« ភាពរាបសា » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨៦–៨៧
« ភាពរាបសា » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៨៦–៨៧
ភាពរាបសា
ភាពរាបសាគឺជាការទទួលស្គាល់ដោយដឹងគុណចំពោះការពឹងផ្អែករបស់អ្នកលើព្រះអម្ចាស់—ជាការយល់ថា អ្នកត្រូវការការជួយជ្រោមជ្រែងពីទ្រង់ជានិច្ច ។ ភាពរាបសាគឺជាការទទួលស្គាល់ថា ទេពកោសល្យ និងសមត្ថភាពរបស់អ្នកគឺជាអំណោយទានមកពីព្រះ ។ ភាពរាបសាពុំមែនជាទីសម្គាល់នៃភាពទន់ខ្សោយ ភាពខ្មាសអៀន ឬការភ័យខ្លាចនោះទេ វាជាការចង្អុលបង្ហាញថា អ្នកដឹងថាភាពខ្លាំងរបស់អ្នកបានមកពីណា ។ អ្នកអាចធ្វើជាមនុស្សរាបសាផង និងគ្មានភាពភ័យខ្លាចផង ។ អ្នកអាចធ្វើជាមនុស្សរាបសាផង និងក្លាហានផង ។
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ឥតខ្ចោះនៃភាពរាបសា ។ អំឡុងពេលការងារបម្រើរបស់ទ្រង់នៅក្នុងជីវិតរមែងស្លាប់ ទ្រង់តែងតែទទួលស្គាល់ថា ភាពខ្លាំងរបស់ទ្រង់កើតឡើងពីការពឹងផ្អែកទៅលើព្រះវរបិតារបស់ទ្រង់ ។ ទ្រង់បានមានព្រះបន្ទូលថា « ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ ។ … ខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក » ( យ៉ូហាន ៥:៣០ ) ។
ព្រះអម្ចាស់នឹងពង្រឹងអ្នក នៅពេលអ្នកមានភាពរាបសានៅចំពោះទ្រង់ ។ យ៉ាកុបបានបង្រៀនថា « ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែ ទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ ។ … ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង » ( យ៉ាកុប ៤:៦, ១០ ) ។