ឆ្នាំ ២០១០-២០១៩
អ្វី​ដែល​អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប​ចាំបាច់​ត្រូវ​យល់​ដឹង
ខែ មេសា ឆ្នាំ ២០១៨


2:3

អ្វី​ដែល​អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប​ចាំបាច់​ត្រូវ​យល់​ដឹង

ការតែងតាំង​បព្វជិតភាព​អើរ៉ុន​របស់​អ្នក​គឺ​សំខាន់​ដើម្បី​ជួយ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទទួល​បាន​អំណាច​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។

បងប្អូន​ប្រុស វា​ជា​ឯកសិទ្ធិ​មួយ​ដើម្បី​នៅ​ជាមួយ​បងប្អូន​ក្នុង​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​នេះ ។ នៅពេល​ខ្ញុំ​ជា​ប្រធាន​បេសកកម្ម​ថ្មី​មួយ​រូប ខ្ញុំ​រំភើប​ចិត្ត​ដើម្បី​ទទួល​ក្រុមទីមួយ​នៃ​អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី​របស់​យើង ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​កាន់តែ​មាន​បទពិសោធន៍​មួយ​ចំនួន​របស់​យើង​ត្រូវ​បាន​រៀបចំ​សម្រាប់​ការប្រជុំ​ខ្លីៗ​ជាមួយ​ពួកគេ ។ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា ពួកគេ​បាន​រៀបចំ​កៅអី​សម្រាប់​កុមារ​ជា​រាង​ពាក់​កណ្តាល​រង្វង់ ។

ខ្ញុំ​បាន​សួរ ។ « ហេតុអ្វី​ក៏​ដាក់​កៅអី​កុមារ​ដូច្នេះ ? »

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នោះ បាន​និយាយ​ទាំង​អៀនប្រៀន​ថា « សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី » ។

ខ្ញុំ​ជឿលើ​របៀប​ដែល​យើង​មើល​ទៅ​អ្នកដទៃ​ថា សំខាន់ វា​ជះឥទ្ធិពល​ដល់​គោលគំនិត​របស់​ពួកគេ​ថា​ជា​នរណា និង​អ្វី​ដែល​ពួកគេ​អាច​ប្រែក្លាយ ។ អ្នកផ្សព្វផ្សាយសាសនា​ថ្មី​របស់​យើង​បាន​អង្គុយ​លើ​កៅអី​មនុស្ស​ធំ​នៅ​ថ្ងៃ​នោះ ។

ជា​ការប្រៀបធៀប ពេល​ខ្លះ ខ្ញុំ​ខ្លាច​ថា​យើង​ឲ្យ​កៅអី​កុមារ​ទៅ​ដល់​យុវជន​បព្វជិតភាព​អើរ៉ុន​របស់​យើង​អង្គុយ ជាជាង​ជួយ​ពួកគេ​មើល​ឃើញ​ថា ព្រះបាន​ប្រទាន​នូវការ​ទុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ​ទៅលើ​ពួកគេ ហើយ​មាន​កិច្ចការ​សំខាន់​មួយ​ដើម្បី​ធ្វើ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ទូន្មាន​យើង​ថា យុវជន​ចាំបាច់ត្រូវ​យល់​ដឹង​ថា « តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា…ដើម្បី​ធ្វើ​ជា​អ្នក​កាន់​បព្វជិតភាព​របស់​ព្រះ ។ ពួកគេ​ចាំបាច់​ត្រូវ​បាន​ដឹកនាំ​ទៅរក​ការយល់​ដឹង​ពេញលេញ​ខាង​វិញ្ញាណ​អំពី​ភាពពិសិដ្ឋ​នៃ​ការ​ហៅ​ដែល​បាន​តែងតាំង​របស់​ពួកគេ​នោះ » ។

ថ្ងៃនេះ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​យើង​ឲ្យ​មាន​ការ​យល់ដឹង​កាន់តែ​ទូលំទូលាយ​អំពី​អំណាច និង​ភាពពិសិដ្ឋ​នៃ​បព្វជិតភាព​អើរ៉ុន ហើយ​បំផុសគំនិត​ពួកយើង​ឲ្យ​ផ្ដោត​កាន់តែ​ឧស្សាហ៍​ព្យាយាម​ទៅលើ​កាតព្វកិច្ច​បព្វជិតភាព​របស់​យើង ។ សារលិខិត​របស់​ខ្ញុំ​គឺ​សម្រាប់​អ្នក​កាន់បព្វជិតភាព​អើរ៉ុន​ទាំងអស់ រួមទាំង​អ្នក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​ផងដែរ ។

អែលឌើរ ឌេល ជី រេនឡាន់ បាន​បង្រៀន​ថា គោលបំណង​នៃ​បព្វជិតភាព គឺ​ត្រូវ​ផ្ដល់លទ្ធភាព​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទទួល​បាន​អំណាច​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ទទួល​បាន​អំណាច​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង យើង​ត្រូវ​ជឿ​ទៅលើ​ទ្រង់ ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ចុះ ហើយ​រក្សា​សេចក្ដីសញ្ញា​តាមរយៈ​ពិធីបរិសុទ្ធ​ទាំងឡាយ ហើយ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទាំងនេះ​ពុំ​មែនជា​គោលការណ៍​ដែល​យើង​ចូលរួម​តែ​ម្ដង​នោះ​ទេ ប៉ុន្តែ​វា​ដំណើរការ​រួមគ្នា ពង្រឹង ហើយ​ស្ថាបនា​លើ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ដំណើរការ​ជា​បន្ដបន្ទាប់​នៃ​ការ​រីកចម្រើន​ឆ្ពោះទៅ « រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់​ចុះ » ។

ដូច្នេះ តើ​តួនាទី​បព្វជិតភាព​អើរ៉ុន​នៅក្នុង​កិច្ចការ​នេះ​ជា​អ្វី ? តើ​វា​ជួយ​យើង​ទទួល​បាន​លទ្ធភាព​ដើម្បី​ទទួល​បាន​អំណាច​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ? ខ្ញុំ​ជឿ​ថា ចម្លើយ​គឺ​មាន​នៅក្នុង​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​អើរ៉ុន—ជា​កូនសោ​នៃ​ការ​បម្រើ​របស់​ពួកទេវតា និង​នៃដំណឹងល្អ​នៃ​ការ​រៀបចំខ្លួន ។​

ការ​បម្រើ​នៃ​ពួកទេវតា

សូម​ចាប់​ផ្ដើម​ជាមួយ​នឹង​ទិដ្ឋភាព​មួយ​នៃ​ការ​បម្រើ​នៃ​ពួកទេវតា ។ ពីមុន​បុត្រាបុត្រី​របស់​ព្រះ​អាច​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​ចាំបាច់​ត្រូវ​ស្គាល់​ទ្រង់ និង​បង្រៀន​ពី​ដំណឹងល្អ​របស់​ទ្រង់ ។ ដូច​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ៖

« ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវនាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ ?

ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ?…

ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ » ។

ចាប់តាំង​ពី​ដើម​ដំបូង​មក ព្រះ « បាន​ចាត់​ឲ្យ​ពួក​ទេវតា មក​ធ្វើ​ការងារ​បម្រើ​ដល់​កូនចៅ​មនុស្ស គឺ​ដើម្បី​មក​សម្ដែង​ឲ្យ​ដឹង​អំពី​ការ​យាង​មក​នៃ​ព្រះគ្រីស្ទ… » ។ ពួកទេវតា​គឺ​ជា​តួអង្គ​សួគ៌ា​ដែល​ថែ្លង​ពី​សារលិខិត​របស់​ព្រះ ។ ទាំងនៅ​ក្នុង​ភាសា​ហេព្រើរ និង​ភាសាក្រិក ពាក្យ​ឬស​នៃ ទេវតា គឺ​ជា « អ្នក​បញ្ជូន​សារ » ។

វា​ស្រដៀង​គ្នា​នឹង​ពួកទេវតា​គឺ​ជា​សារទូត​ដែល​មាន​សិទ្ធិ​អនុញ្ញាត​ដែល​បាន​បញ្ជូន​ដោយ​ព្រះ​មក​ប្រកាស​ពី​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ស្ថាបនា​សេចក្ដីជំនឿ ពួក​យើង​ដែល​កាន់កូន​សោបព្វជិតភាព ត្រូវបាន​តែងតាំង​ឲ្យ « បង្រៀន និង​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មកកាន់​ព្រះគ្រីស្ទ » ។ ដើម្បី​ផ្សាយដំណឹងល្អ​គឺ​ជា​កាតព្វកិច្ច​បព្វជិតភាព ។ ហើយ​អំណាច​ដែល​មាន​ទាក់ទង​នឹង​កាតព្វកិច្ច​នេះ គឺ​ពុំ​មែន​គ្រាន់តែ​សម្រាប់​ព្យាការី ឬ​សម្រាប់​តែ​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ទេ ។ វា​គឺ​សម្រាប់​អ្នក !

ដូច្នេះ​តើ​យើង​ទទួល​បាន​អំណាច​នេះ​យ៉ាង​ដូចម្ដេច ? តើ​ឌីកុន​អាយុ ១២ ឆ្នាំ—ឬ​យើង​ណា​ម្នាក់—នាំ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ​ចូលទៅ​ក្នុង​ដួងចិត្ត​នៃ​បុត្រាបុត្រី​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? យើង​ចាប់​ផ្ដើម​ដោយ​ការរក្សា​ទុក​ព្រះបន្ទូល​របស់​ទ្រង់ ដូច្នេះ​អំណាច​នៃ​ព្រះបន្ទូល​នឹង​មាន​ក្នុង​ខ្លួន​យើង ។ ទ្រង់​បាន​សន្យា​ថា បើ​យើង​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​មាន « ព្រះចេស្តា​នៃ​ព្រះ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​លោក » ។ វា​អាច​ជា​ឱកាស​ដើម្បី​បង្រៀន​នៅក្នុង​ការប្រជុំ​កូរ៉ុម ឬ​ចុះ​សួរ​សុខទុក្ខ​ផ្ទះ​របស់​សមាជិក​ម្នាក់ ។ វា​អាច​ជា​អ្វី​ដែល​ពុំ​សូវ​ជា​ផ្លូវការ ដូចជា​ការ​សន្ទនា​ជាមួយ​នឹង​មិត្ត ឬ​សមាជិក​គ្រួសារ ។ នៅក្នុង​ស្ថានភាព​ទាំងនេះ​ណា​ក៏ដោយ បើ​យើង​បាន​ត្រៀម​ខ្លួន នោះ​យើង​អាច​បង្រៀន​ដំណឹងល្អ​តាម​របៀប​ដែល​ពួក​ទេវតា​ធ្វើ ៖ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យ៉ាកុប និង​បងប្រុស ហូលម៊ីស

ថ្មីៗ​នេះ ខ្ញុំ​បាន​ស្ដាប់​ឮ​យ៉ាកុប ជាអ្នក​កាន់​បព្វជិតភាព​អើរ៉ុន​នៅ ប៉ាប៉ោ នូវ ហ្គីណេ ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន និង​របៀប​ដែល​ព្រះគម្ពីរ​បាន​ជួយ​គាត់​ទប់ទល់​នឹង​ការអាក្រក់ ហើយ​ធ្វើ​តាម​ព្រះវិញ្ញាណ ។ ពាក្យសម្ដី​របស់​គាត់​បាន​ចម្រើន​សេចក្ដីជំនឿ​របស់​ខ្ញុំ និង​សេចក្ដីជំនឿ​របស់​អ្នក​ដទៃ ។ សេចក្តីជំនឿ​របស់​ខ្ញុំ​ក៏​បាន​រីកចម្រើន​ផងដែរ នៅពេល​ខ្ញុំ​បាន​ស្ដាប់​ឮ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​នៅក្នុង​ការ​ប្រជុំ​ក្រុម​របស់​ពួកគេ ។

យុវជន បងប្អូន​គឺជា​សារទូត​ដែល​មាន​សិទ្ធិ​អនុញ្ញាត ។ តាមរយៈ​ពាក្យសម្ដី និង​សកម្មភាព​របស់​បងប្អូន បងប្អូន​អាច​នាំ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ​ចាក់ចូល​ក្នុង​ដួងចិត្ត​បុត្រាបុត្រី​របស់​ព្រះ ។ ដូច​ប្រធាន រ័សុល អិម ណិលសុន​ បាន​មាន​ប្រសាសន៍ « អ្នក​ចាត់ទុក​ដូចជា​ទេវតា​នៃ​ការ​បម្រើ​ចំពោះ​ពួកគេ » ។

ដំណឹងល្អ​នៃ​ការ​រៀបចំខ្លួន

សេចក្តីជំនឿ​ដែល​រីកចម្រើន​ទៅលើ​ព្រះគ្រីស្ទ​តែងតែ​ដឹកនាំ​ទៅរក​បំណងប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ ឬ​ប្រែចិត្ត ។ ដូច្នេះ​វា​ច្បាស់ណាស់​ថា កូនសោ​នៃ​ការបម្រើ​នៃ​ពួកទេវតា​នឹង​មាន​មក​ជាមួយ​នូវ​កូនសោ​នៃ​ដំណឹងល្អ​នៃ​ការ​រៀបចំខ្លួន « ដំណឹងល្អ​ពីការ​ប្រែចិត្ត និង​ពី​បុណ្យ​ជ្រមុជ​ទឹក និង​ពី​ការផ្ដាច់​បាប » ។

នៅពេល​អ្នក​សិក្សា​អំពី​កាតព្វកិច្ច​បព្វជិតភាព​អើរ៉ុន អ្នកនឹង​ឃើញ​ពី​ការ​ទទួល​ខុសត្រូវ​យ៉ាង​ច្បាស់​ដើម្បី​អញ្ជើញ​អ្នកដទៃ​ឲ្យ​ប្រែចិត្ត ហើយ​កែលម្អ​ឡើង ។ នោះ​ពុំ​មាន​ន័យ​ថា យើង​ឈរ​នៅ​កាច់​ជ្រុង​ផ្លូវ​ស្រែក « ចូរ​អ្នកប្រែចិត្ត​ឡើង ! » នោះ​ទេ ។ ជាញឹកញាប់ វា​មាន​ន័យថា យើង​ប្រែចិត្ត យើង​អភ័យទោស ហើយ​នៅពេល​យើង​បម្រើ​អ្នកដទៃ យើង​ផ្ដល់​សេចក្ដីសង្ឃឹម និង​ភាព​សុខសាន្ដ​ដែល​ការ​ប្រែចិត្ត​ផ្ដល់មក​ឲ្យ—ដោយសារ​យើង​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន ។

ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​កាន់បព្វជិតភាព​អើរ៉ុន នៅពេល​ពួកគេ​ទៅ​សួរសុខទុក្ខ​បងប្អូន​សមាជិក​កូរ៉ុម​ ។ ខ្ញុំ​បាន​ឃើញ​ពី​ដួងចិត្ត​យកចិត្ត​ទុកដាក់​ដោយ​ទន់ភ្លន់​របស់​ពួកគេ ហើយ​ជួយ​ដល់​បងប្អូន​ប្រុស​របស់​ពួកគេ​ឲ្យ​ដឹង​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះ ។ ខ្ញុំ​ស្ដាប់​យុវជន​ម្នាក់​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​មិត្ត​គាត់​អំពី​អំណាច​នៃ​ការ​ប្រែចិត្ត ។ នៅពេល​គាត់​បាន​ធ្វើ​ដូច្នោះ ដួងចិត្ត​ត្រូវ​បាន​បន្ទន់ ការតាំងចិត្ត​ត្រូវ​បាន​ធ្វើឡើង ហើយ​អំណាច​នៃការ​ព្យាបាល​របស់​ព្រះគ្រីស្ទ​បាន​ទទួល​ដឹង ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា ៖ « វា​គឺ​ជា​រឿង​មួយ​ត្រូវ​ប្រែចិត្ត ។ រឿង​មួយ​ទៀត​គឺ​ឲ្យ​អំពើបាប​របស់​យើង​ត្រូវ​បាន​ផ្ដាច់​ចេញ ឬ​អភ័យទោស ។ អំណាច​ដើម្បី​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​បាន គឺ​មាន​នៅក្នុង​បព្វជិតភាព​អើរ៉ុន » ។ ពិធីបរិសុទ្ធ​បព្វជិតភាព​អើរ៉ុន​នៃ​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីសាក្រាម៉ង់ ធ្វើ​ជា​សាក្សី និង​បំពេញ​ការ​ប្រែចិត្ត​របស់​យើង​សម្រាប់​ការផ្តាច់​បាប ។ ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់​វា​តាម​របៀប​នេះ​ថា ៖ « យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​មក​រក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ហើយ​ទទួល​ទាន​សាក្រាម៉ង់ ។… នៅពេល​យើង​រំឭក​ពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​យើង​តាម​វិធី​នេះ នោះ​ព្រះអម្ចាស់​នឹង​រំឭក​ឥទ្ធិពល​នៃ​ការ​លាង​សម្អាត​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​យើង » ។

បងប្អូនប្រុស វា​គឺ​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​បម្រើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​នាំ​មក​នូវ​ការ​ផ្ដាច់បាប​ដល់​ដួងចិត្ត​ដែល​ប្រែចិត្ត​តាមរយៈ​អំណាច​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

ថ្មីៗ​នេះ គេ​ប្រាប់​ខ្ញុំ​អំពី​សង្ឃ​ម្នាក់​ដែល​មាន​បញ្ហា​ក្នុង​ការ​ប្រសិទ្ធពរ​សាក្រាម៉ង់​ជា​លើក​ទីមួយ ។ នៅពេល​គាត់​ប្រសិទ្ធពរ ព្រះវិញ្ញាណ​ដ៏​មាន​អានុភាព​បាន​គ្របដណ្ដប់​មកលើ​គាត់ និង​ក្រុមជំនុំ ។ ក្រោយមក​នៅក្នុង​ការ​ប្រជុំ គាត់​បាន​ថ្លែង​ទីបន្ទាល់​ដោយ​សាមញ្ញ និង​ច្បាស់លាស់​អំពី​អំណាច​របស់​ព្រះ ដែល​គាត់​បាន​ទទួល​អំឡុង​នៃ​ពិធីបរិសុទ្ធ​នោះ ។

កូរ៉ុម​សង្ឃ​ជាមួយ​គ្រួសារ​ប៊ូឡុងហ្គោ

នៅទីក្រុង ស៊ីឌនី អូស្ត្រាលី មាន​សមាជិក​កូរ៉ុម​សង្ឃ​បួននាក់​បាន​ជ្រមុជ​ទឹក​ដល់​សមាជិក​គ្រួសារ ប៊ូឡុងហ្គោ ។ ម្ដាយ​របស់​សង្ឃ​ម្នាក់​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​អំពី​របៀប​ដែល​បទពិសោធន៍​នេះ​មាន​ឥទ្ធិពល​ប្រកប​ដោយ​អំណាច​ដល់​កូនប្រុស​នាង ។ ពួក​សង្ឃ​ទាំងនេះ​បាន​យល់​ពី​អត្ថន័យ « អ្នក​តំណាង​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

ដូច​អ្នក​បាន​ដឹង​ហើយ ឥឡូវ​ពួកសង្ឃ​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ កូនប្រុស​អាយុ ១៧ ឆ្នាំ​របស់​ខ្ញុំ ថ្មីៗ​នេះ​បាន​ជ្រមុជទឹក​ខ្ញុំ​ជំនួស​ឲ្យ​ជីតា​មួយ​ចំនួន​របស់​យើង ។ ពួក​យើង​ទាំងពីរ​នាក់​មាន​អារម្មណ៍​ដឹង​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បព្វជិតភាព​អើរ៉ុន និង​ឯកសិទ្ធិ​ដើម្បី​ធ្វើ​កិច្ចការ​សម្រាប់​សេចក្ដីសង្គ្រោះ​នៃ​បុត្រាបុត្រី​របស់​ព្រះ ។

យុវជន​ទាំងឡាយ​អើយ នៅពេល​អ្នក​ចូលរួម​យ៉ាង​ឧស្សាហ៍​ព្យាយាម​នៅក្នុង​កាតព្វកិច្ច​បព្វជិតភាព នោះ​អ្នក​ចូលរួម​ជាមួយ​នឹង​ព្រះ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។ បទពិសោធន៍​ដូចជា​បទពិសោធន៍​ទាំងនេះ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក ហើយ​រៀបចំ​អ្នក​ទៅ​បង្រៀន​ការ​ប្រែចិត្ត និង​ជ្រមុជទឹក​អ្នក​ប្រែចិត្តជឿ​ក្នុង​នាមជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ វា​ក៏​រៀបចំ​អ្នក​សម្រាប់​ការ​បម្រើ​ពេញ​មួយ​ជីវិត​នៅក្នុង​បព្វជិតភាព​មិលគីស្សាដែក​ផងដែរ ។

យ៉ូហាន បាទីស្ទ ជា​គំរូ​របស់​យើង

អ្នក​កាន់​បព្វជិតភាព​អើរ៉ុន យើង​មាន​ឯកសិទ្ធិ និង​កាតព្វកិច្ច​ដើម្បី​ធ្វើជា​អ្នក​បម្រើ​ជាមួយ​នឹង​យ៉ូហាន​បាទីស្ទ ។ យ៉ូហាន​ត្ឬូវ​បាន​បញ្ជូន​មក​ជា​សារទូត​ដែល​មាន​សិទ្ធិអនុញ្ញាត​ដើម្បី​ថ្លែង​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក—នោះគឺ​ថាគាត់​បាន​អនុវត្ត​កូនសោ​បព្វជិតភាព​អើរ៉ុន​ដែល​ពួក​យើង​បាន​ពិភាក្សា ។ យ៉ូហាន​បាន​ប្រកាស​ថា « ឯ​ខ្ញុំ​ពិត​មែន​ជា​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ពី​ព្រោះ​មាន​សេចក្តី​ប្រែ​ចិត្ត តែ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត…ព្រះអង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​និង​ភ្លើង​វិញ » ។

ហេតុដូច្នោះ​ហើយ បព្វជិតភាព​អើរ៉ុន ព្រម​ជាមួយ​នឹង​កូនសោ​នៃ​ការ​បម្រើ​នៃ​ពួកទេវតា និង​ដំណឹងល្អ​នៃ​ការ​រៀបចំ​ខ្លួន បាន​រៀបចំ​ផ្លូវ​សម្រាប់​បុត្រា​បុត្រី​របស់​ព្រះ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អំណោយទាន​ដ៏​មហិមា​បំផុត​ដែល​យើង​អាច​ទទួល​បាន​នៅក្នុង​ជីវិត​នេះ តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក ។

ឱ​ជា​ការ​អស្ចារ្យ​ណាស់​ការទទួល​ខុស​ត្រូវ​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន !

ការ​អញ្ជើញ និង​ការ​សន្យា

ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ​បព្វជិតភាព តើ​បងប្អូន​អាច​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ប្រឹក្សា​របស់​ប្រធាន ម៉នសុន​ដើម្បី​ជួយ​ដល់​យុវជន​ឲ្យ​យល់ថា « តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា…ដើម្បី​ធ្វើ​ជា​អ្នក​កាន់​បព្វជិតភាព​របស់​ព្រះ » ?  ការយល់​ដឹង និងការ​តម្កើង​បព្វជិតភាព​អើរ៉ុន នឹង​រៀបចំ​ពួកគេ​ឲ្យ​ធ្វើជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ស្មោះត្រង់ ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ដោយ​អំណាច និង​ជា​ស្វាមី និង​ឪពុក​សុចរិត ។ តាមរយៈ​ការ​បម្រើ​របស់​ពួកគេ ពួកគេ​នឹង​យល់ និង​ដឹង​ពី​ភាពពិត​នៃ​អំណាច​បព្វជិតភាព ជា​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ​សម្រាប់​សេចក្ដីសង្គ្រោះ​នៃ​បុត្រាបុត្រី​របស់​ព្រះ ។

យុវជន​ទាំងឡាយ ព្រះ​មាន​កិច្ចការ​មួយ​សម្រាប់​អ្នក​ធ្វើ ។ ការតែងតាំង​បព្វជិតភាព​អើរ៉ុន​របស់​អ្នក​គឺ​សំខាន់​ដើម្បី​ជួយ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ទទួល​បាន​អំណាច​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ ខ្ញុំ​សន្យា​ថា នៅពេល​អ្នកដាក់​កិច្ចការ​ពិសិដ្ឋ​ទាំងនេះ​សំខាន់​នៅក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​នឹង​ដឹងពី​ព្រះចេស្ដា​នៃព្រះ​ដែល​ពុំ​ធ្លាប់​ដឹង​ពីមុន​មក​នោះ ។ អ្នក​នឹង​យល់​ដឹង​អំពី​អត្តសញ្ញា​របស់​អ្នក​ក្នុង​នាម​ជា​បុត្រា​របស់​ព្រះ ដែល​បាន​ហៅ​ដោយការ​ហៅ​ដ៏​បរិសុទ្ធ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ ដូចជា​យ៉ូហាន បាទីស្ទ ហើយ​អ្នក​នឹង​ជួយ​រៀបចំ​ផ្លូវ​សម្រាប់​ការ​យាង​ត្រឡប់​មក​វិញ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​សេចក្ដីពិត​ទាំងនេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ម៉ូសេ ។ បន្ទាប់ពី​ការ​ជួប​នឹង​ព្រះ​ដ៏​អស្ចារ្យ​របស់គាត់ គាត់​បាន​ចាប់​ផ្ដើម​មើល​ឃើញ​ខ្លួនឯង​ផ្សេង—ជា​បុត្រា​ម្នាក់​របស់​ព្រះ ។ ទស្សនវិស័យ​នេះ​បាន​ជួយ​គាត់​ទប់ទល់​នឹង​សាតាំង ដែល​ហៅ​គាត់​ថា​ជា « កូន​មនុស្ស » ( សូមមើល ម៉ូសេ ១:១–២០) ។ សូមមើល​ផងដែរ ថូម៉ាស អេស ម៉នសុន «See Others as They May Become Liahona ខែ​វិច្ឆិកា ឆ្នាំ ២០១២, ៦៨–៧១; ឌេល ជី រិនឡាន់, « Through God’s Eyes,» Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៣-៩៤ ។

  2. ថូម៉ាស អេស ម៉នសុន ការ​ប្រជុំ​ថ្នាក់ដឹកនាំ​សន្និសីទ​ទូទៅ ខែ​មីនា ឆ្នាំ ២០១១ ។

  3. សូមមើល Dale G. Renlund, «The Priesthood and the Savior’s Atoning Power Liahona, ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤–៦៧ ។

  4. សូមមើល នីហ្វៃទី ២ ៣១–៣២; នីហ្វៃទី ៣ ១១:៣០–៤១; ២៧:១៣–២១; អេធើរ ៤:១៨–១៩; ម៉ូសេ ៦:៥២–៦៨; ៨:២៤

  5. មរ៉ូណៃ ១០:៣២; សូមមើល​ផងដែរ ប្រកាស​ដំណឹងល្អ​របស់យើង៖ សៀវភៅណែនាំ អំពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ), ៦ ។

  6. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:២០ ។

  7. រ៉ូម ១០:១៤–១៥, ១៧. យ៉ូសែប ស្មីធ បាន​បង្រៀន​សេចក្តីពិត​ដូចគ្នា​នេះ​ថា ៖ « សេចក្តីជំនឿ​កើត​ឡើង​តាមរយៈ​ការស្តាប់​ព្រះបន្ទូល​ព្រះ តាមរយៈ​ទីបន្ទាល់​នៃ​អ្នកបម្រើ​របស់​ព្រះ ទីបន្ទាល់​នោះ​គឺ​ត្រូវបាន​ចូលរួម​ដោយ​វិញ្ញាណ​នៃ​ការព្យាករ និង​វិវរណៈ​ជានិច្ច » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣៨៥ ) ។

  8. មរ៉ូណៃ ៧:២២; សូមមើល អាលម៉ា ១២:២៨–៣០; ១៣:២១–២៤; ៣២:២២–២៣; ៣៩:១៧–១៩; ហេលេមិន ៥:១១; មរ៉ូណៃ ៧:២១–២៥, ២៩–៣២; គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៣៥; ២៩:៤១–៤២; ម៉ូសេ ៥:៥៨; សូមមើល​ផងដែរ ម៉ាថាយ ២៨:១៩; រ៉ូម ១០:១៣–១៧ ។

  9. សូមមើល George Q. Cannon Gospel Truth sel. Jerreld L. Newquist ( ឆ្នាំ ១៩៨៧ ) ទំព័រ ៥៤ ។

  10. សូមមើល James Strong The New Strong’s Exhaustive Concordance of the Bible ( ឆ្នាំ ១៩៨៤ ), វចនានុក្រុម​ភាសា​ហេព្រើរ និង​ឆាលឌី វគ្គ​ទី ៦៦ វចនានុក្រម​ភាសា​ក្រិក វគ្គ​ទី ៧ ។

  11. គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៥៩ ។

  12. សូមមើល ហិនរី ប៊ី អាវរិង « That He May Become Strong Also » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៧៥–៧៨; អាលម៉ា ១៧:៣; ហេលេមិន ៥:១៨; ៦:៤–៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨:៣ ។

  13. សូមមើល យ៉ូហាន​ទី ១ ២:១៤; អាលម៉ា ១៧:២; ២៦:១៣; ៣២:៤២ ។ ការបំពេញ​កាតព្វកិច្ច​ខ្ញុំ​ចំពោះ​ព្រះ ៖ សម្រាប់​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន គឺ​ជា​ឧបករណ៍​ដ៏​មាន​តម្លៃ​មួយ​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នេះ ។

  14. គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:២១, សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៥

  15. សូមមើល នីហ្វៃទី ២ ៣២:៣; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:១៤; ៥០:១៧–២២

  16. សូមមើល មរ៉ូណៃ ៧:២៥

  17. រ័សុល អិម ណិលសុន « Honoring the Priesthood » Ensign ខែ​ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ៤០ សូមមើល​ផងដែរ អាលម៉ា ២៧:៤ ។

  18. សូមមើល អាលម៉ា ៣៤:១៧; ហេលេមិន ១៤:១៣ ។

  19. គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២៧ ។

  20. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៤៦, ៥១–៥៩, ៧៣–៧៩ ។ ការបំពេញ​កាតព្វកិច្ច​ខ្ញុំ​ចំពោះ​ព្រះ ៖ សម្រាប់​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន គឺ​ជា​ឧបករណ៍​ដ៏​មាន​តម្លៃ​មួយ​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នេះ ។

  21. សូមមើល ហ្គរ ដុន ប៊ី ហ៊ិនគ្លី « The Aaronic Priesthood—a Gift from God » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៤៦ ។

  22. អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ពន្យល់​ថា « ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ទឹក​គឺ​ជា​ជំហាន​បញ្ចប់ ឬ​ជា​ជំហាន​ចម្បង​នៅក្នុង​ដំណើរការ​នៃ​ការ​ប្រែចិត្ត ។ ការលះបង់​អំពើបាប ផ្គួប​នឹង​សេចក្ដីសញ្ញា​នៃ​ការ​គោរព​ប្រតិបត្តិ​តាម ជួយ​បំពេញ​បង្គ្រប់​ការ​ប្រែចិត្ត​របស់​យើង ប្រាកដ​ណាស់ ការ​ប្រែចិត្ត​នៅ​បន្ដ​មាន​បើ​គ្មាន​សេចក្ដីសញ្ញា​ទេ​នោះ » ( « Building Faith in Christ » Liahona ខែ​កញ្ញា ឆ្នាំ ២០១២ ទំព័រ ១៤–១៥) ។ សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » Liahona ខែ​វិច្ឆិកា ឆ្នាំ ២០១១, ៣៨–៤១; ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ, ម៉ាថាយ ២៦:២៤ ( នៅក្នុង the Bible appendix) ។

    ដាល្លិន អេក អូក បាន​បង្រៀន​ថា ពិធីបរិសុទ្ធ​នៃ​ពិធី​សាក្រាម៉ង់​ផ្ដល់​ដល់​យើង​នូវ « ឱកាស​មួយ​ជា​រៀងរាល់​សប្ដាហ៍​ដើម្បី​រំឭក​អំពី​សេចក្ដីសញ្ញា​ពិសិដ្ឋ​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើជា​អ្នក​ទទួល​ទាន​ព្រះគុណ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​ឥទ្ធិពល​លាង​ជម្រះ​ខាង​វិញ្ញាណ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់ » ( « Understanding Our Covenants with GodLiahona ខែ កក្កដា ឆ្នាំ ២០១២ ទំព័រ ២១ ) ។ សូមមើល ដាល្លិន អេក អូក « Always Have His Spirit » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៥៩–៦១ ។

  23. សូមមើល ដាល្លិន អេក អូក « The Aaronic Priesthood and the Sacrament » Liahona ខែ មករា ឆ្នាំ ១៩៩៩ ទំព័រ ៤៤–៤៥ ។

  24. ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពលើក​តម្កើង​ឡើង ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់ គឺ​មាន​ន័យ​ច្រើន​ជាង​ទម្លាប់ ឬ​ពិធី​ជា​និមិត្តសញ្ញា ។ ប៉ុន្តែ​ពិធីបរិសុទ្ធ​បង្កើត​ជា​បណ្ដាញ​ដែល​មាន​សិទ្ធិ​អនុញ្ញាត​តាមរយៈ​ពរជ័យ និង​អំណាច​នៃ​ស្ថានសួគ៌ អាច​ចាក់​ស្រោច​មក​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ៗ » ( « Always Retain a Remission of Your Sins » Liahona ខែ​ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦០) ។

  25. គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ។

  26. ម៉ូសេ ១:៣៩ ។

  27. ម៉ាថាយ ៣:១១ ។

  28. មាន​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជា​ច្រើន​បាន​ប្រាប់​ឲ្យ​ស្គាល់​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​នៃ​ជីវិត​រមែង​ស្លាប់ ។

    ប្រធាន ដាល្លិន​អេច អូក បាន​មាន​ប្រសាសន៍​ថា ៖ « ដើម្បី​មាន​ភាព​ជាគូកន​ជាប់​ជានិច្ច​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​ដែល​យើង​មាន​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ » ( « The Aaronic Priesthood and the Sacrament » Liahona ខែ មករា ឆ្នាំ ១៩៩៩ ទំព័រ ៤៤ ) ។

    អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី បាន​បង្រៀន ៖ « និយាយ​អំពី​ទស្សនវិស័យ​នៃ​ភាពអស់​កល្ប​ជានិច្ច ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​ក្នុង​ចំណោម​អំណោយទាន​ទាំងអស់​របស់​ព្រះ ។ ប៉ុន្តែ​ទស្សនវិស័យ​ចង្អៀតចង្អល់​ចំពោះ​ជីវិត​នេះ​តែ​ម្យ៉ាង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​ដែល​ជីវិត​រមែង​ស្លាប់​អាច​រីករាយ » ( « What Is Meant by ‹ The Holy Spirit ? ›» Instructor ខែ​កុម្ភៈ ឆ្នាំ ១៩៦៥ ទំព័រ ៥៧ ) ។

    ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « ប្រសិន​បើ​អ្នក​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​ជាមួយ—ហើយ​មនុស្ស​គ្រប់រូប​គួរ​តែ​មាន—ខ្ញុំ​អាច​និយាយ​ទៅកាន់​អ្នក​ថា ពុំ​មាន​អំណោយទាន​ណា​មហិមា​ជាង ពុំ​មាន​ពរជ័យ​ណា​មហិមា​ជាង ពុំ​មាន​ទីបន្ទាល់​ណា​មហិមា​ជាង​នេះ ដែល​បាន​ផ្ដល់​ទៅកាន់​មនុស្ស​នៅលើ​ផែនដី​នេះ​ទេ ។ អ្នក​អាច​មាន​ការ​គ្រប់គ្រង​នៃ​ពួកទេវតា អ្នក​អាច​មើល​ឃើញ​អព្ភូតហេតុ​ជាច្រើន អ្នក​អាច​មើល​ឃើញ​ភាព​អស្ចារ្យ​ជាច្រើន​នៅលើ​ផែនដី ប៉ុន្តែ​ខ្ញុំ​អះអាង​ថា អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត ដែល​បាន​ប្រទាន​មក​ឲ្យ​មនុស្ស » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ៤៩ ) ។

    ហើយ​អែលឌើរ ដេវីឌ អេ បែដណា បាន​បន្ថែម​ថា ៖ « ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​មក​ពី​ព្រះ​ដែល​យើង​គោរព និង ការទូន្មាន​ដ៏​បំផុស​គំនិត​ដែល​មក​ពី​អ្នកដឹកនាំ​សាសនាចក្រ​ដែល​យើង​ធ្វើ​តាម​ជាពិសេស​នោះ ផ្ដោតលើ​ការទទួល​បាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។ ជា​មូលដ្ឋាន ការបង្រៀន​ដំណឹងល្អ និង សកម្មភាព​ទាំងអស់​ផ្ដោតលើ​ការចូល​មក​រក​ព្រះគ្រីស្ទ ដោយ​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​យើង » ( « Receive the Holy Ghost » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៧ ) ។

  29. ថូម៉ាស អេស ម៉នសុន ការ​ប្រជុំ​ថ្នាក់ដឹកនាំ​សន្និសីទ​ទូទៅ ខែ​មីនា ឆ្នាំ ២០១១ ។

  30. សូមមើល ម៉ូសេ ១:៦ ។