« នៅជាមួយ និង ចម្រើនកម្លាំងពួកគេ »
ការអធិស្ឋានរបស់ពួកយើងនាថ្ងៃនេះគឺសូមឲ្យបុរសស្ត្រីគ្រប់រូបពេលចាកចេញពីសន្និសីទនេះទៅ នឹងមានការតាំងចិត្តកាន់ខ្លាំងដើម្បីមើលថែគ្នាទៅវិញទៅមកដោយអស់ពីដួងចិត្ត ។
ដើម្បីនិយាយឡើងវិញនូវអ្វីដែល រ៉ាហ្វ វ៉ាលដូ អ៊ីមើរសុន គឺថា គ្រាដ៏មានការចងចាំបំផុតនៅក្នុងជីវិតគឺគ្រាទាំងឡាយដែលយើងដឹងពីភាពបន្ទាន់របស់វិវរណៈ ។ ប្រធាន ណិលសុន ខ្ញុំពុំដឹងថាយើងនឹងមាន « ការប្រញាប់ប្រញាល់ » ច្រើនប៉ុណ្ណាទៀតទេ ដែលពួកយើងអាចធ្វើបានចុងសប្ដាហ៍នេះ។ ពួកយើងមួយចំនួនមានដួងចិត្តទន់ខ្សោយ ។ ប៉ុន្តែនៅពេលខ្ញុំគិតអំពីវា បងប្អូនអាចធ្វើបានអ្វីៗទាំងអស់នោះផងដែរ ។ ព្យាការីគឺអស្ចារ្យអញ្ចឹង !
នៅក្នុងស្មារតីនៃការប្រកាសដ៏អស្ចារ្យរបស់ប្រធានណិលសុន និងទីបន្ទាល់កាលពីយប់មិញ និងព្រឹកនេះ ខ្ញុំថ្លែងជាសាក្សីផ្ទាល់ខ្លួនថា ការកែប្រែទាំងនេះគឺជាគំរូនៃវិវរណៈដែលបានដឹកនាំសាសនាចក្រនេះចាប់តាំងពីដើមដំបូងមក ។ ប៉ុន្ដែវាក៏ជាភស្ដុតាងថា ព្រះអម្ចាស់ កំពុងពន្លឿនកិច្ចការរបស់ទ្រង់តាមជំនាន់នៃសាសនាចក្រ ។
ចំពោះអស់អ្នកដែលចង់ដឹងលម្អិតអំពីរឿងទាំងនេះ សូមដឹងថា នៅចុងបញ្ចប់នៃសម័យប្រជុំសន្និសីទនេះភ្លាម ដំណើរតៗទៀត នឹងត្រូវបញ្ជូនសំបុត្រមួយមកពីគណៈប្រធានទីមួយទៅដល់សមាជិកទាំងអស់ក្នុងសាសនាចក្រចំពោះអ្នកដែលយើងមានអាសយដ្ឋានអ៊ីម៉ែល ។ សំណួរ និង ចម្លើយចំនួនប្រាំពីរទំព័រនឹងត្រូវភ្ជាប់មកជាមួយសម្រាប់ថ្នាក់ដឹកនាំបព្វជិតភាព និងថ្នាក់ដឹកនាំអង្គការជំនួយទាំងអស់ ។ ទីបំផុត ឯកសារទាំងឡាយនឹងត្រូវដាក់នៅលើគេហទំព័រភ្លាមនៅ ministering.LDS.org ។ « ចូរសុំនោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ » ។
ឥឡូវនេះគឺជាការចាត់តាំងដ៏អស្ចារ្យដែលប្រធានណិលសុនបានផ្តល់ដល់ខ្ញុំ និងស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ។ បងប្អូនប្រុសស្រី កាលណាកិច្ចការនៃសាសនាចក្រមានភាពចាស់ទុំខាងរចនាសម្ព័ន្ធ នោះវាបង្ហាញយ៉ាងច្បាស់ថា យើងគួរតែមានភាពចាស់ទុំផ្ទាល់ខ្លួនផងដែរ—ដែលម្នាក់ៗងើបឡើងចេញពីទម្លាប់ធ្វើការដដែលៗដោយគ្មានការគិតគូរដែលព្រះអង្គសង្គ្រោះបានបង្ហាញចេញពីព្រះទ័យទ្រង់អំពីភាពជាសិស្សនៅចុងបញ្ចប់នៃការបម្រើនៅលើផែនដីរបស់ទ្រង់ ។ នៅពេលទ្រង់ហៀបនឹងចេញពីក្រុមអ្នកដើរតាមទ្រង់ដែលស្លូតត្រង់ ហើយនៅមានភាពច្របូកច្របល់ខ្លះៗនោះ ទ្រង់ពុំបានធ្វើបញ្ជីនៃជំហានការគ្រប់គ្រងរាប់រយមុខ ដែលពួកគេត្រូវធ្វើ ឬហុចឲ្យពួកគេនូវរបាយការណ៍ដ៏ច្រើនដើម្បីបំពេញនៅក្នុងរបាយការណ៍ទាំងឡាយទេ ។ ទេ ទ្រង់បានសង្ខេបកិច្ចការរបស់ពួកគេនៅក្នុងបទបញ្ញត្តិគ្រឹះមួយ ដែលទ្រង់មានបន្ទូលថា ៖ « ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ។… « គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯងគឺ ដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក » ។
ជាការខិតខំរំកិលពួកយើងឲ្យខិតទៅកាន់តែជិតនឹងដំណឹងល្អដ៏ឥតខ្ចោះ ការបម្រើនៃបព្វជិតភាព និងសមាគមសង្គ្រោះដែលបានប្រកាសថ្មីៗនេះ នឹងដាក់បញ្ចូលនូវធាតុដូចខាងក្រោម ដែលជាធាតុមួយចំនួនសមាគមសង្គ្រោះបានទទួលជោគជ័យដ៏ល្អរួចទៅហើយក្នុងចំណោមធាតុដទៃៗទៀត ។
-
យើងនឹងឈប់ប្រើពាក្យថា ការបង្រៀនតាមផ្ទះ និងការសួរសុខទុក្ខតាមផ្ទះទៀតហើយ ។ ដែលភាគខ្លះ ពីព្រោះកិច្ចខិតខំបម្រើភាគច្រើនរបស់យើងនឹងទៅតាមស្ថានភាពជាជាងតាមផ្ទះ ហើយភាគខ្លះទៀត ដោយសារទំនាក់ទំនងរបស់យើងមិនកំណត់ដោយការបង្រៀនមេរៀនដែលបានរៀបចំនោះទេ តែមេរៀនជាក់លាក់អាចត្រូវបានចែកចាយ បើវាចាំបាច់ ។ គោលបំណងចម្បងនៅក្នុងការទំនាក់ទំនងការបម្រើ ដូចជាប្រជាជនជំនាន់អាលម៉ាបាននិយាយថា « ថែទាំដល់ប្រជាជន… ហើយផ្ដល់ដល់គេនូវអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ។
-
យើងនឹងបន្ដទៅសួរសុខទុក្ខតាមផ្ទះពេលអាចធ្វើទៅបាន ប៉ុន្តែស្ថានភាពក្នុងមូលដ្ឋានដូចជា មានចំនួនច្រើន ចម្ងាយផ្លូវឆ្ងាយ សុវត្ថិភាពផ្ទាល់ខ្លួន និងស្ថានភាពលំបាកដទៃទៀតអាចនឹងរារាំងយើងមិនឲ្យទៅគ្រប់ផ្ទះគ្រប់ខែបាន ។ ដូចគណៈប្រធានទីមួយបានប្រឹក្សាជាច្រើនឆ្នាំកន្លងទៅថា ចូរខំឲ្យអស់ពីលទ្ធភាពរបស់បងប្អូនដែលបងប្អូនមាន ។ បន្ថែមពីលើកាលវិភាគដែលបងប្អូនបានបង្កើតសម្រាប់ការសួរសុខទុក្ខធម្មតា កាលវិភាគនោះអាចត្រូវបានបន្ថែមដោយការទូរសព្ទ ការសរសេរសំបុត្រខ្លីៗ ការផ្ញើសា អ៊ីម៉ែល និយាយតាមវីដេអូ ការសន្ទនានៅពេលជួបនៅព្រះវិហារ ចែកចាយគម្រោងបម្រើ សកម្មភាពសង្គម និងលទ្ធភាពជាច្រើនមកពីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅទូទាំងពិភពលោក ។ ទោះជាយ៉ាងណា ខ្ញុំគួរតែសង្កត់ធ្ងន់ថា ទស្សននៃការចូលរួមថ្មីនេះ ពុំបញ្ចូលទាំងអាកប្បកិរិយាដ៏គួរឲ្យខ្មាសអៀនដែលខ្ញុំបានឃើញថ្មីៗនេះដោយការបិទស្លាកនៅក្រោយរថយន្ដមួយនោះទេ ។ វាអានថា « បើខ្ញុំស៊ីផ្លេរដាក់អ្នក នោះអ្នកត្រូវបានទទួលការបង្រៀនតាមផ្ទះហើយ» ។ សូម សូមបងប្អូនប្រុស ( បងប្អូនស្រីកុំមានអារម្មណ៍ថា ខុសចំពោះរឿងនោះឡើយ—ខ្ញុំនិយាយនេះគឺចំពោះបងប្អូនប្រុសក្នុងសាសនាចក្រ ) ជាមួយនឹងការកែតម្រូវនេះ យើងចង់មានការមើលថែ និងការខ្វល់ខ្វាយកាន់តែច្រើនឡើង មិនមែនកាន់តែតិចទៅនោះទេ ។
-
ជាមួយនឹងគោលគំនិតនៃការបម្រើថ្មី និងកាន់តែផ្ដោតទៅលើដំណឹងល្អនេះ ខ្ញុំមានអារម្មណ៍ថា បងប្អូនចាប់ផ្ដើមភ័យអំពីអ្វីដែលត្រូវរាប់នៅលើរបាយការណ៍ ។ មែនហើយ សូមបន្ធូរអារម្មណ៍ ពីព្រោះវាគ្មានរបាយការណ៍ទេ—យ៉ាងហោចណាស់ពុំមែននៅថ្ងៃទី ៣១ ខែនេះទេ « ខ្ញុំទើបតែបានបញ្ចប់របាយការណ៍របស់ខ្ញុំ » ។ នៅត្រង់ចំណុចនេះ ពួកយើងកំពុងព្យាយាមមានភាពចាស់ទុំហើយ ។ មានរបាយការណ៍តែមួយគត់ ដែលនឹងធ្វើឡើង គឺចំនួនការសម្ភាសន៍ដែលអ្នកដឹកនាំមានជាមួយនឹងដៃគូបម្រើនៅក្នុងវួដនៅត្រីមាសនោះ ។ មិត្តរបស់ខ្ញុំអើយ ការសម្ភាសន៍ទាំងនេះគឺសំខាន់ណាស់ ។ បើគ្មានព័ត៌មាននោះទេ ប៊ីស្សពនឹងគ្មានផ្លូវណាទទួលបានព័ត៌មានដែលគាត់ត្រូវការទាក់ទងនឹងស្ថានភាពខាងជីវិត និងខាងសាច់ឈាមរបស់សមាជិកគាត់ឡើយ ។ សូមចាំថា ៖ បងប្អូនប្រុសដែលផ្ដល់ការបម្រើ តំណាងឲ្យគណៈប៊ីស្សព និងគណៈប្រធានកូរ៉ុមអែលឌើរ ប៉ុន្ដែពុំជំនួសពួកគាត់ឡើយ ។ កូនសោទាំងឡាយរបស់ប៊ីស្សព និងប្រធានកូរ៉ុម នឹងលើសជាងកម្មវិធីការងារបម្រើនេះទៅទៀត ។
-
ដោយសាររបាយការណ៍នេះខុសពីអ្វីដែលបងប្អូនបានដាក់បញ្ជូនកាលពីអតីតកាល ខ្ញុំសូមសង្កត់ធ្ងន់ថា នៅទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ យើង ពុំចាំបាច់ត្រូវដឹងពី របៀប ឬ ទីកន្លែង ឬ ពេលវេលា ដែលបងប្អូនទំនាក់ទំនងនឹងរាស្ត្ររបស់បងប្អូន យើងគ្រាន់តែយកចិត្តទុកដាក់ថា បងប្អូន ធ្វើ ហើយថា បងប្អូនផ្តល់ពរដល់អ្នកគ្រប់មធ្យោបាយដែលអ្នកអាចធ្វើបាន ។
បងប្អូនប្រុសស្រីទាំងឡាយ យើងទទួលបានឱកាសដែលបានបញ្ជូនមកពីស្ថានសួគ៌នៅទូទាំងសាសនាចក្រ…ដើម្បីបង្ហាញពី « សាសនាបរិសុទ្ធនៅចំពោះព្រះ »—« ដើម្បីរែកបន្ទុកគ្នាទៅវិញទៅមក ដើម្បីពួកគេអាចបានស្រាល និងលួងលោមចិត្តដល់អស់អ្នកដែលត្រូវការការលួងលោមចិត្ត » បម្រើដល់ស្ត្រីមេម៉ាយ និងកុមារកំព្រាអ្នកដែលរៀបការ និងអ្នកនៅលីវ ទាំងអ្នករឹងមាំ និងអ្នកមានបញ្ហា ទាំងអ្នករងទុក្ខ និងអ្នកមានសុខភាពល្អ ទាំងអ្នកសប្បាយ និងអ្នកកើតទុក្ខ—ជារួមគឺពួកយើងទាំងអស់គ្នា ពួកយើងម្នាក់ៗ ដោយសារយើងទាំងអស់គ្នាត្រូវការអារម្មណ៍មិត្តភាពកក់ក្ដៅ ហើយស្ដាប់ឮការប្រកាសពីសេចក្ដីជំនឿដោយមុតមាំ ។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះថ្មី ភាពបត់បែនថ្មី និងរបាយការណ៍បន្ដិចបន្ដួច នឹងពុំមានភាពខុសគ្នាខ្លាំងទេនៅក្នុងការបម្រើរបស់យើង លុះត្រាតែយើងមើលឃើញរឿងនេះជាការអញ្ជើញឲ្យមើលថែទាំគ្នាទៅវិញទៅមកតាមរបៀបថ្មីកាន់តែបរិសុទ្ធ ហើយចំៗ ។ នៅពេលយើងបើកភ្នែកខាងវិញ្ញាណរបស់យើងមើលទៅរកការរស់នៅតាមក្រឹត្យវិន័យនៃសេចក្ដីស្រឡាញ់ដែលកាន់តែសាកល នោះយើងនឹងគោរពចំពោះជំនាន់ជាច្រើនដែលបានបម្រើតាមរបៀបនោះអស់ជាច្រើនឆ្នាំមក ។ ខ្ញុំសូមកត់ចំណាំគំរូថ្មីៗមួយអំពីការលះបង់ដូច្នោះ ដោយសង្ឃឹមថា មនុស្សជាច្រើននឹងចាប់យកបទបញ្ញត្តិរបស់ព្រះអម្ចាស់ឲ្យ « នៅជាមួយ និងចម្រើនកម្លាំងពួកគេ » បងប្អូនប្រុសស្រីរបស់យើង ។
ថ្ងៃអាទិត្យមួយកាលពីថ្ងៃទី ១៤ ខែមករា វេលាម៉ោងជាង ៥:០០ ល្ងាចបន្តិច មិត្តវ័យក្មេងរបស់ខ្ញុំ ប្រេត និង គ្រីស្ទីន ហាំប្លីន កំពុងនិយាយគ្នានៅផ្ទះរបស់ពួកគេនៅ ថេមផេ អារីស្សូណា បន្ទាប់ពីថ្ងៃដែល ប្រេត បានបម្រើនៅក្នុងគណៈប៊ីស្សព ហើយ គ្រីស្ទីន រវល់មើលថែដល់កូនប្រាំនាក់របស់ពួកគេ ។
រំពេចនោះ គ្រីស្ទីន ដែលហាក់ដូចជាបានរស់នៅដោយជោគជ័យពីជំងឺមហារីកសុដនកាលពីឆ្នាំមុន បានដួលសន្លប់បាត់ស្មារតី ។ ពេលបានទូរសព្ទទៅលេខ ៩១១ នោះក្រុមជួយសង្គ្រោះបន្ទាន់បានមក ព្យាយាមជួយសង្គ្រោះគាត់យ៉ាងខ្លាំង ។ នៅពេលប្រេត បានអធិស្ឋានទូលអង្វរ នោះគាត់បានទូរសព្ទយ៉ាងលឿនទៅមនុស្សពីរនាក់ ៖ ទីមួយគឺម្ដាយរបស់គាត់ដើម្បីជួយមើលថែកូនៗ ហើយមួយទៀតទៅ អែតវីន ផតធើរ ដែលជាគ្រូបង្រៀនតាមផ្ទះរបស់គាត់ ។ ក្រោយមកការសន្ទនារបស់ពួកគេមានដូចខាងក្រោម ៖
អែតវីន ដោយបានកត់សម្គាល់អត្តសញ្ញាណអ្នកទូរសព្ទបាន និយាយថា « សួស្ដី ប្រេត សុខសប្បាយទេ ? »
ចម្លើយយ៉ាងខ្លាំងរបស់ ប្រេត គឺថា ៖ « ខ្ញុំត្រូវការជំនួយអ្នកឥឡូវនេះ ! »
ប្រេត រាប់ថា នៅប៉ុន្មាននាទីក្រោយ នោះបងប្អូនបព្វជិតភាពរបស់គាត់បានមកនៅជិតគាត់ ជួយមើលកូនៗ ហើយជួយបើកឡានជូនបងប្រុស ហាំប្លីន ទៅមន្ទីរពេទ្យនៅពីក្រោយឡានពេទ្យដែលដឹកប្រពន្ធរបស់គាត់ ។ រយៈពេលតិចជាង ៤០ នាទី បន្ទាប់ពីគាត់បានបិទភ្នែកលើកដំបូងរបស់គាត់ ពេទ្យបានប្រាប់ថា គ្រីស្ទីន បានស្លាប់ហើយ ។
នៅពេល ប្រេត យំ អែតវីន បានឱបគាត់នៅក្នុងដៃ ហើយយំជាមួយគាត់—អស់រយៈពេលយ៉ាងយូរ ។ បន្ទាប់មក អែតវីនបានទុក ប្រេត ឲ្យនៅជាមួយនឹងសមាជិកគ្រួសារដទៃទៀត រួចគាត់បានបើកឡានទៅផ្ទះរបស់ប៊ីស្សពប្រាប់គាត់អំពីអ្វីដែលទើបបានកើតឡើង ។ ប៊ីស្សពបានចាប់ផ្ដើមទៅមន្ទីរពេទ្យភ្លាម ខណៈដែល អែតវីន បើកឡានទៅផ្ទះរបស់គ្រួសារហាំប្លីន ។ នៅទីនោះ គាត់ និងប្រពន្ធគាត់ឆាលឡុត ដែលបានមកជាមួយបាននៅរត់លេងជាមួយនឹងកូនទាំងប្រាំនាក់ដែលឥឡូវកំព្រាម្ដាយ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ចុះទៅដល់ ៣ ឆ្នាំ ។ ពួកគេបានផ្តល់អាហារពេលល្ងាចសម្រាប់ពួកគេ បានហាត់ចម្រៀងដែលពុំបានរៀបចំទុក ហើយបានជួយពួកគេរៀបចំចូលដេក ។
ក្រោយមក ប្រេត បានប្រាប់ខ្ញុំថា « ផ្នែកដ៏អស្ចារ្យនៃរឿងនេះគឺពុំមែន អែតវីន បានមកដល់ពេលគាត់ទូរសព្ទហៅនោះទេ ។ នៅពេលមានអាសន្ន នោះតែងតែមានមនុស្សមានឆន្ទៈចង់ជួយនោះទេ ។ ទេ ផ្នែកដ៏អស្ចារ្យនៃរឿងនេះគឺថា គាត់ជាមនុស្សម្នាក់ដែលខ្ញុំបានគិតដល់ ។ មានមនុស្សដទៃទៀតនៅជុំវិញ ។ គ្រីស្ទីន មានបងប្អូនប្រុសស្រីដែលរស់នៅចម្ងាយជាង ៣ ម៉ែលពីគ្នា ។ យើងមានប៊ីស្សពដ៏ល្អ ។ ប៉ុន្តែទំនាក់ទំនងរវាង អែតវីន និងខ្ញុំគឺថាជាអារម្មណ៍ស្វ័យប្រវត្តិមួយឲ្យទូរសព្ទទៅគាត់នៅពេលខ្ញុំត្រូវការជំនួយ ។ សាសនាចក្រផ្ដល់ដល់យើងនូវរបៀបដ៏ល្អមួយដើម្បីរស់នៅតាមបទបញ្ញត្តិទីពីរបានកាន់តែល្អប្រសើរ—ដើម្បីស្រឡាញ់ បម្រើ និងអភិវឌ្ឍទំនាក់ទំនងជាមួយនឹងបងប្អូនប្រុសស្រីរបស់យើង ដែលជួយយើងឲ្យកាន់តែខិតជិតព្រះ » ។
អែតវីន បាននិយាយអំពីបទពិសោធន៍ថា « ផ្ទុយទៅវិញ នៅក្នុងរឿងនេះគឺថា ប្រេត ធ្លាប់ធ្វើជាគ្រូបង្រៀនតាមផ្ទះរបស់គ្រួសារយើងយូរជាងខ្ញុំធ្វើជាគ្រូបង្រៀនតាមផ្ទះរបស់គាត់ ។ ក្នុងរយៈពេលនោះ គាត់បានមកសួរសុខទុក្ខយើងក្នុងនាមជាមិត្តច្រើនជាងការចាត់តាំង ។ គាត់បានធ្វើជាគំរូដ៏អស្ចារ្យ ជាគំរូដ៏ល្អនៃអ្វីដែលអ្នកកាន់បព្វជិតភាពសកម្ម និងចូលរួមចំណែកគួរធ្វើ ។ ភរិយារបស់ខ្ញុំ កូនប្រុសរបស់ពួកយើង—ពុំមើលទៅគាត់ថា ជាមនុស្សម្នាក់ដែលមានកាតព្វកិច្ចនាំយកសារលិខិតមួយមកកាន់យើងនៅចុងខែនីមួយៗនោះទេ ពួកយើងគិតថា គាត់ជាមិត្តម្នាក់ដែលបានរស់នៅជិតខាង ដែលនឹងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះដើម្បីផ្តល់ពរដល់ពួកយើង ។ ខ្ញុំរីករាយដែលខ្ញុំអាចបង់ថ្លៃតែបន្ដិចបន្ដួចចំពោះគុណដែលខ្ញុំបានជំពាក់គាត់ » ។
បងប្អូនប្រុសស្រី ខ្ញុំសូមចូលរួមនឹងបងប្អូនគោរពដល់គ្រូបង្រៀនទាំងអស់ និងគ្រូបង្រៀនក្នុងវួដ និងគ្រូបង្រៀនតាមផ្ទះ និងគ្រូបង្រៀនសួរសុខទុក្ខដែលបានស្រឡាញ់ ហើយបម្រើដោយស្មោះត្រង់នៅក្នុងប្រវត្តិសាស្ត្ររបស់យើង ។ ការអធិស្ឋានរបស់យើងនាថ្ងៃនេះគឺសូមឲ្យបុរសស្ត្រីគ្រប់រូប—នឹងយុវជនយុវនារីវ័យចំណាស់របស់យើង—នឹងចាកចេញពីសន្និសីទទូទៅនេះដោយមានការតាំងចិត្តកាន់តែខ្លាំងចំពោះការថែទាំដោយអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដែលជំរុញទឹកចិត្តតែតាមរយៈសេចក្ដីស្រឡាញ់សុទ្ធសាធរបស់ព្រះគ្រីស្ទដើម្បីធ្វើដូច្នោះប៉ុណ្ណោះ ។ មិនថាយើងមានអារម្មណ៍ខ្វះសមត្ថភាព ឬមានកម្រិតបែបណាទេ—ហើយយើងទាំងអស់គ្នាមានឧបសគ្គអ្វីក៏ដោយ—សូមឲ្យយើងធ្វើការជាមួយព្រះអម្ចាស់នៃចម្ការទំពាំងបាយជូរ ដើម្បីជួយដល់ព្រះវរបិតារបស់យើងឆ្លើយតបនឹងការអធិស្ឋាន ផ្ដល់ការលួងលោមចិត្ត ជូតទឹកភ្នែក និងពង្រឹងជង្គង់ដែលញ័រ ។ បើយើងនឹងធ្វើដូចនោះ យើងនឹងកាន់តែក្លាយជាសិស្សពិតរបស់ព្រះគ្រីស្ទ ដែលយើងគួរប្រែក្លាយ ។ សូមឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដូចទ្រង់បានស្រឡាញ់យើង ខ្ញុំអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន