ធនធាន​ផ្សេង​ទៀត
ពិធីបរិសុទ្ធ


« ពិធីបរិសុទ្ធ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១០៩–១១០

« ពិធីបរិសុទ្ធ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១០៩–១១០

ពិធីបរិសុទ្ធ

នៅក្នុង​សាសនាចក្រ ពិធី​បរិសុទ្ធ​គឺជា​ពិធី​ដ៏​ពិសិដ្ឋ ជា​ផ្លូវការ​មួយ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ ពិធី​បរិសុទ្ធ​ខ្លះ​គឺ​ចំាបាច់​ចំពោះ​ភាពលើក​តម្កើង​របស់​យើង ។ ពិធី​បរិសុទ្ធ​ទាំងនេះ​ត្រូវបាន​ហៅ​ថា ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ។ វា​រួមមាន​នូវ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពិធី​បញ្ជាក់ ការតែងតាំង​ដល់​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស ) អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពិធី​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ ។ ជាមួយ​នឹង​ពិធី​បរិសុទ្ធ​នីមួយៗ​នៃ​ពិធី​បរិសុទ្ធ​ទាំងនេះ យើង​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​ដ៏​មុតមាំ​ជាមួយ​ព្រះអម្ចាស់ ។

ពិធីបរិសុទ្ធ​ផ្សេងៗ​ទៀត​មាន​ដូចជា ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​ទារក ការឧទ្ទិស​ប្រេង ហើយការព្យាបាល​អ្នក​ឈឺ និង​មាន​ទុក្ខលំបាក​ក៏​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ដែរ ។ ទោះជា​ពិធីបរិសុទ្ធ​ទាំងនោះ​ពុំ​មាន​ភាពចាំបាច់​ក្នុង​សេចក្ដីសង្គ្រោះ​របស់​យើង​ក្ដី ក៏​ពិធីបរិសុទ្ធ​ទាំងនោះ​មាន​សារៈសំខាន់​ចំពោះ​ការលួងលោមចិត្ត ការដឹកនាំ និង​ការលើកទឹកចិត្ត​ដែរ ។

ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ​ជួយ​យើង​ឲ្យ​ចងចាំ​ថាតើ​យើង​ជា​នរណា ។ វា​រំឭក​អំពី​កាតព្វកិច្ច​របស់​យើង​ដែល​​មាន​ចំពោះ​ព្រះ ។ ព្រះអម្ចាស់​បាន​ប្រទាន​ពិធីបរិសុទ្ធ​ទាំងនេះ ដើម្បី​ជួយ​យើង​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅ​ពេល​យើង​ឲ្យ​តម្លៃ​ពិធីបរិសុទ្ធ​ទាំងនោះ ទ្រង់​នឹង​ពង្រឹង​យើង ។

អ្នក​អាច​នឹង​ទទួលបាន​ឱកាស​ដើម្បី​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​នានា ។ នៅ​ពេល​ដែល​អ្នក​មាន​ឱកាស​ដូចនេះ ចូរ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​រៀបចំ​ខ្លួន​អ្នក ទោះជា​អ្នក​ធ្វើ ឬ​ទទួល​ពិធីបរិសុទ្ធ​នេះ​ក្ដី ។ អ្នក​អាច​រៀបចំ​ខ្លួន​តាមរយៈ​ការអធិស្ឋាន ការតមអាហារ ការប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព ព្រមទាំង​ការសិក្សា​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ ប្រសិនបើ​អ្នក​គឺ​ជា​អ្នក​កាន់​បព្វជិតភាព អ្នក​គួរតែ​ត្រៀមខ្លួន​ខាង​វិញ្ញាណ​ជានិច្ច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ ។ ចូរ​រស់នៅ​ក្នុង​ជីវិត​ស្អាតស្អំ សក្ដិសម និង​ព្យាយាម​ទទួល​បាន​ភាពជាដៃគូ​ជាប់លាប់​ជាមួយ​ព្រះវិញ្ញាណបរិសុទ្ធ ។