ឆ្នាំ ២០១០-២០១៩
« អ្នក​ណា​ដែល​ទទួល​ពួកគេ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ​ហើយ »
ខែ មេសា 2016


13:59

« អ្នក​ណា​ដែល​ទទួល​ពួកគេ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ​ហើយ »

យើង​ត្រូវ​ឈោង​ជួយ​យុវវ័យ​ដែល​មាន​អារម្មណ៍​ថា​ឯកោ ត្រូវទុក​ចោល ឬ នៅ​ក្រៅ​របង ។

ព្រះ​ស្រឡាញ់​កូនក្មេង ។ ទ្រង់​ស្រឡាញ់​ក្មេងៗ​ទាំងអស់ ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ទុក​ឲ្យ​កូន​ក្មេង …មក​ឯ​ខ្ញុំ​ចុះ ៖ ដ្បិត​នគរ​ស្ថានសួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា » ។

កូន​ក្មេង​សព្វ​ថ្ងៃ​នេះ ឃើញ​ថា​ពួកគេ​ស្ថិត​នៅក្នុង​ស្ថានភាព​គ្រួសារ​ដែល​ផ្សេងៗ​ពី​គ្នា និង មាន​ភាពសាំញុំា ។

ឧទាហរណ៍ សព្វ​ថ្ងៃ​នេះ មាន​កុមារ​ជាច្រើន​នៅក្នុង​សហរដ្ឋ​កំពុង​រស់នៅ​ជាមួយ​នឹង​ឪពុក ឬ ម្ដាយ​ទោល​មាន​ចំនួន​ពីរដង​ច្រើន​ជាង​កាល​ពី ៥០ ឆ្នាំ​មុន ។ ហើយ​មាន​ក្រុមគ្រួសារ​ជាច្រើន ដែល​មិនសូវ​មាន​សាមគ្គីភាព​នៅក្នុង​សេចក្ដីស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះ ហើយ​មិនសូវ​ចង់​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

នៅក្នុង​ការភ័ន្តច្រឡំ​ខាង​វិញ្ញាណ​ដែល​កើន​ឡើង​នេះ ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​នឹង​បន្ត​ផ្តល់​នូវ​បទដ្ឋាន គំរូ និង លំនាំ​របស់​ព្រះអម្ចាស់ ។

« កូនចៅ​មាន​សិទ្ធិ នឹង​ទទួល​កំណើត មក​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ ហើយ​និង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុក និង ម្តាយ​ដែល​គោរព​ប្រតិបត្តិ​តាម​សច្ចា​នៃ​អាពាហ៍ពិពាហ៍​ដោយ​ស្មោះត្រង់​ទាំងស្រុង ។ …

ស្វាមី និង ភរិយា​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​ឧឡារិក ដើម្បី​ស្រឡាញ់ និង ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង កូន​ចៅ របស់​ខ្លួន​ផងដែរ ។ … ឪពុក​ម្តាយ មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន ដោយ​ក្តី​ស្រឡាញ់ និង សេចក្តី​សុចរិត ផ្គត់ផ្គង់ សេចក្តី​ត្រូវការ ទាំង​ខាង​រូបកាយ និង ខាង​វិញ្ញាណ​របស់​ពួកគេ និង បង្រៀន​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់ និង បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក [ និង ] ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ » ។

យើង​ទទួល​ស្គាល់​ឪពុក​ម្តាយ​ល្អៗ​ជាច្រើន​នៅ​គ្រប់​ជំនឿ​សាសនា​ទូទាំង​ពិភពលោក ដែល​យកចិត្ត​ទុកដាក់​ស្រឡាញ់​ដល់​កូនៗ​របស់​ពួកគេ ។ ហើយ​យើង​សូម​ទទួល​ស្គាល់​ដោយ​អំណរគុណ​ចំពោះ​គ្រួសារ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​មាន​ឪពុក និង ម្តាយ​ដែល​បាន​ប្រែចិត្ត​ជឿ​លើ​ព្រះអង្គសង្គ្រោះ​មាន​ការខ្វល់ខ្វាយ​ចំពោះ​ពួកគេ ដែលបាន​ផ្សារភ្ជាប់​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ហើយ​ដែល​កំពុង​រៀន​នៅក្នុង​គ្រួសារ​ខ្លួន ឲ្យ​ចេះ​ស្រឡាញ់ និង ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ប៉ុន្ដែ​ថ្ងៃ​នេះ​ខ្ញុំ​សុំ​អង្វរ​ករ​ដល់​កុមារ យុវវ័យ និង យុវមជ្ឈិមវ័យ​រាប់រយពាន់​នាក់ ដែល​មិន​បាន​កើត​មក​ក្នុង​គ្រួសារ​បែប​នេះ ដែល​ខ្វះ​នូវ​ពាក្យ​ថា​ក្រុមគ្រួសារ « ដ៏​ល្អ​ឥតខ្ចោះ » ។ ខ្ញុំ​មិន​គ្រាន់តែ​និយាយ​ចំពោះ​យុវវ័យ​ដែល​មាន​បទពិសោធន៍​ដូច​ជា​មាន ម្តាយ​ឪពុក​ស្លាប់ លែងលះ​គ្នា ឬ ចុះ​អន់ថយ​សេចក្តី​ជំនឿ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​និយាយ​ទៅ​កាន់​យុវជន​យុវនារី​រាប់ម៉ឺន​នាក់​នៅ​ជុំ​វិញ​ពិភពលោក ដែល​ទទួល​យក​ដំណឹង​ល្អ ដោយ​គ្មាន​ម្តាយ ឬ ឪពុក​មក​ព្រះវិហារ​ជាមួយ​ពួកគេ​ឡើយ ។

យុវវ័យ​ថ្ងៃ​ចុងក្រោយ​ទាំង​នេះ ចូលរួម​សាសនាចក្រ​ដោយ​មាន​ជំនឿ​យ៉ាង​ខ្លាំង​ក្លា ។ ពួកគេ​សង្ឃឹម​ថា នឹង​បង្កើត​គ្រួសារ​ដ៏​ល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​នា​ថ្ងៃ​អនាគត ។ ក្នុង​រយៈពេល​នេះ ពួកគេ​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា យុវមជ្ឈិមវ័យ​ដ៏​សុចរិត​របស់​យើង និង អស់​អ្នក​ដែល​បាន​លុត​ជង្គង់​នៅ​ឯ​ទី​អាសនា​ដើម្បី​ចាប់ផ្តើម​គ្រួសារ​ផ្ទាល់​ខ្លួន​ពួកគេ ។

យើង​នឹង​បន្ត​បង្រៀន​គំរូ​របស់​ព្រះអម្ចាស់​សម្រាប់​ក្រុមគ្រួសារ ប៉ុន្តែ​ឥឡូវ​នេះ​ជាមួយ​នឹង​សមាជិក​ជាច្រើន​លាន​នាក់ និង ភាពខុស​គ្នា​ជា​ច្រើន​ដែល​កូន​ក្មេង​នៃ​សាសនាចក្រ​មាន នោះ​យើង​ត្រូវតែ​គិតគូរ និង ដឹង​ឭ​ឲ្យ​កាន់តែ​ខ្លាំង​ឡើង ។ វប្បធម៌ និង ភាសា​និយាយ​ស្តី​ក្នុង​សាសនាចក្រ​យើង​គឺ​ស្ថិត​នៅ​ចំ​គ្រា​ដ៏​ពិសេស ។ ថ្នាក់​កុមារ​នឹង​មិន​ឈប់​ច្រៀង​បទ « ក្រុមគ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្តរ » ប៉ុន្តែ​នៅពេល​ពួកគេ​ច្រៀង « ខ្ញុំ​រីករាយ​ពេល​លោក​ប៉ា​មក​ផ្ទះ » ឬ « ខ្ញុំ​មាន​ឪពុក និង ម្តាយ​ជួយ​ដឹកនាំ​ផ្លូវ » មិនមែន​ក្មេងៗ​ទាំង​អស់​នឹង​ច្រៀង​អំពី​គ្រួសារ​ខ្លួន​ផ្ទាល់​នោះ​ទេ ។

មិត្តភក្តិ​របស់​យើង​ឈ្មោះ បែត បាន​ចែកចាយ​ពី​បទពិសោធន៍​មួយ​ដែល​គាត់​មាន​នៅ​ព្រះវិហារ​កាល​គាត់​អាយុ ១០ ឆ្នាំ ។ គាត់​បាន​ថ្លែង ៖ « គ្រូបង្រៀន​របស់​យើង​បាន​បង្រៀន​មេរៀន​មួយ​អំពី​អាពាហ៌ពិពាហ៌​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​បាន​សួរ​ខ្ញុំ​ជា​ពិសេស​ថា ‹ បែត ឪពុក​ម្តាយ​របស់​ប្អូន​មិន​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ មែន​ទេ ? › [ គ្រូ​របស់​ខ្ញុំ និង សិស្ស​នៅក្នុង​ថ្នាក់​ទាំងអស់ ] បាន​ដឹង​ពី​ចម្លើយ​នោះ » ។ ក្រោយ​មក​គ្រូ​បាន​បង្រៀន​មេរៀន​នោះ ហើយ​បែត​បាន​គិត​ស្រមៃ​ពី​ការណ៍​ដ៏​សោកសៅ​នោះ ។ បែត​បាន​និយាយ​ថា « ខ្ញុំ​បាន​យំ​អស់​ជា​ច្រើន​យប់ ។ ពីរ​ឆ្នាំ​ក្រោយ​មក​ពេល​ខ្ញុំ​មាន​ជំងឺ​បេះដូង ហើយ​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នឹង​ស្លាប់ នោះ​ខ្ញុំ​ភ័យ​រន្ធត់ ដោយ​គិត​ថា ខ្ញុំ​នឹង​នៅ​ឯកោ​រហូត​ហើយ » ។

មិត្ត​របស់​ខ្ញុំ លីហ្វ បាន​ចូលរួម​ព្រះវិហារ​ដោយ​ខ្លួន​ឯង ។ មាន​គ្រា​មួយ នៅ​អំឡុង​ថ្នាក់​អង្គការ​បឋម​សិក្សា គាត់​ត្រូវបាន​គេ​សុំ​ឲ្យ​ថ្លែង​សក្ខីភាព​ខ្លី​មួយ ។ គាត់​អត់​មាន​ម្តាយ ឬ ឪពុក​នៅ​ព្រះវិហារ​ឈរ​ក្បែរ​គាត់ ហើយ​ជួយ​គាត់​ឡើយ ប្រសិនបើ​គាត់​ភ្លេច​អ្វី​ដែល​ត្រូវ​និយាយ​នោះ ។ លីហ្វ​មាន​ការ​ភ័យ​ខ្លាច​ណាស់ ។ ដោយ​ចៀស​មិន​ចង់​ឲ្យ​ខ្មាស​គេ នោះ​គាត់​បាន​គេច​អត់​មក​ព្រះវិហារ​អស់​ជា​ច្រើន​ខែ ។

« ព្រះយេស៊ូវ​បាន​ហៅ​កូន​ក្មេង​តូច​មួយ​មក ដាក់​នៅ​កណ្តាល​ពួក​គេ …

« រួច [ មាន​បន្ទូល​ថា ] អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ » ។

កូន​ក្មេង និង យុវវ័យ​ទាំង​នេះ ត្រូវបាន​ប្រទាន​ពរ​ដោយ​ដួងចិត្ត​ដែល​ជឿ និង អំណោយទាន​ខាង ។ លីហ្វ​បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​ដឹង​យ៉ាង​ជាក់​ច្បាស់​ក្នុង​ចិត្ត​ខ្ញុំ​ថា ព្រះ​គឺ​ជា​ព្រះវរបិតា​របស់​ខ្ញុំ ហើយ​ថា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ស្រឡាញ់​ខ្ញុំ » ។

មិត្ត​របស់​យើង​ឈ្មោះ វើរ៉ូនីក បាន​និយាយ​ថា « ពេល​ខ្ញុំ​បាន​រៀន​គោលការណ៍​នៃ​ដំណឹងល្អ និង សិក្សា​ព្រះគម្ពីរ​មរមន ខ្ញុំ​ហាក់​ដូច​ជា​ចាំ​រឿងរ៉ាវ​ដែល​ខ្ញុំ​បាន​ដឹង ហើយ​ជា​រឿង​ដែល​ខ្ញុំ​បាន​ភ្លេច » ។

មិត្ត​របស់​យើង ស្ស៊ូលេកា មក​ពី​ទីក្រុង អាលើហ្គែត ប្រទេស ប្រេស៊ីល ។ ទោះបី​ជា​គ្រួសារ​នាង​ពុំ​ជឿ​លើ​សាសនា​ក្តី កាល​នាង​អាយុ ១២ ឆ្នាំ ស្ស៊ូលេកា បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​ប៊ីប ហើយ​ទៅ​ព្រះវិហារ​ក្នុង​មូលដ្ឋាន​នោះ ស្វែងរក​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ព្រះ ។ ដោយ​មាន​ការអនុញ្ញាត​ស្ទាក់ស្ទើរ​ចិត្ត​របស់​ឪពុក​ម្តាយ​នាង នោះ​នាង​បាន​សិក្សា​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ទទួល​ទីបន្ទាល់ ហើយ​បាន​ជ្រមុជទឹក ។ ស្ស៊ូលេកា​បាន​ប្រាប់​ខ្ញុំ ៖ « អំឡុង​ពេល​ការពិភាក្សា គេ​បាន​បង្ហាញ​រូបថត​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដល់​ខ្ញុំ ហើយ​បាន​ប្រាប់​អំពី​ពិធីបរិសុទ្ធ​នៃ​ការផ្សារ​ភ្ជាប់ ។ ចាប់​តាំង​ពីពេលនោះ​មក ខ្ញុំ​មាន​បំណង​ថា ថ្ងៃ​ណា​មួយ​នឹង​ចូល​ទៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​មាន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ » ។

ដោយសារ​ស្ថានភាព​របស់​កុមារ​នៅលើ​ផែនដី​នេះ​អាច​មិន​ល្អ​ឥតខ្ចោះ នោះ​មរដក​ខាង​វិញ្ញាណ​នៃ​កុមារ​គឺ​ល្អ​ឥតខ្ចោះ ដោយសារ​អត្តសញ្ញាណ​ដ៏​ពិត​របស់​កុមារ​គឺ​ថា​ពួកគេ​ជា​បុត្រា ឬ បុត្រី​របស់​ព្រះ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ថា ៖ « ចូរ​ជួយ​កូនចៅ​របស់​ព្រះ​ឲ្យ​យល់​ពី​អ្វី ដែល​ស្មោះត្រង់ និង សំខាន់​នៅក្នុង​ជីវិត​នេះ ។ ចូរ​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​កម្លាំង​ដើម្បី​ជ្រើសរើស​ផ្លូវ​ដែល​នឹង​រក្សា​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព​នៅលើ​ផ្លូវ​ទៅកាន់​ជីវិត​អស់​កល្ប​ជានិច្ច » ។១០ ចូរ​យើង​មាន​ចិត្ត​អាណិត​អាសូរ និង ជួយ​ពួកគេ​ឲ្យ​ច្រើន​ជាង​នេះ ។ យុវវ័យ​ទាំង​នេះ​ត្រូវការ​ពេលវេលា និង ទីបន្ទាល់​របស់​យើង ។

ប្រានដុន​បាន​ចូលរួម​សាសនាចក្រ​នៅក្នុង​ទីក្រុង កូឡូរ៉ាដូ កាល​រៀន​នៅ​វិទ្យាល័យ បាន​និយាយ​ប្រាប់​ខ្ញុំ ពេល​ខ្ញុំ​បាន​ទៅ​ជួយ​គាត់ ទាំង​មុន និង បន្ទាប់​ពី​បុណ្យ​ជ្រមុជទឹក​គាត់ ។ គាត់​និយាយ ៖ « ខ្ញុំ​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​គ្រួសារ​រស់នៅ​តាម​ដំណឹងល្អ ។ វា​បាន​បង្ហាញ​បទដ្ឋាន​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​មាន​វា​ក្នុង​គ្រួសារ​ខ្ញុំ​ផ្ទាល់ » ។

វើរ៉ូនីក បាន​កើត​នៅ​ប្រទេស នីឌើរលែន ចូលរៀន​នៅ​សាលា​ជាមួយ​កូនស្រី​របស់​យើង​ឈ្មោះ គ្រីស្ទីន កាល​យើង​រស់នៅ​ប្រទេស អាល្លឺម៉ង់ ។ វើរ៉ូនីក​បាន​សម្គាល់ ៖ « សិស្ស​ដែល​ជា​សមាជិក​សាសនាចក្រ​មាន​ពន្លឺ​មួយ​នៅក្នុង​ខ្លួន​ពួកគេ ។ ខ្ញុំ​បាន​ដឹង​ថា ពន្លឺ​នោះ​កើត​ឡើង​ពី​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការរស់​នៅ​តាម​ការបង្រៀន​របស់​ទ្រង់ » ។

មិត្ត​របស់​ខ្ញុំ​ឈ្មោះ ម៉ាស្ស​បាន​ជ្រមុជទឹក​កាល​គាត់​មាន​អាយុ​ប្រាំបី​ឆ្នាំ ។ ឪពុក​របស់​គាត់​មិន​មែន​ជា​សមាជិក​នៅ​ព្រះវិហារ​ណា​ឡើយ ហើយ​ម៉ាស្ស​អាច​ទៅ​ព្រះវិហារ​ក៏​បាន អត់​ទៅ​ក៏​បាន​ដែរ ។

កាល​នៅ​វ័យ​ជំទង់ បន្ទាប់ពី​មិន​បាន​ចូលរួម​ព្រះវិហារ​អស់​ជា​ច្រើន​ខែ​មក ម៉ាស្ស​មាន​អារម្មណ៍​ថា គាត់​ត្រូវតែ​ត្រឡប់​មក​ព្រះវិហារ​វិញ ហើយ​បាន​សម្រេច​ចិត្ត​ថា​គាត់​នឹង​ត្រឡប់​មក​វិញ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ។ ប៉ុន្តែ​ការតាំង​ចិត្ត​របស់​គាត់​បាន​ចុះ​ថយ​ទៅ​វិញ នៅពេល​គាត់​បាន​ទៅ​ដល់​ក្លោង​ទ្វារ​ព្រះវិហារ ហើយ​គាត់​ភិតភ័យ ។

នៅ​មាត់​ទ្វារ​នោះ​គឺ​ជា​ប៊ីស្សព​ថ្មី​ម្នាក់ ។ ម៉ាស្ស​មិន​ស្គាល់​គាត់​ទេ ហើយ​គាត់​មាន​អារម្មណ៍​ជឿជាក់​ថា ប៊ីស្សព​នោះ​មិន​ស្គាល់​គាត់​ឡើយ ។ នៅពេល​ម៉ាស្ស​បាន​ទៅ​មាត់​ទ្វារ ប៊ីស្សព​បាន​ញញឹម ហើយ​ចាប់​ដៃ​គាត់​និយាយ​ថា « ម៉ាស្ស រីករាយ​ណាស់​ដែល​ប្អូន​មក​ព្រះវិហារ ! »

ម៉ាស្ស​បាន​និយាយ​ថា « នៅពេល​គាត់​និយាយ​ពាក្យ​ទាំង​នោះ ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ធ្វើ​រឿង​ត្រឹមត្រូវ​ហើយ » ។១១

ការស្គាល់​ឈ្មោះ​របស់​មនុស្ស​ម្នាក់​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ ។

« ហើយ [ ព្រះយេស៊ូវ ] បាន​បញ្ជា​ឲ្យ​គេ​នាំ​កូន​ក្មេង​តូចៗ​[ មក​រក​ព្រះ​អង្គ ] ។ …

« ហើយ … ទ្រង់​បាន​យក [ ពួកគេ ] ម្ដង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់​ពួក​វា ។

« ហើយ​កាល​ទ្រង់​បាន​ធ្វើ​ការ​នេះ​ចប់​ហើយ នោះ​ទ្រង់​ក៏​ព្រះ​កន្សែង​ទៀត » ។១២

ដើម្បី​សូម​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ មាន​យុវវ័យ​ជា​ច្រើន​ដែល​ស្រឡាញ់​ដំណឹង​ល្អ​បាន​រង់ចាំ​អស់​ពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ជ្រមុជទឹក ។

ឪពុក​ម្តាយ​របស់ អ៊ីមីលី បាន​លែងលះ​គ្នា កាល​នាង​នៅ​ក្មេង ហើយ​នាង​ពុំ​បាន​ទទួល​ការអនុញ្ញត​ឲ្យ​ជ្រមុជទឹក​ឡើយ​រហូត​ដល់​នាង​អាយុ ១៥ ឆ្នាំ ។ មិត្ត​របស់​យើង អ៊ីមីលី​និយាយ​ពី​ភាពវិជ្ជមាន​អំពី​ថ្នាក់​ដឹកនាំ​យុវនារី​ម្នាក់​ដែល « តែងតែ​ទៅ​ជួប ហើយ​ជួយ​ពង្រឹង​ទីបន្ទាល់ [ របស់​នាង ] » ។១៣

ខលទិន និង ប្រេស្តុន​គឺ​ជា​យុវវ័យ​ដែល​រស់​នៅក្នុង​រដ្ឋ យូថាហ៍ ។ ឪពុក​ម្តាយ​របស់​ពួកគេ​លែងលះ​គ្នា ហើយ​ពួកគេ​ពុំ​ទទួល​ការអនុញ្ញាត​ឲ្យ​ជ្រមុជទឹក​ឡើយ ។ ទោះបី​ជា​ពួកគេ​មិន​អាច​ចែក​សាក្រាម៉ង់​ក្តី ពួកគេ​យក​នំបុ័ង​ទៅ​ព្រះវិហារ​រាល់​សប្តាហ៍ ។ ហើយ​ទោះបី​ជា​ពួកគេ​ពុំ​អាច​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ជាមួយ​យុវវ័យ នៅពេល​វួដ​របស់​ពួកគេ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ក្តី បងប្អូន​ប្រុស​ទាំង​ពីរនាក់​នេះ​បាន​ស្វែងរក​ឈ្មោះ​គ្រួសារ​ខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ដែល​មាន​នៅ​ជិត​នោះ ។ កម្លាំង​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​ការ​ជួយ​យុវវ័យ​របស់​យើង​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​មាន​គេ​រាប់អាន​នោះ​គឺ យុវវ័យ​សុចរិត​ដទៃ​ផ្សេង​ទៀត​នោះ​ឯង ។

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​គំរូ​មួយ​នៃ​មិត្តភក្តិ​ថ្មី​ម្នាក់ ជា​បុគ្គល​ម្នាក់​ដែល​យើង​បាន​ជួប​កាល​ពី​ពីរបី​សប្តាហ៍​មុន អំឡុង​ពេល​ទស្សនកិច្ច​នៅ​បេសកកម្ម សំប៊ី លូសាកា ។

យ៉ូសែប សិនហ្គូបា កាល​នៅ​ពីក្មេង

អែលឌើរ យ៉ូសែប សិនហ្គូបា​មក​ពី​ប្រទេស អ៊ូហ្គង់ដា ។ ឪពុក​របស់​គាត់​បាន​ស្លាប់​កាល​គាត់​អាយុ​ប្រាំ​ពីរ​ឆ្នាំ ។ ពេល​អាយុ​ប្រាំបួន​ឆ្នាំ ដោយសារ​ម្តាយ និង សាច់​ញាតិ​គាត់​ពុំ​អាច​ថែទាំ​គាត់​បាន នោះ​គាត់​បាន​រស់នៅ​ដោយ​ខ្លួន​ឯង ។ ពេល​អាយុ ១២ ឆ្នាំ គាត់​បាន​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ជ្រមុជទឹក ។

យ៉ូសែប បាន​ប្រាប់​ខ្ញុំ​ពី​ថ្ងៃ​ដំបូង​របស់​គាត់​នៅ​ព្រះវិហារ ៖ « បន្ទាប់​ពី​ការប្រជុំ​សាក្រាម៉ង់ ខ្ញុំ​បានគិត​ថា វា​ដល់​ម៉ោង​ទៅ​ផ្ទះ​ហើយ ប៉ុន្តែ​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់ យ៉ូស្វេ វ៉ាលូស៊ីមប៊ី ។ យ៉ូស្វេ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ធ្វើ​ជា​មិត្តភក្តិ​ខ្ញុំ ហើយ​គាត់​បាន​ហុច សៀវភៅ​ចម្រៀង​កុមារ មួយ​ក្បាល​ឲ្យ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ទៅ​ថ្នាក់​បឋមសិក្សា​ដោយ​ដៃ​ទទេ ។ ក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា យ៉ូស្វេ​បាន​ដាក់​កៅអី​បន្ថែម​មួយ​ទៀត​ជាប់​នឹង​កៅអី​គាត់ ។ ប្រធាន​ថ្នាក់​អង្គការ​បឋម​សិក្សា​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ឈរ​នៅ​ខាង​មុខ​សិស្ស ហើយ​សុំ​ឲ្យ​សិស្ស​ទាំងអស់​ច្រៀង​បទ ‹ ខ្ញុំ​ជា​កូន​របស់​ព្រះ › សម្រាប់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ណាស់ » ។

ប្រធាន​សាខា​បាន​នាំ យ៉ូសែប ទៅ​ឲ្យ​គ្រួសារ ផ្ជែ មុនហ្គូស្សា ហើយ​ទីនោះ​បាន​ក្លាយ​ជា​ផ្ទះ​របស់​គាត់​រយៈពេល​បួន​ឆ្នាំ​បន្ទាប់មក ។

អែលឌើរយ៉ូស្វេ វ៉ាលូស៊ីមប៊ី និង​យ៉ូសែប សិនហ្គូបា

ប្រាំ​បី​ឆ្នាំ​ក្រោយ​មក នៅពេល​អែលឌើរ យ៉ូសែប សិនហ្គូបា បាន​ចាប់ផ្តើម​បេសកកម្ម​របស់​គាត់ វា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ថា អ្នក​បំពាក់បំប៉ន​គាត់​នោះ​គឺ​ជា​អែលឌើរ យ៉ូស្វេ វ៉ាលូស៊ីមប៊ី គឺ​ជា​ក្មេង​ម្នាក់​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​គេ​ស្វាគមន៍​គាត់​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ដំបូង​របស់​គាត់​នៅ​ក្នុង​ថ្នាក់​បឋមសិក្សា​នោះ ។ ហើយ​តើ​នរណា​គេ​ជា​ប្រធាន​បេសកកម្ម​របស់​គាត់ ? គឺ​ប្រធាន លីហ្វ អ៊ីរីកសុន ដែល​ជា​ក្មេង​ម្នាក់​បាន​គេច​ពី​ថ្នាក់​បឋម​សិក្សា ដោយសារ​តែ​គាត់​ខ្លាច​អត់​ហ៊ាន​ឡើង​និយាយ​នោះ​ឯង ។ ព្រះ​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ។

អែលឌើរ យ៉ូសែប សិនហ្គូបា និង​ប្រធានលីហ្វ អ៊ីរីកសុន
អែលឌើរ អាន់ឌើរសិន នៅក្នុងសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

នៅពេល​ភរិយា​ខ្ញុំ ខាធី និង ខ្ញុំ​នៅ​ប្រទេស​អាហ្វ្រិក​កាល​ពី​ពីរបី​សប្តាហ៍​មុន យើង​បាន​ទៅ​ទីក្រុង ម៉ាហ៊ី ម៉ាយី នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ។ ដោយសារ​សាលាជំនុំ​មិន​ធំ​ទូលាយ​ល្មម​ដើម្បី​ដាក់​សមាជិក ២០០០ នាក់​បាន នោះ​យើង​បាន​ជួប​គ្នា​នៅ​ទី​ធ្លា​ខាង​ក្រៅ​អគារ ក្រោម​តង់​កៅស៊ូ​ធំ​មួយ​ដែល​ចង​តង់​នោះ​ភ្ជាប់​នឹង​សសរ​ឬស្សី ។ នៅពេល​ការប្រជុំ​ចាប់​ផ្តើម យើង​បាន​ឃើញ​ក្មេងៗ​ជាច្រើន​មើល​យើង ដោយ​យក​ដៃ​តោង​របា​នៅ​ខាង​ក្រៅ​របង​ដែក​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​ដី​នោះ ។ ខាធី​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ស្ងាត់ៗ​ថា « នែល តើ​បង​គិត​ចង់​ហៅ​ក្មេង​ទាំង​នោះ​ឲ្យ​ចូលមក​ឬ ? » ខ្ញុំ​បាន​ទៅ​រក​ប្រធាន​មណ្ឌល ខាលុនជី ដែល​នៅ​ឯ​វេទិកា ហើយ​បាន​សួរ​គាត់ ប្រសិន​បើ​គាត់​ចង់​ស្វាគមន៍​ដល់​ក្មេងៗ​នៅ​ខាង​ក្រៅ​របង​នោះ​ឲ្យ​ចូលរួម​ជាមួយ​ពួកយើង​នៅ​ខាង​ក្នុង ។

ក្មេងៗ​នៅ​ខាង​ក្រៅ​របង
ក្មេងៗ​បាន​អញ្ជើញ​ឲ្យ​មក​នៅ​ខាងក្នុង​របង

ដោយ​ក្តី​ភ្ញាក់ផ្អើល នៅពេល​ប្រធាន ខាលុនជី​បាន​ឲ្យ​ពួកគេ​ចូល ស្រាប់តែ​ក្មេងៗ​ទាំង​នោះ​មិន​ត្រឹមតែ​ដើរ​មក​ទេ ប៉ុន្តែ​គឺ​រត់​មក​តែ​ម្តង—លើស​ពី​៥០​នាក់​ប្រហែល​ជា ១០០ នាក់—អ្នក​ខ្លះ​ស្លៀក​ពាក់​ខោអាវ​រហែករយ៉ៃ ហើយ​អត់​មាន​ស្បែក​ជើង ប៉ុន្តែ​ពួកគេ​ទាំងអស់​គ្នា​មាន​ស្នាម​ញញឹម​ស្រស់​ស្រាយ និង ទឹកមុខ​រីករាយ ។

ខ្ញុំ​មាន​អារម្មណ៍​រំជួល​ចិត្ត​ជា​ខ្លាំង​ជាមួយ​បទពិសោធន៍​នេះ ហើយ​ចាត់ទុក​វា​ថា ជា​និមិត្ត​សញ្ញា​នៃ​តម្រូវការ​របស់​យើង ដើម្បី​ឈោង​ជួយ​យុវវ័យ​ដែល​មាន​អារម្មណ៍​ថា​ឯកោ ត្រូវទុក​ចោល ឬ នៅ​ក្រៅ​របង ។ ចូរ​ឲ្យ​យើង​គិត​ពី​ពួកគេ ស្វាគមន៍​ពួកគេ ឱប​ពួកគេ ហើយ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ … ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ​ដែរ ។១៤ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ម៉ាថាយ ១៩:១៤

  2. សូមមើល « Family Structure, » Child Trends DataBank (ខែ​ធ្នូ ឆ្នាំ ២០១៥), ឧបសម្ព័ន្ធ ១, ទំព័រ ៩, childtrends.org/databank ។

  3. «ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ កថាកណ្ឌទី ៧ និង ៦ ) ។

  4. ខ្ញុំ​ចង់​ទទួល​ស្គាល់​ដោយ​ផ្ទាល់​ដល់​ម្ដាយ​សុចរិត​រាប់​ម៉ឺន​នាក់ ភាគ​ច្រើន​ពួកគេ​ជា​ស្ត្រី​មេម៉ាយ ដែល​ធ្វើ​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​នេះ​ដោយ​ក្លាហាន​ដើម្បី​ពង្រឹង​កូនចៅ​ពួកគាត់​ខាង​វិញ្ញាណ ។ មិត្ត​យើង ស្សេលលី មក​ពី​ប្រទេស​កាណា​ដា បាន​ប្រាប់​ពី​ម្ដាយ​នាង ៖

    « ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​គោះទ្វារ​ផ្ទះ​ឪពុកម្ដាយ​ខ្ញុំ ពីមុន​ខ្ញុំ​កើត​ប្រាំ​ឆ្នាំ ។ ឪពុកម្ដាយ​ខ្ញុំ​រៀន​បាន​ពីរ​បី​មេរៀន រួច​ឪពុក​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទៀត​ឡើយ ។ ម្ដាយ​ខ្ញុំ​បាន​បន្ត​រៀន ហើយ​មាន​បំណង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ម្ដាយ​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ក្នុង​នាម​ជា​អ្នក​មិន​មែន​ជា​សមាជិក​អស់​រយៈពេល​ប្រាំ​ឆ្នាំ រួច​ក្រោយ​ពី​ខ្ញុំ​កើត​បាន​បីខែ គាត់​បាន​ជ្រមុជទឹក ។

    « ម្ដាយ​ខ្ញុំ​មិន​សូវ​ពូកែ​និយាយ ឬ​ស្ថិត​នៅ​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ​ធំៗ​នោះ​ទេ ។ គាត់​មាន​ទីបន្ទាល់​មួយ​សាមញ្ញ ផ្អែម​ល្ហែម ហើយ​រឹង​មាំ​បំផុត… ហើយ​គាត់​រស់​នៅ​ដោយ​មាន​ភក្ដីភាព​ចំពោះ​អ្វី​ដែល​គាត់​ជឿ​ជា​រៀង​រាល់​ថ្ងៃ ។ គំរូ​ដ៏​សាមញ្ញ ហើយ​ស្ងៀម​ស្ងាត់​នេះ​តែង​តែ​រក្សា​ខ្ញុំ​ឲ្យ​នៅ​ជិត​ព្រះអម្ចាស់ និង​សាសនាចក្រ » ។

  5. មិត្ត​យើង​ឈ្មោះ​រ៉េនដល បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​ត្រូវ​បាន​បង្រៀន ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ជា​បុត្រា​នៃ​ព្រះមាតា​បិតា​សួគ៌ ហើយ​ការ​ដឹង​ពី អត្តសញ្ញាណ និង​លក្ខណៈ​ពិត​របស់​ខ្ញុំ វា​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ខ្ញុំ​ថា ខ្ញុំ​មិន​ចាំ​បាច់​ដើរ​តាម​ផ្លូវ​ដដែល​ដែល​ឪពុកម្ដាយ​ខ្ញុំ ជា​មនុស្ស​ដែល​ខ្ញុំ​ស្ងើច​សរសើរ​ធ្លាប់​ដើរ​ឡើយ ។ ខ្ញុំ​បាន​ជឿ​លើ​អ្វី​ខ្ញុំ​បាន​ទទួល​ការ​បង្រៀន​ពី​គ្រូបង្រៀន​ថ្នាក់​អង្គ​បឋម​សិក្សា សាលា​ថ្ងៃ​អាទិត្យ និង​យុវជន ព្រមទាំង​គ្រូបង្រៀន​ផ្សេង​ទៀត ។ ខ្ញុំ​បាន​ឃើញ​គំរូ​នៅ​ក្នុង​វួដ និង​គ្រួសារ​ដ៏​រីករាយ ហើយ​ស្មោះ​ត្រង់​របស់​ខ្ញុំ ហើយ​ខ្ញុំ​ទុកចិត្ត​លើ​ព្រះវរបិតា​សួគ៌ ដោយ​ដឹង​ថា ប្រសិន​បើ​ខ្ញុំ​បន្ត​ស្មោះ​ត្រង់ នោះ​ទ្រង់​នឹង​ជួយ​ខ្ញុំ​ឲ្យ​មាន​គ្រួសារ​មួយ​បែប​នេះ »។

  6. « ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្តរ » សៀវភៅ​ចម្រៀង​កុមារទំព័រ ៩៨ ។

  7. « លោក​ប៉ា​មក​ផ្ទះ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១០ ។

  8. « និយាយ​ដោយ​ស្នេហ៍ » សៀវភៅ​ចម្រៀងកុមារ, ១៩០–៩១ ។

  9. ម៉ាថាយ ១៨:២, ៥

  10. ថូម៉ាស អេស ម៉នសុន «Learn of Me,» Liahona, ខែមីនា ឆ្នាំ ២០១៦ ទំព័រ ៦ ។

  11. សូមមើល Max H. Molgard, Inviting the Spirit into Our Lives (ឆ្នាំ ១៩៩៣), ៩៩ ។

  12. នីហ្វៃទី ៣ ១៧:១១, ២១–២២ ។

  13. អិមមីលី បាន​ប្រាប់​ពី​ជីដូន​ជីតា ពូ​មីង​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​មនុស្ស​ផ្សេង​ទៀត​ដែល « ឈរ »​ជួយ​ដល់​ឪពុកម្ដាយ​នាង ។ ថ្នាក់ដឹកនាំ​យុវនារី​ម្នាក់​បាន​ថ្លែង​នៅក្នុង​រដ្ឋ មីឈីហ្គែន ថា ៖ « កូនៗ​គាត់​កាន់​តែ​ធំ ហើយ​វា​ជា​ពេល​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឲ្យ​យុវនារី​ម្នាក់ៗ​ទទួល​អារម្មណ៍​ថា​ពួកគេ​ដូចជា​កូន​ស្រី​របស់​គាត់​ដែរ ។ … ស្នាម​ញញឹម​របស់​គាត់​អាច​ធ្វើ​ឲ្យ​ចិត្ត​អ្នក​រីករាយ​បាន​នៅ​ក្នុង​គ្រា​ដ៏​លំបាក ។ … ខ្ញុំ​បាន​ដាក់​គោលដៅ​មួយ​ដើម្បី​ធ្វើ​តាម​ការ​ដឹកនាំ​របស់​គាត់ ហើយ​ធ្វើ​ជា « បងស្រី »​ចំពោះ​ក្មេងៗ​ដែល​មាន​អារម្មណ៍ ‹ ខុស​គេ › ‹ ឯកោ › ឬ‹ គ្មាន​គេ​រាប់​អាន › » ។

  14. ម៉ាថាយ ១៨:៥ ។