ធនធាន​ផ្សេង​ទៀត
ដង្វាយ​មួយ​ភាគ​ក្នុង​ដប់


« ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨០–១៨២

« ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១៨០–១៨២

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ពរជ័យ​មួយ​ក្នុង​ចំណោម​ពរជ័យ​ទាំងឡាយ​នៃ​សមាជិកភាព​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ជា​ឯកសិទ្ធ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ដោយ​ការរស់នៅ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ នោះ​អ្នក​បាន​ចូលរួម​កសាង​នគរ​ព្រះ​នៅ​លើ​ផែនដី ។

និយមន័យ និង គោលបំណង​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ដើម្បី​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ អ្នក​ត្រូវ​ផ្តល់​មួយ​ភាគ​ក្នុង​ដប់​នៃ​ប្រាក់ចំណូល​របស់​អ្នក​ដល់​ព្រះអម្ចាស់​តាមរយៈ​សាសនាចក្រ​របស់​ទ្រង់ ។ អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទៅ​កាន់​សមាជិក​ម្នាក់​ក្នុង​គណៈប៊ីស្សព ឬ​គណៈប្រធាន​សាខា​របស់​អ្នក ។

ថ្នាក់​ដឹកនាំ​ក្នុង​តំបន់​បញ្ជូន​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ផ្ទាល់​ទៅ​កាន់​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ ជា​កន្លែង​ដែល​ក្រុមប្រឹក្សា​កំណត់​យក​មាគ៌ា​ជាក់លាក់​ក្នុង​ការប្រើប្រាស់​មូលនិធិ​ដ៏​ពិសិដ្ឋ​នេះ ។ ក្រុមប្រឹក្សា​នេះ​មាន​គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​គណៈប៊ីស្សព​ជា​អធិបតី ។ ដោយ​ធ្វើ​តាម​វិវរណៈ ពួកគាត់​ធ្វើ​ការសម្រេចចិត្ត នៅ​ពេល​ពួកគាត់​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ ។ ( សូម​មើល គ. និង ស. ១២០:១ ) ។

មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តែងតែ​យក​មក​ប្រើ​សម្រាប់​ជា​គោលបំណង​របស់​ព្រះអម្ចាស់​ជានិច្ច—ដើម្បី​កសាង និង​ថែទាំ​ព្រះវិហារ​បរិសុទ្ធ និង​សាលាប្រជុំ​ទាំងឡាយ ដើម្បី​គាំទ្រ​ដល់​កិច្ចការ​ផ្សព្វផ្សាយសាសនា និង​ដើម្បី​អនុវត្ត​កិច្ចការ​របស់​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។

ពរជ័យ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ

ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តម្រូវ​ឲ្យ​មាន​ការលះបង់ ប៉ុន្តែ​ការគោរព​ប្រតិបត្តិ​របស់​អ្នក​ចំពោះ​ច្បាប់​នេះ​នាំ​មក​នូវ​ពរជ័យ ដែល​មាន​ទំហំ​មហិមា​ជាង​អ្វី​មួយ​ដែល​អ្នក​បាន​លះបង់​ទៅ​ទៀត ។ ព្យាការី​ម៉ាឡាគី​បាន​បង្រៀន​ថា

« ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បងល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ( ម៉ាឡាគី ៣:១០ ) ។

ពរជ័យ​ទាំងនេះ​ធ្លាក់​មក​លើ​អស់​អ្នក ដែល​ថ្វាយ​ដប់​ភាគរយ​ពេញលេញ​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន សូម្បីតែ​ចំនួន​នោះ​ជា​ចំនួន​តិចតួច​ក៏​ដោយ ។ នៅ​ពេល​អ្នក​គោរពប្រតិបត្តិ​តាម​ច្បាប់​នេះ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ផង ។

ការតាំងចិត្ត​ដើម្បី​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ប្រសិនបើ​អ្នក​មិន​ទាន់​បាន​បង្កើត​លំនាំ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន​ជាប់លាប់​ទេ អ្នក​អាច​មាន​ការលំបាក​ក្នុង​ការជឿ​ថា អ្នក​អាច​លះបង់​ប្រាក់​ចំណូល​មួយ​ភាគ​ដប់​របស់​អ្នក ។ ប៉ុន្តែ​អ្នក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៏​ស្មោះត្រង់​ដឹង​ថា ពួកគេ​មិន​អាច មិន ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន​ទេ ។ នៅ​តាម របៀប​ដ៏​អស្ចារ្យ ទ្វារ​នៃ​ស្ថានសួគ៌​បាន​បើក​ឡើង ហើយ​ពរជ័យ​ទាំងឡាយ​បាន​ចាក់​មក​លើ​ពួកគេ ។

ចូរ​ចងចាំ​ថា ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ មិនមែន​ជា​បញ្ហា​ដ៏​ធំ​ខាង​លុយ​កាក់​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ខាង​ឯ​សេចក្តីជំនឿ​វិញ ។ ចូរ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ ទ្រង់​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ហើយ​ទ្រង់​បាន​ធ្វើ​សេចក្តីសន្យា​អម​ជាមួយ ។ ចូរ​ស្វែងរក​ភាពរឹងមាំ​នៅ​ក្នុង​សេចក្ដីជំនឿ​របស់​នីហ្វៃ ដែល​បាន​មាន​ប្រសាសន៍​ថា « ចូរ​យើង​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ ដ្បិត​មើល​ចុះ ទ្រង់​មាន​អំណាច​ជាង​អ្វីៗ​នៅ​លើ​ផែនដី​នេះ ទាំងអស់ » ( នីហ្វៃទី ១ ៤:១ ) ។