« ភាពសុខសាន្ដ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១៣–១១៥
« ភាពសុខសាន្ដ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១១៣–១១៥
ភាពសុខសាន្ដ
មនុស្សជាច្រើនចាត់ទុកថា ភាពសុខសាន្តជាអវត្តមាននៃសង្គ្រាម ។ ប៉ុន្តែយើងអាចទទួលអារម្មណ៍សុខសាន្តបាន ទោះបីជានៅក្នុងពេលមានសង្គ្រាម ហើយយើងអាចបាត់បង់ភាពសុខសាន្តបាន ទោះបីជាពេលដែលគ្មានសង្គ្រាមកើតឡើងក៏ដោយ ។ អវត្តមាននៃសង្គ្រាមតែម្យ៉ាងមិនគ្រប់គ្រាន់ដើម្បីនាំមកនូវភាពសុខសាន្តនៅក្នុងចិត្តរបស់យើងឡើយ ។ ភាពសុខសាន្តកើតចេញពីដំណឹងល្អ—គឺតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការងារបម្រើរបស់ព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើង ការប្រែចិត្តដោយស្មោះពីចិត្ត និងការបម្រើដោយឧស្សាហ៍ព្យាយាម ។
ទោះបីជាពេលដែលពិភពលោកស្ថិតនៅក្នុងភាពចលាចលនៅជុំវិញខ្លួនអ្នកក្ដី ក៏អ្នកអាចទទួលបានពរជ័យនៃភាពសុខសាន្តនៅក្នុងចិត្តដែរ ។ ពរជ័យនេះនឹងបន្តនៅជាមួយអ្នក ដរាបណាដែលអ្នកបន្តស្មោះត្រង់ចំពោះទីបន្ទាល់អំពីដំណឹងល្អ និងដរាបណាដែលអ្នកចងចាំថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទ្រង់ស្រឡាញ់អ្នក និងមើលថែអ្នក ។
បន្ថែមទៅលើការទទួលបានអារម្មណ៍នៃភាពសុខសាន្តសម្រាប់ខ្លួនអ្នក នោះអ្នកក៏អាចមានឥទ្ធិពលធ្វើឲ្យមានភាពសុខសាន្តនៅក្នុងក្រុមគ្រួសាររបស់អ្នក សហគមន៍របស់អ្នក និងពិភពលោកដែរ ។ អ្នកខិតខំឲ្យមានភាពសុខសាន្តនៅពេលដែលអ្នកគោរពតាមព្រះបញ្ញត្តិ ផ្តល់ការបម្រើ មើលថែសមាជិកគ្រួសារ និងអ្នកជិតខាង ព្រមទាំងចែកចាយដំណឹងល្អ ។ អ្នកខិតខំឲ្យមានភាពសុខសាន្ត នៅពេលដែលអ្នកជួយសម្រាលភាពឈឺចាប់របស់អ្នកដទៃឲ្យបានធូរស្បើយ ។
ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះខាងក្រោមនេះ បង្រៀនយើងអំពីរបៀបដែលយើងអាចទទួលបានភាពសុខសាន្ត ដែលដំណឹងល្អនាំឲ្យមាន ៖
« ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ ។
ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬ ភ័យឡើយ » ( យ៉ូហាន ១៤: ២៦–២៧) ។
« ចូរកុំខ្លាចនឹងធ្វើល្អឡើយ ឱបុត្រារបស់យើងអើយ ដ្បិតពូជអ្វីក៏ដោយដែលអ្នករាល់គ្នាព្រួសចុះ នោះនឹងច្រូតបានពូជនោះឯង ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាព្រួសចុះពូជល្អ នោះអ្នករាល់គ្នាក៏នឹងច្រូតបានពូជល្អ ទុកជារង្វាន់របស់អ្នកដែរ ។
ហេតុដូច្នេះហើយ កុំឲ្យខ្លាច ហ្វូងតូចអើយ ចូរធ្វើល្អចុះ ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ដ្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ ។
មើលចុះយើងមិនបានកាត់ទោសអ្នកទេអញ្ជើញទៅចុះតែកុំធ្វើបាបទៀតឡើយ ចូរធ្វើដោយម៉ឺងម៉ាត់នូវកិច្ចការដែលយើងបានបញ្ជាដល់អ្នក ។
ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិតចូរកុំ សង្ស័យកុំខ្លាចឡើយ ។
ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់ កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក » ( គ. និង ស. ៦:៣៣–៣៧ ) ។
« ខ្ញុំប្រាប់សេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្ដ ។ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ » ( យ៉ូហាន ១៦:៣៣ ) ។
នៅពេលអ្នកចងចាំព្រះអង្គសង្គ្រោះ ហើយធ្វើតាមទ្រង់ នោះអ្នកពិតជាអាចមានសេចក្តីសង្ឃឹម ។ អ្នកអាចទទួលបានបទពិសោធន៍ដ៏ពិត ដោយកាន់ខ្ជាប់ក្នុងភាពសុខសាន្តនៅគ្រប់ពេលទាំងអស់ ។ អ្នកអាចរកឃើញសេចក្តីសង្ឃឹមនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ដំបូងបំផុតទៅកាន់ពួកសិស្សរបស់ទ្រង់ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញថា « សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ » ( យ៉ូហាន ២០:១៩ ) ។