« យើងជាអ្នកដទៃ »
នៅពេលបងប្អូនតាំងចិត្តដោយការអធិស្ឋានថាបងប្អូនអាចធ្វើអ្វីខ្លះ—ទៅតាមពេលវេលា និងស្ថានភាពផ្ទាល់ខ្លួនរបស់បងប្អូន—ដើម្បីបម្រើដល់ជនភៀសខ្លួន និងជនអន្ដោប្រវេស្ដន៍រស់នៅក្នុងសហគមន៍របស់បងប្អូន ។
នៅថ្ងៃដែលសមាគមសង្គ្រោះត្រូវបានរៀបចំឡើង អិមម៉ា ស្ម៊ីធ បានប្រកាសថា ៖ « យើងនឹងធ្វើកិច្ចការមួយដ៏អស្ចារ្យ ។ … យើងរំពឹងថាមានឱកាសអស្ចារ្យៗ និង ការហៅជាបន្ទាន់ » ។ ការហៅជាបន្ទាន់ និង ឱកាសអស្ចារ្យទាំងនោះបានបង្ហាញរូបរាងយ៉ាងញឹកញាប់ចាប់តាំងពីពេលនោះមក—ដូចជានៅក្នុងពេលឥឡូវនេះដែរ ។
ការហៅមួយបានមានក្នុងអំឡុងសន្និសីទទូទៅខែ តុលា ឆ្នាំ ១៨៥៦ នៅពេលប្រធានព្រិកហាំ យ៉ង់ បានប្រកាសទៅដល់ក្រុមជំនុំថា ពួកអ្នកត្រួសត្រាយរទេះរុញកំពុងនៅធ្វើដំណើរ ហើយចេញមកយឺតពេល ។ លោកបានប្រកាសថា ៖ « សេចក្ដីជំនឿរបស់អ្នកសាសនា និង កិច្ចការសាសនារបស់អ្នក នឹងពុំសង្គ្រោះដល់ព្រលឹងអ្នកនៅក្នុងនគរសេឡេស្ទាលនៃព្រះរបស់យើងឡើយ លុះត្រាតែអ្នកអនុវត្តនូវគោលការណ៍ទាំងឡាយនេះ ដែលខ្ញុំកំពុងតែបង្រៀនអ្នកនាពេលនេះប៉ុណ្ណោះ ។ ចូរទៅនាំអ្នកទាំងនោះមក ដែលឥឡូវគេស្ថិតនៅលើវាលទំនាប ហើយយកចិត្តទុកដាក់ដោយហ្មត់ចត់ចំពោះអ្វីៗទាំងឡាយដែលយើងហៅថាខាងសាច់ឈាម … បើមិនដូច្នោះទេ សេចក្ដីជំនឿរបស់អ្នកនឹងឥតប្រយោជន៍ឡើយ » ។
យើងចងចាំដោយកោតសរសើរ ដឹងគុណចំពោះបុរសៗដែលបានចេញទៅជួយសង្គ្រោះដល់ពួកបរិសុទ្ធដែលកំពុងរងទុក្ខ ។ ប៉ុន្តែចុះចំណែកឯបងប្អូនស្រីវិញធ្វើអ្វីខ្លះ ?
« បងស្រី [ លូស៊ី មើរស៊ើវ ] ស្ម៊ីធ បានកត់ត្រា …ថាបន្ទាប់ពីការដាស់តឿនរបស់ប្រធាន យ៉ង់ នោះអ្នកទាំងឡាយដែលបានមកចូលរួមបានធ្វើប្រតិបត្តិការភ្លាម ។ … ស្ត្រីៗ ‹ [ បានដោះ ] សំពត់ទ្រនាប់របស់ពួកគេ [ ជាទ្រនាប់សំពត់ធំៗដែលដាក់ជាម៉ូតនៅសម័យនោះ ហើយក៏ផ្ដល់នូវភាពកក់ក្ដៅ ] ស្រោមជើង និងអ្វីៗដែលពួកគេអាចមាន នៅក្នុងរោងឧបោសថចាស់នោះ ដាក់ទៅលើរទេះដើម្បីបញ្ជូនទៅដល់ពួកបរិសុទ្ធនៅក្នុងជ្រលងភ្នំ › » ។
ជាច្រើនសប្ដាហ៍ក្រោយមក ប្រធាន ព្រិកហាំ យ៉ង់ បានប្រមូលផ្ដុំពួកបរិសុទ្ធនៅក្នុងរោងឧបោសថចាស់ម្ដងទៀត នៅពេលពួកអ្នកជួយសង្គ្រោះ និង ក្រុមរទេះរុញ បានមកជិតដល់ទីក្រុង សលត៍ លេក ។ ដោយសារមានភាពបន្ទាន់ជាខ្លាំង លោកបានអង្វរដល់ពួកបរិសុទ្ធ--ជាពិសេស បងប្អូនស្ត្រី--ឲ្យមើលថែដល់ជនរងគ្រោះ ផ្ដល់អាហារដល់ពួកគេ ហើយទទួលយកពួកគេ ដោយលោកមានប្រសាសន៍ ៖ « បងប្អូនមួយចំនួននឹងឃើញថាជើងរបស់ពួកគេបានកកដល់ត្រឹមកជើង ឯអ្នកខ្លះទៀតកកដល់ត្រឹមជង្គង់ ហើយអ្នកខ្លះទៀតកកដៃ ។ … យើងចង់ឲ្យបងប្អូនទទួលយកពួកគេទុកដូចជាកូនរបស់អ្នកផ្ទាល់ ហើយមានអារម្មណ៍ដូចគ្នាចំពោះពួកគេ » ។
លូស៊ី មើរស៊ើវ ស្ម៊ីធ ក៏បានកត់ត្រាផងដែរ ៖
« យើងបានធ្វើអស់ពីសមត្ថភាព ដោយមានជំនួយមកពីបងប្អូនប្រុសស្រីល្អៗ ដើម្បីជួយលួងលោមចិត្តដល់ជនខ្វះខាត ។ … ដៃនិង ជើងរបស់ពួកគេបានកកជាដំណំ ។ … យើងពុំបញ្ឈប់ការព្យាយាមទេ [ ទាល់ ] តែ មនុស្សទាំងអស់ត្រូវបានទទួលនូវភាពសុខស្រួល ។ …
« ខ្ញុំអាចនិយាយថា ខ្ញុំពុំដែលស្កប់ស្កល់ចិត្តរីករាយនៅក្នុងកិច្ចការដែល ខ្ញុំធ្លាប់ធ្វើនៅក្នុងជីវិត ដូចជាអារម្មណ៍ឯកឆន្ទដ៏លើសលប់នេះទេ ។ …
« តើមានអ្វីខ្លះ ដែលអ្នកស្ម័គ្រជួយធ្វើបន្ទាប់ទៀត ? »
បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ ដំណើររឿងនេះអាចមានទំនាក់ទំនងនឹងជំនាន់របស់យើង និង អ្នកទាំងឡាយ ដែលកំពុងរងទុក្ខនៅក្នុងពិភពលោក ។ « ឱកាសដ៏អស្ចារ្យ » មួយទៀតធ្វើឲ្យរំជួលដួងចិត្តរបស់យើង ។
មានជនភៀសខ្លួនច្រើនជាង ៦០ លាននាក់ រួមទាំងអ្នកដែលត្រូវបង្ខំឲ្យផ្លាស់ប្ដូរទីលំនៅក្នុងពិភពលោក ។ ក្នុងចំណោមអ្នកទាំងនោះ មានពាក់កណ្ដាលជាកុមារតូចៗ ។ « បុគ្គលទាំងនេះបានរងទុក្ខលំបាកយ៉ាងខ្លាំង ហើយកំពុងតែចាប់ផ្ដើមជីវិតដោយបាតដៃទទេនៅក្នុង … ប្រទេសថ្មី និង វប្បធម៌ថ្មី ។ ខណៈដែលមានអង្គការមួយចំនួន បានជួយពួកគេឲ្យមានកន្លែង ដើម្បីរស់នៅ និងមានសម្ភារដែលចាំបាច់ នោះអ្វីដែលពួកគេត្រូវការ គឺជាមិត្ត និងអ្នកជួយគាំទ្រ ដែលអាចជួយពួកគេឲ្យស៊ាំទៅនឹងផ្ទះថ្មី ជាមនុស្សម្នាក់ដែលអាចជួយពួកគេរៀនភាសា យល់អំពីប្រព័ន្ធក្នុងសង្គម និង មានអារម្មណ៍កក់ក្ដៅ » ។
កាលពីរដូវក្ដៅមុន ខ្ញុំបានជួបនឹងប្អូនស្រី អ៊ីវែត ប៊ូហ្គីងហ្គូ ដែលមានអាយុ ១១ ឆ្នាំ បានភៀសខ្លួនពីមួយកន្លែងទៅមួយកន្លែង បន្ទាប់ពីឪពុករបស់នាងត្រូវបានគេសម្លាប់ ហើយបងប្អូនប្រុសបីនាក់របស់នាងបានបាត់ខ្លួននៅក្នុងកន្លែងណាមួយក្នុងពិភពលោកនេះ ។ អ៊ីវែត និងសមាជិកគ្រួសារដែលនៅសល់ ទីបំផុតបានរស់នៅរយៈពេលប្រាំមួយឆ្នាំកន្លះជាជនភៀសខ្លួននៅប្រទេសជិតខាងរហូតដល់ពួកគេអាចផ្លាស់ទៅកាន់ផ្ទះអចិន្ត្រៃយ៍មួយ ជាកន្លែងដែលពួកគេបានទទួលពរតាមរយៈគូស្វាមីភរិយាដែលយកចិត្តទុកដាក់មួយគូ ដែលបានជួយផ្ដល់មធ្យោបាយធ្វើដំណើរ ទៅរៀន និងអ្វីៗផ្សេងទៀត ។ នាងបាននិយាយថា ពួកគ « គឺជាចម្លើយសំខាន់ចំពោះការអធិស្ឋានរបស់យើង » ។ ម្ដាយដ៏ល្អរបស់នាង និងប្អូនស្រីតូចជាទីស្រឡាញ់របស់នាង មានវត្តមានជាមួយយើងនាយប់នេះ ច្រៀងនៅក្នុងក្រុមចម្រៀង ។ ខ្ញុំបានងឿងឆ្ងល់ជាច្រើនលើកច្រើនគ្រាចាប់តាំងពីបានជួបនឹងស្ត្រីដ៏ល្អទាំងនេះថា « ចុះបើរឿង របស់ពួកគេគឺជារឿងខ្ញុំវិញ ? »
បងប្អូនស្ត្រីយើងមានជាងពាក់កណ្ដាលនៃឃ្លាំងរបស់ព្រះអម្ចាស់ ដើម្បីជួយដល់កូនចៅរបស់ព្រះវរបិតាសួគ៌ ។ ឃ្លាំងរបស់ទ្រង់ពុំបានតែងឡើងតែ ដើម្បីដាក់អាហារនោះទេ ប៉ុន្តែមានពេលវេលា ទេពកោសល្យ ជំនាញ និង និស្ស័យនៃព្រះរបស់យើង ។ ស៊ិស្ទើរ រ៉ូស្មែរី អិម វិកស្សុម បានបង្រៀនថា « និស្ស័យនៃព្រះនៅក្នុងខ្លួនយើងបញ្ឆេះបំណងប្រាថ្នារបស់យើងឲ្យឈោងទៅជួយអ្នកដទៃ ហើយបំផុសយើងឲ្យធ្វើសកម្មភាព » ។
ដោយទទួលស្គាល់និស្ស័យនៃព្រះរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានលើកទឹកចិត្តថា ៖
« យើងត្រូវការស្ត្រីដែលចេះធ្វើឲ្យរឿងសំខាន់កើតឡើងតាមរយៈសេចក្ដីជំនឿ និងអ្នកដែលជាអ្នកការពារសីលធម៌ និង ក្រុមគ្រួសារនៅលើពិភពលោកដែលពេញដោយអំពើបាបនេះដោយភាពក្លាហាន…ស្ត្រីដែលចេះអំពាវនាវរកព្រះចេស្ដាពីស្ថានសួគ៌ដើម្បីការពារ និង ពង្រឹងដល់កូនចៅ និងក្រុមគ្រួសារ ។ …
«… បងប្អូនស្រី ទាំងអ្នករៀបការ ឬ នៅលីវ អ្នកមានសមត្ថភាពដាច់ដោយឡែក និងគំនិតពិសេសដែលអ្នកបានទទួលជាអំណោយទានមកពីព្រះ ។ យើងជាបងប្អូនប្រុស ពុំអាចចម្លងឥទ្ធិពលពិសេសរបស់អ្នកបានទេ » ។
លិខិតរបស់គណៈប្រធានទីមួយផ្ញើទៅកាន់សាសនាចក្រនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥ បានបង្ហាញអំពីកង្វល់ និង ក្ដីមេត្តាដ៏ខ្លាំងចំពោះមនុស្សរាប់លាននាក់ដែលបានភៀសខ្លួនចេញពីផ្ទះដើម្បីស្វែងរកការជួយសង្គ្រោះពីសង្គ្រាមស៊ីវិល និង ភាពលំបាកផ្សេងៗទៀត ។ គណៈប្រធានទីមួយ បានអញ្ជើញបុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងអង្គភាពសាសនាចក្រឲ្យចូលរួមនៅក្នុងការបម្រើដូចព្រះគ្រីស្ទ នៅក្នុងគម្រោងជួយសង្គ្រោះជនភៀសខ្លួនក្នុងមូលដ្ឋាន ហើយបរិច្ចាគទៅកាន់មូលនិធិសប្បុរសធម៌របស់សាសនាចក្រ នៅកន្លែងណាដែលមាន ។
គណៈប្រធានសមាគមសង្គ្រោះ គណៈប្រធានយុវនារី និង អង្គការបឋមសិក្សាទូទៅ បានពិចារណាអំពីរបៀបដើម្បីឆ្លើយតបចំពោះការអញ្ជើញរបស់គណៈប្រធានទីមួយ ។ យើងដឹងថាបងប្អូន ដែលជាស្ត្រីជាទីស្រឡាញ់គ្រប់វ័យ មានស្ថានភាពជីវិត ហើយរស់នៅក្នុងស្ថានភាពផ្សេងៗគ្នា ។ សមាជិកម្នាក់ៗក្នុងស្ត្រីពួកបរិសុទ្ធទូទាំងពិភពលោកនេះ បានចុះសេចក្ដីសញ្ញាក្នុងពិធីបុណ្យជ្រមុជទឹកដើម្បី « កម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្តទុក្ខ » ។ គ្មានគ្នាយើងណាម្នាក់គួររត់លឿនជាងដែលយើងអាចរត់បាននោះទេ ។
ដោយចងចាំពីសេចក្ដីពិតទាំងនេះ យើងបានរៀបចំកម្លាំងជួយសង្គ្រោះមួយដែលហៅថា « យើងជាអ្នកដទៃ » យើងសង្ឃឹមថាបងប្អូននឹងតាំងចិត្តដោយការអធិស្ឋានថាបងប្អូនអាចធ្វើអ្វីខ្លះ—ទៅតាមពេលវេលា និងស្ថានភាពផ្ទាល់ខ្លួនរបស់បងប្អូន—ដើម្បីបម្រើដល់ជនភៀសខ្លួន និងជនអន្ដោប្រវេស្ដន៍រស់នៅក្នុងសហគមន៍របស់បងប្អូន ។ នេះគឺជាឱកាសមួយដើម្បីបម្រើដោយផ្ទាល់ក្នុងក្រុមគ្រួសារ និងតាមអង្គការដើម្បីផ្ដល់មិត្តភាព ការប្រឹក្សា និង ការបម្រើដូចព្រះគ្រីស្ទផ្សេងៗទៀត វាគឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនដែលបងប្អូនស្ត្រីអាចបម្រើ ។
នៅក្នុងការខិតខំប្រកបដោយការអធិស្ឋានទាំងអស់របស់យើង នោះយើងគប្បីអនុវត្តការប្រឹក្សាដ៏ឈ្លាសវៃរបស់ស្ដេចបេនយ៉ាមីន ដែលបានផ្ដល់ទៅកាន់ប្រជាជនរបស់ទ្រង់ បន្ទាប់ពីទ្រង់បានដាស់តឿនពួកគេឲ្យមើលថែដល់អ្នកទាំងឡាយដែលខ្វះខាត ៖ « ចូរឲ្យឃើញថា គ្រប់ការណ៍ទាំងនេះ ត្រូវបានប្រព្រឹត្តឡើងក្នុងប្រាជ្ញា និងរបៀបរៀបរយ » ។
បងប្អូនស្ត្រីអើយ យើងដឹងថាការឈោងទៅជួយដល់អ្នកដទៃដោយក្ដីស្រឡាញ់គឺជារឿងសំខាន់ចំពោះព្រះអម្ចាស់ ។ ចូរពិចារណាអំពីការដាស់តឿនក្នុងបទគម្ពីរទាំងនេះ ៖
« ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ » ។
« កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង » ។
ហើយព្រះអង្គសង្គ្រោះបានមានបន្ទូល ៖
« ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ ៖ យើងបានស្រែក ហើយអ្នករាល់គ្នាបានឲ្យផឹក ៖ យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង ៖
« យើងនៅអាក្រាតហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង ៖ យើងបានឈឺហើយអ្នករាល់គ្នាបានមកសួរយើង » ។
ព្រះអង្គសង្គ្រោះបានទទួលស្គាល់ដោយក្ដីស្រឡាញ់ចំពោះស្ត្រីមេម៉ាយដែលបានថ្វាយប្រាក់តែពីរស្លឹងដោយសារតែជាអ្វីដែលគាត់អាចធ្វើបាន ។ ទ្រង់ក៏បានប្រាប់រឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីល្អផងដែរ—ដែលទ្រង់បានបញ្ចប់ថា « ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ » ។ ពេលខ្លះការឈោងទៅជួយអ្នកដទៃគឺពុំមែនជារឿងងាយស្រួលទេ ។ ប៉ុន្តែនៅពេលយើងធ្វើការជាមួយគ្នាដោយក្ដីស្រឡាញ់ និង សាមគ្គីភាព នោះយើងអាចរំពឹងជំនួយពីស្ថានសួគ៌ ។
បន្ទាប់ពីកម្មវិធីបុណ្យសពបុត្រីដ៏អស្ចារ្យមួយរូបរបស់ព្រះ មានមនុស្សម្នាក់បានចែកចាយថា ស្ត្រីរូបនេះ ពេលនៅជាប្រធានសមាគមសង្គ្រោះស្ដេក គាត់បានធ្វើការជាមួយអ្នកដទៃក្នុងស្ដេករបស់គាត់ដើម្បីបរិច្ចាគភួយដើម្បីផ្ដល់ភាពកក់ក្ដៅដល់ជនរងទុក្ខនៅ កូសូវ៉ូ អំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ហើយដូចជាសាសន៍សាម៉ារីល្អ គាត់បានខិតខំយ៉ាងខ្លាំងដើម្បីធ្វើបន្ថែមទៀត នៅពេលគាត់ និង កូនស្រីរបស់គាត់បានបើកឡានដឹកភួយទាំងនោះពីទីក្រុងឡុង ទៅដល់ កូសូវ៉ូ ។ ពេលធ្វើដំណើរមកផ្ទះវិញ គាត់បានទទួលអារម្មណ៍ខាងវិញ្ញាណដ៏ពិសេសមួយដែលដក់ជាប់នៅក្នុងដួងចិត្តរបស់គាត់ ។ អារម្មណ៍នោះគឺ ៖ « អ្វីដែលអ្នកបានធ្វើគឺជារឿងដ៏ល្អណាស់ ។ ឥឡូវចូរទៅផ្ទះវិញ ដើរឆ្លងផ្លូវទៅបម្រើអ្នកជិតខាងអ្នកចុះ ! »
ពិធីបុណ្យសពគឺមានពេញដោយដំណើររឿងដ៏បំផុសគំនិតជាច្រើនអំពី របៀបដែលស្ត្រីស្មោះត្រង់រូបនេះ បានទទួលស្គាល់ ហើយឆ្លើយតបចំពោះការហៅដ៏អស្ចារ្យ និង ជាបន្ទាន់--ហើយក៏ជាឱកាសធម្មតាផងដែរ--ចំពោះមនុស្សនៅជុំវិញគាត់ ។ ឧទាហរណ៍ គាត់បានបើកគេហដ្ឋាន និង ដួងចិត្តរបស់គាត់គ្រប់ម៉ោង— ទាំងថ្ងៃទាំងយប់ ដើម្បីជួយដល់មនុស្សវ័យក្មេងដែលមានការលំបាក ។
បងប្អូនស្ត្រីជាទីស្រឡាញ់របស់ខ្ញុំ យើងអាចទុកចិត្តលើជំនួយរបស់ព្រះវរបិតាសួគ៌ នៅពេលយើងលុតជង្គង់ចុះ ហើយទូលសូមការណែនាំដ៏ទេវភាពដើម្បីប្រទានពរដល់កូនចៅរបស់ទ្រង់ ។ ព្រះវរបិតាសួគ៌ ព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធគឺត្រៀមជួយជាស្រេច ។
ប្រធាន ហិនរី ប៊ី អាវរិង បានថ្លែងទីបន្ទាល់ដ៏មានអនុភាពនេះទៅកាន់ស្ត្រីក្នុងសាសនាចក្រ ៖
« ព្រះវរបិតាសួគ៌ស្ដាប់ ហើយឆ្លើយតបចំពោះការអធិស្ឋានដោយសេចក្ដីជំនឿរបស់អ្នក ដែលសូមការណែនាំ និង ជំនួយដើម្បីប្រកាន់ខ្ជាប់នៅក្នុងការបម្រើរបស់អ្នកចំពោះទ្រង់ ។
« ព្រះវិញ្ញាណបរិសុទ្ធត្រូវបានបញ្ជូនទៅឲ្យអ្នក និង អ្នកទាំងឡាយដែលអ្នកមើលថែ ។ អ្នកនឹងត្រូវបានពង្រឹង ហើយបំផុសគំនិតឲ្យដឹងពីកម្រិត និងពង្រីកសមត្ថភាពរបស់អ្នកដើម្បីបម្រើ ។ ព្រះវិញ្ញាណនឹងលួងលោមចិត្តអ្នក នៅពេលបងប្អូនសួរខ្លួនឯងថា ‹ តើខ្ញុំបានធ្វើល្មមគ្រប់គ្រាន់ហើយឬនៅ ? › »
នៅពេលយើងពិចារណាអំពី « ការហៅជាបន្ទាន់ » ពីអ្នកទាំងឡាយដែលត្រូវការជំនួយរបស់យើង ចូរយើងសួរខ្លួនឯងថា « ចុះបើរឿង របស់ពួកគេ ជារឿង របស់ខ្ញុំ វិញ ? » សូមឲ្យយើងស្វែងរកការបំផុសគំនិត ធ្វើតាមចំណាប់អារម្មណ៍ដែលយើងបានទទួល ហើយឈោងទៅជួយដល់អ្នកទាំងឡាយដែលខ្វះខាតដោយសាមគ្គីភាព នៅពេលយើងអាចធ្វើបាន ហើយបានបំផុសគំនិតឲ្យធ្វើដូច្នោះ ។ បន្ទាប់មកប្រហែលជាមាននរណាម្នាក់និយាយអំពីយើង ដូចជាព្រះអង្គសង្គ្រោះមានបន្ទូលទៅបងស្រីជាទីស្រឡាញ់ដែលបម្រើទ្រង់ ៖ « គាត់បាននាំមកនូវកិច្ចការល្អ ។ … គាត់បានធ្វើអ្វីដែលគាត់អាចធ្វើបាន » ។ខ្ញុំហៅរឿងនោះថា ជារឿងដ៏អស្ចារ្យ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។