« ព្រហ្មចារីភាព » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ២៩–៣៣
« ព្រហ្មចារីភាព » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ២៩–៣៣
ព្រហ្មចារីភាព
ព្រហ្មចារីភាពគឺជាភាពបរិសុទ្ធខាងផ្លូវភេទ ពោលជាលក្ខខណ្ឌមួយដែលធ្វើឲ្យ « សព្វព្រះឫទ័យព្រះ » ( យ៉ាកុប ២:៧ ) ។ ដើម្បីបានបរិសុទ្ធ អ្នកត្រូវតែមានភាពស្អាតស្អំខាងសីលធម៌នៅក្នុងគំនិត ពាក្យសម្ដី និងសកម្មភាពរបស់អ្នក ។ អ្នកមិនត្រូវមានទំនាក់ទំនងផ្លូវភេទណាមួយ មុនពេលអ្នករៀបការស្របច្បាប់ឡើយ ។ ពេលអ្នករៀបការ អ្នកត្រូវមានសេចក្តីស្មោះត្រង់យ៉ាងពេញលេញចំពោះស្វាមី ឬភរិយារបស់អ្នក ។
ភាពស្និទ្ធស្នាលខាងរូបកាយរវាងស្វាមី និងភរិយា គឺស្រស់បំព្រង និងពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះ សម្រាប់ការបង្កើតកូនចៅ និងសម្រាប់ការបង្ហាញសេចក្តីស្រឡាញ់នៅក្នុងចំណងអាពាហ៍ពិពាហ៍ ។
នៅក្នុងពិភពលោកសព្វថ្ងៃនេះ សាតាំងបានដឹកនាំមនុស្សជាច្រើនឲ្យជឿថា ភាពស្និទ្ធស្នាលខាងផ្លូវភេទនៅខាងក្រៅចំណងអាពាហ៍ពិពាហ៍ គឺអាចទទួលយកបាន ។ ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះ វាគឺជាអំពើបាបដ៏ធ្ងន់ធ្ងរ ។ វាគឺជាការរំលោភទៅលើអំណាច ដែលទ្រង់បានប្រទានដល់យើងទាំងអស់គ្នាដើម្បីបង្កើតជីវិត ។ ព្យាការីអាលម៉ាបានបង្រៀនថា អំពើបាបខាងផ្លូវភេទគឺជាអំពើបាបដ៏ធ្ងន់ធ្ងរជាងអំពើបាបដទៃទៀត លើកលែងតែមនុស្សឃាត និង ការបដិសេធព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ( សូមមើល អាលម៉ា ៣៩:៣–៥ ) ។
ជួនកាល មនុស្សព្យាយាមធ្វើឱ្យខ្លួនឯងជឿថា ទំនាក់ទំនងខាងផ្លវ្លូភេទខាងក្រៅចំណងអាពាហ៍ពិពាហ៍ គឺអាចទទួលយកបាន ប្រសិនបើ ដៃគូស្នេហាស្រឡាញ់គ្នាទៅវិញទៅមក ។ ការណ៍នេះពុំមែនជាការពិតឡើយ ។ ការល្មើសច្បាប់ព្រហ្មចារីភាព និង ការលើកទឹកចិត្តដល់មនុស្សណាម្នាក់ទៀតអោយធ្វើដូច្នោះ មិនមែនជាការបញ្ជាក់ពីសេចក្តីស្រឡាញ់ឡើយ ។ មនុស្សដែលស្រឡាញ់គ្នាទៅវិញទៅមក នឹងមិនបង្ខូចសុភមង្គល និងភាពសុខដុមគ្នាទៅវិញទៅមក ដើម្បីផ្លាស់ប្តូរយកការសប្បាយរីករាយផ្ទាល់ខ្លួនជាបណ្តោះអាសន្ននោះឡើយ ។
ពេលមនុស្សយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង ក្នុងការរក្សាច្បាប់ព្រហ្មចារីភាព នោះសេចក្តីស្រឡាញ់ សេចក្តីទុកចិត្ត និងការតាំងចិត្តរបស់ពួកគេនឹងកើនឡើង ដែលបង្ហាញជាផ្លែផ្កានៃសុភមង្គលកាន់តែខ្លាំង និង សាមគ្គីភាពកាន់តែរឹងមាំ ។ ផ្ទុយទៅវិញ ទំនាក់ទំនងដែលស្ថាបនានៅលើភាពអសីលធម៌ខាងផ្លូវភេទងាយនឹងជូរផ្អូមយ៉ាងឆាប់រហ័សទៅវិញ ។ អស់អ្នកដែលជាប់ពាក់ព័ន្ធនឹងភាពអសីលធម៌ខាងផ្លូវភេទ តែងតែមានអារម្មណ៍ភ័យខ្លាច ខុសឆ្គង និងអាម៉ាស់ ។ មិនយូរប៉ុន្មាន ភាពល្វីងជូរចត់ ការប្រចណ្ឌ និង សម្អប់នឹងជំនួសអារម្មណ៍វិជ្ជមានណាមួយ ដែលនឹងកើតមាននៅក្នុងទំនាក់ទំនងរបស់ពួកគេនោះ ។
ព្រះវរបិតាសួគ៌របស់យើង បានប្រទានដល់យើងនូវច្បាប់ព្រហ្មចារីភាពដើម្បីការពារយើង ។ ការគោរពប្រតិបត្តិតាមច្បាប់នេះ គឺជាការចាំបាច់ណាស់ចំពោះសេចក្តីសុខសាន្ត និងភាពមុតមាំនៃលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ហើយឆ្ពោះទៅរកសុភមង្គលនៅក្នុងគេហដ្ឋាន ។ ពេលអ្នករក្សាបានភាពបរិសុទ្ធខាងផ្លូវភេទ អ្នកនឹងចៀសផុតពីការធ្វើឱ្យខូចខាតខាងវិញ្ញាណ និងអារម្មណ៍ ដែលតែងតែបណ្តាលមកពីភាពស្និទ្ធស្នាលខាងសាច់ឈាម ជាមួយនរណាម្នាក់ នៅខាងក្រៅចំណងអាពាហ៍ពិពាហ៍ ។ អ្នកនឹងរហ័សទទួលបានការដឹកនាំ កម្លាំង ការលួងលោមចិត្ត និង ការការពារមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកនឹងអាចបំពេញសេចក្ដីត្រូវការសំខាន់មួយ ដើម្បីទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងដើម្បីចូលរួមក្នុងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
អំពើបាបខាងផ្លូវភេទ
ព្រះអម្ចាស់ និង ព្យាការីរបស់ទ្រង់កាត់ទោស ចំពោះភាពអសីលធម៌ខាងផ្លូវភេទ ។ រាល់ទំនាក់ទំនងខាងផ្លូវភេទខាងក្រៅចំណងអាពាហ៍ពិពាហ៍ រំលោភទៅលើច្បាប់ព្រហ្មចារីភាព និង ជាគ្រោះថ្នាក់ខាងសាច់ឈាម និងខាងវិញ្ញាណចំពោះអ្នកដែលពាក់ព័ន្ធនឹងវា ។
ក្រឹត្យវិន័យដប់ប្រការរួមបញ្ចូលទាំងសេចក្តីបង្គាប់ថា យើងមិនត្រូវប្រព្រឹត្តអំពើកំផិតឡើយ ដែលជាការរួមរស់ខាងផ្លូវភេទ រវាងបុរសដែលរៀបការរួច និងនារីណាម្នាក់ទៀត ក្រៅពីភរិយារបស់ខ្លួន ឬក៏រវាងស្ត្រីដែលរៀបការរួច និងបុរសណាម្នាក់ទៀត ក្រៅពីស្វាមីរបស់ខ្លួន ( សូមមើល និក្ខមនំ ២០:១៤ ) ។ សាវកប៉ុលបានមានប្រសាសន៍ថា វាគឺជា « ព្រះហឫទ័យរបស់ព្រះ » ដែលយើងត្រូវ « ចៀសពីសេចក្តីកំផិតចេញ » ដែលជាការរួមរស់ខាងផ្លូវភេទរវាងមនុស្សដែលពុំទាន់បានរៀបការ និង អ្នកណាម្នាក់ទៀត ( ថែស្សាឡូនីច ទី១ ៤:៣ ) ។ ពួកព្យាការីថ្ងៃចុងក្រោយបានថ្លែងជំទាស់ម្ដងហើយម្ដងទៀតទៅនឹងអំពើបាបទាំងនេះ ហើយប្រឆាំងចំពោះការអនុវត្តដ៏ព្រៃផ្សៃនៃការរំលោភខាងផ្លូវភេទ ។
ក៏ដូចជាការល្មើសនឹងច្បាប់ព្រហ្មចារីភាពដទៃទៀតដែរ នោះទង្វើនៃការប្រតិព័ទ្ធភេទដូចគ្នា គឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយ ។ វាផ្ទុយទៅនឹងគោលបំណងនៃការរួមរស់ខាងផ្លូវភេទរបស់មនុស្សលោក ( សូមមើល រ៉ូម ១:២៤–៣២ ) ។ វាធ្វើឱ្យខូចដល់ទំនាក់ទំនងពេញដោយសេចក្ដីស្រឡាញ់ ហើយបង្ខាំងមនុស្សមិនឲ្យទទួលបានពរជ័យដែលអាចរកឃើញនៅក្នុងជីវិតគ្រួសារ និង ក្នុងពិធីបរិសុទ្ធសង្គ្រោះនៃដំណឹងល្អ ។
ការគ្រាន់តែទប់ស្កាត់ពីការរួមរស់ខាងផ្លូវភេទ ខាងក្រៅចំណងអាពាហ៍ពិពាហ៍មិនទាន់គ្រប់គ្រាន់តាមបទដ្ឋានរបស់ព្រះអម្ចាស់នៃភាពបរិសុទ្ធផ្ទាល់ខ្លួននោះទេ ។ ព្រះអម្ចាស់សព្វព្រះទ័យតម្រូវឱ្យមានបទដ្ឋានខាងសីលធម៌ដ៏ខ្ពស់សម្រាប់ពួកសិស្សរបស់ទ្រង់ រួមទាំងភក្តីភាពដ៏ពេញលេញចំពោះស្វាមីភរិយាទាំងក្នុងគំនិត និង ការប្រព្រឹត្ត ។ ទ្រង់បានមានព្រះបន្ទូលនៅក្នុងទេសនកថាលើភ្នំដូចនេះ ៖ « អ្នករាល់គ្នាបានឮសេចក្តីដែលសម្ដែងពីដើមថា កុំផិតឲ្យសោះ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលក្រឡេកឃើញស្ត្រី ហើយមានដំរេកសម្រើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយ » ( ម៉ាថាយ ៥:២៧–២៨ ) ។ នៅថ្ងៃចុងក្រោយ ទ្រង់បានមានព្រះបន្ទូលថា « អ្នកមិនត្រូវ … ផិតគ្នាឲ្យសោះ … ឬប្រព្រឹត្តអំពើអ្វីដូចនោះឱ្យសោះ » ( គ. និង ស. ៥៩:៦ ) ។ ហើយទ្រង់បានសង្កត់ធ្ងន់ទៅលើគោលការណ៍ ដែលទ្រង់បានបង្រៀននៅក្នុងទេសនកថាលើដូចនេះ ៖ « អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសម្រើបចង់បាន ឬបើសិនអ្នកណាមួយ ប្រព្រឹត្តអំពើកំផិតនៅក្នុងចិត្តរបស់ខ្លួន នោះនឹងមិនមានព្រះវិញ្ញាណឡើយ ប៉ុន្តែនឹងបោះបង់ចោលសេចក្តីជំនឿ ហើយនឹងខ្លាចទៅវិញ » ( គ. និង ស. ៦៣:១៦ ) ។ ការព្រមានទាំងនេះអនុវត្តចំពោះមនុស្សទាំងអស់ ទោះពួកគេរៀបការហើយ ឬនៅលីវក៏ដោយ ។
ប្រសិនបើអ្នកបានប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ចូរពិភាក្សាជាមួយប៊ីស្សព ឬប្រធានសាខារបស់អ្នក ដើម្បីគាត់អាចជួយអ្នកតាមរយៈដំណើរការនៃការប្រែចិត្ត ( សូមមើល « ការប្រែចិត្ត » ទំព័រ ១៣២–១៣៥ ) ។
ប្រសិនបើអ្នកដឹងថា ខ្លួនអ្នកកំពុងតែពុះពារជាមួយនឹងការល្បួងខាងផ្លូវភេទ រួមទាំងមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា ចូរកុំចុះចាញ់នឹងការល្បួងទាំងនោះឲ្យសោះ ។ សូមធានាឲ្យបានថា អ្នកអាចជ្រើសរើសចៀសវាងពីឥរិយាបថនោះបាន ។ អ្នកអាចទទួលបានជំនួយពីព្រះអម្ចាស់ ពេលអ្នកអធិស្ឋានទូលសូមកម្លាំង ហើយប្រឹងប្រែងយកឈ្នះលើបញ្ហានោះ ។ ជាផ្នែកមួយនៅក្នុងដំណើរការនេះ អ្នកគួរតែស្វែងរកការប្រឹក្សាពីប៊ីស្សព ឬប្រធានសាខារបស់អ្នក ។ គាត់នឹងជួយអ្នក ។
ការកាន់តាមច្បាប់ព្រហ្មចារីភាព
ទោះជាការល្បួងមានកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយ ព្រះអម្ចាស់នឹងជួយអ្នកតតាំងនឹងវាបាន ប្រសិនបើអ្នកជ្រើសរើសធ្វើតាមទ្រង់ ។ សាវកប៉ុលបានបង្រៀនដូចនេះ ៖ « ដ្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឱ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឱ្យចៀសរួច ដើម្បីឱ្យ អ្នករាល់គ្នាអាចនឹងទ្រាំបាន » ( កូរិនថូស ទី១ ១០:១៣ ) ។ ការប្រឹក្សាខាងក្រោមអាចជួយអ្នកយកឲ្យឈ្នះលើការល្បួងដែលញឹកញាប់ និងដែលមានកម្លាំងខ្លាំងនៅក្នុងពិភពលោកសព្វថ្ងៃនេះ ៖
ចូរសម្រេចចិត្តក្នុងពេលនេះដើម្បីមានភាពបរិសុទ្ធ ។
អ្នកត្រូវធ្វើការសម្រេចចិត្តនេះតែម្តងប៉ុណ្ណោះ ។ ចូរធ្វើការសម្រេចចិត្តក្នុងពេលនេះ មុនពេលការល្បួងកើតឡើង ហើយចូរធ្វើឲ្យការសម្រេចចិត្តរបស់អ្នកដោយភាពមោះមុត និងដោយមានការតាំងចិត្តដ៏មុតមាំ នោះវាមិនអាចរង្គោះរង្គើបានឡើយ ។ ឥឡូវនេះ ចូរប្ដេជ្ញាចិត្តថា អ្នកនឹងមិនធ្វើអ្វីឲ្យសោះខាងក្រៅចំណងអាពាហ៍ពិពាហ៍ ដែលនឹងដាស់អារម្មណ៍ដ៏រំជើបរំជួល ជាអារម្មណ៍ដែលត្រូវបានអនុញ្ញាតឲ្យមានត្រឹមតែក្នុងចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។ ចូរកុំដាស់អារម្មណ៍ទាំងនោះឡើងនៅក្នុងខ្លួនអ្នកដទៃ ឬក្នុងខ្លួនអ្នកឲ្យសោះ ។ ឥឡូវនេះ ចូរប្ដេជ្ញាចិត្តថា អ្នកនឹងមានភាពស្មោះត្រង់យ៉ាងពេញលេញចំពោះស្វាមី/ភរិយារបស់អ្នក ។
ចូរគ្រប់គ្រងគំនិតរបស់អ្នក ។
គ្មាននរណាម្នាក់ប្រព្រឹត្តអំពើបាបខាងផ្លូវភេទក្នុងពេលមួយភ្លាមៗនោះទេ ។ ទង្វើអសីលធម៌តែងតែចាប់ផ្តើមឡើងដោយគំនិតមិនបរិសុទ្ធ ។ ប្រសិនបើអ្នកអនុញ្ញាតឲ្យគំនិតរបស់អ្នកផ្តោតទៅលើការណ៍អាសគ្រាម ឬរឿងណាដែលអសីលធម៌ នោះអ្នកបានឈានមួយជំហ៊ានឆ្ពោះទៅកាន់ភាពអសីលធម៌ហើយ ។ ចូរចៀសចេញជាបន្ទាន់ពីស្ថានភាពនានា ដែលអាចនាំទៅរកអំពើបាប ។ ចូរអធិស្ឋានទូលសូមកម្លាំងជាប់លាប់ ដើម្បីតតាំងនឹងការល្បួង ហើយគ្រប់គ្រងគំនិតរបស់អ្នក ។ ចូរពោលពាក្យទូលសូមទាំងនេះនៅក្នុងសេចក្ដីអធិស្ឋានប្រចាំថ្ងៃរបស់អ្នក ។
ចូរនៅឲ្យឆ្ងាយពីការណ៍អាសគ្រាម ។
ចូរកុំមើល អាន ឬស្ដាប់អ្វីមួយដែលរៀបរាប់ ឬពិពណ៌នាអំពីរូបកាយរបស់មនុស្ស ឬឥរិយាបទខាងផ្លូវភេទនៅក្នុងរបៀបមួយ ដែលដាស់ឲ្យមានអារម្មណ៍ខាងផ្លូវភេទឡើយ ។ សម្ភារអាសគ្រាមធ្វើឲ្យញៀន និងអាចបំផ្លាញយើងបាន ។ វាអាចប្លន់យកការគោរពលើខ្លួនឯង និងលទ្ធភាពដែលអាចមើលឃើញពីភាពស្រស់បំព្រងនៅក្នុងជីវិត ។ វាអាចធ្វើឲ្យអ្នកបាត់បង់ការគ្រប់គ្រងលើខ្លួនឯង ហើយនាំអ្នកទៅរកគំនិតព្រៃផ្សៃ និងឥរិយាបទរំលោភបំពាន ។
ប្រសិនបើអ្នកនៅលីវ ហើយដើរលេងជាគូ ចូរប្រព្រឹត្តចំពោះដៃគូដើរលេងរបស់អ្នកដោយសេចក្តីគោរពជានិច្ច ។
ចូរកុំប្រព្រឹត្តចំពោះគាត់ ឬនាងជាវត្ថុមួយ ដែលយកមកប្រើប្រាស់ ដើម្បីបំពេញបំណងស្រើបស្រាលចង់បានឲ្យសោះ ។ ចូរដាក់ផែនការធ្វើកម្មវិធីល្អៗ និងមានប្រយោជន៍ដើម្បីកុំឲ្យអ្នក និងដៃគូដើរលេងរបស់អ្នកគ្មានការងារធ្វើ ហើយនៅតែពីរនាក់ ។ ចូរនៅទីកន្លែងណាដែលមានសុវត្ថិភាព ជាកន្លែងដែលអ្នកអាចគ្រប់គ្រងខ្លួនឯងបានយ៉ាងងាយ ។ ចូរកុំចូលរួមក្នុងកិច្ចសន្ទនា ឬសកម្មភាពទាំងឡាយដែលដាស់អារម្មណ៍ខាងផ្លូវភេទ ។ ចូរកុំថើបដោយតណ្ហាស្រេកឃ្លាន ដេកជាមួយ ឬនៅពីលើមនុស្សម្នាក់ទៀត ឬប៉ះពាល់ផ្នែកសម្ងាត់នៃរូបកាយមនុស្សម្នាក់ទៀត ទោះមាន ឬគ្មាន សំលៀកបំពាក់ជាប់ជាមួយ ។ ចូរកុំអនុញ្ញាតឲ្យនរណាម្នាក់ធ្វើរឿងបែបនេះចំពោះអ្នកឲ្យសោះ ។
ប្រសិនបើអ្នកបានរៀបការហើយ ចូរមានសេចក្តីស្មោះត្រង់ចំពោះស្វាមី/ភរិយារបស់អ្នកទាំងនៅក្នុងគំនិត ពាក្យសម្ដី និងទង្វើ ។
ព្រះអម្ចាស់បានមានព្រះបន្ទូលដូចនេះ ៖ « ត្រូវស្រឡាញ់ប្រពន្ធខ្លួនឲ្យអស់ពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ ។ ហើយអ្នកណាដែលក្រឡេកឃើញស្ត្រី ហើយមានតម្រេកសម្រើបចង់បាន នោះនឹងបោះបង់ចោលសេចក្ដីជំនឿ ហើយនឹងមិនត្រូវមានព្រះវិញ្ញាណឡើយ ហើយបើសិនជាអ្នកនោះមិនប្រែចិត្តទេ នោះនឹងត្រូវបណ្ដេញចេញ » ( គ. និង ស។ ៤២:២២–២៣ ) ។ ចូរកុំចែចង់ក្នុងរបៀបណាមួយឲ្យសោះ ។ ចូរចៀសវាងការនៅជាមួយមនុស្សភេទផ្ទុយគ្នាឲ្យកាន់តែបានច្រើនកាន់តែប្រសើរ ។ ចូរសួរខ្លួនឯងថាតើស្វាមី/ភរិយារបស់អ្នកនឹងមានសេចក្តីរីករាយទេ បើគាត់ ឬនាងបានដឹងពីពាក្យសម្ដី និងទង្វើរបស់អ្នក ។ ចូរចងចាំដំបូន្មានរបស់សាវកប៉ុល ដែលប្រាប់ឲ្យ « ចៀសចេញពីសេចក្តីអាក្រក់គ្រប់យ៉ាង » ( ថែស្សាឡូនីច ទី១ ៥:២២ ) ។ ពេលអ្នកនៅឲ្យឆ្ងាយពីស្ថានភាពបែបនោះ ការល្បួងនឹងគ្មានឱកាសបណ្តុះឡើងឡើយ ។
ការអត់ទោសដល់មនុស្សដែលប្រែចិត្ត
ផ្នែកដ៏សំខាន់បំផុតគឺជាភាពស្អាតស្អំទាំងស្រុងខាងសីលធម៌ ។ វាគឺជាការខុសឆ្គងមួយក្នុងការប្រព្រឹត្តអំពើបាបខាងផ្លូវភេទជាមួយនឹងគំនិតដែលថា អ្នកនឹងប្រែចិត្តបានយ៉ាងងាយនៅពេលក្រោយ ។ ឥរិយាបទបែបនេះគឺជាអំពើបាប ដោយបង្ហាញការមិនកោតខ្លាចចំពោះព្រះអម្ចាស់ និង សេចក្តីសញ្ញាដែលអ្នកបានធ្វើជាមួយនឹងទ្រង់ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបានប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ព្រះអម្ចាស់ប្រទានការអភ័យទោសដល់អ្នក ប្រសិនបើអ្នកប្រែចិត្ត ។
ការប្រែចិត្តមានការលំបាកណាស់ ប៉ុន្តែវាអាចធ្វើទៅបាន ។ អ្នកអាចបានជ្រះស្អាតសារជាថ្មី ( សូមមើល អេសាយ ១:១៨ ) ។ ភាពអស់សង្ឃឹមនៃអំពើបាប អាចត្រូវបានជំនួសដោយសេចក្តីសុខសាន្តដ៏ផ្អែមល្ហែមនៃការអភ័យទោស ។ ដើម្បីរៀនអំពីកិច្ចការដែលអ្នកត្រូវតែធ្វើដើម្បីប្រែចិត្ត សូមមើល « ការប្រែចិត្ត » ទំព័រ ១៣២–១៣៥ ។
ចូរខិតខំឆ្ពោះទៅរកថ្ងៃមួយ ជាពេលដែលអ្នកមានភាពសក្តិសមដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ដែលដឹកនាំដោយពាក្យរបស់អ្នកនិពន្ធទំនុកតម្កើង ៖
« តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា ? តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន ?
គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ » ( ទំនុកដំកើង ២៤:៣–៤ ) ។