ធនធាន​ផ្សេង​ទៀត
សាតាំង


« សាតាំង » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៥៤–១៥៥

« សាតាំង » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៥៤–១៥៥

សាតាំង

សាតាំង​ក៏​ត្រូវបាន​ហៅ​ផងដែរ​ថា បច្ចាមិត្ត ឬ​អារក្ស គឺ​ជា​សត្រូវ​ដល់​សេចក្តីសុចរិត និង​ដល់​អស់​អ្នក​ដែល​ចង់​ដើរតាម​ព្រះ ។ វា​គឺ​ជា​បុត្រា​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​ធ្លាប់​ជា​ទេវតា « ដែល​មាន​សិទ្ធិអំណាច​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ » ( គ. និង ស. ៧៦:២៥ សូម​មើល​ផងដែរ អេសាយ ១៤:១២, គ. និង ស. ៧៦:២៦–២៧ ) ។ ប៉ុន្តែ​នៅ​ក្នុង​ក្រុមប្រឹក្សា​នៅ​ជីវិត​មុន​ឆាក​ជីវិត​នេះ​នៅ​ឯ​ស្ថានសួគ៌ លូស៊ីហ្វើរ ដែល​ជា​ឈ្មោះ​របស់​សាតាំង​នៅ​ពេល​នោះ បាន​បះបោរ​ប្រឆាំង​នឹង​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ ក្នុង​ការបះបោរ​ប្រឆាំង​នឹង​ព្រះ សាតាំង « ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស » ( ម៉ូសេ ៤:៣ ) ។ វា​បាន​ថ្លែង​ថា « ទូលបង្គំ​នឹង​ប្រោសលោះ​មនុស្ស​លោក​ទាំងអស់ ប្រយោជន៍​កុំ​ឲ្យ​ព្រលឹង​ណា​មួយ​ត្រូវ​បាត់​ឡើយ ហើយ​ទូលបង្គំ​នឹង​ប្រព្រឹត្ត​ការ​នោះ​ជាមិនខាន ហេតុដូច្នោះ​ហើយ សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​កិត្តិយស​របស់​ព្រះអង្គ​ចុះ » ( ម៉ូសេ ៤:១ ) ។

សាតាំង​បាន​បញ្ចុះបញ្ចូល « មួយ​ភាគ​បី​នៃ​ពួក​ពល​បរិវារ​ស្ថានសួគ៌ » ឲ្យ​ចេញ​ពី​ព្រះវរបិតាសួគ៌ ( គ. និង ស. ២៩:៣៦ ) ។ ជា​លទ្ធផល​មក​ពី​ការបះបោរ​ប្រឆាំង​នេះ សាតាំង ព្រមទាំង​អ្នកដើរ​តាម​វា​ត្រូវបាន​កាត់​ចេញ​ពី​វត្តមាន​របស់​ព្រះ ហើយ​បាន​បដិសេធ​ពរជ័យ​នៃ​ការទទទួល​រូបកាយ​សាច់ឈាម ( សូម​មើល វិវរណៈ ១២:៩ ) ។ ពួកគេ​ក៏​បាន​បដិសេធ​ឱកាស​ទទួល​មរតក​នៅ​ក្នុង​នគរ​នៃ​សិរីល្អ​ដែរ ។

ព្រះវរបិតាសួគ៌​ទ្រង់​អនុញ្ញត​ឲ្យ​សាតាំង ព្រមទាំង​អ្នកដើរ​តាម​វា​ល្បួង​យើង ទុក​ជា​ផ្នែក​នៃ​បទពិសោធន៍​មួយ​នៅ​ក្នុង​ជីវិត​រមែងស្លាប់​របស់​យើង ( សូម​មើល នីហ្វៃទី ២ ២:១១–១៤, គ. និង ស. ២៩:៣៩ ) ។ ដោយសារតែ​សាតាំង « ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូចវា​ដែរ » ( នីហ្វៃទី ២ ២:២៧ ) ទើប​វា ព្រមទាំង​អ្នក​ដើរតាម​វា​ផង ព្យាយាម​ដឹកនាំ​យើង​ចេញ​ឆ្ងាយ​ពី​ភាពសុចរិត ។ វា​ដឹកនាំ​ការប្រឆាំង​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ទិដ្ឋភាព​ដ៏​សំខាន់ៗ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។ ឧទាហរណ៍ វា​ព្យាយាម​បង្ខូច​ព្រះ​កិត្តិសព្ទ​របស់​ព្រះអង្គសង្គ្រោះ និង​បព្វជិតភាព បណ្តាល​ឲ្យ​មាន​មន្ទិលសង្ស័យ​ទៅ​លើ​ព្រះចេស្ដា​នៃ​ដង្វាយធួន បន្លំ​វិវរណៈ​ដើម្បី​បំបែក​យើង​ចេញ​ពី​សេចក្តីពិត ព្រមទាំង​ជំទាស់​នឹង​ការទទួលខុសត្រូវ​របស់​បុគ្គល​ម្នាក់ៗ ។ វា​ប៉ុនប៉ង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​គ្រួសារ តាមរយៈ​ការបំភាន់​ខាង​ភេទ ដែល​ផ្សព្វផ្សាយ​អំពី​ភេទសម្ព័ន្ធ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ឡកឡឺយ​ចំពោះ​អាពាហ៍ពិពាហ៍ និង​បំបាក់​ទឹកចិត្ត​ចំពោះ​ការមាន​កូន​ដល់​មនុស្ស​ពេញវ័យ​ដែល​បាន​រៀបការ​រួច ដែល​អាច​ចិញ្ចឹម​កូន​ដោយ​សេចក្តីសុចរិត ។

អ្នក​មិន​ត្រូវ​ចុះចាញ់​នឹង​ការល្បួង​របស់​សាតាំង​ឡើយ ។ អ្នក​មាន​អំណាច​នៅ​ក្នុង​ខ្លួន​អ្នក ដើម្បី​ជ្រើសរើស​យក​សេចក្តី​ល្អ​លើ​សេចក្តីអាក្រក់ ហើយ​អ្នក អាច​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​តាមរយៈ​ការអធិស្ឋាន​ជានិច្ច ។ ( សូម​មើល « ការល្បួង » ទំព័រ ១៧៤–១៧៦ ) ។