« ការស្តារឡើងវិញនៃដំណឹងល្អ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៣៥–១៣៩
« ការស្តារឡើងវិញនៃដំណឹងល្អ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៣៥–១៣៩
ការស្តារឡើងវិញនៃដំណឹងល្អ
កាលព្រះយេស៊ូវគ្រីស្ទគង់នៅលើផែនដី ទ្រង់បានស្ថាបនាសាសនាចក្ររបស់ទ្រង់ក្នុងចំណោមអ្នកដើរតាមទ្រង់ ។ ក្រោយពីការឆ្កាងទ្រង់ និងមរណភាពនៃសាវករបស់ទ្រង់ ភាពពេញលេញនៃដំណឹងល្អត្រូវបានដកចេញពីផែនដី ដោយសារមានការក្បត់សាសនាចដ៏ធំ ( សូមមើល « ការក្បត់សាសនា » ទំព័រ ១៣–១៤ ) ។ បុរស និង ស្ត្រីជាច្រើននាក់បានស្វែងរកភាពពេញលេញនៃដំណឹងល្អដែលជាសេចក្ដីពិតនៅអំឡុងសតវត្សរ៍នៃការក្បត់សាសនាដ៏ធំ ប៉ុន្តែពួកគេរកសេចក្ដីពិតមិនឃើញឡើយ ។ ទោះបីជាមានមនុស្សជាច្រើនបានផ្សព្វផ្សាយសាសនាដោយស្ម័គ្រចិត្តអំពីព្រះអង្គសង្គ្រោះ និង ការបង្រៀនរបស់ទ្រង់ក៏ដោយ ក៏គ្មាននរណាបានទទួលភាពពេញលេញនៃសេចក្ដីពិត ឬសិទ្ធិអំណាចបព្វជិតភាពពីព្រះដែរ ។
ការក្បត់សាសនាដ៏ធំគឺជាពេលមួយនៃភាពងងឹតខាងវិញ្ញាណ ប៉ុន្តែឥឡូវនេះយើងរស់នៅក្នុងពេលមួយ ជាពេលដែលយើងអាចទទួលទាននៃ « ពន្លឺនៃដំណឹងល្អដ៏រុងរឿងនៃព្រះគ្រីស្ទ » ( កូរិនថូស ទី២ ៤:៤, សូមមើលផងដែរ គ. និង ស. ៤៥:២៨ ) ។ ភាពពេញលេញនៃដំណឹងល្អត្រូវបានស្ដារឡើងវិញ ហើយសាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទមាននៅលើផែនដីម្ដងទៀត ។ គ្មានអង្គការណាផ្សេងទៀតដែលអាចយកមកប្រៀបធៀបនឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានឡើយ ។ នេះមិនមែនជាលទ្ធផលនៃកំណែទម្រង់មួយ ដែលបានមកពីបុរសស្ត្រីដែលមានចេតនាល្អធ្វើកិច្ចការទាំងអស់ក្នុងអំណាចរបស់ខ្លួន ដើម្បីនាំមកនូវការផ្លាស់ប្ដូរឡើយ ។ វាគឺជាការស្ដារឡើងវិញនៃសាសសាចក្រ ដែលបានស្ថាបនាឡើងដោយព្រះយេស៊ូវគ្រីស្ទ ។ វាជាកិច្ចការនៃព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាសំណព្វរបស់ទ្រង់ ។
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្នកអាចទទួលបានពរជ័យទាំងឡាយ ដែលបានអវត្តមាននៅលើផែនដីជិត ២០០០ ឆ្នាំកន្លងមកហើយ ។ តាមរយៈពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ អ្នកអាចទទួលបានការផ្ដាច់បាបរបស់អ្នក ហើយត្រេកអរជាមួយនឹងដៃគូដ៏ជាប់លាប់នៃព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចរស់នៅតាមដំណឹងល្អក្នុងភាពពេញលេញ និងសាមញ្ញ ។ អ្នកអាចទទួលបានការយល់ដឹងពីលក្ខណៈនៃក្រុមព្រះ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គោលបំណងជីវិតនៅលើផែនដី និងតថភាពនៃជីវិតបន្ទាប់ពីការស្លាប់ ។ អ្នកមានឯកសិទ្ធិទទួលបានការដឹកនាំមកពីព្យាការីទាំងឡាយដែលកំពុងរស់នៅ ជាអ្នកដែលបង្រៀនពីព្រះហឫទ័យនៃព្រះនៅក្នុងជំនាន់របស់យើង ។ ពិធីបរិសុទ្ធទាំងឡាយនៅក្នុងព្រះវិហារបរិសុទ្ធធ្វើឲ្យអ្នកអាចទទួលបានការដឹកនាំ និង សេចក្តីសុខសាន្ត រៀបចំខ្លួនសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ផ្សារភ្ជាប់ជាមួយក្រុមគ្រួសាររបស់អ្នកសម្រាប់ភាពដ៏នៅអស់កល្បជានិច្ច និង ធ្វើពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះសម្រាប់ជីដូនជីតារបស់អ្នកដែលបានចែកឋានទៅហើយ ។
ព្រឹត្តិការណ៍នានានៃការស្ដារឡើងវិញ
-
សេចក្ដីណែនាំខាងក្រោមសង្ខេបពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ក្នុងការស្ដារឡើងវិញនៃដំណឹងល្អ និងការស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាសាសនាចក្រដែល ព្រះអម្ចាស់បានប្រកាសថាជា « សាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល » ( គ. និង ស. ១:៣០ ) ។
-
នាដើមនិទាឃរដូវឆ្នាំ ១៨២០ ។ កាលកំពុងស្វែងរកសាសនាចក្រពិតនៃព្រះយេស៊ូវគ្រីស្ទ យ៉ូសែប ស៊្មីធ មានអាយុ ១៤ ឆ្នាំ បានអធិស្ឋានក្នុងព្រៃក្បែរផ្ទះរបស់លោកនៅភូមិប៉ាលម៉ៃរ៉ា រដ្ឋនូយ៉ោក ។ នៅក្នុងចម្លើយចំពោះការអធិស្ឋានដ៏រាបសារបស់លោក ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានយាងមកជួបលោក ហើយបានមានបន្ទូលប្រាប់លោកថា លោកមិនត្រូវចូលរួមក្នុងសាសនាចក្រណាមួយនៅលើផែនដីក្នុងគ្រានោះឡើយ ។ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៩ ) ។ នៅក្នុងសាសនាចក្រ យើងហៅបទពិសោធន៍នេះថា ការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ ។
-
ថ្ងៃទី ២១–២២ ខែ កញ្ញា ឆ្នាំ ១៨២៣ ។ ទេវតាមួយអង្គដែលមានព្រះនាមថា មរ៉ូណៃ បានយាងមកជួប យ៉ូសែប ស៊្មីធ ។ មរ៉ូណៃបានព្យាករអំពីព្រឹត្តិការណ៍ទាំងឡាយដែលនឹងកើតឡើង ហើយបានមានបន្ទូលប្រាប់ យ៉ូសែប អំពីកំណត់ត្រាព្រះគម្ពីរមរមន ដែលបានឆ្លាក់នៅលើផ្ទាំងចំណារមាស ។ ទេវតាបានអនុញ្ញាតឲ្យយ៉ូសែបមើលផ្ទាំងចំណារមាស ដែលបានកប់លាក់ទុកនៅក្បែរភ្នំគូម៉ូរ៉ា ។ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥៣ ) ។
-
ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៨២៧ ។ យ៉ូសែប ស៊្មីធ បានទទួលផ្ទាំងចំណារមាសពីមរ៉ូណៃនៅឯភ្នំគូម៉ូរ៉ា បន្ទាប់ពីបានជួបនឹងមរ៉ូណៃនៅថ្ងៃទី ២២ ខែ កញ្ញា ជារៀងរាល់ឆ្នាំអស់រយៈបួនឆ្នាំមក ។ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៣, ៥៩ ) ។
-
ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ ។ នៅពេលពួកលោកធ្វើការបកប្រែផ្ទាំងចំណារមាស យ៉ូសែប ស៊្មីធ បានអានចំពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្តាច់បាប យ៉ូសែប ស៊្មីធ និងស្មៀនរបស់លោកគឺ អូលីវើរ ខៅឌើរី បានទៅតំបន់មួយដាច់ឆ្ងាយពីគេ ដើម្បីអំពាវនាវដល់ព្រះអម្ចាស់ទាក់ទងទៅនឹងបញ្ហានេះ ។ នៅទីនោះ គឺនៅលើច្រាំងទន្លេសុសគ្វីហាណា ក្បែរភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ពួកលោកបានទទួលចម្លើយចំពោះការអធិស្ឋានរបស់ពួកលោក ។ យ៉ូហាន បាទ្ទីស ជាអ្នកដែលបានរស់ឡើងវិញបានមកជួបពួកលោកក្នុងនាមជា « ទូតម្នាក់មកពីស្ថានសួគ៌ … នៅលើពពកនៃពន្លឺ » ។ យ៉ូហាន បាទ្ទីស បានប្រគល់បព្វជិតភាពអើរ៉ុនដល់ពួកលោក ។ បន្ទាប់មក ដោយធ្វើតាមការណែនាំរបស់លោក យ៉ូសែប និង អូលីវើរ ជ្រមុជទឹកឲ្យគ្នាទៅវិញទៅមក រួចបានតែងតាំងបព្វជិតភាពឲ្យគ្នាទៅវិញទៅមក ។ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២, សូមមើលផងដែរ គ. និង ស. ១៣ ) ។
-
ខែ ឧសភា ឆ្នាំ ១៨២៩ ។ សាវកពីបុរាណ ពេត្រុស, យ៉ាកុប និង យ៉ូហាន បានប្រគល់អំណាចបព្វជិតភាពមិលគីស្សាដែកដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ ( សូមមើល គ. និង ស. ១២៨:២០ ) ។
-
ខែ មិថុនា ឆ្នាំ ១៨២៩ ។ ដោយបានដឹកនាំដោយ « អំណោយទាន និងអំណាចនៃព្រះ » ( គ. និង ស. ១៣៥:៣ ) ព្យាការី យ៉ូសែប ស៊្មីធ បានបញ្ចប់ការបកប្រែព្រះគម្ពីរមរមន ។
-
ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៨៣០ ។ ព្រះគម្ពីរមរមនដែលបានបោះពុម្ពជាលើកទីមួយ មាននៅភូមិប៉ាលម៉ៃរ៉ា រដ្ឋនូវយ៉ោក ។
-
ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ សាសនាចក្រត្រូវបានស្ថាបនាឡើងនៅភូមិហ្វាយ៉ែត ថោនស៊ីប រដ្ឋនូវយ៉ោក ដែលចាប់ផ្តើមដោយមានសមាជិកចំនួនប្រាំមួយនាក់ ។
-
ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ ។ ព្រះវិហារបរិសុទ្ធ ខឺតឡង់ ដែលជាព្រះវិហារបរិសុទ្ធដំបូងគេដែលបានសាងសង់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ត្រូវបានឧទ្ទិសឆ្លង ។ ព្យាការី យ៉ូសែប ស៊្មីធ បានអធិស្ឋានឧទ្ទិសឆ្លង ដែលត្រូវបានប្រទានដល់លោកដោយវិវរណៈ ។ ( សូមមើល គ. និង ស. ១០៩ ) ។
-
ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ។ នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ព្រះអង្គសង្គ្រោះបានយាងមកជួប យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធ ខឺតឡង់ ។ ម៉ូសេ, អេលីយ៉ាស និងអេលីយ៉ា ក៏បានបង្ហាញខ្លួន ហើយបានប្រគល់កូនសោបព្វជិតភាពដល់ យ៉ូសែប និង អូលីវើរ ។ អេលីយ៉ាបាននាំយកមកនូវកូនសោនៃអំណាចផ្សារភ្ជាប់ ដែលធ្វើឲ្យក្រុមគ្រួសារអាចបានផ្សារភ្ជាប់ជាមួយគ្នាសម្រាប់ភាពដ៏នៅអស់កល្បជានិច្ច ។ ( សូមមើល គ. និង ស. ១១០ ) ។
ជោគវាសនានៃសាសនាចក្រ
ព្យាការីព្រះគម្ពីរសញ្ញាចាស់ ដានីយ៉ែល បានព្យាករថា ព្រះនឹង « តាំងនគរ១ឡើង » ដែលនឹង « មិនត្រូវបំផ្លាញឡើយ » ថែមទាំងនឹង « នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច » ( ដានីយ៉ែល ២:៤៤ ) ។ នៅពេលលោកបានព្យាករដូចនេះ លោកបានមានប្រសាសន៍អំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលជានគរព្រះលើផែនដីសព្វថ្ងៃនេះ ។ ចាប់តាំងពីថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើងដោយមានសមាជិកប្រាំមួយនាក់មក វាបានរីកធំធាត់ ហើយដុះដាលឡើង ហើយវានឹងបន្តរីកចម្រើនរហូតដល់ « ពេញផែនដីទាំងដុំមូល » ( ដានីយ៉ែល ២:៣៥, សូមមើលផងដែរ គ. និង ស. ៦៥:២ ) ។ ប្រជាជនរាប់ពាន់នាក់បានទទួលពិធីបុណ្យជ្រមុជទឹកជារៀងរាល់ឆ្នាំ ។ ព្រះគម្ពីរមរមនត្រូវបានបកប្រែជាច្រើនភាសា ។ ព្រះវិហារបរិសុទ្ធត្រូវបានសាងសង់ឡើងពាសពេញពិភពលោក ។ ដោយមានព្រះយេស៊ូវគ្រីស្ទជាព្រះសិរសានៃសាសនាចក្រ នោះព្យាការីកំពុងរស់នៅនឹងដឹកនាំភាពរីកចម្រើនរបស់សាសនាចក្រ រហូតដល់ផែនដីត្រូវបានរៀបចំរួចរាល់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍អំពីពរជ័យនៃការស្ដារឡើងវិញដូចនេះ ៖ « ឥឡូវនេះ តើយើងឮអ្វីនៅក្នុងដំណឹងល្អ ដែលយើងបានទទួលនោះ ? គឺសំឡេងរីករាយ ! គឺសំឡេងនៃសេចក្ដីមេត្តាករុណាពីស្ថានសួគ៌ ហើយជាសំឡេងនៃសេចក្ដីពិតចេញពីផែនដី ជាដំណឹងដ៏រីករាយសម្រាប់ពួកអ្នកស្លាប់ ជាសំឡេងនៃសេចក្ដីរីករាយសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ ជាដំណឹងដ៏រីករាយអំពីសេចក្ដីអំណរដ៏ធំ » ( គ. និង ស. ១២៨:១៩ ) ។