អំណាចនៃព្រះ
ព្រះវិហារបរិសុទ្ធនីមួយៗគឺជាដំណាក់ដ៏ពិសិដ្ឋ ហើយបរិសុទ្ធរបស់ព្រះ ហើយយើងម្នាក់ៗអាចរៀន ហើយស្គាល់ពីអំណាចនៃព្រះនៅក្នុងនោះ ។
ពីមុនព្យាការីយ៉ូសែប ស្ម៊ីធ ស្លាប់ពីរបីខែ លោកបានជួបនឹងពួកសាវកដប់ពីរនាក់ពិភាក្សាពីសេចក្ដី ត្រូវការដ៏ធំបំផុតដែលសាសនាចក្រកំពុងជួបនៅក្នុងគ្រាដ៏លំបាកនោះ ។ លោកបានប្រាប់ទៅពួកគេថា « យើងត្រូវការព្រះវិហារបរិសុទ្ធលើសពីអ្វីៗទាំងអស់ »១ ប្រាកដណាស់ នៅក្នុងគ្រាដ៏លំបាកនាសព្វថ្ងៃ នេះ យើងម្នាក់ៗ និងក្រុមគ្រួសារយើងត្រូវការព្រះវិហារបរិសុទ្ធជាទីបំផុត ។
នៅក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ មួយនាពេលថ្មីៗនេះ ខ្ញុំមានចិត្តរំភើបនៅក្នុងព្រឹត្តិការណ៍ទាំងមូលនោះ ។ ខ្ញុំចូលចិត្តពិធីសម្ពោធ ការរាក់ទាក់ដល់ពួកអ្នកមកទស្សនាជាច្រើនដែលមកមើលព្រះវិហារបរិសុទ្ធ ពិធីអបអរតាមវប្បធម៌ដ៏រស់រវើក និងប្រកបដោយក្តីរំភើបរបស់យុវវ័យ និងការឧទ្ទិសឆ្លងដ៏អស្ចារ្យ ។ វាពោរពេញដោយព្រះវិញ្ញាណ ។ មានមនុស្សជាច្រើនបានទទួលពរ ។ លុះព្រឹកស្អែក ខ្ញុំនិងភរិយាខ្ញុំបានចុះទៅក្នុងអាងជ្រមុជទឹកចូលរួមក្នុងបុណ្យជ្រមុជទឹកឲ្យជីដូនជីតារបស់យើងមួយចំនួន ។ នៅពេលខ្ញុំចាប់ផ្ដើមលើកដៃ ឡើងធ្វើពិធីបរិសុទ្ធនោះ ខ្ញុំស្ទើរតែគ្របសន្ធប់ដោយព្រះចេស្ដានៃព្រះវិញ្ញាណ ។ ខ្ញុំបានដឹងជាថ្មីថា អំណាចពិតនៃព្រះវិហារបរិសុទ្ធគឺស្ថិតនៅ ក្នុងពិធីបរិសុទ្ធទាំងឡាយ ។
នៅពេលព្រះអម្ចាស់បានបើកសម្ដែង ភាពពេញលេញនៃបព្វជិតភាពមិលគីស្សាដែកគឺមាននៅក្នុងព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធនៅទីនោះ « ដ្បិតនៅក្នុងនោះគឺជាកូនសោទាំងឡាយ នៃបព្វជិតភាពដ៏បរិសុទ្ធដែលបានតែងតាំងឡើង ប្រយោជន៍ឲ្យអ្នកអាចបានទទួលកិត្តិយស និងសិរីល្អ » ។២ « ហេតុដូច្នេះហើយ នៅក្នុងពិធីបរិសុទ្ធទាំងឡាយ នៃបព្វជិតភាពដ៏ធំជាងនេះ នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។៣ ការសន្យានេះគឺសម្រាប់បងប្អូន និងក្រុមគ្រួសារ ។
ការទទួលខុសត្រូវរបស់យើងគឺដើម្បី « ទទួល »អ្វីដែលព្រះវរបិតាយើងប្រទានឲ្យ ។៤ « ដ្បិតចំពោះអ្នកណាដែលទទួល នោះនឹងបានប្រទានឲ្យមានជាបរិបូរឡើងគឺអំណាច »៥ ៖ អំណាចដើម្បីទទួល អ្វីទាំងអស់ ដែលទ្រង់អាច ហើយនឹងប្រទានដល់យើង—នៅពេលនេះ និងដ៏នៅអស់កល្ប៦ អំណាចដើម្បីក្លាយជាបុត្រាបុត្រីរបស់ព្រះ៧ ដើម្បីដឹង « អំណាចទាំងឡាយនៃស្ថានសួគ៌ »៨ ដើម្បីថ្លែងនៅក្នុងព្រះនាមទ្រង់៩ និងដើម្បីទទួល « ព្រះចេស្ដានៃព្រះវិញ្ញាណរបស់ [ ទ្រង់ ] » ។១០ អំណាចទាំងនេះមានសម្រាប់យើងម្នាក់ៗតាមរយៈពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយនៅក្នុងព្រះវិហារបរិសុទ្ធ ។
នីហ្វៃបានឃើញពីជំនាន់យើងនៅក្នុងការនិមិត្តដ៏អស្ចារ្យរបស់លោក ៖ « ខ្ញុំនីហ្វៃបានឃើញថា ព្រះចេស្ដា នៃកូនចៀមនៃព្រះ បានយាងចុះមកសណ្ឋិតលើពួកបរិសុទ្ធក្នុងសាសនាចក្រនៃកូនចៀម ហើយលើ រាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញា នៃព្រះអម្ចាស់ ដែលបានខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី ហើយពួកគេ ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ដោយសិរីល្អដ៏អស្ចារ្យ » ។១១
ថ្មីៗនេះ ខ្ញុំមានឯកសិទ្ធិនៅក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងប្រធាន រ័សុល អិម ណិលសុន និងគ្រួសារលោក កាលលោកប្រមូលផ្ដុំពួកគេនៅជុំវិញអាសនាពិធីផ្សារភ្ជាប់ ហើយបានពន្យល់ពួកគេថា អ្វីៗដែលយើងធ្វើនៅក្នុងសាសនាចក្រ—រាល់ការប្រជុំ សកម្មភាព មេរៀននិងការបម្រើ—គឺដើម្បីរៀបចំខ្លួនយើងម្នាក់ៗឲ្យមកព្រះវិហារបរិសុទ្ធ ហើយលុតជង្គង់ចុះនៅឯអាសនានេះដើម្បីទទួលរាល់ពរជ័យដែលព្រះវរបិតាបានសន្យាសម្រាប់ភាពអស់កល្បជានិច្ច ។១២
កាលយើងទទួលអារម្មណ៍នូវពរជ័យនៃព្រះវិហារបរិសុទ្ធនៅក្នុងជីវិតយើង នោះដួងចិត្តយើងបានងាកទៅរកក្រុមគ្រួសារយើង ទាំងអ្នកនៅរស់ និងអ្នកស្លាប់ទៅ ។
ថ្មីៗនេះ ខ្ញុំបានឃើញគ្រួសារទាំងបីជំនាន់ចូលរួមក្នុងបុណ្យជ្រមុជទឹករួមគ្នាសម្រាប់ជីដូនជីតាពួកគេ ។ ទោះជាមានជីដូនបានចូលរួមក៏ពិតមែន—ប៉ុន្តែគាត់រៀងញញើតបន្តិចដើម្បីពន្លេចខ្លួនចូលទៅក្នុងទឹក ។ កាលគាត់បានក្រោកពីទឹកមកវិញ ហើយឱបប្ដីរបស់គាត់ គាត់បានស្រក់ទឹកភ្នែកដោយអំណរ ។ បន្ទាប់មកជីតា និងឪពុកបានជ្រមុជទឹកឲ្យគ្នា និងដល់ចៅៗជាច្រើនទៀត ។ តើមានក្តីអំណរណាដែលគ្រួសារមួយអាចដកពិសោធន៍រួមគ្នាបាន ? ព្រះវិហារបរិសុទ្ធនីមួយៗមាននូវពេលវេលាអាទិភាពសម្រាប់គ្រួសារដើម្បីអនុញ្ញាតឲ្យណាត់ពេលសម្រាប់ធ្វើបុណ្យជ្រមុជទឹកជាគ្រួសារ ។
មិនយូរប៉ុន្មាន ពីមុនមរណភាពរបស់លោកប្រធាន យ៉ូសែប អេហ្វ. ស្ម៊ីធ បានទទួលការនិមិត្តអំពីការប្រោសលោះមរណជន ។ លោកបានបង្រៀនថា ជនដែលនៅក្នុងពិភពវិញ្ញាណពឹងផ្អែកទាំងស្រុងលើពិធីបរិសុទ្ធដែលយើងទទួលជំនួសពួកគាត់ ។ ព្រះគម្ពីរចែងថា « ពួកអ្នកស្លាប់ណាដែលប្រែចិត្ត នោះនឹងបានប្រោសលោះ តាមរយៈការគោរពតាមពិធីទាំងឡាយនៃដំណាក់របស់ព្រះ » ។១៣ យើងទទួលពិធីបរិសុទ្ធជំនួសពួកគាត់ ប៉ុន្តែពួកគាត់ធ្វើ ហើយទទួលខុសត្រូវចំពោះសេចក្ដីសញ្ញានីមួយៗដែលពាក់ព័ន្ធនឹងពិធីបរិសុទ្ធនីមួយៗ ។ ប្រាកដណាស់ វាំងននបានខណ្ឌចែករវាងយើង និងពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។
ដូច្នេះតើអ្វីទៅជាការទទួលខុសត្រូវរបស់យើងដើម្បីចូលរួមនៅក្នុងកិច្ចការនេះក្នុងនាមជាអ្នកចូលរួម និងអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ? ព្យាការីយ៉ូសែប ស្ម៊ីធបានបង្រៀនពួកបរិសុទ្ធនៅឆ្នាំ១៨៤០ ថា « ការខិតខំដ៏ខ្លាំងត្រូវតែធ្វើឡើង ហើយមធ្យោបាយនានានឹងតម្រូវឲ្យមាន—ហើយកាលកិច្ចការ [ ដើម្បីសង់ព្រះវិហារបរិសុទ្ធ ] ត្រូវតែពន្លឿននៅក្នុងសេចក្ដីសុចរិត នោះវាតម្រូវឲ្យពួកបរិសុទ្ធថ្លឹងថ្លែងពីសារៈសំខាន់នៃរឿងទាំងនេះនៅក្នុងគំនិតពួកគេ … រួចហើយធ្វើនូវជំហានដែលចាំបាច់នានាដើម្បីប្រែក្លាយវាឲ្យទៅជាប្រតិបត្តិការ និងការបំពាក់ខ្លួនពួកគេដោយភាពក្លាហាន តាំងធ្វើឲ្យអស់ពីលទ្ធភាពខ្លួន ហើយទទួលអារម្មណ៍កិច្ចការទាំងមូលនេះគឺពឹងផ្អែកលើពួកគេតែម្នាក់គត់ » ។១៤
នៅក្នុងព្រះគម្ពីរវិវរណៈ យើងអានថា ៖
« តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ? ហើយមកពីណា ?
« …អ្នកទាំងនោះជាពួកអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើង-ស ក្នុងឈាមរបស់កូនចៀម ។
« ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបម្រើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ » ។១៥
តើបងប្អូនមើលមិនឃើញនៅក្នុងគំនិតពីពួកអ្នកដែលបម្រើក្នុងព្រះវិហារបរិសុទ្ធសព្វថ្ងៃ នេះទេឬ ?
មានពួកអ្នកធ្វើពិធីបរិសុទ្ធច្រើនជាង ១២០០០០ នាក់នៅក្នុងព្រះវិហារបរិសុទ្ធចំនួន១៥០ ដែលកំពុងដំណើរការនៅជុំវិញពិភពលោក ។ ប៉ុន្តែនៅតែមានឱកាសសម្រាប់មនុស្សជាច្រើនទៀតដើម្បីមានបទពិសោធន៍ដ៏ផ្អែមល្ហែមនេះ ។ កាលប្រធាន ហ្គរដិន ប៊ី ហ៊ិងគ្លី បានប្រកាសគំនិតនៃការមានព្រះវិហារបរិសុទ្ធតូចៗជាច្រើននៅក្នុងពិភពលោក លោកបានបង្រៀនថា « ពួកអ្នកធ្វើពិធីបរិសុទ្ធទាំងអស់គឺជាសមាជិកក្នុងមូលដ្ឋានដែលនឹងបម្រើនៅក្នុងផ្នែកផ្សេងទៀតក្នុងវួដ និងស្តេកពួកគេ »។១៦ ជាធម្មតា ពួកអ្នកធ្វើការក្នុងព្រះវិហាររិសុទ្ធត្រូវបានហៅឲ្យបម្រើរយៈពេលពីពីរទៅបីឆ្នាំ ដោយមានការបន្តទៀតបាន ។ វាពុំមែនមានន័យថា នៅពេលបងប្អូនត្រូវបានហៅ នោះនឹងធ្វើរហូតតាមដែលអាចធ្វើទៅបាននោះ ទេ ។ មានពួកអ្នកដែលធ្វើការយូរជាច្រើននាក់បាននាំយកសេចក្ដីស្រឡាញ់ចំពោះព្រះវិហារបរិសុទ្ធទៅជាមួយពួកគេ កាលពួកគេត្រូវបានដោះលែង ហើយទុកឲ្យអ្នកថ្មីផ្សេងទៀតបម្រើម្ដង ។
ជិត ១០០ ឆ្នាំមុន សាវក ចន អេ វីឌសូ បានបង្រៀនថា « យើងត្រូវការអ្នកធ្វើការបន្ថែមទៀតដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យ [ នេះ ] ។ … យើងត្រូវការពួកអ្នកប្រែចិត្តជឿនៅគ្រប់វ័យបន្ថែមទៀតសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ ។ …ពេលវេលាបានមកដល់ហើយ … នៅក្នុងជំហាននៃព្រះវិហារបរិសុទ្ធថ្មីនេះ ដើម្បីបង្កើតឲ្យមានការបម្រើដ៏សកម្មពីសំណាក់មនុស្សគ្រប់វ័យទាំងអស់ ។ … កិច្ចការព្រះវិហារបរិសុទ្ធគឺ… មានអត្ថប្រយោជន៍ដូចគ្នាចំពោះមនុស្សវ័យក្មេង ហើយសកម្ម និងចំពោះមនុស្សវ័យចំណាស់ដែលបានទុកចោលបន្ទុកជាច្រើននៅក្នុងជីវិត ។ យុវជនម្នាក់ត្រូវការចំណែករបស់គាត់នៅក្នុងព្រះវិហារបរិសុទ្ធច្រើនជាងឪពុក និងជីតាគាត់ដែលរឹងមាំដោយសារបទពិសោធន៍ជីវិតទៅទៀត ហើយក្មេងស្រីម្នាក់ដែលទើបនឹងឈានចូលមកជីវិតពេញវ័យត្រូវការស្មារតីនោះ ជាឥទ្ធិពល និងការដឹកនាំដែលកើតចេញពីការចូលរួមនៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ » ។១៧
នៅក្នុងព្រះវិហារបរិសុទ្ធជាច្រើន ប្រធានព្រះវិហារបរិសុទ្ធនឹងស្វាគមន៍ដល់ពួកអ្នកផ្សាយសាសនាថ្មីៗ ជាយុវជនយុវនារី ដែលបានហៅ ហើយបានទទួលអំណោយទានពិសិដ្ឋ ឲ្យបម្រើក្នុងរយៈពេលខ្លីជាពួកអ្នកធ្វើពិធីបរិសុទ្ធពីមុនចេញទៅអិម.ធី.ស៊ី ។ យុវវ័យទាំងនេះមិនត្រឹមតែមានពរដើម្បីបម្រើប៉ុណ្ណោះទេ ប៉ុន្តែ« ពួកគេបង្កើនភាពស្រស់ស្អាត និងស្មារតីសម្រាប់រាល់ការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ » ។១៨
ខ្ញុំបានសួរយុវជនយុវនារីជាច្រើនដែលធ្លាប់បម្រើជាអ្នកធ្វើពិធីការពីមុន និងក្រោយបេសកកម្មឲ្យចែកចាយពីអារម្មណ៍របស់ពួកគេ ។ ពួកគេបានប្រើឃ្លាដូចខាងក្រោមនេះដើម្បីរៀបរាប់ពីបទពិសោធន៍របស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ៖
កាលខ្ញុំបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ
-
ខ្ញុំមាន « អារម្មណ៍នៃការខិតជិតទៅព្រះវរបិតាខ្ញុំ និងព្រះអង្គសង្គ្រោះ »
-
ខ្ញុំមានអារម្មណ៍នូវ « ភាពសុខសាន្ត និងសុភមង្គលដ៏ពេញលេញ »
-
ខ្ញុំមានអារម្មណ៍ថា « ដូចជាបាននៅផ្ទះ »
-
ខ្ញុំទទួលបាន « ភាពពិសិដ្ឋ អំណាច និងកម្លាំង »
-
ខ្ញុំទទួលអារម្មណ៍ពី« សារៈសំខាន់នៃសេចក្ដីសញ្ញាពិសិដ្ឋរបស់ខ្ញុំ »
-
« ព្រះវិហារបរិសុទ្ធបានក្លាយជាផ្នែកមួយក្នុងជីវិតខ្ញុំ »
-
« មនុស្សដែលយើងបម្រើមានភាពស្និទ្ធស្នាលនៅក្នុងពិធីបរិសុទ្ធ »
-
« វាផ្ដល់កម្លាំងឲ្យខ្ញុំយកឈ្នះការល្បួង » និង
-
« ព្រះវិហារបរិសុទ្ធបានផ្លាស់ប្ដូរជីវិតខ្ញុំជារៀងរហូត »។១៩
ការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធគឺជាបទពិសោធន៍មួយដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់វ័យ ។ សូម្បីតែ ស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោងក៏កំពុងបម្រើរួមគ្នាដែរ ។ ប្រធាន ណិលសុន បានបង្រៀនថា « ការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ …គឺជាសកម្មភាពដ៏ថ្លៃថ្លាសម្រាប់គ្រួសារ » ។២០ ក្នុងនាមជាពួកអ្នកធ្វើពិធីបរិសុទ្ធបន្ថែមពីលើការទទួលពិធីបរិសុទ្ធសម្រាប់ជីដូនជីតា បងប្អូនក៏អាច ធ្វើជាអធិបតី នៅក្នុងពិធីបរិសុទ្ធសម្រាប់ពួកគាត់ផងដែរ ។
ដូចជាប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានមានប្រសាសន៍ថា
« តើការហៅអ្វីទៅដែលបុរស[ ឬស្ត្រី ]ណាម្នាក់អាចមាននៅលើផែនដីនេះដែលអស្ចារ្យជាងការមានអំណាច និងសិទ្ធិអំណាចនៅក្នុងដៃដើម្បីចេញទៅ ហើយចាត់ចែងនៅក្នុងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ? …
« … បងប្អូនក្លាយជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះក្នុងសេចក្ដីសង្គ្រោះដល់ព្រលឹងនោះ ។ គ្មានអ្វីដែលបានប្រទានទៅឲ្យកូនចៅមនុស្សស្មើនឹងវាឡើយ » ។២១
លោកបានបន្តថា ៖
« ការខ្សឹបប្រាប់ដ៏ផ្អែមល្ហែមពី ព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានដល់បងប្អូន ហើយទ្រព្យនៃស្ថានសួគ៌ ការរួបរួមនៃពួកទេវតា នឹងបានបន្ថែមឲ្យពីមួយគ្រាទៅមួយគ្រា » ។២២
« កិច្ចការនេះគឺសក្ដិសមឲ្យបងប្អូន ឬខ្ញុំអាចលះបង់ [ អំឡុង ] ពេលពីរបីឆ្នាំដែលយើងមាន ដើម្បីចំណាយពេលនៅទីនេះនៅក្នុងសាច់ឈាម » ។២៣
ប្រធាន ថូម៉ាស អេស ម៉នសុន ថ្មីៗនេះបានរំឭកយើងថា « ពរជ័យនៃព្រះវិហារបរិសុទ្ធគឺមានតម្លៃមហិមា » ។២៤ « គ្មានការលះបង់ណាមួយដែលធំពេកនោះទេ » ។២៥
សូមមកព្រះវិហារបរិសុទ្ធ ។ សូមមកជារឿយៗ ។ សូមមកជាមួយគ្រួសារ និងសម្រាប់គ្រួសាររបស់បងប្អូន ។ សូមមក ហើយជួយមនុស្សដទៃឲ្យមកផងដែរ ។
« តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ? » បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ បងប្អូន គឺជាពួកគេ—បងប្អូនជាអ្នកដែលបានទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដែលបានរក្សាសេចក្ដីសញ្ញាទាំងឡាយ ទោះដោយការលះបង់ក៏ដោយ ហើយកំពុងតែជួយក្រុមគ្រួសារឲ្យរកឃើញពរជ័យនៃការបម្រើក្នុងព្រះវិហារបរិសុទ្ធ ហើយបានជួយមនុស្សដទៃនៅក្នុងដំណើរនេះ ។ សូមអរគុណចំពោះការបម្រើរបស់បងប្អូន ។ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះវិហារបរិសុទ្ធនីមួយៗគឺជាដំណាក់ដ៏បរិសុទ្ធ ហើយពិសិដ្ឋរបស់ព្រះ ហើយថានៅក្នុងទីនោះ យើងម្នាក់ៗអាចរៀន ហើយស្គាល់ពីអំណាចនៃព្រះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។