![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F01%2F76%2F0176958ba87b028d87fff5c5bcc76b0f9182b6c2%2F0176958ba87b028d87fff5c5bcc76b0f9182b6c2.jpeg/full/!250,/0/default)
គ្រួសារអស់កល្បជានិច្ច
កាតព្វកិច្ចបព្វជិតភាពរបស់យើងគឺ ត្រូវដាក់គ្រួសារ និង ក្រុមគ្រួសារទាំងឡាយដែលនៅជុំវិញយើង ជារឿងសំខាន់ក្នុងចំណាប់អារម្មណ៍របស់យើង ។
ខ្ញុំមានអំណរគុណដែលនៅជាមួយបងប្អូននាល្ងាចនេះ នៅក្នុងសម័យប្រជុំបព្វជិតភាពទូទៅនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នេះគឺជាឱកាសដ៏ប្រពៃនៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។ កាលពីមួយរយប៉ែតសិបពីរឆ្នាំមុននៅក្នុងឆ្នាំ ១៨៣៤ នៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ អ្នកកាន់បព្វជិតភាពទាំងអស់ត្រូវបានកោះហៅប្រជុំនៅក្នុងបន្ទប់រៀនធ្វើពីឈើមួយដែលទំហំ ៤.២ ម៉ែត្រការ៉េ ។ នៅក្នុងការប្រជុំនោះព្យាការី យ៉ូសែប ស៊្មីធបានមានប្រសាសន៍ថា ៖ « អ្នកពុំបានដឹងអ្វីទៀតអំពីជោគវាសនានៃសាសនាចក្រ និងនគរនេះ ច្រើនជាងទារកដែលនៅលើភ្លៅម្ដាយនោះទេ ។ អ្នកពុំអាចយល់វាបានទេ ។ … នៅយប់នេះ អ្នកឃើញមានបព្វជិតភាពតែបន្ដិចទេ ប៉ុន្តែសាសនាចក្រនេះ នឹងមានពេញនៅអាមេរិកខាងជើង និងខាងត្បូង—វានឹងមានពេញផែនដីទាំងមូល » ។១
អ្នកកាន់បព្វជិតភាពរាប់លាននាក់ នៅក្នុង ១១០ ប្រទេសជាង កំពុងជួបជុំគ្នានៅក្នុងសម័យប្រជុំនេះ ។ ប្រហែលជាព្យាការីយ៉ូសែប ស្ម៊ីធ បានឃើញជាមុនអំពីគ្រានេះ និង អនាគតដ៏រុងរឿងដែលនៅខាងមុខយើង ។
សារលិខិតរបស់ខ្ញុំនាយប់នេះ គឺចង់ពិពណ៌នាពីពេលអនាគតនោះ និង អ្វីដែលយើងត្រូវតែធ្វើដើម្បីក្លាយជាផ្នែកមួយក្នុងផែនការនៃសុភមង្គល ដែលព្រះវរបិតាសួគ៌របស់យើងបានរៀបចំសម្រាប់យើង ។ ពីមុនយើងកើតមក យើងបានរស់នៅជាក្រុមគ្រួសារជាមួយព្រះវរបិតាសួគ៌ដែលមានភាពតម្កើងឡើង និង អស់កល្បជានិច្ច ។ ទ្រង់បានបង្កើតផែនការមួយដែលអាចឲ្យយើងអភិវឌ្ឍខ្លួន និង រីកចម្រើនដូចជាទ្រង់ ។ ទ្រង់បានធ្វើបែបនោះដោយសារទ្រង់ស្រឡាញ់យើង ។ គោលបំណងនៃផែនការនេះគឺអនុញ្ញាតឲ្យយើង មានឯកសិទ្ធិនៃការរស់នៅជារៀងរហូត ដូចជាព្រះវរបិតាសួគ៌យើងផងដែរ ។ ផែនការនៃដំណឹងល្អនេះ បានផ្តល់ជីវិតរមែងស្លាប់ដល់យើង ដែលយើងត្រូវបានសាកល្បង ។ ការសន្យាមួយត្រូវបានប្រទានមកថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើយើងគោរពតាមក្រឹត្យវិន័យ និង ពិធីបរិសុទ្ធនៃបព្វជិតភាពនៃដំណឹងល្អ នោះយើងនឹងមានជីវិតអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ ។
ជីវិតដ៏នៅអស់កល្បជានិច្ច គឺជាជីវិតរស់នៅដូចជាព្រះជាព្រះវរបិតាអស់កល្បជានិច្ចរបស់យើង ។ ព្រះបានមានបន្ទូលថា ព្រះទ័យរបស់ទ្រង់គឺ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » (ម៉ូសេ ១:៣៩) ។ ហេតុដូច្នោះហើយ គោលបំណងដ៏មហិមាបំផុតរបស់អ្នកកាន់បព្វជិតភាពគ្រប់រូបគឺជួយនៅក្នុងកិច្ចការនៃការជួយមនុស្សដទៃឲ្យទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
គ្រប់កិច្ចខិតខំនៃបព្វជិតភាព និង ពិធីបរិសុទ្ធនៃបព្វជិតភាព គឺមានគោលបំណងដើម្បីជួយកូនចៅរបស់ព្រះវរបិតាសួគ៌ បានផ្លាស់ប្តូរតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីក្លាយជាសមាជិកនៃគ្រួសារដ៏គ្រប់លក្ខណ៍ ។ ឃ្លាបន្ទាប់ទៀតគឺ « កិច្ចការដ៏មហិមានៃមនុស្សគ្រប់រូបនោះគឺត្រូវជឿលើដំណឹងល្អ គោរពព្រះបញ្ញត្តិ ហើយបង្កបង្កើត និង ធ្វើឲ្យគ្រួសារក្លាយជាគ្រួសារដ៏អស់កល្បជានិច្ចមួយ »២ និង ជួយអ្នកដទៃទៀតឲ្យធ្វើកិច្ចការដូចគ្នានេះផងដែរ ។
ដោយសារនោះគឺជារឿងពិត គ្រប់យ៉ាងដែលយើងធ្វើគប្បីមានគោលបំណង និង ផ្តោតយកចិត្តទុកដាក់លើអាពាហ៍ពិពាហ៍សេឡេស្ទាល ។ នោះមានន័យថា យើងត្រូវព្យាយាមឲ្យបានផ្សារភ្ជាប់ជាមួយដៃគូអស់កល្បជានិច្ចនៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះ ។ យើងត្រូវតែលើកទឹកចិត្តអ្នកដទៃឲ្យធ្វើ និង រក្សាសេចក្តីសញ្ញាដែលចងភ្ជាប់រវាងស្វាមី និង ភរិយាជាមួយគ្នា ជាមួយគ្រួសារពួកគេ នៅក្នុងជីវិតនេះ និង ជីវិតបន្ទាប់ ។
ហេតុអ្វីរឿងនេះសំខាន់ចំពោះយើងម្នាក់ៗបែបនេះ—ទាំងក្មេង ទាំងចាស់ ឌីកុន ឬ សង្ឃជាន់ខ្ពស់ កូន ឬ ឪពុក ? នេះគឺដោយសារកាតព្វកិច្ចបព្វជិតភាពរបស់យើងគឺ ត្រូវដាក់គ្រួសារ និង ក្រុមគ្រួសារទាំងឡាយដែលនៅជុំវិញយើង ជារឿងសំខាន់ក្នុងចំណាប់អារម្មណ៍របស់យើង ។ គ្រប់ការសម្រេចចិត្តសំខាន់ៗទាំងអស់ គប្បីផ្អែកលើឥទ្ធិពលដែលនឹងកើតមានចំពោះគ្រួសារ ដើម្បីឲ្យមានគុណសម្បត្តិសម្រាប់ការរស់នៅជាមួយព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ គ្មានការបម្រើណានៅក្នុងបព្វជិតភាពរបស់យើងសំខាន់ជាងកិច្ចការនេះឡើយ ។
ខ្ញុំសូមប្រាប់បងប្អូនពីន័យនៃរឿងនេះ ចំពោះឌីកុនដែលកំពុងស្តាប់យប់នេះ ក្នុងនាមជាសមាជិកម្នាក់ក្នុងគ្រួសារ ហើយក៏ជាសមាជិកកូរ៉ុមផងដែរ ។
នៅក្នុងគ្រួសាររបស់គាត់ ប្រហែលមាន ឬ គ្មានការអធិស្ឋានជាគ្រួសារទៀងទាត់ ឬ មានរាត្រីជួបជុំក្រុមគ្រួសារញឹកញាប់ឡើយ ។ ប្រសិនបើឪពុករបស់គាត់ ដឹងពីកាតព្វកិច្ចទាំងនេះ នោះគាត់នឹងហៅគ្រួសារមកជុំគ្នាដើម្បីអធិស្ឋាន ឬ អានព្រះគម្ពីរ ឌីកុននេះអាចស្ទះស្ទារចូលរួមទាំងញញឹម ។ គាត់អាចលើកទឹកចិត្តឲ្យបងប្អូនប្រុសស្រីរបស់គាត់ ឲ្យចូលរួម ហើយសរសើរដល់ពួកគេ នៅពេលពួកគេធ្វើកិច្ចការនេះ ។ គាត់អាចសូមឲ្យឪពុកគាត់ប្រសិទ្ធពរ ពេលគាត់ចាប់ផ្តើមចូលរៀន ឬ ឱកាសផ្សេងៗដែលចាំបាច់ ។
គាត់អាចគ្មានឪពុកដ៏ស្មោះត្រង់ម្នាក់បែបនោះឡើយ ។ ប៉ុន្តែរាល់បំណងប្រាថ្នាក្នុងចិត្តរបស់គាត់ចំពោះបទពិសោធន៍ទាំងនោះ នឹងនាំព្រះចេស្តានៃស្ថានសួគ៌មកដល់អស់អ្នកដែលនៅជុំវិញគាត់ ដោយសារតែសេចក្តីជំនឿរបស់គាត់ ។ ពួកគេ នឹងស្វែងរកជីវិតនៃគ្រួសារមួយ ដែលឌីកុននោះចង់បានដោយចិត្តស្មោះរបស់គាត់ ។
គ្រូបង្រៀននៅក្នុងថ្នាក់បព្វជិតភាពអើរ៉ុន អាចឃើញថា នៅក្នុងការចាត់តាំងបង្រៀនតាមផ្ទះរបស់គាត់ ជាឱកាសមួយដើម្បីជួយព្រះអម្ចាស់ផ្លាស់ប្តូរជីវិតរបស់គ្រួសារណាមួយ ។ ព្រះអម្ចាស់បានបង្គាប់នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៖
« កាតព្វកិច្ចរបស់គ្រូគឺដើម្បីមើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និង ចម្រើនកម្លាំងពួកគេ
មើលឲ្យឃើញថា គ្មានសេចក្ដីទុច្ចរិតនៅក្នុង សាសនាចក្រ ឬក៏មានភាពរឹងទទឹងនឹងគ្នាទៅវិញទៅមក ឬ មានការកុហក ការពោលបង្កាច់ ឬក៏មានការនិយាយអាក្រក់ឡើយ » (គ. និង ស. ២០:៥៣–៥៤) ។
ស្រដៀងគ្នានេះដែរ សង្ឃនៅក្នុងបព្វជិតភាពអើរ៉ុនត្រូវបានប្រទាននូវការទទួលខុសត្រូវនេះ ៖
« កាតព្វកិច្ចរបស់សង្ឃ គឺដើម្បីផ្សាយ បង្រៀន ពន្យល់ ដាស់តឿន និងធ្វើបុណ្យជ្រមុជទឹក ហើយបម្រើសាក្រាម៉ង់
ហើយទៅផ្ទះនៃសមាជិកម្នាក់ៗ ដើម្បីសួរសុខទុក្ខ ហើយទូន្មានពួកគេ ឲ្យអធិស្ឋានឲ្យឮ និងនៅទីអាថ៌កំបាំង ហើយឲ្យធ្វើកាតព្វកិច្ចគ្រួសារគ្រប់យ៉ាង » (គ. និង ស. ២០:៤៦–៤៧) ។
បងប្អូនអាចឆ្ងល់ ដូចខ្ញុំបានឆ្ងល់ថា កាលខ្ញុំនៅក្មេងជាគ្រូ និង សង្ឃ តើត្រូវបំពេញតាមកាតព្វកិច្ចនោះបែបណាបានទៅ ។ ខ្ញុំពុំប្រាកដពីរបៀបដែលខ្ញុំអាចទូន្មានគ្រួសារមួយឲ្យដើរឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ដោយគ្មានការអាក់អន់ចិត្ត ឬ រិះគន់គេឡើយ ។ ខ្ញុំបានរៀនថា ការទូន្មានដែលផ្លាស់ប្តូរដួងចិត្តនោះគឺកើតឡើងពីព្រះវិញ្ញាណបរិសុទ្ធ ។ ការណ៍នោះកើតឡើងស្ទើរតែរាល់ពេល ដែលយើងថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ទ្រង់ធ្លាប់ និង គឺជាសមាជិកនៃគ្រួសារគ្រប់លក្ខណ៍ ។ នៅពេលយើងផ្តោតយកចិត្តទុកដាក់ស្រឡាញ់ទ្រង់ នោះភាពចុះសម្រុងគ្នា និង ភាពសុខសាន្តនឹងកើនឡើងនៅក្នុងផ្ទះដែលយើងទៅសួរសុខទុក្ខ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងចូលរួមជាមួយយើងនៅក្នុងការបម្រើរបស់យើងចំពោះគ្រួសារទាំងនោះ ។
តាមរយៈការអធិស្ឋាន ការនិយាយស្តី និង ការលើកទឹកចិត្តដល់សមាជិកគ្រួសារទាំងនោះដែលពួកគាត់សួរសុខទុក្ខ នោះអ្នកកាន់បព្វជិតភាពវ័យក្មេងអាច នាំព្រះចេស្តា និង គំរូរបស់ព្រះអង្គសង្គ្រោះទៅក្នុងគំនិត និង ដួងចិត្តរបស់ពួកគេ ។
ថ្នាក់ដឹកនាំបព្វជិតភាពដ៏វាងវៃម្នាក់បានបង្ហាញខ្ញុំ ពីអ្វីដែលគាត់បានយល់ពីការណ៍នោះ ។ គាត់បានសុំឲ្យកូនប្រុសរបស់ខ្ញុំដឹកនាំនៅក្នុងការបង្រៀនតាមផ្ទះដែលពួកគេបានទៅសួរសុខទុក្ខ ។ គាត់បាននិយាយថា គ្រួសារនេះអាចបដិសេធការទូន្មានរបស់គាត់ ប៉ុន្តែគាត់បានគិតពីការបង្រៀន និង ទីបន្ទាល់ដ៏សាមញ្ញរបស់ក្មេងប្រុសម្នាក់ ដែលទំនងជាអាចជ្រាបចូលទៅក្នុងដួងចិត្តដ៏រឹងទទឹងរបស់ពួកគេ ។
តើអែលឌើរវ័យក្មេងអាចធ្វើអ្វីខ្លះ ដើម្បីជួយក្នុងការបង្កើតគ្រួសារអស់កល្បជានិច្ច ? គាត់អាចទៅបម្រើបេសកកម្ម ។ គាត់អាចអធិស្ឋានដោយអស់ពីដួងចិត្តខ្លួន ថាគាត់នឹងអាចស្វែងរក បង្រៀន និង ជ្រមុជទឹកឲ្យគ្រួសារនានា ។ ខ្ញុំនៅតែចាំពីយុវជនស្រស់សង្ហាម្នាក់ ជាមួយនឹងភរិយាដែលពេញដោយក្តីស្រឡាញ់ ព្រមទាំងកូនស្រីតូចៗស្រស់ស្អាតពីរនាក់របស់គាត់ អង្គុយជាមួយខ្ញុំ និង ដៃគូក្នុងបេសកកម្មរបស់ខ្ញុំនាថ្ងៃមួយ ។ ព្រះវិញ្ញាណបរិសុទ្ធបានយាងមក ហើយថ្លែងទីបន្ទាល់ប្រាប់ពួកគេថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានស្តារឡើងវិញហើយ ។ ពួកគេបានជឿ ហើយពួកគេបានសូមប្រសិនបើពួកយើងអាចផ្តល់ការប្រសិទ្ធពរដល់កូនស្រីទាំងពីរនាក់របស់ពួកគេ ដូចដែលពួកគេបានឃើញអ្នកដទៃធ្វើនៅក្នុងការប្រជុំសាក្រាម៉ង់មួយរបស់យើង ។ ពួកគេបានមានបំណងជាស្រេចឲ្យកូនៗរបស់ពួកគេទទួលការប្រសិទ្ធពរ ប៉ុន្តែពួកគេពុំទាន់យល់នៅឡើយទេថា ពរជ័យកាន់តែខ្ពស់នឹងអាចកើតមានឡើង តែនៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះប៉ុណ្ណោះ បន្ទាប់ពីពួកគេបានចុះសេចក្តីសញ្ញាហើយ ។
ខ្ញុំនៅតែមានអារម្មណ៍ស្តាយ ពេលគិតពីគូស្វាមីភរិយា និង កូនស្រីតូចៗរបស់ពួកគេនោះ ប្រហែលពេលនេះពួកគេចាស់ៗអស់ហើយ ទាំងពុំបានទទួលការសន្យានៃគ្រួសារអស់កល្បជានិច្ចនៅឡើយ ។ យ៉ាងហោចណាស់ ឪពុកម្តាយរបស់ពួកគេបានយល់តិចតួចពីពរជ័យដែលអាចមានចំពោះពួកគេ ។ ក្តីសង្ឃឹមរបស់ខ្ញុំគឺថា តាមរបៀបណា ឬ នៅទីណាក៏ដោយ ពួកគេអាចមានឱកាសសក្តិសមដើម្បីក្លាយជាគ្រួសារដ៏អស់កល្បជានិច្ចមួយ ។
អែលឌើរផ្សេងទៀតៗ ដែលទៅបម្រើបេសកកម្ម នឹងអាចជួបនូវបទពិសោធន៍ដ៏រីករាយជាងកូនប្រុសរបស់ខ្ញុំ ម៉ាថាយ ធ្លាប់មានទៅទៀត ។ គាត់ និង ដៃគូគាត់បានជួបស្ត្រីមេម៉ាយ ដែលមានកូនប្រាំបីនាក់រស់នៅក្នុងភាពក្រីក្រ ។ គាត់ចង់ឲ្យពួកគេ នូវអ្វីដែលបងប្អូនចង់ឲ្យដល់ពួកគេដែរ—គឺការមានគ្រួសារអស់កល្បជានិច្ចមួយ ។ ចំពោះកូនប្រុសខ្ញុំ គាត់គិតថាវាមិនអាចទៅរួចទេ ឬ យ៉ាងហោចណាស់រឿងនោះមិនទំនងជាកើតឡើងឡើយនៅគ្រានោះ ។
ច្រើនឆ្នាំក្រោយមកខ្ញុំបានទៅលេងទីក្រុងតូចនោះ បន្ទាប់ពីកូនប្រុសខ្ញុំបានជ្រមុជទឹកឲ្យស្ត្រីមេម៉ាយនោះ ហើយស្ត្រីនោះបានអញ្ជើញខ្ញុំឲ្យជួបនឹងគ្រួសារគាត់នៅព្រះវិហារ ។ ខ្ញុំត្រូវតែចាំមួយសន្ទុះដោយសារ កូនៗ ព្រមទាំងចៅៗរបស់គាត់ជាច្រើន បានមកពីសាលាជំនុំផ្សេងៗគ្នាជាច្រើននៅក្នុងតំបន់នោះ ។ កូនប្រុសម្នាក់កំពុងបម្រើដោយស្មោះត្រង់នៅក្នុងគណៈប៊ីស្សព ហើយកូនៗគ្រប់រូបរបស់គាត់បានទទួលពរតាមរយៈសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ និង បានផ្សារភ្ជាប់ជាគ្រួសារអស់កល្បជានិច្ច ។ នៅពេលខ្ញុំបានចាកចេញពីបងស្រីដ៏ល្អនោះ គាត់បានឱបចង្កេះខ្ញុំ ( គាត់ទាប ដូច្នេះគាត់អាចឱបបានត្រឹមតែចង្កេះរបស់ខ្ញុំ ) ហើយនិយាយថា « ពីមុនខ្ញុំស្លាប់ សូមប្រាប់ ម៉ាតេអូ ឲ្យមកលេងពួកយើងផង » ។ ដោយសារអែលឌើរដ៏ស្មោះត្រង់ទាំងនោះ គាត់បានទទួលការចូលរួមដ៏រីករាយនៃអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ ។
នៅពេលត្រឡប់ពីបេសកកម្មវិញ អែលឌើរម្នាក់ៗនៅតែមានរឿងជាច្រើនដែលត្រូវធ្វើ ដើម្បីនៅពិតចំពោះការតាំងចិត្តរបស់ខ្លួន ក្នុងការស្វែងរកជីវិតដ៏នៅអស់កល្បជានិច្ច សម្រាប់ខ្លួនគាត់ និង អស់អ្នកដែលគាត់ស្រឡាញ់ ។ គ្មានការតាំងចិត្តណាដែលសំខាន់ក្នុងជីវិតនេះ ឬ ក្នុងភាពអស់កល្បជានិច្ចជាងអាពាហ៍ពិពាហ៍ឡើយ ។ អ្នកធ្លាប់បានឮការទូន្មានដ៏ឈ្លាសវៃ ឲ្យដាក់ការរៀបការជាអាទិភាព នៅក្នុងផែនការក្រោយពេលចប់បេសកកម្មភ្លាម ។ អ្នកបម្រើបព្វជិតភាពដ៏ស្មោះត្រង់នឹងធ្វើបែបនេះដោយវាងវៃ ។
នៅក្នុងការពិចារណាពីអាពាហ៍ពិពាហ៍ គាត់នឹងឃើញថា គាត់កំពុងជ្រើសរើសធ្វើជាឪពុកម្តាយរបស់កូនៗគាត់ និង ពូជពង្សដែលពួកគេនឹងមាន ។ គាត់នឹងធ្វើការសម្រេចចិត្តដោយការខ្នះខ្នែងស្រាវជ្រាវរក និង ពិចារណាដោយគិតគូរ ។ គាត់នឹងត្រូវប្រាកដថា បុគ្គលដែលគាត់រៀបការជាមួយនឹងមានបទដ្ឋានអំពីគ្រួសារដូចរូបគាត់ ហើយមានជំនឿស៊ប់លើព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់អាពាហ៍ពិពាហ៍ដូចគាត់ ហើយថានាងគឺជាបុគ្គលម្នាក់ដែលគាត់នឹងមានឆន្ទៈផ្ញើសុភមង្គលរបស់កូនៗគាត់លើរូបនាង ។
ប្រធាន អិន. អេលឌិន ថែនណឺ បានផ្តល់ការទូន្មានដ៏វាងវៃ ៖ « ភាពជាឪពុកម្តាយដែលអ្នកគប្បីផ្តល់កិត្តិយសខ្លាំងជាងគេនោះ គឺភាពជាឪពុកម្តាយនៃកូនរបស់អ្នក ។ កូនៗទាំងនោះចង់បានឪពុកម្តាយដ៏ល្អបំផុត ដែលអ្នកអាចផ្តល់ឲ្យពួកគេបាន—គឺឪពុកម្តាយដ៏សុចរិត » ។៣ ភាពបរិសុទ្ធនឹងក្លាយជាគ្រឿងការពាររបស់អ្នក និង កូនៗរបស់អ្នក ។ បងប្អូនជំពាក់ពួកគេនូវពរជ័យនោះ ។
ឥឡូវនេះមានស្វាមី និង ឪពុកមួយចំនួនកំពុងស្តាប់នាយប់នេះ ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ? សេចក្តីសង្ឃឹមរបស់ខ្ញុំគឺថា បំណងប្រាថ្នារបស់បងប្អូនបានកើនឡើង ដើម្បីធ្វើការផ្លាស់ប្តូរចាំបាច់សម្រាប់អ្នក និង គ្រួសារអ្នកដើម្បីរស់នៅក្នុងនគរសេឡេស្ទាលនាថ្ងៃខាងមុខ ។ ក្នុងនាមជាឪពុកកាន់បព្វជិតភាពមួយរូប ដោយមានភរិយារបស់អ្នកនៅក្បែរអ្នក នោះអ្នកនឹងជះឥទ្ធិពលដល់សមាជិកម្នាក់ៗក្នុងគ្រួសារ ដើម្បីលើកទឹកចិត្តពួកគេឲ្យសម្លឹងមើលទៅថ្ងៃនោះ ។ បងប្អូននឹងចូលរួមការប្រជុំសាក្រាម៉ង់ជាមួយគ្រួសារ បងប្អូននឹងធ្វើការប្រជុំក្នុងគ្រួសារដែលយាងព្រះវិញ្ញាណបរិសុទ្ធ បងប្អូននឹងអធិស្ឋានជាមួយភរិយា និង គ្រួសារបងប្អូន ហើយអ្នកនឹងរៀបចំខ្លួននាំគ្រួសារទៅព្រះវិហារបរិសុទ្ធ ។ បងប្អូននឹងធ្វើដំណើរជាមួយពួកគេតាមផ្លូវទៅកាន់គេហដ្ឋាននៃគ្រួសារអស់កល្បជានិច្ច ។
បងប្អូននឹងប្រព្រឹត្តិល្អចំពោះភរិយា និង កូនៗដូចដែលព្រះវរបិតាសួគ៌បានប្រព្រឹត្តិចំពោះបងប្អូនដែរ ។ បងប្អូននឹងធ្វើតាមគំរូ និង ការណែនាំរបស់ព្រះអង្គសង្គ្រោះ ដើម្បីដឹកនាំគ្រួសារបងប្អូនតាមមាគ៌ាទ្រង់ ។
« គ្មានអំណាច ឬឥទ្ធិពលណាអាច ឬគប្បីកាន់កាប់ដោយសារបព្វជិតភាពបានឡើយ លើកលែងតែដោយការលួងលោម ដោយការអត់ធ្មត់ ដោយការទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ
ដោយចិត្តល្អ និងដោយការចេះដឹងពេញទី ដែលនឹងពង្រីកព្រលឹងឲ្យធំទូលំទូលាយ ដោយឥតលាក់ពុត និងដោយឥតមានឧបាយកលឡើយ—
ដោយស្ដីបន្ទោសសមពេលសមហេតុ ដោយការតឹងរឹង កាលណាបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទាប់មកដោយបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ច្រើនឡើងចំពោះអ្នកនោះដែលអ្នកបានស្ដីបន្ទោស ក្រែងអ្នកនោះរាប់អ្នកថា ជាខ្មាំងសត្រូវរបស់គេ » (គ. និង ស. ១២១:៤១–៤៣) ។
ព្រះអម្ចាស់បានប្រាប់ឪពុកដែលកាន់បព្វជិតភាពថា ពួកគេគួរធ្វើជាស្វាមីបែបណា ។ ទ្រង់មានបន្ទូលថា « ត្រូវស្រឡាញ់ប្រពន្ធខ្លួន ឲ្យអស់អំពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ » (គ. និង ស. ៤២:២២) ។ នៅពេលព្រះអម្ចាស់មានបន្ទូលប្រាប់ទាំងស្វាមី និង ភរិយា ទ្រង់បានបង្គាប់ថា « អ្នកមិនត្រូវ… ផិតគ្នាឲ្យសោះ … ឬប្រព្រឹត្តអំពើអ្វីដូចនោះឲ្យសោះ » (គ. និង ស. ៥៩:៦) ។
សម្រាប់យុវវ័យ ព្រះអម្ចាស់បានបង្កើតបទដ្ឋានមួយ ។ « ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយ ក្នុងគ្រប់ការទាំងអស់ ដ្បិតព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះឯង » (កូល៉ុស ៣:២០) ហើយ « ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ » (និក្ខមនំ ២០:១២) ។
នៅពេលព្រះអម្ចាស់មានព្រះបន្ទូលដល់មនុស្សទាំងអស់ក្នុងគ្រួសារ នោះព្រះឱវាទរបស់ទ្រង់គឺឲ្យស្រឡាញ់ និង គាំទ្រគ្នាទៅវិញទៅមក ។
ទ្រង់ស្នើសុំឲ្យយើង « ព្យាយាមធ្វើឲ្យជីវិតរស់នៅរបស់ [ សមាជិកម្នាក់ៗនៃគ្រួសារយើង ] បានល្អឥតខ្ចោះ [ ដើម្បី ] ពង្រឹងអ្នកទន់ខ្សោយ សង្គ្រោះ[ បងប្អូន ] ដែលវង្វេង ហើយរីករាយនៅក្នុងការបន្តពង្រឹងខាងវិញ្ញាណរបស់ពួកគេ » ។៤
ព្រះអម្ចាស់ក៏បានស្នើសុំឲ្យយើងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយដល់មរណជនរបស់យើង ឲ្យពួកគេអាចនៅជាមួយយើងនៅក្នុងគេហដ្ឋានអស់កល្បជានិច្ចផងដែរ ។
អ្នកដឹកនាំក្រុមសង្ឃជាន់ខ្ពស់ ដែលបានធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីជួយមនុស្សស្វែងរកជីដូនជីតារបស់ពួកគេ ហើយយកឈ្មោះនោះទៅព្រះវិហារបរិសុទ្ធ គឺកំពុងសង្គ្រោះដល់អស់អ្នកដែលបានស្លាប់ ។ នឹងមានការថ្លែងអំណរគុណនៅក្នុងបរលោកនាយ ចំពោះពួកសង្ឃជាន់ខ្ពស់ទាំងនោះ និង អស់អ្នកដែលបានធ្វើនូវពិធីបរិសុទ្ធនោះ ដោយសារពួកគេពុំបំភ្លេចគ្រួសារខ្លួន ដែលកំពុងរង់ចាំនៅក្នុងពិភពវិញ្ញាណឡើយ ។
ព្យាការីមានប្រសាសន៍ ៖ « កិច្ចការរបស់ព្រះអម្ចាស់ដ៏សំខាន់ខ្លាំងបំផុត ដែលអ្នកនឹងធ្វើ គឺជាកិច្ចការដែលអ្នកនឹងធ្វើនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់អ្នក » ។ ការបង្រៀនតាមផ្ទះ កិច្ចការរបស់គណៈប៊ីស្សព និង ករណីកិច្ចសាសនាចក្រដទៃផ្សេងទៀតគឺសំខាន់ទាំងអស់ ប៉ុន្តែកិច្ចការដែលសំខាន់បំផុតនោះគឺនៅក្នុងគេហដ្ឋានរបស់អ្នក » ។៥
នៅក្នុងគេហដ្ឋានរបស់យើង និង នៅក្នុងការបម្រើបព្វជិតភាពរបស់យើងតម្លៃដ៏មហិមាបំផុតនឹងមាននៅក្នុងទង្វើដ៏តូចតាចរបស់បងប្អូន ដែលជួយយើង និង អស់អ្នកដែលយើងស្រឡាញ់ឲ្យធ្វើកិច្ចការនោះឆ្ពោះទៅរកជីវិតអស់កល្បជានិច្ច ។ ទង្វើទាំងនោះអាចទំនងជាតូចតាចនៅក្នុងជីវិតនេះ ប៉ុន្តែទង្វើទាំងនោះនឹងនាំមកនូវពរជ័យអស់កល្បជានិច្ចនៅក្នុងភាពអស់កល្ប ។
នៅពេលយើងស្មោះត្រង់នៅក្នុងការបម្រើរបស់យើង ដើម្បីជួយកូនចៅរបស់ព្រះវរបិតាសួគ៌ឲ្យត្រឡប់ទៅគេហដ្ឋានទ្រង់វិញ នោះយើងនឹងមានគុណសម្បត្តិចំពោះការស្វាគមន៍ ដែលយើងទាំងអស់គ្នាចង់ឮជាខ្លាំងនៅពេលយើងបញ្ចប់ការបម្រើរបស់យើងលើផែនដីនេះ ។ ពាក្យទាំងនោះគឺ ៖ « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ៖ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ យើងនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ » (ម៉ាថាយ ២៥:២១) ។
ក្នុងចំណោម « របស់ជាច្រើននោះ » គឺជាការសន្យានៃការមានពូជពង្សច្រើនរាប់មិនអស់ ។ ការអធិស្ឋានរបស់ខ្ញុំគឺថា យើងទាំងអស់គ្នាអាចមានគុណសម្បត្តិ និង ជួយអ្នកដទៃឲ្យមានគុណសម្បត្តិសម្រាប់ពរជ័យដ៏អស្ចារ្យនោះ នៅក្នុងដំណាក់របស់ព្រះវរបិតាយើង និង បុត្រាសំណព្វរបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។