« សាមគ្គីភាព » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨២–១៨៣
« សាមគ្គីភាព » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៨២–១៨៣
សាមគ្គីភាព
មុនពេលព្រះអង្គសង្គ្រោះបានធ្វើដង្វាយធួន ទ្រង់បានអធិស្ឋានសម្រាប់ពួកសិស្សរបស់ទ្រង់ ដែលទ្រង់បានបញ្ជូនទៅក្នុងលោកិយដើម្បីបងៀនដំណឹងល្អ ។ ទ្រង់ក៏បានអធិស្ឋានសម្រាប់អស់អ្នកដែលជឿលើទ្រង់ ដោយព្រោះតែពាក្យទាំងឡាយរបស់ពួកសិស្សទ្រង់ផងដែរ ។ ទ្រង់បានទូលសូមឲ្យមានសាមគ្គីភាពថា « ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយ៍បានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត » ( យ៉ូហាន ១៧:២១ ) ។
យើងរៀនចេញពីសេចក្ដីអធិស្ឋាននេះអំពីរបៀបដែលដំណឹងល្អបង្រួបបង្រួមយើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងជាមួយមនុស្សដទៃ ។ នៅពេលយើងរស់នៅតាមដំណឹងល្អ ដោយទទួលពិធីបរិសុទ្ធសង្គ្រោះទាំងឡាយ ព្រមទាំងរក្សាសេចក្តីសញ្ញារបស់យើង នោះលក្ខណៈរបស់យើងនឹងបានផ្លាស់ប្តូរ ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះបន្សុទ្ធយើង ហើយយើងអាចរស់នៅក្នុងសាមគ្គីភាព ដោយត្រេកអរនឹងភាពសុខសាន្តនៅក្នុងជីវិតនេះ ព្រមទាំងរៀបចំខ្លួនទៅរស់នៅជាមួយព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ជាដរាប ។
ព្រះអម្ចាស់បានមានព្រះបន្ទូលថា « បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ » ( គ. និង ស. ៣៨:២៧ ) ។ អ្នកអាចស្វែងរក និងជំរុញបទដ្ឋាននៃសាមគ្គីភាពនេះនៅក្នុងគ្រួសាររបស់អ្នក និងនៅក្នុងសាសនាចក្រ ។ ប្រសិនបើអ្នករៀបការហើយ អ្នក និងស្វាមី/ភរិយារបស់អ្នកអាចសាមគ្គីគ្នា ដោយមានគោលបំណង និងសកម្មភាពតែមួយ ។ អ្នកអាចធ្វើឲ្យគុណសម្បត្តិដ៏ល្អប្លែករបស់អ្នកបង្គ្រប់គ្នាទៅវិញទៅមក នៅពេលដែលអ្នកប្រឈមមុខនឹងការលំបាករួមគ្នា ហើយរីកចម្រើននៅក្នុងសេចក្តីស្រឡាញ់ និងការយល់ដឹង ។ អ្នកក៏អាចមានសាមគ្គីភាពជាមួយសមាជិកគ្រួសារ និងជាមួយសមាជិកសាសនាចក្រដោយការបម្រើ រួមគ្នា បង្រៀនគ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាទៅវិញទៅមក ។ អ្នកអាចរួបរួមជាមួយប្រធានសាសនាចក្រ និងថ្នាក់ដឹកនាំដទៃទៀត នៅពេលអ្នកសិក្សាប្រសាសន៍របស់ពួកលោក ហើយធ្វើតាមដំបូន្មានរបស់ពួកលោក ។
នៅពេលសាសនាចក្ររីកចម្រើនទូទាំងពិភពលោក នោះពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់អាចធ្វើការរួមគ្នា ។ ដួងចិត្តរបស់យើងអាច « ចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:២១ ) ។ យើងសូមទទួលស្គាល់ចំពោះភាពផ្សេងពីគ្នាខាងវប្បធម៌ និងខាងបុគ្គលម្នាក់ៗ ប៉ុន្តែយើងក៏ស្វែងរក « ការរួបរួមខាងឯសេចក្តីជំនឿ » ផងដែរ ដែលកើតមាននៅពេលដែលយើងធ្វើតាមថ្នាក់ដឹកនាំដ៏មានការបំផុសគំនិត និងចូរចងចាំថា យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាតែមួយអង្គ ( សូមមើល អេភេសូ ៤:៣–៦, ១១–១៣ ) ។