សូមយកព្រះវិញ្ញាណបរិសុទ្ធធ្វើជាអ្នកដឹកនាំរបស់អ្នក
ឱនេះជាអំណោយដ៏ពុំអាចប្រៀបផ្ទឹមបានចំពោះអស់អ្នកដែលបានដាក់សេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ អំណោយនោះគឺជាព្រះវិញ្ញាណបរិសុទ្ធ ។
នៅថ្ងៃអាទិត្យបុណ្យអ៊ីសស្ទើរនេះ គំនិតរបស់យើងបានបង្វែរទៅរកការរស់ឡើងវិញរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងផ្នូរទទេដែលផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកជឿគ្រប់រូបទៅលើជ័យជម្នះរបស់ព្រះគ្រីស្ទលើសេចក្ដីស្លាប់ដែលជាទីអស់សង្ឃឹមរបស់មនុស្សគ្រប់រូបនោះ ។ ខ្ញុំជឿដូចសាវកប៉ុលថា ដូចជាព្រះ « បានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង [ ដូច្នេះ ] [ ទ្រង់ ] នឹងប្រោសរូបកាយនៃ [ របស់យើង ] ដែលទៀងតែស្លាប់ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ដែលសណ្ឋិតនៅក្នុងខ្លួន [ យើង ] រាល់គ្នា » ។
ប្រោស មានន័យថា ធ្វើឲ្យរស់រវើក ។ ក៏ដូចជាព្រះយេស៊ូវបាននាំជីវិតមករូបកាយរបស់យើងវិញបន្ទាប់ពីរូបកាយបានស្លាប់ទៅតាមរយៈអំណាចនៃការរស់ឡើងវិញរបស់ទ្រង់ ដូច្នេះទ្រង់អាចប្រោសយើង ឬធ្វើឲ្យយើងមានជីវិតពីសេចក្ដីស្លាប់ខាងវិញ្ញាណផងដែរ ។ នៅក្នុងគម្ពីរម៉ូសេ យើងបានអានអំពីអ័ដាម ដែលបានទទួលការប្រោសប្រភេទនេះ ៖ « [ អ័ដាម ] បានទទួលបុណ្យជ្រមុជទឹកយ៉ាងដូច្នោះហើយ ហើយព្រះវិញ្ញាណនៃព្រះបានយាងចុះមកសណ្ឋិតលើគាត់ ហើយគាត់បានកើតពីព្រះវិញ្ញាណយ៉ាងដូច្នោះហើយ ហើយបានក្លាយទៅជាមនុស្សដែលបានប្រោសខាងក្នុង » ។
ឱនេះជាអំណោយដ៏ពុំអាចប្រៀបផ្ទឹមបានចំពោះអស់អ្នកដែលបានដាក់សេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ អំណោយនេះគឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានប្រទានដល់យើងដែលព្រះគម្ពីរសញ្ញាថ្មីហៅថា « ជីវិតដែលនៅក្នុងព្រះគ្រីស្ទ » ។ ប៉ុន្តែតើពេលខ្លះយើងមិនយកចិត្តទុកដាក់នឹងអំណោយនេះឬទេ ?
បងប្អូនប្រុសស្រីទាំងឡាយ វាគឺជាឯកសិទ្ធិដ៏អស្ចារ្យមួយដើម្បីមាន « … ព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំ [ របស់យើង ] » ដូចបានបង្ហាញដោយរឿងដូចខាងក្រោម ។
អំឡុងសង្គ្រាមកូរ៉េ អ៊ិនសាញ ហ្វ្រែង ប៊្លែ បានបម្រើនៅក្នុងនាវាដឹកជញ្ជូនកងទ័ពដែលបោះទីតាំងនៅក្នុងប្រទេសជប៉ុន ។ នាវាពុំមានទំហំធំល្មមដើម្បីមានបព្វជិតជាផ្លូវការម្នាក់នោះទេ ដូច្នេះមេបញ្ជាការបានសុំឲ្យបងប្រុសប៊្លែឲ្យធ្វើជាបព្វជិតពុំផ្លូវការរបស់នាវា ដោយបានសង្កេតឃើញថា យុវជនម្នាក់នេះគឺជាមនុស្សមានជំនឿ និងចេះគោលការណ៍ ព្រមទាំងមានការគោរពយ៉ាងខ្ពង់ខ្ពស់ពីក្រុមនាវឹកទាំងមូល ។
អ៊ិនសាញ ប៊្លែបានសរសេរថា ៖ « នាវារបស់យើងត្រូវបានជាប់នៅក្នុងព្យុះទីហ្វុងដ៏ធំមួយ ។ ទឹករលកមានកម្ពស់ប្រហែលជា ៤៥ ហ្វីត [ ១៤ ម៉ែត្រ ] ។ ពេលនោះខ្ញុំកំពុងចាំយាម…អំឡុងដែលនាឡិកានៃម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងបីរបស់យើងឈប់ដំណើរការ ហើយទទួលបានរបាយការណ៍ថា មានការប្រេះធ្លាយនៅកណ្ដាលទូក ។ យើងមានម៉ាស៊ីនពីរទៀត ដែលម៉ាស៊ីនមួយដំណើរការដោយថាមពលតែពាក់កណ្ដាល ។ យើងមានបញ្ហាដ៏ធ្ងន់ធ្ងរ » ។
អ៊ិនសាញ ប៊្លែបានបញ្ចប់ការចាំយាមរបស់គាត់ ហើយបានរៀបចំចូលដេក ខណៈពេលនោះមេបញ្ជាការបានមកគោះទ្វាររបស់គាត់ ។ គាត់បានសុំថា « សូមអ្នកអធិស្ឋានសម្រាប់នាវានេះបានឬទេ ? » ប្រាកដណាស់ អ៊ិនសាញ ប៊្លែបានយល់ព្រមដើម្បីអធិស្ឋាន ។
នៅត្រង់ចំណុចនេះ អ៊ិនសាញ ប៊្លែ អាចអធិស្ឋានដោយសាមញ្ញថា « ព្រះវរបិតាសួគ៌អើយ សូមប្រទានពរដល់នាវារបស់ពួកទូលបង្គំ ហើយថែរក្សាពួកទូលបង្គំឲ្យមានសុវត្ថិភាពផង » បន្ទាប់មកក៏ចូលទៅដេក ។ តែផ្ទុយទៅវិញ គាត់បានអធិស្ឋានសុំឲ្យដឹងថាតើមានអ្វីដែលគាត់អាចធ្វើនៅក្នុងគ្រានោះ ដើម្បីជួយមើលសុវត្ថិភាពរបស់នាវា ។ ជាការឆ្លើយតបចំពោះការអធិស្ឋានរបស់បងប្រុសប៊្លែ ព្រះវិញ្ញាណបរិសុទ្ធបានបំផុសគំនិតគាត់ឲ្យទៅឯស្ពាន និយាយនឹងមេបញ្ជាការ ហើយរៀនបន្ថែមទៀត ។ គាត់បានរកឃើញថា មេបញ្ជាការកំពុងព្យាយាមកំណត់ថា តើត្រូវដំណើរការម៉ាស៊ីនដែលនៅសល់របស់នាវានោះឲ្យលឿនប៉ុណ្ណា ។ អ៊ិនសាញ ប៊្លែបានត្រឡប់មកបន្ទប់គាត់វិញ រួចអធិស្ឋានម្ដងទៀត ។
គាត់បានអធិស្ឋានថា « តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយប្រាប់អំពីបញ្ហារបស់ម៉ាស៊ីនទាំងនោះ ? »
នៅក្នុងការឆ្លើយតបមកវិញ ព្រះវិញ្ញាណបរិសុទ្ធបានខ្សឹបប្រាប់ថា គាត់ត្រូវដើរមើលជុំវិញនាវា ហើយសង្កេតមើលដើម្បីទទួលបានព័ត៌មានបន្ថែម ។ គាត់បានត្រឡប់ទៅរកមេបញ្ជាការវិញ ហើយសុំការអនុញ្ញាតដើម្បីដើរមើលនៅជុំវិញដំបូលនាវា ។ បន្ទាប់មក គាត់បានពាក់ខ្សែការពារឲ្យមានសុវត្ថិភាពនៅចង្កេះរបស់គាត់ ហើយបានចេញទៅកណ្ដាលព្យុះ ។
ពេលឈរនៅលើកន្សៃនាវា គាត់បានសង្កេតឃើញថា មានកង្ហាស្លាបចក្រនាវាធំៗ នៅពេលដែលវាងើបចេញពីទឹក នៅពេលនាវាឡើងលើទឹករលក ។ មានតែស្លាបចក្រមួយប៉ុណ្ណោះដែលដំណើរការពេញលេញ ហើយវាវិលយ៉ាងលឿន ។ បន្ទាប់ពីការសង្កេតមើលទាំងនេះរួចហើយ អ៊ិនសាញ ប៊្លែបានអធិស្ឋានម្ដងទៀត ។ ចម្លើយដ៏ច្បាស់ដែលគាត់បានទទួលគឺថា ម៉ាស៊ីនដែលនៅល្អទាំងប៉ុន្មានគឺបើកខ្លាំងពេកហើយ វាចាំបាច់ត្រូវបន្ថយល្បឿន ។ ដូច្នេះគាត់បានត្រឡប់ទៅរកមេបញ្ជាការ ហើយបានប្រាប់អំពីចំណុចនោះ ។ មេបញ្ជាការបានភ្ញាក់ផ្អើលដោយប្រាប់គាត់ថា វិស្វករខាងនាវាទើបតែប្រាប់គាត់ផ្ទុយពីនេះ—គឺប្រាប់ថា ឲ្យបង្កើនល្បឿនម៉ាស៊ីនដែលនៅល្អដើម្បីបើកចេញពីព្យុះ ។ ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាការបានជ្រើសរើសធ្វើតាមការផ្ដល់យោបល់របស់ អ៊ិនសាញ ប៊្លែ ហើយបានបង្អង់ម៉ាស៊ីន ។ ដល់ពេលព្រឹកឡើង នាវាមានសុវត្ថិភាពនៅក្នុងទឹកដ៏ស្ងប់ ។
គ្រាន់តែរយៈពេលពីរម៉ោងក្រោយមក ម៉ាស៊ីនល្អបានឈប់ដំណើរការព្រមគ្នា ។ នាវាអាចចូលមកផែបានដោយសារថាមពលពាក់កណ្ដាលរបស់ម៉ាស៊ីនដែលនៅដំណើរការ ។
មេបញ្ជាការបាននិយាយទៅកាន់ អ៊ិនសាញ ប៊្លែ « ប្រសិនបើយើងពុំបានបង្អង់ម៉ាស៊ីននោះទេ យើងច្បាស់ជាវង្វេងនៅកណ្ដាលព្យុះជាមិនខាន » ។
បើគ្មានម៉ាស៊ីននោះទេ នោះយើងនឹងពុំអាចកាច់ចង្កូតបានទេ ។ នាវានឹងក្រឡាប់ ហើយនឹងលិចជាមិនខាន ។ មេបញ្ជាការបានថ្លែងអំណរគុណដល់នាវឹកអិល. ឌី. អែស.វ័យក្មេង ហើយបាននិយាយថាគាត់ជឿថា ការធ្វើតាមការបំផុសខាងវិញ្ញាណរបស់ អ៊ិនសាញ ប៊្លែ បានជួយសង្គ្រោះនាវា និងក្រុមនាវឹក ។
ឥឡូវរឿងនេះគឺអស្ចារ្យខ្លាំងណាស់ ។ ខណៈដែលយើងអាចនឹងមិនទំនងជាជួបនូវស្ថានភាពធ្ងន់ធ្ងរដូច្នោះ រឿងនេះមាននូវការណែនាំដ៏សំខាន់អំពីរបៀបដែលយើង អាច ទទួលបានការណែនាំពីព្រះវិញ្ញាណឲ្យកាន់តែញឹកញាប់ ។
ទីមួយ នៅពេលនិយាយអំពីវិវរណៈ យើងត្រូវតែដាក់ខ្លួនយើងឲ្យត្រឹមត្រូវដើម្បីទទួលយកហ្វ្រេកង់ពីស្ថានសួគ៌ ។ អ៊ិនសាញ ប៊្លែ រស់នៅក្នុងជីវិតស្អាតស្អំ និងស្មោះត្រង់ ។ បើគាត់ពុំគោរពប្រតិបត្តិទេ គាត់នឹងពុំមានទំនុកចិត្តខាងវិញ្ញាណដែលចាំបាច់ដើម្បីអធិស្ឋានដូចដែលគាត់បានធ្វើសម្រាប់សុវត្ថិភាពរបស់នាវាគាត់ ហើយទទួលបាននូវការណែនាំជាក់លាក់ដូច្នោះទេ ។ យើងម្នាក់ៗត្រូវតែធ្វើការខិតខំសម្របជីវិតរបស់យើងជាមួយនឹងបទបញ្ញត្តិរបស់ព្រះដើម្បីត្រូវបានដឹកនាំដោយទ្រង់ ។
ពេលខ្លះយើងស្ដាប់មិនឮសញ្ញាមកពីស្ថានសួគ៌ដោយសារតែយើងពុំមានភាពសក្ដិសម ។ ការប្រែចិត្ត និងការគោរពប្រតិបត្តិ គឺជារបៀបដើម្បីទទួលបានការទំនាក់ទំនងច្បាស់លាស់ម្ដងទៀត ។ ពាក្យ ប្រែចិត្ត នៅក្នុងព្រះគម្ពីរសញ្ញាចាស់មានន័យថា « ងាកចេញ » ឬ « ងាកពី » ។ នៅពេលអ្នកមានអារម្មណ៍ថា នៅឆ្ងាយពីព្រះ អ្នកចាំបាច់ត្រូវធ្វើការសម្រេចចិត្តងាកចេញពីអំពើបាប ហើយប្រទល់មុខនឹងព្រះអង្គសង្គ្រោះ នោះអ្នកនឹងរកឃើញទ្រង់កំពុងរង់ចាំអ្នក ដោយលាតព្រះហស្តទ្រង់មករកអ្នក ។ ទ្រង់ចង់ដឹកនាំអ្នក ហើយអ្នកគ្រាន់តែអធិស្ឋានប៉ុណ្ណោះ ដើម្បីទទួលបានការណែនាំម្ដងទៀត ។
ទីពីរ អ៊ិនសាញ ប៊្លែ ពុំគ្រាន់តែសូមឲ្យព្រះអម្ចាស់ដោះស្រាយបញ្ហារបស់គាត់ប៉ុណ្ណោះទេ ។ គាត់បានសួរថា តើគាត់គួរធ្វើយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហានោះ ។ ដូច្នេះយើងអាចសួរថា « ព្រះអម្ចាស់អើយ តើទូលបង្គំចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីជួយដោះស្រាយបញ្ហា ? ជំនួសឲ្យការគ្រាន់តែរៀបរាប់អំពីបញ្ហារបស់យើងនៅក្នុងការអធិស្ឋាន ហើយទូលសូមឲ្យព្រះអម្ចាស់ដោះស្រាយបញ្ហា នោះយើងគួរតែស្វែងរកមធ្យោបាយកាន់តែសកម្មក្នុងការទទួលយកជំនួយពីព្រះអម្ចាស់ ហើយតាំងចិត្តដើម្បីធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណ ។
មានមេរៀនសំខាន់ទីបីនៅក្នុងរឿងនេះរបស់ អ៊ិនសាញ ប៊្លែ ។ តើគាត់អាចអធិស្ឋានសុំការអះអាងដ៏ស្ងប់ស្ងាត់ដូច្នេះបានឬទេ បើគាត់ពុំទទួលបានការណែនាំមកពីព្រះវិញ្ញាណនៅក្នុងស្ថានភាពពីមុនៗនោះ ? ការមកដល់របស់ព្យុះទីហ្វុង គឺពុំមានពេលដើម្បីស្វែងរកអំណោយទានព្រះវិញ្ញាណបរិសុទ្ធទេ បើយើងពុំបានស្វែងរកមកតាំងពីយូរទេនោះ ។ យុវជននេះ បានធ្វើតាមលំនាំដែលគាត់បានប្រើជាច្រើនគ្រាពីមុនៗមកយ៉ាងច្បាស់ រួមទាំងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងផងដែរ ។ យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធធ្វើជាអ្នកដឹកនាំរបស់យើងទៅរកទឹកស្ងប់ ដូច្នេះសំឡេងរបស់ទ្រង់នឹងពុំត្រូវភាន់ច្រឡំនៅក្នុងព្យុះដ៏ខ្លាំងនោះ ។
មនុស្សមួយចំនួនអាចគិតថា យើងពុំគួររំពឹងចង់បានការណែនាំប្រចាំថ្ងៃមកពីព្រះវិញ្ញាណនោះទេ ពីព្រោះ « មិនសមឲ្យ [ ព្រះ ] ត្រូវបញ្ជានូវគ្រប់អ្វីៗទាំងអស់ទេ » បើមិនដូច្នោះទេ យើងក្លាយជាបាវខ្ជិលច្រអូសជាមិនខាន ។ ទោះជាយ៉ាងណា បទគម្ពីរនេះត្រូវបានផ្ដល់ទៅឲ្យអ្នកផ្សព្វផ្សាយសាសនាពីជំនាន់មុនមួយចំនួន ដែលបានសុំយ៉ូសែប ស្ម៊ីធឲ្យទទួលវិវរណៈ ដែលវិវរណៈនោះគួរតែពួកគេទទួលបានដោយផ្ទាល់ខ្លួន ។ នៅខគម្ពីរខាងមុខ ព្រះអម្ចាស់បានប្រាប់ពួកគេឲ្យមកតំបន់បេសកកម្ម “« ដូចដែលពួកគេត្រូវបានទូន្មានរវាងខ្លួនគេជាមួយនឹងយើងចុះ » ។
អ្នកផ្សព្វផ្សាយសាសនាទាំងនេះចង់បានវិវរណៈជាក់លាក់មួយអំពីផែនការធ្វើដំណើររបស់ពួកគេ ។ ពួកគេពុំទាន់បានរៀនស្វែងរកការដឹកនាំផ្ទាល់ខ្លួនពួកគេនៅក្នុងរឿងផ្ទាល់ខ្លួននោះទេ ។ ព្រះអម្ចាស់ហៅអាកប្បកិរិយាបែបនេះថា ៖ ខ្ជិលច្រអូស ។ សមាជិកសាសនាចក្រជំនាន់មុនអាចនឹងរីករាយយ៉ាងខ្លាំងដើម្បីមានព្យាការីពិតម្នាក់ដែលពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់នៃការមិនបានរៀនអំពីរបៀបដើម្បីទទួលវិវរណៈសម្រាប់ខ្លួនគេ ។ ការមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ គឺការអាចមានលទ្ធភាពស្ដាប់ឮសំឡេងរបស់ព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណរបស់ទ្រង់សម្រាប់ជីវិតផ្ទាល់ខ្លួន ។
អាលម៉ាបានទូន្មានកូនប្រុសរបស់គាត់ឲ្យ « ប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់កូន » ។នូវ កិច្ចការ របស់កូន » ។ ដើម្បីរស់នៅតាមរបៀបនេះ—អ្វីដែលយើងបានហៅជាញឹកញាប់ថា « រស់នៅតាមព្រះវិញ្ញាណ » — គឺជាឯកសិទ្ធិដ៏ខ្ពស់មួយ ។ វានាំមកនូវវិញ្ញាណស្ងប់ស្ងាត់ និងជឿជាក់ដ៏ដូចជាផលផ្លែនៃព្រះវិញ្ញាណផងដែរ ដូចជា ក្ដីស្រឡាញ់ អំណរ និងភាពសុខសាន្ដ ។
សមត្ថភាពរបស់ អ៊ិនសាញ ប៊្លែ ទទួលបានវិវរណៈ បានជួយសង្គ្រោះគាត់ និងមិត្តនាវឹករបស់គាត់ពីព្យុះបោកបក់ ។ មានព្យុះជាច្រើនប្រភេទកំពុងបោកបក់នៅថ្ងៃនេះ ។ រឿងប្រៀបធៀបរបស់ព្រះគម្ពីរមរមនអំពីដើមនៃជីវិត ផ្ដល់នូវរូបភាពដ៏មានអានុភាពមួយអំពីរបៀបដើម្បីទទួលបានសុវត្ថិភាពខាងវិញ្ញាណនៅក្នុងពិភពលោកដូចនេះ ។ សុបិននេះបានប្រាប់អំពីអ័ព្ទនៃភាពងងឹតដែលកើតឡើងភ្លាមៗដើម្បីនាំមកនូវការបំផ្លិចបំផ្លាញខាងវិញ្ញាណដល់សមាជិកនៃសាសនាចក្រដែលកំពុងដើរនៅលើផ្លូវត្រឡប់ទៅរកព្រះវិញ ។
ពេលសញ្ជឹងគិតអំពីរូបភាពនេះ ខ្ញុំបានមើលឃើញនឹងភ្នែកខ្ញុំនូវហ្វូងមនុស្សដែលកំពុងធ្វើដំណើរនៅលើផ្លូវនោះ មានមួយចំនួនបានចាប់ដំបងដែកយ៉ាងមាំ ប៉ុន្តែអ្នកដទៃជាច្រើនទៀត គ្រាន់តែដើរតាមមនុស្សដែលនៅខាងមុខពួកគេ ។ អ្នកដើរតាមក្រោយនេះពុំសូវគិត ឬខិតខំនោះទេ ។ អ្នកអាចគ្រាន់តែធ្វើ និងគិតអំពីអ្វីដែលអ្នកដទៃកំពុងធ្វើ និងគិតប៉ុណ្ណោះ ។ កិច្ចការនេះល្អនៅអាកាសធាតុក្ដៅ ។ ប៉ុន្តែព្យុះនៃការបោកបញ្ឆោត និងអ័ព្ទនៃភាពខុសឆ្គងបានកើតឡើងដោយគ្មានការព្រមាន ។ នៅក្នុងស្ថានភាពទាំងនេះ ការស្គាល់សំឡេងរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជារឿងដ៏សំខាន់មួយនៃជីវិតខាងវិញ្ញាណ និងសេចក្ដីស្លាប់ ។
ការសន្យាដ៏មានអានុភាពរបស់នីហ្វៃ គឺថា « អស់អ្នកណាដែលប្រុងស្តាប់តាមព្រះបន្ទូលនៃព្រះ … តោងជាប់តាមព្រះបន្ទូលនៃព្រះ …នោះនឹងមិនត្រូវវិនាសឡើយ សូម្បីតែការល្បួងទំាងឡាយ និង ព្រួញភ្លើងទាំងឡាយរបស់មារសត្រូវក៏មិនអាចឈ្នះលើគេដល់ទៅធ្វើឲ្យគេខ្វាក់ ដើម្បីនាំគេទៅឯសេចក្តីបំផ្លិចបំផ្លាញបានដែរ » ។
ការដើរតាមដានជើងនៃមនុស្សដែលដើរនៅខាងមុខអ្នកគឺពុំគ្រប់គ្រាន់ទេ ។ យើងមិនអាចគ្រាន់តែធ្វើ ហើយគិតអំពីអ្វីដែលអ្នកដទៃកំពុងធ្វើ និងកំពុងគិតនោះទេ យើងត្រូវតែរស់នៅក្នុងជីវិតដែលមានការដឹកនាំ ។ យើងម្នាក់ៗត្រូវតែយកដៃកាន់ដំបងដែករៀងៗខ្លួនយើង ។ បន្ទាប់មកយើងអាចទៅរកព្រះអម្ចាស់ដោយទំនុកចិត្តដ៏រាបសាដោយដឹងថា ទ្រង់ « នឹងដឹកដៃ [ យើង ] ហើយប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយ [ របស់យើង ] » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។