« ការអធិស្ឋាន » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១៨–១២៣
« ការអធិស្ឋាន » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ១១៨–១២៣
ការអធិស្ឋាន
អ្នកគឺជាកូនរបស់ព្រះ ។ ព្រះវរបិតាសួគ៌របស់អ្នកទ្រង់ស្រឡាញ់អ្នក ព្រមទាំងជ្រាបពីសេចក្តីត្រូវការរបស់អ្នក ហើយទ្រង់សព្វព្រះទ័យឲ្យអ្នកទាក់ទងទៅទ្រង់តាមរយៈការអធិស្ឋាន ។ ចូរអធិស្ឋានទៅកាន់ទ្រង់ មិនមែនទៅកាន់ព្រះណាផ្សេងទៀតឡើយ ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានត្រាស់បង្គាប់ថា « អ្នករាល់គ្នាត្រូវអធិស្ឋានដល់ព្រះវរបិតា ដោយនូវនាមយើងជានិច្ច » ( នីហ្វៃទី ៣ ១៨:១៩ ) ។
នៅពេលអ្នកបង្កើតទម្លាប់នៃការខិតទៅជិតព្រះក្នុងការអធិស្ឋាន នោះអ្នកនឹងស្គាល់ទ្រង់ ថែមទាំងខិតកាន់តែជិតទ្រង់ ។ បំណងប្រាថ្នារបស់យើងនឹងកាន់តែក្លាយដូចជាព្រះរាជបំណងរបស់ទ្រង់ ។ អ្នកនឹងអាចមានការការពារចំពោះខ្លួនអ្នក និងចំពោះពរជ័យផ្សេងទៀត ដែលទ្រង់បានត្រៀមរួចជាស្រេច ដើម្បីប្រទានឲ្យអ្នក ប្រសិនបើអ្នកទូលសូមទ្រង់ក្នុងសេចក្តីជំនឿ ។
គោលការណ៍នៃការអធិស្ឋាន
ព្រះវរបិតាសួគ៌របស់អ្នកតែងតែត្រៀមព្រះអង្គទ្រង់ជាស្រេច ដើម្បីព្រះសណ្ដាប់ ហើយឆ្លើយតបចំពោះការអធិស្ឋានរបស់អ្នក ។ អំណាចនៃការអធិស្ឋានអាស្រ័យទៅលើអ្នកផ្ទាល់ ។ នៅពេលអ្នកព្យាយាមធ្វើឲ្យការអធិស្ឋានទៅជាផ្នែកមួយនៃជីវិតរបស់អ្នក ចូរចងចាំដំបូន្មាននេះ ៖
ចូរធ្វើឲ្យការអធិស្ឋានរបស់អ្នកប្រកបដោយអត្ថន័យ ។
ព្យាការីមរមនបានព្រមានថា ប្រសិនបើនរណាម្នាក់ « មិនអធិស្ឋានដោយស្មោះអស់ពីចិត្តទេ … នោះពុំមានផលប្រយោជន៍អ្វីដល់ជននោះឡើយ » ( មរ៉ូណៃ ៧:៩ ) ។ ដើម្បីធ្វើឲ្យការអធិស្ឋានរបស់អ្នកប្រកបដោយអត្ថន័យ អ្នកត្រូវតែអធិស្ឋានដោយចិត្តស្មោះស និង « អស់ពីកម្លាំងចិត្ត » ( មរ៉ូណៃ ៧:៤៨ ) ។ ចូរប្រុងប្រយ័ត្នចៀងវាង « ពោលពាក្យឥតប្រយោជន៍ផ្ទួនៗ » នៅពេលអ្នកអធិស្ឋាន ( សូមមើល ម៉ាថាយ ៦:៧ ) ។ ចូរគិតឲ្យបានដិតដល់ចំពោះឥរិយាបថ និងពាក្យសម្ដីដែលអ្នកថ្លែង ។
ចូរប្រើភាសាដែលបង្ហាញសេចក្តីស្រឡាញ់ ការគោរព និងភាពជិតស្និទ្ធ ។
ការអនុវត្តតាមគោលការណ៍នេះនឹងប្រែប្រួលទៅតាមភាសាដែលអ្នកនិយាយ ។ ឧទាហរណ៍ ប្រសិនបើអ្នកអធិស្ឋានជាភាសាអង់គ្លេស អ្នកគួរតែប្រើសព្វនាមនៅក្នុងព្រះគម្ពីរ នៅពេលអ្នកទាក់ទងទៅកាន់ព្រះមានដូចជាពាក្យ—ទ្រង់ និង របស់ទ្រង់ ប្រសើរជាងប្រើសព្វនាមទូទៅមានដូចជា គាត់ និង របស់គាត់ ។ ទោះជាភាសាណាក៏ដោយ គោលការណ៍នៅតែដូចគ្នាដដែលថា នៅពេលអ្នកអធិស្ឋាន អ្នកគួរតែប្រើវាក្សសព្ទសមរម្យដែលបង្កើតជាទំនាក់ទំនងពេញដោយក្ដីស្រឡាញ់ និងការគោរពជាមួយព្រះ ។ អ្នកប្រហែលជាមានការពិបាកខ្លះៗ ក្នុងការរៀនភាសានៃការអធិស្ឋាន ប៉ុន្តែអ្នកនឹងកាន់តែមានភាពងាយស្រួលបន្តិចម្ដងៗ នៅពេលអ្នកអធិស្ឋាន ហើយអានព្រះគម្ពីរ ។
ចូរថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌របស់អ្នកជានិច្ច ។
អ្នកគួរតែ « រស់នៅក្នុងអំណរគុណជារៀងរាល់ថ្ងៃចំពោះសេចក្ដីមេត្តាករុណា និងព្រះពរដ៏ច្រើន ដែលទ្រង់ប្រទានដល់អ្នក » ( អាលម៉ា ៣៤:៣៨ ) ។ នៅពេលអ្នក ចំណាយពេលដើម្បីចងចាំអំពីពរជ័យរបស់អ្នក នោះអ្នកនឹងដឹងថា ព្រះវរបិតាសួគ៌របស់អ្នកបានប្រទានពរដល់អ្នកច្រើនប៉ុណ្ណា ។ ចូរសម្ដែងអំណរគុណរបស់អ្នកដល់ទ្រង់ ។
ចូរស្វែងរកការដឹកនាំ និងកម្លាំងពីព្រះវរបិតាសួគ៌ ក្នុងរាល់កិច្ចការដែលអ្នកធ្វើ ។
អាលម៉ាបានទូន្មានដល់កូនប្រុសរបស់លោកគឺហេលេមិនថា « ចូរអំពាវនាវដល់ព្រះនូវអស់ទាំងការគាំទ្ររបស់កូន មែនហើយ ចូរធ្វើអ្វីៗទាំងអស់ចំពោះព្រះអម្ចាស់ ហើយទោះជាទីណាដែលកូនទៅ គឺកូនទៅក្នុងព្រះអម្ចាស់ មែនហើយ ចូរបំបែរមនោសញ្ចេតនាទាំងអស់របស់កូន ឆ្ពោះទៅរកព្រះអម្ចាស់វិញ មែនហើយ ចូរដាក់ចិត្តមេត្រីរបស់កូនទៅលើព្រះអម្ចាស់ដរាបតទៅ ។ ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់កូន ហើយទ្រង់នឹងដឹកនាំកូនទៅរកការល្អ មែនហើយ កាលណាកូនដេកចុះនៅពេលយប់ ចូរដេកនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យទ្រង់មើលថែទាំកូនពេលកូនដេក ហើយពេលកូនក្រោកឡើងនៅពេលព្រឹក ចូរចិត្តកូនពោរពេញទៅដោយអំណរគុណដល់ព្រះ ហើយបើសិនជាកូនធ្វើការទាំងនេះ នោះកូននឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់ » ( អាលម៉ា ៣៧:៣៦–៣៧, សូមមើលផងដែរ អាលម៉ា ៣៤:១៧–២៦ ) ។
ចូរចងចាំពីសេចក្តីត្រូវការរបស់មនុស្សដទៃ នៅពេលអ្នកអធិស្ឋាន ។
ចូរអធិស្ឋាន « ដើម្បីសុខុមាលភាពរបស់អ្នក និងដើម្បីសុខុមាលភាពដល់ជនទាំងឡាយ ដែលនៅជុំវិញអ្នកផង » ( អាលម៉ា ៣៤:២៧ ) ។ ចូរទូលសូមដល់ព្រះវរបិតាសួគ៌របស់អ្នក ឲ្យប្រទានពរ និងលួងលោមចិត្តដល់អ្នកដែលខ្វះខាត ។ ចូរទូលសូមទ្រង់ឲ្យបំផុសគំនិត និងពង្រឹងដល់ប្រធានសាសនាចក្រ អ្នកមានសិទ្ធិអំណាចទូទៅ និងថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន ។ ចូរអធិស្ឋានដើម្បីសុខុមាលភាពសមាជិកគ្រួសារ និងមិត្តភក្ដិ ។ ចូរអធិស្ឋានសម្រាប់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ។ ចូរទូលសូមព្រះអម្ចាស់ឲ្យបំផុសគំនិត ហើយការពារអ្នកផ្សព្វផ្សាយសាសនា និងមនុស្សដែលពួកគេកំពុងបង្រៀន ។
ចូរស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអ្នកនឹងដឹងពីអ្វីដែលអាចបញ្ចូលនៅក្នុងការអធិស្ឋានរបស់អ្នក ។
ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនអ្នកឲ្យចេះអធិស្ឋាន ហើយដឹកនាំអ្នកក្នុងអ្វីៗដែលអ្នកពោលចេញមក ( សូមមើល រ៉ូម ៨:២៦, នីហ្វៃទី ២ ៣២:៨ ) ។ ព្រះវិញ្ញាណអាចជួយអ្នកឲ្យអធិស្ឋាន « តាមព្រះហឫទ័យរបស់ព្រះ » ( គ. និង ស. ៤៦:៣០ ) ។
នៅពេលអ្នកធ្វើការស្នើសុំតាមរយៈការអធិស្ឋាន ចូរធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក ដើម្បីសម្រេចបាននូវអ្វីដែលនឹងត្រូវបានប្រទានឲ្យ ។
ព្រះវរបិតាសួគ៌មានព្រះទ័យរំពឹងឲ្យអ្នកធ្វើ ច្រើនជាងការទូលសូមព្រះពរពីទ្រង់ ។ នៅពេលអ្នកមានការសម្រេចចិត្តសំខាន់ៗដែលត្រូវធ្វើឡើង ជាញឹកញាប់ទ្រង់តម្រូវឲ្យអ្នក « សិក្សាក្នុងគំនិតរបស់អ្នក » ពីមុនទ្រង់ប្រទានចម្លើយ ( សូមមើល គ. និង ស. ៩:៧–៨ ) ។ ការអធិស្ឋានទូលសូមការដឹកនាំនឹង មានប្រសិទ្ធភាព តែនៅពេលដែលការខិតខំរបស់អ្នករហ័សនឹងទទួលយកការខ្សឹបប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។ ការអធិស្ឋានសម្រាប់សុខុមាលភាពរបស់អ្នក និងសម្រាប់សុខុមាលភាពរបស់មនុស្សដទៃនឹងគ្មានប្រយោជន៍ទេ ប្រសិនបើអ្នក « បែរចេញពីមនុស្សដែលខ្វះខាត និងមនុស្សដែល អាក្រាត ហើយពុំទៅសាកសួរដល់អ្នកដែលឈឺ និងអ្នកដែលមានទុក្ខវេទនា ហើយពុំចែករំលែកទ្រព្យរបស់ខ្លួន បើសិនជាអ្នករាល់គ្នាមាន ចូរចែកទៅដល់ជនដែលខ្វះខាត » ( អាលម៉ា ៣៤:២៨ ) ។
ប្រសិនបើអ្នកមានកិច្ចការពិបាកនៅចំពោះមុខ ព្រះវរបិតាសួគ៌គាប់ព្រះទ័យ បើអ្នកលុតជង្គង់ចុះ ហើយទូលសូមជំនួយ រួចក្រោកឡើង ចេញទៅធ្វើការ ។ ទ្រង់នឹងជួយអ្នកក្នុងការប្រកបកិច្ចការសុចរិត ប៉ុន្តែទ្រង់នឹងកម្រធ្វើអ្វីមួយសម្រាប់អ្នក បើអ្នកអាចធ្វើបានដោយខ្លួនឯងនោះ ។
ការអធិស្ឋានផ្ទាល់ខ្លួន
ព្រះយេស៊ូវគ្រីស្ទបានប្រទានឱវាទ នៅក្នុងទេសនកថារបស់ទ្រង់នៅលើភ្នំថា « ចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់ » ( ម៉ាថាយ ៦:៦ ) ។ ការអធិស្ឋានផ្ទាល់ខ្លួនគឺជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍខាងវិញ្ញាណ ។
យ៉ាងហោចណាស់ ជារៀងរាល់ព្រឹក និងរៀងរាល់យប់ ចូរស្វែងរកកន្លែងដែលគ្មានការរំខាន ។ ចូរលុតជង្គង់ចុះដោយរាបសា រួចទាក់ទងជាមួយព្រះវរបិតាសួគ៌របស់អ្នក ។ ទោះបីជាពេលខ្លះ អ្នកប្រហែលជាត្រូវអធិស្ឋានដោយស្ងៀមស្ងាត់ក្ដី ចូរខិតខំបន្ថែមដើម្បីអធិស្ឋានដោយបញ្ចោញសំឡេង ( សូមមើល គ. និង ស. ១៩:២៨, ២០:៥១ ) ។
ចូរចងចាំថា ការអធិស្ឋានគឺជាទំនាក់ទំនងពីររបៀប ។ នៅពេលអ្នកបញ្ចប់ការអធិស្ឋានរបស់អ្នក ចូរចំណាយពេលផ្អាកបន្តិច ហើយស្តាប់ ។ ពេលខ្លះ ព្រះវរបិតាសួគ៌នឹងប្រទានឱវាទ ការដឹកនាំ ឬការលួងលោមចិត្តដល់អ្នក ខណៈពេលដែលអ្នកលុតជង្គង់ចុះ ។
ចូរកុំជឿថា អ្នកគ្មានភាពសក្តិសមដើម្បីអធិស្ឋានឲ្យសោះ ។ គំនិតនេះកើតមកពីសាតាំង ដែលវាចង់បញ្ចុះបញ្ចូលអ្នកថា អ្នកមិនត្រូវអធិស្ឋានឡើយ ( សូមមើល នីហ្វៃទី ២ ៣២:៨ ) ។ ប្រសិនបើអ្នកមានអារម្មណ៍ពុំចង់អធិស្ឋាន ចូរអធិស្ឋានរហូតដល់អ្នកមានអារម្មណ៍ថាចង់អធិស្ឋាន ។
ព្រះអង្គសង្គ្រោះបានត្រាស់បង្គាប់ថា « ចូរអធិស្ឋានជានិច្ច ប្រយោជន៍ឲ្យអ្នកអាចក្លាយទៅជាអ្នកជម្នះបាន មែនហើយ ប្រយោជន៍ឲ្យអ្នកអាចយកឈ្នះលើអារក្សសាតាំងបាន ហើយ ប្រយោជន៍ឲ្យអ្នកអាចរួចផុតពីកណ្ដាប់ដៃនៃពួកអ្នកបម្រើរបស់អារក្សសាតាំង ដែលទ្រទ្រង់កិច្ចការរបស់វានោះ » ( គ. និង ស. ១០:៥ ) ។ ទោះបីជាអ្នកមិនអាចបន្តលុតជង្គង់របស់អ្នកចុះ ចូរអធិស្ឋានផ្ទាល់ខ្លួនជានិច្ច អធិស្ឋានដោយសម្ងាត់ ដែលអ្នកអាចបណ្តាលឲ្យចិត្តរបស់អ្នក « ពោរពេញដោយការអធិស្ឋានដល់ [ ព្រះ ] ជានិច្ច » ( អាលម៉ា ៣៤:២៧, សូមមើលផងដែរ នីហ្វៃទី ៣ ២០:១ ) ។ ជារៀងរាល់ថ្ងៃ អ្នកអាចរក្សាបានអារម្មណ៍ខ្ជាប់ខ្ជួននៃសេចក្តីស្រឡាញ់ ចំពោះព្រះវរបិតាសួគ៌របស់អ្នក និងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ។ អ្នកអាចបង្ហាញអំណរគុណដោយស្ងៀមស្ងាត់ដល់ព្រះវរបិតា រួចទូលសូមទ្រង់ពង្រឹងអ្នកនៅក្នុងការទទួលខុសត្រូវទាំងឡាយរបស់អ្នក ។ នៅពេលមានការល្បួង ឬមានគ្រោះថ្នាក់ខាងរូបកាយ អ្នកអាចទូលសូមជំនួយពីទ្រង់ដោយស្ងៀមស្ងាត់ ។
ការអធិស្ឋានជាគ្រួសារ
បន្ថែមពីលើការត្រាស់បង្គាប់ឲ្យយើងអធិស្ឋានដោយសម្ងាត់ នោះព្រះអង្គសង្គ្រោះបានដាស់តឿនយើងឲ្យអធិស្ឋានជាមួយនឹងគ្រួសាររបស់យើង ។ ទ្រង់បានមានព្រះបន្ទូលថា « ចូរអធិស្ឋាននៅក្នុងក្រុមគ្រួសារអ្នកដល់ព្រះវរបិតា ដោយនូវនាមយើងជានិច្ច ដើម្បីឲ្យប្រពន្ធរបស់អ្នក និងកូនចៅរបស់អ្នកអាចបានពរ » ( នីហ្វៃទី ៣ ១៨:២១ ) ។
ប្រសិនបើអ្នករៀបការ ចូរធ្វើឲ្យការអធិស្ឋានជាគ្រួសារក្លាយជាទម្លាប់មួយនៃជីវិតគ្រួសាររបស់អ្នក ។ ជារៀងរាល់ព្រឹក និងរាល់ល្ងាច ចូរលុតជង្គង់ចុះជាមួយគ្នាដោយរាបសា ។ ចូរផ្ដល់ឲ្យសមាជិកម្នាក់ៗក្នុងគ្រួសារ មានឱកាសពោលពាក្យអធិស្ឋានជាញឹកញាប់ ។ ចូរជួបជុំគ្នាដោយមានអំណរគុណសម្រាប់ពរជ័យទាំងឡាយ ដែលព្រះវរបិតាសួគ៌បានប្រទានឲ្យអ្នក ។ ចូរជួបជុំគ្នាដោយសេចក្ដីជំនឿដើម្បីទូលអង្វរសូមពរជ័យទាំងឡាយ ដែលអ្នកត្រូវការ និងដើម្បីអធិស្ឋានសម្រាប់មនុស្សដទៃ ។
តាមរយៈការអធិស្ឋានជាគ្រួសារជាទៀងទាត់ នោះអ្នក និងសមាជិកគ្រួសាររបស់អ្នកនឹងខិតកាន់តែជិតព្រះ និងមានភាពស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមក ។ កូនៗរបស់អ្នកនឹងរៀនទាក់ទងជាមួយព្រះវរបិតាគង់នៅស្ថានសួគ៌ ។ អ្នកទាំងអស់គ្នានឹងត្រៀមខ្លួនបានកាន់តែប្រសើរ ដើម្បីបម្រើមនុស្សដទៃ ហើយយកឈ្នះលើការល្បួង ។ គេហដ្ឋានរបស់អ្នកនឹងក្លាយជាកន្លែងនៃកម្លាំងខាងវិញ្ញាណ ជាជម្រកពីឥទ្ធិពលនៃលោកិយ ។
ការអធិស្ឋានជាសាធារណៈ
មានគ្រាដែលអ្នកប្រហែលជាត្រូវបានសូមឲ្យអធិស្ឋានជាសាធារណៈ អាចនៅក្នុងការប្រជុំរបស់សាសនាចក្រ ឬនៅក្នុងថ្នាក់ ។ នៅពេលអ្នកទទួលបានឱកាសនេះ សូមចងចាំថា អ្នកកំពុងតែទាក់ទងជាមួយ ព្រះវរបិតាសួគ៌ មិនមែនផ្ដល់ទេសនកថាក្នុងទីសាធារណៈនោះទេ ។ ចូរកុំបារម្ភចំពោះអ្វីដែលមនុស្សដទៃអាចនឹងគិតអំពីសេចក្ដីដែលអ្នកពោលចេញមកឡើយ ។ ផ្ទុយទៅវិញ ចូរអធិស្ឋានដោយសាមញ្ញចេញពីដួងចិត្តវិញ ។
ការទទួលបានចម្លើយសម្រាប់ការអធិស្ឋាន
ព្រះអង្គសង្គ្រោះបានត្រាស់បង្រៀនថា « ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ៖ ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ » ( ម៉ាថាយ ៧:៧–៨ ) ។ ទ្រង់បានមានព្រះបន្ទូលទៅកាន់ពួកសាសន៍នីហ្វៃថា « សូម្បីជាអ្វីដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវនាមយើង ដែលត្រឹមត្រូវ និងដោយជឿថា អ្នកនឹងបានទទួល មើលចុះ នឹងបានប្រទានដល់អ្នក » ( នីហ្វៃទី ៣ ១៨:២០ ) ។
ព្រះវរបិតាសួគ៌ទ្រង់ព្រះសណ្ដាប់ការអធិស្ឋានរបស់អ្នក ។ ទ្រង់ប្រហែលជាមិនតែងតែឆ្លើយតបជានិច្ច ដូចដែលអ្នកសង្ឃឹមទុកនោះទេ ប៉ុន្តែទ្រង់ពិតជាឆ្លើយតប—ស្របតាមកាលវេលា និងស្របតាមព្រះឆន្ទៈរបស់ទ្រង់ ។ ដោយសារតែទ្រង់ជ្រាបពីអ្វីប្រសើរបំផុតសម្រាប់អ្នក ទើបពេលខ្លះ ទ្រង់អាចនឹងឆ្លើយតបថា ទេ ទោះបីជាការទូលសូមរបស់អ្នកមានលក្ខណៈស្មោះសក៏ដោយ ។
ការឆ្លើយតបចំពោះការអធិស្ឋានកើតឡើងតាមរបៀបជាច្រើន ។ ចម្លើយតែងតែកើតឡើងតាមរយៈសំឡេងតូចរហៀងនៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល « វិវរណៈ » ទំព័រ ១៤០–១៤៤ ) ។ ចម្លើយអាចបានមកតាមកាលៈទេសៈនៃជីវិតរបស់អ្នក ឬតាមទង្វើសប្បុរសរបស់មនុស្សនៅជុំវិញខ្លួនអ្នក ។ នៅពេលអ្នកបន្តខិតជិតព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋាន នោះអ្នកនឹងកាន់តែស្គាល់ចម្លើយដ៏ពេញទៅដោយសេចក្ដីមេត្តាករុណា និងប្រកបដោយប្រាជ្ញាញ្ញាណរបស់ទ្រង់ ចំពោះការទូលអង្វររបស់អ្នក ។ អ្នកនឹងឃើញថា ទ្រង់គឺជា « ទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន » ( ទំនុកដំកើង ៤៦:១ ) ។