« ការណ៍អាសគ្រាម » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១៧-១១៨
« ការណ៍អាសគ្រាម » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១១៧–១១៨
ការណ៍អាសគ្រាម
ការណ៍អាសគ្រាមគឺជាសម្ភារនានា ដែលបរិយាយ ឬពិពណ៌នាអំពីរូបកាយមនុស្ស ឬទង្វើផ្លូវភេទតាមរបៀបមួយដែលដាស់អារម្មណ៍ផ្លូវភេទ ។ វាត្រូវបានបង្ហាញតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមមាន ទស្សនាវដ្ដី សៀវភៅ ទូរទស្សន៍ ភាពយន្ត តន្ត្រី និងអ៊ិនធើណែត ។ វាធ្វើឲ្យមានមហន្តរាយចំពោះវិញ្ញាណ គឺដូចជាថ្នាំជក់ គ្រឿងស្រវឹង និងគ្រឿងញៀនដែលធ្វើឲ្យមហន្តរាយចំពោះរូបកាយដែរ ។ ការប្រើប្រាស់សម្ភាសអាសគ្រាមនៅតាមរបៀបណាក៏ដោយ គឺជាការបំពានព្រះបញ្ញត្តិនៃព្រះដែលចែងថា « អ្នកមិនត្រូវ … ផិតគ្នាឲ្យសោះ … ឬប្រព្រឹត្តអំពើអ្វីដូចនោះឲ្យសោះ » ( គ. និង ស. ៥៩:៦ ) ។ ការណ៍អាសគ្រាមអាចដឹកនាំឲ្យប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។ សមាជិកសាសនាចក្រគួរតែចៀសវាងពីការណ៍អាសគ្រាមនៅក្នុងគ្រប់ទម្រង់ ហើយគួរតែប្រឆាំងចំពោះផលិតផល ការរួមចំណែក និងការប្រើប្រាស់អ្វីទាំងនោះ ។
ការណ៍អាសគ្រាមធ្វើឲ្យញៀនដកខ្លួនមិនរួច ។ ក៏ដូចជាសារធាតុញៀនដទៃទៀតដែរ នោះការណ៍អាសគ្រាមដឹកនាំមនុស្សឲ្យទៅរកការដកពិសោធន៍ រួចស្វែងរកការដាស់អារម្មណ៍រំភើបដ៏មានឥទ្ធិពលកាន់តែខ្លាំង ។ បើអ្នកដកពិសោធន៍ជាមួយនឹងការណ៍អាសគ្រាម ហើយបណ្តោយខ្លួនអ្នកឲ្យធ្លាក់ទៅក្នុងអន្ទាក់នេះ នោះវានឹងបំផ្លាញអ្នក ធ្វើឲ្យខូចខាតដល់គំនិត ចិត្ត និងស្មារតីរបស់អ្នក ។ វានឹងប្លន់យកការគោរពលើខ្លួនឯង និងលទ្ធភាពដែលអាចមើលឃើញពីភាពស្រស់បំព្រងនៅក្នុងជីវិត ។ វានឹងធ្វើឲ្យអ្នកបាត់បង់ការគ្រប់គ្រងលើខ្លួនឯង ហើយនាំអ្នកទៅរកគំនិតព្រៃផ្សៃ និងឥរិយាបទរំលោភបំពានដែលអាចនឹងធ្វើទៅបាន ។ វានឹងធ្វើឲ្យមានការប្រេះស្រាំដ៏ធ្ងន់ធ្ងរដល់ទំនាក់ទំនងគ្រួសាររបស់អ្នក ។
ដោយសារតែលក្ខណៈញៀននៃការណ៍អាសគ្រាម និងមហន្តរាយដែលវានាំឲ្យមានដល់រូបកាយ និងស្មារតី ទើបអ្នកបម្រើរបស់ព្រះព្រមានយើងឲ្យយើងចៀសចេញពីវាម្តងហើយម្តងទៀត ។ ប្រសិនបើអ្នកបានធ្លាក់ទៅក្នុងអន្ទាក់នៃការណ៍អាសគ្រាម ចូរបញ្ឈប់វាជាបន្ទាន់ ហើយស្វែងរកជំនួយ ។ តាមរយៈការប្រែចិត្ត នោះអ្នកអាចទទួលបានការអភ័យទោស ហើយស្វែងរកសេចក្តីសង្ឃឹមនៅក្នុងដំណឹងល្អ ។ ចូរពិភាក្សាជាមួយប៊ីស្សព ឬប្រធានសាខារបស់អ្នក ដើម្បីបានការប្រឹក្សាអំពីរបៀបយកឈ្នះលើបញ្ហារបស់អ្នក និងស្វែងរកការព្យាបាលតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ចូរទូលសូមព្រះអម្ចាស់ឲ្យប្រទានកម្លាំងដល់អ្នក ដើម្បីយកឈ្នះលើការញៀនដ៏អាក្រក់នេះ ។