មើលចុះ មនុស្សនេះហើយ !
អស់អ្នកដែលស្វែងរកផ្លូវមួយដើម្បីមើលឃើញមនុស្សនេះពិតជានរណា ស្វែងរកឃើញច្រកទ្វារទៅកាន់អំណរដ៏មហិមាបំផុតនៃជីវិត និងប្រទាសមុខសះសម្រាប់ភាពអស់សង្ឃឹមបំផុតនៃជីវិត ។
បងប្អូនប្រុសស្រី និងមិត្តជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំមានអំណរគុណដើម្បីនៅជាមួយនឹងបងប្អូននៅក្នុងសន្និសីទទូទៅចុងសប្ដាហ៍ដ៏អស្ចារ្យនេះ ។ ហារីត និងខ្ញុំរីករាយនៅជាមួយបងប្អូននៅក្នុងការគាំទ្រដល់អែលឌើរ ហ្កង និង អែលឌើរ សូរ៉េស និងបងប្អូនប្រុសស្រីជាច្រើនរូបទៀត ដែលបានទទួលការហៅថ្មីដ៏សំខាន់អំឡុងសន្និសីទនេះ ។
ទោះជាខ្ញុំនឹកដល់ប្រធានថូម៉ាស អេស ម៉នសុន ជាមិត្តជាទីស្រឡាញ់របស់ខ្ញុំក្ដី ក៏ខ្ញុំស្រឡាញ់ គាំទ្រ ហើយជួយព្យាការីរបស់យើង និងប្រធាន រ័សុល អិម ណិលសុននិងទីប្រឹក្សារបស់លោកផងដែរ ។
ខ្ញុំមានអំណរគុណ និងមានកិត្តិយសដើម្បីបម្រើយ៉ាងជិតស្និតជាមួយនឹងបងប្អូនប្រុសជាទីស្រឡាញ់នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ម្ដងទៀតផងដែរ ។
លើសពីនោះ ខ្ញុំមានភាពរាបសា និងរីករាយណាស់ដើម្បីក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានបុរស ស្ត្រី និងកុមារតូចៗកំពុងមានឆន្ទៈដើម្បី លើកនៅកន្លែងដែលពួកគេឈរ—មិនថាសមត្ថភាព ឬការហៅរបស់ពួកគេយ៉ាងណាទេ—ហើយព្យាយាមដោយអស់ពីដួងចិត្តដើម្បីបម្រើព្រះ និងបងប្អូនសមាជិកក្នុងការស្ថាបនានគរនៃព្រះ ។
ថ្ងៃនេះគឺជាថ្ងៃដ៏ពិសិដ្ឋមួយ។ វាគឺជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ នៅពេលយើងប្រារព្ធព្រឹកដ៏រុងរឿងនៅពេលដែលព្រះអង្គសង្គ្រោះរបស់យើងបានផ្ដាច់ចំណងនៃសេចក្ដីស្លាប់ ហើយងើបឡើងចេញពីផ្នូរដោយជោគជ័យ ។
ជំនាន់ដ៏មហិមាបំផុតនៅក្នុងប្រវត្តិសាស្ត្រ
ថ្មីៗនេះ ខ្ញុំបានសួរអ៊ិនធើរណែតថា « តើជំនាន់ណាដែលមានការផ្លាស់ប្ដូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ? »
ចម្លើយមានច្រើន ចាប់ផ្ដើមពីរឿងគួរភ្ញាក់ផ្អើល និងចម្លែករហូតដល់គំនិតជ្រៅជ្រះ និងជម្រុញឲ្យមានការគិត ។ នៅក្នុងចម្លើយទាំងនោះមាន ជំនាន់ដែលផ្កាយព្រះអង្គារក្នុងបុរេប្រវត្តិបានធ្លាក់ទៅលើឧបទ្វីប យូកាន់តា ឬនៅក្នុងឆ្នាំ ១៤៤០ ចនហានណេស ហ្គូធិនប៊ើក បានបញ្ចប់ការបោះពុម្ពផ្សាយរបស់គាត់ ហើយជាក់ស្ដែងនៅឆ្នាំ ១៩០៣ នៅពេលបងប្អូនប្រុសត្រកូលរ៉ាយ បានបង្ហាញថា មនុស្សពិតជាអាចហោះហើរបាន ។
បើសិនជាសំណួរដូចគ្នានេះត្រូវបានសួរមកកាន់បងប្អូន តើបងប្អូននឹងនិយាយយ៉ាងណា ?
នៅក្នុងគំនិតរបស់ខ្ញុំចម្លើយគឺមានច្បាស់ណាស់ ។
ដើម្បីស្វែងរកជំនាន់ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ យើងត្រូវតែត្រឡប់ទៅកាន់ពេលល្ងាចមួយជិត ២០០០ ឆ្នាំមុននៅសួនច្បារគេតសេម៉ានី នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានលុតជង្គង់អធិស្ឋានដោយមុតមាំ ហើយថ្វាយព្រះអង្គទ្រង់ជាការលោះសម្រាប់អំពើបាបរបស់យើង ។ វាគឺជាអំឡុងពេលពលិកម្មដ៏មហិមា និងដ៏និរន្ដរន៍ដែលបានរងទុក្ខទាំងខាងរាងកាយ និងខាងវិញ្ញាណដោយគ្មានអ្វីអាចប្រៀបផ្ទឹមបាន ដែលព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះបានបង្ហូរលោហិតពីគ្រប់គល់រោម ។ ចេញពីសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ ទ្រង់បានប្រទានអ្វីៗទាំងអស់ដែលយើងអាចទទួលបានទាំងអស់ ។ ការពលិកម្មដ៏មហិមារបស់ទ្រង់ ពិបាកនឹងយល់ មានតែដឹងដោយអស់ដួងចិត្ត និងគំនិតរបស់យើង ដែលរំឭកយើងអំពីការជំពាក់គុណជាសកលដែលពួកយើងជំពាក់គុណព្រះគ្រីស្ទចំពោះអំណោយដ៏ទេវភាពរបស់ទ្រង់ ។
នាពេលយប់នោះ ព្រះយេស៊ូវបានត្រូវនាំទៅចំពោះមុខពួកអ្នកមានសិទ្ធិអំណាចខាងសាសនា និងខាងនយោបាយ ដែលបានចំអកដាក់ទ្រង់ វាយទ្រង់ ហើយកាត់ទោសទ្រង់ដល់ស្លាប់ដែលគួរឲ្យខ្មាសអៀន ។ ទីបំផុត ទ្រង់ត្រូវបានព្យួរនៅលើឈើឆ្កាងដ៏ឈឺចាប់រហូតដល់ « ការ [ ស្រេច ] ហើយ » ។ រូបកាយគ្មានជីវិតរបស់ទ្រង់ត្រូវបានបញ្ចុះនៅក្នុងផ្នូរថ្មីមួយ ។ បន្ទាប់មក នៅព្រឹកថ្ងៃទីបី ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានមហិទ្ធិឬទ្ធិ បានក្រោកចេញពីផ្នូរក្នុងរូបកាយរស់ឡើងវិញដ៏រុងរឿងត្រចះត្រចង់ប្រកបដោយពន្លឺ និងមហិទ្ធិឬទ្ធិ ។
មែនហើយ មានព្រឹត្តការណ៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្រដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើជោគវាសនានៃជាតិសាសន៍ និងប្រជាជន ។ ប៉ុន្តែនៅពេលប្រមូលផ្ដុំវាជាមួយគ្នា នោះវាពុំអាចប្រៀបផ្ទឹមបានទៅនឹងសារៈសំខាន់នៃអ្វីដែលបានកើតឡើងនៅព្រឹកអ៊ីស្ទើរដំបូងនោះទេ ។
តើអ្វីដែលធ្វើឲ្យពលិកម្មធួន និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ជាពឹ្រត្តការណ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ—ដែលមានឥទ្ធិពលជាងសង្គ្រាមលោក គ្រោះចង្រៃបំផ្លិចបំផ្លាញ និងការរកឃើញខាងវិទ្យាសាស្ត្រដែលផ្លាស់ប្ដូរជីវិតនោះ ?
ដោយសារព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរស់ឡើងវិញម្ដងទៀត
ចម្លើយមាននៅក្នុងឧបសគ្គពីរដ៏ធំ និងដែលពុំអាចយកឈ្នះបាន ដែលពួកយើងគ្រប់គ្នាជួបប្រទះ ។
ទីមួយ យើងទាំងអស់គ្នានឹងស្លាប់ ។ ពុំថាយើងនៅក្មេង ស្រស់ស្អាត សុខភាពល្អ ឬប្រុងប្រយ័ត្នយ៉ាងណាទេ នៅថ្ងៃមួយរូបកាយយើងនឹងពុំមានជីវិតឡើយ ។ មិត្តភក្ដិ និងគ្រួសារនឹងទួញយំសោកស្ដាយបងប្អូន ។ ប៉ុន្តែពួកគេពុំអាចធ្វើឲ្យបងប្អូនមានជីវិតវិញបានទេ ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារព្រះយេស៊ូវគ្រីស្ទ សេចក្ដីស្លាប់របស់បងប្អូននឹងជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ ។ វិញ្ញាណរបស់បងប្អូននឹងរួបរួមនឹងរូបកាយរបស់បងប្អូនវិញនៅថ្ងៃមួយ ។ រូបកាយដែលរស់ឡើងវិញនេះ នឹងពុំស្ថិតនៅក្រោមអំណាចសេចក្ដីស្លាប់ទៀតឡើយ ហើយបងប្អូននឹងរស់នៅអស់កល្បជានិច្ច ពុំមានការឈឺចាប់ និងការរងទុក្ខខាងរូបកាយទៀតហើយ ។
រឿងនេះនឹងកើតមានឡើង ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលបានដាក់ព្រះជន្មរបស់ទ្រង់ ហើយបានយកវាមកវិញម្ដងទៀត ។
ទ្រង់បានធ្វើការណ៍នេះសម្រាប់មនុស្សទាំងអស់ដែលជឿលើទ្រង់ ។
ទ្រង់បានធ្វើការណ៍នេះសម្រាប់មនុស្សទាំងអស់ដែលពុំជឿទៅលើទ្រង់ ។
ទ្រង់បានធ្វើការណ៍នេះសម្រាប់អស់អ្នកចំអកដាក់ទ្រង់ អ្នកជេរប្រមាថ និងអ្នកប្រទេចផ្ដាសាព្រះនាមរបស់ទ្រង់ ។
ដោយសារព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរស់ឡើងវិញជាមួយព្រះ
ទីពីរ យើងទាំងអស់គ្នាមានអំពើបាប ។ អំពើបាបរបស់យើងនឹងរារាំងយើងមិនឲ្យរស់នៅជាមួយព្រះដោយសារតែ « គ្មានអ្វីដែលពុំស្អាតណាអាចចូលទៅក្នុងនគររបស់ទ្រង់បាន » ។
ជាលទ្ធផល បុរសស្ត្រីគ្រប់រូប និងកុមារតូចៗត្រូវបានកាត់ផ្ដាច់ពីវត្តមានរបស់ទ្រង់—ទាល់តែព្រះយេស៊ូវគ្រីស្ទ ជាកូនចៀមដែលគ្មានអំពើបាប បានថ្វាយព្រះជន្មរបស់ទ្រង់ ជាការលោះអំពើបាបរបស់យើង ។ ដោយសារតែព្រះយេស៊ូវពុំមានជំពាក់ចំពោះសេចក្ដីយុត្តិធម៌ នោះទ្រង់អាចបង់ថ្លៃបំណុលឲ្យយើង ហើយបំពេញតាមតម្រូវការនៃសេចក្ដីយុត្តិធម៌សម្រាប់ជីវិតគ្រប់រូប ។ ហើយនោះរួមមានទាំងបងប្អូន និងរូបខ្ញុំ ។
ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃសម្រាប់អំពើបាបយើង ។
អំពើបាបទាំងអស់ ។
នៅថ្អៃដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ព្រះយេស៊ូវគ្រីស្ទបានបើកច្រកទ្វារនៃសេចក្ដីស្លាប់ ហើយបានដករបាំងដែលរាំងយើងមិនឲ្យឆ្លងចូលទៅទីបរិសុទ្ធ និងពិសិដ្ឋនៃជីវិតអស់កល្បជានិច្ច ។ ដោយសារតែព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង នោះបងប្អូន និងខ្ញុំទទួលបានអំណោយដ៏មានតម្លៃបំផុត និងពុំអាចកាត់ថ្លៃបានមួយ—មិនថាអតីតកាលរបស់យើងជាយ៉ាងណាទេ យើងអាចប្រែចិត្ត ហើយដើរតាមផ្លូវដែលដឹកនាំទៅរកពន្លឺ និងសិរីល្អសេឡេស្ទាល ដែលមានពេញទៅដោយបុត្រាបុត្រីដ៏ស្មោះត្រង់របស់ព្រះវរបិតាសួគ៌ ។
ហេតុអ្វីបានជាយើងរីករាយ
នេះគឺជាអ្វីដែលយើងប្រារព្ធនៅថ្ងៃបុណ្យអ៊ីសស្ទើរ—គឺយើងអបអរនៃការមានជីវិត !
ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងងើបចេញពីភាពអស់សង្ឃឹមនៃសេចក្ដីស្លាប់ ហើយឱបក្រសោបអស់អ្នកដែលយើងស្រឡាញ់នៅក្នុងដៃរបស់យើង ស្រក់ទឹកភ្នែកនៃអំណរ និងមានពេញដោយការដឹងគុណ ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទ យើងនឹងមានជីវិតជាតួអង្គអស់កល្បជានិច្ច ជាពិភពដែលគ្មានទីបញ្ចប់ ។
ដោយសារតែព្រះយេស៊ូវគ្រីស្ទ អំពើបាបរបស់យើងពុំគ្រាន់តែត្រូវបានលុបចោលនោះទេ ប៉ុន្តែវាអាចត្រូវបានបំភ្លេចចោលផងដែរ ។
យើងអាចបានបន្សុទ្ធ និងលើកតម្កើង ។
បរិសុទ្ធ ។
ដោយសារតែព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង នោះយើងអាចផឹកទឹកចេញមកពីប្រភពទឹកដែលផុសចេញមកក្នុងជីវិតអស់កល្បជានិច្ចជារៀងរហូត ។ យើងអាចរស់នៅជារៀងរហូតនៅក្នុងវិមាននៃស្ដេចដ៏អស់កល្បជានិច្ចរបស់យើង នៅក្នុងសិរីល្អដែលនឹកស្មានមិនដល់ និងសុភមង្គលដ៏ឥតខ្ចោះ ។
តើយើងមើលឃើញ « មនុស្សនេះហើយ » ឬ ?
ក្រៅពីរឿងនេះ មានមនុស្សជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលពុំបានដឹង ឬពុំជឿទៅលើអំណោយដ៏មហិមាដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើង ។ ពួកគេបានស្ដាប់ឮអំពីព្រះយេស៊ូវគ្រីស្ទ ហើយដឹងអំពីទ្រង់ថា ជាមនុស្សសំខាន់ក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែពួកគេពុំមើលឃើញទ្រង់ថា ជានរណាពិតទេ ។
នៅពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំបានរំឭកចាំអំពីព្រះអង្គសង្គ្រោះដែលបានឈរចំពោះមុខអ្នកគ្រប់គ្រងនៅស្រុកយូដា ឈ្មោះ ប៉ុនទាស- ពីឡាត់ គ្រាន់តែប៉ុន្មានម៉ោងពីមុនទ្រង់សុគតប៉ុណ្ណោះ ។
ពីឡាត់បានគិតអំពីព្រះយេស៊ូវចេញពីទស្សនខាងលោកិយដែលមានដែនកំណត់ ។ ពីឡាត់មានការងារមួយត្រូវធ្វើ ហើយវាជាប់ទាក់ទងនឹងរឿងសំខាន់ពីរ ៖ ការប្រមូលពន្ធពីពួករ៉ូម និងការរក្សាឲ្យមានសន្ដិភាព ។ ឥឡូវពួកយូដាសានហេឌ្រីនបាននាំបុរសម្នាក់មកចំពោះគាត់ ដែលពួកគេបានអះអាងថា ជាអ្នកដែលមានឧបសគ្គចំពោះការងារទាំងពីរនោះ ។
បន្ទាប់ពីការសួរចម្លើយដល់អ្នកទោសរបស់គាត់ ពីឡាត់បានប្រកាសថា « ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ » ។ ប៉ុន្តែគាត់មានអារម្មណ៍ថា គាត់ត្រូវបំពេញចិត្តរបស់អ្នកដែលចោទប្រកាន់ព្រះយេស៊ូវនោះ ដូច្នេះពីឡាត់បានធ្វើតាមទំនៀមទម្លាប់ក្នុងស្រុកថា អនុញ្ញាតឲ្យមានអ្នកទោសម្នាក់ត្រូវបានដោះលែងអំឡុងរដូវបុណ្យរំលង ។ តើពួកគេនឹងឲ្យគាត់ដោះលែងព្រះយេស៊ូវជំនួសឲ្យការដោះលែងចោរប្លន់ និងឃាតករឈ្មោះបារ៉ាបាសឬទេ ?
ប៉ុន្តែពួកមនុស្សអាក្រក់ដែលហិង្សានោះបានតម្រូវឲ្យពីឡាត់ដោះលែង បារ៉ាបាស ហើយឆ្កាងព្រះយេស៊ូវ ។
« ហេតុអ្វី ? » ពីឡាត់បានសួរ ។ « តើគាត់ [ បាន ] ធ្វើអាក្រក់អ្វី ? »
ប៉ុន្តែពួកគេបានស្រែកកាន់តែខ្លាំងឡើងៗ ។ « ឆ្កាងវាទៅ ! »
នៅក្នុងការខិតខំបំពេញតាមបំណងចិត្តរបស់មនុស្សអាក្រក់ ពីឡាត់បានបញ្ជាឲ្យមនុស្សរបស់គាត់វាយធ្វើបាបព្រះយេស៊ូវ ។ ពួកគេបានធ្វើដាក់ទ្រង់ដោយបន្សល់នូវស្នាមរបួស និងហូរលោហិត ។ ពួកគេបានចំអកដាក់ទ្រង់ បានដាក់ភួងបន្លានៅលើសិរិសាទ្រង់ ហើយបានបំពាក់អាវវែងពណ៌ស្វាយនៅលើទ្រង់ ។
ប្រហែលជាពីឡាត់បានគិតថា រឿងនេះនឹងធ្វើឲ្យស្កប់ស្កល់ដល់ការស្រេកឃ្លានឈាមរបស់មនុស្សអាក្រក់ ។ ប្រហែលជាពួកគេនឹងមានចិត្តអាណិតអាសូរដល់មនុស្សម្នាក់នេះ ។ ពីឡាត់ថា « មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ ។… មើលចុះ មនុស្សនេះហើយ ! »
ព្រះរាជបុត្រានៃព្រះបានគង់នៅចំពោះមុខប្រជាជននៅក្រុងយេរូសាឡិម ។
ពួកគេអាចមើលឃើញព្រះយេស៊ូវ ប៉ុន្តែពួកគេមើលពុំឃើញទ្រង់ជានរណាពិតនោះទេ ។
ពួកគេពុំមានភ្នែកដែលអាចមើលឃើញនោះទេ ។
ក្នុងន័យធៀប យើងផងដែរក៏ត្រូវបានអញ្ជើញឲ្យ « មើលទៅមនុស្សនេះ » ។ មានមតិជាច្រើនអំពីទ្រង់នៅក្នុងពិភពលោកនេះ ។ ពួកព្យាការីបច្ចុប្បន្ន និងពីបុរាណបានថ្លែងទីបន្ទាល់ថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ។ ខ្ញុំក៏អញ្ចឹងដែរ ។ វាសំខាន់ និងមានសារៈសំខាន់ដែលយើងម្នាក់ៗមកស្គាល់ទ្រង់ដោយខ្លួនឯង ។ ដូច្នេះ នៅពេលបងប្អូនពិចារណាអំពីជីវិត និងការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ តើបងប្អូនបានមើលឃើញអ្វី ?
អស់អ្នកដែលស្វែងរកផ្លូវមួយដើម្បីមើលឃើញមនុស្សនេះពិតជានរណា ស្វែងរកឃើញច្រកទ្វារទៅកាន់អំណរដ៏មហិមាបំផុតនៃជីវិត និងប្រទាសមុខសះសម្រាប់ភាពអស់សង្ឃឹមបំផុតនៃជីវិត ។
ដូច្នេះ នៅពេលបងប្អូនហ៊ុមព័ទ្ធដោយភាពសោកសៅ និងទុក្ខព្រួយ សូមមើលទៅមនុស្សនេះ ។
នៅពេលបងប្អូនមានអារម្មណ៍ថា បាត់បង់ ឬបំភ្លេចចោល សូមមើលទៅមនុស្សនេះ ។
នៅពេលបងប្អូនអស់សង្ឃឹម បោះបង់ចោល សង្ស័យ ខូចខាត ឬបរាជ័យ សូមមើលទៅមនុស្សនេះ ។
ទ្រង់នឹងលួងលោមបងប្អូន ។
ទ្រង់នឹងព្យាបាលបងប្អូន ហើយផ្ដល់អត្ថន័យដល់ការធ្វើដំណើរក្នុងជីវិតបងប្អូន ។ ទ្រង់នឹងចាក់ស្រោចព្រះវិញ្ញាណរបស់ទ្រង់ ហើយបំពេញក្នុងដួងចិត្តបងប្អូននូវអំណរដ៏លើសលប់ ។
ទ្រង់រមែង « ចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ » ។
នៅពេលយើងពិតជាមើលឃើញមនុស្សនេះ នោះយើងរៀនអំពីទ្រង់ ហើយព្យាយាមសម្របជីវិតរបស់យើងជាមួយនឹងទ្រង់ ។ យើងប្រែចិត្ត ហើយព្យាយាមដុសខាត់លក្ខណៈធម្មជាតិរបស់យើង ហើយរីកចម្រើនជាចាំថ្ងៃទៅកាន់តែជិតនឹងទ្រង់ ។ យើងទុកចិត្តទ្រង់ ។ យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់ដោយការរក្សាបទបញ្ញត្តិរបស់ទ្រង់ និងរស់នៅតាមសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់យើង ។
ម្យ៉ាងទៀត យើងក្លាយជាសិស្សរបស់ទ្រង់ ។
ពន្លឺលាងជម្រះរបស់ទ្រង់បំពេញព្រលឹងរបស់យើងទាំងស្រុង ។ ព្រះគុណទ្រង់លើកតម្កើងយើង ។ បន្ទុករបស់យើងត្រូវបានសម្រាល ភាពសុខសាន្ដមានកាន់តែខ្លាំង ។ នៅពេលយើងពិតជាមើលទៅមនុស្សនេះ យើងមានការសន្យាពរជ័យនាពេលអនាគតដែលបំផុសគំនិត និងលើកយើងឡើងឆ្លងកាត់ផ្លូវរលាក់ក្នុងការធ្វើដំណើររបស់យើង ។ ពេលក្រឡេកមើលក្រោយវិញ យើងនឹងទទួលស្គាល់ថា មានលំនាំរបស់ព្រះ ដែលចំណុចតូចៗជាច្រើនពិតជាបានភ្ជាប់គ្នា ។
នៅពេលបងប្អូនទទួលយកពលិកម្មរបស់ទ្រង់ ក្លាយជាសិស្សរបស់ទ្រង់ ហើយទីបំផុតឈានទៅដល់ទីបញ្ចប់នៃដំណើរជីវិតលើផែនដីរបស់បងប្អូន តើអ្វីខ្លះនឹងកើតឡើងចេញមកពីការសោកសៅនៅពេលបងប្អូនបានស៊ូទ្រាំនៅក្នុងជីវិតនេះ ?
វានឹងគ្មានទេ ។
តើមានការខកចិត្ត ការក្បត់ ការបៀតបៀនដែលបងប្អូនប្រឈមមុខឬទេ ?
គ្មានទេ ។
តើមានការរងទុក្ខ ការខូចចិត្ត កំហុស ភាពខ្មាសអៀន និងភាពសោកសៅដែលបងប្អូនបានឆ្លងកាត់ឬទេ ?
គ្មានទេ ។
ត្រូវបានបំភ្លេចអស់ ។
តើមានការងឿងឆ្ងល់អំពីខ្លះដែល « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរស្របតាមពាក្យព្យាករទាំងឡាយរបស់យើង ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពណាមួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ឬទេ ? »
តើមានភាពងឿងឆ្ងល់អ្វីខ្លះដែលយើងព្យាយាមដោយអស់ពីដួងចិត្តដើម្បីមើលឃើញមនុស្សម្នាក់នេះឬទេ ?
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ថ្ងៃដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺជាថ្ងៃដែលព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ បានយកឈ្នះលើសេចក្ដីស្លាប់ និងអំពើបាបសម្រាប់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។ ហើយថ្ងៃដ៏សំខាន់បំផុតនៅក្នុងជីវិតបងប្អូន និងខ្ញុំ គឺជាថ្ងៃដែលយើងរៀនពី « មនុស្សនេះហើយ » នៅពេលយើងមើលឃើញទ្រង់ថា ជានរណាពិត នៅពេលយើងទទួលទានអំណាចដង្វាយធួនរបស់ទ្រង់ដោយអស់ពីដួងចិត្ត និងគំនិត នៅពេលយើងបានតាំងចិត្តធ្វើតាមទ្រង់ ដោយភាពក្លៀវក្លា និងអង់អាចជាថ្មី ។ សូមឲ្យវាជាថ្ងៃមួយដែលកើតឡើងម្ដងហើយម្ដងទៀតក្នុងជីវិតរបស់យើង ។
ខ្ញុំសូមបន្សល់ទុកទីបន្ទាល់ និងពរជ័យរបស់ខ្ញុំនឹងបងប្អូនថា នៅពេលយើង « មើលឃើញ មនុស្សនេះហើយ » យើងនឹងស្វែងរកអត្ថន័យ អំណរ និងភាពសុខសាន្ដនៅក្នុងជីវិតលើផែនដីនេះ និងជីវិតអស់កល្បជានិច្ច នៅក្នុងបរលោកនាយ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។