« ការអភ័យទោស » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧០–៧២
« ការអភ័យទោស » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៧០–៧២
ការអភ័យទោស
ព្រះគម្ពីរបានសំដៅទៅលើការអភ័យទោសតាមវិធីពីរយ៉ាង ។ ព្រះអម្ចាស់ត្រាស់បង្គាប់ឲ្យយើងប្រែចិត្តពីអំពើបាបរបស់យើង ហើយស្វែងរកការអភ័យទោសពីទ្រង់ ។ ព្រះអម្ចាស់ក៏ត្រាស់បង្គាប់យើងឲ្យអភ័យទោស ដល់ជនដែលធ្វើឲ្យយើងរវាតចិត្ត ឬធ្វើបាបទាស់នឹងយើងដែរ ។ នៅក្នុងសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ ព្រះយេស៊ូវប្រទានឱវាទដល់យើងឲ្យទូលសូមព្រះវរបិតាដើម្បីទ្រង់ « អត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ » ( ម៉ាថាយ ៦:១២ ) ។
ការស្វែងរកការអភ័យទោសពីព្រះអម្ចាស់
អំពើបាបគឺជាបន្ទុកយ៉ាងធ្ងន់មួយ ។ វានាំឲ្យមានភាពតាន់តឹងមកពីកំហុស និងការប៉ះទង្គិចដោយមកពីការដឹងថា យើងបានប្រព្រឹត្តផ្ទុយទៅនឹងព្រះឆន្ទៈរបស់ព្រះវរបិតារបស់យើងដែលនៅគង់ស្ថានសួគ៌ ។ វានាំឲ្យមានវិប្បដិសារីជានិច្ច ពេលដែលយើងដឹងថា ដោយសារតែទង្វើរបស់យើង យើងអាចធ្វើឲ្យមនុស្សដទៃមានការឈឺចាប់ ព្រមទាំងរារាំងខ្លួនយើងមិនឲ្យទទួលបានពរជ័យ ដែលព្រះវរបិតាបានរៀបចំជាស្រេចសម្រាប់យើង ។
ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានការអភ័យទោសពីអំពើបាបរបស់យើង តាមរយៈការប្រែចិត្តដោយស្មោះត្រង់ និងដាច់ស្រឡះ ។ ភាពពេញទៅដោយអំពើបាបនាំមកនូវទុក្ខវេទនា និងការឈឺចាប់ ប៉ុន្តែការអភ័យទោសពីព្រះអម្ចាស់នាំមកនូវភាពធូរស្បើយ ការលួងលោមចិត្ត និងអំណរ ។ ព្រះអម្ចាស់បានមានបន្ទូលសន្យាដូចនេះ ៖
« មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ » ( គ. និង ស. ៥៨:៤២ ) ។
« ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ » ( អេសាយ ១:១៨ ) ។
អ្នកអាចមានបទពិសោធនៃអព្ភូតហេតុនេះបាន ទោះជាអ្នកចាំបាច់ត្រូវប្រែចិត្តពីអំពើបាបធ្ងន់ធ្ងរ ឬភាពទន់ខ្សោយរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ។ គឺដូចជាព្រះអង្គសង្គ្រោះបានទូលអង្វរដល់មនុស្សនៅសម័យបុរាណដែរ នោះទ្រង់ទូលអង្វរឲ្យពួកអ្នកនៅថ្ងៃនេះដូច្នេះ ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងបានសម្រាកដល់ព្រលឹង ។
ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ( ម៉ាថាយ ១១: ២៨–៣០ ) ។
« តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ?
មែនហើយ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា បើសិនជាអ្នករាល់គ្នាមករកយើង នោះអ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច មើលចុះ ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមក អ្នកនោះហើយដែលយើងនឹងទទួល ហើយមានពរហើយដល់អ្នកណាដែលមករកយើង » ( នីហ្វៃទី ៣ ៩:១៣–១៤ ) ។
ចំពោះការពន្យល់អំពីការប្រែចិត្ត សូមមើល « ការប្រែចិត្ត » ទំព័រ ១៣២–១៣៥ ។
ការអភ័យទោសដល់មនុស្សដទៃ
បន្ថែមពីលើការស្វែងរកការអភ័យទោសពីអំពើបាបរបស់យើង យើងត្រូវតែមានឆន្ទៈអភ័យទោសដល់មនុស្សដទៃដែរ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « អ្នកត្រូវអត់ទោសដល់គ្នាទៅវិញទៅមក ដ្បិតអ្នកណាដែលមិនអត់ទោសដល់បងប្អូនរបស់ខ្លួនចំពោះការរំលងរបស់គេទេ នោះជាប់ទោសនៅចំពោះព្រះអម្ចាស់ ព្រោះនៅជាប់នឹងអ្នកនោះ គឺជាបាបដ៏ធំជាង ។ យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ( គ. និង ស. ៦៤:៩–១០ ) ។
នៅក្នុងគ្រប់ស្ថានភាពទាំងអស់នៃជីវិត អ្នកនឹងរងកំហុសដោយសារអ្នកដទៃ—នៅពេលខ្លះដោយអចេតនា នៅពេលខ្លះដោយចេតនា ។ វាមានភាពងាយស្រួលក្នុងការរងភាពល្វីងជូរចត់ ឬខឹង ឬគំនុំ ក្នុងករណីដូចនេះ ប៉ុន្តែទាំងនេះមិនមែនជារបៀបរបស់ព្រះអម្ចាស់ទេ ។ ព្រះអង្គសង្គ្រោះបានប្រទានឱវាទថា « ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែល ធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » ( ម៉ាថាយ ៥:៤៤ ) ។ ទ្រង់បានធ្វើជាគំរូល្អឥតខ្ចោះអំពីការអភ័យទោស ពេលទ្រង់ជាប់នៅលើឈើឆ្កាង ។ ទ្រង់បានអធិស្ឋានសម្រាប់ពួកទាហានរ៉ូម ជាអ្នកដែលបានឆ្កាងទ្រង់យ៉ាងដូចនេះថា « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » ( លូកា ២៣:៣៤, ) ។
ចូរអធិស្ឋានទូលសូមកម្លាំង ដើម្បីអាចអភ័យទោសដល់អ្នកដែលបានធ្វើខុសទៅលើអ្នក ។ ចូរបោះបង់ចោលកំហឹង គំនុំ ឬការសងសឹកចោលទៅ ។ ចូរស្វែងរកអំពើល្អដែលមនុស្សដទៃមាន ប្រសើរជាងផ្តោតអារម្មណ៍ទៅលើទោសកំហុស ហើយពង្រឹងភាពទន់ខ្សោយរបស់ពួកគេ ។ ចូរទុកឲ្យព្រះជាអ្នកជំនុំជម្រះលើទង្វើរបស់មនុស្សដទៃដែលនាំឲ្យមហន្តរាយ ។ វាប្រហែលជាមានការពិបាកក្នុងការបណ្តោយឲ្យមានអារម្មណ៍ឈឺចាប់ ប៉ុន្តែអ្នកអាចធ្វើបាន ដោយមានជំនួយពីព្រះអម្ចាស់ ។ អ្នកនឹងឃើញថា ការអភ័យទោសអាចជួយព្យាបាលដំបៅដ៏ធំនេះបាន ដោយជំនួសជាតិពុលនៃការឈ្លោះប្រកែក និងស្អប់ខ្ពើមគ្នាវិញដោយនូវភាពសុខសាន្ត និងសេចក្តីស្រឡាញ់ដែលមានតែព្រះប៉ុណ្ណោះ ទើបអាចប្រទានឲ្យយើងបាន ។