« រដ្ឋាភិបាល និង ច្បាប់ស៊ីវិល » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៣៨–៣៩
« រដ្ឋាភិបាល និង ច្បាប់ស៊ីវិល » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៣៨–៣៩
រដ្ឋាភិបាល និង ច្បាប់ស៊ីវិល
កណ្ឌ ១៣៤ នៃគោលលទ្ធិ និង សេចក្តីសញ្ញា បានណែនាំដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយអំពី « ជំនឿរបស់យើងដែលទាក់ទងទៅនឹងរដ្ឋាភិបាលទាំងឡាយនៅលើផែនដី » ( គ. និង ស. ១៣៤ ក្បាលកណ្ឌ ) ។ ក្នុងកណ្ឌនេះរួមមានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ៖
« យើងខ្ញុំជឿថា រដ្ឋាភិបាលទាំងឡាយត្រូវបានបង្កើតឡើងពីព្រះ សម្រាប់ផលប្រយោជន៍ដល់មនុស្ស ហើយថាទ្រង់ធ្វើឲ្យមនុស្សទទួលការខុសត្រូវចំពោះកិច្ចការទាំងឡាយរបស់ខ្លួន ដែលទាក់ទងទៅនឹងរដ្ឋាភិបាលនោះ ទាំងការចែងច្បាប់ទាំងឡាយ និងការអនុវត្តច្បាប់ទាំងនោះផង សម្រាប់ការល្អ និងសន្តិសុខដល់សង្គម ។ …
យើងខ្ញុំជឿថា មនុស្សទាំងអស់មានកាតព្វកិច្ចដើម្បីគាំទ្រ និងទ្រទ្រង់រដ្ឋាភិបាល ដែលពួកគេអាស្រ័យនៅរៀងៗខ្លួន ក្នុងពេលការពារសិទ្ធិកំណើត និងដ៏ឥតដកចេញបានដោយច្បាប់នៃរដ្ឋាភិបាលទាំងឡាយ ហើយថាការចាក់រុក និងការបះបោរ គឺជាការមិនគួរសមសម្រាប់ឲ្យពលរដ្ឋគ្រប់រូបបានការពារឡើយ ហើយគួរដាក់ទោសតាមច្បាប់ ហើយថារដ្ឋាភិបាលទាំងអស់មានសិទ្ធិនឹងចែងច្បាប់តាមការវិនិច្ឆ័យរបស់ខ្លួន ដែលគិតថាសមបំផុត ដើម្បីធានាប្រយោជន៍នៃពលរដ្ឋ ប៉ុន្តែនៅពេលដដែលនោះ រាប់ថាសេរីភាពខាងសតិសម្បជញ្ញៈគឺជាការដ៏ពិសិដ្ឋមួយ ។
យើងខ្ញុំជឿថា មនុស្សគ្រប់រូបត្រូវបានកិត្តិយសក្នុងតំណែងរបស់ខ្លួន ដូចជាពួកអ្នកត្រួតត្រា និងពួកចៅក្រមជាដើម ដោយបានរើសតាំងសម្រាប់ការពារអ្នកឥតទោស ហើយដាក់ទោសដល់អ្នកមានទោសវិញ ហើយថាចំពោះច្បាប់ទាំងឡាយនោះ មនុស្សត្រូវគោរព ហើយព្រមធ្វើតាម ពីព្រោះបើគ្មានច្បាប់ទាំងឡាយនោះទេ នោះសេចក្ដីសុខសាន្ត និងការស្រុះស្រួលគ្នានឹងត្រូវបានជំនួសដោយអនាធិបតេយ្យ និងការភិតភ័យជាខ្លាំង ច្បាប់នៃមនុស្សជាតិទាំងឡាយត្រូវបានបង្កើតឡើងសម្រាប់គោលបំណងដ៏ជាក់លាក់នៃការចាត់ចែងផលប្រយោជន៍របស់យើងដោយឡែក និងដោយប្រទេស រវាងមនុស្សមួយនឹងមនុស្សមួយទៀត រីឯក្រឹត្យវិន័យទាំងឡាយខាងវិញ្ញាណ ដែលបានប្រទានមកពីស្ថានសួគ៌ ដែលតាំងច្បាប់អំពីកិច្ចការខាងវិញ្ញាណសម្រាប់សេចក្ដីជំនឿ និងការថ្វាយបង្គំ ក្រឹត្យវិន័យទាំងពីរនោះ ត្រូវបានឆ្លើយតបដោយមនុស្សចំពោះព្រះដ៏បង្កើតរបស់ខ្លួន » ( គ. និង ស. ១៣៤:១, ៥–៦ ) ។
កត្តាមួយដ៏សំខាន់នៃការញែកចេញពីសាសនាចក្រ និងរដ្ឋ គឺការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការផ្តល់សេរីភាពខាងសាសនា ។ ពួកព្យាការីថ្ងៃចុងក្រោយគាំទ្រដល់គោលការណ៍នេះ ដូចដែលមានចែងនៅក្នុងមាត្រាដប់មួយនៃសេចក្តីជំនឿដូចនេះ ៖ « យើងខ្ញុំសូមអះអាងយកសិទ្ធិក្នុងការថ្វាយបង្គំព្រះដ៏មានមហិទ្ធិឫទ្ធិ ស្របតាមការណែនាំនៃសម្បជញ្ញៈរបស់យើងខ្ញុំ ហើយសូមបណ្ដោយឲ្យមនុស្សទាំងអស់មានសិទ្ធិដូចគ្នា ចូរឲ្យគេថ្វាយបង្គំតាមរបៀបណា នៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា » ។ ដោយស្របគ្នាទៅនឹងការញែកចេញរវាងសាសនាចក្រ និង រដ្ឋ នោះសាសនាចក្រមិនធ្វើបដ្ឋិលេខដល់គណបក្សនយោបាយ ឬ បេក្ខជនឈរឈ្មោះណាមួយឡើយ ។ សាសនាចក្រមិនអនុញ្ញាតឲ្យមានការប្រើប្រាស់អាគាររបស់ខ្លួន និងសម្ភារផ្សេងៗទៀត ដើម្បីបម្រើគោលបំណងនយោបាយឡើយ ។ សាសនាចក្រមិនចូលរួមក្នុងនយោបាយទេ លុះត្រាតែមានការចោទសួរអំពីបញ្ហាខាងសីលធម៌ នោះសាសនាចក្រនឹងបង្ហាញពីគោលជំហរខាងសីលធម៌នោះ ។
ទោះបីជាសាសនាចក្ររក្សាភាពអព្យាក្រឹតខាងនយោបាយក៏ដោយ ក៏អ្នកដឹកនាំសាសនាចក្រនៅតែលើកទឹកចិត្តដល់សមាជិកម្នាក់ៗឲ្យមានការពាក់ព័ន្ធក្នុងនាមជាពលរដ្ឋដែរ ។ ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្នកទាំងអស់គ្នាគួរមានការយល់ដឹងអំពីទីកន្លែង និងមុខតំណែងរបស់អ្នកទាំងអស់គ្នា នៅក្នុងទឹកដីដែលអ្នកទាំងអស់គ្នារស់នៅ ។ ចូររៀនសូត្រអំពីប្រវត្តិសាស្ត្រ កេរតំណែល និងច្បាប់ភូមិបាល ។ ប្រសិនបើអ្នកមានឱកាសដើម្បីបោះឆ្នោត ហើយចូលរួមក្នុងកិច្ចការរបស់រដ្ឋាភិបាល សូមចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងការពារនូវគោលការណ៍ទាំងឡាយនៃសេចក្តីពិត សុចរិតភាព និងសេរីភាព ។