ព្រះគម្ពីរ
ម៉ូសាយ 14


ជំពូក​ទី ១៤

លោក​អេសាយ​និយាយ​ប្រៀប​ដូច​ជា​ព្រះ​មែស៊ី — ការ​ដាក់​ខ្លួន និង​ការ​រង​ទុក្ខ​នៃ​ព្រះ​មែស៊ី​ត្រូវ​បាន​ចែង​ទុក — ទ្រង់​ថ្វាយ​ព្រលឹង​ទ្រង់​ទុកជា​យញ្ញ​បូជា ដើម្បី​លោះ​បាប ហើយ​អង្វរ​ជំនួស​ពួក​ដែល​រំលង​ច្បាប់ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៥៣។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

មែន​ហើយ តើ​មិនមែន​លោក​អេសាយ​និយាយ​ថា ៖ តើ​មាន​អ្នក​ណា​បាន​ជឿ​ដំណឹង​ដែល​យើង​ប្រាប់ ហើយ​ព្រះ​ពាហុ​នៃ​ព្រះ​អម្ចាស់ បាន​សម្ដែង​ចេញ​ឲ្យ​អ្នក​ណា​ឃើញ?

ត្បិត​ទ្រង់​បាន​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ​អង្គ ដូច​ជា​បំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួតហែង ទ្រង់​ឥត​មាន​បន្ទូល​ទ្រង់​ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា​ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ។

ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ​ចាប់ ហើយ​យើង​រាល់​គ្នា​គេច​មុខ​ចេញ​ពី​ទ្រង់ ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់​អាន​ទ្រង់​សោះ។

ទ្រង់​បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែ​យើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុកជា​អ្នក​មាន​ទោស​វិញ គឺជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។

តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​ទាំង​ឡាយ​របស់​យើង ទ្រង់​ត្រូវ​វាយ​ដំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ​សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។

យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ទម្លាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។

ទ្រង់​ត្រូវ​គេ​សង្កត់សង្កិន ហើយ​ទ្រង់​ត្រូវ​គេ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ គឺ​ទ្រង់​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ។

ទ្រង់​ត្រូវ​គេ​ដក​ចេញ​ពី​ទី​ឃុំឃាំង ហើយ​ពី​សេចក្ដី​យុត្តិធម៌ តើ​អ្នក​ណា​នឹង​ប្រកាស​ប្រាប់​សម័យ​ជំនាន់​ទ្រង់? ត្បិត​ទ្រង់​បាន​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់ ហើយ​ទ្រង់​ត្រូវ​គេ​វាយ ដោយ​ព្រោះ​អំពើ​រំលង​ទាំង​ឡាយ​របស់​ប្រជាជន​ខ្ញុំ​នោះ។

ហើយ​ក្នុង​កាលដែល​ទ្រង់​សុគត នោះ​គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជាមួយ​នឹង​ពួក​អាក្រក់ និង​ពួក​អ្នក​មាន ព្រោះ​ទ្រង់​ពុំ​ដែល​បាន​ធ្វើ​អាក្រក់ ក៏​មិនដែល​មាន​ការ​បញ្ឆោត​នៅ​ក្នុង​ព្រះ​ឱស្ឋ​ទ្រង់​ផង​ឡើយ។

១០ទោះ​បើ​យ៉ាង​នោះ គង់តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ​ចាប់ កាលណា​ព្រះ​ជន្ម​ទ្រង់​បាន​ត្រូវ​ថ្វាយ​ទុកជា​យញ្ញ​បូជា​លោះ​បាប​ហើយ នោះ​ទ្រង់​នឹង​បាន​ឃើញ​ពូជ​របស់​ទ្រង់ ហើយ​នឹង​ចម្រើន​ព្រះ​ជន្ម​ទ្រង់​ឲ្យ​យឺនយូរ ឯ​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះ​ហស្ត​ទ្រង់។

១១ទ្រង់​នឹង​ឃើញ​ការ​ឈឺ​ចាប់​នៃ​ព្រលឹង​ទ្រង់ ហើយ​នឹង​បាន​ស្កប់​ស្កល់ អ្នក​បម្រើ​ដ៏​សុចរិត​របស់​យើង​នឹង​រាប់​មនុស្ស​ជា​ច្រើន​ថា សុចរិត ដោយ​គេ​ស្គាល់​ដល់​ទ្រង់ ត្បិត​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​គេ។

១២ហេតុ​ដូច្នេះ​ហើយ យើង​នឹង​ឲ្យ​ទ្រង់​មាន​ចំណែក​ជាមួយ​នឹង​ពួក​អ្នក​ធំ ហើយ​ទ្រង់​នឹង​ចែក​របឹប​ជាមួយ​នឹង​ពួក​អ្នក​ដ៏​ខ្លាំង​ពូកែ ពី​ព្រោះ​ទ្រង់​បាន​ច្រួច​ព្រលឹង​ចេញ​រហូត​ដល់​ស្លាប់ ហើយ​គេ​បាន​រាប់​ទ្រង់​ជា​អ្នក​ទទឹង​ច្បាប់ ហើយ​ទ្រង់​បាន​ទទួល​រង​ទោស នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ៕