ឆ្នាំ ២០១០-២០១៩
តើ​ខ្ញុំ​ជឿ​ឬ​ទេ ?
ខែ មេសា 2016


11:31

តើ​ខ្ញុំ​ជឿ​ឬ​ទេ ?

ប្រសិន​បើ​រឿង​ទាំង​នេះ​គឺ​ជាការ​ពិត នោះ​យើង​មាន​សារលិខិត​នៃ​ក្ដីសង្ឃឹម និង​ជំនួយ​កាន់តែ​អស្ចារ្យ​បំផុត ដែល​ពិភព​លោក​ពុំ​ធ្លាប់​មាន​ពី​មុន ។

នៅ​ថ្ងៃ​ទី ៣០ ខែ មីនា កាល​ពី​ឆ្នាំ​មុន កុមារា អេថាន ខានេស្កា អាយុ​ពីរ​ឆ្នាំ មកពី​ទីក្រុង អាមេរិកកាំង ហ្វ័ក រដ្ឋ​យូថាហ៍ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ជម្ងឺ​រលាក​សួត និង​ទឹក​ក្នុង​សួត​របស់​គាត់ ។ ពីរ​ថ្ងៃ​ក្រោយ​មក ស្ថានភាព​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង រហូត​ដល់​គាត់​ត្រូវ​នាំ​តាម​ឧទ្ធម្ភាគចក្រ ទៅកាន់​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទីក្រុង សលត៍ លេក ។ មីឆែល ជា​ម្ដាយ​ដែល​បារម្ភ​ពី​កូន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជិះ​នៅ​កៅអី​ខាង​មុខ​ទៅ​តាម​កូន​ប្រុស​របស់​គាត់ ។ គាត់​បាន​ទទួល​បាន​កាស​ស្ដាប់​ត្រចៀក​ដើម្បី​គាត់​អាច​ទាក់​ទង​នឹង​អ្នក​ដទៃ​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ ។ គាត់​អាច​ស្ដាប់​ឮ​ពេទ្យ​កំពុង​ជួយ​ដល់​កូន​ប្រុសតូច​របស់​គាត់ ហើយ​ដោយ​សារ​គាត់​ជា​ពេទ្យ​កុមារ​ស្រាប់​នោះ មីឆែល អាច​ដឹង​ថា អេថាន មាន​បញ្ហា​ធ្ងន់ធ្ងរ ។

អេថាន ខានេស្កា ពេល​ឈឺ

ក្នុង​គ្រា​ដ៏​សំខាន់​នេះ មីឆែល បាន​សម្គាល់​ឃើញ​ថា​ពួកគេ​បាន​ជិះយន្តហោះ​កាត់​ពី​លើ​ព្រះវិហារ​បរិសុទ្ធ ដ្រាបភើរ យូថាហ៍ ។ គាត់​បាន​មើល​កាត់​ជ្រលងភ្នំ ហើយ​ក៏​អាច​មើល​ឃើញ​ព្រះវិហារ​បរិសុទ្ធ យ័រដាន់ រីវើរ ព្រះវិហារ​បរិសុទ្ធ អូហ្គ័រ ម៉ោនធិន និង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ពី​ចម្ងាយ​ផងដែរ ។ រួច​ក៏​មាន​គំនិត​មួយ​ក្នុង​ចិត្ត​គាត់ ៖ « តើ​អ្នក​ជឿ​ឬ​អត់ ? »

គាត់​និយាយ​អំពី​បទពិសោធន៍​នេះ ៖

« ខ្ញុំ​បាន​រៀន​អំពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ [ ថា ] ‹ ក្រុម​គ្រួសារ​គឺ​និរន្តរ៍ › ពី​ក្នុង​ថ្នាក់​ថ្នាក់​បឋម​សិក្សា និង​ថ្នាក់​យុវនារី ។ ខ្ញុំ​បាន​ចែកចាយ​សារលិខិត​អំពី​ក្រុម​គ្រួសារ​ទៅ​កាន់​មនុស្ស​ល្អៗ​នៅ​ប្រទេស​ម៊ិកស៊ីកូ ក្នុង​បេសកកម្ម​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច​របស់​ខ្ញុំ​សម្រាប់​ជីវិត​នេះ និង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​បង្រៀន​មេរៀន​ជាច្រើន​អំពី​ក្រុមគ្រួសារ កាលបម្រើ​ជា​អ្នកដឹកនាំ​យុវនារី ហើយ​ខ្ញុំ​បាន​ចែកចាយ​រឿងជា​ច្រើន​អំពី​ក្រុម​គ្រួសារ​ដ៏​និរន្ដរ៍​ជាមួយ​នឹង​កូនៗ​របស់​ខ្ញុំ​នៅ​រាត្រីជួបជុំ​ក្រុម​គ្រួសារ ។ ខ្ញុំ​បាន​ដឹង​ពី​រឿង​នេះ ប៉ុន្តែ​តើ​ខ្ញុំ​ពិតជា​បាន​ជឿ​ឬ​ទេ ? ខ្ញុំ​ទទួល​បាន​ចម្លើយ​រមួយ​រំពេច កាល​សំណួរ​នេះ​បាន​មាន​ក្នុង​គំនិត​ខ្ញុំ ៖ ព្រះវិញ្ញាណ​បាន​បញ្ជាក់​នៅក្នុង​ដួង​ចិត្ត​ខ្ញុំ និង​គំនិត​ខ្ញុំ​អំពី​ចម្លើយ​ដែល​ខ្ញុំ​បាន​ដឹង​រួច​ហើយ​—ខ្ញុំ​ជឿ​រឿង​នេះ​មែន !

« នៅគ្រា​នោះ​ខ្ញុំ​បាន​បើក​ដួងចិត្ត​ខ្ញុំ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ថ្លែង​អំណរគុណ​ទ្រង់​ចំពោះ​ចំណេះ​ដឹង និង​ជំនឿ​ដែល​ខ្ញុំ​មាន​ថា ក្រុមគ្រួសារ​ពិត​ជា​មាន​ជា​និរន្ដរ៍ ។ ខ្ញុំ​អរគុណ​ទ្រង់​ចំពោះ​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​បាន ។ ខ្ញុំ​បាន​អរគុណ​ទ្រង់​ចំពោះ​កូនប្រុស​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ឲ្យ​ដឹង​ថា ប្រសិន​បើ​ទ្រង់​ចាំបាច់​ត្រូវ​នាំ​កូន អេថាន ខ្ញុំ​ត្រឡប់​ទៅ​គេហដ្ឋាន​សួគ៌​របស់​ទ្រង់​វិញ នោះ​ខ្ញុំ​យល់​ព្រម ។ ខ្ញុំ​បាន​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ទាំងស្រុង ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​ជួប អេថាន ម្ដងទៀត ។ ខ្ញុំ​មាន​អំណរគុណ​ដែល​នៅ​គ្រា​ដ៏​សំខាន់​នេះ នោះ​ខ្ញុំ​មាន​ចំណេះដឹង ហើយ​ជឿ​ថា ដំណឹងល្អ​គឺ​ជា​ការ​ពិត ។ ខ្ញុំ​មាន​ភាព​សុខសាន្ដ » ។​

អេថាន បាន​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍​នៅក្នុង​មន្ទីរពេទ្យ ទទួល​ការ​មើល​ថែ​ពី​ពេទ្យ​ជំនាញ ។ ការអធិស្ឋាន ការ​តម​អាហារ និង​សេចក្ដី​ជំនឿ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់ បូក​រួម​នឹង​ការ​មើល​ថែ​នោះ បាន​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ពី​មន្ទីរពេទ្យ ហើយ​ត្រឡប់​ទៅផ្ទះ​នៅ​ជាមួយ​នឹង​គ្រួសារ​គាត់​វិញ ។ គាត់​មាន​សុខភាព​ល្អ ហើយ​សុខ​សប្បាយ​នា​សព្វ​ថ្ងៃនេះ ។

គ្រួសារ​ខានេស្កា
អេថាន ខានេស្កា​បាន​ជាសះស្បើយ

គ្រា​ដ៏សំខាន់​នេះ​បាន​បញ្ជាក់​ដល់ មីឆែល ថា អ្វី​ដែល​គាត់​បាន​រៀន​ពេញ​មួយ​ជីវិត​គាត់ គឺ​មាន​ហួស​ពី​ពាក្យសម្ដី​ទៅទៀត វា​គឺ​ជា​ការ​ពិត ។

តើ​ពេល​ខ្លះ​យើង​ស៊ាំ​ខ្លាំង​ពេក​ទៅនឹង​ពរជ័យ​នានា​ដែល​យើង​បាន​ទទួល​ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ រហូត​ដល់​យើង​ខក​មិន​បាន​យល់​ពី​អព្ភូតហេតុ និង ឫទ្ធានុភាព​នៃ​ភាព​ជា​សិស្ស​នៅក្នុង​សាសនា​ចក្រ​ដ៏​ពិត​របស់​ព្រះអម្ចាស់​ឬ​ទេ ? តើ​យើង​ធ្លាប់​សោក​ស្ដាយ​ចំពោះ​ការគ្មាន​អំណរគុណ​សម្រាប់​អំណោយ​ទាន​ដ៏​មហិមា​បំផុត​ដែល​យើង​អាច​ទទួល​បាន​ក្នុង​ជីវិត​នេះ​ឬ​ទេ ? ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​បង្រៀន​ថា « បើ​សិនជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​អ្នក​នឹង​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​អំណោយ​ទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយ​ទាន​ទាំងឡាយ​នៃ​ព្រះ » ។

យើង​ជឿ​ថា សាសនា​ចក្រ​នេះ​គឺ​លើស​ពី​កន្លែង​ល្អ​មួយ​ដើម្បី​គ្រាន់​តែទៅ​នៅ​ថ្ងៃ​អាទិត្យ ហើយ​រៀន​ដើម្បី​ធ្វើ​ជា​មនុស្ស​ល្អ ។ វា​លើស​ពី​ក្លឹប​សង្គម​គ្រីស្ទាន​ជា​ទីស្រឡាញ់​មួយ ដែល​យើង​អាច​ទាក់ទង​នឹង​មនុស្ស​ដែល​មាន​សីលធម៌​ល្អ ។ វា​ពុំ​គ្រាន់តែ​ជា​កន្លែង​ដែល​មាន​គំនិត​ល្អៗ ដែល​ឪពុក​ម្ដាយ​អាច​យក​ទៅ​បង្រៀន​កូន​ចៅ​របស់​ពួកគេ​នៅ​ក្នុង​ផ្ទះ ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​មនុស្ស​មាន​ការទទួល​ខុសត្រូវ និង​ជា​មនុស្ស​ល្អ​ប៉ុណ្ណោះ​ទេ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពិត​ជា​មាន​លើស​ពី​អ្វីៗ​ទាំង​អស់​នេះ ។

ចូរ​គិត​មួយ​សន្ទុះ​អំពី​សិទ្ធិ​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅក្នុង​សាសនា​ចក្រ​នេះ ។ យើង​ជឿ​ថា​សាសនា​ចក្រ​ដដែល​ដែល​ព្រះយេស៊ូវ​បាន​ស្ថាបនា​កាល​ពី​ទ្រង់​គង់​នៅ​លើ​ផែនដី​នេះ ត្រូវ​បាន​ស្ដារឡើងវិញ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ព្យាការី​ម្នាក់ ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​នៅ​ជំនាន់​របស់​យើង ហើយ​ថា​អ្នក​ដឹកនាំ​របស់​យើង​កាន់​អំណាច និង​សិទ្ធិ​អំណាច​ដូចគ្នា​ដែល​ពួកសាវក​ពី​បុរាណ​កាន់​ដើម្បី​ធ្វើ​កិច្ចការ​នៅក្នុង​ព្រះនាម​របស់​ព្រះ ។ វា​ត្រូវបាន​ហៅ​ថា​ជា​បព្វជិតភាព​នៃ​ព្រះ ។ យើង​សូម​ប្រកាស​ថា តាមរយៈ​សិទ្ធិ​អំណាច​ដែល​បាន​ស្ដារឡើង​វិញ​នេះ យើង​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​សង្គ្រោះ ដូចជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​រីករាយ​នឹង​អំណោយ​ទាន​ដ៏​បរិសុទ្ធ និង​ផូរផង់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​គង់​នៅ​ជាមួយ​យើង​គ្រប់​ពេលវេលា ។ យើង​មាន​ពួកសាវក និង​ពួក​ព្យាការី​កំពុង​ដឹកនាំ និង​ណែនាំ​សាសនាចក្រ​នេះ​តាមរយៈ​កូនសោ​បព្វជិតភាព ហើយ​យើង​ជឿ​ថា ព្រះ​មាន​បន្ទូល​មកកាន់​កូនចៅ​របស់​ទ្រង់​តាម​រយៈ​ពួក​ព្យាការី​ទាំង​នេះ ។

យើង​ក៏​ជឿ​ដែរ​ថា អំណាច​បព្វជិតភាព​នេះ ធ្វើ​ឲ្យ​មាន​ការ​ចុះ​សេចក្ដីសញ្ញា និង​ការ​ទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ដែល​នៅថ្ងៃ​ណា​មួយ នឹង​អាច​ឲ្យ​យើង​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ ហើយ​រស់នៅ​ជាមួយ​នឹង​ទ្រង់​ជា​រៀង​រហូត ។ យើង​ក៏​សូម​ប្រកាស​ផង​ដែរ​ថា តាមរយៈ​អំណាច​នេះ ក្រុម​គ្រួសារ​អាច​ត្រូវ​បាន​ចង​ភ្ជាប់​គ្នា​សម្រាប់​ភាព​អស់កល្ប​ជានិច្ច នៅពេល​គូ​ស្វាមី​ភរិយា​ចូល​ទៅ​ក្នុង​សេចក្ដីសញ្ញា​អាពាហ៍ពិពាហ៍​ថ្មី និង​អស់កល្បជានិច្ច​នៅ​ក្នុង​អគារ​ដ៏​ពិសិដ្ឋ​ដែល​យើង​ជឿ​ថា​គឺ​ជា​ដំណាក់​របស់​ព្រះ​ដ៏​ពិត​នោះ ។ យើង​ជឿ​ថា យើង​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​សង្គ្រោះ​ទាំងនេះ សម្រាប់​ខ្លួន​យើង​ផង និង​សម្រាប់​ជីដូនជីតា​របស់​យើង​ផង ដែល​គាត់​បាន​រស់នៅ​លើ​ផែនដី​នេះ តែ​គ្មាន​ឱកាស​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​សង្គ្រោះ​សំខាន់ៗ​ទាំងនេះ ។ យើង​ជឿ​ថា យើង​អាច​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់​យើង​តាមរយៈ​ការ​ធ្វើ​ពិធី​ជំនួស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងនេះ ។

យើង​ជឿ​ថា តាមរយៈ​ព្យាការី​ម្នាក់ និង​ព្រះចេស្ដា​នៃ​ព្រះ នោះ​យើង​បាន​ទទួល​បទគម្ពីរ​បន្ថែម បន្ថែមពី​លើ​ទីបន្ទាល់​ដែល​ថា​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ប្រកាស​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភព​លោក ។

យើង​សូម​ប្រកាស​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​នគរ​របស់​ព្រះ និង​ជា​ព្រះវិហារ​ដ៏​ពិត​តែ​មួយ​គត់​នៅ​លើ​ផែនដី​នេះ ។ វា​ត្រូវ​បាន​ហៅ​ថា​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​សារ​ទ្រង់​គង់​នៅជា​សិរិសារ​វា​គឺ​ជា​សាសនា​ចក្រ​របស់​ទ្រង់ ហើយ​អ្វីៗ​ទាំងអស់​នេះ កើត​មាន​ឡើង​បាន​ដោយ​សារ​តែ​ពលិកម្ម​ដង្វាយ​ធួន​របស់​ទ្រង់ ។

យើង​ជឿ​ថា លក្ខណៈ​ដ៏​ពិសេស​ទាំងនេះ មិន​អាច​រក​មាន​នៅ​កន្លែង​ផ្សេង ឬ​អង្គការ​ផ្សេង​ទៀត​នៅលើ​ផែនដី​នេះ​ទេ ។ ទោះជា​ព្រះវិហារ និង​សាសនា​ផ្សេង​ទៀត​ល្អ និង​ស្មោះត្រង់​ក្ដី​ក៏​ពួកគេ​គ្មាន​សិទ្ធិ​អំណាច​ដើម្បី​ផ្ដល់​ពិធី​បរិសុទ្ធ​សង្គ្រោះ​ដែល​មាន​នៅ​ក្នុង​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ ។

យើង​មាន​ចំណេះ​ដឹង​អំពី​រឿង​ទាំងអស់​នេះ ប៉ុន្តែ​សួរថា តើ​យើង​ជឿ​វា​ឬ​ទេ ? ប្រសិន​បើ​រឿង​ទាំង​នេះ​គឺ​ជា​ការ​ពិត នោះ​យើង​មាន​សារលិខិត​នៃ​ក្ដីសង្ឃឹម និង​ជំនួយ​កាន់តែ​អស្ចារ្យ​បំផុត ដែល​ពិភព​លោក​ពុំ​ធ្លាប់​មាន​ពី​មុន ។ ការ​ជឿ​ទៅលើ​រឿង​នេះ មាន​​សារៈសំខាន់​ដ៏​អស់​កល្ប​ជានិច្ច​ចំពោះ​យើង និង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​យើង​ស្រឡាញ់ ។

ដើម្បី​ជឿ យើង​ចាំបាច់​ត្រូវ​ដកយក​ដំណឹងល្អ​ចេញពី​គំនិត​របស់​យើង​មក​ដាក់​នៅក្នុង​ដួងចិត្ត​របស់​យើង ! វា​ស្រួល​ទេ បើ​គ្រាន់​តែ​រស់នៅ​តាម​ដំណឹងល្អ​ដោយ​គ្មាន​អារម្មណ៍​នោះ ដោយសារ​វា​ត្រូវ​បាន​រំពឹង​ទុក​ដូច្នោះ ឬ​ដោយសារ​វា​ជា​វប្បធម៌​ដែល​យើង​ធំ​ឡើង​ជា​មួយ ឬ​ដោយសារ​តែ​វា​ជា​ទម្លាប់​មួយ ។ មនុស្ស​ខ្លះ​ប្រហែល​ជា​ពុំ​ទាន់​ទទួល​បទពិសោធន៍​ដែល​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​ទទួល បន្ទាប់ពី​ពួកគេ​បាន​ស្ដាប់​ឮ​ទេសនកថា​ដ៏​លើក​ទឹកចិត្ត​របស់​ទ្រង់​ទេ ៖ « ពួកគេ​ទាំងអស់​គ្នា​បាន​ស្រែក​ឡើង​ព្រម​គ្នា​ថា ៖ ព្រះ​ពរ យើង​ខ្ញុំ​ជឿ​តាម​ពាក្យ​ទាំង​អស់​ដែល​ស្ដេច​មាន​បន្ទូល​មក​កាន់​ពួក​យើង ហើយ​យើង​ខ្ញុំ​ក៏​ដឹង​ពី​ការជាក់លាក់ និង ការ​ពិត​នៃ​ពាក្យ​ទាំង​នោះ​ដែរ ពី​ព្រោះ​តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ដែល​បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួកយើង ឬ ក៏​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » ។​

យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ដួងចិត្ត និង ធម្មជាតិ​របស់​យើង​បាន​ផ្លាស់ប្ដូរ ដើម្បី​យើង​ឈប់​មាន​បំណង​ដើម្បី​ធ្វើ​តាម​ផ្លូវ​របស់​លោកិយ ប៉ុន្ដែ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ទ័យ​វិញ ។ ការ​ប្រែចិត្ត​ជឿ​ពិត គឺ​ជា​ដំណើរ​ការ​មួយ​ដែល​ត្រូវការ​ពេល​វេលា ហើយ​ទាក់ទង​នឹង​ការ​ស្ម័គ្រចិត្ត​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ ។ វា​កើត​មាន​នៅពេល​យើង​ស្រាវជ្រាវ​ក្នុង​បទគម្ពីរ ពុំ​មែន​អ៊ិនធើរណិត​ទេ ។ វា​កើត​មាន នៅពេល​យើង​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ ។ ការ​ប្រែចិត្តជឿ​កើតមាន នៅពេល​យើង​បម្រើ​ដល់​អ្នក​ទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង ។ វា​កើត​មកពី​ការ​អធិស្ឋាន​ដោយ​ស្មោះ ការ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ហើយ​បំពេញ​តាម​ទំនួល​ខុសត្រូវ​ដែល​ព្រះ​ប្រទាន​ដល់​យើង​ដោយ​ស្មោះត្រង់ ។ វា​ត្រូវ​ការ​នូវ​ភាពខ្ជាប់​ខ្ជួន និង​កិច្ចខិតខំ​ប្រចាំ​ថ្ងៃ ។

ជាញឹកញាប់​គេ​សួរ​ខ្ញុំថា « តើ​ឧបសគ្គ​ដ៏​ធំ​បំផុត​ដែល​យុវវ័យ​របស់​យើង​កំពុង​ប្រឈម​មុខ​នៅ​សព្វថ្ងៃ​នេះ​គឺ​ជា​អ្វី ? » ខ្ញុំ​សូម​ឆ្លើយ​ថា ខ្ញុំ​ជឿ​ថា​បច្ចុប្បន្ន​នេះ​វា​គឺ​ជា​ឥទ្ធិពល​របស់ « អគារ​ដ៏​ធំ និង​ទូលាយ » នៅក្នុង​ជីវិត​រស់​នៅ​របស់​យើង ។ប្រសិន​បើ​ព្រះគម្ពីរ​មរមន ត្រូវ​បាន​សរសេរ​យ៉ាង​ជាក់លាក់​សម្រាប់​ជំនាន់​របស់​យើង នោះ​ប្រាកដ​ណាស់​ថា យើង​មិន​អាច​ភ្លេច​ភ្ជាប់​សារលិខិត​នៅក្នុង​ការ​និមិត្ត​របស់​លីហៃ​អំពី​ដើម​ឈើ​ជីវិត និង​ឥទ្ធិពល​ពី​អ្នក​ដែល​ចង្អុល​ដៃ និង​ចំអក​មក​ពី​អគារ​ដ៏​ធំ និង​ទូលាយ​ប្រដូច​មក​យើង​ទាំងអស់​គ្នា​នោះ​ទេ ។

អ្វី​ដែល​ខ្ញុំ​សោក​ស្ដាយ​បំផុត​នោះ​គឺ​ជា ការពិពណ៌នា​ពី​អ្នក​ទាំងឡាយ​ដែល​បាន​ពុះពារ​ឆ្លងកាត់​អ័ព្ទ​នៃ​សេចក្តី​ងងឹត​នៅលើ​ផ្លូវ​តូច និង​ចង្អៀត បាន​តោង​យ៉ាង​ជាប់​ទៅនឹង​ដំបងដែក បាន​ទៅ​ដល់​គោលដៅ​របស់​គេ ហើយ​បាន​ចាប់​ផ្ដើម​ភ្លក់​រសជាតិ​ដ៏​បរិសុទ្ធ និង​ដ៏​ឆ្ងាញ់​នៃ​ផ្លែ​ដើម​ឈើ​ជីវិត​ហើយ ។ បន្ទាប់មក​បទគម្ពីរ​ប្រាប់​ថា អ្នក​ទាំង​ឡាយ​ដែល​មាន​សម្លៀក​បំពាក់​ស្អាតៗ​នៅក្នុង​អគារ​ដ៏​ធំ និង​ទូលាយ « នៅ​ក្នុង​អាកប្បកិរិយា​ចំអក​ឡក​ឡឺយ ហើយ​ចង្អុល​ដៃខ្លួន​ទៅរក​ពួក​អ្នក​ដែល​បាន​ទៅដល់ ហើយ​កំពុង​តែ​ទទួល​ទាន​ផ្លែឈើ​នោះ ។

« ហើយ ​បន្ទាប់ពី​ពួកគេ​បាន​ភ្លក់​ផ្លែឈើ​នោះ​ហើយ នោះ​ពួកគេ​មានការ​ខ្មាសអៀន ពីព្រោះ​តែ​ពួកអ្នក​ដែល​ចំអក​ដាក់​គេ ហើយ​ពួកគេ​បាន​ធ្លាក់​តាមផ្លូវ​ហាមឃាត់​ទាំង​ឡាយ ហើយ​រង្វេង​បាត់​អស់ទៅ » ។

ខគម្ពីរ​ទាំងនេះ​បាន​ពិពណ៌នា​អំពី​ពួក​យើង ដែល​មាន​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​យើង​ហើយ ។ ទោះជា​យើង​កើត​មក​ក្នុង​ដំណឹង​ល្អ ឬ​ត្រូវ​ពុះពារ​ឆ្លងកាត់​អ័ព្ទ​នៃ​សេចក្ដីងងឹត​ដើម្បី​ស្វែងរក​វា​ក្ដី យើង​បាន​ភ្លក់​រសជាតិ​នៃ​ផ្លែឈើ​នេះ ដែល « ពិសេស ហើយ​គួរ​ឲ្យ​ប្រាថ្នា​ជាង​ផ្លែ​ណាៗ​ទាំងអស់ » ហើយ​មាន​សក្ដានុពល​ដើម្បី​នាំ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​មក​ដល់​យើង ដែល « ជា​អំណោយ​ទាន​ដ៏​មហិមា​បំផុត​នៃ​ព្រះ » ។ យើង​គ្រាន់​តែ​ត្រូវ​បន្ដ​ទទួល​ទាន​ផ្លែឈើ ហើយ​កុំ​ស្ដាប់​តាម​អ្នក​ទាំង​ឡាយ​ដែល​ចំអក​ដល់​ជំនឿ​របស់​យើង ឬ​អ្នក​ទាំងឡាយ​ដែល​ចូល​ចិត្ត​បង្កើត​ការ​សង្ស័យ ឬ​អ្នក​ទាំង​ឡាយ​ដែល​ស្វែងរក​កំហុស​ពី​អ្នក​ដឹកនាំ និង​គោលលទ្ធិ​របស់​សាសនាចក្រ ។ វា​គឺ​ជា​ជម្រើស​មួយ​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ—​ដើម្បី​ជ្រើសរើស​យក​សេចក្ដី​ជំនឿ ជាជាង​ភាព​សង្ស័យ ។ អែលឌើរ អិម រ័សុល បាឡឺដ បាន​លើក​ទឹកចិត្ត​យើង​ឲ្យ « ជិះ​នៅលើ​ទូក ពាក់​អាវ​ពោង​របស់​អ្នក ហើយ​កាន់​ឲ្យ​ជាប់​ដោយ​ដៃ​ទាំងពីរ » ។

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ពិត​របស់​ព្រះ​អម្ចាស់ យើង​បាន​ជិះ​នៅលើ​ទូក​រួច​ទៅ​ហើយ ។ យើង​ពុំ​ចាំបាច់​ត្រូវ​ទៅ​ស្រាវជ្រាវ​ទស្សនវិជ្ជា​របស់​លោកិយ ដើម្បី​រក​សេចក្ដីពិត​ដែល​នឹង​ផ្ដល់​ការលួងលោម​ចិត្ត ជំនួយ និង​ការ​ដឹកនាំ​ដើម្បី​នាំ​យើង​ទៅកាន់​ទី​សុវត្ថិភាព​ឆ្លងកាត់​ការសាកល្បង​នៃ​ជីវិត—ដែល​យើង​មាន​រួច​ទៅ​ហើយ​នោះ​ទេ ! ដូចជា​ម្ដាយ​របស់ អេថាន អាច​ពិនិត្យ​មើល​ជំនឿ​ដែល​នាង​ជឿ​មកជាយូរ ហើយ​ប្រកាស​ដោយ​ទំនុក​ចិត្ត​នៅក្នុង​គ្រា​ដ៏​សំខាន់​ថា « ខ្ញុំ​ពិតជា​ជឿ » ដូច្នេះ​យើង​ក៏​អាច​ជឿ​បាន​ដូចគ្នា !

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា សមាជិកភាព​របស់​យើង​នៅក្នុង​នគរ​របស់​ព្រះអម្ចាស់ គឺ​ជា​អំណោយ​មួយ​ដែល​មាន​តម្លៃ​មិន​អាច​វាស់​បាន ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ និង​ភាពសុខ​សាន្ដ​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​គោរព​ប្រតិបត្តិ និង​ស្មោះ​ត្រង់ មាន​លើស​ពី​អ្វីៗ​ដែល​គំនិត​មនុស្ស​អាច​យល់​បាន ។ ខ្ញុំ​សូម​បន្សល់​ទីបន្ទាល់​នេះ​នឹង​បងប្អូន ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។