ។

យើង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បំផ្លិច​បំផ្លាញ​ខាង​វប្បធម៌ ដែល​នឹងនាំ​យើង​ឲ្យ​បន្ទាប​តម្លៃ​ខ្លួន ប្រសិនបើ​យើង​ពុំ​បន្ត​តតាំង​នឹង​វាទេ​នោះ ។ ដើម្បី​លើក​តម្លៃ​ខ្លួន​ឆ្ពោះ​ទៅរក​គោលដៅ​អស់កល្ប​ជានិច្ច​របស់​យើង យើង​ត្រូវតែ​បន្ត​អុំ​ទូក​ដោយ​ខ្ជាប់ខ្ជួន ។ វា​ជួយ​មែន ប្រសិនបើ​យើង​គឺ​ជា​ផ្នែក​នៃ​ក្រុម​មួយ ដែល​កំពុង​អុំ​ទូក​ជាមួយ​គ្នា ដូច​ក្រុម​អុំ​ទូក​នេះ ។ ដើម្បី​អនុវត្ត​តាម​ការបង្ហាញ​នេះ ចរន្ត​ទឹក​ហូរ​មាន​សភាព​ខ្លាំង​ក្លា​ណាស់ ប្រសិនបើ​យើង​ឈប់​អុំ នោះ​យើង​នឹង​ត្រូវបាន​នាំ​ចុះទៅ​តាម​ខ្សែ​ទឹក​ទៅ​កាន់​ទីដៅ​មួយ​ដែល​យើង​ពុំ​ចង់​ទៅ​ឡើយ ប៉ុន្តែ​វា​ក្លាយ​ជារឿង​ដែល​ចៀសមិន​រួច​ឡើយ ប្រសិនបើ​យើង​មិន​បន្ត​ព្យាយាម​អុំ​ទូក​ឆ្ពោះ​ទៅមុខ​នោះ ។

បន្ទាប់​ពី​ប្រាប់​អំពី​ព្រឹត្តិការណ៍​ដែល​ហាក់​បីដូច​ជា​តូចតាច ដែល​មាន​លទ្ធផល​ដ៏​ធំធេង​មក នីហ្វៃ​បាន​សរសេរ​ថា « ដោយសារ​មធ្យោបាយ​ដ៏​តូចតាច នោះ​ព្រះអម្ចាស់​ទ្រង់​អាច​សម្រេច​ការណ៍​យ៉ាង​ធំ​បាន » ( នីហ្វៃ​ទី ១ ១៦:២៩ ) ។ ព្រះគម្ពីរ​សញ្ញា​ចាស់​មាន​នូវ​គំរូ​ដ៏​មាន​ឥទ្ធិពល​អំពី​ចំណុច​នេះ ។ នៅក្នុងនោះ​យើង​អាន​អំពី​របៀប​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​បាន​រងទុក្ខ​ដោយសារ​ពស់​ភ្លើង ។ មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារ​ពស់​នោះ​ខាំ ( សូមមើល ជនគណនា ២១:៦ ) ។ នៅពេល​ម៉ូសេ​បាន​អធិស្ឋាន​ទូល​សូម​ការរំដោះ លោក​ត្រូវបាន​បំផុសគំនិត​ឲ្យ​ធ្វើ « រូប​ពស់​មួយ​ពី​លង្ហិន ដាក់​ភ្ជាប់​នៅ​លើ​បង្គោល » ។ ដូច្នេះ « កាល​ណា​មាន​ពស់​ចឹក​មនុស្ស​ណា បើ​អ្នក​នោះ​គ្រាន់​តែ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន​នោះ ក៏​បាន​រស់​វិញ » ( ខ​ទី ៩ ) ។ កិច្ចការ​តូចតាច​បែប​នោះ នាំ​ឲ្យ​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ ! ប៉ុន្តែ នីហ្វៃ​បាន​ពន្យល់​ថា នៅពេល​លោក​បាន​បង្រៀន​គំរូ​នេះ​ដល់​អស់​អ្នក​ដែល​កំពុង​បះបោរ​ទាស់​នឹង​ព្រះអម្ចាស់ សូម្បី​តែ​នៅពេល​ព្រះអម្ចាស់​បាន​រៀបចំ​មធ្យោបាយ​ដ៏​ងាយ​មួយ​ដែល​ពួកគេ​អាច​បាន​ជា « ដោយ​វិធី​នេះ​ងាយ​ពេក ឬ​ស្រួល​ពេក ទើប​មាន​មនុស្ស​ជាច្រើន​ត្រូវ​វិនាស ( នីហ្វៃទី ១ ១៧:៤១ ) ។

ឧទាហរណ៍ និង​ការបង្រៀន​នោះ​រំឭក​យើង​ថា ភាព​ងាយ​ពេក​នៃ​មធ្យោបាយ ឬ​ភាពស្រួល​ពេក​នៃ​កិច្ចការ​ដែល​បាន​បង្គាប់​ឲ្យ​ធ្វើ​ពុំ​មែន​មាន​ន័យ​ថា វា​ពុំ​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​បំណង​ប្រាថ្នា​សុចរិត​របស់​យើង​ឡើយ ។

ស្រដៀង​គ្នា​នេះ​ផងដែរ សូម្បី​តែ​ទង្វើ​នៃ​ការមិន​គោរព​តូចតាច ឬ​ការមិន​ធ្វើ​តាម​បន្តិចបន្តួច​នៃ​ការអនុវត្ត​សុចរិត អាច​ទាញ​យើង​ឲ្យ​ធ្លាក់​ចុះ​ទៅកាន់​លទ្ធផល​ដែល​យើង​ត្រូវបាន​ព្រមាន​ឲ្យ​ចៀសវាង ។ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ​ផ្តល់​ជា​ឧទាហរណ៍​មួយ​អំពី​ចំណុច​នេះ ។ ដូចគ្នា​នេះ​ផងដែរ ឥទ្ធិពល​ដែល​កើត​មាន​នៅលើ​រូបកាយ​ដោយសារ​តែ​ការជក់​បារី​មួយ​ដើម ឬ​ការផឹក​គ្រឿង​ស្រវឹង ឬ​ការប្រើ​ថ្នាំញៀនក្នុង​កម្រិត​ណា​មួយ​គឺ​ពុំ​អាច​វាស់​វែង​បាន​ឡើយ ។ ប៉ុន្តែ​យូរៗ​ទៅ ឥទ្ធិពល​នោះ​មាន​កាន់តែ​ខ្លាំង ហើយ​ពុំ​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ឡើយ ។ សូម​ចាំ​អំពី​បេតុង​នៅ​ចិញ្ចើម​ផ្លូវ​ដែល​ប្រេះបែក​ដោយសារ​តែ​ការរីក​បន្តិចបន្តួច​ដោយ​សន្សឹមៗ​នៃ​ឬស​ឈើ ។ វា​ជា​ការពិត​ណាស់ លទ្ធផល​ដ៏​គួរ​ឲ្យ​ខ្លាច​នៃ​ការទទួល​ទាន​នូវ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ញៀន ដូច​ជា​ថ្នាំ​ញៀន ដែល​វាយ​ប្រហារ​រូបកាយ​របស់​យើង ឬ​សម្ភារ​អាសគ្រាម​នានា​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​គំនិត​យើង គឺ​ជា​រឿង​ដែល​អាច​ចៀសវាង​បាន​ទាំងស្រុង ប្រសិនបើ​យើង​កុំទទួល​វា​តាំង​ពី​គ្រា​ដំបូង​នោះ—គឺ​សូម្បី​តែ​ម្តង​ឡើយ ។

ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ប្រធាន អិម រ័សុល បាឡឺដ បាន​ពិពណ៌នា​ដល់​សមាជិក​នៅ​សន្និសីទ​ទូទៅ​អំពី « របៀប​ដែល​កិច្ចការ​តូចតាច និង​ងាយ​អាច​ក្លាយ​ជា​រឿង​អវិជ្ជមាន និង​បំផ្លិចបំផ្លាញ​ដល់​សេចក្តីសង្គ្រោះនៃ​បុគ្គល​ម្នាក់ » ។ លោក​បាន​បង្រៀន​ដូច្នេះ ៖ « ដូចជា​សសៃ​ស្តើង​ដែល​បង្កើត​ជា​អំបោះ រួច​មក​ជា​ខ្សែ ហើយ​ទីបំផុត​ជា​ខ្សែ​ពួរ​មួយ​ដែរ នោះ​វត្ថុ​តូច​ទាំង​នេះ​រួម​បញ្ជូល​គ្នា​អាច​ប្រែ​ជា​មាំ​ខ្លាំង​ដែល​ពុំ​អាច​ផ្តាច់​បាន​ឡើយ ។ លោក​បាន​ថ្លែង​ថា យើង​ត្រូវតែ​ដឹង​អំពី​អនុភាព​ដែល​កិច្ចការ​តូចតាច និង​ងាយ អាច​មាន​នៅក្នុង​ការស្ថាបនា​រឿង​ខាង​វិញ្ញាណ » ។ នៅក្នុង​ពេល​ដំណាល​គ្នា​នោះ យើង​ត្រូវតែ​ដឹង​ថា សាតាំង​នឹង​ប្រើប្រាស់​កិច្ចការ​តូចតាច និង​ងាយ​នេះ ដើម្បី​នាំ​យើង​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្តីអស់​សង្ឃឹម និង​ការរងទុក្ខ » ។

ប្រធាន វាលរ៉ាយ បាន​ផ្តល់​ការព្រមាន​ស្រដៀង​គ្នា​នេះ ដល់​សមាជិក​នៅ​សាកលវិទ្យា ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ ដូច្នេះ ៖ « ការបរាជ័យ​ក្នុង​ការធ្វើ​កិច្ចការ​តូចតាច និង​ងាយ ធ្វើ​ឲ្យ​សេចក្តីជំនឿ​រង្គោះរង្គើល ឈប់​មាន​អព្ភូតហេតុ ហើយ​ការរីក​ចម្រើន​ឆ្ពោះ​ទៅរក​ព្រះអម្ចាស់ និង​នគរ​របស់​ទ្រង់ត្រូវ​អន់ថយ រួច​ហើយ​ចាប់ផ្តើម​បែកចិត្ត​ពី​ការស្វែងរក​នគរ​ព្រះ ដោយ​ត្រូវ​បាន​ជំនួស​ដោយ​ចំណាប់​អារម្មណ៍​ខាង​សាច់ឈាម និង​មហិច្ឆិតា​ខាង​លោកិយ​កាន់តែ​ច្រើន​វិញ » ។

ដើម្បី​ការពារ​ទប់ទល់​នឹង​ឥទ្ធិពល​អវិជ្ជមាន​រួមផ្សំ​គ្នា ដែល​បំផ្លិចបំផ្លាញ​ដល់​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​យើង នោះ​យើង​ត្រូវតែ​ធ្វើ​តាម​លំនាំ​ខាង​វិញ្ញាណ​នៃ​កិច្ចការ​តូចតាច និង​ងាយ​នេះ ។ អែលឌើរ ដេវីឌ អេ បែដណា បាន​ពិពណ៌នា​នៅក្នុង​សន្និសីទ​ស្ត្រី​នៅ ប៊ី.វ៉ាយ.យូ. ដូច្នេះ ៖ « យើង​អាច​រៀន​ច្រើន​អំពី​លក្ខណៈ និង​សារៈសំខាន់​នៃ​លំនាំ​ខាង​វិញ្ញាណ​នេះ​មក​ពី​បច្ចេកទេស​នៃ​ … ការសម្រក់​ទឹក​ទៅលើ​ដី​បន្តិច​ម្តងៗ » ផ្ទុយ​ទៅ​នឹង​ការចាក់​ទឹក ឬ​បាញ់​ទឹក​ដ៏​ច្រើន​ជោកជាំ​ដែល​វា​អាច​ជា​ការឥត​ប្រយោជន៍​ទៅ​វិញ ។

លោក​បាន​ពន្យល់​ថា « ការសម្រក់​ទឹក​យ៉ាង​ខ្ជាប់ខ្ជួន​ធ្វើ​ឲ្យ​ទឹក​ជ្រាប​ចូល​ទៅក្នុង​ដី ហើយ​ផ្តល់​សំណើម​ក្នុង​កម្រិត​ខ្ពស់​មួយ​នៅក្នុង​ដី ដែល​ធ្វើ​ឲ្យ​រុក្ខជាតិ​អាច​លូតលាស់​បាន ។ នៅក្នុង​របៀប​ដូចគ្នា​នេះ ប្រសិនបើ​អ្នក និង​ខ្ញុំ​បន្ត​ផ្តោតចិត្ត​ទុក​ដាក់ និង​ទទួល​ជារឿយៗ​នូវ​តំណក់​នៃ​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ នោះ​ឬស​នៃ​ដំណឹង​ល្អ​អាច​ចាក់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​ព្រលឹង​របស់​យើង អាច​មាន​ជំហរ​យ៉ាង​រឹងមាំ និង​ចាក់​ឬស​យ៉ាង​ជ្រៅ ហើយ​អាច​បង្កើត​ផលផ្លែ​យ៉ាង​វិសេសវិសាល និង​ឈ្ងុយ​ឆ្ងាញ់ ។

លោក​បាន​បន្ត​ថ្លែង​ទៀត​ថា « លំនាំ​ខាង​វិញ្ញាណ​នៃ​កិច្ចការ​តូចតាច និង​ងាយ​នេះ​នាំ​មក​នូវ​កិច្ចការ​ដ៏​ធំៗ​ដែល​បង្កើត​នូវ​ភាព​រឹងប៉ឹង និង​ខ្ជាប់ខ្ជួន ការបូជា​កាន់តែ​ស៊ីជម្រៅ និង​ការប្រែចិត្ត​ជឿ​កាន់តែ​ពេញលេញ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ » ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​គោលការណ៍​នេះ​នៅក្នុង​ពាក្យ​ដែល​ឥឡូវ​នេះ​រួមមាន​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដូច្នេះ ៖ « ចូរ​កុំ​ឲ្យ​មនុស្ស​ណា​មួយ​រាប់​ថា​ការណ៍​នោះ​ជា​តូច​ឡើយ ដ្បិត​មាន​ការណ៍​ជា​ច្រើន … មាន​ទំនាក់​ទំនង​ទៅ​នឹង​ពួក​បរិសុទ្ធ ដែល​ពឹង​ពាក់​ទៅ​លើ​ការណ៍​ទាំង​នេះ​ដែរ » ( គ. និង ស. ១២៣:១៥ ) ។

នៅក្នុង​ទំនាក់ទំនង​ជាមួយ​ការព្យាយាម​កាល​ពី​ដំបូង​បំផុត​ដើម្បី​ស្ថាបនា​សាសនាចក្រ​នៅក្នុង​រដ្ឋ​មិសសួរី ព្រះអម្ចាស់​បាន​ប្រទាន​ព្រះ​ឱវាទ​ឲ្យ​អត់ធ្មត់​ចំពោះ « គ្រប់​ទាំង​អស់​ត្រូវ​តែ​កើត​ឡើង តាម​ពេល​របស់​វា » ( គ. និង ស. ៦៤:៣២ ) ។ បន្ទាប់​មក​ទ្រង់​បាន​ប្រទាន​ការបង្រៀន​ដ៏​អស្ចារ្យ​នេះ « ហេតុដូច្នោះ​ហើយ ចូរកុំ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​អ្នករាល់​គ្នា​កំពុង​តែ​ដាក់គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូចតាច នោះ​បណ្តាល​ឲ្យ​មាន​ការណ៏​ដ៏​ធំធេង​ឡើង » ( គ. និង ស. ៦៤:៣៣) ។

ខ្ញុំ​ជឿ​ថា យើង​ទាំងអស់​គ្នា​មាន​បំណង​ធ្វើ​តាម​ការអញ្ជើញ​របស់​ប្រធាន រ័សុល អិម ណិលសុន​ឲ្យ​បន្ត​ឆ្ពោះ​ទៅ​មុខ « នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា » ។ ការតាំងចិត្ត​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​នោះ​គឺ​ត្រូវបាន​ពង្រឹង​ដោយ​ការធ្វើ​តាម​ឲ្យ​ខ្ជាប់ខ្ជួន​នូវ « កិច្ចការ​តូចតាច » ដែល​យើង​ត្រូវបាន​បង្រៀន​ដោយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ហើយ​អំពាវនាវ​សូម​ពរជ័យ​របស់​ទ្រង់​មាន​ដល់​អស់​អ្នកដែល​ព្យាយាម​បន្ត​ដើរ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ក្នុង​នាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. « ឱប្រាជ្ញា និងក្ដីស្នេហ៍ដ៏អស្ចារ្យ » ទំនុក​តម្កើង លេខ ១១៧ ។

  2. « តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ល្អ​ឬ​ទេ ? » ទំនុកតម្កើង ទំព័រ ១៣៨

  3. Steven C. Wheelwright « The Power of Small and Simple Things » ( ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ​ ប៊ី. វាយ. យូ.–ហាវ៉ៃ ថ្ងៃ​ទី ៣១​ ខែ សីហា ឆ្នាំ ២០០៧ ) ទំព័រ ២ គេហទំព័រ devotional.byuh.edu ។

  4. Teachings of Presidents of the Church: Howard W. Hunter ( ឆ្នាំ ២០១៥ ) ទំព័រ ១៦៥ ។

  5. Dan Coats « America’s Youth: A Crisis of Character » Imprimis vol. 20, no. 9 (Sept. 1991), 4; សូមមើល​ផងដែរ Elder Wilford Andersen in his column in the Mesa Tribune, ខែ ឧសភា ឆ្នាំ ១៩៩៦ ។

  6. ព្រិកហាំ យ៉ង់ ថ្លែង​នៅក្នុង​រោង​ឧបោសថ អូហ្គេន ថ្ងៃ​ទី ១៩ ខែ កក្កដា ឆ្នាំ ១៨៧៧ ដូច​ដែល​បាន​រាយ​ការណ៍​នៅក្នុង « Discourse » Deseret News ថ្ងៃ​ទី ១៧ ខែ តុលា ឆ្នាំ ១៨៧៧ ទំព័រ ៥៧៨ ។

  7. អិម រ័សុល បាឡឺដ « Small and Simple Things » Ensign ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ៧, ៨ ។

  8. Steven C. Wheelwright « The Power of Small and Simple Things ទំព័រ ៣ ។

  9. ដេវីឌ អេ បែដណា « By Small and Simple Things Are Great Things Brought to Pass » ( សន្និសីទស្ត្រី​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២៩ ខែ មេសា ឆ្នាំ ២០១១ ) គេហទំព័រ womensconference.byu.edu ។

  10. រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។