« ព្រះយេស៊ូវគ្រីស្ទ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨៧–៨៩
« ព្រះយេស៊ូវគ្រីស្ទ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៨៧–៨៩
ព្រះយេស៊ូវគ្រីស្ទ
ក្នុងខែ មករា ឆ្នាំ ២០០០ គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចេញសេចក្ដីប្រកាសមួយខាងក្រោម ។ ដោយមានចំណងជើងថា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » សេចក្ដីប្រកាសនេះថ្លែងសាក្សីអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយសង្ខេបអត្តសញ្ញាណ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ដូចនេះ ៖
« នៅពេលយើងធ្វើបុណ្យរំឭកដល់ថ្ងៃកំណើតនៃព្រះយេស៊ូវគ្រីស្ទ ពីរពាន់ឆ្នាំមកហើយ នោះយើងសូមថ្វាយនូវទីបន្ទាល់របស់យើងអំពីគុណភាពនៃការបូជាដ៏មហិមារបស់ទ្រង់ដែលធួននឹងបាប ។ គ្មាននរណាម្នាក់ផ្សេងទៀតទេដែលមានឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើអស់ទាំងមនុស្សដែលបានរស់នៅ ហើយដែលនឹងរស់នៅលើផែនដីនៅអនាគតកាល ។
ព្រះអង្គ គឺជាព្រះយេហូវ៉ានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយជាព្រះមែស៊ីនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ នៅក្រោមការដឹកនាំរបស់ព្រះវរបិតាទ្រង់ នោះព្រះអង្គគឺជាព្រះដ៏បង្កបង្កើតនៃផែនដី ។ ‹ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ › ( យ៉ូហាន ១:៣ ) ។ ទោះជាព្រះអង្គគ្មានបាបក៏ដោយ ក៏ទ្រង់បានទទួលបុណ្យជ្រមុជទឹកដើម្បីបំពេញនូវអស់ទាំងសេចក្តីសុចរិតដែរ ។ ទ្រង់ ‹ យាងចុះឡើងធ្វើការល្អ › ( កិច្ចការ ១០:៣៨ ) ប៉ុន្តែត្រូវបានគេស្អប់ទៅវិញ ។ ដំណឹងល្អរបស់ទ្រង់គឺជាសារអំពីសេចក្តីសុខសាន្ត និងសុជនភាព ។ ព្រះអង្គបានអង្វរមនុស្សគ្រប់រូបឲ្យធ្វើតាមគំរូរបស់ទ្រង់ ។ ព្រះអង្គបានយាងតាមថ្នល់ស្រុកភីលីស្ទីន ដើម្បីព្យាបាលអ្នកឈឺ ធ្វើឲ្យអ្នកខ្វាក់មើលឃើញ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ ព្រះអង្គបានបង្រៀនពីសេចក្តីពិតនៃភាពអស់កល្ប ពីភាពពិតប្រាកដនៃជីវិតរបស់យើង ដែលមានមុនផែនដី ពីគោលបំណងនៃជីវិតរបស់យើងនៅលើផែនដី និងពីលទ្ធភាពលូតលាស់ចំពោះបុត្រាបុត្រីទាំងឡាយនៃព្រះនៅក្នុងជីវិតខាងមុខ ។
ព្រះអង្គបានចាត់តាំងឲ្យមានបុណ្យសាក្រាម៉ង់ ដើម្បីទុកជាការរំឭកចាំអំពីការបូជាដ៏មហិមារបស់ទ្រង់ដែលធួននឹងបាប ។ ព្រះអង្គត្រូវគេចាប់ ហើយកាត់ទោសពីរឿងមិនសមរម្យ ថ្កោលទោស ដើម្បីបំពេញចិត្តមនុស្ស ហើយកាត់ក្តីឲ្យសុគតនៅលើឈើឆ្កាងនៅលើភ្នំកាល់វ៉ារី ។ ព្រះអង្គបានប្រទានព្រះជន្មរបស់ទ្រង់ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សទាំងអស់ ។ ព្រះជន្មរបស់ទ្រង់គឺជាអំណាយទានជំនួសមនុស្សទាំងអស់ដែលធ្លាប់បានរស់នៅលើផែនដី ។
យើងសូមធ្វើទីបន្ទាល់ដោយម៉ឺងម៉ាត់ថា ព្រះជន្មរបស់ទ្រង់ដែលជាកត្តាដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្ស នោះពុំមែនចាប់ផ្ដើមនៅភូមិបេថ្លេហិម ឬបញ្ចប់នៅភ្នំកាល់វ៉ារីនោះទេ ។ ព្រះអង្គជាបុត្រច្បងបង្អស់របស់ព្រះវរបិតា ជាព្រះរាជបុត្រាបង្កើតតែមួយនៅក្នុងសាច់ឈាម ជាព្រះដ៏ប្រោសលោះនៃពិភពលោក ។
ព្រះអង្គបានមានព្រះជន្មរស់ពីផ្នូរ ដើម្បី ‹ ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ › ( កូរិនថូស ទី១ ១៥:២០ ) ។ ជាព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញ នោះទ្រង់បានយាងទៅជួបពួកអ្នកដែលទ្រង់បានស្រឡាញ់ក្នុងកាលមានព្រះជន្មរស់នៅ ។ ព្រះអង្គក៏បានទៅបម្រើនៅចំណោម ‹ ចៀមឯទៀត › របស់ទ្រង់ ( យ៉ូហាន ១០:១៦ ) នៅទ្វីបអាមេរិកពីជំនាន់បុរាណ ។ នៅក្នុងពិភពលោកជំនាន់ថ្មី ព្រះអង្គ និងព្រះវរិបតារបស់ទ្រង់បានលេចមកឲ្យក្មេងប្រុសម្នាក់ឈ្មោះ យ៉ូសែប ស៊្មីធ ឃើញ ដើម្បីបង្ហាញនូវ ‹ ការកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ › ដែលបានសន្យាទុកជាយូរយាមកហើយ ( អេភេសូ ១:១០ ) ។
ស្ដីអំពីព្រះគ្រីស្ទដែលមានព្រះជន្មរស់នៅ នោះព្យាការីយ៉ូសែប ស្ម៊ីធបានកត់ទុកថា ‹ ព្រះនេត្ររបស់ទ្រង់ដូចជាអណ្ដាតភ្លើង ព្រះកេសារបស់ទ្រង់ស ដូចជាហិមៈសុទ្ធ ព្រះភក្ត្ររបស់ទ្រង់ភ្លឺជាងពន្លឺថ្ងៃ ហើយសំឡេងរបស់ទ្រង់ ដូចជាសូរនៃទឹកច្រើន គឺជាសំឡេងនៃព្រះយេហូវ៉ាដែលមានព្រះបន្ទូលថា
យើងជាដើម ហើយជាចុង យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ យើងជាព្រះគាំទ្ររបស់អ្នកជាមួយព្រះវរបិតា › ( គ. និង ស. ១១០:៣–៤ ) ។
ស្ដីអំពីព្រះអង្គ ព្យាការីក៏បានថ្លែងប្រាប់ដែរថា ‹ ហើយឥឡូវនេះ បន្ទាប់ពីទីបន្ទាល់ជាច្រើន ដែលបានថ្លែងអំពីទ្រង់ នេះជាទីបន្ទាល់ចុងក្រោយបង្អស់ ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ ៖ គឺថាទ្រង់មានព្រះជន្មនៅរស់ !
ដ្បិតយើងខ្ញុំបានឃើញទ្រង់គង់នៅខាងស្ដាំព្រះហស្តនៃព្រះ ហើយយើងខ្ញុំបានឮសំឡេងដែលថ្លែងទីបន្ទាល់ថា ទ្រង់គឺជាបុត្រាបង្កើតតែមួយនៃព្រះវរបិតា—
ថាដោយសារព្រះអង្គ និងតាមរយៈព្រះអង្គ ហើយពីព្រះអង្គ នោះពិភពលោកទាំងឡាយមានឡើង ហើយបានបង្កើតមក ហើយបណ្តាជននៅទីនោះ គឺ ជាបុត្រាបុត្រីបង្កើតចំពោះព្រះ › ( គ. និង ស. ៧៦:២២–២៤ ) ។
យើងសូមថ្លែងដោយនូវពាក្យដ៏ម៉ឹងម៉ាត់ថា បព្វជិតភាពរបស់ទ្រង់ និងពួកជំនុំរបស់ទ្រង់ត្រូវបានសាងឡើងវិញនៅលើផែនដី— ‹ ដែលត្រូវបានស្អាងឡើងលើជើងជញ្ជាំងនៃ … ពួកសាវក និងពួកព្យាការី ហើយព្រះយេស៊ូវគ្រីស្ទនោះឯងទ្រង់ជាថ្មជ្រុងយ៉ាងឯក › ( អេភេសូ ២:២០ ) ។
យើង សូមធ្វើទីបន្ទាល់ថាថ្ងៃណាមួយ នោះទ្រង់នឹងយាងមកផែនដីវិញ ។ ‹ នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា › ( អេសាយ ៤០:៥ ) ។ ព្រះអង្គនឹងគ្រប់គ្រងជាស្តេចលើអស់ទាំងស្តេច ហើយសោយរាជ្យជាព្រះអម្ចាស់លើអស់ទាំងចៅហ្វាយ ហើយគ្រប់ទាំងជង្គង់នឹងបន្ទាបចុះ ហើយគ្រប់ទាំង អណ្តាតនឹងចេញវាចាដោយនូវការថ្វាយបង្គំដល់ទ្រង់ ។ យើងម្នាក់ៗនឹងត្រូវឈរ ដើម្បីទទួលការជំនុំជម្រះពីទ្រង់ ស្របតាមកិច្ចការទាំងឡាយរបស់យើង និងតាមសេចក្តីប៉ងប្រាថ្នានៃចិត្តរបស់យើង ។
យើងជាពួកសាវករបស់ទ្រង់ដែលបានតែងតាំងឡើងដោយត្រឹមត្រូវ សូមថ្លែងទីបន្ទាល់— ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ និងជាព្រះរាជបុត្រាដ៏អមតៈរបស់ព្រះ ។ ព្រះអង្គ គឺជាព្រះរាជាអេម៉ាញូអែលដ៏មហិមា ដែលសព្វថ្ងៃនេះ ឈរនៅខាងស្តាំព្រះហស្តនៃព្រះវរបិតារបស់ទ្រង់ ។ ព្រះអង្គគឺជាពន្លឺ ជាជីវិត ហើយជាសេចក្ដីសង្ឃឹមនៃពិភពលោក ។ មាគ៌ារបស់ទ្រង់គឺជាផ្លូវនាំទៅរកសុភមង្គលក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅក្នុងលោកដែលនឹងមកដល់ ។ សូមអរព្រះគុណដល់ព្រះ ចំពោះអំណោយទានដ៏ប្រៀបផ្ទឹមពុំបាននៃព្រះរាជបុត្រារបស់ទ្រង់ដ៏ឧត្តម » ( Ensign ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២–៣ ) ។