ព្រះគម្ពីរ
ម៉ូសាយ 22


ជំពូក​ទី ២២

ផែនការ​ទាំង​ឡាយ​ត្រូវ​រៀបចំ​ឡើង សម្រាប់​ឲ្យ​ប្រជាជន​បាន​រួច​ផុត​ពី​សេវក​ភាព​ពី​ពួក​លេមិន — ពួក​សាសន៍​លេមិន​ត្រូវ​គេ​ធ្វើ​ឲ្យ​ស្រវឹង — ប្រជាជន​លួច​រត់​ត្រឡប់​ទៅ​ដែនដី​សារ៉ាហិមឡា​វិញ ហើយ​ក្លាយ​ជា​ប្រជាជន​ស្ដេច​ម៉ូសាយ។ ប្រមាណ​ជា​ឆ្នាំ ១២១–១២០ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អាំម៉ូន និង​ស្ដេច​លិមហៃ​បាន​ចាប់​ផ្ដើម​ពិគ្រោះ​ជាមួយ​នឹង​ប្រជាជន​ថា តើ​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ហើយ​ពួក​គេ​ថែម​ទាំង​បាន​ចាត់​ឲ្យ​ប្រជាជន​ទាំង​អស់​ប្រមូល​គ្នា​មក ហើយ​គេ​ធ្វើ​យ៉ាង​នេះ ដើម្បី​គេ​អាច​បាន​សំឡេង​របស់​ប្រជាជន​អំពី​បញ្ហា​នេះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ពុំ​អាច​រក​ឃើញ​ផ្លូវ​ណាមួយ​ឡើយ ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​ផុត​ពី​សេវក​ភាព លើក​លែង តែ​យកប្រពន្ធ និង​កូន​របស់​គេ និង​ហ្វូង​ចៀម​របស់​គេ និង​ហ្វូង​គោ​របស់​គេ និង​ត្រសាល​របស់​គេ ហើយ​ចាក​ចេញ​ទៅ​ក្នុង​ទី​រហោស្ថាន ប៉ុណ្ណោះ ព្រោះ​ពួក​លេមិន​មាន​គ្នា​ច្រើន​ពេក ពុំ​អាច​ឲ្យ​ប្រជាជន​លិមហៃ​តតាំង​នឹង​ពួក​គេ​បាន​ទេ បើ​គិត​ថា​ដោះ​ខ្លួន​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ដោយ​ប្រើ​ដាវ​វិញ។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា គេឌាន​បាន​ឈាន​ទៅ​មុខ ហើយ​ឈរ​នៅ​ចំពោះ​មុខ​ស្ដេច ហើយ​ទូល​ទ្រង់​ថា ៖ ឥឡូវ​នេះ សូម​ព្រះ​រាជា​ទ្រង់​ជ្រាប ទ្រង់​បាន​ស្ដាប់​តាម​ពាក្យ​របស់​ទូលបង្គំ​ជា​ច្រើន​លើក​ច្រើន​គ្រា​មក​ហើយ កាលដែល​យើង​តតាំង​ជាមួយ​នឹង​បង​ប្អូន​របស់​យើង គឺ​ពួក​លេមិន។

ហើយ​ឥឡូវ​នេះ ឱ​ព្រះ​រាជា​អើយ បើ​សិន​ជា​ទ្រង់​ពុំ​យល់​ថា រូប​ទូលបង្គំ​នេះ​ជា​អ្នក​បម្រើ​ម្នាក់​ដ៏​ឥត​ប្រយោជន៍​ទេ ឬ​បើ​សិន​ជា​ពីមុន ទ្រង់​បាន​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ខ្លះ ហើយ​ពាក្យ​ទាំង​នោះ​ត្រូវ​បាន​យក​មក​ប្រើការ​ចំពោះ​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ទូលបង្គំ​ចង់​ឲ្យ​ទ្រង់​ស្ដាប់​ពាក្យ​ទូលបង្គំ​នៅ​ពេល​នេះ​ដែរ ហើយ​ទូលបង្គំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ដោះ​ប្រជាជន​នេះ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព។

ហើយ​ស្ដេច​បាន​អនុញ្ញាត​ឲ្យ​លោក​និយាយ ហើយ​គេឌាន​បាន​ទូល​ទ្រង់​ថា ៖

មើល​ចុះ​ផ្លូវ​ខាង​ក្រោយ កាត់​ចូល​តាម​កំផែង​ក្រោយ ដែល​នៅ​ផ្នែក​ខាង​ក្រោយ​ទី​ក្រុង។ ពួក​លេមិន ឬ​ពួក​ទាហាន​យាម​នៃ​ពួក​លេមិន វា​ស្រវឹង​នៅ​ពេល​យប់ ហេតុ​ដូច្នេះ​ហើយ ចូរ​យើង​ចេញ​ការ​ប្រកាស​មួយ​ដល់​ចំណោម​អស់​ទាំង​ប្រជាជន​នេះ ឲ្យ​គេ​ប្រមូល​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​គេ ដើម្បី​ពួក​គេ​អាច​ដឹក​សត្វ​ទាំង​នេះ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន នៅ​ពេល​យប់​ចុះ។

ហើយ​ទូលបង្គំ​នឹង​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់ ទៅ​ប្រគល់​ស្រា​ទំពាំងបាយជូរ ដែល​ជា​ពន្ធដារ​ចុង​ក្រោយ​បង្អស់​ដល់​ពួក​លេមិន ហើយ​ពួក​គេ​នឹង​ស្រវឹង ហើយ​យើង​នឹង​ទៅ​តាម​ផ្លូវ​សម្ងាត់ ដែល​នៅ​ខាង​ឆ្វេង​បន្ទាយ​របស់​ពួក​គេ​នោះ កាល​ពួក​គេ​ស្រវឹង​ដេកលក់។

នោះ​យើង​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​ជាមួយ​នឹង​ពួក​ស្ត្រី​របស់​យើង និង​កូន​ចៅ​របស់​យើង និង​ហ្វូង​ចៀម​របស់​យើង និង​ហ្វូង​គោ​របស់​យើង​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​យើង​នឹង​ធ្វើ​ដំណើរ​ព័ទ្ធជុំវិញ​ដែនដី​សៃឡោម។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​បាន​ស្ដាប់​តាម​ពាក្យ​របស់​គេឌាន។

១០ហើយ​ស្ដេច​លិមហៃ​បាន​បញ្ជា​ឲ្យ​ប្រជាជន​ទ្រង់ ប្រមូល​សត្វ​របស់​គេ ហើយ​ទ្រង់​បាន​ប្រគល់​ពន្ធដារ ជា​ស្រា​ទំពាំងបាយជូរ​ទៅ​ឲ្យ​ពួក​លេមិន ហើយ​ទ្រង់​ក៏​បាន​ប្រគល់​ស្រា​ទំពាំងបាយជូរ ជា​អំណោយ​ទៀត​ដល់​ពួក​គេ ហើយ​ពួក​គេ​បាន​ផឹក​តាម​ចិត្ត​នូវ​ស្រា​ទំពាំង​បាយ​ជូរ ដែល​ស្ដេច​លិមហៃ​បាន​ប្រគល់​ឲ្យ​នោះ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​របស់​ស្ដេច​លិមហៃ​បាន​ចេញ​ដំណើរ​នៅ​ពេល​យប់ ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ជាមួយ​នឹង​ហ្វូង​ចៀម​របស់​គេ និង​ហ្វូង​គោ​របស់​គេ ហើយ​ពួក​គេ​បាន​ដើរ​ព័ទ្ធជុំវិញ​ដែនដី​សៃឡោម ក្នុង​ទី​រហោស្ថាន ហើយ​បត់​ឆ្ពោះ​ទៅ ដែនដី​សារ៉ាហិមឡា ដែល​នាំ​មុខ​ដោយ​អាំម៉ូន និង​បង​ប្អូន​លោក។

១២ហើយ​ពួក​គេ​បាន​យក​អស់​ទាំង​មាស និង​ប្រាក់​របស់​គេ និង​វត្ថុ​មាន​តម្លៃ​របស់​គេ​ទាំង​ឡាយ ដែល​គេ​អាច​យ​ក​បាន ព្រម​ទាំង​ស្បៀង​អាហារ​របស់​គេ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ផង ហើយ​ពួក​គេ​បន្ត​ដំណើរ​របស់​គេ​ទៅ។

១៣ហើយ​បន្ទាប់​ពី​នៅ​ក្នុង​ទី​រហោស្ថាន​អស់​ជា​ច្រើន​ថ្ងៃ​មក នោះ​ពួក​គេ​បាន​មក​ដល់​ដែនដី​សារ៉ាហិមឡា ហើយ​បាន​រួបរួម​ជាមួយ​នឹង​ប្រជាជន​របស់​ម៉ូសាយ ហើយ​ក្លាយ​ទៅ​ជា​ប្រជាជន​របស់​ទ្រង់។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសាយ​បាន​ទទួល​ពួក​គេ​ដោយ​សេចក្ដី​អំណរ ហើយ​ទ្រង់​ក៏​បាន​ទទួល​បញ្ជី​ទាំង​ឡាយ​របស់​ពួក​គេ​ផង ព្រម​ទាំង​បញ្ជី​ទាំង​ឡាយ ដែល​ប្រជាជន​លិមហៃ បាន​ជួប​ប្រទះ​ឃើញ​នោះ​ផង។

១៥ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​លេមិន​បាន​ដឹង​ថា ប្រជាជន​លិមហៃ​បាន​ចេញ​ចោល​ដែនដី​ទៅ នៅ ពេល​យប់ នោះ​ពួក​គេ​បាន​ចាត់​ឲ្យ​កងទ័ព​មួយ​ចំនួន ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ដើម្បី​ដេញ​តាម​ពួក​គេ។

១៦ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ដេញ​តាម​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​មក នោះ​ពួក​គេ​មិន​អាច​តាម​ដាន​បាន​ទៀត​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ក៏​វង្វេង​នៅ​ក្នុង​ទី​រហោស្ថាន​ទៅ៕