« ការតែងតាំងពីមុនកំណើតលោកិយ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៦៩–៧០
« ការតែងតាំងពីមុនកំណើតលោកិយ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៦៩–៧០
ការតែងតាំងពីមុនកំណើតលោកិយ
នៅពិភពវិញ្ញាណនៃជីវិតមុនផែនដីនេះ ព្រះបានតែងតាំងវិញ្ញាណមួយចំនួនឲ្យបំពេញតាមបេសកកម្មពិសេសនានាអំឡុងពេលជីវិតរមែងស្លាប់របស់ពួកគេ ។ នេះហៅថា ការតែងតាំងពីមុនកំណើតលោកិយ ។
ការតែងតាំងពីមុនកំណើតលោកិយមិនបានធានាថា បុគ្គលទាំងឡាយនឹងទទួលបាននូវការហៅបម្រើជាក់លាក់ ឬ ការទទួលខុសត្រូវឡើយ ។ ឱកាសបែបនោះចូលមកក្នុងជីវិតជាលទ្ធផលមួយនៃការអនុវត្តយ៉ាងសុចរិតនូវសិទ្ធិជ្រើសរើស គឺដូចជាការតែងតាំងជាមុនបានមក ជាលទ្ធផលមួយនៃភាពសុចរិតដែលនៅក្នុងជីវិតមុនឆាកជីវិតនេះដែរ ។
ព្រះយេស៊ូវគ្រីស្ទត្រូវបានតែងតាំង ឲ្យធ្វើដង្វាយធួន ដោយក្លាយជា « កូនចៀមដែលត្រូវគេសម្លាប់ តាំងពីកំណើតលោកីយ៍មក » ( វិវរណៈ ១៣:៨, សូមមើលផងដែរ ពេត្រុស ទី១ ១:១៩–២១ ) ។ ព្រះគម្ពីរប្រាប់អំពីមនុស្សដទៃទៀត ដែលត្រូវបានតែងតាំងពីមុនកំណើតផែនដី ។ ព្យាការី អ័ប្រាហាំ បានដឹងអំពីការតែងតាំងពីមុនកំណើតផែនដី នៅពេលលោកទទួលបានការនិមិត្តមួយ ដែលលោកបានឃើញ « អ្នកដែលមានត្រកូលខ្ពស់ និងធំៗជាច្រើន » ក្នុងចំណោមវិញ្ញាណទាំងឡាយនៅឯពិភពវិញ្ញាណនៃជីវិតមុនផែនដី ។ លោកបានមានប្រសាសន៍ថា « ព្រះទ្រង់បានទតឃើញព្រលឹងទាំងឡាយនេះថាសុទ្ធតែល្អ ហើយទ្រង់បានឈរនៅកណ្ដាលពួកគេ ហើយទ្រង់មានព្រះបន្ទូលថា ពួកអ្នកទាំងនេះ យើងនឹងធ្វើទៅជាពួកអ្នកគ្រប់គ្រងរបស់យើង ដ្បិតទ្រង់បានឈរក្នុងចំណោមអស់អ្នកដែលជាវិញ្ញាណ ហើយទ្រង់បានទតឃើញថាពួកគេសុទ្ធតែល្អ ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា អ័ប្រាហាំអើយ អ្នកនៅក្នុងពួកគេដែរ អ្នកត្រូវបានរើសតាំងពីមុនអ្នកចាប់កំណើតមកម៉្លេះ » ( អ័ប្រាហាំ ៣:២២–២៣ ) ។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់យេរេមាថា « មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសម្រាលចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍ » ( យេរេមា ១:៥ ) ។ យ៉ូហាន បាទីស្ទ ត្រូវបានតែងតាំងពីមុនកំណើតលោកិយ ដើម្បីរៀបចំមនុស្សឲ្យព្រះអង្គសង្គ្រោះធ្វើការងារបម្រើនៅក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ( សូមមើល អេសាយ ៤០:៣, លូកា ១:១៣–១៧, នីហ្វៃទី ១ ១០:៧–១០ ) ។
គោលលទ្ធិនៃការតែងតាំងពីមុនកំណើតលោកិយ អនុវត្តដល់សមាជិកទាំងអស់ក្នុងសាសនាចក្រ មិនមែនតែសម្រាប់ព្រះអង្គសង្គ្រោះ និង ព្យាការីរបស់ទ្រង់ប៉ុណ្ណោះទេ ។ មុនពេលការកកើតនៃផែនដីនេះ ស្ដ្រីដ៏ស្មោះត្រង់ត្រូវបានផ្ដល់នូវការទទួលខុសត្រូវមួយចំនួន ហើយបុរសដ៏ស្មោះត្រង់ត្រូវបានតែងតាំងពីមុនកំណើតលោកិយចំពោះកាតព្វកិច្ចបព្វជិតភាពមួយចំនួន ។ ទោះបីជាអ្នកមិនបានចាំពីពេលនោះក្ដី ក៏អ្នកបានយល់ព្រមជាប្រាកដថានឹងបំពេញកាតព្វកិច្ចដ៏សំខាន់ទាំងនោះនៅក្នុងការបម្រើដល់ព្រះវរបិតារបស់អ្នក ។ នៅពេលអ្នកបង្ហាញភស្ដុតាងថាអ្នកសក្ដិសម អ្នកនឹងទទួលបានឱកាសបំពេញការចាត់តាំងដែលអ្នកបានទទួល ។