ធនធាន​ផ្សេង​ទៀត
សិទ្ធិ​ជ្រើសរើស


« សិទ្ធិ​ជ្រើសរើស » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១២–១៣

« សិទ្ធិ​ជ្រើសរើស » ពិត​ចំពោះ​សេចក្ដីំជំនឿ ទំព័រ ១២–១៣

សិទ្ធិ​ជ្រើសរើស

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​អ្នក​នូវ​សិទ្ធិជ្រើសរើស ជា​សមត្ថភាព​ដើម្បី​ជ្រើសរើស និង ប្រព្រឹត្ត​ដោយ​ខ្លួន​អ្នក ។ សិទ្ធិជ្រើសរើស​គឺ​ជា​កត្តា​ចាំបាច់ នៅ​ក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ បើ​គ្មាន​សិទ្ធិជ្រើសរើស​ទេ អ្នក​នឹង​មិន​អាច​រៀនសូត្រ ឬ រីកចម្រើន ឬ ដើរតាម​ព្រះអង្គសង្គ្រោះ​បាន​ឡើយ ។ ជាមួយ​នឹង​សិទ្ធិជ្រើសរើស អ្នក « មាន​សេរីភាពរើស​យក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច តាមរយៈព្រះ​ជាអ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំងអស់ ឬ​ក៏​រើសយក​ការជាប់ឃុំឃាំង និង ការស្លាប់​ស្របតាម​ការជាប់ឃុំឃាំង និង អំណាច​របស់​អារក្ស » ( នីហ្វៃទី ២ ២:២៧ ) ។

អ្នក​មាន​អំណាច​ដើម្បី​ជ្រើសរើស តាំង​ពី​មុន​អ្នក​ចាប់​កំណើត​មក​ម៉្លេះ ។ នៅ​ក្នុង​ក្រុមប្រឹក្សា​នៅ​ឯ​ស្ថានសួគ៌​ពី​មុន​ជីវិត​នេះ ព្រះវរបិតាសួគ៌​បាន​បង្ហាញ​ផែនការ​ទ្រង់ ដែល​បូក​បញ្ចូល​នឹង​គោលការណ៍​នៃ​សិទ្ធិជ្រើសរើស​ផងដែរ ។ លូស៊ីហ្វើរ​បាន​បះបោរ ហើយ « បាន​ខំ​រក​បំផ្លាញ​សិទ្ធិជ្រើសរើស​របស់​មនុស្ស » ( ម៉ូសេ ៤:៣ ) ។ ជា​លទ្ធផល លូស៊ីហ្វើរ និង ពួក​អ្នក​ដែល​ដើរតាម​វា​ត្រូវបាន​បដិសេធ​មិន​ឲ្យ​មាន​ឯកសិទ្ធិ​ទទួល​បាន​រូបកាយ​រមែងស្លាប់​ឡើយ ។ វត្តមាន​របស់​អ្នក​នៅ​លើ​ផែនដី​នេះ​បញ្ជាក់​ថា អ្នក​បាន​ប្រើប្រាស់​សិទ្ធិជ្រើសរើស​របស់​អ្នក ដើម្បី​ធ្វើតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

នៅ​ក្នុង​ជីវិត​រមែងស្លាប់ អ្នក​បន្ត​មាន​សិទ្ធិជ្រើសរើស ។ ការប្រើប្រាស់​របស់​អ្នក​លើ​អំណោយទាន​នេះ​កំណត់​ពី​សុភមង្គល ឬ​ការរងទុក្ខ​ក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់ ។ អ្នក​មាន​សេរីភាព​ជ្រើសរើស ហើយ​ប្រព្រឹត្ត ប៉ុន្តែ​អ្នក​គ្មាន​សេរីភាព​រើស​យក​លទ្ធផល​មក​ពី​ជម្រើស​របស់​អ្នក​ទេ ។ លទ្ធផល​របស់​វា​អាច​នឹង​មិន​កើតឡើង​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​វា​នឹង​ឲ្យ​ផល​មក​តាម​ក្រោយ​ជានិច្ច ។ ការជ្រើសរើស​យក​អំពើ​ល្អ និង សុចរិតភាព​នាំ​ទៅ​រក​សុភមង្គល ភាពសុខសាន្ត និង​ជីវិត​អស់កល្ប​ជានិច្ច ទន្ទឹម​នឹង​ពេល​ដែល​ជម្រើស​ធ្វើ​ឡើង​ស្រប​តាម​អំពើបាប និង​សេចក្ដីអាក្រក់​នាំ​ទៅ​រក​ទុក្ខព្រួយ និង ភាពសោកសៅ ។

អ្នក​ទាំងអស់​គ្នា​ទទួលខុសត្រូវ​ចំពោះ​ជម្រើស​នានា​ដែល​អ្នក​ទាំងអស់​គ្នា​រើស ។ អ្នក​ពុំ​គួរ​បន្ទោស​កាលៈទេសៈ ក្រុមគ្រួសារ ឬ មិត្តភក្ដិ​របស់​អ្នក​ឡើយ ប្រសិនបើ​អ្នក​ជ្រើសរើស​មិន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទេ​នោះ ។ អ្នក​គឺ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​កម្លាំង​ដ៏​មហិមា ។ អ្នក​មាន​លទ្ធភាព​ជ្រើសរើស​យក​សុចរិតភាព និង សុភមង្គល ទោះជា​អ្នក​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។

អ្នក​ក៏​ទទួល​ខុសត្រូវ​លើ​ការអភិវឌ្ឍ​ទេពកោសល្យ និង​សមត្ថភាព​ទាំងឡាយ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក​ផងដែរ ។ អ្នក​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ទ្រង់​សម្រាប់​អ្វី​ដែល​អ្នក​ធ្វើ​ជាមួយ​នឹង​ទេពកោសល្យ​ទាំងឡាយ​របស់​អ្នក និង​ពី​របៀប​ដែល​អ្នក​ចំណាយ​ពេលវេលា​របស់​អ្នក ។ ចូរ​កុំ​ចំណាយ​ពេល​វេលា​របស់​អ្នក​ដោយ​ឥត​ប្រយោជន៍​ឡើយ ។ ចូរ​មាន​ឆន្ទៈ​ធ្វើការ​យ៉ាង​ឧស្សាហ៍ ។ ចូរ​ជ្រើសរើស​ធ្វើ​កិច្ចការ​ល្អ​ជា​ច្រើន​ដោយ​ចិត្តស្ម័គ្រ ។