« ទីបន្ទាល់ » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៧៨–១៨០
« ទីបន្ទាល់ » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ១៧៨–១៨០
ទីបន្ទាល់
ទីបន្ទាល់គឺជាសាក្សីខាងវិញ្ញាណ ដែលបានប្រទានឲ្យដោយព្រះវិញ្ញាណបរិសុទ្ធ ។ មូលដ្ឋាននៃទីបន្ទាល់គឺជាការចេះដឹងថា ព្រះវរបិតាសួគ៌មានព្រះជន្មរស់ ហើយទ្រង់ស្រឡាញ់យើងទាំងអស់គ្នា ថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ថាទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ ហើយថាទ្រង់បានធ្វើដង្វាយធួនដ៏និរន្តរ៍ ថាយ៉ូសែប ស៊្មីធគឺជាព្យាការីរបស់ព្រះ ដែលត្រូវបានហៅឲ្យស្ដារដំណឹងល្អឡើងវិញ ថាយើងត្រូវបានដឹកនាំដោយព្យាការីកំពុងរស់នៅសព្វថ្ងៃ ហើយថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រដ៏ពិតរបស់ព្រះអង្គសង្គ្រោះនៅលើផែនដីនេះ ។ ដោយមាន មូលដ្ឋាននេះ ទីបន្ទាល់មួយរីកចម្រើនដើម្បីរួមបញ្ចូលគោលការណ៍ទាំងអស់នៃដំណឹងល្អ ។
ការទទួលបាន និង ការពង្រឹងទីបន្ទាល់
ក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្នកមានឱកាស និងការទទួលខុសត្រូវដ៏ពិសិដ្ឋដើម្បីទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក ។ នៅពេលអ្នកបានទទួលទីបន្ទាល់រួចហើយ អ្នកមានកាតព្វកិច្ចមួយ ដើម្បីបីបាច់វាពេញមួយជីវិតរបស់អ្នក ។ សុភមង្គលរបស់អ្នកនៅក្នុងជីវិតនេះ និងពេញមួយភាពដ៏នៅអស់កល្បជានិច្ច ពឹងផ្អែកទាំងស្រុងទៅលើថាតើអ្នក « ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » ឬទេ ( គ. និង ស. ៧៦:៧៩, សូមមើលផងដែរ ខទី ៥១, ៧៤, ១០១ ) ។ នៅពេលអ្នកធ្វើតាមលំនាំនេះ ចូរចងចាំគោលការណ៍ទាំងឡាយខាងក្រោមនេះ ៖
ការស្វែងរកទីបន្ទាល់មួយចាប់ផ្ដើមដោយបំណងប្រាថ្នាសុចរិត និងស្មោះអស់ពីចិត្ត ។
ព្រះវរបិតាសួគ៌របស់អ្នកនឹងប្រទានពរដល់អ្នក ស្របតាមបំណងប្រាថ្នាដ៏សុចរិតនៅក្នុងដួងចិត្តរបស់អ្នក និងកិច្ចខិតខំរបស់អ្នក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ។ នៅពេលថ្លែងទៅកាន់មនុស្សមួយក្រុម ដែលពុំទាន់មានទីបន្ទាល់អំពីដំណឹងល្អនៅឡើយ អាលម៉ាបានបង្រៀនថា « បើសិនជាអ្នករាល់គ្នាចង់ភ្ញាក់ឡើង ហើយដាស់សមត្ថភាពទាំងឡាយរបស់ខ្លួន គឺដើម្បីធ្វើការពិសោធន៍ដល់ពាក្យសម្ដីរបស់ខ្ញុំ ហើយអនុវត្តសេចក្ដីជំនឿមួយតូច មែនហើយ គឺបើសិនជាអ្នករាល់គ្នាពុំអាចធ្វើអ្វីក៏ដោយ ក្រៅពីការចង់ជឿ នោះសូមឲ្យចំណង់នេះមាននៅក្នុងខ្លួនអ្នក គឺរហូតដល់អ្នកអាចទុកកន្លែងមួយ សម្រាប់ពាក្យសម្ដីរបស់ខ្ញុំមួយចុះ » ( អាលម៉ា ៣២:២៧ ) ។
ទីបន្ទាល់កើតឡើងតាមរយៈឥទ្ធិពលដ៏ស្ងប់ស្ងាត់នៃព្រះវិញ្ញាណបរិសុទ្ធ ។
ផ្លែផ្កានៃទីបន្ទាល់មួយអាចជាអព្ភូតហេតុ និងការផ្លាស់ប្តូរជីវិត ប៉ុន្តែជាធម្មតា អំណោយទាននៃទីបន្ទាល់កើតឡើងជាការអះអាងស្ងប់ស្ងាត់ទៅវិញ ដោយគ្មានការបង្ហាញដ៏អស្ចារ្យនៃព្រះចេស្តារបស់ព្រះឡើយ ។ សូម្បីតែអាលម៉ាដែលធ្លាប់បានជួបនឹងទេវតា ហើយបានឃើញព្រះគង់នៅលើបល្ល័ង្កទ្រង់ក៏ដោយ ក៏លោកចាំបាច់ត្រូវតមអាហារ ហើយអធិស្ឋាន ដើម្បីលោកអាចទទួលបានទីបន្ទាល់មួយតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដែរ ( សូមមើល អាលម៉ា ៥:៤៥–៤៦, ៣៦:៨, ២២ ) ។
ទីបន្ទាល់របស់អ្នកនឹងដុះដាលកាន់តែខ្លាំងឡើងៗ តាមរយៈបទពិសោធន៍របស់អ្នក ។
គ្មាននរណាម្នាក់ទទួលបានទីបន្ទាល់ទាំងអស់ក្នុងពេលតែម្តងបានទេ ។ ទីបន្ទាល់របស់អ្នកនឹងដុះដាលកាន់តែរឹងមាំ តាមរយៈបទពិសោធន៍របស់អ្នក ។ វានឹងរីកឡើង នៅពេលអ្នកបង្ហាញឆន្ទៈរបស់អ្នកដើម្បីបម្រើនៅក្នុងសាសនាចក្រ ទោះនៅទីណាក៏ដោយដែលអ្នកត្រូវបានហៅឲ្យបម្រើ ។ វានឹងរីកលូតលាស់ឡើង នៅពេលអ្នកធ្វើការសម្រេចចិត្តដើម្បីគោរពតាមព្រះបញ្ញត្តិទាំងឡាយ ។ នៅពេលអ្នកលើកស្ទួយ ហើយពង្រឹង មនុស្សដទៃ អ្នកនឹងឃើញថា ទីបន្ទាល់របស់អ្នកបន្តអភិវឌ្ឍ ។ នៅពេលអ្នកអធិស្ឋាន ហើយតមអាហារ សិក្សាព្រះគម្ពីរ ចូលរួមកិច្ចប្រជុំក្នុងសាសនាចក្រ ហើយស្តាប់សមាជិកដទៃទៀតចែកចាយទីបន្ទាល់របស់ពួកគាត់ នោះអ្នកនឹងមានពរជាមួយនឹងឱកាសនៃការបំផុសគំនិត ដែលនឹងពង្រឹងដល់ទីបន្ទាល់របស់អ្នក ។ ឱកាសទាំងនោះនឹងកើតឡើងពេញមួយជីវិតរបស់អ្នក នៅពេលអ្នកព្យាយាមរស់នៅតាមដំណឹងល្អ ។
ទីបន្ទាល់របស់អ្នកនឹងកើនឡើងនៅពេលអ្នកចែកចាយវា ។
ចូរកុំរង់ចាំឲ្យទីបន្ទាល់របស់អ្នកបានរីកចម្រើនឡើងពេញលេញ ទើបចែកចាយទីបន្ទាល់នោះឡើយ ។ ចំណែកមួយក្នុងភាពរីកចម្រើនៃទីបន្ទាល់របស់អ្នក កើតឡើងនៅពេលអ្នកចែកចាយវា ។ តាមពិតទៅ អ្នកនឹងឃើញថា នៅពេលអ្នកផ្ដល់អ្វីមួយដែលអ្នកមាននៅក្នុងទីបន្ទាល់របស់អ្នក វានឹងត្រូវបានផ្ដល់មកឲ្យអ្នកវិញ—ជាមួយនឹងចំនួនកាន់តែច្រើនឡើង ។
ការថ្លែងទីបន្ទាល់
នៅក្នុងការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ និងនៅក្នុងកិច្ចសន្ទនា ដែលអ្នកធ្វើជាមួយសមាជិកគ្រួសារ និងមិត្តភក្តិ អ្នកអាចទទួលអារម្មណ៍បំផុសគំនិតដើម្បីចែកចាយទីបន្ទាល់របស់អ្នក ។ ចំពោះតួយ៉ាងដូច្នេះ ចូរចងចាំថា អ្នកមិនត្រូវចែកចាយវែងពេកទេ ។ ទីបន្ទាល់របស់អ្នកនឹងមានឥទ្ធិពលខ្លាំងបំផុត នៅពេលដែលវាត្រូវបានថ្លែងដោយសង្ខេប ដែលជាជំនឿស៊ប់អស់ពីចិត្តទៅលើព្រះអង្គសង្គ្រោះ សេចក្ដីបង្រៀនរបស់ទ្រង់ និងការស្ដារឡើងវិញ ។ ចូរអធិស្ឋានដើម្បីទទួលបានការណែនាំ ហើយព្រះវិញ្ញាណនឹងជួយអ្នកដឹងពីរបៀប ដើម្បីថ្លែងពីអារម្មណ៍មាននៅក្នុងដួងចិត្តរបស់អ្នក ។ អ្នកនឹងរកឃើញអំណរដ៏មហិមា នៅពេលអ្នកជួយមនុស្សដទៃឲ្យចែកចាយសេចក្តីសង្ឃឹម និងការអះអាងដែលព្រះអម្ចាស់បានប្រទានដល់អ្នក ។