ធនធាន​ផ្សេង​ទៀត
ស្ថាននរក


« ស្ថាននរក » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨១

« ស្ថាននរក » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៨១

ស្ថាននរក

វិវរណៈ​ថ្ងៃចុងក្រោយ​ថ្លែង​អំពី​ស្ថាននរក​យ៉ាង​ហោច​ណាស់​តាម​របៀប​ពីរ​យ៉ាង ។ ទីមួយ គឺ​ជា​ឈ្មោះ​មួយ​ទៀត​ដែល​យើង​ប្រើ​សម្រាប់​ស្ថាន​ឃុំវិញ្ញាណ ជា​កន្លែង​ដែល​ស្ថានភាព​ជីវិត​ពិភព​វិញ្ញាណ​ក្រោយ​ផែនដី សម្រាប់​ជន​ទាំងឡាយ​ដែល « ​ស្លាប់​ក្នុង​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន ដោយ​គ្មាន​ការចេះ​ដឹង​ពី​សេចក្ដីពិត ឬ​នៅ​ក្នុង​ការរំលង​ដោយ​បាន​បដិសេធ​ពួក​ព្យាការី » ( គ. និង ស. ១៣៨:៣២ ) ។ នេះ​គឺ​ជា​ស្ថានភាព​បណ្ដោះអាសន្ន ដែល​វិញ្ញាណ​ទាំងឡាយ​នឹង​ត្រូវបាន​បង្រៀន​ដំណឹងល្អ ហើយ​មាន​ឱកាស​ប្រែចិត្ត និង​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​សេចក្តីសង្គ្រោះ ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ជំនួស​ឲ្យ​ពួកគេ ( សូម​មើល គ. និង ស. ១៣៨:៣០–៣៥ ) ។ អស់​អ្នក​ទាំងឡាយ​ណា​ដែល​ព្រម​ទទួល​ដំណឹងល្អ អាច​រស់នៅ​ស្ថានបរមសុខ រហូត​ដល់​ការរស់​ឡើងវិញ ។ បន្ទាប់​ពី​ពួកគេ​បាន​រស់ឡើងវិញ និង​ត្រូវបាន​ជំនុំជម្រះ​ហើយ ពួកគេ​នឹង​ទទួល​បាន​កម្រិត​នៃ​ភាពរុងរឿង​តាម​ភាពសក្តិសម​របស់​ពួកគេ ។ ប៉ុន្តែ​អស់​អ្នក​ទាំងឡាយ​ណា​ជ្រើសរើស​មិន​ប្រែចិត្ត ដែល​ជា​ពួក​កូន​អន្តរធាន​នោះ នឹង​បន្ត​នៅ​ក្នុង​ស្ថាន​ឃុំ​វិញ្ញាណ​រហូត​ដល់​សហសវត្សរ៍ ជា​ពេល​ដែល​ពួកគេ​ត្រូវបាន​ដោះលែង​ពី​ស្ថាននរក និង​ទារុណកម្ម ហើយ​បាន​រស់ឡើងវិញ​ដើម្បី​ទទួលបាន​ភាពរុងរឿង​នៃ​នគរ​ទេឡេស្ទាល ( សូម​មើល គ. និង ស. ៧៦:៨១–៨៥ ) ។

ទី​ពីរ ពាក្យ ស្ថាននរក សំដៅ​ទៅ​លើ​ភាពងងឹត​ខាង​ក្រៅ គឺ​ជា​កន្លែង​ស្នាក់នៅ​របស់​ពួក​អារក្ស ទេវតា​របស់​វា និង​ពួក​កូន​អន្តរធាន ( សូម​មើល គ. និង ស. ២៩:៣៦–៣៨, ៧៦:២៨–៣៣ ) ។ ពួក​កូន​អន្តរធាន​គឺ​ជា​អ្នក​ទាំងឡាយ​ណា​ដែល « គ្មាន​ការអត់ទោស​នៅ​លោកិយ​នេះ ឬ​នៅ​បរលោក​ក្ដី—ដោយ​ព្រោះ​គេ​បាន​បដិសេធ​ព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់​ពី​បាន​ទទួល​ហើយ​នោះ ហើយ​ដោយ​ព្រោះ​គេ​បដិសេធ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះអង្គ​ចំពោះ​ខ្លួន​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាលមុខ​ខ្មាស​គេ » ( គ. និង ស. ៧៦:៣៤–៣៥, សូម​មើល​ផងដែរ ខទី ៣១–៣៣, ៣៦–៣៧ ) ។ ពួក​កូន​អន្តរធាន​នឹង​មិន​ទទួល​មរតក​នៅ​ក្នុង​នគរ​នៃ​សិរីល្អ​ទេ ពួកគេ​បន្ត​នៅ​ក្នុង​ស្ថាននរក ( សូម​មើល គ. និង ស. ៧៦:៣៨, ៨៨:២៤, ៣២ ) ។