ឆ្នាំ ២០១០-២០១៩
ព្រះវិញ្ញាណបរិសុទ្ធ
ខែ មេសា 2016


14:31

ព្រះវិញ្ញាណបរិសុទ្ធ

ខ្ញុំសូមបង្ហាញសេចក្តីស្រឡាញ់ និង អំណរគុណរបស់ខ្ញុំចំពោះព្រះវរបិតាសួគ៌ ចំពោះអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានបើកសម្តែងព្រះឆន្ទៈទ្រង់ ហើយទ្រទ្រង់យើង ។

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំនិយាយថ្ងៃនេះក្នុងនាមជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ហើយក៏ក្នុងនាមខ្ញុំជាជីតាមួយរូបផងដែរ ។ ចំពោះបងប្អូន និង ចំពោះពូជពង្សជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំបង្រៀន ហើយថ្លែងទីបន្ទាល់ពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដ៏អស្ចារ្យ ។

ខ្ញុំសូមចាប់ផ្តើមដោយការទទួលស្គាល់នូវពន្លឺនៃព្រះគ្រីស្ទ ដែលត្រូវបានប្រទានឲ្យ « ដល់បុរសទាំងអស់ [ និង ស្ត្រី ] ដែលកើតមកក្នុងលោកិយនេះ » ។ យើងទាំងអស់គ្នាទទួលបានប្រយោជន៍ពីពន្លឺដ៏បរិសុទ្ធនេះ ។ ពន្លឺនេះគឺ « នៅក្នុងទាំងអស់ និងតាមរយៈគ្រប់ទាំងអស់ » ហើយពន្លឺនេះធ្វើឲ្យយើងញែកដាច់រវាងខុស និង ត្រូវ ។

ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធគឺផ្សេងពីពន្លឺនៃព្រះគ្រីស្ទ ។ ទ្រង់គឺជាសមាជិកទីបីនៃក្រុមព្រះ ជាអង្គដែលមានតែវិញ្ញាណដាច់ដោយឡែក ដែលមានការទទួលខុសត្រូវពិសិដ្ឋ ហើយមានគោលបំណងតែមួយជាមួយព្រះវរបិតា និង ព្រះរាជបុត្រា ។

ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងមានបទពិសោធន៍ជាគូកននៃព្រះវិញ្ញាណបរិសុទ្ធជាប់ជានិច្ច ។ តាមរយៈការស្តារឡើងវិញនូវបព្វជិតភាពនៃព្រះ យើងបានជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្តាច់បាបរបស់យើង ហើយបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅក្នុងពិធីបរិសុទ្ធនេះ យើងត្រូវបានប្រទានឲ្យនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដោយការដាក់ដៃលើរបស់អ្នកកាន់បព្វជិតភាព ។ បន្ទាប់មក យើងអាចទទួល ហើយបន្តធ្វើជាគូកនជាមួយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការចងចាំព្រះអង្គសង្គ្រោះជានិច្ច រក្សាព្រះបញ្ញត្តិទ្រង់ ប្រែចិត្តពីអំពើបាបរបស់យើង ហើយទទួលទានសាក្រាម៉ង់ដោយសក្តិសមនៅថ្ងៃឈប់សម្រាក ។

ព្រះវិញ្ញាណបរិសុទ្ធប្រទាននូវវិវរណៈផ្ទាល់ខ្លួន ដើម្បីជួយយើងឲ្យធ្វើការសម្រេចចិត្តសំខាន់ៗក្នុងជីវិត ដូច ជាអំពី ការអប់រំ បេសកកម្ម ការងារ អាពាហ៍ពិពាហ៍ ការមានកូន ទីកន្លែងដែលយើងនឹងរស់នៅជាមួយគ្រួសារយើង និង មានអ្វីៗជាច្រើនទៀត ។ នៅក្នុងការសម្រេចចិត្តទាំងនេះ ព្រះវរបិតាសួគ៌រំពឹងឲ្យយើងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើង សិក្សាពីស្ថានភាពនោះក្នុងគំនិតយើងស្របទៅតាមគោលការណ៍ដំណឹងល្អ ហើយយកការសម្រេចចិត្តនោះថ្វាយដល់ទ្រង់នៅក្នុងការអធិស្ឋាន ។

វិវរណៈផ្ទាល់ខ្លួនគឺចាំបាច់ណាស់ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។ ដូចព្រះគម្ពីរបានបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធក៏ថ្លែងទីបន្ទាល់ពីព្រះអង្គសង្គ្រោះ និងព្រះជាព្រះវរបិតាផងដែរ ។ ទ្រង់បង្រៀនយើងអំពី « របស់ខាងនគរ ដែលប្រកបដោយភាពសុខសាន្ត » ហើយធ្វើឲ្យយើងមាន « សេចក្តីសង្ឃឹមជាបរិបូរ » ។ ទ្រង់ « នាំ [ យើង ] ធ្វើល្អ … [ និង ] វិនិច្ឆ័យដោយសុចរិត » ។ ទ្រង់ប្រទានដល់ « បុរស [ និង ស្ត្រី ] គ្រប់រូបនូវ… អំណោយទាន [ ខាងវិញ្ញាណ ] … ដើម្បីឲ្យមនុស្សទាំងអស់អាចបានផលប្រយោជន៍ដោយសាររបៀបនេះ » ។ ទ្រង់ « ប្រទានដំរិះដល់ [ យើង ] » ហើយ « នាំឲ្យយើងចាំ [ គ្រប់ ] សេចក្តីទាំងអស់ [ របស់យើង ] » ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធយើង « អាចបានញែកចេញបរិសុទ្ធ » ហើយទទួល « ការផ្ដាច់បាបទាំងអស់ [ របស់យើង ] » ។ ទ្រង់គឺជា « ព្រះដ៏ជាជំនួយ » គឺជាអង្គដដែលនោះដែល « បានសន្យាដល់ពួកសិស្ស [ របស់ព្រះអង្គសង្គ្រោះ ] » ។

ខ្ញុំសូមរំឭកដល់បងប្អូនទាំងអស់គ្នាថា ព្រះវិញ្ញាណបរិសុទ្ធពុំមែនប្រទានឲ្យដល់យើងដើម្បីគ្រប់គ្រងយើងឡើយ ។ មានពួកយើងមួយចំនួនបានស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធទៅលើការសម្រេចចិត្តតូចតាចនានាក្នុងជីវិតយើង ។ ធ្វើបែបនេះគឺមើលងាយដល់តួនាទីដ៏ពិសិដ្ឋរបស់ទ្រង់ហើយ ។ ព្រះវិញ្ញាណបរិសុទ្ធ គោរពដល់គោលការណ៍នៃសិទ្ធិជ្រើសរើស ។ ទ្រង់មានបន្ទូលមកក្នុងគំនិត និង ដួងចិត្តយើងដោយទន់ភ្លន់អំពីរឿងដ៏សំខាន់ជាច្រើន ។

យើងម្នាក់អាចទទួលអារម្មណ៍ពីព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធផ្សេងៗពីគ្នា ។ យើងនឹងទទួលបានការបំផុសមកពីទ្រង់ផ្សេងៗគ្នា ទៅតាមកម្រិតនៃបំណងចិត្តយើង ស្របតាមតម្រូវការ និង កាលៈទេសៈរបស់យើងម្នាក់ៗ ។

នៅជំនាន់ចុងក្រោយនេះ យើងសូមបញ្ជាក់ថាមានតែព្យាការីប៉ុណ្ណោះដែលអាចទទួលវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធសម្រាប់សាសនាចក្រទាំងមូល ។ មនុស្សមួយចំនួនភ្លេចពីរឿងនេះ ដូចនៅពេល អើរ៉ុន និង ម៉ារាមបានព្យាយាមបញ្ចុះបញ្ចូលម៉ូសេឲ្យយល់ព្រមនឹងពួកគេដែរ ។ ប៉ុន្តែព្រះអម្ចាស់បានបង្រៀនពួកគេ និង ពួកយើង ។ ទ្រង់មានបន្ទូល ៖

« បើមានហោរាណានៅក្នុងពួកអ្នករាល់គ្នា នោះយើងដ៏ជាព្រះយេហូវ៉ា យើងនឹងឲ្យអ្នកនោះស្គាល់យើង ។ …

« យើងនឹងនិយាយផ្ទាល់មាត់ នឹងលោកយ៉ាងច្បាស់វិញ » ។

ពេលខ្លះ សាតាំងល្បួងយើងឲ្យមានគំនិតខុសឆ្គង ដែលយើងអាចច្រឡំជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការស្មោះត្រង់នៅក្នុងការគោរពតាមព្រះបញ្ញត្តិ ហើយរក្សាសេចក្តីសញ្ញារបស់យើង នឹងការពារយើងពីការឆបោក ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងនឹងអាចញែកដឹងនូវព្យាការីក្លែងក្លាយទាំងនោះ ដែលបង្រៀនគោលលទ្ធិនៃបញ្ញត្តិរបស់មនុស្ស ។

នៅពេលយើងទទួលការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធសម្រាប់ខ្លួនយើង វាជារឿងឈ្លាសវៃដើម្បីចងចាំថា យើងពុំអាចទទួលវិវរណៈសម្រាប់មនុស្សដទៃឡើយ ។ ខ្ញុំស្គាល់យុវជនមួយរូបដែលបានប្រាប់យុវនារីម្នាក់ថា « ខ្ញុំបានយល់សប្តិថា អ្នកនឹងក្លាយភរិយារបស់ខ្ញុំ » ។ យុវនារីនោះបានគិតអំពីឃ្លានោះ ហើយក្រោយមកបានតបទៅវិញថា « ពេលខ្ញុំយល់សប្តិឃើញដូចនោះ ចាំខ្ញុំនឹងមកនិយាយជាមួយអ្នក » ។

យើងទាំងអស់គ្នាអាចត្រូវបានល្បួង ឲ្យគោលបំណងផ្ទាល់ខ្លួនរបស់យើងយកឈ្នះលើការណែនាំនៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្យាការីយ៉ូសែប ស៊្មីធ បានទូលអង្វរដល់ព្រះវរបិតាសួគ៌ សូមការអនុញ្ញាតឲ្យខ្ចីព្រះគម្ពីរមរមនទាំង ១១៦ សន្លឹកដំបូងឲ្យទៅ ម៉ាទីន ហារីស ។ យ៉ូសែប បានគិតថាវាជាគំនិតល្អ ។ ពីដំបូងឡើយ ព្រះវិញ្ញាណពុំបានផ្តល់អារម្មណ៍បញ្ជាក់ដល់រូបលោកឡើយ ។ នៅទីបំផុត ព្រះអម្ចាស់បានអនុញ្ញាតឲ្យយ៉ូសែបឲ្យផ្ដល់សន្លឹកទាំងនោះទៅឲ្យ ម៉ាទីនខ្ចី ។ ម៉ាទីន ហារីសបានធ្វើឲ្យបាត់វា ។ ព្រះអម្ចាស់បានដកយកអំណោយទាននៃការបកប្រែរបស់ព្យាការីយ៉ូសែបអស់មួយរយៈពេល ហើយយ៉ូសែបបានរៀនមេរៀនមួយដ៏ឈឺចាប់ ប៉ុន្តែជាមេរៀនមានតម្លៃ ដែលជះឥទ្ធិពលដល់ការបម្រើរបស់គាត់ពេញមួយជីវិត ។

ព្រះវិញ្ញាណបរិសុទ្ធគឺមានសារសំខាន់ចំពោះការស្តារឡើងវិញ ។ ទាក់ទងនឹងការអាន យ៉ាកុប១:៥កាលពីកុមារភាពរបស់គាត់ នោះព្យាការី យ៉ូសែប ស្ម៊ីធបានរៀបរាប់ថា « ពុំដែលមានបទគម្ពីរណាមួយដែលមានប្រសិទ្ធភាពទៅលើចិត្តមនុស្សដូចជាបទគម្ពីរនេះ មានប្រសិទ្ធភាពមកលើចិត្តខ្ញុំឡើយ » ។ ប្រសិទ្ធភាពដែលបានពិពណ៌នាដោយយ៉ូសែប ស្ម៊ីធ នោះគឺជាព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។ ជាលទ្ធផល យ៉ូសែប បានចូលទៅក្នុងព្រៃពិសិដ្ឋក្បែរផ្ទះរបស់លោក ហើយលុតជង្គង់ចុះដើម្បីទូលសួរដល់ព្រះ ។ ការនិមិត្តដំបូងដែលបានកើតឡើងគឺពិតជាអស្ចារ្យ និង មានសារសំខាន់ណាស់ ។ ប៉ុន្តែផ្លូវទៅដល់ចំណុចនោះ ដែលលោកបានជួបព្រះវរបិតា និង ព្រះរាជបុត្រាដោយផ្ទាល់នោះបានចាប់ផ្តើមជាមួយនឹងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធឲ្យអធិស្ឋាន ។

ការបើកបង្ហាញសេចក្តីពិតនៃដំណឹងល្អដែលបានស្តារឡើងវិញ កើតឡើងតាមលំនាំនៃការស្វែងរកក្នុងការអធិស្ឋាន ហើយបន្ទាប់មកទទួល ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ ចូរគិតអំពីឧទាហរណ៍ទាំងនេះ ៖ ការបកប្រែព្រះគម្ពីរមរមន ការស្តារឡើងវិញនៃបព្វជិតភាព និង ពិធីបរិសុទ្ធនៃបព្វជិតភាព ដោយចាប់ផ្តើមជាមួយនឹងបុណ្យជ្រមុជទឹក និង ការរៀបចំសាសនាចក្រ—ជាកិច្ចការមួយចំនួន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថ្ងៃនេះថា វិវរណៈមកពីព្រះអម្ចាស់ទៅកាន់គណៈប្រធានទីមួយ និង ពួកដប់ពីរនាក់កើតឡើងតាមរយៈលំនាំដ៏ពិសិដ្ឋដូចគ្នានេះឯង ។ នេះគឺជាលំនាំដ៏ពិសិដ្ឋដូចគ្នាដែលអនុញ្ញាតឲ្យទទួលវិវរណៈផ្ទាល់ខ្លួន ។

យើងគោរពដល់អស់អ្នកដែលបានធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលដំណឹងល្អដែលបានស្តារឡើងវិញ ដោយចាប់ផ្តើមជាមួយនឹងសមាជិកនៃគ្រួសាររបស់យ៉ូសែប ស្ម៊ីធផ្ទាល់ ។ នៅពេលយុវជនយ៉ូសែប បានប្រាប់ឪពុករបស់លោកអំពីការយាងមកជួបរបស់មរ៉ូណៃ ឪពុករបស់លោកបានទទួលសាក្សីបញ្ជាក់សម្រាប់ខ្លួនគាត់ ។ ភ្លាមនោះ យ៉ូសែប ត្រូវបានអនុញ្ញាតឲ្យផ្អាកធ្វើការនៅចម្ការរបស់លោក ហើយត្រូវបានលើកទឹកចិត្តឲ្យធ្វើតាមការណែនាំរបស់ទេវតានោះ ។

ចូរយើងធ្វើដូចគ្នានោះ ក្នុងនាមជាឪពុកម្ដាយ និងអ្នកដឹកនាំ ។ ចូរយើងលើកទឹកចិត្តកូនៗរបស់យើង និង មនុស្សដទៃឲ្យធ្វើតាមការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ ដើម្បីធ្វើបែបនោះ ចូរយើងធ្វើជាគំរូក្នុងការធ្វើតាមព្រះវិញ្ញាណបរិសុទ្ធជាមុនសិន ដឹកនាំដោយទន់ភ្លន់ រាបសា សប្បុរស អត់ធ្មត់ និង សេចក្ដីស្រឡាញ់ស្មោះត្រង់ ។

ព្រះវិញ្ញាណបរិសុទ្ធគឺជាមធ្យោបាយទាក់ទងសម្រាប់កិច្ចការរបស់ព្រះ នៅក្នុងគ្រួសារ និង ទូទាំងសាសនាចក្រ ។ ជាមួយនឹងការយល់ដឹងនោះ ខ្ញុំសូមចែកចាយគំរូផ្ទាល់ខ្លួនពីរបីអំពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងជីវិតខ្ញុំផ្ទាល់ និង ក្នុងការបម្រើសាសនាចក្រ ? ខ្ញុំសូមផ្តល់វាជាសាក្សីផ្ទាល់ខ្លួនដែលថា ព្រះវិញ្ញាណបរិសុទ្ធប្រទានពរដល់ពួកយើងទាំងអស់គ្នា ។

ជាច្រើនឆ្នាំកន្លងទៅ ស៊ិស្ទើរ ហែល និង ខ្ញុំបានដាក់ផែនការដើម្បីទទួលមិត្តរួមការងារមួយចំនួនរបស់ខ្ញុំ មកទទួលទានអាហារពេលល្ងាចដ៏ពិសេសមួយនៅផ្ទះរបស់យើង ។ ពេលកំពុងធ្វើដំណើរពីការិយាល័យទៅផ្ទះវិញ នោះខ្ញុំបានទទួលការបំផុសគំនិតឲ្យឈប់នៅផ្ទះស្ត្រីមេម៉ាយម្នាក់ដែលខ្ញុំជាគ្រូបង្រៀនតាមផ្ទះរបស់គាត់ ។ នៅពេលខ្ញុំគោះទ្វារផ្ទះគាត់ គាត់បាននិយាយថា « ខ្ញុំបានអធិស្ឋានទូលសុំឲ្យលោកមកទីនេះ » ។ តើការបំផុសគំនិតនោះកើតឡើងមកពីណា ? គឺព្រះវិញ្ញាណបរិសុទ្ធ ។

មានគ្រាមួយនោះ ទាំងមានជំងឺធ្ងន់ ខ្ញុំបានធ្វើជាអធិបតីនៅក្នុងសន្និសីទស្តេកមួយ ។ ដើម្បីសន្សំកម្លាំងរបស់ខ្ញុំ នោះខ្ញុំបានគ្រោងថានឹងចាកចេញពីសាលាជំនុំភ្លាមបន្ទាប់ពីសម័យប្រជុំថ្នាក់ដឹកនាំបព្វជិតភាពចប់ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការអធិស្ឋានបិទ នោះព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលមកកាន់ខ្ញុំថា « តើអ្នកនឹងទៅកន្លែងណា ? » ខ្ញុំបានទទួលការបំផុសគំនិតឲ្យចាប់ដៃជាមួយមនុស្សគ្រប់គ្នា នៅពេលពួកគេចេញពីបន្ទប់ប្រជុំនោះ ។ នៅពេលអែលឌើរវ័យក្មេងម្នាក់បានដើរមកចាប់ដៃខ្ញុំ នោះខ្ញុំមានការបំផុសគំនិតឲ្យផ្តល់សារលិខិតពិសេសមួយដល់គាត់ ៖ គាត់បានមើលចុះក្រោម ហើយខ្ញុំបានចាំឲ្យគាត់ងើបមុខឡើងមើលចំខ្ញុំ ហើយខ្ញុំអាចនិយាយថា « អធិស្ឋានទៅកាន់ព្រះវរបិតា ស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ ធ្វើតាមការបំផុសគំនិតដែលក្មួយបានទទួល និងអ្វីៗទាំងអស់នឹងដំណើរការល្អនៅក្នុងជីវិតរបស់ក្មួយ » ។ ក្រោយមកប្រធានស្តេកនោះបានប្រាប់ខ្ញុំថា យុវជននោះទើបត្រឡប់មកពីបេសកកម្មរបស់គាត់មុនកំណត់ ។ ផ្អែកលើការបំផុសគំនិតដ៏ច្បាស់លាស់នោះ ប្រធានស្តេកបានសន្យានឹងឪពុកយុវជននោះថា ប្រសិនបើគាត់នាំកូនប្រុសគាត់មកការប្រជុំបព្វជិតភាព នោះអែលឌើរ ហែលនឹងនិយាយជាមួយគាត់ ។ ហេតុអ្វីខ្ញុំបានឈប់សិន ហើយចាប់ដៃជាមួយអ្នកទាំងនោះ ? ហេតុអ្វីក៏ខ្ញុំឈប់ដើម្បីនិយាយទៅកាន់យុវជនពិសេសរូបនេះ ? តើប្រភពនៃដំបូន្មានរបស់ខ្ញុំកើតមកពីណា ? វាសាមញ្ញ ៖ គឺព្រះវិញ្ញាណបរិសុទ្ធ ។

កាលពីដើមឆ្នាំ ២០០៥ ខ្ញុំត្រូវបានដឹកនាំឲ្យរៀបចំសារលិខិតសម្រាប់សន្និសីទទូទៅអំពីអ្នកផ្សព្វផ្សាយសាសនារៀមច្បង ។ បន្ទាប់ពីសន្និសីទនោះ បងប្រុសម្នាក់បានរៀបរាប់ថា ៖ « នៅពេលពួកខ្ញុំបានស្តាប់សន្និសីទ … ភ្លាមនោះព្រះវិញ្ញាណនៃព្រះអម្ចាស់បានរំជួលចិត្តខ្ញុំយ៉ាងខ្លាំង ។ … ជាសារលិខិតដ៏ច្បាស់សម្រាប់ខ្ញុំ និងភរិយារបស់ខ្ញុំ ។ ពួកខ្ញុំចង់ទៅបម្រើបេសកកម្ម ហើយឥឡូវនេះគឺជាពេលដែលត្រូវទៅបម្រើហើយ ។ ពេលខ្ញុំ … មើលទៅភរិយាខ្ញុំ ខ្ញុំបានដឹងថា គាត់បានទទួលការបំផុសគំនិតដូចគ្នានោះពីព្រះវិញ្ញាណ » ។ តើអ្វីទៅដែលបាននាំមានការឆ្លើយតបដ៏រឹងមាំក្នុងពេលតំណាលគ្នានេះ ? គឺព្រះវិញ្ញាណបរិសុទ្ធ ។

ជូនចំពោះពូជពង្សផ្ទាល់របស់ខ្ញុំ និង អស់អ្នកដែលស្តាប់ខ្ញុំនិយាយ ខ្ញុំសូមថ្លែងទីបន្ទាល់ពីវិវរណៈផ្ទាល់ខ្លួន និង ការណែនាំជាបន្តប្រចាំថ្ងៃ ការព្រមាន ការលើកទឹកចិត្ត ការពង្រឹង ភាពស្អាតស្អំខាងវិញ្ញាណ ការលួងលោម និង ភាពសុខសាន្តដែលកើតឡើងក្នុងគ្រួសារយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងទទួលបទពិសោធន៍នៃ « សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ឥតគណនារបស់ [ ព្រះគ្រីស្ទ ] » និង អព្ភូតហេតុកើតឡើងដ៏ពុំឈប់ឈរ ។

ខ្ញុំសូមថ្លែងទីបន្ទាល់ដ៏ពិសេសរបស់ខ្ញុំថា ព្រះអង្គសង្គ្រោះមានព្រះជន្មរស់ ។ ខ្ញុំសូមបង្ហាញសេចក្តីស្រឡាញ់ និង អំណរគុណរបស់ខ្ញុំចំពោះព្រះវរបិតាសួគ៌ ចំពោះអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានបើកសម្តែងព្រះឆន្ទៈទ្រង់ ហើយទ្រទ្រង់យើងនៅក្នុងជីវិតនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។