ឆ្នាំ ២០១០-២០១៩
លំនាំ​សម្រាប់​ភាព​សុខសាន្ដ
ខែ មេសា 2016


12:56

លំនាំ​សម្រាប់​ភាព​សុខសាន្ដ

ភាព​សុខសាន្ត​ដែល​យើង​គ្រប់​គ្នា​ស្វែង​រក​តម្រូវ​ឲ្យ​យើង​ធ្វើ​សកម្មភាព—តាមរយៈ​ការ​រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ ការ​ស្ដាប់​តាម​ព្រះបន្ទូល​ទ្រង់ និង​ការ​ដើរ​ជាមួយ​ទ្រង់ ។

ប៉ុន្មាន​ឆ្នាំ​មុន កូន​ស្រី និង​កូន​ប្រសា​ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​បង្រៀន​រួម​គ្នា​ក្នុង​ថ្នាក់​កុមារ​មួយ​ដែល​មាន​ក្មេង​ប្រុស​តូចៗ​ដ៏​រពឹស​អាយុ​បួន​ឆ្នាំ​ចំនួន​ប្រាំ​នាក់ ។ កូន​ស្រី​ខ្ញុំ​ជា​អ្នក​បង្រៀន ហើយ​កូន​ប្រសា​ខ្ញុំ​ជា​អ្នក​មើល​ក្មេង ដោយ​ខិតខំ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​នៅ​ក្នុង​គ្រា​ដ៏​វឹកវរ ដើម្បី​បង្រៀ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដល់​កុមារ​ទាំង​នោះ ។

នៅ​ក្នុង​ថ្នាក់​រៀន​ដ៏​រញ៉េរញ៉ៃ​មួយ បន្ទាប់​ពី​បាន​ប្រាប់​ក្មេង​ប្រុស​ដ៏​រពឹស​ម្នាក់​ជាច្រើន​ដងមក កូន​ប្រសា​ខ្ញុំ​បាន​យក​គាត់​ចេញ​ទៅ​ក្រៅ​ថ្នាក់ ។ កាល​កូន​ប្រសា​ខ្ញុំ​រៀប​នឹង​និយាយ​ទៅ​ក្មេង​ប្រុស​នោះ​ពី​ឥរិយាបថ​របស់​គាត់ និង​សួរ​រក​ឪពុក​ម្ដាយ​គាត់ កាល​ពួកគេ​នៅ​ខាង​ក្រៅ​ថ្នាក់​នោះ ស្រាប់​តែ​ក្មេង​ប្រុស​នោះ​លើក​ដៃ​ឡើង ហើយ​ពោល​ថា « ពេល​ខ្លះ—ពេល​ខ្លះ— ខ្ញុំ​ពិបាក​យល់​អំពី​ព្រះយេស៊ូវ​ណាស់ ! »

នៅ​ក្នុង​ដំណើរ​ជីវិត​យើង​នេះ ទោះ​ជា​ជោគវាសនា​ដែល​យើង​ចង់​បាន​រុង​រឿង​ប៉ុណ្ណា​ក្តី ហើយ​ទោះ​ជា​ដំណើរ​ដែល​យើង​ដើរ​មាន​ភាព​រំភើប​ប៉ុណ្ណា​ក្ដី យើង​នឹង​រង​នូវ​ការ​សាកល្បង និង​ទុក្ខសោក​នៅ​ក្នុង​ជីវិត​នេះ ។ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បាន​បង្រៀន​ថា ៖ « ទ្រនិច​លើ​រង្វង់​កង់​នៃ​ទុក្ខសោក​នឹង​ចង្អុល​ចំ​យើង​ម្នាក់ៗ​នៅ​ថ្ងៃ​ណា​មួយ ។ នៅ​ពេល​ណា​មួយ មនុស្ស​គ្រប់​រូប​ត្រូវតែ​ជួប​នឹង​ទុក្ខ​សោក ។ គ្មាន​នរណា​ម្នាក់​ចៀស​ផុត​ឡើយ » ។ នៅ​ក្នុង​ព្រះ​ប្រាជ្ញា​ញាណ​ទ្រង់ ព្រះអម្ចាស់​នឹង​មិន​ការពារ​នរណា​ម្នាក់​ពី​ការដក​ពិសោធន៍​ការ​ឈឺចាប់ ឬ​ភាព​សោក​សៅ​ទេ ។ »ប៉ុន្តែ លទ្ធភាព​របស់​យើង​ដើម្បី​ទទួល​បាន​ភាព​សុខសាន្ត​នៅ​ក្នុង​ជីវិត​នេះ ភាគច្រើន​វា​អាស្រ័យ​ថា តើ​យើង​មាន​ពេល​គិត​ពី​ព្រះយេស៊ូវ​ដែរ​ឬ​អត់ ។

ភាព​សុខសាន្ត​នៅ​ក្នុង​គំនិត ក្នុង​សតិ​សម្បជញ្ញៈ និង​ក្នុង​ចិត្ត​មិន​បាន​កំណត់​តាម​រយៈលទ្ធភាព​ដែល​យើង​អាច​គេច​ពី​ការ​សាកល្បង ទុក្ខសោក ឬ​ការ​ខូច​ចិត្ត​ឡើយ ។ ទោះ​ជា​យើង​បាន​ទូល​អង្វរ​ដ៏​ស្មោះ​ត្រង់​ក្ដី ក៏​មិន​មាន​ន័យ​ថា​រាល់ទុក្ខ​សោក​ទាំងអស់​នឹង​ប្ដូរ​ទិសដៅ រាល់​ជំងឺ​ដង្កាត់​ក៏​ជា​សះ​ស្បើយ​នោះ​ដែរ ហើយ​យើង​ក៏​ប្រហែល​ជា​មិន​យល់​នៅ​រាល់​គោលលទ្ធិ គោលការណ៍ ឬ​ការ​អនុវត្ត​ដែល​បង្រៀន​ដោយ​ពួក​ព្យាការី ពួក​អ្នក​មើល​ឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ​ឡើយ ។ ប៉ុន្តែ​យើង​មាន​នូវ​ភាព​សុខសាន្ត​ដែល​បាន​សន្យា—ជាមួយ​នឹង​លក្ខខណ្ឌ​មួយ​ផង ។

នៅ​ក្នុង​ដំណឹងល្អ​របស់​យ៉ូហាន ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ទោះ​ជា​ជីវិត​នេះ​មាន​ទុក្ខ​វេទនា​ក្ដី ក៏​យើង​អាច​សង្ឃឹម ហើយ​យើង​មិន​ត្រូវ​ខ្លាច​ឡើយ ដោយសារ​ទ្រង់​បាន​ប្រកាស​ថា « អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ » ។ សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ពលិកម្ម​ធួន​របស់​ទ្រង់​គឺ​ជា​គោលការណ៍​ទីមួយ​នៃ​ដំណឹង​ល្អ និង​ជា​គ្រឹះ​ដែល​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ « សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​បរលោក » ត្រូវ​សង់​លើ​ជា​រៀង​រហូត​តទៅ ។

នៅ​ក្នុង​ការស្វែង​រក​ភាព​សុខសាន្ត​របស់​យើង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដ៏​ស្មុគស្មាញ​នេះ យើង​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​លំនាំ​ដ៏​សាមញ្ញ​មួយ​ដើម្បី​រក្សា​គំនិត​យើង​ឲ្យ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ជា​អង្គ​ដែល​មាន​បន្ទូល ៖ « ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុងភាព​ស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខ​សាន្ត​ក្នុង​យើង ។ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ » ។

រៀន ស្ដាប់ ហើយ​ដើរ—ជា​ជំហាន​ទាំង​បី​ដែល​មាន​ការ​សន្យា​មួយ ។

ជំហាន​ទីមួយ ៖ « រៀន​អំពី​យើង »

យើង​អាន​នៅ​ក្នុង​អេសាយ​ថា « ឯ​ប្រជាជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា ដល់​ព្រះវិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ »។

នៅ​ក្នុង​ការ​កើន​ឡើង​នៃ​ចំនួន​ព្រះវិហារ​បរិសុទ្ធ​នៅ​លើ​ផែនដី​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក យើង​រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​ទ្រង់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​ថា​ជា​ព្រះ​ដ៏​បង្ក​បង្កើត​នៃ​ពិភពលោក​នេះ ជា​ព្រះ​អង្គ​សង្គ្រោះ និង​ព្រះ​ប្រោស​លោះ​យើង និង​ជា​ប្រភព​នៃ​ភាព​សុខសាន្ត​យើង ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា ៖ « ពិភពលោក​នេះ​អាច​ជា​កន្លែង​មួយ​ដែល​គួរ​ឲ្យ​ខ្លាច​នឹង​រស់​នៅ ។ … នៅពេល​បងប្អូន និង​ខ្ញុំ​ទៅ​ដំណាក់​បរិសុទ្ធ​នៃ​ព្រះ នៅ​ពេល​យើង​ចងចាំ​ពី​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​នៅ​ក្នុង​នោះ នោះ​យើង​នឹង​អាច​ទ្រាំទ្រ​នូវ​រាល់​ការ​សាកល្បង ហើយ​យក​ឈ្នះ​រាល់​សេចក្ដី​ល្បួង​បាន ។ នៅ​ក្នុង​ទី​ដ៏​ពិសិដ្ឋ​នេះ​យើង​នឹង​រក​ឃើញ​ភាព​សុខសាន្ត » ។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ​នៅ​ក្នុង​សន្និសីទ​ស្តេក​មួយ កាល​ខ្ញុំ​កំពុង​បម្រើ​នៅ​តំបន់​អាមេរិក​ខាង​ត្បូង ខ្ញុំ​បាន​ជួប​នឹង​ស្វាមី​ភរិយា​មួយ​គូ​ដែល​កំពុង​ឈឺចាប់​ដោយសារ​កូន​ប្រុស​តូច​របស់​ពួកគេ​ទើប​ស្លាប់​ថ្មីៗ ។

ខ្ញុំ​បាន​ជួប​បងប្រុស ទូមិរី​ជាលើក​ដំបូង ហើយ​ដឹង​ពី​ការ​ស្លាប់​របស់​កូនគាត់​នៅ​ក្នុង​ការ​សម្ភាស​មួយ​សម្រាប់​សន្និសីទ​នោះ ។ នៅ​ពេល​ជជែក​គ្នា គាត់​បាន​ប្រាប់​ថា ការ​ស្លាប់​របស់​កូន​គាត់​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់យ៉ាង​ខ្លាំង ​ហើយ​ប៉ុន្តែ​ការ​គិត​ថា​គាត់​មិន​អាច​ឃើញ​កូន​គាត់​ម្ដង​ទៀត​រឹតតែ​ធ្វើ​ឲ្យ​គាត់​ខ្ទេច​ខ្ទាំ​ក្នុង​ចិត្ត​កាន់​តែខ្លាំង​ផងដែរ ។ គាត់​បាន​ពន្យល់​ថា កាល​ទើបក្លាយ​ជា​សមាជិក​សាសនាចក្រ​ថ្មីៗ ពួកគាត់​បាន​សន្សំ​ប្រាក់​ល្មម​គ្រប់​គ្រាន់​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង​ពី​មុន​កំណើត​កូន​ប្រុស​គាត់ ដើម្បី​ពួកគេ​ផ្សារ​ភ្ជាប់​ជា​គូស្វាមី​ភរិយា ហើយ​កូន​ស្រី​ពីរ​នាក់​បាន​ផ្សារភ្ជាប់​នឹង​ពួកគាត់ ។ បន្ទាប់​មក​គាត់​បាន​រៀបរាប់​ពី​របៀប​ដែល​ពួកគាត់​សន្សំ​ប្រាក់​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ម្ដង​ទៀត ដើម្បី​យក​កូន​ប្រុស​តូច​នោះ​ទៅ​ផ្សារភ្ជាប់​នឹង​ពួកគាត់ ។

ដោយ​ឃើញ​ពី​ការ​យល់​ខុស​នេះ ខ្ញុំ​បាន​ពន្យល់​ថា គាត់​ពិត​ជា​អាច​ជួប​នឹង​កូន​ប្រុស​គាត់​ម្ដង​ទៀត​បាន បើ​គាត់​នៅ​តែស្មោះ​ត្រង់ ដោយសារ​ពិធី​បរិសុទ្ធនៃ​ការ​ផ្សារភ្ជាប់​ដែល​បាន​ចង​ភ្ជាប់​គាត់ និង​ភរិយា​ព្រម​ទាំង​កូន​ស្រី​របស់​គាត់​គឺ​គ្រប់​គ្រាន់​ដើម្បី​ចង​ភ្ជាប់​គាត់​ទៅ​នឹង​កូន​ប្រុស​គាត់​ដែល​បាន​កើត​នៅ​ក្នុង​សេចក្ដី​សញ្ញា​នោះ​ដែរ ។

ដោយ​អស្ចារ្យ​ក្នុងចិត្ត គាត់​បាន​សួរ​ថា តើ​រឿង​នេះ​ពិត​មែន​ទេ ហើយ​ពេល​ខ្ញុំ​បាន​បញ្ជាក់​ថា វា​ពិត​មែន នោះ​គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​និយាយ​នឹង​ភរិយា​គាត់​ដែល​ឈឺចាប់​រីង​រៃ​អស់​ពីរ​សប្ដាហ៍​តាំង​ពី​កូន​ប្រុស​គាត់​បាន​ស្លាប់​ទៅ​នោះ ។

នៅ​រសៀល​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​សន្និសីទ ខ្ញុំ​បាន​ជួប​នឹង​បងស្រី ទូមិរី ហើយ​បាន​ពន្យល់​ពី​គោលលទ្ធិ​ដ៏​រុង​រឿង​នេះ​ដល់​គាត់​ផង​ដែរ ។ ដោយ​មាន​ការ​ឈឺចាប់​នៃ​ការ​បាត់​បង់​កូន​ថ្មីៗ ប៉ុន្តែ​ឥឡូវ​នេះ​ជាមួយ​នឹង​ក្តី​សង្ឃឹម​តិច​តួច នោះ​គាត់​បាន​សួរ​ទាំង​ទឹក​ភ្នែក​ថា « តើ​ខ្ញុំ​នឹង​អាច​បីត្រកង​កូន​ប្រុស​តូច​របស់​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត​បាន​ទេ ? តើ​គាត់​នឹង​ក្លាយ​ជា​កូន​ខ្ញុំ​ជា​រៀង​រហូត​មែន​ទេ ? ខ្ញុំ​បាន​អះអាង​នឹង​គាត់​ថា នៅ​ពេល​គាត់​រក្សា​សេចក្ដី​សញ្ញា​គាត់ នោះ​អំណាច​នៃ​ការ​ផ្សារ​ភ្ជាប់នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ជា​សិទ្ធិ​អំណាច​របស់​ព្រះយេស៊ូវ​គ្រីស្ទ នឹង​អនុញ្ញាត​ឲ្យ​គាត់​នៅ​ជាមួយ​នឹង​កូន​ប្រុស​គាត់​ហើយ​បី​ត្រកង​កូន​គាត់​ម្ដង​ទៀត​បាន ។

ទោះ​ជា​ខូច​ចិត្ត​ដោយសារ​កូន​ប្រុស​គាត់​ស្លាប់​ក្ដី ក៏​បងស្រី ទូមិរី​បាន​ចេញ​ពី​ការ​ប្រជុំ​ទាំង​ទឹក​ភ្នែក​នៃ​ការ​ដឹង​គុណ ហើយ​ពោរពេញ​ដោយ​ភាព​សុខសាន្ត ដោយសារ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​វា​កើត​ឡើង​បាន​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោស​លោះ​នៃ​យើង ។

គ្រប់​ពេល​ដែល​យើង​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ—​គ្រប់​រឿង​ដែល​យើង​ឮ ធ្វើ ហើយ​និយាយ នៅ​គ្រប់​ពិធី​បរិសុទ្ធ​ដែល​យើង​ចូលរួម និង​នៅ​គ្រប់​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ—យើង​ត្រូវ​បាន​ដឹកនាំ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​មាន​ភាព សុខសាន្ត​នៅ​ពេល​យើងស្ដាប់​ឮ​បន្ទូល​ទ្រង់ ហើយ​រៀន​ពី​គំរូ​របស់​ទ្រង់ ។ ប្រធាន ហិនរី ប៊ី ហ៊ិងគ្លី​បាន​បង្រៀន​ថា « សូម​ទៅ​ដំណាក់​របស់​ព្រះអម្ចាស់ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់​នៅ ទីនោះ ហើយ​ទូល​នឹង​ទ្រង់ ហើយ​បងប្អូន​នឹង​ស្គាល់​ពី​ភាព​សុខសាន្ត​មួយ​ដែល​បងប្អូន​មិន​អាច​រក​បាន​នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ » ។

ជំហាន​ទី​ពីរ ៖ « ស្ដាប់​តាម​ព្រះបន្ទូល​ទាំង​ឡាយ​របស់​យើង »

នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា​យើង​អាន​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ។ ចាប់​តាំង​ពី​ជំនាន់​អ័ដាម​រហូត​មក​ដល់​ជំនាន់​នៃ​ព្យាការី​បច្ចុប្បន្ន​របស់​យើង ថូម៉ាស ស្ពែន​ស៊ើរ ម៉នសុន ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​ពួក​អ្នក​តំណាង​ដែល​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់ ។ អស់​អ្នក​ដែល​ជ្រើស​រើស​ស្ដាប់ ហើយ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់​នឹង​រក​ឃើញ​ទីសុវត្ថិភាព និង​ភាព​សុខសាន្ត ។

នៅ​ក្នុង​ព្រះគម្ពីរ​មរមន​យើង​រក​ឃើញ​គំរូ​ជាច្រើន​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី និង​ការ​រួបរួម​នឹង​ព្យាការី រួម​ទាំង​មេរៀន​មួយ​ដែល​បាន​រៀន​នៅ​ក្នុង​ការ​និមិត្ត​របស់​លីហៃ​អំពី​ដើម​ឈើ​ជីវិត​ដែល​មាន​នៅ​ក្នុង នីហ្វៃទី ១ ជំពូក ៨។ នៅ​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ​ពុំ​ធ្លាប់​មាន​មនុស្ស​ដ៏​ច្រើន​កុះករ ឬ​មាន​សំឡេង​រំខាន​ចេញ​ពី​បង្អូច​វា​ដែល​បើក​ចំហរ​ដែល​មាន​ការ​ដឹកនាំ​ខុស ការ​ចំអក និង​បំភ័ន្ត​យ៉ាង​ច្រើន​ដូចជា​ជំនាន់​យើង​ឡើយ ។ នៅ​ក្នុង​បទគម្ពីរ​នេះ​យើង​អាន​ពី​មនុស្ស​ពីរ​ក្រុម ការ​ឆ្លើយ​តប​របស់​ពួកគេ​ចំពោះ​ការ​ស្រែក​មក​ពី​អគារ​នោះ ។

សុបិន​របស់​លីហៃ

ចាប់​ផ្ដើម​នៅក្នុង ខ​ទី ២៦ យើង​អាន​ថា ៖

« ហើយ​ឪពុក​ក៏​សម្លឹង​មើល​ជុំវិញ​ដែរ ហើយ​បាន​ឃើញ​ថា នៅ​ឯ​ត្រើយ​ម្ខាង​ទន្លេ​នោះ​មាន​អគារ​ដ៏​ធំ ហើយ​ទូលាយ​មួយ ហើយ​អគារ​នោះ ។ …

« ហើយ​អគារ​នោះ​ពេញ​ទៅ​ដោយ​មនុស្ស … ហើយ​ពួក​គេ​កំពុង​តែ​នៅ​ក្នុង​អាកប្បកិរិយា​ចំអក​ឡកឡឺយ ហើយ​ចង្អុល​ដៃ​ទៅ​រក​ពួក​អ្នក​ដែល​បាន​ទៅ​ដល់ ហើយ​កំពុង​តែ​ទទួល​ទាន​ផ្លែឈើ​នោះ ។

« ហើយ​បន្ទាប់​ពី​ពួក​គេ​បាន ភ្លក់ ផ្លែឈើ​នោះ​ហើយ នោះ​ពួក​គេ​មាន​ការ​ខ្មាសអៀន ពី​ព្រោះ​តែ​ពួក​អ្នក​ដែល​ចំអក​ដាក់​គេ ហើយ​ពួក​គេ​បាន​ធ្លាក់​តាម​ផ្លូវ​ហាម​ឃាត់​ទាំង​ឡាយ ហើយ​វង្វេង​បាត់​អស់​ទៅ » ។

នៅ​ក្នុង ខ​ទី ៣៣ យើង​អាន​ពី​ក្រុម​ផ្សេង​ទៀត​ដែល​មាន​ការ​ឆ្លើយ​តប​ផ្សេង​ទៅ​នឹង​ការ​មើល​ងាយ និង​ការ​ចំអក​មក​ពី​អគារ​នោះ ។ ព្យាការី​លីហ្វៃ​បាន​ពន្យល់​ថា មនុស្ស​នៅ​ក្នុង​អគារ​នោះ​បាន « ចង្អុល​មើលងាយ​ដល់​ខ្ញុំ និង​ពួក​អ្នក​ដែល បរិភោគ ផ្លែឈើ​ផង​នោះ ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ » ។

ភាព​ខុស​គ្នា​ដ៏​សំខាន់​មួយ​រវាង​អ្នក​ដែល​ខ្មាស់​អៀន គេច​ខ្លួន​ចេញ ហើយ​បាន​វង្វេង និង​អ្នក​ដែល​មិន​ស្ដាប់​ការ​ចំអក​មក​ពី​អគារ​នោះ ហើយ​បាន​ឈរ​នឹង​ព្យាការី​ដូច​ដែល​បង្ហាញ​នៅ​ក្នុង​ពាក្យ​ពីរ​ឃ្លា ៖ ទី​មួយ « បន្ទាប់​ពី​ពួក​គេ​បាន​ភ្លក់ » និង​ទីពីរ « ពួក​អ្នក​ដែល​បរិភោគ » ។

ក្រុម​ទីមួយ​បាន​ទៅ​ដល់​ដើម​ឈើ​នោះ បាន​ឈរ​នឹង​ព្យាការី​បាន​មួយ​រយៈ ប៉ុន្តែ​គ្រាន់​តែ​ភ្លក់​ផ្លែឈើ​នោះ​ប៉ុណ្ណោះ ។ ដោយ​មិន​បាន​បន្ត​បរិភោគ ពួកគេ​បាន​អនុញ្ញាត​ឲ្យ​ពាក្យ​ឡកឡឺយ​ចេញ​ពី​អគារ​នោះ​ជះឥទ្ធិពល​ដល់​ពួកគេ ដោយ​នាំ​ពួកគេ​ឲ្យ​ឃ្លាត​ចេញ​ពី​ព្យាការី ហើយ​ចូល​ទៅ​ក្នុង​ផ្លូវ​ហាម​ឃាត់​ជាទី​ដែល​ពួកគេ​បាន​វង្វេង ។

ផ្ទុយ​ពី​អ្នក​ដែល​បាន​ភ្លក់ ហើយ​បាន​វង្វេង​គឺ​អ្នក​ដែល​បាន​ឃើញ​ថា បាន​បន្ត​បរិភោគ​ផ្លែ​ឈើ​នោះ ។ បុគ្គល​ទាំងនេះ​ពុំ​បាន​អើពើរ​ចំពោះ​ការ​រំខាន​មក​ពី​អគារ​នោះ ដោយ​ឈរ​នៅ​ជាមួយ​ព្យាការី ហើយ​រីករាយ​នឹង​សុវត្ថិភាព និង​ភាព​សុខសាន្ត ។ ការ​តាំង​ចិត្ត​របស់​យើង​ចំពោះ​ព្រះអម្ចាស់ និង​ពួក​អ្នក​បម្រើ​ទ្រង់​មិន​អាច​ជា​ការ​តាំង​ចិត្ត​តែ​មួយ​រយៈ​ពេល​នោះ​ឡើយ ។ បើ​ដូច្នេះ​មែន នោះ​យើង​បើក​ឱកាស​ដល់​ជន​ដែល​ខិតខំ​បំផ្លាញ​ភាព​សុខសាន្ត​របស់​យើង​ហើយ ។ នៅ​ពេល​យើង​ស្ដាប់​តាម​ព្រះអម្ចាស់​តាមរយៈ​ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់ នោះ​យើង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ហើយ​មិន​រង្គោះរង្គើ​ឡើយ ។

មារ​សត្រូវ​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ក្លែងក្លាយ​ដែល​មើល​ទៅ​ហាក់​ជា​ផ្ដល់​នូវ​ចម្លើយ​នានា ប៉ុន្តែ​វា​រឹត​តែ នាំ​យើង​ឲ្យ​ឃ្លាត​ចេញ​ពី​ភាព​សុខសាន្ត​ដែល​យើង​ស្វែង​រក ។ វា​ផ្ដល់​ឲ្យ​ជា​រូបភាព​បំភ័ន្ត​ភ្នែក​ដែល​មើល​ទៅ​ថា​ហាក់​ដូចជា​ស្រប​តាម​ច្បាប់ ហើយ​មាន​សុវត្ថិភាព ប៉ុន្តែ​នៅ​ទី​បំផុត​វា​នឹង​រលំ​ដូច​ជា​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ ហើយ​បំផ្លាញ​អ្នក​ដែល​ស្វែងរក​ភាព​សុខសាន្ត​នៅ​ក្នុង​អគារ​នោះ ។

សេចក្ដីពិត​មាន​នៅ​ក្នុង​ចម្រៀង​មួយ​បទ​របស់​កុមារ ៖ « សម្ដី​ព្យាការី ៖ ចូរ​រក្សា​បញ្ញត្តិ ! នាំ​ឲ្យ​មាន សុវត្ថិភាពសុខសាន្ត »។

ជំហាន​ទី​បី ៖ « ដើរ​ក្នុង​ភាព​ស្លូត​បូត​នៃ​ព្រះវិញ្ញាណ​របស់​យើង »

ទោះ​ជា​យើង​ឃ្លាត​ចេញ​ពី​ផ្លូវ​នេះ​ឆ្ងាយ​ប៉ុណ្ណា​ក្ដី ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ដើរ​នឹង​ទ្រង់ ។ ការ​អញ្ជើញ​ឲ្យ​ដើរ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ការ​អញ្ជើញ​មួយ​ឲ្យ​រួម​ដំណើរ​នឹង​ទ្រង់​ទៅ​ច្បារ​គែតសេម៉ានី ហើយ​ពី​ច្បារ​គែតសេម៉ានី​ទៅ​កាលវ៉ារី ហើយ​ពី​កាលវ៉ារី​ទៅ​សួន​ផ្នូរ ។ វា​ជា​ការ​អញ្ជើញ​មួយ​ដើម្បី​គោរព​តាម ហើយ​អនុវត្ត​ពលិកម្មធួន​ដ៏​ធំ​របស់​ទ្រង់​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ជា​ដរាប​តទៅ ។ វា​ជា​ការ​អញ្ជើញ​ឲ្យ​ប្រែ​ចិត្ត ឲ្យ​ខិត​ទៅ​ជិត​ព្រះចេស្ដា​លាង​សម្អាត​របស់​ទ្រង់ ហើយ​ចាប់​ព្រះហស្ដ​ទ្រង់​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ វា​ជា​ការ​អញ្ជើញ​ឲ្យ​ទៅ​នៅ​ទី​សុខសាន្ត ។

យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដើរ​ជាមួយ​ទ្រង់ ។

ពេលខ្លះ​យើង​គ្រប់​គ្នា​ទទួល​នូវ​អារម្មណ៍​ឈឺចាប់ និង​ការ​ខូច​ចិត្ត​ដែល​កើត​ឡើង​ដោយ​សារ​តែ​អំពើ​បាប និង​អំពើ​រំលង​នៅ​ក្នុង​ជីវិត​យើង ពីព្រោះ « បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួនឯង ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ » ។ ប៉ុន្តែ « ទោះ​បើ​អំពើ​បាប​របស់​[ យើង ]​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ » នៅ​ពេល​យើង​អនុវត្ត​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដើរ​នឹង​ទ្រង់​ដោយ​មាន​ការ​ប្រែចិត្ត​ពិត « គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ » ។ ទោះ​ជា​យើង​ផ្ទុក​ទៅ​ដោយ​កំហុស​ក្ដី ក៏​នឹង​ទទួល​បាន​ភាព​សុខសាន្ត​ដែរ ។

We are invited to repent.

អាលម៉ា​ជា​កូន​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រឈម​នឹង​អំពើ​របស់​លោក កាល​ទេវតា​នៃ​ព្រះអម្ចាស់​បាន​មក​ជួប ។ លោក​បាន​រៀបរាប់​ពី​បទពសោធន៍​របស់​លោក​ក្នុង​ពាក្យ​ទាំងនេះ ៖

« ព្រលឹង​ឪពុក​ត្រូវ​កើតទុក្ខ​ជា​អតិបរមា ហើយ​ត្រូវ​ញាំញី​ដោយ​អស់​ទាំង​អំពើ​បាប​របស់​ឪពុក ។

« … មែន​ហើយ ឪពុក​បាន​ឃើញ​ថា ឪពុក​បាន​បះបោរ​ទាស់​នឹង​ព្រះ​របស់​ឪពុក ហើយ​ថា ឪពុក​មិន​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​សោះ » ។

ដោយ​​អំពើ​បាប​របស់​លោក​មានភាព​ធ្ងន់​ធ្ងន់ ហើយ​ស្ថិត​នៅ​ក្នុង​ការ​ល្បង​នេះ នោះ​លោក​បន្ត​ថា ៖

« ឪពុក​ក៏​នឹក​ឃើញ​ថា ធ្លាប់​បាន​ឮ​បិតា​របស់​ឪពុក ព្យាករ​ទៅ​កាន់​ប្រជាជន​អំពី​ការ​យាង​មក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក ។

« … ឪពុក​បាន​យំ​នៅ​ក្នុង​ចិត្ត​ថា ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង »។

« ហើយ រហូត​ដល់​ឪពុក​បាន​អំពាវនាវ ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​សេចក្ដី​មេត្តាករុណា ទើប​ឪពុក​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ឪពុក ។ ប៉ុន្តែ​មើល​ចុះ ឪពុក​បាន​អំពាវនាវ​ដល់​ទ្រង់ ហើយ​ឪពុក​បាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​ឪពុក » ។

ដូចជា​អាលម៉ា​ដែរ យើង​នឹង​រកឃើញ​ភាព​សុខសាន្ត​ដល់​ព្រលឹង​យើង នៅ​ពេល​យើង​ដើរ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត​ពី​អំពើ​បាប​យើង ហើយ​អនុវត្ត​ព្រះចេស្ដា​នៃ​ការ​ព្យាបាល​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​យើង ។

ភាព​សុខសាន្ត​ដែល​យើង​គ្រប់​គ្នា​ស្វែង​រក​វា​តម្រូវ​ឲ្យ​មាន​លើស​ពី​បំណង​ប្រាថ្នា​ទៅ​ទៀត ។ វា​រក​តម្រូវ​ឲ្យ​យើង​ធ្វើ​សកម្មភាព—តាមរយៈ​ការ​រៀន​អំពី​ទ្រង់ ការ​ស្ដាប់​តាម​ព្រះបន្ទូល​ទ្រង់ និង​ការ​ដើរ​នឹង​ទ្រង់ ។ យើង​ប្រហែល​ជា​គ្មាន​សមត្ថភាព​ដើម្បី គ្រប់​គ្រង​រឿង​គ្រប់​យ៉ាង​ដែល​កើត​ឡើង​នៅ​ជុំវិញ​យើង​បាន​ឡើយ ប៉ុន្តែ​យើង​អាច​គ្រប់​គ្រង​របៀប​ដែល​យើង​អនុវត្ត​តាម​លំនាំ​សម្រាប់​ភាព​សុខសាន្ត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ—ជា​លំនាំ​មួយ​ដែល​ធ្វើ​ឲ្យ​ងាយ​គិត​ឃើញ​ពី​ព្រះយេស៊ូវ​ជា​រឿយៗ។

យើង​អាច​អនុវត្ត​តាម​លំនាំ​របស់​ព្រះអង្គសង្គ្រោះ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត » ហើយ​មាន​តែ​តាមរយៈ​ទ្រង់​ប៉ុណ្ណោះ​ទើប​យើង​អាច​ទទួល​បាន​ភាព​សុខសាន្ត​ពិត​នៅ​ក្នុង​ជីវិត​នេះ និង​ជីវិត​អស់​កល្ប​នៅ​ក្នុង​លោក​ខាង​មុខ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។