« សេចក្ដីស្លាប់ខាងវិញ្ញាណ » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៤៨
« សេចក្ដីស្លាប់ខាងវិញ្ញាណ » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៤៨
សេចក្ដីស្លាប់ខាងវិញ្ញាណ
សេចក្តីស្លាប់ខាងវិញ្ញាណគឺជាការបែកចេញពីព្រះ ។ ព្រះគម្ពីរបានបង្រៀនអំពីប្រភពពីរយ៉ាងនៃសេចក្តីស្លាប់ខាងវិញ្ញាណ ។ ប្រភពទីមួយគឺជាការធ្លាក់ និងប្រភពទីពីរគឺជាការមិនគោរពប្រតិបត្តិរបស់យើងផ្ទាល់ ។
ព្យាការី សាំយូអែល ក្នុងព្រះគម្ពីរមរមនបានបង្រៀនថា « មនុស្សលោកទាំងអស់ដោយមកពីការធ្លាក់នៃលោកអ័ដាម នោះត្រូវបានកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ ហើយត្រូវចាត់ទុកថា ស្លាប់ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ » ( ហេលេមិន ១៤:១៦ ) ។ អំឡុងពេលនៃជីវិតរបស់យើងរស់លើផែនដី យើងបានបែកចេញពីវត្តមាននៃព្រះ ។ តាមរយៈដង្វាយធួន នោះព្រះយេស៊ូវគ្រីស្ទបានប្រោសលោះមនុស្សគ្រប់គ្នាពីសេចក្តីស្លាប់ខាងវិញ្ញាណនេះ ។ សាំយូអែលបានថ្លែងទីបន្ទាល់ថា ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ « បានប្រោសលោះមនុស្សលោកទាំងអស់ពីសេចក្តីស្លាប់ទីមួយ—គឺសេចក្តីស្លាប់ខាងវិញ្ញាណ ។ … មើលចុះ ដំណើររស់ឡើងវិញនៃព្រះគ្រីស្ទនឹងប្រោសលោះមនុស្សលោក ហើយនាំពួកគេត្រឡប់មកកាន់ទីវត្តមាននៃព្រះអម្ចាស់វិញ » ( ហេលេមិន ១៤:១៦–១៧ ) ។ ព្យាការី លីហៃ បានបង្រៀនថា ដោយសារដង្វាយធួន « មនុស្សទាំងអស់មករកព្រះ ហេតុដូច្នេះហើយ ពួកគេឈរនៅវត្តមានទ្រង់ដើម្បីឲ្យទ្រង់ជំនុំជម្រះតាមសេចក្តីពិត និងសេចក្តីបរិសុទ្ធដែលនៅក្នុងទ្រង់ » ( នីហ្វៃទី ២ ២:១០ ) ។
សេចក្តីស្លាប់ខាងវិញ្ញាណមួយទៀតកើតឡើងជាលទ្ធផលនៃការមិនគោរពប្រតិបត្តិផ្ទាល់របស់យើង ។ អំពើបាបរបស់យើងធ្វើឲ្យយើងមិនស្អាតស្អំ និងមិនអាចរស់នៅក្នុងវត្តមានរបស់ព្រះបានឡើយ ( សូមមើល រ៉ូម ៣:២៣, អាលម៉ា ១២:១២–១៦, ៣២, ហេលេមិន ១៤:១៨, ម៉ូសេ ៦:៥៧ ) ។ តាមរយៈដង្វាយធួន នោះព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យនូវការប្រោសលោះពីសេចក្តីស្លាប់ខាងវិញ្ញាណ ដោយគ្រាន់តែយើងអនុវត្តសេចក្តីជំនឿរបស់យើងលើទ្រង់ ប្រែចិត្តពីអំពើបាបរបស់យើង និងគោរពតាមគោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ( សូមមើល អាលម៉ា ១៣:២៧–៣០, ហេលេមិន ១៤:១៩, មាត្រានៃសេចក្តីជំនឿ ១:៣ ) ។