ព្រះគ្រីស្ទទ្រង់បានរស់ឡើងវិញ
ថ្ងៃនេះជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ។ ខ្ញុំសូមធ្វើជាសាក្សីដោយគារវភាព និងថ្លែងទីបន្ទាល់ជាឱឡារិកអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់—ទ្រង់បាន « សុគត ត្រូវបានបញ្ចុះ ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ កាលពួកកូនប្រុសរបស់យើងនៅក្មេង ខ្ញុំបាននិទានរឿងពេលមុនចូលគេងអំពីកូនឆ្កែ និងចម្រៀងដ៏ពីរោះមុនចូលគេងរួមទាំងបទ « ព្រះគ្រីស្ទទ្រង់បានរស់ឡើងវិញ ! » ជួនកាលដោយការលេងសើចខ្ញុំបានប្តូរទំនុកបទនោះថា ៖ ឥឡូវនេះដល់ម៉ោងចូលគេងហើយ—ហាលេលូយ៉ា ។ ជាធម្មតា ពួកកូនប្រុសរបស់យើងងងុយដេកភ្លាម ឬយ៉ាងហោចណាស់ ពួកគេដឹងថា ប្រសិនបើពួកគេដេក នោះខ្ញុំនឹងឈប់ច្រៀង ។
ពាក្យសម្តី—យ៉ាងហោចណាស់ជាពាក្យខ្ញុំផ្ទាល់—ពុំអាចបង្ហាញអំពីអារម្មណ៍ដ៏លើសលុបបានឡើយ ចាប់តាំងពីពេលដែលប្រធាន រ័សុល អិម ណិលសុន ដោយក្តីស្រឡាញ់ បានចាប់ដៃរបស់ខ្ញុំ ជាមួយនឹងភរិយាជាទីស្រឡាញ់របស់ខ្ញុំ ស៊ូសានដែលនៅក្បែរខ្ញុំ ហើយផ្តល់ការហៅបម្រើក្នុងមុខងារដ៏ពិសិដ្ឋនេះមកពីព្រះអម្ចាស់ ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយទុកឲ្យខ្ញុំយំជាច្រើនដងក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ ។
ថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរនេះ ខ្ញុំសូមច្រៀងដោយរីករាយនូវពាក្យ « ហាលេលូយ៉ា » ។ ចម្រៀងនៃសេចក្តីស្រឡាញ់ដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ សាទរដល់ភាពចុះសម្រុងគ្នានៃសេចក្តីសញ្ញា ( ដែលភ្ជាប់ពួកយើងទៅនឹងព្រះ និងភ្ជាប់រវាងគ្នានឹងគ្នា ) និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( ដែលជួយយើងឲ្យសម្រាតចោលភាពជាមនុស្សប្រុសស្រីខាងសាច់ឈាម ហើយព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ) ។
ទាំងសេចក្តីសញ្ញារបស់យើង និងដង្វាយធួននៃព្រះអង្គសង្គ្រោះរបស់យើង ពង្រឹងយើងនូវអ្វីដែលយើងពុំអាចធ្វើបាន ហើយធ្វើឲ្យយើងកាន់តែថ្លៃថ្នូរឡើង ។ អ្វីៗទាំងនោះជួយយើងឲ្យស្មោះត្រង់ចំពោះដំណឹងល្អ និងបោះបង់អំពើបាបចោល ។ អ្វីៗទាំងនោះធ្វើឲ្យមានភាពផ្អែមល្ហែម គង់វង្ស ញែកជាបរិសុទ្ធ និងប្រោសលោះ ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា ៖ « ការណ៍នេះអាចមើលទៅថា ជាគោលលទ្ធិមួយដ៏ធំដុំណាស់ ដែលយើងយកមកនិយាយថា—អំណាចដែលកត់ ឬចងនៅផែនដី ហើយចងទុកនៅស្ថានសួគ៌ដែរ ។ ទោះជាយ៉ាងណាក៏ដោយ គង់តែនៅគ្រប់សម័យលោក កាលណាព្រះអម្ចាស់ទ្រង់បានប្រទាននូវការកាន់កាប់ត្រួតត្រានៃបព្វជិតភាពដល់មនុស្សណាម្នាក់ ឬមនុស្សមួយក្រុម ដោយវិវរណៈប្រាកដ នោះអំណាចនេះក៏ត្រូវបានប្រទានឲ្យជាដរាបដែរ » ។
ហើយវាក៏ដូច្នោះផងដែរនាសព្វថ្ងៃនេះ ។ សេចក្ដីសញ្ញា និងពិធិបរិសុទ្ធពិសិដ្ឋ ដែលពុំមាននៅកន្លែងផ្សេងទៀតកំពុងត្រូវបានទទួលនៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ចំនួន១៥៩ កន្លែងនៅក្នុង ៤៣ ប្រទេស ។ ពរជ័យដែលបានសន្យាកើតមានតាមរយៈកូនសោបព្វជិតភាពគោលលទ្ធិ និងសិទ្ធិអំណាចដែលបានស្តារឡើងវិញ ដោយឆ្លុះបញ្ចាំងអំពីសេចក្តីជំនឿ ការគោរពប្រតិបត្តិរបស់យើង និងការសន្យានៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ មកដល់ពួកយើងនៅក្នុងជំនាន់របស់យើង នៅក្នុងគ្រានេះ និងអស់កល្បជានិច្ច ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់នៅគ្រប់សាសន៍ ពូជមនុស្ស និងភាសា នៅក្នុងសាសនាចក្ររបស់យើងទូទាំងពិភពលោក សូមអរគុណចំពោះសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីសប្បុរសរបស់បងប្អូននៅគ្រប់ជំហានទាំងអស់ ។ សូមអរគុណចំពោះការបម្រូលផ្តុំភាពពេញលេញនៃបទពិសោធន៍ និងទីបន្ទាល់អំពីដំណឹងល្អដែលបានស្តារឡើងវិញ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងគឺជាបងប្អូននឹងគ្នា ។ យើងអាចមាន « ចិត្តចងក្រងរួមគ្នាដោយសាមគ្គី និងដោយសេចក្តីស្រឡាញ់ » គ្រប់សេចក្ដី និងគ្រប់ទីកន្លែង ។ ដូចព្រះអម្ចាស់យេស៊ូវគ្រីស្ទអញ្ជើញយើងម្នាក់ៗទោះបីជាយើងនៅទីណាក្តី កាលៈទេសៈយើងបែបណាក្តី « ចូរតាមខ្ញុំទៅមើល » ។
ថ្ងៃនេះខ្ញុំសូមទូលអង្វរដោយរាបសា « ដោយអស់ពីកម្លាំងនៃព្រលឹងខ្ញុំ » ទោះវាជាអ្វី ឬប្រែជាអ្វីក៏ដោយ ចំពោះព្រះអង្គសង្គ្រោះរបស់ខ្ញុំ ចំពោះភរិយាជាទីស្រឡាញ់របស់ខ្ញុំ សូសាន និងក្រុមគ្រួសាររបស់យើង ចំពោះពួកបងប្អូនប្រុសរបស់ខ្ញុំ និងចំពោះបងប្អូនគ្រប់គ្នាដែលជាបងប្អូនប្រុសស្រីដ៏ជាទីស្រឡាញ់ ។
អ្វីៗទាំងអស់ដែលមានតម្លៃ ហើយអស់កល្បគឺបានផ្តោតទៅលើភាពពិតដ៏រស់រវើកនៃព្រះជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ច និងព្រះរាជបុត្រាទ្រង់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ដែលបានធ្វើជាសាក្សីដោយព្រះវិញ្ញាណបរិសុទ្ធ ។ ថ្ងៃនេះជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ។ ខ្ញុំសូមធ្វើជាសាក្សីដោយគារវភាព និងថ្លែងទីបន្ទាល់ជាឱឡារិកអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់—ទ្រង់បាន « សុគត ត្រូវបានបញ្ចុះ ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ហើយបានឡើងទៅស្ថានសួគ៌វិញ » ។ ទ្រង់គឺជាអាលផា និងអូមេកាគង់នៅជាមួយយើងតាំងពីដំបូងមក ទ្រង់នឹងគង់នៅជាមួយរហូតដល់ទីបញ្ចប់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីពួកព្យាការីថ្ងៃចុងក្រោយចាប់តាំងពីព្យាការី យ៉ូសែប ស៊្មីធ រហូតមកដល់ប្រធាន រ័សុល អិម ណិលសុន ដែលយើងគាំទ្រដោយអំណរ ។ ដូចចម្រៀងថ្នាក់អង្គការបឋមសិក្សារបស់យើងច្រៀងថា « ធ្វើតាមព្យាការីលោកស្គាល់ផ្លូវត្រូវ » ។ ដូចដែលបានព្យាការនៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធ រួមទាំងក្នុងព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមធ្វើជាសាក្សីថា « នគររបស់ព្រះ [ ត្រូវបាន ] ស្ថាបនាម្តងទៀតនៅលើផែនដីនេះ រៀបចំសម្រាប់ការយាងមកលើកទីពីរនៃព្រះមែស៊ី » ។ នៅក្នុងព្រះនាមដ៏បរិសុទ្ធ និងពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។