« ការបង្កបង្កើត » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៤–៤៥
« ការបង្កបង្កើត » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៤៤–៤៥
ការបង្កបង្កើត
នៅក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទបានបង្កើតស្ថានសួគ៌ និងផែនដី ( សូមមើល ម៉ូសាយ ៣:៨, ម៉ូសេ ២:១ ) ។ ចេញពីព្រះគម្ពីរដែលបានបើកសម្ដែងតាមរយៈព្យាការី យ៉ូសែប ស៊្មីធ យើងដឹងថានៅក្នុងការងារនៃការបង្កបង្កើត ព្រះអម្ចាស់ទ្រង់បានរៀបចំវត្ថុធាតុទាំងអស់ដែលបានមានរួចទៅហើយ ( សូមមើល អ័ប្រាហាំ ៣:២៤ ) ។ ទ្រង់មិនបានបង្កើតពិភពលោកដោយ « គ្មានប្រើវត្ថុអ្វីទាំងអស់ » ដូចជាជំនឿរបស់មនុស្សមួយចំនួននោះទេ ។
ព្រះគម្ពីរក៏បានបង្រៀនផងដែរថា លោកអ័ដាមគឺជា « មនុស្សទីមួយបង្អស់នៃមនុស្សលោក » ( ម៉ូសេ ១:៣៤ ) ។ ព្រះបានបង្កើតលោកអ័ដាម និង នាងអេវ៉ា ឲ្យដូចរូបអង្គទ្រង់ និងដូចរូបអង្គព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ( សូមមើល ម៉ូសេ ២:២៦–២៧ ) ។
ការបង្កបង្កើតគឺជាផ្នែកដ៏សំខាន់មួយក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ វាផ្តល់នូវឱកាសសម្រាប់យើងម្នាក់ៗមកលើផែនដីនេះ ជាកន្លែងដែលយើងអាចទទួលបានរូបកាយសាច់ឈាម ហើយអនុវត្តសិទ្ធិជ្រើសរើសរបស់យើង ។ នៅក្នុងក្រុមប្រឹក្សារបស់ព្រះក្នុងជីវិតមុនផែនដី នោះសេចក្ដីប្រកាសដូចតទៅថ្លែងដូចនេះ ៖ « យើងនឹងចុះទៅ ដ្បិតមានកន្លែងទំនេរនៅទីនោះ ហើយយើងនឹងយកវត្ថុទាំងឡាយនេះទៅ ហើយយើងនឹងធ្វើផែនដី ដើម្បីឲ្យពួកគេទាំងនោះអាចរស់នៅលើ ហើយយើងនឹងសាកល្បងពួកគេមើល បើសិនជាពួកគេ នឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេនឹងបញ្ជាដល់ពួកគេ » ( អ័ប្រាហាំ ៣:២៤–២៥ ) ។
អ្នកទាំងអស់គ្នាជាបុត្រខាងវិញ្ញាណរបស់ព្រះ ហើយរូបកាយរបស់អ្នកបង្កើតឡើងតាមរូបភាពទ្រង់ ។ ដើម្បីបង្ហាញគារវភាពចំពោះពរជ័យទាំងនេះ អ្នកអាចថែរក្សារាងកាយរបស់អ្នក ដោយគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងព្រះបញ្ញាត្តិផ្សេងៗទៀតដែលទាក់ទងនឹងសុខុមាលភាពខាងវិញ្ញាណ និងខាងសាច់ឈាម ( សូមមើល គ. និង ស. ៨៩, សូមមើលផងដែរ ៨៨:១២៤ ) ។ អ្នកក៏អាចគោរពអ្នកដទៃទុកជាកូនរបស់ព្រះផងដែរ ។
ក្នុងនាមជាអ្នកទទួលផលនៃការបង្កបង្កើតដ៏ស្រស់ស្អាតនេះ អ្នកអាចជួយថែរក្សាផែនដី និងជួយការពារវាសម្រាប់កូនចៅនាពេលអនាគតរបស់យើង ។