ធនធាន​ផ្សេង​ទៀត
ការក្បត់​សាសនា


« ការក្បត់​សាសនា » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៣–១៤

« ការក្បត់​សាសនា » ពិត​ចំពោះ​សេចក្ដីំជំនឿ ទំព័រ ១៣–១៤

ការក្បត់​សាសនា

ពេល​ដែល​បុគ្គល​ម្នាក់ៗ ឬ ក្រុម​មនុស្ស​ជាច្រើន​ងាក​ចេញ​ឆ្ងាយ​ពី​គោលការណ៍​នៃ​ដំណឹងល្អ ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​នៃ​ការក្បត់សាសនា ។

រយៈ​ពេល​នៃ​ការក្បត់​សាសនា​ទូទៅ បាន​កើត​ឡើង​ពេញ​អស់​ទាំង​ប្រវត្តិ​សាស្ត្រ​នៃ​ពិភព​លោក ។ ក្រោយ​ជំនាន់​នៃ​សុចរិតភាព មនុស្ស​បាន​វិល​ត្រឡប់​ទៅ​រក​អំពើ​ទុច្ចរិត​វិញ ។ គំរូ​មួយ​នោះ​គឺ​ការក្បត់សាសនា​ដ៏​ធំ ដែល​បាន​កើតឡើង​ក្រោយ​ពី​ព្រះអង្គសង្គ្រោះ​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់​ឡើង ។ បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​បាន​សុគត ហើយ​ពួក​សាវក​របស់​ទ្រង់​បាន​ស្លាប់​អស់ មនុស្ស​បាន​ធ្វើ​ឲ្យ​ខូច​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​បាន​ធ្វើ​ការផ្លាស់ប្ដូរ​ដោយ​គ្មាន​សិទ្ធិអំណាច​នៅ​ក្នុង​អង្គការ​សាសនាចក្រ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព ។ ដោយសារ​ការរីករាលដាល​នៃ​អំពើ​ទុច្ចរិត​នេះ​ហើយ ទើប​ព្រះអម្ចាស់​បាន​ដក​យក​នូវ​សិទ្ធិ​អំណាច​ពី​ផែនដី​វិញ ។

អំឡុង​ពេល​នៃ​ការក្បត់សាសនា​ដ៏​ធំ​នេះ មនុស្ស​រស់នៅ​ដោយ​គ្មាន​ការដឹកនាំ​ពី​ព្រះ​តាមរយៈ​ព្យាការី​កំពុង​រស់នៅ​នោះ​ទេ ។ សាសនាចក្រ​ជា​ច្រើន​ត្រូវបាន​បង្កើត​ឡើង ប៉ុន្តែ​ពួកគេ​ពុំ​មាន​អំណាច​បព្វជិតភាព​ដើម្បី​ដឹកនាំ​មនុស្ស​ទៅ​រក​ការចេះដឹង​ដ៏​ពិត អំពី​ព្រះ​ជា​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ផ្នែក​ទាំងឡាយ​នៃ​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ត្រូវបាន​បង្ខូច ឬ​ត្រូវបាន​ធ្វើ​ឲ្យ​បាត់បង់ ហើយ​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិអំណាច​ដើម្បី​ផ្ដល់​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ឬ ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​ឡើយ ។ ការក្បត់សាសនា​នេះ​បាន​កើត​មាន​រហូត​ដល់​ពេល​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ដ៏​ជា​ទីស្រឡាញ់​របស់​ទ្រង់​យាង​មក​ជួប យ៉ូសែប ស៊្មីធ នៅ​ក្នុង​ឆ្នាំ ១៨២០ ហើយ​បាន​ចាប់ផ្ដើម​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ដ៏​ពេញលេញ ។

ឥឡូវ​នេះ យើង​រស់នៅ​ក្នុង​ជំនាន់​មួយ ចំ​ពេល​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារឡើងវិញ ។ ប៉ុន្តែ មិន​ដូច​សាសនាចក្រ​កាល​ពី​អតីតកាល​ឡើយ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នឹង​មិន​ត្រូវបាន​យក​ឈ្នះ​ដោយ​ការក្បត់សាសនា​ជា​សាកល​ឡើយ ។ ព្រះគម្ពីរ​បង្រៀន​ថា សាសនាចក្រ​នឹង​មិន​ត្រូវ​បាន​បំផ្លាញ​ជា​ថ្មី​ម្ដង​ទៀត​ឡើយ ( សូម​មើល គ. និង ស. ១៣៨:៤៤, សូម​មើល​ផងដែរ ដានីយ៉ែល ២:៤៤ ) ។

ទោះបីជា​នឹង​គ្មាន​ការក្បត់សាសនា​ជា​សាកល​ពី​សេចក្ដីពិត​ទៀត​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​ម្នាក់ៗ​ត្រូវតែ​ការពារ​ប្រឆាំង​នឹង​ការក្បត់​សាសនា​ផ្ទាល់ខ្លួន​ដែរ ។ អ្នក​អាច​ការពារ​ខ្លួន​អ្នក​ប្រឆាំង​នឹង​ការក្បត់សាសនា​ផ្ទាល់ខ្លួន ដោយ​ការរក្សា​សេចក្ដីសញ្ញា​របស់​អ្នក គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ធ្វើតាម​ថ្នាក់ដឹកនាំ​សាសនាចក្រ ទទួលទាន​សាក្រាម៉ង់ ហើយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ការអធិស្ឋាន និង ការបម្រើ ។