ធនធាន​ផ្សេង​ទៀត
ការធ្លាក់


« ការធ្លាក់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៥៦–៥៩

« ការធ្លាក់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៥៦–៥៩

ការធ្លាក់

នៅ​ក្នុង​សួនច្បារ​អេដែន ព្រះ​បាន​ត្រាស់​បង្គាប់​ថា « ផ្លែ​ឈើ​ទាំង​អស់​នៅ​ក្នុង​សួនច្បារ នោះ​អ្នក​អាច​បរិភោគ​បាន​តាម​ចិត្ត ប៉ុន្តែ​ផល​ពី​ដើម​ដឹង​ខុសត្រូវ នោះ​អ្នក​មិន​ត្រូវ​បរិភោគ​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ជ្រើស​រើស​សម្រាប់​ខ្លួន​ផ្ទាល់ ដ្បិត​ការណ៍​នោះ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ហើយ ប៉ុន្តែ​ចូរ​ចងចាំ​ថា យើង​បាន​ហាមឃាត់ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​អ្នក​នឹង​ត្រូវ​ស្លាប់​ជា​មិនខាន​ឡើយ » ( ម៉ូសេ ៣:១៦–១៧ ) ។ ដោយសារតែ លោក​អ័ដាម និង នាង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​រំលង​នេះ ហើយ​បាន​ទទួលទាន​ផ្លែ​ឈើ​ដឹង​ខុសត្រូវ ទើប​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញ​ពី​វត្តមាន​របស់​ព្រះអម្ចាស់ ( សូម​មើល គ. និង ស. ២៩:៤០–៤១ ) ។ និយាយ​ម្យ៉ាង​ទៀត ពួកគាត់​បាន​ស្លាប់​ខាង​វិញ្ញាណ ។ ពួកគាត់​ក៏​ធ្លាក់​ខ្លួនទៅ​ក្នុង​ជីវិត​រមែងស្លាប់​ដែរ—ការណ៍​ដែល​ត្រូវ​ស្លាប់​ខាង​រូបកាយ ។ សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​នេះ ត្រូវបាន​ហៅ​ថា ការធ្លាក់ ។

ស្ថានភាព​ធ្លាក់​របស់​យើង

ក្នុង​នាម​ជា​កូន​ចៅ​របស់​អ័ដាម និង អេវ៉ា យើង​ទទួល​បាន​ស្ថានភាព​ធ្លាក់​អំឡុង​ពេល​ជីវិត​រមែង​ស្លាប់​នេះ ( សូម​មើល អាលម៉ា ៤២:៥–៩, ១៤ ) ។ យើង​បាន​បែក​ចេញ​ពី​វត្តមាន​របស់​ព្រះអម្ចាស់ ហើយ​ត្រូវ​ទទួល​សេចក្ដីស្លាប់​ខាង​សាច់ឈាម ។ យើង​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផ្ទុយ​មួយ ជា​ស្ថានភាព​មួយ​ដែល​យើង​ទទួលបាន​ការសាកល្បង តាមរយៈ​ភាពលំបាក​ក្នុង​ជីវិត និង​ការល្បួង​មក​ពី​ពួក​បច្ចាមិត្ត ( សូម​មើល នីហ្វៃទី ២ ២:១១–១៤, គ. និង ស. ២៩:៣៩, ម៉ូសេ ៦:៤៨–៤៩ ) ។

នៅ​ក្នុង​ស្ថានភាព​ធ្លាក់​នេះ យើង​ត្រូវ​មាន​ការតស៊ូ ។ យើង​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះដែល​មាន​​សក្តានុពល​ដើម្បី​ឲ្យ​យើង « បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ » ( ពេត្រុស ទី២ ១:៤ ) ។ យ៉ាង​ណា​ក៏​ដោយ « យើង​ខ្ញុំ​នេះ​មិន​សក្ដិសម​នៅ​ចំពោះ [ ព្រះ ] ទេ ដោយសារ​ការធ្លាក់ នោះ​ធម្មជាតិ​នៃ​យើង​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អាក្រក់​ជានិច្ច » ( អេធើរ ៣:២ ) ។ យើង​ចាំបាច់​ត្រូវតែ​តស៊ូ​ជានិច្ច ដើម្បី​យកឈ្នះ​លើ តណ្ហា និង​បំណងប្រាថ្នា​មិន​សុចរិត ។

ស្ដេច​បេនយ៉ាមីន​បាន​មាន​ប្រសាសន៍​តាម​បន្ទូល​របស់​ទេវតា​មួយ​អង្គ​ថា « មនុស្ស​ខាង​សាច់ឈាម​ជាស​ត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំង​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម​ម៉្លេះ » ។ ស្ដេច​បេនយ៉ាមីន​មាន​បន្ទូល​ព្រមាន​ថា នៅ​ក្នុង​ស្ថានភាព​សាច់ឈាម ឬ​ធ្លាក់​នេះ បុគ្គល​ម្នាក់ៗ​នឹង​ជា​សត្រូវ​ចំពោះ​ព្រះ​ជា​ដរាប « លើក​លែងតែ​គេ​ព្រម​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ ហើយ​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ ដូច​ជា​កូន​ក្មេង​ព្រម​ធ្វើ​តាម​ឪពុក​ខ្លួន​ដូច្នោះ » ( ម៉ូសាយ ៣:១៩ ) ។

ផល​ប្រយោជន៍​នៃ​ការធ្លាក់

ការធ្លាក់​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ( សូម​មើល នីហ្វៃទី ២ ២:១៥–១៦, ៩:៦ ) ។ វា​មាន​ទិស​ដៅ​ពីរ—ធ្លាក់​ចុះ ប៉ុន្តែ​រីកចម្រើន​ទៅ​មុខ ។ បន្ថែម​ពី​លើ​ការស្លាប់​ខាង​រូបកាយ និង វិញ្ញាណ ការធ្លាក់​បាន​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​កើត​មក​លើ​ផែន​ដី​នេះ​ដើម្បី​រៀន និង រីកចម្រើន ។ តាមរយៈ​ការប្រើប្រាស់​សិទ្ធិជ្រើសរើស​ដោយ​សុចរិត និង ការប្រែចិត្ត​ដ៏​ស្មោះ​នៅ​ពេល​យើង​ប្រព្រឹត្ត​បាប នោះ​យើង​អាច​មក​រក​ព្រះគ្រីស្ទ ហើយ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​រៀបចំ​ខ្លួន​ទទួល​អំណោយ​ដែល​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ព្យាការី​លីហៃ​បាន​បង្រៀន​ដូចនេះ ៖

« បើ​សិន​ជា​លោក​អ័ដាម​ពុំ​បាន​រំលង​ច្បាប់​ទេ លោក​ក៏​ពុំ​បាន​ធ្លាក់​ខ្លួន​ដែរ ប៉ុន្តែ​លោក​ច្បាស់​ជា​នៅ​ក្នុង​សួនច្បារ​អេដែន​នៅ​ឡើយ ។ ហើយ​អ្វីៗ​សព្វសារពើ​ដែល​បាន​បង្កើត​ឡើង​នឹង​នៅ​ក្នុង​សណ្ឋាន​ដើម​ដដែល បន្ទាប់ពី​បាន​បង្កើត​មក ហើយ​នឹង​ស្ថិត​នៅ​ដូច្នោះ​រហូត​តទៅ ហើយ​គ្មាន​ចុង​បំផុត​ឡើយ ។

ហើយ [ អ័ដាម និង អេវ៉ា ] ក៏​ពុំ​មាន​កូន​ចៅ​ដែរ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​នៅ​ក្នុង​ភាព​ឆោតល្ងង់ ដោយ​គ្មាន​សេចក្ដី​អំណរ ព្រោះ​ពួក​គេ​មិន​ស្គាល់​សេចក្ដី​ទុក្ខវេទនា ដោយ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ដ្បិត​ពួក​គេ​មិន​ស្គាល់​អំពើ​បាប ។

ប៉ុន្តែ​មើល​ចុះ អ្វីៗ​សព្វសារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ។

លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ ។

ហើយ​ព្រះ​មែស៊ី​នឹង​យាង​មក​នៅ​កាល​ដ៏​ពេញ​កំណត់ ដើម្បី​ទ្រង់​អាច​ប្រោសលោះ​កូន​ចៅ​មនុស្ស​ឲ្យ​រួច​ពី​ការធ្លាក់ » ( នីហ្វៃទី ២ ២:២២–២៦, សូម​មើល​ផងដែរ ខទី ១៩–២១, ២៧ ) ។

លោក​អ័ដាម និង នាង​អេវ៉ា បាន​បង្ហាញ​កតវេទិតា​របស់​ពួកលោក​ចំពោះ​ពរជ័យ ដែល​ជា​លទ្ធផល​មក​ពី​ការធ្លាក់​របស់​ពួកគេ ៖

« អ័ដាម​បាន​ថ្វាយ​ពរ​ដល់​ព្រះ ហើយ​បាន​ពោរ​ពេញ ហើយ​បាន​ចាប់​ផ្ដើម​ព្យាករ​អំពី​ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​ថា ៖ សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ​ពរ ដ្បិត​ព្រោះ​តែ​ការ​រំលង​របស់​ខ្ញុំ នោះ​ភ្នែក​ខ្ញុំ​បាន​ភ្លឺ​ឡើង ហើយ​នៅ​ក្នុង​ជីវិត​នេះ ខ្ញុំ​នឹង​មាន​សេចក្ដី​អំណរ ហើយ​នៅ​ក្នុង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​ឃើញ​ព្រះ​ទៀត ។

ហើយ​នាង​អេវ៉ា ជា​ប្រពន្ធ​គាត់ បាន​ឮ​គ្រប់​ការណ៍​ទាំង​នេះ ហើយ​មាន​ចិត្ត​រីករាយ ដោយ​ពោល​ថា ៖ បើ​សិន​ជា​ពុំ​មែន​ដោយ​សារ​ការរំលង​របស់​យើង​ទេ នោះ​យើង​ក៏​នឹង​មិន​មាន​ពូជ​សោះ ហើយ​នឹង​មិន​ដឹង​ខុសត្រូវ និង​សេចក្ដី​អំណរ​អំពី​សេចក្ដី​ប្រោសលោះ​របស់​យើង និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដែល​គោរព​តាម​ដែរ » ( ម៉ូសេ ៥:១០–១១ ) ។

សេចក្ដីប្រោសលោះ​ឲ្យ​រួច​ពី​ការធ្លាក់

ដោយសារតែ​ការធ្លាក់ និង​លក្ខណៈ​នៃ​ជីវិតរមែង​ស្លាប់ ព្រមទាំង​អំពើបាប​ផ្ទាល់ខ្លួន​របស់​យើង នោះ​សេចក្ដីសង្ឃឹម​តែ​មួយ​គត់​របស់​យើង គឺ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ផែនការ​នៃ​សេចក្ដីប្រោសលោះ ។

តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវបាន​ប្រោសលោះ​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ ។ យើង​នឹង​រស់ឡើងវិញ ហើយ​យើង​នឹង​ត្រូវ​នាំ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះអម្ចាស់​វិញ​ដើម្បី​ទទួល​ការជំនុំជម្រះ ( សូម​មើល នីហ្វៃទី ២ ២:៥–១០, អាលម៉ា ១១:៤២–៤៥, ហេលេមិន ១៤:១៥–១៧ ) ។

បន្ថែម​ពី​លើ​ការប្រោសលោះ​យើងឲ្យ​​ចេញ​ពី​ឥទ្ធិពល​ជា​សាកល​នៃ​ការធ្លាក់ ព្រះអង្គសង្គ្រោះ​អាច​ប្រោសលោះ​យើង​ពី​អំពើបាប​ផ្ទាល់ខ្លួន​របស់​យើង​បាន ។ នៅ​ក្នុង​ស្ថានភាព​ធ្លាក់​របស់​យើង យើង​ទាំងអស់គ្នា​ប្រព្រឹត្ត​បាប ហើយ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ដោយ​នាំ​យក​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ទៅ​ជាមួយ​ផង ។ ដូច​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា « ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » ( រ៉ូម ៣:២៣ ) ។ ប្រសិនបើ​យើង​បន្ត​នៅ​ប្រព្រឹត្ត​អំពើបាប នោះ​យើង​មិន​អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន​ឡើយ ដ្បិត « គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ … នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ » ( ម៉ូសេ ៦:៥៧ ) ។ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដង្វាយធួន « នាំ​មក​នូវ​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការប្រែចិត្ត » ( ហេលេមិន ១៤:១៨ ) ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​សម្រាប់​យើង ក្នុង​ការទទួល​បាន​ការអភ័យទោស​ពី​អំពើបាប​របស់​យើង និង​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​ជា​រៀង​រហូត ។ អាលម៉ា​បាន​បង្រៀន​ថា « មាន​រយៈ​ពេល​មួយ​ទុក​សម្រាប់​ឲ្យ​មនុស្ស​ប្រែចិត្ត​ដែរ ហេតុ​ដូច្នេះ​ហើយ ជីវិត​នេះ​ក្លាយ​ទៅ​ជា​ស្ថានភាព​ពិសោធន៍​មួយ គឺជា​ពេល​វេលា​សម្រាប់​ប្រុងប្រៀប​ទៅ​ជួប​ព្រះ ជា​ពេល​វេលា​សម្រាប់​ប្រុងប្រៀប​ទៅ​កាន់​ស្ថានភាព​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​យើង​បាន​និយាយ គឺ​បន្ទាប់​ពី​ដំណើរ​រស់ឡើងវិញ​ដល់​មនុស្ស​ស្លាប់ » ( អាលម៉ា ១២:២៤ ) ។

កតវេតិតា​ចំពោះ​ពលិកម្មដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ

គឺ​ដូចជា​យើង​មិន​ចង់​ទទួលទាន​អាហារ​រហូត​ទាល់​តែ​យើង​ឃ្លាន​សិន​ដែរ នោះ​យើង​នឹង​មិន​ចង់​បាន​សេចក្ដីសង្គ្រោះ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទេ រហូត​ទាល់តែ​យើង​ទទួលស្គាល់​ថា យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​ជាមុន​សិន ។ ការទទួលស្គាល់​នេះ​កើតឡើង​នៅ​ពេល​យើង​យល់ដឹង​អំពី​ការធ្លាក់​កាន់តែ​ច្បាស់ ។ ដូច​ព្យាការី​លីហៃ​បាន​បង្រៀន​ថា « មនុស្ស​លោក​ទាំងអស់​រស់នៅ​ក្នុង​ស្ថានភាព​វង្វេង និង​ស្ថានភាព​ធ្លាក់ ហើយ​នឹង​នៅ​ជា​ដរាប​ត​ទៅ លើកលែង​តែ​ពួកគេ​នឹង​ពឹង​ពាក់​ទៅ​លើ​ព្រះ​ដ៏​ប្រោសលោះ​អង្គ​នេះ » ( នីហ្វៃទី ១ ១០:៦ ) ។