ឈរយ៉ាងរឹងមាំជាមួយថ្នាក់ដឹកនាំសាសនាចក្រ
តើបងប្អូនកំពុងឈរយ៉ាងរឹងមាំ ជាមួយថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងពិភពលោកដ៏ខ្មៅងងឹតនេះឬទេ ប្រយោជន៍ឲ្យបងប្អូនអាចផ្សាយពន្លឺនៃព្រះគ្រីស្ទ ?
យើងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់ពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និង គណៈប្រធានអង្គការបឋមសិក្សាទូទៅដ៏អស្ចារ្យដែលទើបបានហៅបម្រើក្នុងពេលថ្មីៗនេះ ។ ហើយដោយការដឹងគុណយ៉ាងជ្រាលជ្រៅ យើងសូមថ្លែងអំណរគុណដល់អស់អ្នកដែលបានដោះលែង ។ ពួកយើងស្រឡាញ់បងប្អូនម្នាក់ៗ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងទើបតែបានចូលរួមក្នុងឱកាសដ៏មានពរបំផុត នៅពេលយើងលើកដៃយើងឡើង ដើម្បីគាំទ្រព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ព្រមទាំងអ្នកដឹកនាំ និង អ្នកកាន់តែតំណែងទូទៅផ្សេងទៀតដែលបានហៅពីព្រះនៅក្នុងជំនាន់នេះ ។ ខ្ញុំមិនយកឱកាសនៃការគាំទ្រ និង ការដឹកនាំដោយអ្នកបម្រើរបស់ព្រះអម្ចាស់ទុកជាការលេងសើច ឬ មើលងាយនឹងការណ៍នេះឡើយ ។ ហើយទើបតែប៉ុន្មានខែនៃការហៅបម្រើថ្មីរបស់ខ្ញុំផ្ទាល់ ក្នុងនាមជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នោះខ្ញុំសូមបន្ទាបខ្លួនចំពោះបោះឆ្នោតការគាំទ្រ និង ការទុកចិត្តរបស់បងប្អូន ។ ខ្ញុំសុំផ្តល់តម្លៃដល់ឆន្ទៈរបស់បងប្អូន ដើម្បីឈរយ៉ាងរឹងមាំជាមួយរូបខ្ញុំ និង ជាមួយថ្នាក់ដឹកនាំសាសនាចក្រដ៏អស្ចារ្យទាំងនេះ ។
មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំបានគាំទ្រកាលពីខែ តុលាឆ្នាំមុន ខ្ញុំបានធ្វើដំណើរទៅប្រទេស បាគីស្ថាន តាមការចាត់តាំងមួយ ហើយពេលនៅទីនោះ ខ្ញុំបានជួបពួកបរិសុទ្ធដ៏អស្ចារ្យ និង មានការលះបង់នៅក្នុងប្រទេសនោះ ។ ពួកគេមានចំនួនតិចប៉ុន្តែពួកគេមានព្រះវិញ្ញាណយ៉ាងខ្លាំង ។ ក្រោយពេលត្រឡប់មកផ្ទះវិញ ខ្ញុំបានទទួលសំបុត្រដូចតទៅនេះពីបងប្រុស ស្សាខែល អាស្សាដ ជាសមាជិកជាទីស្រឡាញ់ម្នាក់ដែលខ្ញុំបានជួបពេលខ្ញុំទៅទស្សនកិច្ចនៅទីនោះ ។ « សូមអរគុណ អែលឌើរ រ៉ាសបាន ដែលបានមកកាន់ប្រទេស បាគីស្ថាន ។ ខ្ញុំចង់ប្រាប់លោកថា យើង … ជាសមាជិកសាសនាចក្រ … គាំទ្រលោក ហើយស្រឡាញ់លោក ។ [ ពួកខ្ញុំ ] មានភ័ព្វសំណាងណាស់ ដែលលោកបានមកទីនេះ ហើយពួកខ្ញុំបានស្តាប់ប្រសាសន៍របស់លោក ។ វាគឺជាថ្ងៃដ៏មានតម្លៃដូចមាស នៅក្នុងជីវិតគ្រួសារខ្ញុំ ដែលពួកខ្ញុំបានជួបសាវក » ។
ការជួបពួកបរិសុទ្ធដូចជាបងប្រុស អាស្សាដ គឺជាបទពិសោធន៍ដ៏រំជួលចិត្ត និង រាបទាបបំផុត ហើយខ្ញុំចង់ប្រើពាក្យដូចគាត់ថាជា « ថ្ងៃដ៏មានតម្លៃដូចមាស » ផងដែរ ។
កាលពីខែ មករា ថ្នាក់ដឹកនាំសាសនាចក្របានចូលរួមក្នុងកម្មវិធីចាក់ផ្សាយ ហ្វេស ធូ ហ្វេស ជាមួយយុវវ័យ និងថ្នាក់ដឹកនាំ និង ឪពុកម្តាយរបស់ពួកគេនៅទូទាំងពិភពលោក ។ ការចាក់ផ្សាយនោះបានផ្សាយបន្តផ្ទាល់តាមអ៊ិនធើរណែតទៅកាន់ទីតាំងជាច្រើនក្នុង ១៤៦ ប្រទេស ទីតាំងខ្លះ មានទស្សនិកជនច្រើននៅក្នុងសាលាជំនុំ ហើយទីតាំងផ្សេងទៀតគឺជាផ្ទះតែឯងដែលយុវវ័យម្នាក់មើលការចាក់ផ្សាយនោះ ។ សរុបមក មានអ្នកចូលរួមកម្មវិធីនេះរាប់រយពាន់នាក់ ។
ក្នុងការទាក់ទងជាមួយទស្សនិកជនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ស៊ិស្ទើរ បូនី អូស្ការសុន ប្រធានយុវនារីទូទៅ បងប្រុស ស្ទីវិន ដ័បុលយូ អូវិន ប្រធានយុវជនទូទៅ និង រូបខ្ញុំ—បានទទួលការគាំទ្រពីពិធីកររបស់យុវវ័យយើង តន្ត្រីករ និង អ្នកដទៃទៀត—ដោយបានឆ្លើយសំណួរនានាពីយុវវ័យរបស់យើង ។
គោលបំណងរបស់យើងគឺដើម្បីណែនាំបាវចនាម៉្ញូឆលសម្រាប់ឆ្នាំ ២០១៦ « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ដែលដកស្រង់ចេញពី នីហ្វៃទី ២ ដែលអានថា ៖ « ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។
តាមរយៈការអានសំណួររាប់រយរបស់យុវវ័យយើង តើយើងបានរៀនអ្វីខ្លះ ? យើងបានរៀនថា យុវវ័យរបស់យើងស្រឡាញ់ព្រះអម្ចាស់ គាំទ្រថ្នាក់ដឹកនាំពួកគេ ហើយមានបំណងចង់បានចម្លើយចំពោះសំណួររបស់ពួកគេ ។ សំណួរគឺជាសញ្ញាសម្គាល់មួយនៃបំណងប្រាថ្នាបន្ថែមទៀត នៃការរៀនសូត្របន្ថែមទៅលើសេចក្តីទាំងនោះ ដែលមានស្រាប់នៅក្នុងទីបន្ទាល់របស់យើង ហើយរៀបចំខ្លួនបានកាន់តែប្រសើរឡើងដើម្បី « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ។
ការស្តារឡើងវិញនៃដំណឹងល្អបានចាប់ផ្តើមជាមួយនឹងយុវវ័យគឺ យ៉ូសែប ស៊្មីធ បានសួរសំណួរ ។ ការបង្រៀនជាច្រើនរបស់ព្រះអង្គសង្គ្រោះនៅក្នុងកិច្ចការបម្រើរបស់ទ្រង់បានចាប់ផ្តើមដោយសួរសំណួរ ។ តើចាំពីសំណួររបស់ទ្រង់ដែលបានសួរដល់ពេត្រុសទេ ៖ « តើថាខ្ញុំជានរណា ? » ហើយពេត្រុសឆ្លើយថា ៖ « ទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ។ យើងត្រូវជួយគ្នា ដើម្បីស្វែងរកចម្លើយរបស់ព្រះវរបិតាសួគ៌តាមរយៈការណែនាំនៃព្រះវិញ្ញាណ ។
នៅក្នុងការចាក់ផ្សាយនោះ ខ្ញុំបាននិយាយទៅកាន់យុវវ័យថា ៖
« ថ្នាក់ដឹកនាំសាសនាចក្រនេះដឹងពីបញ្ហា ទុក្ខកង្វល់ និង ឧបសគ្គនានារបស់អ្នក ។
« ពួកយើងមានកូន ។ ពួកយើងមានចៅៗ ។ ជារឿយៗ យើងជួបជាមួយយុវវ័យនៅទូទាំងពិភពលោក ។ ហើយយើងកំពុងអធិស្ឋានសម្រាប់អ្នក យើងកំពុងនិយាយអំពីអ្នកនៅក្នុងកន្លែងដ៏ពិសិដ្ឋបំផុត ហើយយើងស្រឡាញ់អ្នក » ។
ខ្ញុំចង់ចែកចាយនូវចម្លើយមួយក្នុងចំណោមចម្លើយជាច្រើនដែលយើងបានទទួលពីកម្មវិធីនោះ ។
លីសា មកពី ហ្គ្រេន ប្រារី អាប៊ើតា ប្រទេស កាណាដាបានសរសេរ ៖ « កម្មវិធីជួបផ្ទាល់នេះគឺអស្ចារ្យណាស់ ។ កម្មវិធីនេះបានពង្រឹងទីបន្ទាល់ និង ការប្រែចិត្តជឿរបស់ខ្ញុំលើដំណឹងល្អ ។ យើងមានពរណាស់ ដែលមានថ្នាក់ដឹកនាំដ៏ បំផុសគំនិត ដែលត្រូវបានហៅដើម្បីបម្រើក្នុងមុខងារផ្សេងៗជាច្រើន » ។
លីស្ស មកពី ផ្លីសែន ហ្គ្រូវ យូថាហ៍ បានចុះផ្សាយលើហ្វេសបុកថ្មីៗនេះថា ៖ « ខ្ញុំមានអំណរគុណចំពោះសេចក្តីជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំ និង ឱកាសគាំទ្រព្យាការីរបស់ព្រះ ព្រមទាំង បុរស និង ស្ត្រីដែលបម្រើជាមួយលោក » ។
យើងបានគាំទ្រដល់ថ្នាក់ដឹកនាំសព្វថ្ងៃនេះ ដែលបានហៅដោយការបំផុសគំនិតដ៏ទេវភាព ដើម្បីបង្រៀន ដឹកនាំយើង ហើយដែលកំពុងស្រែកព្រមានប្រាប់យើងឲ្យដឹងពីគ្រោះថ្នាក់ដែលយើងជួបរាល់ថ្ងៃ—ដែលកើតឡើងពីការឥតខ្វល់ក្នុងការគោរពប្រតិបត្តិថ្ងៃឈប់សម្រាក កើតឡើងពីការសម្លុតគំរាមដល់គ្រួសារ កើតឡើងពីការបំពានលើសេរីភាពសាសនា និង កើតឡើងពីការជំទាស់នឹងវិវរណៈនាថ្ងៃចុងក្រោយនេះ ។ បងប្អូនប្រុសស្រី តើបងប្អូនកំពុងស្តាប់តាមការទូន្មានរបស់ពួកលោកឬទេ ?
នៅក្នុងសន្និសីទ ការប្រជុំសាក្រាម៉ង់ និង ថ្នាក់កុមារ ជាច្រើនដងយើងបានច្រៀងពាក្យដ៏ទន់ភ្លន់ថា « នាំខ្ញុំ ដឹកខ្ញុំ ដើរនៅក្បែរខ្ញុំ » ។ តើពាក្យទាំងនោះមានន័យយ៉ាងដូចម្តេចចំពោះបងប្អូន ? តើបងប្អូនគិតពីនរណា នៅពេលបងប្អូនគិតពីពាក្យទាំងនោះ ? តើបងប្អូនទទួលអារម្មណ៍ពីឥទ្ធិពលនៃថ្នាក់ដឹកនាំសុចរិត គឺជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទទាំងនោះ ដែលមានកាលពីអតីតកាល ហើយបន្តមកដល់បច្ចុប្បន្ននេះ ដើម្បីដឹកនាំជីវិតបងប្អូន ដែលពួកលោកដើរក្នុងមាគ៌ារបស់ព្រះអម្ចាស់ជាមួយបងប្អូនដែរឬទេ ? ពួកគាត់អាចនៅជិតស្និទ្ធក្នុងផ្ទះ ។ ពួកគាត់អាចនៅក្នុងក្រុមជំនុំបងប្អូន ឬ និយាយនៅលើវេទិកាពេលសន្និសីទទូទៅ ។ ពួកសិស្សទាំងនេះចែកចាយជាមួយយើងនូវពរជ័យនៃការមានទីបន្ទាល់អំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលជាប្រមុខនៃសាសនាចក្រនេះ ជាប្រមុខនៃព្រលឹងរបស់យើង ដែលបានសន្យាថា « ចូរសង្ឃឹមឡើង ហើយកុំខ្លាចឡើយ ដ្បិតយើងជាព្រះអម្ចាស់គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក » ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានចែកចាយពីរឿងមួយដែលលោកត្រូវបានអញ្ជើញឲ្យទៅផ្ទះប្រធានស្ដេករបស់លោកនាម ប៉ុល ស៊ី ឆាល ដើម្បីរៀបចំសម្រាប់ការទទួលនូវបព្វជិតភាពមិលគីស្សាដែក ។ វាជាពរជ័យដ៏អស្ចារ្យអ្វីម៉្លេះដល់ប្រធានស្តេករូបនោះ ដែលកាលគ្រានោះគាត់ពុំបានដឹងថា គាត់កំពុងបង្រៀនក្មេងប្រុសកាន់បព្វជិតភាពអើរ៉ុនម្នាក់ ដែលថ្ងៃខាងមុខបានក្លាយជាព្យាការីរបស់ព្រះឡើយ ។
ខ្ញុំមានឱកាសផ្ទាល់ខ្លួនជាច្រើន ដើម្បីរៀនពីព្យាការីជាទីស្រឡាញ់របស់យើងគឺប្រធាន ម៉នសុន ។ ខ្ញុំគ្មានមន្ទិលសង្ស័យក្នុងគំនិត ឬ ក្នុងចិត្តខ្ញុំឡើយ ថាលោកគឺជាព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីនេះ ខ្ញុំគឺជាអ្នកទទួលដ៏រាបសា នៅពេលលោកបានទទួលវិវរណៈ ហើយធ្វើតាមវិវរណៈនោះ ។ លោកបានបង្រៀនយើងឲ្យឈោងទៅជួយ ការពារគ្នា ហើយសង្គ្រោះគ្នាទៅវិញទៅមក ។ ការបង្រៀននេះក៏បានបង្រៀននៅឯទឹកមរមនផងដែរ ។ អស់អ្នកដែលមានបំណង « ដើម្បីឲ្យបានហៅថាជារាស្ត្ររបស់ទ្រង់ » ដែលមានបំណង « ទទួលបន្ទុកគ្នាទៅវិញទៅមក » « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ » និង « ឈរជាសាក្សីដល់ព្រះ » ។
ខ្ញុំឈរនៅថ្ងៃនេះ ក្នុងនាមជាសាក្សីម្នាក់របស់ព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថាព្រះអង្គសង្គ្រោះមានព្រះជន្មរស់ ហើយស្រឡាញ់ពួកយើង ព្រមទាំងដឹកនាំអ្នកបម្រើទ្រង់ បងប្អូន និង រូបខ្ញុំ ដើម្បីបំពេញនូវគោលបំណងដ៏មហិមារបស់ទ្រង់នៅលើផែនដីនេះ ។
នៅពេលយើងឈានទៅមុខ ដោយជ្រើសធ្វើតាមការប្រឹក្សា និង ការព្រមានពីថ្នាក់ដឹកនាំរបស់យើង នោះយើងជ្រើសរើសធ្វើតាមព្រះអម្ចាស់ ខណៈដែលពិភពលោកនេះកំពុងងាកដើរទៅទិសដៅផ្សេង ។ យើងជ្រើសរើសកាន់ខ្ជាប់នឹងដំបងដែកជានិច្ច ធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ហើយដើម្បីបានពោរពេញដោយ « សេចក្តីអំណរជាអតិបរមា » ។
ការលើកឡើងនូវសំណួរថ្ងៃនេះគឺច្បាស់លាស់ថា ៖ តើបងប្អូនកំពុងឈរយ៉ាងរឹងមាំ ជាមួយថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងពិភពលោកដ៏ខ្មៅងងឹតនេះឬទេ ប្រយោជន៍ឲ្យបងប្អូនអាចផ្សាយពន្លឺនៃព្រះគ្រីស្ទ ?
ទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំគឺមានសារៈសំខាន់ខ្លាំងណាស់ ។ មិនថាថ្នាក់ដឹកនាំមានវ័យយ៉ាងណា នៅជិត ឬឆ្ងាយយ៉ាងណា ឬមកប៉ះដល់ជីវិតយើងនៅពេលណានោះទេ ឥទ្ធិពលរបស់ពួកគេឆ្លុះបញ្ចាំងពីពាក្យរបស់កវី អេដវីន ម៉ាខាំ ដែលបានពោលដូចនេះ ៖
ស្សាខែល អាស្សាដ មិត្តភក្តិរបស់ខ្ញុំ បងប្រុសគាត់ និង មិត្តរបស់គាត់នៅក្នុងប្រទេស បាគីស្ថាន បានផ្ញើរការគាំទ្ររបស់គាត់ដល់ខ្ញុំ ។ បងប្អូនទាំងអស់គ្នាក៏បានគាំទ្រខ្ញុំដែរ ។ នៅពេលយើងជួយលើកស្ទួយគ្នា យើងឃើញភស្តុតាងនៃពាក្យដ៏មានអំណាចទាំងនេះ ៖ « [ គ្មាននរណា ] ម្នាក់ដើរក្នុងជីវិតនេះតែម្នាក់ឯងឡើយ » ។
លើសពីនេះទៅទៀត យើងត្រូវការព្រះអង្គសង្គ្រោះជាព្រះអម្ចាស់របស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។ ដំណើររឿងមួយចេញពីព្រះគម្ពីរ ដែលបំផុសគំនិតខាងវិញ្ញាណរបស់ខ្ញុំជានិច្ចនោះគឺនៅពេលព្រះយេស៊ូវគ្រីស្ទ យាងដើរលើទឹកទៅជួបពួកសិស្សរបស់ទ្រង់ ដែលកំពុងជិះទូកនៅលើសមុទ្រកាលីឡេ ។ អ្នកទាំងនេះគឺជាអ្នកដឹកនាំ ដែលទើបតែបានហៅដូចជាយើង ដែលនៅលើវេទិកាថ្ងៃនេះ ។ ដំណើររឿងនេះកត់ត្រានៅក្នុងគម្ពីរម៉ាថាយ ៖
« ឯទូកនៅកណ្តាលសមុទ្រ ត្រូវរលកបោកជាខ្លាំង ដោយព្រោះច្រាសខ្យល់ ។
« ដល់យាមបួនយប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស ។
« កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នេះក៏ភ័យវល់…រួចគេស្រែកឡើង ដោយសេចក្តីតក់ស្លុត ។
« តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ » ។
ពេត្រុសបានឮពីការហៅដ៏លើកទឹកចិត្តនោះពីព្រះអម្ចាស់ ។
« ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង » ។
« ហើយ [ ព្រះយេស៊ូវ ] មានព្រះបន្ទូលថា ចូលមកចុះ » ។
ពិតជាក្លាហានមែន ។ ពេត្រុសគឺជាអ្នកនេសាទត្រី ហើយលោកបានដឹងអំពីគ្រោះថ្នាក់នៃសមុទ្រនោះ ។ ប៉ុន្តែលោកបានតាំងចិត្តធ្វើតាមព្រះយេស៊ូវ—ទោះយប់ឬថ្ងៃក្តី ទោះនៅលើទូក ឬ នៅលើដីគោកក្តី ។
ខ្ញុំអាចគិតស្រមៃថាពេត្រុសផ្លោះចេញពីគែមទូក ដោយមិនបង្អង់ចាំការអញ្ជើញជាលើកទីពីរឡើយ ហើយបានចាប់ផ្តើមដើរនៅលើទឹក ។ ពិតណាស់ ព្រះគម្ពីរចែងថា « ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ » ។ នៅពេលខ្យល់បោកបក់កាន់តែខ្លាំង ហើយពេលរលកកួចនៅក្បែរជើងលោក នោះពេត្រុសបានប្រែជាមានចិត្តភ័យ « ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែក [ ឡើង ] ថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ។
« ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តរបស់ទ្រង់ ទៅចាប់គាត់ភ្លាម » ។
វាជាមេរៀនដ៏មានអានុភាពមួយ ។ ព្រះអម្ចាស់ទ្រង់គង់នៅទីនោះសម្រាប់គាត់ គឺដូចជាទ្រង់គង់នៅទីនោះសម្រាប់បងប្អូន និង ខ្ញុំ ។ ទ្រង់បានឈោងព្រះហស្តរបស់ទ្រង់ ព្រមទាំងទាញពេត្រុសមករកទ្រង់ ហើយទៅរកទីសុវត្ថិភាព ។
ខ្ញុំបានត្រូវការព្រះអង្គសង្គ្រោះ និង ការសង្គ្រោះពីព្រះហស្តទ្រង់ជាច្រើនលើកច្រើនគ្រា ។ ខ្ញុំត្រូវការទ្រង់ក្នុងពេលបច្ចុប្បន្ននេះ ជាងពេលមុនៗទាំងអស់ ដូចជាបងប្អូនគ្រប់គ្នាដែរ ។ ខ្ញុំមានអារម្មណ៍ទុកចិត្ត នៅពេលលោតចេញពីគែមទូក អាចនិយាយប្រៀបធៀបថា ចូលទៅកន្លែងផ្សេងទៀតដែលខ្ញុំមិនស្គាល់ ដោយគ្រាន់តែដឹងថាខ្ញុំពុំអាចធ្វើការណ៍នោះដោយខ្លួនឯងបានឡើយ ។
នៅពេលយើងពិភាក្សាគ្នាអំឡុងកម្មវិធីជួបផ្ទាល់ ជារឿយៗព្រះអម្ចាស់ជួយយើងតាមរយៈក្រុមគ្រួសារ និង ថ្នាក់ដឹកនាំយើង ដោយអញ្ជើញយើងឲ្យមករកទ្រង់—គឺដូចជាទ្រង់បានឈោងជួយសង្គ្រោះពេត្រុសដែរ ។
បងប្អូនក៏មានឱកាសជាច្រើនដើម្បីឆ្លើយតបទៅនឹងការអញ្ជើញឲ្យ « មករកព្រះគ្រីស្ទ » ផងដែរ ។ តើនោះមិនមែនជាគោលបំណងនៃជីវិតរមែងស្លាប់នេះទេឬអី ? ការហៅអាចជាការឲ្យទៅសង្គ្រោះសមាជិកគ្រួសារ ទៅបម្រើបេសកកម្ម ត្រឡប់មកព្រះវិហារវិញ ទៅព្រះវិហារបរិសុទ្ធ ហើយដូចដែលយើងបានស្តាប់ឮពីយុវវ័យរបស់យើងនៅក្នុងកម្មវិធីជួបផ្ទាល់ នោះ សុំមកចុះ សុំមកជួយឆ្លើយសំណួរខ្ញុំផង ។ នៅពេលកំណត់មកដល់ យើងម្នាក់ៗនឹងស្តាប់ឮការហៅ « ចូរមកផ្ទះវិញ » ។
ខ្ញុំសុំអធិស្ឋានថា យើងនឹងឈោងដៃ— គឺឈោងដៃយើងទៅ ហើយចាប់ព្រះហស្តរបស់ព្រះអង្គសង្គ្រោះ ដែលទ្រង់កំពុងលាតមកកាន់យើង ជារឿយៗ តាមរយៈថ្នាក់ដឹកនាំដែលបានហៅដ៏ទេវភាពរបស់ទ្រង់ និង សមាជិកគ្រួសារ—ហើយស្តាប់តាមការហៅរបស់ទ្រង់ឲ្យត្រឡប់មកវិញ ។
ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ខ្ញុំស្រឡាញ់ទ្រង់ ហើយខ្ញុំដឹងដោយអស់ពីដួងចិត្តរបស់ខ្ញុំថា ទ្រង់ស្រឡាញ់ពួកយើងគ្រប់គ្នា ។ ទ្រង់គឺជាអង្គគំរូដ៏អស្ចារ្យបំផុត ហើយជាអ្នកដឹកនាំដ៏ទេវភាពនៃកូនចៅទាំងអស់របស់ព្រះវរបិតាយើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដ៏ឱឡារិកអំពីការណ៍នេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។