តើខ្ញុំជាកូនរបស់ព្រះឬ ?
តើយើងម្នាក់ៗអាចទទួលបទពិសោធន៍នូវឥទ្ធិពលនៃការយល់ដឹងអំពីអត្តសញ្ញាណនៃភាពជាព្រះរបស់យើងដោយរបៀបណា ? វាចាប់ផ្តើមតាមរយៈការព្យាយាមស្គាល់ព្រះជាព្រះវរបិតារបស់យើង ។
ថ្មីៗនេះ ខ្ញុំបានទៅព្រះវិហារជាមួយម្តាយជាទីស្រឡាញ់របស់ខ្ញុំនៅសាលាប្រជុំចាស់របស់ពួកយើងដែលសង់អំពីថ្ម ។ សំឡេងក្មេងៗឮចេញពីបន្ទប់ថ្នាក់បឋមសិក្សាដែលខ្ញុំបានចូលរួមកាលពីប៉ុន្មានទសវត្សរ៍មុនបានទាក់ទាញអារម្មណ៍ខ្ញុំណាស់ នោះខ្ញុំបានដើរទៅពីក្រោយ ហើយមើលថ្នាក់ដឹកនាំដ៏យកចិត្តទុកដាក់បង្រៀនប្រធានបទឆ្នាំនេះគឺ « ខ្ញុំជាកូនរបស់ព្រះ » ។ ខ្ញុំបានញញឹម ពេលខ្ញុំចាំពីគ្រូបង្រៀនដែលមានចិត្តអត់ធ្មត់ និងមានក្តីស្រឡាញ់ ជាអ្នកដែលនៅអំឡុងពេលយើងច្រៀងនាគ្រានោះ បានមើលមុខខ្ញុំជារឿយៗ—ដោយសារខ្ញុំជាក្មេងខិលបន្តិច ហើយអង្គុយនៅចុងកៅអី ដែលគ្រូបង្រៀនហៀបនឹងនិយាយថា « តើគាត់ ពិតជា កូនរបស់ព្រះមែនឬ ? ហើយតើនរណាបានបញ្ជូនគាត់មកទីនេះ ? »
ខ្ញុំសូមអញ្ជើញពួកយើងគ្រប់គ្នាឲ្យបើកដួងចិត្តយើងចំពោះព្រះវិញ្ញាណបរិសុទ្ធដែល « ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងគឺជាកូនរបស់ព្រះ » ។
ប្រសាសន៍របស់ប្រធាន ប៊យដ៏ ឃេ ផាកកឺ គឺច្បាស់លាស់ និងមានតម្លៃ ៖ « បងប្អូនជាកូនរបស់ព្រះ ។ ទ្រង់គឺជាព្រះវរបិតានៃវិញ្ញាណរបស់បងប្អូន ។ បងប្អូនមានកំណើតយ៉ាងថ្លៃថ្នូរ ជាបុត្រស្ដេចខាងវិញ្ញាណនៃស្ថានសួគ៌ ។ សូមដាក់សេចក្ដីពិតនោះនៅក្នុងគំនិតបងប្អូន ហើយកាន់វាឲ្យជាប់ ។ មិនថានៅក្នុងជីវិតនេះ បងប្អូនមានដូនតាប៉ុន្មានជំនាន់ មិនថាបងប្អូនជាជាតិសាសន៍អ្វីនោះទេ ពង្សាវលីនៃវិញ្ញាណរបស់បងប្អូនអាចសរសេរឡើងតែមួយបន្ទាត់ប៉ុណ្ណោះ ។ បងប្អូនគឺជាកូនរបស់ព្រះ ! »
ព្រិកហាំ យ៉ង់ បានពិពណ៌នាថា « នៅពេលបងប្អូន … ឃើញព្រះវរបិតាយើង នោះបងប្អូននឹងឃើញតួអង្គមួយដែលបងប្អូនធ្លាប់ស្គាល់យូរយារណាស់មកហើយ ហើយទ្រង់នឹងទទួលបងប្អូនទៅក្នុងព្រះហស្តទ្រង់ ហើយបងប្អូននឹងត្រៀមខ្លួនជាស្រេចដើម្បីចូលទៅក្នុងការឱបក្រសោបរបស់ទ្រង់ ហើយថើបទ្រង់ » ។
សង្គ្រាមដ៏ធំទាក់ទងនឹងអត្តសញ្ញាណនៃភាពជាព្រះ
ម៉ូសេបានរៀនអំពីកេរ្តិ៍តំណែលនៃភាពជាព្រះរបស់លោកដោយបានទូលជាមួយនឹងព្រះអម្ចាស់ទល់នឹងព្រះភក្ត្រទ្រង់ ។ បន្ទាប់ពីបទពិសោធន៍នោះមក « សាតាំងបានមកល្បួង » ដោយល្បិចកល្ប ប៉ុន្តែមានបំណងកាចសាហាវដើម្បីបំភាន់អត្តសញ្ញាណរបស់ម៉ូសេ « ដោយនិយាយថា ៖ ម៉ូសេ ជាកូនមនុស្សអើយ ចូរថ្វាយបង្គំយើង ។ ហើយ … ម៉ូសេបានងើបមើលទៅអារក្សសាតាំង ហើយនិយាយថា ៖ តើអ្នកជានរណា ? ដ្បិតមើលចុះ ខ្ញុំជា បុត្រនៃព្រះ »
សង្គ្រាមដ៏ធំស្តីពីអត្តសញ្ញាណនៃភាពជាព្រះនេះ បន្តការជជែកវែកញែក ខណៈដែលសាតាំងបន្តបង្កើនយុទ្ធសាស្ត្រដើម្បីបំផ្លិចបំផ្លាញជំនឿ និងចំណេះដឹងរបស់យើងអំពីទំនាក់ទំនងយើងជាមួយនឹងព្រះ ។ ដោយអំណរគុណ យើងមានពរជាមួយនឹងការយល់ដឹងច្បាស់លាស់អំពីអត្តសញ្ញាណពិតប្រាកដរបស់យើង ចាប់តាំងពីដំបូងមក ៖ « ទ្រង់ក៏មានព្រះបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង » ហើយពួកព្យាការីនៅរស់របស់យើងប្រកាសថា « [ មនុស្ស ] ម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ដូច្នេះហើយមនុស្សម្នាក់ៗមានចរិត និងគោលដៅនៃព្រះ » ។
ការដឹងអំពីសេចក្តីពិតទាំងនេះដោយប្រាកដប្រជា ជួយយើងយកឈ្នះលើការសាកល្បង បញ្ហា និងទុក្ខវេទនាគ្រប់ជំពូក ។ នៅពេលគេសួរថា « តើយើងអាចដោះស្រាយការលំបាកទាំងនោះជាមួយនឹង [ បញ្ហាផ្ទាល់ខ្លួន ] ? បានដោយរបៀបណា » សាវកមួយរូបរបស់ព្រះអម្ចាស់បានបង្គាប់ថា « ចូរបង្រៀនអំពីអត្តសញ្ញាណ និងគោលបំណងរបស់ពួកគេ » ។
« ចំណេះដឹងដ៏មានឥទ្ធិពលបំផុតដែលខ្ញុំមាន »
សេចក្តីពិតដ៏មានឥទ្ធិពលទាំងនោះគឺជាការផ្លាស់ប្តូរជីវិតសម្រាប់មិត្តរបស់ខ្ញុំឈ្មោះជិន ដែលកាលនៅវ័យជំទង់បានធ្វើឲ្យមានគ្រោះថ្នាក់ចររាចរណ៍យ៉ាងធ្ងន់ធ្ងរមួយ ។ ទោះបីជារបួសខាងរូបកាយរបស់គាត់មានសភាពធ្ងន់ធ្ងរក្តី គាត់មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងដោយសារ អ្នកបើកបរម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត ។ គាត់និយាយថា « កូនៗបានបាត់បង់ម្តាយរបស់គេ ហើយវាជាកំហុសរបស់ខ្ញុំ » ។ ជិនដែលទើបតែប៉ុន្មានថ្ងៃមុននេះបានឈរ ហើយរៀបរាប់ថា « យើងគឺជាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង ទ្រង់ស្រឡាញ់យើង » ឥឡូវនេះសួរសំណួរថា « តើទ្រង់អាចស្រឡាញ់ ខ្ញុំដូចម្តេចទៅ ? »
គាត់និយាយថា « ការរងទុក្ខខាងរូបកាយបានកន្លងផុតទៅ ប៉ុន្តែខ្ញុំគិតថា ខ្ញុំនឹងពុំបានការព្យាបាលពីរបួសខាងផ្លូវចិត្ត និងវិញ្ញាណទេ » ។
ដើម្បីបន្តជីវិតរស់នៅ ជិនបានលាក់អារម្មណ៍របស់ខ្លួនយ៉ាងស្ងៀមស្ងាត់ បានដកខ្លួនចេញពីគេ ហើយពុំមាត់ក ។ មួយឆ្នាំក្រោមមក នៅទីបំផុតគាត់អាចនិយាយអំពីគ្រោះថ្នាក់នោះ អ្នកប្រឹក្សាដ៏បំផុសគំនិតម្នាក់បានអញ្ជើញគាត់ឲ្យសរសេរឃ្លាមួយថា « ខ្ញុំជាកូនរបស់ព្រះ » ហើយនិយាយឃ្លានោះ ១០ ដងរាល់ថ្ងៃ ។
គាត់រំឭកថា « ការសរសេរពាក្យនោះគឺងាយស្រួលណាស់ ប៉ុន្តែខ្ញុំពុំអាចនិយាយពាក្យនោះចេញមកបានទេ ។ … វាជារឿងពិបាកខ្លាំងណាស់ ហើយខ្ញុំពិតជាពុំជឿថា ព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើជាបុត្ររបស់ទ្រង់ឡើយ ។ ខ្ញុំបានទួញយំយ៉ាងខ្លាំង » ។
បន្ទាប់ពីបួនប្រាំខែក្រោយមក នៅទីបំផុតជិនអាចបំពេញកិច្ចការប្រចាំថ្ងៃបាន ។ គាត់បាននិយាយថា « ខ្ញុំបានសម្តែងអំពីអារម្មណ៍ខ្ញុំទាំងស្រុងដោយទូលអង្វរដល់ព្រះ ។… បន្ទាប់មកខ្ញុំបានចាប់ផ្តើមជឿលើពាក្យនោះ » ។ ជំនឿនេះអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះចាប់ផ្តើមព្យាបាលរបួសនៃព្រលឹងរបស់គាត់ ។ ព្រះគម្ពីរមរមនបាននាំនូវការលួងលោម និងភាពក្លាហាននៅក្នុងដង្វាយធួនរបស់ទ្រង់ ។
ជិនបានបញ្ចប់ថា « ព្រះគ្រីស្ទមានព្រះទ័យដឹងអំពីការឈឺចាប់ សេចក្តីទុក្ខព្រួយ កំហុសរបស់ខ្ញុំ ។ ខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះ ហើយពុំធ្លាប់ទទួលបទពិសោធន៍ណាដែលមានឥទ្ធិពលបែបនេះឡើយ ! ការដឹងថា ខ្ញុំជាកូនរបស់ព្រះ គឺជាចំណេះដឹងដ៏មានឥទ្ធិពលបំផុតដែលខ្ញុំមាន ! »
ព្យាយាមដើម្បីស្គាល់ព្រះដែលជាព្រះវរបិតារបស់យើង
បងប្អូនប្រុសស្រី តើយើងម្នាក់ៗអាចទទួលបទពិសោធន៍នូវឥទ្ធិពលនៃការយល់ដឹងអំពីអត្តសញ្ញាណនៃភាពជាព្រះរបស់យើងដោយរបៀបណា ? វាចាប់ផ្តើមតាមរយៈការព្យាយាមស្គាល់ព្រះដែលជាព្រះវរបិតារបស់យើង ។ ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា « មានរឿងអស្ចារ្យមួយកើតឡើងពេលកូនម្នាក់របស់ព្រះស្វែងយល់ចង់ដឹងបន្ថែមទៀតអំពីទ្រង់ និងព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ » ។
ការរៀន និងការធ្វើតាមព្រះអង្គសង្គ្រោះជួយពួកយើងឲ្យស្គាល់ព្រះវរបិតា ។ « ជា … រូបភាពនៃ [ ព្រះវរបិតា ] ទ្រង់ » នោះព្រះយេស៊ូវបានបង្រៀនថា « ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ » ។ គ្រប់ព្រះបន្ទូល និងទង្វើរបស់ព្រះគ្រីស្ទសម្តែងលក្ខណៈពិតនៃព្រះ និងទំនាក់ទំនងរបស់យើងចំពោះទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា « ជាមួយនឹងព្រះលោហិតដែលហូរគ្រប់រន្ធញើស និងការឈឺចាប់ដែលស្រែកចេញពីបបូរមាត់ទ្រង់ នោះព្រះគ្រីស្ទបានស្រែករកព្រះដែលទ្រង់បានស្វែងរកជានិច្ច—គឺព្រះវរបិតាទ្រង់ ។ ទ្រង់បានស្រែកថា ‹ ឱអ័ប្បា ព្រះវរបិតាអើយ › » ។
នៅពេលព្រះយេស៊ូវបានស្វែងរកព្រះវរបិតាដោយស្មោះត្រង់នៅក្នុងសួនគែតសេម៉ានី នោះយុវជនយ៉ូសែប ស្ម៊ីធ ក្នុងឆ្នាំ ១៨២០ បានស្វែងរកព្រះប្រកបដោយការអធិស្ឋាននៅក្នុងព្រៃពិសិដ្ឋ ។ បន្ទាប់ពីអាន « បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសុំដល់ព្រះ » យ៉ូសែបបានចេញទៅអធិស្ឋាន ។
លោកបានសរសេរថា « ខ្ញុំក៏បានលុតជង្គង់ចុះ ហើយបានចាប់ផ្ដើមបួងសួងដល់ព្រះទូលប្រាប់ពីបំណងនៃដួងចិត្តរបស់ខ្ញុំ ។ …
…ខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ ។…
… ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយឈរនៅលើអាកាសពីលើរូបខ្ញុំ ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា— [ យ៉ូសែប ] នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! »
នៅពេលយើងធ្វើតាមគំរូនៃព្រះអង្គសង្គ្រោះ និងព្យាការីយ៉ូសែប ក្នុងការស្វែងរកព្រះដោយស្មោះត្រង់ នោះយើងនឹងយល់ក្នុងរបៀបមួយកាន់តែច្បាស់ ដូចជិនបានយល់ថា ព្រះវរបិតាស្គាល់យើងតាមរយៈឈ្មោះរបស់យើង ថាយើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ។
ថ្លែងទៅកាន់ម្តាយវ័យក្មេង ជាពិសេសជារឿយៗទទួលអារម្មណ៍ស្មុគស្មាញ និងកើតទុក្ខ អំឡុងពេលព្យាយាមចិញ្ចឹមបីបាច់ដល់ « ជំនាន់ដែលកំពុងទប់ទល់នឹងអំពើបាបនេះ » សូមកុំមើលងាយដល់តួនាទីសំខាន់របស់អ្នកនៅក្នុងផែនការព្រះឡើយ ។ នៅក្នុងគ្រាដ៏តានតឹងបំផុត—ប្រហែលនៅពេលអ្នកដេញចាប់កូនតូចៗ និងនៅពេលមានក្លិនខ្លោចអ្វីមួយមកពីផ្ទះបាយប្រាប់អ្នកថា អាហារពេលល្ងាចដែលបានរៀបចំយ៉ាងល្អនោះឥឡូវនេះបានខ្លោចអស់ហើយ—នោះអ្នកគួរតែដឹងថា ព្រះញែកគ្រាដ៏លំបាកបំផុតរបស់អ្នកចេញជាបរិសុទ្ធ ។ ទ្រង់បានបញ្ជាក់ដោយសុខសាន្តថា « កុំឲ្យខ្លាចអ្វីឡើយ ពីព្រោះយើងនៅជាមួយឯង » ។យើងគោរពអ្នក នៅពេលអ្នកបំពេញសេចក្តីសង្ឃឹមដែលស៊ីស្ទើរ ចូយ ឌី ចូនស៍បានថ្លែងថា « កូនៗរបស់យើងសមនឹងយល់ដឹងអំពីអត្តសញ្ញាណនៃភាពជាព្រះរបស់ពួកគេ » ។
ខ្ញុំសូមអញ្ជើញយើងម្នាក់ៗឲ្យស្វែងរកព្រះ និងបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។ ប្រធានណិលសុនបានមានប្រសាសន៍ថា « គ្មានកន្លែងណាផ្សេងទៀតដែលសេចក្ដីពិតទាំងនោះបានបង្រៀនយ៉ាងច្បាស់ ហើយពេញដោយអនុភាពជាងនៅក្នុងព្រះគម្ពីរមរមនឡើយ » ។ សូមបើកទំព័រព្រះគម្ពីរមរមន ហើយរៀនថា ព្រះធ្វើ « គ្រប់ការណ៍ទាំងអស់ ដើម្បីសុខុមាលភាព និងសុភមង្គល [ ពួកយើង ] » ថា ទ្រង់មាន « សេចក្តីមេត្តាករុណា និងព្រះទ័យអាណិតអាសូរ យឺតនឹងខ្ញាល់ អត់ធ្មត់ ហើយពោរពេញដោយសេចក្តីល្អ » ហើយថា « មនុស្សទាំងអស់គឺដូចគ្នានៅចំពោះ [ ទ្រង់ ] » ។ នៅពេលអ្នកមានអារម្មណ៍ឈឺចាប់ ភ័យខ្លាច អន់ចិត្ត កើតទុក្ខ ស្រេកឃ្លាន ឬឯកោដោយគ្មានសង្ឃឹមអំឡុងគ្រាលំបាក—សូមបើកព្រះគម្ពីរមរមន ហើយអ្នកនឹងដឹងថា « [ ព្រះ ] នឹងពុំបោះបង់យើងទេ ។ ទ្រង់មិនដែល ហើយទ្រង់នឹងពុំបោះបង់យើងដែរ ។ ទ្រង់មិនអាចបោះបង់យើងបានទេ ។ វាពុំមែនជាលក្ខណៈរបស់ទ្រង់ [ ដើម្បីធ្វើដូច្នោះឡើយ ] » ។
ការស្គាល់ព្រះវរបិតាយើងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ជាពិសេសដួងចិត្តរបស់យើង នៅពេលព្រះវិញ្ញាណដ៏ទន់ភ្លន់របស់ទ្រង់បញ្ជាក់អំពីអត្តសញ្ញាណពិតប្រាកដ និងតម្លៃដ៏ធំមហិមារបស់យើងនៅក្នុងព្រះនេត្រទ្រង់ ។ ព្រះទ្រង់យាងជាមួយយើងតាមផ្លូវនៃសេចក្តីសញ្ញា នៅពេលយើងស្វែងរកទ្រង់តាមរយៈការទូលអង្វរប្រកបដោយការអធិស្ឋាន ការស្រាវជ្រាវព្រះគម្ពីរ និងការព្យាយាមគោរពប្រតិបត្តិ ។
លក្ខណៈដ៏ល្អឥតខ្ចោះរបស់ព្រះ—សាក្សីរបស់ខ្ញុំ
ខ្ញុំស្រឡាញ់ព្រះជាព្រះវរបិតារបស់ខ្ញុំ « ដ៏មានមហិទ្ធិឫទ្ធិ » ជាអង្គដែលព្រះកន្សែងជាមួយយើងនៅក្នុងទុក្ខព្រួយរបស់យើង វាយផ្ចាល់ដោយអត់ធ្មត់ចំពោះភាពមិនសុចរិតរបស់យើង ហើយសព្វព្រះទ័យនៅពេលយើងព្យាយាម « បោះបង់ចោលអស់ទាំងអំពើបាប [ របស់យើង ] ដើម្បីឲ្យបានស្គាល់ [ ទ្រង់ ] » ។ ខ្ញុំថ្វាយបង្គំទ្រង់ ដែលជា « ឪពុកដល់ពួកកំព្រា » ហើយជាដៃគូដល់អស់អ្នកដែលគ្មានដៃគូ ។ ដោយអំណរគុណ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ខ្ញុំបានស្គាល់ព្រះជាព្រះវរបិតាខ្ញុំ ហើយថ្លែងទីបន្ទាល់អំពីភាពល្អឥតខ្ចោះ លក្ខណៈ និង « លក្ខណៈដ៏ល្អឥតខ្ចោះ [ របស់ទ្រង់ ] » ។
ថា ពួកយើងម្នាក់ៗអាចយល់ពិតប្រាកដ ហើយរីករាយនឹង « ភាពថ្លៃថ្នូររបស់យើង » ក្នុងនាមជាកូនរបស់ព្រះ នៅក្នុងការស្គាល់ទ្រង់ថាជា « ព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទដែល [ ទ្រង់ ] បានចាត់ឲ្យមកផង » គឺជាការអធិស្ឋានដ៏ស្មោះអស់ពីចិត្តរបស់ខ្ញុំ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។