ឆ្នាំ ២០១០-២០១៩
ចូរ​ដាក់​ទី​ទុកចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះវិញ្ញាណ​នោះ​ដែល​នាំ​ឲ្យ​ធ្វើ​ល្អ
ខែ មេសា 2016


13:31

ចូរ​ដាក់​ទី​ទុកចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះវិញ្ញាណ​នោះ​ដែល​នាំ​ឲ្យ​ធ្វើ​ល្អ

យើង​រីកចម្រើន​ទៅ​កាន់តែ​ជិត​ព្រះសង្គ្រោះ​នៅ​ពេល​យើង បម្រើ​មនុស្ស​ដទៃ​ជំនួស​ទ្រង់​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​មាន​វត្តមាន​ជាមួយ​បងប្អូន​នា​ល្ងាច​នៃ​ការថ្វាយបង្គំ នៃ​ការពិចារណា និង នៃ​ការលះបង់​នេះ ។ យើង​បាន​អធិស្ឋាន​ទាំងអស់​គ្នា ។ ព្រះវរបិតា​សួគ៌​ជា​ទី​ស្រឡាញ់ ទ្រង់​ព្រះសណ្ដាប់​យើង ។ យើង​ចងចាំ​អំពី​ព្រះសង្គ្រោះ ដែល​ជា​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ កាល​យើង​បាន​បំផុសគំនិត​ដោយ​ទំនុក​តម្កើង​សរសើរ​ទ្រង់ ។ យើង​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ខិតខំ​ធ្វើ​ការងារ​បន្ថែម​ទៀត​ដើម្បី​ជួយ​លោក​ចៅហ្វាយ​យើង​ក្នុង​កិច្ចការ​ទ្រង់ ដើម្បី​ជួយ ហើយ​សម្រាល​ទុក្ខ​កូនចៅ​ព្រះវរបិតា​សួគ៌​យើង ។

បំណង​ប្រាថ្នា​យើង​ក្នុង​ការបម្រើ​មនុស្ស​ដទៃ​បាន​កើន​ឡើង តាមរយៈ​ការដឹងគុណ​ដែល​យើង​មាន​ចំពោះ​អ្វី​ដែល​ព្រះសង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង ។ នោះ​ជា​មូលហេតុ​ដែល​ចិត្ត​យើង​រីក​ឡើង កាល​យើង​ឮ​ទំនុកបទ​ច្រៀង​« ព្រោះ​ខ្ញុំ​ត្រូវបាន​ផ្ដល់​ពរ​ច្រើន ខ្ញុំ​ត្រូវតែ​រំលែក » ។ នៅ​ក្នុង​ទេសនកថា​របស់​ទ្រង់ ដែល​មាន​កត់ត្រា​ក្នុង​ព្រះគម្ពីរ​មរមន ស្ដេច​បេនយ៉ាមីន​បាន​សន្យា​អំពី​អារម្មណ៍​នៃ​ការដឹងគុណ​នេះ​នឹង​កើត​មាន​ឡើង ( សូម​មើល ម៉ូសាយ ២:១៧–១៩ ) ។

កាល​ក្ដី​ជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​យើង​ឲ្យ​សក្ដិសម​នឹង​ទទួល​បាន​អំណរ​នៃ​ការអត់ទោស​ពី​ទ្រង់ នោះ​យើង​មាន​បំណង​បម្រើ​មនុស្ស​ដទៃ​ជំនួស​ទ្រង់ ។ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា ការអត់ទោស​មិន​អាច​ធ្វើ​ឡើង​ដោយ​ទង្វើ​មួយ​ក្នុង​ពេល​ម្ដង​នោះ​ទេ ។

ទ្រង់​មាន​បន្ទូល​បែប​នេះ ៖ « ហើយ​ឥឡូវ​នេះ សម្រាប់​អ្វីៗ​ដែល​យើង​ទើបតែ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​នេះ — គឺ​ថា ដើម្បី​ឲ្យ​មាន​ការផ្ដាច់បាប​ទាំងឡាយ​របស់​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដើរ​ដោយ​ឥត​ទោស​នៅ​ចំពោះ​ព្រះ — យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចែក​រំលែក​នូវ​ទ្រព្យ​របស់​ខ្លួន ដល់​អ្នក​ទាល់​ក្រ មនុស្ស​ម្នាក់ៗ​ស្រប​តាម​អ្វី​ដែល​គេ​មាន ដូចជា​ឲ្យ​អាហារ​ដល់​អ្នក​អត់ឃ្លាន ឲ្យ​សម្លៀកបំពាក់​ដល់​អ្នក​អាក្រាត ទៅ​មើល​អ្នក​ឈឺ ហើយ​ជួយ​គាំទ្រ​ដល់​គេ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ស្រប​ទៅ​តាម​សេចក្ដី​ត្រូវការ​របស់​គេ » ( ម៉ូសាយ ៤:២៦ ) ។

ដៃគូ​ដ៏​អស្ចារ្យ​របស់​អាលម៉ា គឺ​អាមូលេក​ក៏​បាន​បង្រៀន​អំពី​សេចក្ដីពិត​ដែល​ថា យើង​ត្រូវតែ​បន្ត​បម្រើ​ជំនួស​ទ្រង់​ដើម្បី​បាន​ការអត់ទោស ៖ « ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រាប់​អ្នក សូម​កុំ​គិត​ស្មាន​ថា នេះ​គឺ​ចប់​សព្វ​គ្រប់​ហើយ​នោះ​ទេ ព្រោះ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ធ្វើ​នូវ​ការណ៍​ទាំង​នេះ​សព្វ​គ្រប់​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​មនុស្ស​ដែល​ខ្វះ​ខាត និង​មនុស្ស​ដែល​អាក្រាត ហើយ​ពុំ​ទៅ​សាកសួរ​ដល់​អ្នក​ដែល​ឈឺ និង​អ្នក​ដែល​មាន​ទុក្ខ​វេទនា ហើយ​ពុំ​ចែក​រំលែក​ទ្រព្យ​របស់​ខ្លួន បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន ចូរ​ចែក​ទៅ​ដល់​ជន​ដែល​ខ្វះ​ខាត — ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​នូវ​ការណ៍​ទាំង​នេះ​ទេ មើល​ចុះ ការ​អធិស្ឋាន​របស់​អ្នក គឺ​ឥត​ប្រយោជន៍​ទេ ហើយ​ពុំ​នាំ​មក​ឲ្យ​អ្នក​នូវ​ផល​អ្វី​សោះ ហើយ​អ្នក​រាល់​គ្នា​ក៏​ដូច​ជា​ពួក​លាក់​ពុត ដែល​បដិសេធ​សេចក្ដី​ជំនឿ​ដែរ » ( អាលម៉ា ៣៤:២៨ ) ។

ល្ងាច​នេះ​ខ្ញុំ​បាន​គិត​អំពី​នារី​ក្នុង​ជីវិត​ខ្ញុំ ។ ស្រីៗ​ក្នុង​គ្រួសារ​ខ្ញុំ​មាន​ចំនួន ៣១ នាក់ រាប់​ចាប់​ពី​ភរិយា​ខ្ញុំ រហូត​ដល់​ចៅ​ទួត​ស្រី​យើង​បី​នាក់​ដែល​ទើបតែ​កើត ។ ពួកគាត់​មួយ​ចំនួន​នៅ​ជាមួយ​យើង​នា​ល្ងាច​នេះ ។ មាន​ប្រាំ​នាក់​អាយុ​ក្រោម ១២ ឆ្នាំ ។ លើក​នេះ​ប្រហែល​ជា​ការប្រជុំ​លើក​ទី​មួយ​ក្នុង​មជ្ឃមណ្ឌល​សន្និសីទ​ជាមួយ​បងប្អូន​ស្រី​ពួកគេ​ក្នុង​សាសនាចក្រ​នៃ​ព្រះសង្គ្រោះ ។ ម្នាក់ៗ​នឹង​មាន​ការចងចាំ​ខុសៗ​គ្នា ហើយ​ធ្វើ​ការតាំងចិត្ត​ចេញ​ពី​បទពិសោធន៍​នេះ​នា​យប់​នេះ ។

មាន​ការចងចាំ​ចំនួន​បី និង​ការតាំងចិត្ត​ចំនួន​បី​ដែល​ខ្ញុំ​សង្ឃឹម​ថា នឹង​ស្ថិតស្ថេរ​ជាមួយ​ពួកគេ​អស់​មួយ​ជីវិត និង​បន្ទាប់​ពី​ជីវិត​នេះ​ផងដែរ ។ អនុស្សាវរីយ​គឺ​ចេញ​ពី​អារម្មណ៍ ។ រីឯ​ការតាំងចិត្ត​គឺ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ ។

អារម្មណ៍​ដ៏​សំខាន់​ជាង​គេ​គឺ​សេចក្ដី​ស្រឡាញ់ ។ អ្នក​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ ពី​ថ្នាក់​ដឹកនាំ​ស្ត្រី​ដ៏​ឆ្នើមៗ​ដែល​បាន​ថ្លែង ។ អ្នក​អាច​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​ថា​ពួកគាត់​ស្រឡាញ់​អ្នក​ទោះជា​ពុំ​ស្គាល់​អ្នក​ក៏​ដោយ ព្រោះ​ពួកគាត់​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ពី​ព្រះវរបិតា និង​ពី​ព្រះអង្គ​សង្គ្រោះ​មាន​សម្រាប់​អ្នក ។ នេះ​ជា​មូលហេតុ​ដែល​ពួកគាត់​ចង់​បម្រើ​អ្នក ហើយ​ចង់​ឲ្យ​អ្នក​ទទួល​បាន​ពរជ័យ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ប្រទាន​ដល់​អ្នក ។

នា​ល្ងាច​នេះ អ្នក​មាន​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​សម្រាប់​មនុស្ស​ដទៃ—សម្រាប់​មិត្តភក្ដិ មិត្តរួម​សាលា អ្នក​ជិត​ខាង និង​សូម្បី​តែ​មនុស្ស​ដែល​អ្នក​ទើបតែ​ស្គាល់ ។ អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​នោះ​គឺ​ជា​អំណោយទាន​ពី​ព្រះ ។ ព្រះគម្ពីរ​ហៅ​ក្ដីស្រឡាញ់​នោះ​ថា « សេចក្តី​សប្បុរស » និង « សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ នា​ល្ងាច​នេះ អ្នក​បាន​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​នោះ ហើយ​អ្នក​អាច​ទទួល​បាន​ក្ដី​ស្រឡាញ់​នោះ​ជា​រឿយៗ​បើ​អ្នក​ស្វែងរក​វា ។

អារម្មណ៍​ទី​ពីរ​ដែល​អ្នក​បាន​ទទួល​នា​ល្ងាច​នេះ គឺ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បងប្អូនស្រី​ទាំងឡាយ​បាន​សន្យា​នឹង​អ្នក​ថ្ងៃនេះ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក​ឲ្យ​រកឃើញ​ការបម្រើ​ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​បម្រើ​ដល់​មនុស្ស​ដទៃ​ជំនួស​ទ្រង់ ។ អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ថា ការសន្យា​របស់​ពួកគាត់​គឺ​មក​ពី​ព្រះអម្ចាស់ ហើយ​វា​ជា​ការពិត ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ហើយ​ឥឡូវ​នេះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះ​វិញ្ញាណ​នោះ ដែល​នាំ​ឲ្យ​ធ្វើ​ល្អ—មែន​ហើយ គឺ​ឲ្យ​ធ្វើ​ដោយ​យុត្តិធម៌ ឲ្យ​ដើរ​ដោយ​ទាប​រាបសា ឲ្យ​វិនិច្ឆ័យ​ដោយ​សុចរិត ហើយ​នេះ​គឺ​ជា​ព្រះ​វិញ្ញាណ​របស់​យើង » ( គ. និង ស. ១១:១២ ) ។

អ្នក​អាច​ទទួល​បាន​ពរជ័យ​នោះ​នា​ល្ងាច​នេះ ។ ឧទាហរណ៍ អំឡុង​ការ​ប្រជុំ​នេះ អ្នក​អាច​នឹង​នឹក​ឃើញ​ឈ្មោះ ឬ​មុខ​មនុស្ស​ម្នាក់ ។ វា​អាច​គ្រាន់តែ​ជា​គំនិត​មួយ​សាមញ្ញ ប៉ុន្តែ​ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​ស្ដាប់​ឮ​នា​ល្ងាច​នេះ អ្នក​នឹង​អធិស្ឋាន​អំពី​គំនិត​នេះ​ដោយ​ទុកចិត្ត​ថា ព្រះ​នឹង​ដឹកនាំ​អ្នក​ទៅ​ធ្វើ​ទង្វើ​ល្អ​ដែល​ទ្រង់​បាន​សព្វព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​សម្រាប់​ពួកគេ ។ កាល​ការអធិស្ឋាន​បែប​នោះ​បាន​ក្លាយ​ជា​ទម្លាប់​មួយ​ក្នុង​ជីវិត​អ្នក នោះ​អ្នក ព្រមទាំង​មនុស្ស​ដទៃ​នឹង​ផ្លាស់ប្ដូរ​ទៅ​ជា​ប្រសើរ​ជាង​មុន ។

អារម្មណ៍​ទី​បី​ដែល​អ្នក​មាន​នា​ល្ងាច​នេះ គឺ​ថា​អ្នក​ចង់​ទៅ​ឲ្យ​ជិត​ព្រះសង្គ្រោះ ។ ទោះ​ជា​ក្មេង​ស្រី​តូច​បំផុត​ក្នុង​សាល​សន្និសីទ​នេះ​ក៏​ស្គាល់​ភាពពិត​នៃ​ការអញ្ជើញ​ក្នុង​ទំនុកតម្កើង​ដូចនេះ​ថា ៖ « ‹ ចូរ​មក​តាម​ខ្ញុំ › ទ្រង់​មាន​បន្ទូល ។ ចូរ​យើង​ដើរតាម​ដាន​ទ្រង់​ទាំងមូល » ។

ដូច្នេះ​ដោយ​មាន​អារម្មណ៍​ទាំងនោះ កិច្ចការ​ដំបូង​ដែល​អ្នក​តាំងចិត្ត​ធ្វើ​គឺ​ត្រូវ​ចេញ​ទៅ ហើយ​បម្រើ​ដោយ​ដឹង​ថា អ្នក​ពុំ​ទៅ​តែ​ឯង​នោះ​ទេ ។ ពេល​អ្នក​ទៅ​សម្រាល​ទុក្ខ ហើយ​បម្រើ​នរណា​ម្នាក់​ជំនួស​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក ។ ឥឡូវ គឺ​ដូចជា​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​នឹង​ប្រាប់​អ្នក​នៅ​ល្ងាច​នេះ​ដែរ​ថា វា​មិន​មាន​ន័យ​ថា មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ផ្ទះ​នោះ​ត្រូវបាន​រៀបចំ​ឲ្យ​ស្វាគមន៍​អ្នក ឬ​ថា​មនុស្ស​គ្រប់​រូប​ដែល​អ្នក​ព្យាយាម​បម្រើ​នឹង​ថ្លែង​អំណរគុណ​ដល់​អ្នក​នោះ​ទេ ។ ប៉ុន្តែ​ព្រះអម្ចាស់​នឹង​យាង​ទៅ​ពី​មុខ​ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​អ្នក ។

ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ម្ដងហើយ​ម្ដង​ទៀត​ថា លោក​ដឹង​អំពី​ភាពពិត​នៃ​ការសន្យា​របស់​ព្រះអម្ចាស់ ៖ « ហើយ​អស់​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទី​នោះ​ដែរ ត្បិត​យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះ​វិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។

របៀប​មួយ​ដែល​ទ្រង់​យាង​ទៅ​ពី​មុខ​ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​អ្នក គឺ​ទ្រង់​រៀបចំ​ចិត្ត​របស់​មនុស្ស​ដែល​អ្នក​ត្រូវបាន​បញ្ជា​ឲ្យ​បម្រើ ។ ទ្រង់​នឹង​រៀបចំ​ចិត្ត​របស់​អ្នក​ផងដែរ ។

អ្នក​នឹង​ឃើញ​ថា​ព្រះអម្ចាស់​ដាក់​អ្នក​ចាំ​ជួយ​នៅ​ក្បែរ​អ្នក— គឺ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក និង​នៅ​ជុំវិញ​ខ្លួន​អ្នក ។ អ្នក​ពុំ​ចេញ​ទៅ​បម្រើ​មនុស្ស​ដទៃ​ជំនួស​ទ្រង់​តែ​ឯង​នោះ​ទេ ។

ទ្រង់​ធ្វើ​ដូច្នេះ​សម្រាប់​ខ្ញុំ​នា​ល្ងាច​នេះ ។ ព្រះអម្ចាស់​បាន​រៀបចំ « សាក្សី​ជា​ច្រើន » (ហេព្រើរ ១២:១) ទាំង​ពាក្យពេចន៍ និង​តន្ត្រី ដើម្បី​ប្រមូល ហើយ​បង្កើន​អំណាច​នៃ​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ថ្លែង ។ ខ្ញុំ​ត្រូវ​ប្រាកដ​ថា ខ្ញុំ​ធ្វើ​ឲ្យ​សារលិខិត​របស់​ខ្ញុំ​ត្រូវ​នឹង​សារលិខិត​របស់​ទ្រង់ ។ ខ្ញុំ​សង្ឃឹម ហើយ​អធិស្ឋាន​សូម​ឲ្យ​អ្នក​នឹង​មាន​អំណរគុណ ហើយ​រីករាយ​កាល​ព្រះអម្ចាស់​ចាត់​អ្នក​ឲ្យ​បម្រើ​មនុស្ស​ដទៃ​ជំនួស​ទ្រង់ ។

កាល​អ្នក​មាន​បទពិសោធន៍​នោះ​ជា​រឿយៗ នោះ​អ្នក​នឹង​ញញឹម​ដោយ​ការទទួលស្គាល់​ដូច​ខ្ញុំ​ដែរ​នៅ​រាល់​ពេល​យើង​ច្រៀង​បទ « កិច្ចការ​ដ៏​ផ្អែម » ។

អ្នក​ក៏​នឹង​ញញឹម​ដែរ​នៅ​ពេល​អ្នក​ចងចាំ​ខគម្ពីរ​នេះ ៖ « នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ( ម៉ាថាយ ២៥:៤០ ) ។

រឿង​ទី​ពីរ​ដែល​អ្នក​ត្រូវតែ​ធ្វើ គឺ​ចងចាំ​ព្រះអម្ចាស់​នៅ​ពេល​អ្នក​បម្រើ​ជំនួស​ទ្រង់ ។ ព្រះអម្ចាស់​មិន​ត្រឹមតែ​យាង​ទៅ​ពី​មុខ​យើង ហើយ​បញ្ជូន​ពួក​ទេវតា​ឲ្យ​បម្រើ​ជាមួយ​យើង​នោះ​ទេ ទ្រង់​ថែម​ទាំង​ទទួល​បាន​អារម្មណ៍​លួងលោម​ចិត្ត​ដែល​យើង​ផ្ដល់​ដល់​មនុស្ស​ដទៃ​ហាក់​ដូចជា​យើង​បាន​ថ្វាយ​អារម្មណ៍​នោះ​ដល់​ទ្រង់​ដែរ ។

រាល់​បុត្រី​នៃ​ព្រះ​ដែល​ស្ដាប់​ឮ ហើយ​ជឿ​លើ​សារលិខិត​នៃ​ការប្រជុំ​នេះ​នឹង​សួរ​ថា « តើ​ព្រះអម្ចាស់​នឹង​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ទ្រង់​ក្នុង​ការជួយ​ដល់​អ្នក​ខ្វះខាត ? » ស្ថានភាព​របស់​បងប្អូន​ស្រី​ម្នាក់ៗ​សុទ្ធតែ​ខុសៗ​គ្នា ។ រឿង​នោះ​ពិត​ណាស់​សម្រាប់​ក្រុម​ដ៏​តូច​នៃ​កូនស្រី​បង្កើត កូន​ប្រសារ​ស្រី ចៅ​ស្រី និង ចៅទួត​ស្រី​របស់​ខ្ញុំ ។ ខ្ញុំ​សូម​ថ្លែង​ឡើង​វិញ​នូវ​ដំបូន្មាន​ដ៏​ឆ្លាតវៃ​របស់​ស៊ិស្ទើរ លីនដា ខេ ប៊ើតុន ទៅ​កាន់​ពួកគេ ព្រមទាំង​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​ដែរ ។

គាត់​បាន​ស្នើ​ឲ្យ​អ្នក​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​ដើម្បី​ដឹង​អំពី​អ្វី ដែល​ព្រះអម្ចាស់​នឹង​តម្រូវ​ឲ្យ​អ្នក​ធ្វើ​នៅ​ក្នុង​កាលៈទេសៈ​របស់​អ្នក ។ ក្រោយ​មក​គាត់​បាន​និយាយ​អំពី​ការសន្យា​នៃ​ការលួងលោម​ចិត្ត​ដ៏​ផ្អែមល្ហែម​ដែល​ព្រះអម្ចាស់​ទ្រង់​ផ្ទាល់​ក៏​បាន​ប្រទាន​ការសន្យា​នោះ​ដល់​ស្ត្រី​ដែល​ត្រូវ​គេ​ទិតៀន ព្រោះ​តែ​បាន​ចាក់​ប្រេង​លាប​ព្រះសិរសា​ទ្រង់​នូវ​ប្រេង​ដ៏​មាន​តម្លៃ ដែល​គួរតែ​បាន​លក់​ដើម្បី​ជួយ​ដល់​ជនក្រីក្រ ។

« ប៉ុន្តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ធ្វើ​នាង ហេតុ​អ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ ។

« ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ នោះ​ចេះ​តែ​ធ្វើ​បាន តែ​ចំណែក​ខ្ញុំ មិន​នៅ​ជាមួយ​ជា​ដរាប​ទេ ។

« នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ និង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សម្រាប់​កប់​ខ្មោច​ខ្ញុំ ។

« ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទូទៅ គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សម្រាប់​ជា​កេរ្តិ៍​នាង​ត​ទៅ » ( ម៉ាកុស ១៤:៦–៩ ) ។

បទគម្ពីរ​ដ៏​ខ្លី​នោះ​គឺ​ជា​ដំបូន្មាន​ដ៏​ផ្អែម​ល្ហែម ហើយ​ឈ្លាស​វៃ​សម្រាប់​បងប្អូនស្រី​ដ៏​ស្មោះត្រង់​ក្នុង​នគរ​ព្រះអម្ចាស់​ក្នុង​គ្រា​ដ៏​ច្របូក​ច្របល់ ។ អ្នក​នឹង​អធិស្ឋាន​ដើម្បី​ដឹង​ថា​តើ​នរណា​ដែល​ព្រះវរបិតា​សព្វព្រះទ័យ​ឲ្យ​អ្នក​បម្រើ​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ជំនួស​ទ្រង់ និង​ជំនួស​ព្រះសង្គ្រោះ​របស់​យើង ។ ហើយ​អ្នក​នឹង​មិន​រំពឹង​ឲ្យ​សារធារណជន​ចងចាំ​អំពី​អ្នក​នោះ​ទេ ដោយ​ធ្វើតាម​គំរូ​របស់​ស្ត្រី​នៅ​ក្នុង​ដំណើររឿង​បទគម្ពីរ​របស់​ម៉ាកុស ដែល​ទង្វើ​ដ៏​បរិសុទ្ធ​របស់​នាង​ដើម្បី​បង្ហាញ​ការ​គោរព​ដល់​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ត្រូវ​គេ​ចងចាំ ប៉ុន្តែ​មិនមែន​ឈ្មោះ​របស់​នាង​ឡើយ ។

ក្ដីសង្ឃឹម​របស់​ខ្ញុំ​គឺ​ថា បងប្អូនស្រី​ក្នុង​គ្រួសារ​របស់​យើង​នឹង​ធ្វើ​ដោយ​អស់​ពី​សមត្ថភាព​ចេញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​ដើម្បី​បម្រើ​អ្នក​ខ្វះខាត ។ ហើយ​រឿង​ទី​បី​ដែល​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​ធ្វើ​នោះ​គឺ​ត្រូវ​មាន​ភាពថ្លៃថ្នូរ​ក្នុង​ទង្វើ​ល្អ​ពួកគេ ។ ប៉ុន្ដែ​ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ពួកគេ​ទទួល​យក​ឱវាទ​ពី​ព្រះអម្ចាស់ កាល​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ដែល​ខ្ញុំ​ជឿ​ជាក់​ថា យើង​ទាំងអស់​ចាំបាច់​ត្រូវ​ស្ដាប់​ឮ ៖

« ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន​នៅ​មុខ​មនុស្ស ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់ នៅ​នឹង​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌​ទេ » ។

រួច​ទ្រង់​ក៏​មាន​បន្ទួល ៖

« ប៉ុន្តែ​កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្ដាំ​ធ្វើ​ឡើយ ៖

« ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សម្ងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់ » ( ម៉ាថាយ ៦:១, ៣–៤ ) ។

សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​សម្រាប់​បងប្អូនស្រី​ក្នុង​នគរ​នេះ​គឺ​ថា ទោះជា​ពួកគេ​នៅ​ទីណា ឬ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះសង្គ្រោះ និង​ការ​ដឹង​គុណ​ចំពោះ​ដង្វាយធួន​របស់​ទ្រង់​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ពួកគេ​ឲ្យ​បម្រើ ។ នៅ​ពេល​ពួកគេ​ធ្វើ​ដូច្នេះ ខ្ញុំ​សូម​សន្យា​ថា ពួកគេ​នឹង​រីកចម្រើន​ក្នុង​មាគ៌ា​ដើម្បី​ក្លាយ​ជា​ស្ត្រី​ដ៏​បរិសុទ្ធ ដែល​ព្រះសង្គ្រោះ និង​ព្រះវរបិតាសួគ៌​យើង​នឹង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ថែម​ទាំង​ប្រទាន​រង្វាន់​ឲ្យ​ទៀត​ផង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នេះ​គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ។ ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង​ទាំងអស់ ។ ខ្ញុំ​ដឹង​ថា ដោយសារ​ទ្រង់ យើង​នឹង​រស់​ឡើង​វិញ ហើយ​អាច​មាន​ជីវិត​ដ៏​នៅ អស់​កល្ប​ជានិច្ច ។ ប្រធាន ថូម៉ាស អេស ម៉នសុន គឺ​ជា​ព្យាការី​ដែល​កំពុង​រស់នៅ​របស់​ទ្រង់ ។ ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។ ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា យើង​រីក​ចម្រើន​ទៅ​កាន់តែ​ជិត​ព្រះសង្គ្រោះ​នៅ​ពេល​យើង បម្រើ​មនុស្ស​ដទៃ​ជំនួស​ទ្រង់​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នោះ ។ ខ្ញុំ​សូម​បន្សល់​ទុក​នឹង​អ្នក​នូវ​ភាព​ជា​សាក្សី​ដ៏​ពិត​នោះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « ព្រោះ​ខ្ញុំ​ត្រូវ​បាន​ផ្តល់​ពរ​ច្រើន » ទំនុក​តម្កើង លេខ ១៣៤ ។

  2. « ចូរ​មក​តាម​ខ្ញុំ » ទំនុក​តម្កើង លេខ ៦៣ ។

  3. « កិច្ចការ​ដ៏​ផ្អែម » ទំនុកតម្កើង លេខ ៨៥ ។