ឆ្នាំ ២០១០-២០១៩
ចូរ​ស្រមៃ​ថា​អ្នក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ
ខែ មេសា 2016


16:23

ចូរ​ស្រមៃ​ថា​អ្នក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ម្នាក់ៗ​នឹង​គោរព​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​ការផ្លាស់ប្តូរ​ចាំបាច់​នានា​ដើម្បី​ឃើញ​ថា​បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ។

ដំណើរការ​ទៅមុខ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​សម័យ​កាន់​កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ​គឺ​វា​លើស​ពី​ការយល់​ដឹង​របស់​យើង ។តួយ៉ាង​ដូច​ជា​ការប្រកាស​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មីៗ​ចំនួន​បួន ​នៅក្នុង​សម័យ​ប្រជុំ​សន្និសីទ​នេះ ។ កាល​ប្រធាន ម៉នសុន ត្រូវបាន​ហៅ​បម្រើ​ជា​សាវក​ក្នុង​ឆ្នាំ ១៩៦៣ មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១២ កំពុង​ដំណើរការ​នៅ​លើ​ពិភពលោក ។ឥឡូវនេះ ជាមួយ​នឹង​ការ​ឧទ្ទិស​ឆ្លង​នៃ​ព្រះ​វិហារ​បរិសុទ្ធ ប្រូវ៉ូ ស៊ីធី សេនធើរ មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៥០ ហើយ​នឹង​មាន​ចំនួន ១៧៧ នៅពេល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ប្រកាស​ហើយ​ត្រូវ​បាន​ឧទ្ទិស​ឆ្លង ។ ការណ៍​នេះ​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ដ៏​រាបសា ។

កាល​ពី​១៨០ ឆ្នាំ​មុន នៅ​ថ្ងៃ​នេះ​គឺ ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ​បាន​បើក​សម្តែង​ឡើង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺត​ឡង់ ។ ការនិមិត្ត​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ការឧទ្ធិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នោះ​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ។ នៅក្នុង​ការនិមិត្ត​នោះ ពួកលោក​បាន​ឃើញ​ព្រះអម្ចាស់​គង់​នៅលើ​របា​បង្អែក​វេទិកា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​ចំណោម​រឿង​ជាច្រើន​នោះ ព្រះអង្គសង្គ្រោះ​បាន​ប្រកាស ៖

« ចូរ​ឲ្យ​ចិត្ត​នៃ​អស់​ទាំង​រាស្ត្រ​របស់​យើង​បាន​អរ​សប្បាយ​រីករាយ ដែល​បាន​សង់​ដំណាក់​នេះ​ថ្វាយ​ដល់​ព្រះនាម​របស់​យើង​ដោយ​អស់​ពី​កម្លាំង​របស់​ពួក​គេ ។

ដ្បិត​មើល​ចុះ យើង​បាន​ទទួល​ដំណាក់​នេះ​ហើយ ហើយ​ព្រះ​នាម​របស់​យើង​នឹង​ស្ថិតនៅ​ទី​នេះ ហើយ​យើង​នឹង​សម្ដែង​កាយ​យើង​ដល់​រាស្ត្រ​របស់​យើង​នៅ​ក្នុង​ដំណាក់​នេះ​ដោយ​សេចក្ដី​មេត្តា​ករុណា » ។

នៅក្នុង​ឱកាស​ដ៏​ពិសិដ្ឋ​នោះ ព្យាការី​បុរាណ​បាន​បង្ហាញ​ខ្លួន​ផងដែរ រួមមាន អេលីយ៉ា ដែល​បាន​ប្រគល់​កូនសោ​ចាំបាច់​សម្រាប់​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

យើង​មាន​អារម្មណ៍​រីករាយ​ចំពោះ​រឿង​ដែល​កំពុង​កើត​ឡើង​នៅ គ្វីតូ, អេក្វាទ័រ; ហារ៉ា ស៊ីមបាវ៉េ; បេលិម ប្រេស៊ីល និង​ព្រះវិហារ​បរិសុទ្ធ​ទី​ពីរ លីម៉ា ពេរូ ទាំង​សមាជិក និង អ្នក​ផ្សព្វផ្សាយ​សាសនា ផ្អែក​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង បាងកក ប្រទេស ថៃ កាល​ពី​មួយ​ឆ្នាំ​មុន​នៅពេល​ព្រះវិហារ​បរិសុទ្ធ​នោះ​បាន​ប្រកាស ។ ស៊ិស្ទើរ ស្សែលលី ស៊ីញ្ញ័រ ជា​ភរិយា​ប្រធាន​បេសកកម្ម​បាំងកកប្រ​ទេស​ថៃ គឺ​ប្រធាន ដាវីឌ ស៊ីញ្ញ័រ បាន​អ៊ីម៉ែល​ទៅ​គ្រួសារ និង មិត្តភក្តិ​ប្រាប់​ថា បន្ទាប់​ពី​គាត់ និង​ស្វាមី​គាត់​បាន​ស្ដាប់​ឮ​ប្រធាន ម៉នសុន​ប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ​នោះ​គាត់ « ដេក​មិន​លក់​អស់​រយៈពេល ១២ ម៉ោង ហើយ​យំ​ទាំង​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង » ។ ពួកគាត់​បាន​ទូរសព្ទ​ទៅ​ជំនួយការ​ប្រធាន​បេសកកម្ម​ទាំង​ម៉ោង ១១ កន្លះ​យប់ ហើយ​ប្រាប់​ពួកគេ​ពី​រឿង​នោះ ។ ជំនួយ​ការ​នោះ​ក៏​បាន​ទូរសព្ទ​ទៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​អស់ ។ ក្រោយមក​របាយការណ៍​បាន​ប្រាប់​ថា « អ្នក​បម្រើ​បេសកកម្ម​ក្នុង​បេសកកម្ម​ទាំង​មូល​បាន​ភ្ញាក់​ឡើង​ទាំង​កណ្តាល​អធ្រាត្រ​ដោយ​រំភើប​ជា​ខ្លាំង​ចំពោះ​រឿង​នោះ » ។ ស៊ិស្ទើរ ស៊ីញ័រ បាន​ប្រាប់​គ្រួសារ និង មិត្តភក្តិ​ដោយ​កំប្លែង​ថា « សុំ​កុំ​ប្រាប់​រឿង​នេះ​ដល់​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​ឡើយ ! »

ប្រតិកម្ម​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ​របស់​សមាជិក​នៅ​ក្នុង​ប្រទេស​ថៃ​គឺ​ខ្លាំងក្លា​ណាស់ ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា មាន​ការរៀបចំ​ខាង​វិញ្ញាណ​នៅក្នុង​ដួងចិត្ត និង គេហដ្ឋាន និង​ការបើក​បង្ហាញ​ពី​ឋានសួគ៌ រៀបចំ​ពួក​បរិសុទ្ធ​នៅ​ទី​កន្លែង ដែល​ព្រះវិហារ​បរិសុទ្ធ​ទើប​តែ​បាន​ប្រកាស​ថ្មីៗ​នេះ ។

យុវនារី​ថៃ​ឆ្លុះ​កញ្ចក់​ដែល​សរសេរ​ថា « ចូរ​ស្រមៃ​ថា​អ្នក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

កាល​នៅ​ប្រទេស ថៃ ស៊ិស្ទើរ ស៊ីញ្ញ័រ មាន​កាន់ដៃ​កញ្ចក់​ឆ្លុះមុខ​មួយ​ចំនួន​ដែល​គាត់​ធ្វើ​ឡើង​សម្រាប់​ការបង្រៀន​ផ្ទាល់ខ្លួន​របស់​គាត់ ជាពិសេស​ពេល​បង្រៀន​បងប្អូន​ស្រីៗ ។ មាន​រូប​ព្រះវិហារ​បរិសុទ្ធ​មួយ​បាន​ឆ្លាក់​នៅលើ​កញ្ចក់​នោះ​ដែល​មាន​ឃ្លា​ថា « ចូរ​ស្រមៃ​ថា​អ្នក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។ នៅពេល​មនុស្ស​សម្លឹង​មើល​កញ្ចក់​នោះ ពួកគេ​បាន​ឃើញ​ខ្លួន​ឯង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន និង ស៊ីស្ទើរ ស៊ីញ័រ បាន​បង្រៀន​សាសនាគន់ការី និង សមាជិក​ឲ្យ​គិត​ស្រមៃ​ថា​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ការ​ផ្លាស់ប្តូរ​បែប​ផែន​ជីវិត និង ការរៀបចំ​ខ្លួន​ដ៏​ចាំបាច់​ដើម្បី​បំពេញ​តាម​គោលដៅ​នោះ ។

ការអញ្ជើញ​របស់​ខ្ញុំ​នា​ព្រឹក​នេះ​ចំពោះ​ពួក​យើង​ម្នាក់ៗ មិន​ថា​បងប្អូន​រស់នៅ​ទីណា​ទេ ចូរ​ស្រមៃ​ថា​បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន ម៉នសុន បាន​ថ្លែង ៖ « ទាល់តែ​អ្នក​បាន​ចូល​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​បាន​ទទួល​គ្រប់​ពរជ័យ ដែល​រង់ចាំ​អ្នក​នៅ​ទីនោះ បើ​មិន​ដូច្នោះ​ទេ អ្នក​មិន​បាន​ទទួល​អ្វីៗ​ទាំងអស់ ដែល​សាសនាចក្រ​បាន​ផ្តល់​ឲ្យ​ទេ ។ ពរជ័យ​សំខាន់ និង អស្ចារ្យ​បំផុត នៃ​សមាជិកភាព​នៅ​ក្នុង​សាសនាចក្រ គឺ​ជា​ពរជ័យ​ទាំងឡាយ ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ » ។

ទោះបី​ជា​ខ្វះ​ភាពសុចរិត​នៅក្នុង​ពិភព​លោក​សព្វថ្ងៃ​នេះ​ក្តី យើង​រស់នៅ​ក្នុង​គ្រា​មួយ​ដ៏​ពិសិដ្ឋ ដ៏​បរិសុទ្ធ ។ ព្យាការី ដែល​មាន​ចិត្ត​ពេញ​ដោយ​ក្តីស្រឡាញ់ និង បំណង​ប្រាថ្នា បាន​ពិពណ៌នា​ពី​ជំនាន់​របស់​យើង​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។

ព្យាការី យ៉ូសែប ស៊្មីធ ដកស្រង់​ទាំង​ព្រះគម្ពីរ អូបាឌា​ជំពូក​ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង ពេត្រុសទី ១ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដោយ​បាន​ទទួលស្គាល់​នូវ​គោលបំណង​ដ៏​អស្ចារ្យ​របស់​ព្រះ​ក្នុង​ការ​ថ្វាយ​បុណ្យ​ជ្រមុជ​ទឹក​ដល់​មរណជន ហើយ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​សង្គ្រោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន​នេះ ។

ព្រះអម្ចាស់​បាន​រៀបចំ​សមាជិក​យើង ហើយ​បាន​ប្រទាន​ធនធាន និង ការណែនាំ​ពី​ព្យាការី ប្រយោជន៍​ឲ្យ​យើង​អាច​មាន​ចិត្ត​អង់​អាច​នៅក្នុង​ការចូលរួម​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​ព្រះវិហារ​បរិសុទ្ធ សម្រាប់​ទាំង​អ្នក​នៅ​រស់ និង មរណជន ។

ដោយសារ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បានស្តារ​ឡើង​វិញ នោះ​យើង​យល់​ពី​គោលបំណង​នៃ​ជីវិត​នេះ ផែនការ​នៃ​សេចក្តី​សង្គ្រោះ របស់​ព្រះវរបិតា​សម្រាប់​កូនចៅ​របស់​ទ្រង់ ការពលិកម្ម​ដ៏​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​តួនាទី​ដ៏​សំខាន់​របស់​គ្រួសារ​នៅក្នុង​អង្គភាព​នៃ​ឋានសួគ៌ ។

ការ​កើន​ឡើង​នូវ​ចំនួន​នៃ​ព្រះវិហារ​បរិសុទ្ធ និង ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​ក្នុង​កិច្ចការ​ពង្សប្រវត្តិ សម្រាប់​បុព្វការីជន​របស់​យើង ធ្វើ​ឲ្យ​គ្រា​នេះ​ក្លាយ​ជា​គ្រា​ដ៏​មាន​ពរជ័យ​ខ្លាំង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ទាំងអស់ ។ ខ្ញុំ​រីករាយ​ចំពោះ​ភាពស្មោះត្រង់​ដ៏​អស្ចារ្យ​របស់​យុវវ័យ​របស់​យើង​នៅក្នុង​ការធ្វើ​លិបិក្រម និង ស្វែងរក​បុព្វការីជន​របស់​ពួកគេ ហើយ​ក្រោយ​មក​ធ្វើ​បុណ្យ​ជ្រមុជទឹក និង បញ្ជាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​ពិត​ជា​អ្នក​សង្គ្រោះ​នៅលើ​ភ្នំ ស៊ីយ៉ូន​ដែល​បាន​ព្យាករ​ទុក​នោះ ។

តើ​យើង​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ?

យើង​ដឹង​ថា​ភាពសុចរិត និង ភាពបរិសុទ្ធ​គឺ​ជា​ផ្នែក​ចាំបាច់​នៃ​ការរៀប​ចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។

នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧​​​វា​អាន​ថា « ហើយ​ដរាបណា​ប្រជារាស្ត្រ​របស់​យើង​កសាង​ដំណាក់​មួយ​ដល់​យើង ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ហើយ​មិន​ទ្រាំ​ឲ្យ​របស់​មិន​ស្អាត​ចូល​មក​ក្នុង​ទី​នោះ​ឡើយ ដើម្បី​កុំ​ឲ្យ​ដំណាក់​ស្មោក​គ្រោក នោះ​សិរី​ល្អ​របស់​យើង​នឹង​សណ្ឋិត​មក​លើ​ដំណាក់​នោះ » ។

រហូត​ដល់​ឆ្នាំ ១៨៩១ ប្រធាន​សាសនាចក្រ​បាន​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ការពារ​ភាព​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ក្រោយ​មក​ការទទួលខុសត្រូវ​នោះ​ត្រូវ​បាន​ការផ្ទេរ​សិទ្ធិ​ឲ្យ​ទៅ​ប៊ីស្សព និង ប្រធាន​ស្តេក ។

វា​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​យើង​ថា សមាជិក​សាសនចក្រ​នឹង​រស់នៅ​ដោយ​សក្តិសម​តាម​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សូម​កុំ​យល់​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​គោលដៅ​មួយ​ដែល​នៅ​ដាច់​ឆ្ងាយ និង មិន​អាច​សម្រេច​បាន​ឡើយ ។ សូម​ពិភាក្សា​ជាមួយ​ប៊ីស្សព​របស់​អ្នក សមាជិក​ភាគច្រើន​អាច​សម្រេច​បាន​នូវ​តម្រូវការ​នៃ​ភាពសុចរិត​ទាំងអស់​នៅក្នុង​រយៈពេល​មួយ​ដ៏​ខ្លី ប្រសិនបើ​ពួកគេ​ប្តេជ្ញាចិត្ត​ឲ្យ​មាន​គុណ​សម្បត្តិ និង ប្រែចិត្ត​ទាំង​ស្រុង​ពី​អំពើ​រំលង​នានា ។ ការណ៍​នេះ​រួម​មាន​ការ​មាន​ឆន្ទៈ​អភ័យ​ទោស​ដល់​ខ្លួន​ឯង ហើយ​ពុំ​ផ្តោត​លើ​ភាព​ឥត​គ្រប់លក្ខណ៍ ឬ អំពើ​បាប​របស់​ខ្លួន ថា​ជា​គុណវិបត្តិ​រារាំង​យើង​ពី​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នោះ​ឡើយ ។

ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ឡើង​សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះ ។ ពលិកម្ម​ដ៏​ប្រោសលោះ​របស់​ទ្រង់ បំពេញ​នូវ​តម្រូវការ​នៃ​សេចក្តីយុត្តិធម៌​សម្រាប់​អស់​អ្នក​ដែល​ប្រែចិត្ត​ពិតប្រាកដ ។ ព្រះគម្ពីរ​ពិពណ៌នា​ការណ៍​នេះ​ក្នុង​របៀប​មួយ​ដ៏​អស្ចារ្យ​បំផុត ៖

« ទោះ​បើ​អំពើ​បាប​របស់​អ្នក​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ » ។

« យើង​ជា​ព្រះអម្ចាស់ មិន​ចាំ​ពី [ អំពើ​បាប​ទាំង​នោះ ] ទៀត​ទេ » ។

យើង​សូម​បញ្ជាក់​ដល់​បងប្អូន​ថា ការរស់នៅ​តាម​គោលការណ៍​សុចរិត​នឹង​នាំ​មក​នូវ​សុភមង្គល ការបំពេញ​ការសន្យា និង ភាពសុខសាន្ត ដល់​បងប្អូន និង គ្រួសារ ។ សមាជិក ទាំង​ចាស់ ទាំង​ក្មេង ធ្វើ​ការបញ្ជាក់​នូវ​ភាពសក្តិសម​ខ្លួន​ឯង​នៅពេល​ពួកគេ​ឆ្លើយ​សំណួរ​សម្ភាស​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ តម្រូវការ​ចាំបាច់​នេះ​គឺ ដើម្បី​បង្កើន​ទីបន្ទាល់​របស់​យើង​អំពី​ព្រះ​ជា​ព្រះវរបិតា ព្រះរាជបុត្រា​ត្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ និង ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ និង បទពិសោធន៍​នៃ​ការបម្រើ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​មាន​ច្រើន​លើសលុប

ពរជ័យ​ដ៏​ចម្បង​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ពិធី​បរិសុទ្ធ​នៃ​ភាពតម្កើងឡើង ។ ផែនការ​នៃ​ដំណឹង​ល្អ​គឺ​អំពី​ភាពតម្កើង​ឡើង ហើយ​រួម​ទាំង​ការធ្វើ និង រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះ ។ លើកលែង​តែ​បុណ្យ​ជ្រមុជ​ទឹក និង ពិធី​បញ្ជាក់​ប៉ុណ្ណោះ ពិធី​បរិសុទ្ធ និង សេចក្តីសញ្ញា​ទាំងនេះ​ត្រូវបាន​ធ្វើ​ឡើង និង ទទួល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អ្នក​នៅរស់ ។ សម្រាប់​មរណជន ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​នៃ​សេចក្តីសង្គ្រោះ​ទាំងអស់​ត្រូវតែ​ទទួល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រិកហាំ យ៉ង់​បាន​បង្រៀន​ថា « គ្មាន​កិច្ចការ​ណា​មួយ​ដែល ព្រះអម្ចាស់​អាច​ធ្វើ សម្រាប់​សេចក្តី​សង្គ្រោះ​ដល់​ក្រុម​គ្រួសារ​មនុស្ស​លោក ដែល​ទ្រង់​មិន​បាន​ធ្វើ​ឡើយ … កិច្ចការ​ទាំង​នោះ​អាច​សម្រេច​បាន​នូវ​សេចក្តី​សង្គ្រោះ​សម្រាប់​ពួកគេ គឺ​ត្រូវបាន​សម្រេច​ដោយសារ​ព្រះអង្គ​សង្គ្រោះ ដោយ​មិន​ពឹង​លើ​សមត្ថភាព​របស់​ពួកគេ » ។

ថ្នាក់​ដឹកនាំ​សាសនាចក្រ​រៀបចំ​ស្តេក វួដ កូរ៉ុម អង្គការជំនួយ​សាសនាចក្រ បេសកកម្ម​ជាដើម នៅក្នុង​រោង​ថ្វាយ​បង្គំ និង អគារ​ផ្សេងៗ​ទៀត​របស់​យើង ។ ព្រះអម្ចាស់​រៀបចំ​ក្រុមគ្រួសារ​អស់​កល្ប​ជានិច្ច​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តែ​ប៉ុណ្ណោះ ។

វា​បញ្ជាក់​យ៉ាង​ច្បាស់​ថា អស់​អ្នក​ដែល​មាន​ចិត្ត​សង្រែង និង វិញ្ញាណ​ទន់ទាប ដែល​បាន​ប្រែចិត្ត​យ៉ាង​ពិតប្រាកដ​ពី​អំពើ​បាប​របស់​ខ្លួន ត្រូវបាន​ទទួល​យក​ទាំងស្រុង​ចំពោះ​ព្រះអម្ចាស់​នៅក្នុង​ដំណាក់​ដ៏ បរិសុទ្ធ​របស់​ទ្រង់ ។ យើង​ដឹង​ថា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ។ អ្វី​មួយ​ដ៏​មាន​តម្លៃ​ដែល​ខ្ញុំ​ចូលចិត្ត​ព្រះវិហារ​បរិសុទ្ធ​នោះ​គឺ​ថា អស់​អ្នក​ដែល​ចូលរួម​នៅ​ទីនោះ​គ្មាន​ការបែងចែក​រវាង​អ្នក​មាន​អ្នក​ក្រ ឋានៈ ឬ មុខងារ​ណា​មួយ​ឡើយ ។ យើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​ព្រះនេត្រ​ព្រះ ។ គ្រប់​គ្នា​ស្លៀកពាក់​ពណ៌​ស ជា​សញ្ញា​ថា​យើង​ជា​មនុស្ស​បរិសុទ្ធ និង សុចរិត ។ ទាំងអស់​គ្នា​អង្គុយ​ក្បែរ​គ្នា​ដោយ​មាន​បំណង​ក្នុង​ចិត្ត ដើម្បី​ធ្វើ​ជា​បុត្រា និង បុត្រា​ដ៏​សក្តិសម​របស់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ ។

បន្ទប់​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សូម​គិត​ពី ស្ត្រី និង បុរស​ទូទាំង​ពិភពលោក​ថា តាមរយៈ « ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ពិសិដ្ឋ​នានា ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ … ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វិញ ហើយ… អាច​ត្រូវ​បាន​រួបរួម​គ្នា​ដ៏​អស់​កល្ប​ជានិច្ច » ។ ពួកគេ​ធ្វើ​ពិធីបរិសុទ្ធ​នេះ​នៅក្នុង​បន្ទប់​ផ្សារភ្ជាប់​ដ៏​ពិសិដ្ឋ​ដែល​មាន​សម្រាប់​សមាជិក​សក្តិសម​ចូល​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់ ។ បន្ទាប់​ពី​ពួកគេ​ចូល​ក្នុង​សេចក្តីសញ្ញា​ទាំង​នេះ នោះ​ពួកគេ « មើល​រូប​ខ្លួន​នៅក្នុង​កញ្ចក់​ព្រះវិហារ​បរិសុទ្ធ » ដែល​ដាក់​ទល់​មុខ​គ្នា ។ « កញ្ចក់​ព្រះវិហារ​បរិសុទ្ធ​ចាំង​ឆ្លុះ​រូប​គ្នា​ទៅវិញ​ទៅមក​ដែល​ធ្វើ​ឲ្យ​ឃើញ​ពី​ភាពអស់កល្ប​ជានិច្ច​ដ៏​ច្រើន​ជំនាន់ » ។ រូប​ដែល​ចាំង​ឆ្លុះ​នោះ​ជួយ​យើង​ឲ្យ​មើល​ឃើញ​ពី​ឪពុកម្តាយ ជីដូនជីតា និង ជំនាន់​មុនៗ​ទាំងអស់ ។ វា​ជួយ​ឲ្យ​យើង​ទទួលស្គាល់​នូវ​សេចក្តីសញ្ញា​ពិសិដ្ឋ​ដែល​ភ្ជាប់​យើង​ទៅនឹង​ជំនាន់​ក្រោយៗ​ទៀត ។ នេះ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត ហើយ​វា​ចាប់ផ្តើម​នៅពេល​បងប្អូន​ស្រមៃ​ថា​បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

កញ្ចក់​នៅក្នុង​បន្ទប់​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ

ប្រធាន ហាវើដ ដបុលយូ ហឹនធើរបាន​ទូន្មាន​យើង​ថា « ចូរ​ពិចារណា​ពី​ការបង្រៀន​ដ៏​មាន​ឫទ្ធិ​នៅក្នុង​ពាក្យ​អធិស្ឋាន​ឧទ្ទិស​ឆ្លង​ដ៏​អស្ចារ្យ​នៃ​ព្រះវិហារ​បរិសុទ្ធ ខឺត​ឡង់ ជា​ការអធិស្ឋាន​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្ដល់​ឲ្យ​ ​ដែល​បាន​ប្រទាន​ដល់​លោក​តាមរយៈ​វិវរណៈ ។ វា​គឺ​ជា​ការអធិស្ឋាន​ដែល​បន្ត​ផ្តល់​ចម្លើយ​ដល់​ពួក​យើង​ម្នាក់ៗ ដល់​គ្រួសារ​យើង និង ដល់​យើង​គ្រប់​គ្នា ដោយសារ​អំណាច​បព្វជិតភាព​របស់​ព្រះអម្ចាស់ បាន​ប្រទាន​ដល់​យើង​ឲ្យ​ប្រើប្រាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។ យើង​នឹង​សិក្សា​បាន​ល្អ​នូវ​កណ្ឌ​ទី ១០៩​នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា ហើយ​ធ្វើ​តាម​ការដាស់តឿន​របស់​ប្រធាន ហឹនធើរ « ដើម្បី​ស្ថាបនា​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ជា​និមិត្ត​សញ្ញា​ដ៏​អស្ចារ្យ​នៃ​ភាព​ជា​សមាជិក [ របស់​យើង ] » ។

ព្រះវិហារ​បរិសុទ្ធ​ក៏​ជា​ទី​ជ្រកកោន ថ្លែង​អំណរគុណ ណែនាំ និងយល់ដឹង « ដើម្បី​ [ យើង ] អាច​បានល្អ​ឥតខ្ចោះ … ​ក្នុង​គ្រប់​ទាំង​អស់​ដែល​ទាក់​ទង​ទៅ​នឹង​នគរ​ព្រះ​នៅ​លើ​ផែនដី » ។ ពេញ​មួយ​ជីវិត​ខ្ញុំ ព្រះ​វិហារ​បរិសុទ្ធ​ជា​ទី​នៃ​ភាព​ស្ងប់ស្ងាត់ និង ភាពសុខសាន្ត​នៅក្នុង​ពិភពលោក​ដ៏​មាន​ចលាចល​នេះ ។ វា​អស្ចារ្យ​ណាស់​ដើម្បី​ទុក​នូវ​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​លោកិយ​មួយ​អន្លើ នៅក្នុង​ដំណាក់​ដ៏​ពិសិដ្ឋ​នោះ ។

ជារឿយៗ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង នៅពេល​យើង​ចុះ​ប្រឡូក​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ពង្សប្រវត្តិ នោះ​យើង​មាន​អារម្មណ៍​បំផុស​គំនិត និង ការបើកបង្ហាញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ជួនកាល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ វាំងនន​បាំង​រវាង​ពួកយើង និង អស់​អ្នក​ដែល​ផ្នែក​ម្ខាង​ទៀត​អាច​ប្រែ​ជា​ស្តើង ។ យើង​ទទួល​ជំនួយ​បន្ថែម​ទៀត​ក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​ធ្វើ​ជា​អ្នក​សង្គ្រោះ​នៅលើ​ភ្នំ ស៊ីយ៉ូន ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​អាមេរិក​កណ្តាល ភរិយា​របស់​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់​របស់​យើង​បាន​ជួយ​ឪពុក ម្តាយ និង កូនៗ​របស់​ពួកគេ ក្នុងការ​ទទួល​សេចក្តីសញ្ញា​អស់កល្ប​នៅក្នុង​បន្ទប់​ផ្សារភ្ជាប់​ជា​ទី​ដែល​មាន​កញ្ចក់​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ពួកគេ​ជួបជុំ​គ្នា ហើយ​មើល​ទៅ​ក្នុង​កញ្ចក់​ទាំង​នោះ គាត់​បាន​ឃើញ​ថា​មាន​មុខ​មនុស្ស​ម្នាក់​នៅ​ក្នុង​កញ្ចក់​ដែល​មិន​នៅ​ក្នុង​បន្ទប់​នោះ ។ គាត់​បាន​សួរ​ម្តាយ​រូប​នោះ ហើយ​បាន​ដឹង​ថា​កូនស្រី​ម្នាក់​បាន​ចែក​ឋាន ដោយ​ហេតុ​នោះ​ហើយ​នាង​គ្មាន​វត្តមាន​នៅទីនេះ​ទេ ។ ក្រោយ​មក​កូនស្រី​ដែល​ស្លាប់​នោះ ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​ពិធី​បរិសុទ្ធ​ពិដិស្ឋ​ជំនួស ។ ចូរ​កុំ​មើល​ស្រាល​ជំនួយ​ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ពី​ជ្រុង​ម្ខាង​ទៀត​នៃ​វាំងនន​ឡើយ ។

ចូរ​ដឹង​ថា ពួកយើង​មាន​បំណង​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ អាច​ធ្វើ​ការផ្លាស់ប្តូរ​ដ៏​ចាំបាច់​ដើម្បី​មាន​គុណសម្បត្តិ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។ សូម​គិត​ដោយ​ស្មោះ​ពី​ចិត្ត​ថា តើ​បងប្អូន​កំពុង​ឈាន​ដល់​ចំណុច​ណា​ហើយ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ហើយ​ពិភាក្សា​ជាមួយ​ប៊ីស្សព​របស់​បងប្អូន​អំពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « គ្មាន​គោលដៅ​ណា​មួយ​របស់​អ្នក​សំខាន់​ជាង​ការខិតខំ​ឲ្យ​មាន​ភាពសក្តិសម​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ » ។

ព្រះអង្គសង្គ្រោះ​គឺ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ដ៏​រឹងមាំ​នៃ​សេចក្តីជំនឿ​របស់​យើង និង សាសនាចក្រ​របស់​ទ្រង់

ខ្ញុំ​មាន​ឯកសិទ្ធិ​ចូលរួម​ជាមួយ​ប្រធាន ហិនរី ប៊ី. អាវរិង នៅ​ក្នុង​ការឧទ្ទិស​ឆ្លង​ឡើង​វិញ​នូវ​ព្រះវិហារ​បរិសុទ្ធ សូវ៉ា ហ្វីជី កាល​ពី​ពីរ​ខែ​មុន ។ វា​គឺ​ជា​ឱកាស​ដ៏​ពិសេស និង ពិសិដ្ឋ ។ ការបំផុស​ខាង​វិញ្ញាណ​ដ៏​អង់អាច និង មុតមាំ​របស់​ប្រធាន​អាវរិង ធ្វើ​ឲ្យ​ការឧទ្ទិស​ឆ្លង​ជា​ថ្មី​នោះ​ដំណើរ​ការ​ទៅបាន ទោះបី​ជា​មាន​ព្យុះ​ដ៏​កាច​សាហាវ​បាន​បោកបក់​នៅក្នុង​ភាគខាង​ត្បូង​នៃ​អឌ្ឍគោល​នោះ​ក្តី ។ ការការពារ​ខាង​រូបកាយ និង ខាង​វិញ្ញាណ​ត្រូវបាន​ប្រទាន​ឲ្យ​ដល់​យុវវ័យ អ្នក​ផ្សព្វផ្សាយ​សាសនា និង សមាជិក ។ ព្រះចេស្តា​របស់​ព្រះអម្ចាស់​បាន​បង្ហាញ​ឃើញ​យ៉ាង​ច្បាស់ ។ ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ សូវ៉ា ហ្វីជី​ឡើងវិញ គឺ​ជា​ទីជ្រក​កោន​ពី​ព្យុះសង្ឃរា ។ ជារឿយៗ​នៅពេល​យើង​ជួប​នូវ​ព្យុះ​នៃ​ជីវិត​នេះ យើង​ឃើញ​ពី​ព្រះចេស្តា​របស់​ព្រះអម្ចាស់​ក្នុង​ការផ្តល់​នូវ​ការការពារ​ដ៏​អស់កល្ប​ជានិច្ច ។

ការឧទ្ទិស​ឆ្លង​ដំបូង​នៃ​ព្រះវិហារ​បរិសុទ្ធ សូវ៉ា ហ្វីជី នៅ​ថ្ងៃ​ទី ១៨ ខែ មិថុនា ឆ្នាំ ២០០០ ក៏​មាន​ភាព​អស្ចារ្យ​ផងដែរ ។ នៅពេល​ព្រះវិហារ​បរិសុទ្ធ​សាងសង់​ជិត​រួច សមាជិក​សភា​ជាច្រើន​ត្រូវ​បាន​ពួក​ឧទ្ទាម​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង ។ ទីផ្សារ​នៅ​សូវ៉ា ហ្វីជី ត្រូវបាន​លួចប្លន់ ហើយ​ដុត​កម្ទេច​ចោល ។ ពួក​ទាហាន​ទាំងនោះ​បាន​ប្រកាស​ពី​ច្បាប់​របស់​ពួកគេ ។

ក្នុង​នាម​ជា​ប្រធាន​តំបន់ ខ្ញុំ និង ប្រធាន​ស្តេក​បួន​នាក់​ទៀត​បាន​ទៅ​ប្រទេស ហ្វ៊ីជី ហើយ​ជួប​អ្នកដឹក​ទាហាន​នោះ​នៅ​បន្ទាយ ឃ្វីន អេលីស្សាបែត ។ បន្ទាប់​ពី​ពួកយើង​បាន​ពន្យល់​ពី​ការឧទ្ទិស​ឆ្លងដែល​បាន​ដាក់​ស្នើ​សុំ នោះ​ពួកគេ​បាន​គាំទ្រ ប៉ុន្តែ​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ពួកគេ​បាន​ផ្តល់​យោបល់​ឲ្យ​ធ្វើ​ការឧទ្ទិស​ឆ្លង​តូច​មួយ ដោយ​គ្មាន​ធ្វើ​ព្រឹត្តិការណ៍​អ្វី​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ គឺ​ដូច​ជា​ពិធី​បញ្ចុះ​បឋមសិលា ។ ពួកគេ​បាន​បញ្ជាក់​ថា មនុស្ស​គ្រប់​គ្នា​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​អាច​ស្ថិត​ក្នុង​ភាពគ្រោះថ្នាក់​ដោយសារ​អំពើ​ហិង្សា ។

ប្រធាន ហ៊ិងគ្លី​បាន​យល់​ព្រម​ធ្វើ​សម័យ​ប្រជុំ​ឧទ្ទិស​ឆ្លង​តូច​មួយ ដោយ​គ្រាន់តែ​មាន​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ​ថ្មី និង ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ប៉ុណ្ណោះ គ្មាន​មនុស្ស​ណា​ទៀត​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ឡើយ​ដោយ​ព្រោះ​តែ​ភាពគ្រោះថ្នាក់ ។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា « ប្រសិនបើ​យើង​ធ្វើ​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​នឹង​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា ដោយ​សារ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ថ្មជ្រុង​យ៉ាង​ឯក ហើយ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ » ។

ដល់​ពេល​យើង​ទៅ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​នោះ គ្មាន​សមាជិក ក្មេងៗ ប្រព័ន្ធ​ផ្សព្វផ្សាយ និង មនុស្ស​ផ្សេង​ទៀត​មាន​វត្តមាន​នៅ​ទីនោះ​ឡើយ ។ ប៉ុន្តែ​ព្យាការី​ដ៏​ស្មោះត្រង់​ម្នាក់​បាន​បង្ហាញ​ពី​ចិត្ត​ក្លាហាន​របស់​លោក និង ការប្តេជ្ញាចិត្ត​ដែល​មិន​ងាករេ​ចំពោះ​ព្រះអង្គសង្គ្រោះ ។

ក្រោយ​មក ប្រធាន ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា « គ្មាន​នរណា​ស្មើ​ទ្រង់​ទេ ។ គ្មាន​នរណា​ធ្លាប់​ស្មើ​ទ្រង់​ដែរ ។ គ្មាន​នរណា​នឹង​ស្មើ​ទ្រង់​ឡើយ ។ សូម​ថ្លែង​អំណរគុណ​ដល់​ព្រះ​ចំពោះ​អំណោយ​នៃ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ ដែល​បាន​ប្រទាន​ព្រះជន្ម​ទ្រង់ ដែល​យើង​អាច​រស់នៅ ហើយ​ទ្រង់​គឺ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ដ៏​រឹងមាំ​នៃ​សេចក្តីជំនឿ​របស់​យើង និង សាសនាចក្រ​របស់​ទ្រង់ » ។

បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ម្នាក់ៗ​នឹង​គោរព​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​ការផ្លាស់ប្តូរ​ចាំបាច់​នានា​ដើម្បី​ឃើញ​ថា​បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ធ្វើ​ដូច្នោះ យើង​អាច​សម្រេច​បាន​នូវ​គោលបំណង​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​រៀបចំ​ខ្លួន និង គ្រួសារ​របស់​យើង​សម្រាប់​ពរជ័យ​ទាំងអស់​ដែល​ព្រះអម្ចាស់ និង សាសនាចក្រ​របស់​ទ្រង់ អាច​ផ្តល់​ឲ្យ​នៅក្នុង​ជីវិត​នេះ និង ភាពអស់កល្ប​ជានិច្ច ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១២:៣០-៣២ ។

  2. ព្រះវិហារ​បរិសុទ្ធ​ទី ១២ ព្រះវិហារ​បរិសុទ្ធ ទីក្រុង​ឡុងដ៍ ប្រទេស អង់គ្លេស ត្រូវបាន​ឧទ្ទិសឆ្លង​នៅ​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ១៩៥៨ ។

  3. គោលលទ្ធិ និង សេចក្តី​សញ្ញា ១១០:៦-៧ ។

  4. ស្សែលី ស៊ីញ័រ អ៊ីម៉ែល ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ២០១៥ ។

  5. ថូម៉ាស អេស ម៉នសុន «The Holy Temple—a Beacon to the World » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៣ ។

  6. សូមមើល អេសាយ ២:២ ។

  7. សូមមើល អូបាឌា ១:២១ ។

  8. សូមមើល​ពេត្រុសទី ១ ៤:៦ ។

  9. សូមមើល Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ),ទំព័រ ៤០៩ ។

  10. សូមមើល Teachings of Presidents of the Church: Wilford Woodruff (ឆ្នាំ ២០០៤), ១៧៧, ១៩២–៩៣ ។

  11. គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៧:១៥ សូម​មើល​ផងដែរ ខ​ទី ១៧ ។

  12. អេសាយ ១:១៨ ។

  13. យេរេមា ៣១:៣៤ ។

  14. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:២៣ ។

  15. បន្ថែម​ពីលើ​ប័ណ្ណ​ដែល​មជ្ឈិម​វ័យ​ដែល​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋហើយ​កាន់ នោះ​​យុវវ័យ និង​មជ្ឈិមវ័យ​ដែល​មិនទាន់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មាន​ភាព​សក្ដិសម អាច​ទទួល​បាន​ប័ណ្ណ​ដែល​មាន​កំណត់​ការប្រើប្រាស់​សម្រាប់​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ។ ប័ណ្ណ​ទាំង​ពីរ​ប្រភេទ​នេះ​តម្រូវ​ឲ្យ​មាន​ហត្ថលេខា​នៃ​អ្នក​ទទួល​បញ្ជាក់​ពី​ភាពសក្តិសម​ផ្ទាល់​ខ្លួន​ ។ ប័ណ្ណ​ដែល​មាន​កំណត់​ការប្រើប្រាស់​មាន​សុពភាព​រយៈពេល​មួយ​ឆ្នាំ ហើយ​ផ្តល់​ឱកាស​មួយ​ឲ្យ​គណៈប៊ីស្សព​ពិភាក្សា​ជាមួយ​បុគ្គល​ម្នាក់ៗ​ពី​ភាពសក្តិសម​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ជា​ប្រចាំ​ឆ្នាំ ។

  16. Teachings of Presidents of the Church: Brigham Young ( ឆ្នាំ ១៩៩៧ ) ទំព័រ ៣២ ។

  17. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:៤២ ។

  18. កិច្ចការ ១០:៣៤សូមមើល​ផងដែរ មរ៉ូណៃ ៨:១២; គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៥; ៣៨:១៦ ។

  19. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០០:១៦ ។

  20. « ក្រុម​គ្រួសារ ៖ សេចក្ដីប្រកាស​ដល់ពិភព​លោក » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

  21. ហ្គារិត ដុបលយូ. ហ្គង « Temple Mirrors of Eternity ៖ The Testimony of the Apostles » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៣៧ ។

  22. Teachings of the Presidents of the Church: Howard W. Hunter ( ឆ្នាំ ២០១៥ ) ទំព័រ ១៨៣ ។

  23. Teachings: Howard W. Hunter, ១៧៨ ។

  24. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១៣–១៤ ។

  25. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:២៦-២៧ ។

  26. ជា​រឿយៗ យើង​ថា​វា​ជា​វិញ្ញាណ​នៃ​អេលីយ៉ា ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា វិញ្ញាណ​នៃ​អេលីយ៉ា​គឺ​ជា « ការបើកបង្ហាញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ថ្លែង​ទីបន្ទាល់​ពី​លក្ខណៈ​ដ៏​ទេវភាព​របស់​គ្រួសារ » ( « A New Harvest Time » Ensignខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៣៤ ) ។

  27. បាន​ចែកចាយ​ដោយ​មាន​ការអនុញ្ញាត ។

  28. ថូម៉ាស អេស ម៉នសុន « The Holy Temple—a Beacon to the World » ទំព័រ ៩៣ ។

  29. អ្នកផ្សព្វផ្សាយសាសនា និង យុវវ័យ​ត្រូវ​បាន​នាំ​ពី​កោះ​នោះ​ទៅ​ស្នាក់​អាស្រ័យ​នៅក្នុង​សាលារៀន និង អគារ​នានា​របស់​សាសនាចក្រ​ដោយ​សុវត្ថិភាព ហើយ​មាន​សុវត្ថិភាព​ពី​ព្យុះ​វីនស្តុន​ដ៏​កាច​សាហាវ​នោះ ។

  30. ហ្គរដុន ប៊ី. ហ៊ិងគ្លី « Four Cornerstones of Faith» Liahonaខែ កុម្ភៈ ឆ្នាំ ២០០៤ ទំព័រ ៤–៥ ។