« ពលិកម្ម » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៤៩–១៥០
« ពលិកម្ម » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៤៩–១៥០
ពលិកម្ម
ពលិកម្មគឺជាការលះបង់អ្វីមួយ ដែលយើងផ្ដល់តម្លៃដើម្បីអ្វីមួយដែលមានតម្លៃកាន់តែខ្ពស់ ។ ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងមានឱកាសដើម្បីពលីវត្ថុទាំងឡាយខាងលោកិយ សម្រាប់ព្រះអម្ចាស់ និងនគររបស់ទ្រង់ ។ សមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គួរតែមានឆន្ទៈពលីអ្វីមួយ ដែលព្រះអម្ចាស់ទ្រង់តម្រូវ ។ ប្រសិនបើយើងមិនត្រូវបានតម្រូវឲ្យពលីទេនោះ យើងនឹងមិនអាចបណ្តុះសេចក្តីជំនឿដែលចាំបាច់ចំពោះសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ចបានទេ ។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាពលិកម្មដ៏មហិមា និងអស់កល្បជានិច្ច នៅត្រង់ចំណុចកណ្ដាលនៃដំណឹងល្អ ( សូមមើល អាលម៉ា ៣៤:៨–១៦ ) ។ មុនពេលដែលព្រះអង្គសង្គ្រោះបានធ្វើដង្វាយធួន រាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់បានថ្វាយយញ្ញបូជាសត្វ ដែលជានិមិត្តរូបនៃពលិកម្មរបស់ទ្រង់ ។ ការអនុវត្តនេះបានជួយឲ្យពួកគេសំឡឹងទៅមុខឆ្ពោះទៅកាន់ដង្វាយធួន ( សូមមើល ម៉ូសេ ៥:៤–៨ ) ។ ការត្រាស់បង្គាប់ឲ្យថ្វាយយញ្ញបូជាសត្វបានបញ្ចប់ជាមួយនឹងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ យើងទទួលទានសាក្រាម៉ង់ ដើម្បីរំឭកចាំពីពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ។
បន្ថែមពីលើការចងចាំដល់ពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវថ្វាយពលិកម្មផ្ទាល់ខ្លួនរបស់យើងដែលជា ៖ ចិត្តសង្រេង និងវិញ្ញាណទន់ទាប ។ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា « អ្នករាល់គ្នាមិនត្រូវថ្វាយដល់យើងនូវការខ្ចាយឈាមទៀតទេ មែនហើយ យញ្ញបូជា និងដង្វាយដុតទាំងឡាយរបស់អ្នកនឹងត្រូវចោល ។ … ហើយអ្នករាល់គ្នាត្រូវថ្វាយដល់យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ ។ ហើយអស់អ្នកណាដែលមករកយើង ដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប អ្នកនោះហើយដែលយើងនឹងធ្វើបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ » ( នីហ្វៃទី ៣ ៩:១៩–២០ ) ។
ដើម្បីមានចិត្តសង្រេង និងវិញ្ញាណទន់ទាប គឺត្រូវមានភាពរាបសា និងទទួលយកតាមព្រះហឫទ័យរបស់ព្រះ និងតាមដំបូន្មាននៃអស់អ្នក ដែលទ្រង់បានហៅឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ។ វាក៏មានន័យផងដែរថា ត្រូវមានអារម្មណ៍ សោកស្តាយយ៉ាងពន់ពេកចំពោះអំពើបាប ថែមទាំងមានបំំណងដ៏ស្មោះដើម្បីប្រែចិត្ត ។ ព្យាការី លីហៃបានគូសសម្គាល់អំពីសារៈសំខាន់នៃការថ្វាយពលិកម្មដូចនេះ ៖ « មើលចុះ [ ព្រះគ្រីស្ទ ] ថ្វាយរូបអង្គទ្រង់ជាយញ្ញបូជាជំនួសអំពើបាប ដើម្បីតបស្នងការចុងបំផុតនៃក្រឹត្យវិន័យដល់អស់អ្នកណាដែលមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយគ្មានអ្នកណាទៀតសោះ ដែលអាចតបស្នងការចុងបំផុតនៃក្រឹត្យវិន័យបាន » ( នីហ្វៃទី ២ ២:៧ ) ។ ប្រសិនបើយើងមិនថ្វាយពលិកម្មជាចិត្តសង្រេង និងវិញ្ញាណទន់ទាបទេនោះ យើងមិនអាចទទួលបានពរជ័យដ៏ពេញលេញ ដែលបានមកតាមរយៈដង្វាយធួនឡើយ ។
ប្រសិនបើអ្នកមានឆន្ទៈពលីតាមអ្វីដែលព្រះអម្ចាស់បានត្រាស់បង្គាប់ នោះទ្រង់នឹងទទួលយកអ្នក ។ ទ្រង់បានត្រាស់បង្រៀនថា « អស់ទាំង … ពួកគេណាដែលដឹងថាខ្លួនមានចិត្តទៀងត្រង់ ហើយមានចិត្តសង្រេង ហើយវិញ្ញាណរបស់ខ្លួនទន់ទាប ហើយយល់ព្រមគោរពតាមសេចក្ដីសញ្ញារបស់ខ្លួន ដោយការបូជា—មែនហើយ គឺគ្រប់ការបូជាដែលយើងជាព្រះអម្ចាស់នឹងបញ្ជា—នោះពួកគេត្រូវបានទទួលដោយយើងហើយ » ( គ. និង ស. ៩៧:៨ ) ។ ដោយមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ច អ្នកអាចយល់បានថា ការលះបង់វត្ថុខាងលោកិយ មិនប្រាកដថាជាពលិកម្មទាល់តែសោះ ។ ពរជ័យដែលអ្នកបានទទួល គឺមហិមាជាងអ្វីមួយ ដែលអ្នកបានលះបង់ទៅទៀត ។