ឆ្នាំ ២០១០-២០១៩
អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ
ខែ មេសា ឆ្នាំ ២០១៨


2:3

អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ

ចូរ​យើង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​អ្វី​ដែល​យើង​បាន​ជឿ និង​យល់​ដឹង ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង ចំពោះ​ឱកាស​ដើម្បី​សម្ដែង​អារម្មណ៍​របស់​ខ្ញុំ​ដល់​បង​ប្អូន ។

ជាច្រើនឆ្នាំ​កន្លង​មក​ភរិយា​ខ្ញុំ និង​ខ្ញុំ​មាន​វត្តមាន​នៅ​ក្នុង​ពិធីសម្ពោធ​ពិព័រណ៍​កុមារ​អន្តរកម្ម​នៅ​ក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៅ​ទី​ក្រុង​សលត៍​លេក ។ នៅ​ចុង​បញ្ចប់​នៃ​ពិធី​នោះ​ប្រធាន​ ថូម៉ាស អេស ម៉នសុន​ដើរ​ទៅ​រក​យើង​ហើយ​នៅ​ពេល​គាត់​ចាប់​ដៃ​យើង​គាត់​បាន​និយាយ​ថា « ចូរ​កាន់​ខ្ជាប់​ហើយ​អ្នក​នឹង​ជ័យ​ជម្នះ »—ជា​ការបង្រៀន​ដ៏​ស៊ីជម្រៅ និង​សេចក្ដីពិត​មួយ ពិត​ណាស់ យើង​ទាំង​អស់​គ្នា​អាច​អះ​អាង​បាន ។

ព្រះយេស៊ូវ​មាន​បន្ទូល​អះអាង​ថា « អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ »

កាន់ខ្ជាប់មាន​ន័យ​ថា « ស្ថិតស្ថេរ​ក្នុង​កិច្ច​សន្យា ដើម្បី​ឲ្យ​បាន​ពិត​ចំពោះ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ទោះ​ជា​មាន​សេចក្ដី​ល្បួង សេចក្ដី​ប្រឆាំង និង​សេចក្ដីទំនាស់​ក៏​ដោយ » ។

ទោះជា​អស់​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង និង​បាន​ផ្តល់​នូវ​ការ​បម្រើ​យ៉ាង​ស្មោះ​ក្តី ក៏​ថ្ងៃ​ណា​មួយ​អាច​ធ្លាក់​ចូល​ក្នុង​ភាពអសកម្ម​បាន​ដែរ ប្រសិន​បើ​ពួកគេ​មិន​កាន់ខ្ជាប់​រហូត​ដល់​ទីបញ្ចប់ ។ សូម​ឲ្យ​យើង​ចងចាំ និង​ចងចាំ​ជានិច្ច​នូវ​ឃ្លា​ថា « វា​នឹង​មិន​កើត​ឡើង​ចំពោះ​ខ្ញុំ​ទេ » ។

នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​ត្រាស់​បង្រៀន​នៅ​ក្រុង​កាពើណិម « តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន ដក​ខ្លួន​ថយ​ចេញ​មិន​តាម​ទ្រង់​ទៀត​ទេ ។

នោះ​ព្រះយេស៊ូវ មាន​បន្ទូល​ទៅ​ពួក​ដប់ពីរ​នាក់​ថា អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? »

ខ្ញុំ​ជឿ​ថា​សព្វថ្ងៃ​នេះ ព្រះ​យេស៊ូវ​សួរ​យើង​រាល់​គ្នា​ ដែល​ជា​អ្នក​បាន​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយ​នឹង​ទ្រង់​ថា « អ្នករាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? »

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​គ្រប់រូប ដោយ​ការ​សញ្ជឹង​គិត​យ៉ាងជ្រៅ អំពី​ភាពអស់កល្ប​ជានិច្ច​ដែល​បាន​រក្សារទុក​សម្រាប់យើង ចូរ​យើង​ឆ្លើយតប​ដូចជា​ស៊ីម៉ូន​ដែរ​ថា ៖ « ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នកណា​វិញ ? គឺទ្រង់​ហើយ​ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។

ចូរ​យើង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​អ្វី​ដែល​យើង​បាន​ជឿ និង​យល់​ដឹង ។ ប្រសិន​បើ​យើង​ពុំ​ទាន់​បាន​រស់នៅ ស្រប​តាម​ចំណេះដឹង​ដែល​យើង​ដឹង​ទេ ចូរ​យើង​ផ្លាស់ប្តូរ​ទៅ ។ មនុស្ស​មាន​បាប​ដែល​រឹងរូស​ក្នុង​អំពើ​បាប​របស់​ខ្លួន និង​មិន​ប្រែចិត្ត​ទេ​នោះ នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាពកខ្វក់​កាន់តែ​ជ្រៅ រហូត​ដល់​សាតាំង​ក្លាយ​ទៅ​ម្ចាស់​របស់​ពួកគេ ដោយ​ដកហូត​ចេញ​ពី​ពួកគេ​នូវ​ឱកាស​ដើម្បី​ប្រែចិត្ត ដើម្បី​ទទួល​បាន​ការអភ័យទោស និង​ទទួល​បាន​ពរជ័យ​នៃ​ភាពអស់កល្ប​ជានិច្ច​គ្រប់​បែប​យ៉ាង ។

ខ្ញុំ​បាន​ឮ​ដំណោះសារ​ជាច្រើន​ចេញ​ពី​មាត់​របស់​អស់​អ្នក​ដែល​ឈប់​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សាសនាចក្រ និង​ដែល​បាន​បាត់​បង់​ចុក្ខវិស័យ​ត្រឹមត្រូវ​នៃ​គោល​បំណង​របស់​យើង​នៅលើ​ផែនដី​នេះ ។ ខ្ញុំ​សូម​ទូន្មាន​ពួកគេ​ឲ្យ​សញ្ជឹង​គិត និង​ត្រឡប់​មក​វិញ ពីព្រោះ​ខ្ញុំ​ជឿ​ថា គ្មាន​នរណា​នឹង​អាច​ធ្វើ​ការ​ដោះសារ​ចំពោះ​ព្រះអម្ចាស់​យើង ព្រះយេស៊ូវគ្រីស្ទ​បាន​ឡើយ ។

ពេល​យើង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក យើង​បាន​ធ្វើ​សេចក្តីសញ្ញា—ពុំមែន​ជា​មួយ​បុគ្គល​ណា​ម្នាក់​ឡើយ ប៉ុន្តែ​ជាមួយ​ព្រះអង្គសង្គ្រោះ​វិញ ដោយ​សុខ​ចិត្ត « លើក​ដាក់​មក​លើ [ ខ្លួន​គេ ] នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ដោយ​ប្ដេជ្ញា​ថា នឹង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត » ។

ការចូល​រួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់​គឺជា​របៀប​ដ៏​សំខាន់​មួយ ដែល​យើង​អាច​វាយ​តម្លៃ​ទៅលើ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ដើម្បី​បម្រើ​ទ្រង់ ភាពរឹងប៉ឹង​ខាង​វិញ្ញាណ​របស់​យើង​និង​ការលូត​លាស់​នៃ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះ​យេស៊ូវគ្រីស្ទ ។

ការទទួលទាន​សាក្រាម៉ង់​គឺ​ជា​ទង្វើ​សំខាន់​បំផុត ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ព្រះអម្ចាស់​បាន​ពន្យល់​ប្រាប់​អំពី​ពិធីបរិសុទ្ធ​នេះ ទៅកាន់​ពួកសាវក​របស់​ទ្រង់ មុន​នឹង​ទ្រង់​សុគត ។ ទ្រង់​បាន​ធ្វើ​ដូចគ្នា​នៅ​លើ​ទ្វីប​អាមេរិក​ផងដែរ ។ ទ្រង់​ប្រាប់​យើង​ថា ប្រសិន​បើយើង​ចូល​រួម​ក្នុង​ពិធី​បរិសុទ្ធ​នេះ វា​នឹង​ក្លាយ​ជា​ទី​បន្ទាល់​មួយ ចំពោះ​ព្រះវរបិតា​ថា យើង​តែងតែ​ចងចាំ​អំពី​ទ្រង់​ជានិច្ច ហើយ​ទ្រង់​សន្យា​ថា យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង ។

ក្នុង​ការ​បង្រៀន​របស់​អាលម៉ា​កូន​ទៅកាន់​កូន​ប្រុស​របស់​គាត់​ឈ្មោះ ស៊ិបឡុន យើង​រក​ឃើញ​ពាក្យ​ទូន្មាន​ដ៏​វាងវៃ​និង​ការព្រមាន​ដែល​ជួយ​យើង ឲ្យ​នៅ​តែ​មាន​ភាពស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​យើង​ដូចនេះ ៖

« ចូរ​កូន​ប្រយ័ត្ន​កុំ​លើក​ខ្លួន​ឡើង​ទៅ​ជា​ឆ្មើងឆ្មៃ មែន​ហើយ ចូរ​ឲ្យ​ឃើញ​ថា កូន​មិន​អួតអាង​ក្នុង​ប្រាជ្ញា​ផ្ទាល់​របស់​កូន ឬ​ក្នុង​កម្លាំង​ដ៏​ច្រើន​របស់​កូន​ឡើយ ។

ចូរ​ប្រើ​សេចក្ដី​ក្លាហាន ប៉ុន្តែ​កុំ​កោងកាច ហើយ​ចូរ​ឲ្យ​ឃើញ​ថា កូន​ទប់​អស់​ទាំង​តណ្ហា​របស់​កូន ដើម្បី​ឲ្យ​កូន​អាច​បាន​ពោរពេញ ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ចូរ​ឲ្យ​ឃើញ​ថា កូន​ទប់​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ខ្ជិលច្រអូស » ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​ដែល​ខ្ញុំ​សម្រាក​វិស្សមកាល​ខ្ញុំ​ចង់​ទៅ​ជិះ​ទូក​កាយ៉ាក់​លើក​ដំបូង ។ ខ្ញុំ​បាន​ជួល​ទូក​កាយ៉ាក់​មួយ ហើយ​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង ខ្ញុំ​ក៏​បាន​រុញ​វា​ចុះ​ទៅ​ក្នុង​សមុទ្រ ។

ពីរបី​នាទី​ក្រោយ​មក រលក​មួយ​បាន​ធ្វើ​ឲ្យ​ទូក​កាយ៉ាក​ក្រឡាប់ ។ ដោយ​ប្រើ​កម្លាំង​យ៉ាង​ខ្លាំង ទាំង​ដៃ​ម្ខាង​កាន់​ចង្វា ហើយ​ដៃ​ម្ខាង​ទៀត​ចាប់​ទូក​កាយ៉ាក​នោះ​ខ្ញុំ​ក៏​អាច​ផ្ងារ​វា​មក​វិញ ។

ខ្ញុំ​បាន​ព្យាយាម​អុំ​ម្តង​ទៀត ប៉ុន្តែ​គ្រាន់​តែ​ពីរ​បី​នាទី​ក្រោយ​មក ទូក​កាយ៉ាក​ក៏​បាន​ក្រឡាប់​ម្តងទៀត ។ ខ្ញុំ​ខំ​ប្រឹងទាំង​ល្ងិតល្ងង់ ទាំង​គ្មាន​ជោគជ័យ​សោះ រហូត​ដល់​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​យល់​ពី​ទូក​កាយ៉ាក​បាន​ប្រាប់​ខ្ញុំ​ថា មាន​ស្នាម​ប្រេះ​នៅ​លើទូក ហើយ​ទឹក​បាន​ហូរ​ចូល បាន​ជា​វា​មិន​នឹង និង​ពិបាក​គ្រប់គ្រង​ដូច្នេះ ។ ខ្ញុំ​បាន​ទាញ​ទូក​កាយ៉ាក​មក​ច្រាំង​វិញ ហើយ​បាន​ដក​ឆ្នុក​ចេញ មើលចុះ​ពិត​ជា​មាន​ទឹក​ច្រើន​ក្នុង​ទូក​មែន ។

ខ្ញុំ​គិត​ថា ពេលខ្លះ​យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ជីវិត​ជាមួយ​អំពើ​បាប​ដែល​ដូច​ជា​ទឹក​ជ្រាប​ក្នុង​ទូក​កាយ៉ាក​របស់​ខ្ញុំ វា​រារាំង​ការរីក​លូតលាស់​ខាង​វិញ្ញាណ​របស់​យើង ។

ប្រសិន​បើ​យើង​រឹងរូស​ក្នុង​អំពើ​បាប​របស់​យើង យើង​ភ្លេច​សេចក្តីសញ្ញាដែល​យើង​បាន​ធ្វើ​ជាមួយ​ព្រះ​អម្ចាស់ ទោះជា​យើង​ព្យាយាម​ចង់​រីកចម្រើន​ក្ដី នោះ​ព្រោះ​តែ​ដំណើរ​ឃ្លីងឃ្លោង​ដែល​អំពើ​បាប​ទាំង​នោះ​បង្កើត​ឡើង​ក្នុង​ជីវិត​របស់​យើង ។

ដូច​ជា​ស្នាម​ប្រេះ​លើ​ទូក​កាយ៉ាក​របស់​ខ្ញុំ​ដែរ កំហុស​ទាំងឡាយ​ក្នុង​ជីវិត​យើង​ត្រូវ​តែ​យក​មក​ដោះ​ស្រាយ ។ អំពើ​បាប​ខ្លះ​នឹង​តម្រូវ​ឲ្យ​មាន​ការប្រឹងប្រែង​ប្រែចិត្ត​ឲ្យ​ខ្លាំង ។

ហេតុដូច្នេះ​ហើយ យើង​ត្រូវ​តែ​សួរ​ខ្លួន​យើង​ថា ៖ តើ​យើង​ស្ថិត​នៅ​ត្រង់​ចំណុច​ណា​ទាក់ទង​ទៅ​នឹង​អាកប្បកិរិយា​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង កិច្ចការ​របស់​ទ្រង់ ? តើ​យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​របស់​ពេត្រុស ពេល​ដែល​គាត់​បាន​បដិសេធ​ព្រះ​យេស៊ូវគ្រីស្ទ​នោះ​ឬ ? ឬ​មួយ​យើង​បាន​បោះ​ជំហាន​ទៅ​មុខ​រហូត​ទៅ​ដល់​ចំណុច​ដែល​យើង​មាន​អាកប្បកិរិយា និង​ការ​ប្តេជ្ញាចិត្ត​ដែល​គាត់​បាន​មាន ក្រោយ​ពី « ការត្រាស់​បង្គាប់​ដ៏​មហិមា » ដែល​គាត់​បាន​ទទួល​ពី​ព្រះ​អង្គសង្គ្រោះ ?

យើង​ត្រូវ​តែ​ខិត​ខំ​គោរព​តាម​បញ្ញត្តិ​ទាំងអស់ ហើយ​យកចិត្ត​ទុក​ដាក់​យ៉ាង​ផ្ចិតផ្ចង់​ចំពោះ​បញ្ញត្តិ​ដ៏​ពិបាក​បំផុត សម្រាប់​ឲ្យ​យើង​កាន់​តាម ។ ព្រះ​អម្ចាស់​នឹង​គង់​នៅ​ក្បែរ​យើង ជួយ​យើង​ក្នុង​គ្រា​ចាំបាច់ និង គ្រា​ទន់ខ្សោយ ហើយ​ប្រសិន​បើ​យើង​បង្ហាញ​នូវ​បំណង​ស្មោះ និង​អនុវត្ត​ស្រប​តាម នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ « អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ » ។

ការគោរព​ប្រតិបត្តិ​នឹង​ផ្តល់​កម្លាំង​ឲ្យ​យើង​យក​ឈ្នះ​លើ​អំពើ​បាប ។ យើង​ក៏​ត្រូវ​យល់​ដែរ​ថា ការសាកល្បង​នៃ​សេចក្តីជំនឿ​របស់​យើង តម្រូវ​ឲ្យ​យើង​គោរព​តាម ទោះ​មិន​ដឹង​អំពី​លទ្ធផល​ក្ដី ។

ខ្ញុំ​សូម​ផ្តល់​យោបល់​នូវ​មធ្យោបាយ​មួយ ដែល​នឹង​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ ៖

  1. អធិស្ឋាន ហើយ​អាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ។

  2. ទទួលទាន​សាក្រាម៉ង់​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប រៀងរាល់​សប្តាហ៍ ។

  3. ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​តមអាហារ​របស់​យើង​រៀងរាល់​ខែ ។

  4. បន្ត​សុពលភាព​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​—រៀង​រាល់​ពីរឆ្នាំ—ហើយ​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​យុវវ័យ ។

  5. បម្រើ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ពេញ​មួយ​ជីវិត​របស់​យើង ។

សូម​ឲ្យ​សេចក្ដីពិត​ដ៏​មហិមា​នៃ​ដំណឹង​ល្អ​ទប់​ចិត្ត​គំនិត​របស់​យើង ហើយ​សូម​ឲ្យ​ជីវិត​របស់​យើង​បាន​ស្អាត​ពី​កំហុស​ទាំងឡាយ ដែល​នឹង​រារាំង​ដំណើរ​សុវត្ថិភាព​របស់​យើង ឆ្លង​កាត់​សមុទ្រ​នៃ​ជីវិត​នេះ​ឡើយ ។

ជ័យជម្នះ​តាម​របៀប​របស់​ព្រះ​អម្ចាស់​មាន​តម្លៃ​មួយ ហើយ​របៀប​តែ​មួយ​ដើម្បី​សម្រេច​បាន​ជ័យជម្នះ​នេះ​គឺ​ត្រូវ​បង់​ថ្លៃ​តម្លៃ​នោះ ។

ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ដែល​ព្រះ​អង្គសង្គ្រោះ​របស់​យើង​បាន​កាន់ខ្ជាប់​រហូត​ដល់​ទីបញ្ចប់ ដោយ​បំពេញ​នូវ​ពលិកម្មធួន​ដ៏​មហិមា​របស់​ទ្រង់ ។

ទ្រង់​បាន​រងគ្រោះ​សម្រាប់​អំពើ​បាប ការ​ឈឺចាប់ ការ​ធ្លាក់​ទឹក​ចិត្ត ភាពតានតឹង ភាពឈឺចាប់ និង​ការភ័យ​ខ្លាច​របស់​យើង និង​ហេតុ​ដូច្នេះហើយ ទ្រង់​ជ្រាប​អំពី​របៀប​ជួយ​យើង ដើម្បី​ឲ្យ​យើង​អាច​កាន់ខ្ជាប់ និង ទទួល​បាន​មកុដ ដែល​ត្រូវ​បាន​រក្សាទុក​សម្រាប់​អស់​អ្នក​ដែល​មិន​បាន​ទទួល​ចុះ​ចាញ់ ។

ជីវិត​មាន​សភាព​ខុស​គ្នា​ចំពោះ​យើង​ម្នាក់ៗ ។ យើង​រាល់​គ្នា​មាន​គ្រា​ទុក្ខ​លំបាក​គ្រា​មាន​សុភមង្គល គ្រា​ធ្វើ​ការ​សម្រេច​ចិត្ត​គ្រា​យក​ឈ្នះ​ឧបសគ្គ និង​គ្រា​ឈោង​ដៃ​ចាប់​យក​ឱកាស​នានា ។

ថ្វី​បើ​ស្ថានភាព​ផ្ទាល់​ខ្លួន​របស់​យើង​មាន​ទំហំ​ប៉ុណ្ណា​ក៏​ដោយ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ព្រះ​វរបិតាសួគ៌​កំពុង​តែ​មាន​បន្ទូល​ជាញយៗ​ថា « បិតា​ស្រឡាញ់​បុត្រ ។ បិតា​គាំទ្រ​បុត្រ ។ បិតា​គង់​នៅ​ជាមួយ​បុត្រ ។ សូម​កុំ​ចុះចាញ់ ។ ប្រែចិត្ត និង​ស៊ូទ្រាំ​នៅ​ក្នុង​ផ្លូវ​ដែល​បិតា​បាន​បង្ហាញ​ដល់​បុត្រ​ចុះ។ បិតា​សូម​បញ្ជាក់​ដល់​បុត្រ​រាល់​គ្នា​ថា យើង​នឹង​ជួប​គ្នា​ម្តង​ទៀត នៅក្នុង​ព្រះដំណាក់​សេឡេស្ទាល​របស់​បិតា » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។