កន្លែងណាដែលមាន២ ឬ ៣នាក់ ប្រជុំជាមួយគ្នា
បើបងប្អូនស្ដាប់ដោយព្រះវិញ្ញាណ នោះចិត្តបងប្អូននឹងទន់ភ្លន់ ជំនឿនឹងរឹងមាំ ហើយការស្រឡាញ់ចំពោះព្រះអម្ចាស់នឹងកើនឡើង ។
បងប្អូនប្រុសស្រី ខ្ញុំសូមស្វាគមន៍បងប្អូនមកកាន់សន្និសីទទូទៅប្រចាំ ឆ្នាំលើកទី ១៨៦ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំរីករាយដែលមានវត្តមានជាមួយនឹងបងប្អូន ហើយខ្ញុំសូមស្វាគមន៍បងប្អូនយ៉ាងកក់ក្ដៅ ។
ខ្ញុំមានអំណរគុណដែលបងប្អូនមកចូលរួមក្នុងសន្និសីទនេះដើម្បីទទួលបានការបំផុសគំនិតពីស្ថានសួគ៌ ហើយខិតជិតនឹងព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើង ។
មនុស្សដែលចូលរួមការប្រជុំនេះនៅជុំវិញពិភពលោកគឺជាពួកសិស្សរាប់លាននាក់របស់ព្រះយេស៊ូវគ្រីស្ទ ដែលចុះសេចក្ដីសញ្ញាថានឹងចងចាំទ្រង់ ហើយបម្រើទ្រង់ជានិច្ច ។ តាមរយៈបច្ចេកវិទ្យាទំនើបធ្វើឲ្យយើងមានអារម្មណ៍ថា យើងចូលរួមការប្រជុំនេះក្នុងពេលតែមួយ ។ ដូចជាយើងបានជួបជុំគ្នានៅក្នុងសាលប្រជុំធំមួយរួមគ្នាដែរ ។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺយើងជួបជុំគ្នាក្នុងព្រះនាមនៃព្រះអម្ចាស់ ។ ព្រះអម្ចាស់បានសន្យាថា ទោះជានៅលើផែនដីនេះមានពួកសិស្សរបស់ទ្រង់ដ៏ច្រើនក្ដី ទ្រង់នឹងគង់នៅជិតយើងម្នាក់ៗ ។ ទ្រង់បានមានព្រះបន្ទូលទៅពួកសិស្សមួយក្រុមតូចរបស់ទ្រង់ក្នុងឆ្នាំ ១៨២៩ ថា « ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា …កន្លែងណាដែលមានពីរ ឬបីនាក់ប្រជុំជាមួយគ្នាដោយនូវនាមយើង … មើលចុះ យើងនឹងនៅកណ្ដាលចំណោមពួកគេ — ដូចជាយើងនៅកណ្ដាលចំណោមអ្នកដែរ » ( គ. និង ស. ៦:៣២ ) ។
ឥឡូវនៅក្នុងសន្និសីទនេះមានពួកសិស្សរបស់ទ្រង់ដ៏ច្រើនបានជួបជុំគ្នា ហើយដូចដែលបានសន្យា នោះព្រះអម្ចាស់នឹងគង់ក្នុងចំណោមពួកយើង ។ ដោយសារទ្រង់ជាអង្គមានព្រះជន្មរស់ឡើងវិញ ហើយមានសិរីល្អ នោះទ្រង់មិនមកគង់ដោយព្រះកាយផ្ទាល់នៅគ្រប់ទីកន្លែងដែលពួកបរិសុទ្ធជួបជុំគ្នាឡើយ ។ ប៉ុន្តែដោយព្រះចេស្ដានៃព្រះវិញ្ញាណវិញ យើងអាចដឹងថាទ្រង់គង់ជាមួយនឹងយើងនៅថ្ងៃនេះ ។
ទីណា និងពេលណាដែលយើងមានអារម្មណ៍ថាខិតទៅជិតព្រះអម្ចាស់គឺអាស្រ័យលើយើងម្នាក់ៗ ។ ទ្រង់បានមានព្រះបន្ទូលណែនាំដូច្នេះ ៖
« ហើយជាថ្មីទៀត មិត្តទាំងឡាយរបស់យើងអើយ យើងប្រាប់អ្នកជាប្រាកដថា យើងទុកពាក្យទាំងនេះឲ្យអ្នកពិចារណាមើលនៅក្នុងចិត្តដោយនូវបញ្ញត្តិនេះ ដែលយើងប្រទានដល់អ្នកថា អ្នករាល់គ្នាត្រូវអំពាវនាវដល់យើងក្នុងកាលយើងនៅជិត —
« ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក ចូរព្យាយាមស្វែងរកយើង នោះអ្នករាល់គ្នានឹងបានជួបយើង ចូរសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះ នោះតែងនឹងបានបើកឲ្យអ្នក » ( គ. និង ស. ៨៨:៦២–៦៣ ) ។
ខ្ញុំដឹងថា យ៉ាងហោចណាស់មានមនុស្សពីរនាក់ដែលកំពុងស្ដាប់នៅថ្ងៃនេះ ដែលចង់បានពរជ័យនេះជាខ្លាំង ។ ពួកគេនឹងខិតខំខិតទៅជិតព្រះអម្ចាស់នៅក្នុងសន្និសីទនេះដោយស្មោះ ។ ពួកគេបានសរសេរសំបុត្រមកខ្ញុំ—វាមកដល់ការិយាល័យក្នុងពេលតែមួយ—ដោយអង្វរសុំជំនួយដូចគ្នា ។
ពួកគេទាំងពីរនាក់ជាអ្នកប្រែចិត្តជឿ ហើយធ្លាប់ទទួលទីបន្ទាល់ដ៏ច្បាស់ពីសេចក្ដីស្រឡាញ់របស់ព្រះ និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ ពួកគេបានដឹងថា ព្យាការីយ៉ូសែប ស្ម៊ីធ បានរៀបចំសាសនាចក្រតាមរយៈវិវរណៈមកពីព្រះ ហើយថាកូនសោបព្វជិតភាពត្រូវបានស្ដារឡើងវិញ ។ ពួកគេម្នាក់ៗបានឃើញថា កូនសោទាំងឡាយមានក្នុងសាសនាចក្រសព្វថ្ងៃនេះ ។ ពួកគេបានថ្លែងទីបន្ទាល់ដល់ខ្ញុំយ៉ាងឧឡារិកនៅក្នុងការសរសេរនោះ ។
ប៉ុន្តែពួកគេទួញសោកដែលអារម្មណ៍ស្រឡាញ់ដល់ព្រះអម្ចាស់ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេបានចុះអន់ថយ ។ ពួកគេចង់ឲ្យខ្ញុំជួយពួកគេឲ្យមានអំណរ និងអារម្មណ៍ជាថ្មីនៃការស្រឡាញ់ដែលពួកគេធ្លាប់មានកាលពួកគេចូលក្នុងនគរព្រះ ។ ពួកគេបានបង្ហាញការភ័យខ្លាចថា បើពួកគេមិនអាចមានអារម្មណ៍ស្រឡាញ់ព្រះអម្ចាស់ និងសាសនាចក្រទ្រង់ជាថ្មីទេ នោះការសាកល្បងដែលពួកគេជួបនឹងឈ្នះលើសេចក្ដីជំនឿពួកគេពុំខានឡើយ ។
ពួកគេពុំមែនជួបរឿងនេះតែម្នាក់ឯងឡើយ ហើយវាក៏ពុំមែនជារឿងថ្មីដែរ ។ កាលព្រះអម្ចាស់គង់នៅលើផែនដី ទ្រង់បានលើកឡើងអំពីរឿងប្រៀបប្រដូចអំពីគ្រាប់ពូជ និងអ្នកព្រោះពូជ ។ គ្រាប់ពូជជាព្រះបន្ទូល ។ អ្នកព្រោះគ្រាប់ជាព្រះអម្ចាស់ ។ គ្រាប់ពូជនោះអាចលូតលាស់បានអាស្រ័យលើស្ថានភាពរបស់ដី ។ បងប្អូនចងចាំអំពីព្រះបន្ទូលរបស់ទ្រង់ដូចនេះ ៖
« កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ ៖
« មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ៖
« កាលថ្ងៃរះឡើង នោះក្រៀមខ្លោចទៅវិញ ពីព្រោះគ្មានឫស ។
« ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត ៖
« តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយបង្កើតផលបាន១ជា១រយ មួយទៀតបាន៦០ ហើយមួយទៀតបាន៣០ ។
« អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ » ( ម៉ាថាយ ១៣:៤–៩ ) ។
ខ្ញុំសូមនិយាយជាថ្មីថា គ្រាប់ពូជគឺជាព្រះបន្ទូល ។ ដីគឺជាដួងចិត្តមនុស្សដែលទទួលយកគ្រាប់ពូជនោះ ។
យើងគឺដូចគ្នានឹងសមាជិកទាំងពីរនាក់ដែលបានសរសេរសំបុត្រមកខ្ញុំសុំជំនួយ និងការអះអាង ។ យើងគ្រប់គ្នាធ្លាប់មានគ្រាប់ពូជ ឬព្រះបន្ទូលដាំនៅក្នុងចិត្តនាគ្រាមួយ ។ សម្រាប់មនុស្សខ្លះ វាបានដាំតាំងពីក្មេងកាលឪពុកម្ដាយអញ្ជើញយើងឲ្យជ្រមុជទឹក ហើយបញ្ជាក់ដោយអ្នកដែលមានសិទ្ធិអំណាច ។ ខ្លះទៀតបានបង្រៀនដោយពួកអ្នកបម្រើរបស់ព្រះ ។ យើងម្នាក់ៗមានអារម្មណ៍ថា គ្រាប់ពូជនោះល្អ កំពុងរីកធំឡើងក្នុងចិត្តយើង ហើយមានអំណរកាលចិត្ត និងគំនិតយើងកាន់តែរីកធំឡើង ។
យើងគ្រប់គ្នាធ្លាប់បានល្បងសេចក្ដីជំនឿដោយការពន្យារពេលទទួលពរជ័យដ៏មានតម្លៃ ការប្រហារដ៏សាហាវពីសំណាក់ជនដែលចង់បំផ្លាញសេចក្ដីជំនឿយើង ការល្បួងឲ្យធ្វើបាប និងចំណង់អាត្មានិយមដែលកាត់បន្ថយការខិតខំរៀបចំអារម្មណ៍ខាងវិញ្ញាណយើងឲ្យស៊ីជម្រៅ ហើយធ្វើឲ្យវាងាយទទួលយក ។
ជនដែលសោកសៅដោយការបាត់បង់អំណរដែលពួកគេធ្លាប់មានគឺមានពរហើយ ។ អ្នកខ្លះមើលមិនឃើញពីការចុះខ្សោយនៃសេចក្ដីជំនឿរបស់ពួកគេឡើយ ។ សាតាំងឆ្លាតវៃណាស់ ។ វាប្រាប់ជនដែលវាចង់ឲ្យមានទុក្ខវេទនាថា អំណរដែលពួកគេធ្លាប់មានជាការរវើរវាយដូចជាកូនក្មេង ។
សារលិខិតរបស់ខ្ញុំនៅថ្ងៃនេះសម្រាប់យើងគ្រប់គ្នាគឺថា នឹងមានឱកាសដ៏ល្អមួយនៅប៉ុន្មានថ្ងៃបន្ទាប់ទៀតដើម្បីជ្រើសឲ្យដួងចិត្តយើងបានទន់ភ្លន់ ហើយទទួលចិញ្ចឹមបីបាច់គ្រាប់ពូជនោះ ។ គ្រាប់ពូជគឺជាព្រះបន្ទូល ហើយវានឹងត្រូវបានព្រោះទៅលើយើងគ្រប់គ្នាដែលស្ដាប់ មើល ហើយអានពីសន្និសីទនេះ ។ តន្ត្រី សុន្ទរកថា និងទីបន្ទាល់បានរៀបចំដោយពួកអ្នកបម្រើរបស់ព្រះដែលបានស្វែងរកព្រះវិញ្ញាណបរិសុទ្ធដោយឧស្សាហ៍ដើម្បីដឹកនាំពួកគាត់នៅក្នុងការរៀបចំនេះ ។ ពួកគាត់បានអធិស្ឋានយ៉ាងយូរ ហើយរាបសាបំផុត កាលសន្និសីទនេះបានខិតចូលមកដល់ ។
ពួកគាត់បានអធិស្ឋានឲ្យមានអំណាចលើកទឹកចិត្តបងប្អូនដើម្បីជ្រើសរើសបង្កើតដីដ៏មានជីជាតិដើម្បីឲ្យព្រះបន្ទូលល្អបានលូតលាស់ ហើយឲ្យផលនៅក្នុងចិត្តបងប្អូន ។ បើបងប្អូនស្ដាប់ដោយព្រះវិញ្ញាណ នោះចិត្តបងប្អូននឹងទន់ភ្លន់ ជំនឿនឹងរឹងមាំ ហើយការស្រឡាញ់ចំពោះព្រះអម្ចាស់នឹងកើនឡើង ។
ការអធិស្ឋានដ៏អស់ពីចិត្តរបស់បងប្អូននឹងផ្លាស់ប្ដូរបទពិសោធន៍របស់បងប្អូនមាននៅក្នុងសន្និសីទនេះ និងនៅក្នុងពេលខាងមុខទៀត ។
បងប្អូនភាគច្រើនបានចាប់ផ្ដើមរួចហើយ ។ នៅដើមសម័យប្រជុំនេះ បងប្អូនមិនត្រឹមតែស្ដាប់ការអធិស្ឋានទេប៉ុន្តែបានបន្ថែមសេចក្ដីជំនឿដល់ការទូលសូមនោះថាយើងនឹងរីករាយដោយមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយើង ។ កាលបងប្អូនបន្ថែមការទូលអង្វរដ៏ស្ងៀមស្ងាត់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ បងប្អូនបានខិតទៅជិតទ្រង់ហើយ ។ នេះគឺជាសន្និសីទរបស់ទ្រង់ ។ មានតែព្រះវិញ្ញាណទេដែលអាចនាំឲ្យមានពរជ័យ ដែលព្រះអម្ចាស់សព្វព្រះទ័យប្រទានដល់យើងបាន ។ ព្រោះទ្រង់ស្រឡាញ់យើង ទ្រង់បានសន្យាថាយើងអាចមានអារម្មណ៍ដូចនេះ ៖
« អ្វីក៏ដោយដែលពួកគេនឹងនិយាយ កាលណាបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ នោះនឹងទៅជាបទគម្ពីរ នឹងទៅជាព្រះហឫទ័យនៃព្រះអម្ចាស់ នឹងទៅជាគំនិតនៃ ព្រះអម្ចាស់ នឹងទៅជាព្រះបន្ទូលនៃព្រះអម្ចាស់ នឹងទៅជាសំឡេងនៃព្រះអម្ចាស់ ហើយជាព្រះចេស្ដានៃព្រះចំពោះសេចក្ដីសង្គ្រោះ ។
« មើលចុះ ឱអ្នករាល់គ្នា ជាពួកអ្នកបម្រើរបស់យើងអើយ នេះហើយជាសេចក្ដីសន្យានៃព្រះអម្ចាស់ដល់អ្នក។
« ហេតុដូច្នោះហើយ ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ដ្បិតយើងជាព្រះអម្ចាស់ គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក ហើយអ្នកនឹងថ្លែងទីបន្ទាល់អំពីយើង គឺព្រះយេស៊ូវគ្រីស្ទ ថាយើងជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ ថាយើងគង់នៅតាំងពីដើម ហើយយើងនៅឥឡូវនេះ ហើយថាយើងត្រូវយាងមកទៀត » ( គ. និង ស. ៦៨:៤–៦ ) ។
បងប្អូនអាចអធិស្ឋាន ហើយបន្ថែមសេចក្ដីជំនឿរាល់ពេលដែលពួកអ្នកបម្រើម្នាក់របស់ព្រះឡើងថ្លែងសុន្ទរកថា ដើម្បីឲ្យការសន្យារបស់ព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា កណ្ឌទី ៥០ បានបំពេញ ៖
« យើងប្រាប់អ្នកជាប្រាកដថា អ្នកណាដែលបានតែងតាំងពីយើង ហើយចាត់ឲ្យចេញទៅផ្សាយព្រះបន្ទូលនៃសេចក្ដីពិត ដោយសារព្រះដ៏ជាជំនួយ ដោយនូវព្រះវិញ្ញាណនៃសេចក្ដីពិត តើអ្នកនោះផ្សាយព្រះបន្ទូលនៃសេចក្ដីពិត ដោយសារព្រះវិញ្ញាណនៃសេចក្ដីពិត ឬតាមមាគ៌ាណាមួយទៀត ?
« ហើយបើសិនជាមកតាមមាគ៌ាណាមួយទៀត នោះពុំមែនមកពីព្រះទេ ។
« ហើយជាថ្មីទៀត អ្នកណាដែលទទួលព្រះបន្ទូលនៃសេចក្ដីពិត តើអ្នកនោះទទួលព្រះបន្ទូលនៃសេចក្ដីពិត ដោយសារព្រះវិញ្ញាណ នៃសេចក្ដីពិត ឬតាមមាគ៌ាណាមួយទៀត ?
« ហើយបើសិនជាមកតាមមាគ៌ាណាមួយទៀត នោះពុំមែនមកពីព្រះទេ។
« ហេតុដូច្នោះហើយ ហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចយល់ ហើយដឹងថា អ្នកណាដែលទទួលព្រះបន្ទូល ដោយសារព្រះវិញ្ញាណនៃសេចក្ដីពិត នោះបានទទួលព្រះបន្ទូល ដូចជាបានផ្សាយព្រះបន្ទូលដោយព្រះវិញ្ញាណនៃសេចក្ដីពិតទេឬអី ?
« ហេតុដូច្នោះហើយ អ្នកដែលផ្សាយ ហើយអ្នកដែលទទួល យល់គ្នាទៅវិញទៅមក ហើយទាំងពីរនាក់ត្រូវបានស្អាងឡើង ហើយត្រេកអរជាមួយគ្នា » ( គ. និង ស. ៥០:១៧–២២ ) ។
បងប្អូនអាចអធិស្ឋានកាលក្រុមចម្រៀងហៀបនឹងច្រៀង ។ អ្នកដឹកនាំក្រុមចម្រៀង អ្នកលេងព្យាណូខ្យល់ និងក្រុមចម្រៀងបានអធិស្ឋាន ហើយបានហាត់សមដោយអធិស្ឋាននៅក្នុងចិត្ត និងដោយសេចក្ដីជំនឿសូមឲ្យ ទំនុកភ្លេង និងទំនុកបទនឹងបន្ទន់ចិត្ត ហើយបង្កើនសេចក្ដីជំនឿមនុស្សផ្សេងៗទៀត ។ ពួកគេនឹងប្រគំថ្វាយព្រះអម្ចាស់ដូចជាទ្រង់គង់នៅពីមុខពួកគេ ហើយពួកគេដឹងថាព្រះវរបិតាទ្រង់ព្រះសណ្ដាប់ ហើយឮការអធិស្ឋានផ្ទាល់របស់ពួកគេ ។ ពួកគេធ្វើការរួមគ្នាដោយសេចក្ដីស្រឡាញ់ ដើម្បីធ្វើឲ្យការសន្យារបស់ព្រះអម្ចាស់ចំពោះ អិមម៉ា ស្ម៊ីធ ក្លាយទៅជាការពិត ៖ « ដ្បិតព្រលឹងរបស់យើងត្រេកអរចំពោះបទចម្រៀងពីចិត្ត មែនហើយ បទចម្រៀងនៃពួកសុចរិត គឺជាបទអធិស្ឋានដល់យើង ហើយនឹងបានឆ្លើយតបដោយនូវព្រះពរមកលើក្បាលរបស់ពួកគេ » ( គ. និង ស. ២៥:១២ ) ។
បើបងប្អូនស្ដាប់ ហើយអធិស្ឋានកាលពួកគេច្រៀង នោះការអធិស្ឋានរបស់បងប្អូន ព្រមទាំងការអធិស្ឋានរបស់ពួកគេផងដែរនោះនឹងទទួលបានចម្លើយ ។ បងប្អូននឹងទទួលអារម្មណ៍ពីក្ដីស្រឡាញ់ និងការអនុមតិពីព្រះអម្ចាស់ ។ អស់អ្នកដែលចូលរួមក្នុងការច្រៀងសរសើរនោះនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំង ។
បងប្អូនអាចអធិស្ឋានកាលអ្នកថ្លែងសុន្ទរកថាហៀបនឹងបញ្ចប់សារលិខិតរបស់គាត់ ។ គាត់នឹងអធិស្ឋានទៅព្រះវរបិតាសូមឲ្យ ព្រះវិញ្ញាណនឹងប្រទានដល់គាត់នូវពាក្យនៃទីបន្ទាល់ដែលនឹងលើកស្ទួយដួងចិត្ត ក្ដីសង្ឃឹម និងការតាំងចិត្តនៃអ្នកស្ដាប់ដើម្បីចងចាំព្រះគ្រីស្ទជានិច្ច ហើយគោរពតាមព្រះបញ្ញត្តិដែលបានប្រទានដល់យើង ។
ទីបន្ទាល់នោះនឹងពុំមែនជាការរៀបរាប់ពីសារលិខិតនោះទេ ។ វានឹងជាការបញ្ជាក់មួយពីសេចក្ដីពិតមួយចំនួនដែលព្រះវិញ្ញាណអាចនាំចូលទៅក្នុងចិត្តនៃអស់អ្នកដែលកំពុងអធិស្ឋានសូមជំនួយ សូមការដឹកនាំពីព្រះ ហើយទទួលសេចក្ដីស្រឡាញ់សុទ្ធសាធនៃព្រះគ្រីស្ទ ។
ទីបន្ទាល់ដ៏ពិតនឹងបានប្រទានឲ្យដល់ពួកអ្នកថ្លែងសុន្ទរកថា ។ ពួកគាត់អាចថ្លែងខ្លី ប៉ុន្តែវានឹងនាំចូលទៅក្នុងចិត្តអ្នកស្ដាប់ដ៏រាបសាដែលមកចូលរួមក្នុងសន្និសីទនេះដោយស្រេកឃ្លានព្រះបន្ទូលដ៏ល្អ ។
ខ្ញុំធ្លាប់ដឹងពីអ្វីដែលសេចក្ដីជំនឿនៃមនុស្សល្អអាចធ្វើ ដើម្បីនាំយកព្រះបន្ទូលពីព្រះវិញ្ញាណនៅចុងបញ្ចប់នៃការបង្រៀន ។ បន្ទាប់ពីទីបន្ទាល់របស់ខ្ញុំ មានមនុស្សម្នាក់ធ្លាប់និយាយប្រាប់ខ្ញុំជាច្រើនដងថា « តើលោកដឹងពីអ្វីដែលខ្ញុំចង់ឮតាមរបៀបណា ? » ខ្ញុំមិនបានភ្ញាក់ផ្អើលឡើយ កាលខ្ញុំមិនចាំថាបាននិយាយពាក្យទាំងនោះ ។ ខ្ញុំបានថ្លែងទីបន្ទាល់ ប៉ុន្តែព្រះអម្ចាស់បានគង់នៅទីនោះដោយប្រទានពាក្យពេចន៍ទាំងនោះដល់ខ្ញុំនៅគ្រានោះ ។ ការសន្យាថាព្រះអម្ចាស់នឹងប្រទានដល់យើងនូវពាក្យពេចន៍នៅគ្រានោះ កើតឡើងជាពិសេសពេលថ្លែងទីបន្ទាល់ ( សូមមើល គ. និង ស. ២៤:៦ ) ។ សូមប្រុងប្រៀបស្ដាប់ទីបន្ទាល់ដែលថ្លែងនៅក្នុងសន្និសីទនេះ—បងប្អូននឹងមានអារម្មណ៍ខិតទៅជិតព្រះអម្ចាស់ ។
បងប្អូនអាចដឹងថា ខ្ញុំហៀបនឹងបញ្ចប់សារលិខិតដែលខ្ញុំខំបង្ហាញឲ្យឃើញដោយមានទីបន្ទាល់មួយនៃសេចក្ដីពិត ។ ការអធិស្ឋានរបស់បងប្អូននឹងជួយខ្ញុំឲ្យមានទីបន្ទាល់ដែលអាចជួយមនុស្សម្នាក់ដែលកំពុងរង់ចាំចម្លើយចំពោះសំណួររបស់គាត់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាយើង ជាអេឡូហិមដ៏មហិមា ទ្រង់មានព្រះទ័យស្រឡាញ់ ហើយស្គាល់យើងគ្រប់ៗគ្នា ។ ក្រោមការដឹកនាំរបស់ទ្រង់ នោះព្រះរាជបុត្រាទ្រង់ ដែលជាព្រះយេហូវ៉ាគឺជាព្រះដ៏បង្កបង្កើត ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវនៃណាសារ៉ែតជាព្រះរាជបុត្រានៃព្រះ ។ ទ្រង់បានព្យាបាលអ្នកឈឺ បានធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ហើយប្រោសមនុស្សស្លាប់ឲ្យមានជីវិត ។ ទ្រង់បានបង់ថ្លៃរាល់អំពើបាបរបស់កូនចៅនៃព្រះវរបិតាគ្រប់រូបដែលកើតលើផែនដីនេះ ។ ទ្រង់បានផ្ដាច់ចំណងនៃសេចក្ដីស្លាប់សម្រាប់មនុស្សទាំងអស់ កាលទ្រង់មានព្រះជន្មរស់ឡើងវិញចេញពីផ្នូរនៅថ្ងៃអាទិត្យអ៊ីស្ទើរដំបូងនោះ ។ ទ្រង់មានព្រះជន្មរស់សព្វថ្ងៃ ជាព្រះ—ដែលមានព្រះជន្មរស់ឡើងវិញ ហើយរុងរឿង ។
នេះជាសាសនាចក្រពិតតែមួយគត់ ហើយទ្រង់ជាថ្មជ្រុងយ៉ាងឯក ។ ថូម៉ាស អេស ម៉នសុនជាព្យាការីរបស់ទ្រង់នៅលើផែនដីនេះទាំងមូល ។ ពួកព្យាការី និងពួកសាវកដែលបងប្អូននឹងបានស្ដាប់នៅក្នុងសន្និសីទនេះថ្លែងតំណាងឲ្យព្រះអម្ចាស់ ។ ពួកលោកជាពួកអ្នកបម្រើដែលមានសិទ្ធិអំណាចធ្វើកិច្ចការជំនួសទ្រង់ ។ ទ្រង់យាងទៅមុខពួកអ្នកបម្រើរបស់ទ្រង់នៅក្នុងពិភពលោកនេះ ។ ខ្ញុំដឹងពីរឿងនេះ ។ ហើយខ្ញុំសូមថ្លែងនៅក្នុងព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។