« ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៤–២១
« ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៤–២១
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
ពាក្យថា ធ្វើឲ្យធួននឹង មានន័យថា ផ្សះផ្សារ ឬស្ដារឡើងវិញឆ្ពោះទៅកាន់ភាពសុខដុមរមនា ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចត្រូវបានផ្សះផ្សារជាមួយព្រះវរបិតាសួគ៌របស់យើង ( សូមមើល រ៉ូម ៥:១០–១១, នីហ្វៃទី ២ ២៥:២៣, យ៉ាកុប ៤:១១ ) ។ នៅទីបំផុត យើងអាចរស់នៅក្នុងវត្តមានរបស់ទ្រង់ជារៀងដរាប ដែលត្រូវបាន « ធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវ » ( សូមមើល គ. និង ស. ៧៦:៦២, ៦៩ ) ។
ព្រះយេស៊ូវគ្រីស្ទ « ត្រូវបានរៀបចំទុក ចាប់តាំងពីកំណើតលោកិយមក ដើម្បីប្រោសលោះរាស្ត្រ [ របស់ទ្រង់ ] » ( អេធើរ ៣:១៤ ) ។ នៅក្នុងពិភពវិញ្ញាណនៃជីវិតមុនផែនដី ព្រះវរបិតាសួគ៌បានបង្ហាញផែនការនៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដែលតម្រូវឲ្យមានដង្វាយធួនដ៏និរន្តរ៍ និង ដ៏នៅអស់កល្បជានិច្ច ។ ព្រះយេស៊ូវកាលនៅជីវិតមុនផែនដី ពេលនោះត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា បានប្រកាសយ៉ាងរាបសាថា ទ្រង់នឹងស្របតាមព្រះហឫទ័យរបស់ព្រះវរបិតាដើម្បីបំពេញផែនការនោះ ( សូមមើល ម៉ូសេ ៤:២ ) ។ ដូច្នេះហើយ ទ្រង់ត្រូវបានសម្រេចទុកជាមុន ដើម្បីមកសម្រេចដង្វាយធួន—មកលើផែនដីដោយរងទុក្ខលំបាកជំនួសអំពើបាបរបស់យើង ដោយសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ ។ ទ្រង់បានក្លាយជា « កូនចៀមដែលត្រូវគេសម្លាប់ តាំងពីកំណើតលោកីយ៍មក » ( វិវរណៈ ១៣:៨, សូមមើលផងដែរ ពេត្រុស ទី១ ១:១៩–២០, ម៉ូសេ ៧:៤៧ ) ។
ដង្វាយធួនគឺជាការបញ្ជាក់ដ៏ខ្ពង់ខ្ពស់បំផុតនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះយើងទាំងអស់គ្នា ( សូមមើល យ៉ូហាន ៣:១៦ ) ។ វាក៏ជាការបញ្ជាក់ដ៏មហិមាបំផុតផងដែរ អំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះមានចំពោះព្រះវរបិតា និង ចំពោះយើងទាំងអស់គ្នា ( សូមមើល យ៉ូហាន ១៤:២៨–៣១, ១៥:៩–១៣, យ៉ូហាន ទី១ ៣:១៦, គ. និង ស. ៣៤:៣, ១៣៨:១–៤ ) ។
តម្រូវការរបស់យើងឲ្យមានដង្វាយធួន
ក្នុងនាមជាកូនចៅរបស់អ័ដាម និង អេវ៉ា មនុស្សទាំងអស់គ្រងមរតកដែលជាផលនៃការធ្លាក់ ។ យើងទាំងអស់គ្នាបានពិសោធន៍ចំពោះសេចក្តីស្លាប់ខាងវិញ្ញាណដោយការបែកចេញពីវត្តមានរបស់ព្រះ ហើយយើងទាំងអស់គ្នាត្រូវបានដាក់ឲ្យនៅក្រោមអំណាចសេចក្តីស្លាប់ខាងសាច់ឈាមដែលជាសេចក្តីស្លាប់ខាងរូបកាយ ( សូមមើល អាលម៉ា ៤២:៦–៩, គ. និង ស. ២៩:៤១–៤២ ) ។
នៅក្នុងស្ថានភាពធ្លាក់របស់យើង យើងស្ថិតនៅ ក្រោមអំណាចនៃភាពផ្ទុយ និងការល្បួង ។ នៅពេលយើងចុះចាញ់នឹងការល្បួង នោះយើងញែកខ្លួនយើងចេញពីព្រះ ហើយខ្វះមិនដល់សិរីល្អនៃទ្រង់ ( សូមមើល រ៉ូម ៣:២៣ ) ។
យុត្តិធម៌ដ៏នៅអស់កល្បជានិច្ចទាមទារឲ្យមានផលវិបាកនៃការធ្លាក់នៅតែមានបន្តទៅទៀត ហើយយើងត្រូវទទួលទណ្ឌកម្មចំពោះទង្វើខុសឆ្គងរបស់យើង ។ បើគ្មានដង្វាយធួនទេ នោះសេចក្ដីស្លាប់ខាងវិញ្ញាណ និង ខាងសាច់ឈាមនឹងក្លាយជាឧបសគ្គមួយដែលរារាំងយើងពីព្រះ ។ ដោយសារយើងមិនអាចសង្គ្រោះខ្លួនយើងពីការធ្លាក់ ឬ អំពើបាបផ្ទាល់របស់យើងបាន នោះយើងនឹងត្រូវបែកចេញពីព្រះវរបិតាសួគ៌របស់យើង ដ្បិត « គ្មានវត្ថុណាដែលពុំស្អាតអាចអាស្រ័យ … ក្នុងវត្តមានរបស់ទ្រង់ឡើយ » ( ម៉ូសេ ៦:៥៧ ) ។
មាគ៌ាតែមួយគត់ដើម្បីបានសង្គ្រោះ គឺតាមរយៈមនុស្សផ្សេងទៀតដែលអាចជួយសង្គ្រោះយើង ។ យើងត្រូវការមនុស្សម្នាក់ ដែលអាចបំពេញការទាមទារទាំងឡាយនៃសេចក្ដីយុត្តិធម៌—ដើម្បីជំនួសយើងក្នុងការទទួលបន្ទុកនៃការធ្លាក់ និង ដើម្បីបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ។ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយគត់ ដែលមានសមត្ថភាពធ្វើពលិកម្មបែបនេះបាន ។
ព្រះយេស៊ូវគ្រីស្ទគឺជាសេចក្ដីសង្ឃឹមតែមួយគត់របស់យើង
ចាប់តាំងពីមុនការបង្កបង្កើតផែនដីមក ព្រះអង្គសង្គ្រោះបានធ្វើជាសេចក្ដីសង្ឃឹមតែមួយគត់របស់យើងសម្រាប់ « សេចក្ដីសុខសាន្តនៅក្នុងលោកិយនេះ ហើយនិងជីវិតដ៏នៅអស់កល្បជានិច្ច នៅក្នុងបរលោកនាយ » ( គ. និង ស។ ៥៩:២៣ ) ។
មានតែទ្រង់មួយអង្គគត់ដែលមានព្រះចេស្ដា ដើម្បីដាក់ព្រះជន្មទ្រង់ចុះ ថែមទាំងយកមកវិញដែរ ។ ដោយបានប្រសូតមកពីមាតាក្នុងជីវិតរមែងស្លាប់របស់ទ្រង់គឺ ម៉ារា ទើបទ្រង់ទទួលមរតតនៃការស្លាប់ ។ ដោយសារមានព្រះវរបិតាសួគ៌ដ៏អមត ទើបទ្រង់ទទួលមរតកនៃព្រះចេស្ដាដើម្បីយកឈ្នះលើសេចក្ដីស្លាប់បាន ។ ទ្រង់បានមានព្រះបន្ទូលប្រកាសថា « ដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ » ( យ៉ូហាន ៥:២៦ ) ។
មានតែទ្រង់មួយអង្គគត់ ដែលអាចប្រោសលោះយើងពីអំពើបាបរបស់យើងបាន ។ ព្រះជាព្រះវរបិតាបានប្រទានព្រះចេស្ដានេះដល់ទ្រង់ ( សូមមើល ហេលេមិន ៥:១១ ) ។ ព្រះអង្គសង្គ្រោះមានលទ្ធភាពទទួលយកព្រះចេស្ដានេះ ហើយសម្រេចដង្វាយធួន ដោយសារតែទ្រង់បានរក្សាអង្គទ្រង់ឲ្យរួចផុតពីអំពើបាប ៖ « ទ្រង់បានរងទុក្ខសេចក្ដីល្បួងទាំងឡាយ ប៉ុន្តែមិនបានរវីរវល់ដល់សេចក្ដីទាំងនោះឡើយ » ( គ. និង ស ២០:២២ ) ។ ទ្រង់បានរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះ ដែលជាជីវិតគ្មានអំពើបាប ទ្រង់រួចផុតពីការទាមទារនៃសេចក្ដីយុត្តិធម៌ ។ ដោយសារតែទ្រង់មានព្រះចេស្ដានៃការប្រោសលោះ ហើយដោយសារតែទ្រង់គ្មានបំណុលចំពោះសេចក្ដីយុត្តិធម៌ ទើបទ្រង់អាចសងបំណុលដល់អស់អ្នកដែលប្រែចិត្តបាន ។ ទ្រង់មានព្រះបន្ទូលដូចនេះ ៖
« ព្រះវរបិតាអើយ សូមទតមើលការរងទុក្ខទាំងឡាយ និង ការសុគតរបស់អ្នកដែលពុំបានធ្វើបាបឡើយ ជាអ្នកដែលព្រះអង្គសព្វព្រះហឫទ័យចុះ សូមទតមើលព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គដែលបានច្រួច ជាព្រះលោហិតរបស់អ្នកដែលព្រះអង្គបានប្រទានឲ្យដើម្បីឲ្យព្រះអង្គបានតម្កើងឡើង
ហេតុដូច្នោះហើយ ឱព្រះវរបិតាអើយ អ្នកផងទាំងនេះជាបងប្អូនរបស់ទូលបង្គំ ដែលជឿដល់ព្រះនាមរបស់ទូលបង្គំ ដើម្បីឲ្យពួកគេអាចមករកទូលបង្គំ ហើយមានជីវិតដ៏នៅអស់កល្បជានិច្ច » ( គ. និង ស. ៤៥:៤–៥ ) ។
ប្រាកដណាស់ « ពុំមាននាមណាមួយ ឬផ្លូវ ឬក៏មធ្យោបាយឯណាទៀតឡើយ ដែលអាចនាំសេចក្ដីសង្គ្រោះមកឲ្យកូនចៅមនុស្ស មានតែមធ្យោបាយមួយប៉ុណ្ណោះ គឺដោយ ហើយតាមរយៈព្រះនាមនៃព្រះគ្រីស្ទ ជាព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា » ( ម៉ូសាយ ៣:១៧ ) ។
ពលិកម្មដ៏ធួន
ពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវ បានកើតឡើងនៅក្នុងសួនច្បារគែតសេម៉ានី និង នៅលើឈើឆ្កាងត្រង់កាលវ៉ារី ។ នៅក្នុងសួនច្បារគែតសេម៉ានី ទ្រង់បានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា ហើយបានចាប់ផ្ដើមលើកដាក់លើព្រះអង្គទ្រង់ នូវអំពើបាបរបស់មនុស្សទាំងអស់ ។ ទ្រង់បានបើកសម្ដែងបទពិសោធន៍មួយ ដែលទ្រង់បានមានកាលទ្រង់បានបង់ថ្លៃជំនួសអំពើបាបរបស់យើងដូចនេះ ៖
« មើលចុះ យើងជាព្រះ បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត
ប៉ុន្ដែ បើសិនជាពួកគេមិនព្រមប្រែចិត្តទេ នោះពួកគេត្រូវរងទុក្ខដូចជាយើងដែរ
គឺជាសេចក្ដីរងទុក្ខវេទនា ដែលបណ្ដាលឲ្យយើងគឺជាព្រះ ដែលមហិមាលើអ្វីៗទាំងអស់ត្រូវញ័រ ដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខ ព្រមទាំងរូបកាយ និងវិញ្ញាណផង—ហើយដើម្បីកុំឲ្យយើងត្រូវផឹកពែងល្វីង ហើយរួញខ្លាច—
ទោះជាយ៉ាងណាក៏ដោយ សូមព្រះវរបិតាបានសិរីល្អ ហើយយើងបានទទួលទាន និងសម្រេចការរៀបចំរបស់យើង ចំពោះកូនចៅមនុស្ស » ( គ. និង ស. ១៩:១៦–១៩, សូមមើលផងដែរ លូកា ២២:៤៤, ម៉ូសាយ ៣:៧ ) ។
ព្រះអង្គសង្គ្រោះបានបន្តរងការឈឺចាប់ជំនួសអំពើបាបរបស់យើង ជាពេលដែលទ្រង់បានអនុញ្ញាតឲ្យគេឆ្កាងទ្រង់—« លើកឡើងលើឈើឆ្កាង ហើយធ្វើគត់ជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក » ( នីហ្វៃទី ១ ១១:៣៣ ) ។
ទ្រង់បានស្ម័គ្រព្រះទ័យសុគតលើឈើឆ្កាង ។ បន្ទាប់មក ព្រះសពទ្រង់ត្រូវបានបញ្ចុះនៅក្នុងផ្នូរ រហូតដល់ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយបានក្លាយជា « ផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ » ( កូរិនថូស ទី១ ១៥:២០ ) ។ តាមរយៈការសុគត និង ការមានព្រះជន្មរស់ឡើងវិញ នោះទ្រង់បានយកឈ្នះលើសេចក្ដីស្លាប់ខាងសាច់ឈាមសម្រាប់យើងទាំងអស់គ្នា ។ ក្រោយមក ទ្រង់បានមានព្រះបន្ទូលដូចនេះ ៖
« យើងបានមកឯលោកិយនេះ ដើម្បីធ្វើតាមព្រះហឫទ័យនៃព្រះវរបិតារបស់យើង ពីព្រោះព្រះវរបិតារបស់យើង ទ្រង់បានចាត់ឲ្យយើងមក ។
ហើយព្រះវរបិតាយើងទ្រង់បានចាត់ឲ្យយើងមកដើម្បីឲ្យយើងអាចត្រូវបានលើកឡើងលើឈើឆ្កាង ហើយបន្ទាប់ពីយើងត្រូវបានលើកឡើងលើឈើឆ្កាងគឺប្រយោជន៍ឲ្យយើងអាចទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើងហើយដូចជាយើងត្រូវបានលើកឡើងលើឈើឆ្កាងដោយមនុស្សលោកយ៉ាងណា នោះមនុស្សលោកក៏នឹងត្រូវបានលើកឡើងដោយព្រះវរបិតាយ៉ាងនោះដែរ ដើម្បីឲ្យឈរចំពោះយើងដើម្បីទទួលការជំរុំជម្រះស្របតាមកិច្ចការទាំងឡាយរបស់ខ្លួន ដើម្បីឲ្យឃើញថាពួកគេល្អ ឬក៏អាក្រក់—
ហើយដោយហេតុនេះ ទើបយើងត្រូវបានលើកឡើង ហេតុដូច្នេះហើយ ស្របតាមព្រះចេស្ដានៃព្រះវរបិតា នោះយើងនឹងទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើង ប្រយោជន៍ឲ្យគេអាចបានទទួលការជំនុំជម្រះ ស្របតាមកិច្ចការទាំងឡាយរបស់គេ ។
ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង នោះត្រូវបានពោរពេញ ហើយបើអ្នកនោះកាន់ខ្ជាប់ ដរាបដល់ចុងបំផុត មើលចុះ យើងនឹងចាត់អ្នកនោះទុកថាជាឥតទោសនៅចំពោះព្រះវរបិតាយើងនៅក្នុងថ្ងៃដែលយើងនឹងឈរជំនុំជម្រះមនុស្សលោក » ( នីហ្វៃទី ៣ ២៧:១៣–១៦ ) ។
សេចក្ដីប្រោសលោះមកពីការធ្លាក់ជាសាកល
តាមរយៈដង្វាយធួន ព្រះយេស៊ូវគ្រីស្ទប្រោសលោះមនុស្សទាំងអស់ឲ្យរួចផុតពីឥទ្ធិពលនៃការធ្លាក់ ។ មនុស្សទាំងអស់ដែលបានរស់នៅលើផែនដី ព្រមទាំងមនុស្សដែលនឹងរស់នៅលើផែនដីផង នឹងរស់ឡើងវិញ ហើយនាំទៅក្នុងវត្តមានរបស់ព្រះវិញដើម្បីទទួលការជំនុំជម្រះ ( សូមមើល នីហ្វៃទី ២ ២:៥–១០, ហេលេមិន ១៤:១៥–១៧ ) ។ តាមរយៈអំណោយទានជាសេចក្ដីមេត្តាករុណា និង ព្រះគុណនៃការប្រោសលោះរបស់ព្រះអង្គសង្គ្រោះ នោះយើងទាំងអស់គ្នានឹងទទួលបានអំណោយទានជាអមតភាព ហើយរស់នៅជារៀងរហូតដោយមានរូបកាយពេញដោយសិរីល្អ និង ដែលបានរស់ឡើងវិញ ។
សេចក្តីសង្គ្រោះពីអំពើបាបរបស់យើង
ទោះបីជាយើងត្រូវបានប្រោសលោះដោយគ្មានលក្ខខណ្ឌពីឥទ្ធិពលនៃការធ្លាក់ជាសាកលក៏ដោយ ក៏យើងនៅតែទទួលខុសត្រូវលើអំពើបាបផ្ទាល់របស់យើងដែរ ។ ប៉ុន្តែយើងអាចបានការអភ័យទោស និង បានស្អាតពីស្នាមប្រឡាក់នៃអំពើបាបប្រសិនបើយើង « ប្រើប្រាស់ព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ » ( ម៉ូសាយ ៤:២ ) ។ យើងត្រូវតែអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួលពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ហើយទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ។ អាលម៉ាបានទូន្មានដូចនេះ ៖
« អ្នករាល់គ្នាត្រូវតែប្រែចិត្ត ហើយកើតម្ដងទៀត ដ្បិតព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលថា បើសិនជាអ្នករាល់គ្នាមិនបានកើតម្ដងទៀតទេ នោះអ្នករាល់គ្នាមិនអាចគ្រងនគរស្ថានសួគ៌ទុកជាមរតកបានឡើយ ហេតុដូច្នេះហើយ ចូរមក ហើយទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្តចុះ ដើម្បីឲ្យអ្នករាល់គ្នាអាចបានជ្រះពីអំពើបាបទាំងឡាយរបស់អ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចមានសេចក្ដីជំនឿជឿដល់កូនចៀមនៃព្រះ ដែលនឹងដកយកអំពើបាបទាំងឡាយពីមនុស្សលោក ដែលមានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ និងដើម្បីជម្រះឲ្យជ្រះពីអស់ទាំងអំពើដ៏ឥតសុចរិត » ( អាលម៉ា ៧:១៤ ) ។
អំណោយទានជាជីវិតដ៏នៅអស់កល្បជានិច្ច
ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលប្រកាសថា ជីវិតដ៏នៅអស់កល្បជានិច្ចគឺជា « អំណោយទានដ៏មហិមាបំផុតក្នុងចំណោមអំណោយទានទាំងអស់របស់ព្រះ » ( គ. និង ស. ១៤:៧ ) ។ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវ មានភាពសក្ដិសមដើម្បីរស់នៅក្នុងវត្តមានរបស់ព្រះ ដើម្បីគ្រងកន្លែងមួយទុកជាមរតកក្នុងកម្រិតមួយដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល ។ អំណោយទាននេះគឺអាចធ្វើបាន តែតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ ព្យាការីមរមនបានមានប្រសាសន៍ដូចនេះ ៖ « តើអ្វីទៅដែលអ្នកសង្ឃឹមចង់បាន ? មើលចុះ ខ្ញុំប្រាប់អ្នកថា អ្នករាល់គ្នានឹងមានសេចក្តីសង្ឃឹម តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ និង អំណាចនៃដំណើររស់ឡើងវិញរបស់ទ្រង់ ដើម្បីឲ្យបានប្រោសឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយនេះក៏មកពីសេចក្តីជំនឿរបស់អ្នកដល់ទ្រង់ ស្របតាមពាក្យសន្យា » ( មរ៉ូណៃ ៧:៤១ ) ។
ដើម្បីទទួលបានអំណោយទាននេះ យើងត្រូវតែបំពេញលក្ខខណ្ឌមួយចំនួន ។ យើងត្រូវអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់យើង ហើយកាន់ខ្ជាប់យ៉ាងស្មោះត្រង់ដរាបដល់ទីបំផុត ។ យើងត្រូវតែទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះមានដូចជា ៖ ពិធីបុណ្យជ្រមុជទឹក អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធនៃបព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) និង អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ព្រមទាំងពិធីផ្សារភ្ជាប់នៃអាពាហ៍ពិពាហ៍ ។ តាមរយៈការទទួលពិធីបរិសុទ្ធទាំងនេះ និង ការរក្សាសេចក្ដីសញ្ញាដែលជាប់ទាក់ទង នោះយើងមកឯព្រះគ្រីស្ទ ហើយទីបំផុត យើងទទួលបានអំណោយទានជាជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៣ ) ។
ដោយសេចក្ដីយុត្តិធម៌ និង សេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ទ្រង់ ព្រះអម្ចាស់ក៏បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចផងដែរដល់ « មនុស្សទាំងអស់ដែលបានស្លាប់ទៅ ដោយគ្មានការចេះដឹងអំពីដំណឹងល្អនេះ គឺជាពួកអ្នកដែលនឹងទទួលដំណឹងល្អ បើសិនជាពួកគេត្រូវបានអនុញ្ញាតឲ្យនៅ » និងដល់ « កូនក្មេងទាំងអស់ដែលបានស្លាប់មុនគ្រប់អាយុទទួលខុសត្រូវ » ( គ. និង ស. ១៣៧:៧, ១០ ) ។
ព្រះអង្គសង្គ្រោះបានអញ្ជើញយើងទាំងអស់គ្នាឲ្យទទួលជីវិតដ៏នៅអស់កល្បជានិច្ច ៖ « ទ្រង់បានអញ្ជើញមនុស្សលោកទាំងអស់ ដ្បិតព្រះពាហុនៃសេចក្ដីមេត្តាករុណាបានលាតសន្ធឹងមករកគេ ហើយទ្រង់មានព្រះបន្ទូលថា ៖ ចូរប្រែចិត្តចុះ នោះយើងនឹងទទួលអ្នក ។ មែនហើយ ទ្រង់មានព្រះបន្ទូលថា ៖ ចូរមករកយើងចុះ ហើយអ្នករាល់គ្នានឹងបានទទួលទាននូវផ្លែនៃដើមជីវិត មែនហើយ អ្នករាល់គ្នានឹងបានទទួលទាន ហើយផឹក នូវនំប៉័ង និងទឹកនៃជីវិតតាមចិត្ត » ( អាលម៉ា ៥:៣៣–៣៤ ) ។
ការរកឃើញសេចក្ដីសុខសាន្ត និង ការព្យាបាលតាមរយៈដង្វាយធួន
ពរជ័យមកពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ លាតសន្ធឹងពេញមួយភាពដ៏នៅអស់កល្បជានិច្ច ប៉ុន្តែវាក៏កើតមាននៅក្នុងជីវិតនេះដែរ ។ នៅពេលអ្នកមករកព្រះគ្រីស្ទ អ្នកនឹងបានស្គាល់អំណរនៃការបានជ្រះស្អាតនៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ។ អ្នកនឹងបានឮពាក្យរបស់អាលម៉ាដែលបានធ្វើបាប និងបានបះបោរយ៉ាងខ្លាំង ហើយបានទទួលបទពិសោធន៍យ៉ាងឈឺចាប់ ប៉ុន្តែនោះក៏បានល្អឡើងវិញតាមរយៈដំណើរការព្យាបាលនៃការប្រែចិត្ត ។ បន្ទាប់ពីលោកទទួលបានការអភ័យទោស លោកបានថ្លែងទីបន្ទាល់ដូចនេះ ៖
« ឪពុកក៏ឈប់នឹកឃើញការឈឺចាប់ទៀត មែនហើយ ឪពុកក៏អស់កើតទុក្ខដោយការនឹកឃើញអំពើបាបរបស់ខ្លួនទៀតទៅ ។
ហើយ ឱអំណរ និងរស្មីដ៏អស្ចារ្យ ដែលឪពុកបានឃើញ មែនហើយ ព្រលឹងឪពុកបានពោរពេញទៅដោយអំណរ លើសជាងការឈឺចាប់របស់ឪពុកទៅទៀត !
… គ្មានអ្វីដែលជ្រួតជ្រាប និង ល្វីងជូរចត់ ឲ្យស្មើនឹងការឈឺចាប់របស់ឪពុកបានឡើយ ។ … ជាថ្មីទៀត គឺគ្មានអ្វីជ្រួតជ្រាប និង ផ្អែមល្ហែម ឲ្យស្មើនឹងអំណររបស់ឪពុកបានឡើយ » ( អាលម៉ា ៣៦:១៩–២១ ) ។
បន្ថែមពីលើការប្រទានឲ្យនូវការប្រោសលោះពីភាពឈឺចាប់នៃអំពើបាប នោះព្រះអង្គសង្គ្រោះប្រទានឲ្យនូវភាពសុខសាន្តក្នុងពេលនៃការសាកល្បង ។ ជាចំណែកមួយនៃដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវបានលើកដាក់ទៅលើអង្គទ្រង់នូវភាពឈឺចាប់ ជំងឺ និង រោគាទាំងឡាយរបស់រាស្ត្រទ្រង់ ( សូមមើល អាលម៉ា ៧:១១–១២ ) ។ ទ្រង់យល់អំពីការឈឺចាប់របស់អ្នក ព្រោះទ្រង់បានធ្លាប់ជួបប្រទះនឹងការឈឺចាប់នោះហើយ ។ ដោយការយល់ដ៏ឥតខ្ចោះបែបនេះហើយ ទើបទ្រង់ជ្រាបពីរបៀបជួយដល់អ្នក ។ អ្នកអាចផ្ទេរ « គ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា » ( ពេត្រុស ទី១ ៥:៧ ) ។
តាមរយៈសេចក្ដីជំនឿ និង សុចរិតភាពរបស់អ្នក និង តាមរយៈពលិកម្មដ៏ធួនរបស់ទ្រង់ នោះរាល់ភាពអយុត្តិធម៌ របួស និង ការឈឺចាប់ក្នុងជីវិត អាចត្រូវបានទូទាត់ និង ធ្វើឲ្យបានត្រឹមត្រូវឡើងវិញ ។ ពរជ័យដែលមិនបានកើតឡើងក្នុងជីវិតនេះនឹងកើតឡើងក្នុងភាពអស់កល្បជានិច្ច ។ ហើយទោះជាឥឡូវនេះ ទ្រង់អាចនឹងមិនធ្វើឲ្យការរងទុក្ខរបស់អ្នកបានធូរស្បើយក្ដី ក៏ទ្រង់នឹងប្រទានពរអ្នកដោយនូវការលួងលោមចិត្ត និង ការយល់ដឹង ព្រមទាំងកម្លាំងដើម្បី « អាចទ្របន្ទុកទាំងឡាយ [ របស់អ្នក ] បានដោយងាយ » ដែរ ( ម៉ូសាយ ២៤:១៥ ) ។
ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ( ម៉ាថាយ ១១:២៨ ) ។ ចំពោះឱកាសផ្សេងទៀត ទ្រង់បានសន្យាជាថ្មីម្ដងទៀត អំពីសេចក្ដីសុខសាន្តដោយទ្រង់មានបន្ទូលថា « នៅលោកិយនេះនោះអ្នករាល់គ្នាមានសេចក្តីវេទនា ៖ មែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ( យ៉ូហាន ១៦:៣៣ ) ។ ទាំងនេះគឺជាការសន្យានៃដង្វាយធួននៅក្នុងជីវិតនេះ និង ពេញមួយភាពអស់កល្បជានិច្ច ។