« ការអប់រំ » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៥០–៥១
« ការអប់រំ » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៥០–៥១
ការអប់រំ
ព្រះអម្ចាស់បានត្រាស់បង្គាប់ថា « ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ( គ. និង ស. ៨៨:១១៨ ) ។ ទ្រង់បានប្រទានឱវាទឲ្យយើងរៀនសូត្រដំណឹងល្អ ហើយបង្កើនការយល់ដឹង « អំពីរបស់ទាំងឡាយនៅលើទាំងស្ថានសួគ៌ និងនៅលើផែនដី និងនៅក្រោមផែនដីផង របស់ទាំងឡាយដែលធ្លាប់មានមក របស់ទាំងឡាយដែលមានពេលនេះ របស់ទាំងឡាយដែលនឹងកើតឡើងនៅពេលឆាប់ របស់ទាំងឡាយដែលនៅក្នុងផ្ទះ របស់ទាំងឡាយនៅស្រុកផ្សេងសង្គ្រាមទាំងឡាយ និងការច្របូកច្របល់នៃសាសន៍ទាំងឡាយ និងសេចក្ដីជំនុំជម្រះទាំងឡាយដែលនៅលើដែនដី និងដំណឹងអំពីស្រុកទាំងឡាយ និងនគរទាំងឡាយផង—ដើម្បីឲ្យ [ យើង ] អាចបានរៀបចំនូវគ្រប់ទាំងអស់ » ( គ. និង ស. ៨៨:៧៨–៨០ ) ។
ការចូលរៀននៅសាលា និង ការបំពាក់បំប៉នផ្នែកវិជ្ជាជីវៈ
អ្នកគួរតែខិតខំប្រឹងប្រែងដើម្បីអប់រំគំនិត និងជំនាញរបស់អ្នកជានិច្ច ដើម្បីអ្នកអាចមានជោគជ័យនៅក្នុងការងារដែលអ្នកបានជ្រើសរើស ។ ចូរប្រើការអប់រំរបស់អ្នកជាឥទ្ធិពលសម្រាប់អំពើល្អ ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកនឹងល្បីល្បាញក្នុងនាមជាបុគ្គលដ៏ថ្លៃថ្នូរម្នាក់ ។ អ្នកនឹងត្រៀមខ្លួនជាស្រេច ដើម្បីទទួលបានឱកាសដែលនឹងមកដល់ ហើយអ្នកនឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ក្រុមគ្រួសារ សាសនាចក្រ និងសហគមន៍របស់អ្នក ។
ចូរស្វែងរកការសិក្សាដ៏ប្រសើរបំផុតដែលមាន ។ កន្លែងខ្លះដែលអាចរៀនគឺនៅមហាវិទ្យាល័យ និង សាកលវិទ្យាល័យ សាលារៀនបច្ចេកវិទ្យា វគ្គសិក្សានៅផ្ទះ ការអប់រំក្នុងសហគមន៍ និងការបំពាក់បំប៉នឯកជន ។
ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន
នៅពាសពេញពិភពលោក ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលមានអាយុពី ១៤ ដល់ ១៨ ឆ្នាំ ចូលរៀនថ្នាក់សិក្ខាសាលា ដែលមានការបង្ហាត់បង្រៀនក្នុងសប្តាហ៍ចេញពីព្រះគម្ពីរ ។ ថ្នាក់វិទ្យាស្ថានសាសនាផ្តល់វគ្គសិក្សាក្នុងសប្តាហ៍ អំពីប្រធានបទផ្សេងៗនៃដំណឹងល្អដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ ។
កម្មវិធីទាំងនេះផ្តល់នូវបរិយាកាសខាងវិញ្ញាណ និងខាងសង្គម ជាកន្លែងដែលសិស្សអាចទាក់ទងគ្នាទៅវិញទៅមក ខណៈពេលរៀនដំណឹងល្អបន្ថែមទៀត ។
ចំពោះព័ត៌មានអំពីថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន សូមទាក់ទងអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ។
ការរៀនសូត្រពេញមួយជីវិត
ចូរបន្តស្វែងរកការអប់រំពេញមួយជីវិតរបស់អ្នក ។ ការធ្វើដូចនេះនឹងជួយអ្នកឲ្យមានការចេះដឹងអំពីព័ត៌មានថ្មីៗសម្រាប់ការជ្រើសរើសវិជ្ជាជីវៈលើមុខជំនាញ និងការចាប់អារម្មណ៍ផ្សេងៗទៀតរបស់អ្នក ។ នៅលើពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងលឿនបែបនេះ អ្នកត្រូវឆ្លៀតពេលដើម្បីអប់រំខ្លួនរបស់អ្នក សម្រាប់ពេលបច្ចុប្បន្ន និង អនាគតកាល ។
បន្ថែមពីលើការអប់រំតាមរយៈការសិក្សាក្រៅផ្លូវប្រព័ន្ធ អ្នកអាចបន្តរៀនដោយការអាន ចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ល្អៗ ទស្សនាសារៈមន្ទីរ កន្លែងប្រវត្តិសាស្ត្រ និងសង្កេតមើលពិភពលោកជុំវិញអ្នក ។