ក្រុមប្រឹក្សាគ្រួសារ
នៅពេលឪពុកម្ដាយរៀបចំ ហើយកូនៗស្ដាប់ និងចូលរួមនៅក្នុងការពិភាក្សា នោះក្រុមប្រឹក្សាគ្រួសារពិតជាដំណើរការល្អ !
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ វាជារឿងចម្លែកតែវាជាការពិតដែលយើងជាឪពុកម្ដាយនឹងធ្វើជាឪពុកម្ដាយបានល្អ បន្ទាប់ពីកូនៗរបស់យើងធំឡើង ។ ខ្ញុំនឹងចែកចាយជាមួយនឹងបងប្អូននារសៀលនេះ អំពីអ្វីមួយដែលខ្ញុំចង់យល់ឲ្យបានកាន់តែច្រើន នៅពេល បាបារ៉ា និងខ្ញុំ ចាប់ផ្ដើមចិញ្ចឹមបីបាច់កូនដ៏មានតម្លៃរបស់យើង ។
អំឡុងពេលការបម្រើជាសាវករបស់ខ្ញុំ ជាញឹកញាប់ខ្ញុំបានសង្កត់ធ្ងន់លើអំណាច និងសារៈសំខាន់នៃក្រុមប្រឹក្សាសាសនាចក្រ រួមមានក្រុមប្រឹក្សាបេសកកម្ម ស្ដេក វួដ និងក្រុមប្រឹក្សាអង្គការជំនួយ ។
ខ្ញុំជឿថាក្រុមប្រឹក្សា គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីទទួលបានលទ្ធផលពិត ។ បន្ថែមពីលើនោះ ខ្ញុំដឹងថា ក្រុមប្រឹក្សាគឺជារបៀបរបស់ព្រះអម្ចាស់ ហើយថាទ្រង់បានបង្កើតអ្វីៗទាំងអស់នៅក្នុងសាកលលោកនេះ តាមរយៈក្រុមប្រឹក្សាសួគ៌ ដូចបានប្រាប់នៅក្នុងគម្ពីរបរិសុទ្ធ ។
ប៉ុន្ដែរហូតមកដល់ពេលនេះ ខ្ញុំមិនដែលបាននិយាយនៅក្នុងសន្និសីទទូទៅអំពីមូលដ្ឋាន និង គ្រឹះដ៏ខ្លាំងបំផុត—ហើយប្រហែលជាសំខាន់បំផុត—នៃក្រុមប្រឹក្សាទាំងអស់នោះទេ នោះគឺ ៖ ក្រុមប្រឹក្សាគ្រួសារ ។
ចាំបាច់ត្រូវតែមានក្រុមប្រឹក្សាគ្រួសារជានិច្ច ។ តាមពិត ក្រុមប្រឹក្សាគឺជាគោលការណ៍អស់កល្បជានិច្ច ។ យើងស្ថិតនៅក្នុងក្រុមប្រឹក្សាគ្រួសារមួយកាលពីជីវិតមុនជីវិតលើផែនដី ពេលដែលយើងរស់នៅជាមួយនឹងមាតាបិតាសួគ៌របស់យើង ក្នុងនាមជាកូនវិញ្ញាណរបស់ទ្រង់ ។
នៅពេលដឹកនាំដោយសេចក្ដីស្រឡាញ់ និងលក្ខណៈដូចព្រះគ្រីស្ទ នោះក្រុមប្រឹក្សាគ្រួសារនឹងកាត់បន្ថយឥទ្ធិពលនៃបច្ចេកវិទ្យាទំនើបដែលជាញឹកញាប់វារំខានយើងពីការចំណាយពេលដ៏មានតម្លៃជាមួយគ្នា ហើយវាក៏ជាទំនោរដែលនាំសេចក្ដីអាក្រក់មកក្នុងគេហដ្ឋានរបស់យើងដោយផ្ទាល់ផងដែរនោះ ។
សូមចងចាំថា ក្រុមប្រឹក្សាគ្រួសារគឺខុសគ្នាពីរាត្រីជួបជុំក្រុមគ្រួសារដែលធ្វើឡើងនៅរាល់ថ្ងៃចន្ទ ។ រាត្រីជួបជុំក្រុមគ្រួសារ ផ្ដោតសំខាន់លើការបង្រៀនដំណឹងល្អ និងសកម្មភាពគ្រួសារ ។ ម្យ៉ាងទៀតក្រុមប្រឹក្សាគ្រួសារ អាចធ្វើឡើងនៅថ្ងៃណាក៏បានក្នុងសប្ដាហ៍ ហើយវាគឺជាការប្រជុំដ៏សំខាន់មួយដែលឪពុកម្ដាយស្ដាប់—គ្នាទៅវិញទៅមក និងស្ដាប់កូនៗរបស់ពួកគេ ។
ខ្ញុំជឿថា យ៉ាងហោចណាស់មានក្រុមប្រឹក្សាគ្រួសារចំនួនបួនប្រភេទ ៖
ទីមួយ គឺក្រុមប្រឹក្សាគ្រួសារជាទូទៅមួយ ដែលមានគ្រួសារទាំងមូល ។
ទីពីរ ក្រុមប្រឹក្សាគ្រួសារអាណាព្យាបាល គឺមានម្ដាយ និង ឪពុក ។
ទីបី ក្រុមប្រឹក្សាគ្រួសារដែលមានកំណត់ គឺមានឪពុកម្ដាយ និងកូនម្នាក់ ។
ទីបួន ក្រុមប្រឹក្សាគ្រួសារម្នាក់ទល់ម្នាក់ គឺមានឪពុក ឬម្ដាយ និងកូនម្នាក់ ។
នៅក្នុងក្រុមប្រឹក្សាគ្រួសារទាំងអស់នេះ តម្រូវឲ្យរាល់ឧបករណ៍អេឡិចត្រូនិចបិទ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចមើល និងស្ដាប់គ្នាទៅវិញទៅមក ។ អំឡុងពេលក្រុមប្រឹក្សាគ្រួសារ និងនៅពេលសមរម្យដទៃទៀត អ្នកអាចចង់មានកន្ដ្រកមួយសម្រាប់ដាក់ឧបករណ៍អេឡិចត្រូនិច ដូច្នេះនៅពេលគ្រួសារជួបជុំគ្នា សមាជិកគ្រប់គ្នា—រួមទាំងម្ដាយ និងឪពុក—អាចដាក់ទូរសព្ទ tablets និង ម៉ាស៊ីន MP3 នៅក្នុងកន្ត្រកនោះ ។ បន្ទាប់មក ពួកគេអាចប្រឹក្សាជាមួយគ្នាដោយគ្មានការល្បួងឲ្យឆ្លើយតបទៅការបង្ហោះនៅលើ Facebook សារ Intagram Snapchat និងអ៊ីម៉ែលទេ ។
ខ្ញុំសូមចែកចាយដោយខ្លីជាមួយបងប្អូនអំពីរបៀបដែលក្រុមប្រឹក្សាគ្រួសារនីមួយៗទាំងនេះអាចដំណើរការល្អ ។
ទីមួយ ក្រុមប្រឹក្សាគ្រួសារទាំងមូល រួមមានសមាជិកគ្រួសារទាំងអស់ ។
កូនសៀវភៅរបស់សាសនាចក្រមានចំណងជើង គ្រួសាររបស់យើង ថ្លែងថា « ក្រុមប្រឹក្សានេះអាចជួបពិភាក្សាអំពីបញ្ហាគ្រួសារ ដំណោះស្រាយហិរញ្ញវត្ថុ ដាក់ផែនការ គាំទ្រ និងពង្រឹងដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានឲ្យគ្នាទៅវិញទៅមក និងអង្គភាពគ្រួសារ » ។
ក្រុមប្រឹក្សានេះគួរតែជួបតាមការណាត់ជួបមួយ ហើយជាធម្មតាមានលក្ខណៈផ្លូវការជាងក្រុមប្រឹក្សាគ្រួសារប្រភេទផ្សេងៗទៀត ។
វាគួរតែចាប់ផ្ដើមដោយការអធិស្ឋាន ឬវាអាចគ្រាន់តែជាការបន្ថែមពីលើការសន្ទនាដែលមានរួចទៅហើយក្នុងស្ថានភាពដទៃទៀត ។ សូមកត់ចំណាំថា ក្រុមប្រឹក្សាគ្រួសារមួយមិនអាចមានការចាប់ផ្ដើម ឬ ការបញ្ចប់ជាផ្លូវការជានិច្ចកាលនោះទេ ។
នៅពេលឪពុកម្ដាយរៀបចំ ហើយកូនៗស្ដាប់ និងចូលរួមនៅក្នុងការពិភាក្សា នោះក្រុមប្រឹក្សាគ្រួសារពិតជាដំណើរការល្អ !
មិនថាស្ថានភាពគ្រួសាររបស់យើងជាយ៉ាងណាទេ វាសំខាន់ដែលយើងត្រូវយល់ពីស្ថានភាពពិសេសរបស់សមាជិកគ្រួសារម្នាក់ៗ ។ ទោះជាយើងមាន ឌី. អិន. អេ. ដូចគ្នាក្ដី ក៏វាអាចមានស្ថានភាព និង កាលៈទេសៈនានានៅក្នុងចំណោមយើងដែលអាចធ្វើឲ្យយើងមានភាពខុសគ្នាយ៉ាងខ្លាំង ហើយដែលអាចតម្រូវឲ្យមានការដោះស្រាយបញ្ហានៅក្នុងក្រុមប្រឹក្សាគ្រួសារ ដោយចិត្តមេត្តាដែរ ។
ឧទាហរណ៍ រាល់ការនិយាយ និងការចែកចាយ និងសេចក្ដីស្រឡាញ់នៅក្នុងពិភពលោកនេះ មិនអាចដោះស្រាយបញ្ហាវេជ្ជសាស្ត្រ ឬបញ្ហាសតិអារម្មណ៍ដែលសមាជិកគ្រួសារម្នាក់ ឬ ច្រើននាក់កំពុងតែជួបប្រទះនោះទេ ។ ក្នុងពេលនោះ ក្រុមប្រឹក្សាគ្រួសារក្លាយជាកន្លែងនៃសាមគ្គីភាព ភក្ដីភាព និងការគាំទ្រដោយក្ដីស្រឡាញ់ ខណៈដែលគ្រួសារស្វែងរកដំណោះស្រាយពីជំនួយខាងក្រៅ ។
បងប្អូន ជាពិសេសកូនច្បង អាចជាអ្នកណែនាំដ៏មានឥទ្ធិពលទៅដល់កូនប្អូន ប្រសិនបើឪពុកម្ដាយនឹងប្រើក្រុមប្រឹក្សាគ្រួសារដើម្បីផ្ដល់ជំនួយ និងការគាំទ្ររបស់ពួកគេអំឡុងពេលលំបាក និងទុក្ខព្រួយនោះ ។
ការធ្វើតាមរបៀបនេះធ្វើឲ្យគ្រួសារមួយដូចជាវួដមួយ ។ នៅពេលប៊ីស្សពឲ្យសមាជិកក្រុមប្រឹក្សាវួដចូលរួមចំណែក នោះគាត់អាចដោះស្រាយបញ្ហានានា ហើយសម្រេចបាននូវការល្អយ៉ាងច្រើន ដែលគាត់មិនអាចធ្វើដោយគ្មានជំនួយពួកគេ ។ តាមរបៀបស្រដៀងគ្នានេះ ឪពុកម្ដាយចាំបាច់ត្រូវឲ្យសមាជិកគ្រួសារទាំងអស់ចូលរួមក្នុងការដោះស្រាយបញ្ហា និងទុក្ខលំបាកផ្សេងៗ ។ របៀបនោះហើយ ដែលអំណាចនៃក្រុមប្រឹក្សាគ្រួសារមានប្រសិទ្ធភាព ។ នៅពេលសមាជិកក្រុមប្រឹក្សាមានអារម្មណ៍ថាពួកគេមានចំណែកនៅក្នុងការសម្រេចចិត្ត នោះពួកគេក្លាយទៅជាអ្នកគាំទ្រ ហើយលទ្ធផលវិជ្ជមានជាក់លាក់អាចនឹងសម្រេចទៅបាន ។
ពុំមែនក្រុមប្រឹក្សាគ្រួសារទាំងអស់ មានឪពុកនិងម្ដាយ និង កូនៗនោះទេ ។ ក្រុមប្រឹក្សាគ្រួសាររបស់បងប្អូន អាចមើលទៅខុសគ្នាខ្លាំងពីក្រុមប្រឹក្សាគ្រួសាររបស់យើង នៅពេលយើងបានចិញ្ចឹមបីបាច់កូនប្រាំពីរនាក់របស់យើង ។ សព្វថ្ងៃនេះក្រុមប្រឹក្សាគ្រួសាររបស់យើង មានតែ បាបារ៉ា និងខ្ញុំប៉ុណ្ណោះ លុះត្រាតែយើងមានក្រុមប្រឹក្សាគ្រួសារធំ ដែលរួមមានកូនពេញវ័យរបស់យើង ប្ដី និងប្រពន្ធពួកគេ ហើយពេលខ្លះចៅៗ និងចៅទួតរបស់យើងផងដែរ ។
ចំពោះអ្នកទាំងឡាយដែលនៅលីវ និងជាសិស្សរស់នៅឆ្ងាយពីផ្ទះ អាចធ្វើតាមលំនាំក្រុមប្រឹក្សាដ៏ទេវភាពនេះ តាមរយៈការប្រមូលផ្ដុំមិត្តភក្ដិ និងមិត្តរួមបន្ទប់មកប្រឹក្សាជុំគ្នា ។
ចូរពិចារណាអំពីបរិយាកាសក្នុងផ្ទះមួយដែលនឹងផ្លាស់ប្ដូរ ប្រសិនបើមិត្តរួមបន្ទប់បានជួបជុំគ្នាជាទៀងទាត់ដើម្បីអធិស្ឋាន ស្ដាប់ ពិភាក្សា និងរៀបផែនការជាមួយគ្នានោះ ។
មនុស្សគ្រប់គ្នាអាចសម្របក្រុមប្រឹក្សាគ្រួសារមួយ ដើម្បីទទួលយកប្រយោជន៍មកពីលំនាំដ៏ទេវភាពនេះ ដែលបានបង្កើតឡើងដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ។
ដូចបានកត់ចំណាំពីមុន ពីមួយគ្រាទៅមួយគ្រាក្រុមប្រឹក្សាគ្រួសារធំអាចនឹងមានប្រយោជន៍ ។ ក្រុមប្រឹក្សាគ្រួសារធំមួយ អាចមានទាំងលោកយាយលោកតា និងកូនធំៗដែលពុំរស់នៅក្នុងផ្ទះ ។ ទោះជាលោកយាយលោកតា ឬកូនធំៗរស់នៅឆ្ងាយក្ដី ក៏ពួកគេអាចចូលរួមក្នុងក្រុមប្រឹក្សាគ្រួសារតាមទូរសព្ទ Skype ឬ FaceTime បានដែរ ។
បងប្អូនអាចនឹងពិចារណាធ្វើក្រុមប្រឹក្សាគ្រួសារជាទូទៅនៅថ្ងៃអាទិត្យ ដែលជាថ្ងៃទីមួយក្នុងសប្ដាហ៍ នោះក្រុមគ្រួសារអាចនឹងរំឭកអំពីសប្ដាហ៍មុន ហើយរៀបចំសម្រាប់សប្ដាហ៍បន្ទាប់ ។ រឿងនេះអាចជាអ្វីដែលគ្រួសារបងប្អូនចាំបាច់ត្រូវមាន ដើម្បីជួយធ្វើឲ្យថ្ងៃឈប់សម្រាកជាបទពិសោធន៍ដ៏រីករាយមួយ ។
ក្រុមប្រឹក្សាគ្រួសារប្រភេទទីពីរ គឺជាក្រុមប្រឹក្សាគ្រួសារអាណាព្យាបាល ដែលមានតែឪពុកនិងម្ដាយ ។ អំឡុងពេលនៅជាមួយគ្នានេះ ឪពុកម្ដាយអាចពិនិត្យមើលពីតម្រូវការខាងសាច់ឈាម សតិអារម្មណ៍ និងខាងវិញ្ញាណរបស់កូនម្នាក់ៗ និងការរីកចម្រើនរបស់ពួកគេ ។
ក្រុមប្រឹក្សាគ្រួសារអាណាព្យាបាល ក៏ជាពេលល្អមួយដើម្បីឲ្យភរិយា និងស្វាមីពិភាក្សាគ្នាអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេចំពោះគ្នាទៅវិញទៅមកផងដែរ ។ នៅពេលអែលឌើរ ហារ៉ូល ប៊ី. លី ធ្វើពិធីផ្សារភ្ជាប់ដល់ពួកយើង លោកបានបង្រៀនយើងអំពីគោលការណ៍មួយ ដែលខ្ញុំជឿថាគ្រប់ស្វាមីភរិយាទាំងអស់នឹងទទួលបានប្រយោជន៍ ។ គាត់បានមានប្រសាសន៍ថា « មិនត្រូវចូលដេកដោយមិនបានលុតជង្គង់ជាមួយគ្នា កាន់ដៃគ្នា ហើយអធិស្ឋាននោះឡើយ ។ ការអធិស្ឋានដូច្នេះអញ្ជើញព្រះវរបិតាសួគ៌ឲ្យប្រទានឱវាទដល់យើងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណ » ។
ក្រុមប្រឹក្សាគ្រួសារប្រភេទទីបី គឺក្រុមប្រឹក្សាគ្រួសារដែលមានកំណត់ ។ នៅពេលនេះ ឪពុកម្ដាយទាំងពីររូប ចំណាយពេលជាមួយនឹងកូនម្នាក់ក្នុងការជួបជាផ្លូវការ ឬមិនផ្លូវការមួយ ។ នេះគឺជាឱកាសមួយសម្រាប់ពិភាក្សាអំពី ការធ្វើការសម្រេចចិត្តជាមុន អំពីរឿងអ្វីដែលគាត់ ឬ នាងនឹងត្រូវធ្វើ ហើយនឹងមិនត្រូវធ្វើនៅពេលអនាគត ។ នៅពេលការសម្រេចចិត្តដូច្នេះធ្វើឡើង នោះពួកគេអាចចង់កត់ត្រាវាទុកសម្រាប់មើលនាពេលអនាគតបើចាំបាច់ ។ ប្រសិនបើកូនប្រុស ឬកូនស្រីរបស់អ្នកឃើញថាអ្នកគឺជាអ្នកគាំទ្រដ៏រឹងមាំដល់ពួកគេ នោះការក្រុមប្រឹក្សាគ្រួសារនេះអាចដាក់គោលដៅ និងគោលបំណងសម្រាប់អនាគត ។ នេះក៏ជាពេលមួយដើម្បីស្ដាប់ដោយយកចិត្តទុកដាក់ចំពោះកង្វល់ និងបញ្ហាធ្ងន់ធ្ងរដែលកូនម្នាក់អាចនឹងជួប ដូចជាការខ្វះទំនុកចិត្ត មានការបំពាន ការចំអក ឬការភ័យខ្លាច ។
ក្រុមប្រឹក្សាគ្រួសារប្រភេទទីបួន គឺក្រុមប្រឹក្សាគ្រួសារម្នាក់ទល់ម្នាក់ ដែលមានឪពុក ឬម្ដាយ និង កូនម្នាក់ ។ ក្រុមប្រឹក្សាគ្រួសារប្រភេទនេះ ជាទូទៅកើតមានដោយមិនបានគ្រោងទុក ។ ឧទាហរណ៍ ឪពុក ឬម្ដាយ និងកូនអាចនឹងឆ្លៀតឱកាសក្នុងពេលមិនផ្លូវការដូចជាពេលធ្វើដំណើរតាមឡាន ឬពេលធ្វើការងារផ្ទះ ។ ការចេញដើរកម្សាន្តរបស់ម្ដាយ ឬឪពុកជាមួយនឹងកូនម្នាក់អាចផ្ដល់ជាចំណងខាងវិញ្ញាណ និងខាងសតិអារម្មណ៍ដ៏ពិសេសមួយ ។ សូមដាក់កាលវិភាគរឿងទាំងនេះទុកជាមុនដើម្បីឲ្យកូនៗអាចចូលរួម ហើយទន្ទឹងចាំគ្រាដ៏ពិសេសផ្ទាល់ខ្លួនជាមួយនឹងម្ដាយ ឬឪពុក ។
បងប្អូនប្រុសស្រី កាលពីអតីតកាល ជញ្ជាំងផ្ទះរបស់យើងជួយការពារទប់ទល់នឹងការឈ្លានពាន ឬឥទ្ធិពលមកពីខាងក្រៅ ។ ពេលយើងបានចាក់សោទ្វារ បិទបង្អួច យើងបិទរបង នោះយើងមានអារម្មណ៍ថាសុខ សុវត្ថិភាព និងត្រូវបានការពារនៅក្នុងជម្រកដ៏តូចផ្ទាល់ខ្លួនរបស់យើងពីពិភពលោកខាងក្រៅ ។
ពេលវេលានោះបានកន្លងផុតទៅហើយ ។ ជញ្ជាំង ទ្វារ របង និងច្រកទ្វារផ្ទះរបស់យើងមិនអាចទប់ទល់នឹងការវាយប្រហារដែលមើលមិនឃើញមកពីអ៊ិនធើរណិត Wi-Fi ទូរសព្ទដៃ បណ្ដាញនានាទេ ។ វាអាចជ្រែកចូលមកក្នុងផ្ទះរបស់យើងដោយគ្រាន់តែចុចពីរបីដងលើក្ដារចុចកុំព្យូទ័រប៉ុណ្ណោះ ។
សំណាងល្អ ព្រះអម្ចាស់បានប្រទានមធ្យោបាយមួយដើម្បីទប់ទល់នឹងការជ្រែកចូលនៃបច្ចេកវិទ្យាអវិជ្ជមាន ដែលអាចរំខានយើងពីការចំណាយពេលដ៏មានតម្លៃជាមួយគ្នា ។ ទ្រង់បានធ្វើដូចនេះដោយការប្រទានប្រព័ន្ធក្រុមប្រឹក្សា ដើម្បីពង្រឹង ការពារ ឃុំគ្រង និងបីបាច់ទំនាក់ទំនងដ៏មានតម្លៃបំផុតរបស់យើង ។
កូនៗត្រូវការឪពុកម្ដាយដែលចង់ស្ដាប់ពួកគេខ្លាំងណាស់ ហើយក្រុមប្រឹក្សាគ្រួសារ អាចផ្ដល់ជាពេលមួយ អំឡុងពេលដែលសមាជិកគ្រួសារអាចរៀនដើម្បីយល់ និងស្រឡាញ់គ្នាទៅវិញទៅមក ។
អាលម៉ាបានបង្រៀនថា « ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់កូន ហើយទ្រង់នឹងដឹកនាំកូនទៅរកការល្អ » ។ ការអញ្ជើញព្រះអម្ចាស់ឲ្យចូលរួមចំណែកនៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់យើង តាមរយៈការអធិស្ឋាន នឹងកែលម្អទំនាក់ទំនងរបស់យើងជាមួយគ្នា ។ ដោយមានជំនួយរបស់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង នោះយើងកាន់តែអាចមានភាពអត់ធ្មត់ ចេះគិតគូរ ផ្ដល់ជំនួយ អភ័យទោស និងយល់ចិត្តគ្នា នៅពេលយើងអធិស្ឋានសុំជំនួយ ។ ដោយមានជំនួយរបស់ពួកទ្រង់ យើងអាចធ្វើឲ្យគេហដ្ឋានរបស់យើងមានលក្ខណៈដូចជាស្ថានសួគ៌បន្ដិចនៅលើផែនដីនេះ ។
ក្រុមប្រឹក្សាគ្រួសារដែលអនុវត្តតាមលំនាំក្រុមប្រឹក្សានៅស្ថានសួគ៌ ដែលមានពេញទៅដោយសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ហើយដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នឹងជួយយើងឲ្យការពារគ្រួសារយើងពីការរំខាននានា ដែលអាចលួចពេលវេលានៅជាមួយគ្នាដ៏មានតម្លៃរបស់យើង ហើយការពារយើងពីសេចក្ដីអាក្រក់នៃលោកិយនេះ ។
ក្រុមប្រឹក្សាគ្រួសារដែលមានបញ្ចូលនូវការអធិស្ឋាន នឹងអញ្ជើញឲ្យមានវត្តមានរបស់ព្រះអង្គសង្គ្រោះ ដូចទ្រង់បានសន្យា ៖ « ដ្បិតកន្លែងណាដែលមាន ២ ឬ ៣ នាក់ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ » ។ ការយាងព្រះវិញ្ញាណនៃព្រះអម្ចាស់ឲ្យចូលរួមចំណែកនៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់បងប្អូន នឹងនាំមកនូវពរជ័យជាច្រើនដែលពុំអាចពិពណ៌នាអស់បាន ។
ជាទីបញ្ចប់ សូមចងចាំថា ក្រុមប្រឹក្សាគ្រួសារមួយដែលធ្វើឡើងជាទៀងទាត់ នឹងជួយយើងឲ្យសម្គាល់ឃើញបញ្ហាគ្រួសារពីដំបូង ហើយដោះស្រាយវាពីមុនវាក្លាយទៅជារឿងធំ វានឹងធ្វើឲ្យសមាជិកគ្រួសារម្នាក់ៗមានអារម្មណ៍ថាពួកគេមានតម្លៃ និងសំខាន់ ហើយលើសអ្វីៗទាំងអស់ វានឹងជួយយើងឲ្យកាន់តែមានជោគជ័យ និងរីករាយនៅក្នុងទំនាក់ទំនងដ៏មានតម្លៃរបស់យើង នៅក្នុងរង្វង់ជញ្ជាំងនៃគេហដ្ឋានរបស់យើង ។ សូមឲ្យព្រះវរបិតាសួគ៌យើងប្រទានពរដល់ក្រុមគ្រួសាររបស់យើងទាំងអស់គ្នា នៅពេលយើងប្រឹក្សាជាមួយគ្នា គឺជាការអធិស្ឋានដោយរាបសារបស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះអម្ចាស់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។