ចូរយើងខិតខំទៅ
បំណងប្រាថ្នារបស់បងប្អូនដើម្បីគោរព នឹងមានកាន់តែខ្លាំងនៅពេលបងប្អូនចងចាំ ហើយនឹកគិតអំពីអ្វីដែលបងប្អូនបានទទួលអារម្មណ៍កាលពីពីរថ្ងៃកន្លងទៅនេះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅពេលយើងមកដល់ពេលបញ្ចប់សន្និសីទជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមចូលរួមនឹងបងប្អូនចំពោះព្រះអម្ចាស់សម្រាប់ការដឹកនាំនិងឥទ្ធិពលដ៏បំផុសគំនិតរបស់ទ្រង់ ។ តន្ត្រីប្រគំឡើងយ៉ាងពីរោះ ហើយមានភាពលើកតម្កើង ។ សារលិខិតទាំងឡាយពុំគ្រាន់តែស្អាងយើងឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្ដូរជីវិតផងដែរ !
នៅក្នុងជំនុំមុតមាំ យើងបានគាំទ្រគណៈប្រធានទីមួយថ្មី ។ បុរសពីរនាក់ដ៏អស្ចារ្យបានដាក់នៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ហើយពួកចិតសិបនាក់ជាអ្នកមានសិទ្ធិអំណាចទូទៅថ្មីចំនួនប្រាំបីរូបត្រូវបានហៅ ។
ឥឡូវទំនុកតម្កើងដ៏ល្អសង្ខេបអំពីសេចក្ដីសម្រេចខិតខំជាថ្មី សំណូមពរ និងការទទួលខុសត្រូវរបស់យើងដើម្បីឆ្ពោះទៅមុខ ៖
ប៉ុន្តែយើងទាំងអស់គ្នាត្រូវខិតខំនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់
ដើម្បីកាលដាច់ជីវិតយើងនឹងបានទទួលរង្វាន់
ចូរយើងកាន់ដាវច្បាំងសម្រាប់សេចក្ដីទៀងត្រង់
ជាដាវនៃសេចក្ដីពិត ។
ខ្ញុំសូមដាស់តឿនដល់បងប្អូនឲ្យសិក្សាសារលិខិតសន្និសីទនេះឲ្យបានញឹកញាប់—សិក្សាឡើងវិញ—អំឡុងប្រាំមួយខែក្រោយ ។ សូមស្វែងរកវិធីប្រកបដោយមនសិការដើម្បីបញ្ចូលសារលិខិតទាំងនេះនៅក្នុងរាត្រីជួបជុំក្រុមគ្រួសាររបស់បងប្អូន ការបង្រៀនដំណឹងល្អរបស់បងប្អូន ការសន្ទនារបស់បងប្អូនជាមួយនឹងគ្រួសារ និងមិត្តភក្ដិ និងនៅក្នុងការពិភាក្សារបស់បងប្អូនជាមួយនឹងអ្នកដែលពុំមានជំនឿដូចយើង ។ មនុស្សល្អៗជាច្រើននឹងឆ្លើយតបចំពោះសេចក្ដីពិតដែលបានបង្រៀននៅក្នុងសន្និសីទនេះ នៅពេលវាផ្ដល់ឲ្យដោយក្ដីស្រឡាញ់ ។ ហើយបំណងប្រាថ្នារបស់បងប្អូនដើម្បីគោរព នឹងមានកាន់តែខ្លាំងនៅពេលបងប្អូនចងចាំ ហើយនឹកគិតអំពីអ្វីដែលបងប្អូនបានទទួលអារម្មណ៍កាលពីពីរថ្ងៃកន្លងទៅនេះ ។
សន្និសីទទូទៅនេះគូសចំណាំនូវការចាប់ផ្ដើមនៃ យុគសម័យថ្មីមួយនៃការធ្វើការងារបម្រើ ។ ព្រះអម្ចាស់បានធ្វើការកែតម្រូវដ៏សំខាន់តាមរបៀបដែលយើងអាចមើលថែគ្នាទៅវិញទៅមក ។ បងប្អូនប្រុសស្រី—ទាំងចាស់ទាំងក្មេង—នឹងបម្រើគ្នាតាមរបៀបថ្មី ហើយកាន់តែ បរិសុទ្ធ ។ កូរ៉ុមអែលឌើរនឹងត្រូវបានពង្រឹងដើម្បីផ្ដល់ពរជ័យដល់ជីវិតរបស់បុរស ស្ត្រី និងកុមារនៅជុំវិញពិភពលោក ។ បងប្អូនស្រីក្នុងសមាគមសង្គ្រោះនឹងបន្តធ្វើការងារបម្រើតាមរបៀបនៃសេចក្ដីស្រឡាញ់ដ៏វិសេសរបស់ខ្លួន ដោយផ្ដល់ឱកាសដល់ប្អូនស្រីវ័យក្មេងដើម្បីចូលរួមនឹងពួកគេដូចដែលបានចាត់តាំងយ៉ាងសមរម្យ ។
សារលិខិតរបស់យើងទៅកាន់ពិភពលោក គឺសាមញ្ញ ហើយដោយស្មោះ ៖ ពួកយើងសូមអញ្ជើញបុត្រាបុត្រីរបស់ព្រះទាំងអស់ទាំងនៅសង្ខាងនៃវាំងននឲ្យមករកព្រះអង្គសង្គ្រោះ ទទួលយកពរជ័យនៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ទទួលបានអំណរយូរអង្វែង និងសក្ដិសមសម្រាប់ជីវិតអស់កល្បជានិច្ច ។
នៅទីបំផុត ភាពលើកតម្កើងតម្រូវឲ្យយើងមានភក្ដីភាពក្នុងពេលឥឡូវនេះចំពោះសេចក្ដីសញ្ញាទាំងឡាយដែលយើងបានធ្វើ និងពិធីបរិសុទ្ធទាំងឡាយដែលយើងទទួលនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។ នៅពេលនេះ យើងមានព្រះវិហារបរិសុទ្ធចំនួន ១៥៩ ដែលកំពុងដំណើរការ ហើយច្រើនទៀតកំពុងសាងសង់ ។ យើងចង់នាំយកព្រះវិហារបរិសុទ្ធឲ្យនៅជិតនឹងសមាជិកសាសនាចក្រ ។ ដូច្នេះឥឡូវនេះ យើងរីករាយដើម្បីប្រកាសនូវគម្រោងសាងសង់ព្រះវិហារបរិសុទ្ធចំនួនប្រាំពីរបន្ថែមទៀត ។ ព្រះវិហារបរិសុទ្ធទាំងនោះនឹងមានទីតាំងនៅក្នុងតំបន់ដូចតទៅនេះ ៖ សាលតា អាហ្សង់ទីន, បង់ហ្គាលូរ៉ូ ឥណ្ឌា, ម៉ាណាហ្គៅ នីខារ៉ាហ្គៅ, ខាហ្គាយ៉ាន ឌឺ អូរូ ហ្វីលីពិន, ឡេតុន យូថាហ៍ រីចម៉ន វើរជីញ៉ា និងទីក្រុងធំមួយដែលទើបតែបានកំណត់នៅប្រទេសរុស្ស៊ី ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ការសាងសង់ព្រះវិហារបរិសុទ្ធទាំងនេះប្រហែលជាពុំអាចផ្លាស់ប្ដូរជីវិតបងប្អូនបានទេ ប៉ុន្តែពេលវេលាដែលបងប្អូនចំណាយក្នុងព្រះវិហារបរិសុទ្ធនឹងផ្លាស់ប្ដូរជីវិតរបស់បងប្អូន ។ នៅក្នុងស្មារតីនោះ ខ្ញុំផ្តល់ពរដល់បងប្អូនឲ្យស្គាល់អំពីរឿងទាំងឡាយដែលបងប្អូនអាចទុកមួយអន្លើរសិន ដើម្បីបងប្អូនអាចចំណាយពេលកាន់តែច្រើននៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំផ្តល់ពរដល់បងប្អូនឲ្យមានភាពសុខុដុម និងសេចក្ដីស្រឡាញ់កាន់តែខ្លាំងនៅក្នុងគេហដ្ឋានរបស់បងប្អូន និងមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីយកចិត្តទុកដាក់ចំពោះទំនាក់ទំនងគ្រួសារដ៏អស់កល្បជានិច្ចរបស់បងប្អូន ។ ខ្ញុំសូមផ្តល់ពរដល់បងប្អូនឲ្យមានជំនឿកាន់តែខ្លាំងទៅលើព្រះអម្ចាស់ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយមានសមត្ថភាពកាន់តែខ្លាំងដើម្បីដើរតាមទ្រង់ ក្នុងនាមជាសិស្សពិតរបស់ទ្រង់ ។
ខ្ញុំសូមប្រទានពរដល់បងប្អូនឲ្យបន្លឺសំឡេងថ្លែងទីបន្ទាល់ ដូចជាខ្ញុំធ្វើឥឡូវនេះ ដើម្បីយើងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនៃព្រះដ៏មានមហិទ្ធិឬទ្ធិ ! ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ដែលទ្រង់ដឹកនាំតាមរយៈពួកអ្នកបម្រើដែលបានចាក់ប្រេងតាំងរបស់ទ្រង់ ។ ដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូនគ្រប់គ្នា ខ្ញុំសូមថ្លែងទីបន្ទាល់នេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។